ក្នុងសម័យមួយនោះ ជារដូវស្រូវទុំ អាប៉ាងទៅដេកចាំស្រូវវា ទាំងយប់ទាំងថ្ងៃ មានទាំងចាប៉ីមួយទៅផងវេលាថ្ងៃឡើង ថែទាំស្រូវ ដល់ពេលយប់ទំនេរ តែងដេញចាប៉ី ហើយស្រែកច្រៀងផង ។ លុះច្រៀងរាប់យប់ទៅ មានខ្មោចស្រីក្រមុំម្នាក់ឮសូរចម្រៀងច្រៀងចាប៉ីពីរោះពេកក៏ដើរទៅស្តាប់ ទៅអង្គុយអាំងភ្លើងក្រោមខ្ទមអាប៉ាង
យូរបន្តិចទៅ អាប៉ាងក្រឡេកទៅក្រោមផ្ទះ ឃើញខ្មោចដែលតំណែងខ្លួននោះអង្គុយអាំងភ្លើង អាប៉ាងសួរទៅថា
«អាណាអង្គុយក្រោមខ្ទមនេះ?» ។ មេខ្មោចប្រាប់ថា «ខ្ញុំ» ។ អាប៉ាងថា «ប្រហែលជាខ្មោចទេ» ។មេខ្មោចឆ្លើយថា «ខ្មោចថាមិនខ្មោច»។ អាប៉ាងសួរថា «ហោងឯងឈ្មោះអី? មករកអី?» ។ មេខ្មោចឆ្លើយថា «ខ្ញុំឈ្មោះតី, ខ្ញុំមកស្តាប់ថាប៉ី»។ អាប៉ាងថា «ឡើងមក! បើមកស្តាប់ចាប៉ី » ។ មេខ្មោចឡើងទៅអង្គុយជិតអាប៉ាងៗ ក៏ស្រឡាញ់គ្នាយកជាប្តីប្រពន្ធទៅ ។ ដល់រួចស្រូវ មេខ្មោចនោះ សួរទៅអាប៉ាងថា «ឥឡូវរួចស្រូវហើយតើឯងព្រមយកអញឬទេ? បើឯងមិនយកអញៗ នឹងកាច់យកឯង» ។ អញព្រមយក ប៉ុន្តែចាំអញដឹកស្រូវ
ទៅទុកផ្ទះសិន» ។ លុះអាប៉ាងដឹកស្រូវយកទៅទុករួចហើយ ក៏ត្រឡប់មកយកមេកន្តីនោះវិញ ។ មេកន្តី ក៏នាំ
អាប៉ាងទៅជម្រាបសួរពួកបងប្អូនខ្មោចទាំងប៉ុន្មាន រួចក៏នៅជាមួយគ្នាទៅ ។
ប្រហែលជាងមួយខែ ពួកខ្មោចទាំងប៉ុន្មានបបួលគ្នា ព្រមទាំងអាប៉ាងឱ្យទៅរកបាញ់សត្វមកធ្វើជាអាហារ។ អាប៉ាងក៏ទៅជាមួយនឹងពួកខ្មោចនោះ លុះទៅដល់កណ្តាលព្រៃដើមត្រថុក ដែលខ្មោចទាំងពួងសម្គាល់ថា ដើមឈើទាល បានប្រទះនឹងកង្កែបមួយ ខ្មោចទាំងនោះស្រែកថា «ប្រយត្នវ៉ីកនយើង! ដំរីធំណាស់ ទៅហើយ! »។អាប៉ាងឮគេស្រែកថាដំរី ក៏ប្រឹងរកមើល មិនឃើញដំរីសោះ ឃើញតែកង្កែបលោតមកត្រង់មុខអាប៉ាងៗ ក៏ចាប់ដាក់ក្នុងថ្នក់សំពត់ទៅ ។ ខ្មោចអស់នោះ ចេះតែស្រែកថា «ប្រយត្នវ៉ីដំរីស្តមួយធំណាស់» ហើយស្រែកសួរអាប៉ាងថា «ឃើញដំរីឬទេ?» ។ អាប៉ាងស្រែកថា «មិនឃើញទេ!» ។ ពួកខ្មោចក៏នាំគ្នាដើរមកដល់ជិតអាប៉ាងហើយថា «ទៅអាប៉ាងទៅផ្ទះយើង រកសត្វមិនបានទេ» ។ អាប៉ាងថា «អញបានកង្កែបមួយ» ។ ខ្មោចទាំងនោះសួរទៅអាប៉ាងថា «យ៉ាងដូចម្តេចអាប៉ាងកង្កែបនោះ? ឯងចែកឱ្យយើងរាល់គ្នាស៊ីផង» ។ អាប៉ាងយកកង្កែបចេញពីថ្នក់ ហើយបង្ហាញទៅពួកខ្មោចនោះ ។ ខ្មោចអស់នោះឃើញ ក៏នាំគ្នារត់ព្រោងព្រាតអស់ទៅហើយវាមានវាចាថា «ទុកប្តីមីកន្តីឱ្យនៅមិនបានទេ ព្រោះវាខ្លាំងពូកែណាស់ វាហ៊ានចាប់ដំរីយកទៅដាក់ក្នុងថ្នក់វាបើដូច្នោះ យើងឱ្យអាប៉ាងនេះនៅមិនបានទេ ឱ្យវាទៅវិញទៅ!» អាប៉ាងក៏បានរួចខ្លួន ហើយត្រឡប់ទៅផ្ទះវិញ។
ល្ងង់មើលតែខ្មោច
(ចុចអានរឿងព្រេង៖ អាសម្គមបាញ់លលក)
No comments:
Post a Comment