កាលពីដើមម្នាក់ចេះចាក់ស្មុគ ។ បុរសនោះ ចង់បានខ្ញុំប្រើ ក៏ឡើងទៅចាក់ស្មុគលើចុងត្នោត ហើយគិតតែម្នាក់
ឯងថា ” បើអញចាក់ស្មុគបាន១ លក់បាន ១០ សេន បើចាក់ស្មុគបាន ១០០០ នឹងលក់ទៅបាន ១០០ រៀលរួចអញលោះមនុស្សប្រើ បើប្រើមិនបានដូចចិត្ត អញនឹងធាក់វាយវា ” ។ បុរសនោះមិនគ្រាន់តែគិតគ្នុងចិត្តក៏ងាដៃលើកទាំងជើង ធាក់ធាងត្នោត ក៏របូតខ្លួនធ្លាក់ពីលើចុងត្នោត តែបានដៃប្រវាចាប់ស្លឹកត្នោតជាបតាន់ក៏នៅតែកតោកៗ ដូចជាគេព្យួរ ។ គ្រានោះ មានទម័កដំរីម្នាក់ ជិះដំរីមកជិតនោះ ។ បុរសនោះស្រែកថា ”បើអ្នកណាជួយដាក់ខ្ញុំពីចុងត្នោតបាន ខ្ញុំសុខចិត្តចូលទៅបម្រើលោកអស់ ១ ជីវិត ” ។ ទម័កដំរីឮហើយ មានចិត្តត្រេកអរ បរដំរីចូលទៅដល់ក្រោមដើមត្នោត ឈរលើខ្នងដំរីដៃតោងជើងបុរសនោះជាប់ ដូចជាអង្រួនខ្នងដំរីនោះ ដំរីក៏ដើរទៅ ។ ទម័កដំរីក៏ព្យួរជាមួយនឹងបុរសនោះ ។ គ្រានោះមានមនុស្សទំពែក ៤ នាក់ ដើរស្វែងរកមនុស្សទៅបម្រើប្រពន្ធគ្រប់គ្នា លុះដើរទៅដល់ក្រោមដើមត្នោតនោះ ទម័កដំរីនិងបុរសចាក់ស្មុគស្រែកថា ”បើលោកអ្នកណាជួយខ្ញុំឱ្យបានរួចពីចុងត្នោតនេះ ខ្ញុំទាំងពីរនាក់ សុខចិត្តទៅនៅបម្រើលោកអស់១ជីវិត ។ទំពែកទាំង ៤ នាក់នោះឮហើយ ត្រេកអរណាស់ គិតថា បានដូចសេចក្តីប្រាថ្នា ក៏ស្រែកថា ” យើងទាំង ៤ នាក់នឹងជួយអ្នកឱ្យរួច ” ។ ទំពែកទាំង ៤ ឈរក្រោមដើមត្នោត យកសំពត់ចងកខ្វែងទល់ មុខគ្នាជា ៤ ជ្រុង ហើយស្រែកប្រាប់ទៅបុរសចាក់ស្មុគនិងទម័កដំរីថា ” ចូរអ្នកទាំងពីរនាក់ទម្លាក់ខ្លួនពីលើចុងត្នោតនោះមកចុះ!” ។ បុរសចាក់ស្មុគនិងទម័កដំរីទម្លាក់ខ្លួនទាំងពីរនាក់ មកលើសំពត់ដែលបុរសទំពែកទាំង ៤ នាក់ចងនោះដូចជាគេទាញសំពត់ជាប់នឹងកទំពែកទាំង ៤ ជល់ក្បាលគ្នាស្លាប់ទាំងបួននាក់ទៅ ។ ឯទម័កដំរីនិងបុរសចាក់ស្មុគ ឃើញទំពែកទាំង ៤ នាក់ស្លាប់ដូច្នោះ ភ័យណាស់ ទៅនិយាយនឹងយាយចាស់ម្នាក់ថា ” បើនិយាយគិតដូចម្តេចឱ្យបានសុខ យើងទាំងពីរនាក់ នឹងនៅបម្រើយាយ ទាល់អស់ជីវិត ” ។ យាយចាស់ មានចិត្តត្រេកអរដោយប្តីខ្លួនទៅកាប់ចម្ការឯព្រៃ ហើយនិយាយថា ” បើដូច្នោះ អ្នកទៅយកខ្មោចទាំង ៤ នោះមកដាក់ក្នុងផ្ទះចងរុំឱ្យស្រេច ” រួចយាយចាស់ឱ្យយកខ្មោច ១ ចេញពីផ្ទះមក គាត់ស្រែកយំ ។ អ្នកស្រុកសួរ គាត់ប្រាប់ថា ” ប្តីគាត់ស្លាប់” អ្នកស្រុកក៏ជួយយកខ្មោចនោះទៅដុត យាយចាស់ប្រាប់ថា “សូមអ្នកទាំងអស់ដុតធ្វើឱ្យល្អ ដ្បិតប្តីខ្ញុំគាត់ស្រឡាញ់ខ្ញុំណាស់ កាលដែលគាត់នៅរស់ ” ។ លុះគេយកខ្មោច ១ ទៅដុតហើយយាយចាស់ស្រែកថា ”ប្តីគាត់ទៅផ្ទះទៀតហើយ ” ។ អ្នកស្រុក ក៏ទៅយកមកដុតទៀត ។ លុះដុតទៅគម្រប់ ៤ លើក ទើបឃើញតាចាស់ប្តីយាយនោះចេញមកពីព្រៃចម្ការ មានខ្លួននោះប្រឡាក់សុទ្ធតែធ្យូង ពួកអ្នកស្រុកឃើញ ក៏នាំគ្នាដេញចាប់តាចាស់នោះ យកទៅដុតទាំងរស់ឱ្យស្លាប់ទៅ ៕
(ចុចអានរឿងព្រេង៖ ស្រីកណ្ដុរល្អោចគឺកណ្ដុរបំផ្លាញ)
No comments:
Post a Comment