Sunday, November 9, 2014

Strategy to See Ghost

វិធីមើលឲ្យឃើញខ្មោច
ខ្មោចស្ត្រីខ្មែរនៅក្នុងផ្ទះ
តាមពិតទៅ ខ្ញុំមិនមែនគ្រូចាប់ខ្មោចអីនោះទេ តែខ្ញុំបានអានអត្ថបទរបស់អ្នកភូមិជាមួយគ្នា អ្នកនិពន្ធវ័យក្មេង ឃើញថា​ចាប់អារម្មណ៍ ណាស់អារឿងខ្មោចហ្នឹង  ចឹងក៏ សំរេចចំលងទាំងស្រុងពីម្ចាស់ដើមដើម្បីផ្សព្វផ្សាយបន្ត ​​​ (សង្ឃឹមថាម្ចាស់​អត្ថបទមិនប្រកាន់   និងប្តឹងផ្តល់ពីករណីមិនគោរពច្បាប់កម្មសិទ្ធិបញ្ញានោះទេ)   ខាងក្រោមជាការរៀបរាប់យ៉ាង   ក្បោះ ក្បាយ ពីរបៀបមើលឃើញខ្មោច៖   គ្រប់វិធីទាំងអស់ត្រូវ     ធ្វើនៅចន្លោះពីម៉ោង   ១០    ទៅម៉ោង  ១២ ពាក់កណ្តាល អធ្រាត្រ  និងមិនត្រូវឲ្យហួសពីពាក់កណ្តាលអធ្រាត្រទេ   ព្រោះចាត់ទុកថាឆ្លងចូលថ្ងៃថ្មីហើយ។      គ្រប់វិធីហាមប្រើព្រះ លើកលែងតែវិធីទី៨។    ថ្ងៃដែលធ្វើ ហើយមានឱកាសមើលឃើញច្រើនបំផុតគឺ   ថ្ងៃពុធ    និងថ្ងៃអាទិត្យ។ មនុស្សដែល មានឱកាសបានឃើញងាយបំផុតគឺ  អ្នកដែលកើតថ្ងៃ  ពុធ សុក្រ  និងថ្ងៃអាទិត្យ។  គ្រប់វិធីអាចឲ្យអ្នកផ្សេងនៅជាមួយក៏ បាន    លើកលែងវិធីដែលបញ្ជាក់ថា  ត្រូវធ្វើម្នាក់ឯង។    គ្រប់វិធីត្រូវបិទភ្នែក    បើប្តូរចិត្តលែងចង់ឃើញ  ឲ្យយកវត្ថុគ្រប់ យ៉ាងចេញឲ្យអស់ ហើយសឹមបើកភ្នែក។
 
វិធីទី១៖ ឈ្ងោកមើលតាមចន្លោះជើងទាំងពីរ
១. រើសស្លឹកឈើដែលជ្រុះពីដើមមួយណាក៏បាន  តែត្រូវប្រាកដថា   ជាស្លឹករបស់ដើមនោះពិតមែន  និងជ្រុះមិនឆ្ងាយពី ដើមពេក បើនៅជិតឫសកាន់តែល្អ។
២. ឈរនៅកន្លែងស្រឡះ ដែលអាចមើលឃើញព្រះចន្ទ។  បែរមុខទៅកាន់ទិសខាងកើត  ដើម្បីពេលឈ្ងោកមុខចុះបាន​ បែរមុខទៅទិសខាងលិច។
៣. យកស្លឹកឈើដែលរើសមកនោះ ទុកនៅក្នុងបាតដៃ។ ចង់ធ្វើដៃបែបណាក៏បាន តែហាមសំពះដាច់ខាត។
៤. បង្វិលខ្លួនតាមទិសទ្រនិចនាឡិកា (បង្វិលទៅខាងឆ្វេង)យឺតៗ)។ នៅពេលមកដល់ចំណុចដើម  (ទិសខាងកើតដែល បែរមុខតាំងពីដំបូង) ឲ្យទន្ទេញថា «ពុទ្ធោធាយៈ» ចំនួនបីចប់ និងធ្វើដដែលៗចំនួនបីដង។
៥. បិទភ្នែកនឹកទៅដល់ស្លឹកឈើនៅក្នុងដៃ  និងដើមឈើម្ចាស់ស្លឹក  ហើយឲ្យគិតថា  ស្លឹកឈើនៅក្នុងដៃ  គឺជាថាមពល ម្យ៉ាងដែលអាចហៅវិញ្ញាណមកបាន ហើយឲ្យគិតទៀតថា ស្លឹកឈើនេះបានងាប់ទៅហើយ ទើបដាច់ចេញពីដើម ហេតុ ដូច្នេះយើងអាចទាក់ទងនឹងវិញ្ញាណបាន ដូចដែលទាក់ទងនឹងស្លឹកឈើងាប់មួយនេះដែរ។
៦. ឈ្ងោកមុខចុះយឺតៗ   (ចន្លោះពេលនេះហាមបើកភ្នែកដាច់ខាត)។  នៅពេលឈ្ងោករួច   និងត្រៀមខ្លួនគ្រប់លក្ខណៈ ហើយ ចូរតាំងស្មារតីឲ្យល្អ រួចបើកភ្នែក។
៧. ខ្មោចនឹងចេញមកឲ្យឃើញ។«បើឃើញអ្វីក៏ដោយ សូមកុំរត់ឲ្យសោះ ទោះនៅឆ្ងាយ  ឬនៅជិតកៀកនឹងមុខក៏ដោយ គឺត្រូវធ្វើតាមការណែនាំនេះសិន៖»
១. ងើបមុខឡើង រួចបោះស្លឹកឈើចោលទៅដី។
២. បង្វិលខ្លួនបញ្ច្រាសទិសទ្រនិចនាឡិកា (គឺបង្វិលត្រលប់ទៅទិសខាងស្តាំវិញ) ៣ជុំ ដោយមិនបាច់សូត្រអ្វីទាំងអស់។
៣.នៅពេលត្រលប់ទៅដល់ផ្ទះ  ត្រូវលុបមុខ៣ដង មុនលុបត្រូវទន្ទេញថា  «ពុទ្ធោ»  ហើយផ្លុំខ្យល់ចូល ទឹកទើបលុបមុខ តាម  ក្រោយ(ធ្វើបែបនេះបីដង)។
 
វិធីទី២៖ កាត់ក្រចកពេលយប់
សូមបញ្ជាក់ថា វិធីនេះត្រូវធ្វើចន្លោះពីម៉ោង១០ ដល់ម៉ោង១២យប់ ព្រោះមិនចង់ឲ្យយឺតយ៉ាវ ឬចូលដល់ថ្ងៃថ្មី។
១. កាត់តែក្រចកដៃប៉ុណ្ណោះ ដោយចាប់ផ្តើមពីដៃខាងស្តាំមកមុន ហើយផ្តើមកាត់ពីកូនដៃ, មេដៃ, ដៃនាង, ចង្អុលដៃ និង ម្រាមកណ្តាល (គឺកាត់ពីក្រៅចូលក្នុងរឿយៗ) ហើយធ្វើបែបនេះដូចគ្នានឹងដៃខាងឆ្វេងដែរ។
«ក្រចកដែលកាត់ហាមឲ្យដាច់ ឬបាក់ឲ្យសោះ ត្រូវរក្សារាងកោងតាមទម្រង់ក្រចក បើមិនដូច្នោះនឹងមិនបានផលទេ។»
២. យកកម្ទេចក្រចក   ដែលកាត់ហើយ  ខ្ចប់ក្នុងកំណាត់អ្វីក៏បាន  តែត្រូវជាពណ៌ខ្មៅ  និងធ្លាប់ប្រើពីមុនមក    (មិនមែន កំណាត់ថ្មី)។
៣. យកក្រចកដែលខ្ចប់ហើយ ទៅទុកនៅទិសខាងលិចនៃកន្លែងស្នាក់នៅ។
៤. នៅពេលចូលដេក    មិនយូរប៉ុន្មាន   នឹងមានគេមកកាត់ក្រចកនៅខាងចុងជើង   ដែលអ្នកដេកដោយឮសំឡេង កឹក! កឹក!… គឺជាសំឡេងដែលគេកាត់ក្រចកយកមកសងអ្នកវិញ។
៥. បើចង់ឃើញត្រូវបើកភ្នែកឡើង   តែហាមស្រែកឆោឡោឲ្យសោះ  ព្រោះគេនឹងចាកចេញទៅវិញហើយអ្នក  ច្បាស់ជា ស៊យធំមិនខាន (ព្រោះគេមកល្អ ដោយគិតថា យើងយកក្រចកទៅដូរ ឬទៅលេងជាមួយគេ ទើបគេយករបស់គេមក ដូរ វិញ)។
៦. នៅពេលអ្នកភ្ញាក់ក្នុងពេលព្រឹក សូមទៅកន្លែងដែលអ្នកយកក្រចកទុក ហើយលាកំណាត់ចេញនោះនឹងឃើញក្រចក របស់អ្នកដទៃ ដែលមិនមែនជារបស់អ្នក។
៧. សូមនិយាយខ្សឹបៗថា «អរគុណ» ហើយយកទៅកប់ចោលនៅកន្លែងណាក៏បាន មិនចាំបាច់តែនៅកន្លែងស្នាក់នៅទេ (តែហាមបោះចោល ឬដុតជាដាច់ខាត)។
 
វិធីទី៣៖ បែរខ្នងដាក់កញ្ចក់ហើយលេបទឹកមាត់
វិធីនេះ ត្រូវធ្វើតែម្នាក់ឯងប៉ុណ្ណោះ  និងធ្វើឲ្យបានមុនពាក់កណ្តាលអធ្រាត្រ៦នាទី ដោយប្រើនាឡិកាដែលខ្លួនឯងប្រើជា ឧបករណ៍វាស់ ហើយអាចជ្រើសរើសធ្វើនៅក្នុងផ្ទះណាមួយក៏បាន។
១. ឈរបែរខ្នងដាក់កញ្ចក់(លើកនេះទិសណាក៏បាន) នៅម៉ោង១១ និង ៥៤នាទីយប់។
២. លេបទឹកមាត់ម្តងរៀងរាល់មួយនាទី។
៣. លុះគ្រប់៦នាទី បានន័យថា អ្នកបានលេបទឹកមាត់ ៦ដង ហើយ និងដល់ពេលពាក់កណ្តាលអធ្រាត្រល្មម។
៤. បិទភ្នែក ហើយងាកទៅរកកញ្ចក់(ងាកទៅខាងឆ្វេង ឬខាងស្តាំក៏បាន តែត្រូវយឺតៗ) ហើយលេបទឹកមាត់ម្តងទៀត គម្រប់៧ដង ហើយបើកភ្នែក នោះខ្មោចនឹងចេញមកឲ្យឃើញ។
៥. បើចង់បញ្ឈប់ពិធី សូមបិទភ្នែក ហើយលេបទឹកមាត់ម្តងទៀត ជាការបញ្ចប់ពិធី។
 
វិធីទី៤៖ ផ្ទាត់គ្រាប់ក្បាច់គិតលេខពេលកណ្តាលអាធ្រាត្រ
គ្រាប់ក្បាច់គិតលេខដែលប្រើ គឺប្រើតែគ្រាប់  ដែលនៅក្នុងសង្កាត  ដែលវែងបំផុតប៉ុណ្ណោះ។ ត្រូវនៅម្នាក់ឯង ព្រោះត្រូវ ប្រើសមាធិខ្ពស់ក្នុងការផ្ទាត់។
១. ដាក់ឲ្យគ្រាប់ក្បាច់ទាំងអស់នៅគ្រប់ចុងសង្កាត់ដែលបែរមករកយើង។
២. ផ្ទាត់គ្រាប់ក្បាច់ឡើងលើ  ដោយឲ្យគ្រាប់ក្បាច់ចេញពីខ្លួនយើងម្តងមួយៗ   (ត្រូវប្រើសមាធិខ្លាំងណាស់)  ដោយដេញ តាំង ពីសង្កាត់ដំបូង រហូតដល់សង្កាត់ចុងក្រោយ។
៣. តាំងសមាធិឲ្យបានល្អ ហើយចាប់បញ្ឈរស្នូកក្បាច់ ឲ្យគ្រាប់ក្បាច់ទាំងអស់រត់ចុះមកកន្លែងដើមវិញ។
៤. មើលតាមចន្លោះប្រហោងក្បាច់ ក្នុងសង្កាត់ណាមួយក៏បាន ពេលនោះខ្មោចនឹងចេញមកឲ្យឃើញ។
៥. ក្រោយពីធ្វើរួចរាល់អស់ហើយ ត្រូវគ្រវែងក្បាច់គិតលេខនោះចោលភ្លាមៗ ហើយហាមយកមកប្រើទៀតដាច់ខាត។
 
វិធីទី៥៖ យកមុងឃ្លុំក្បាលពេលកណ្តាលអធ្រាត្រ
១. យកមុងមកគ្របក្បាល ដោយបិទភ្នែកតាំងពីមុនឃ្លុំ។
២. ទន្ទេញពាក្យ «មៈ-អៈ-អុ» ៧ចប់ (កុំភ្លេចបិទភ្នែក)។
៣. បើកភ្នែក ពេលនោះ ខ្មោចនឹងចេញមកឲ្យឃើញ។
 
វិធីទី៦៖ ពាក់អាវបញ្ច្រាស ហើយដេកសំយ៉ុងក្បាល
ត្រូវធ្វើម្នាក់ឯង។
១. ពាក់អាវបញ្ច្រាស ដោយយកខាងក្រោយមកធ្វើខាងមុខ (បើអាវមានឡេវ គឺដាក់ឡេវនៅខាងក្រោយ)។
២. ដេកលើគ្រែដែលខ្ពស់ជាងដី ហើយសំយ៉ុងក្បាលចុះមើល (ដូចងើយមុខ)។
៣. បន្ទាប់ពីនោះខ្មោចនឹងចេញមកឲ្យឃើញ។
 
វិធីទី៧៖ ងើយមុខមើលត្រង់ជណ្តើរ
ត្រូវធ្វើម្នាក់ឯង។
១. អង្គុយលើជណ្តើរត្រង់កាំលើគេ ហើយចុះមកម្តងមួយកាំៗទាំងកំពុងអង្គុយ (គឺប្រើគូទចុះជណ្តើរ)។
២. នៅពេលដល់កាំចុងក្រោយ ឲ្យអង្គុយនៅកាំក្រោមនោះដដែល រួចងើយមុខសម្លឹងទៅមើលកាំដែលនៅខាងលើបំផុត។៣. ពេលនោះខ្មោចនឹងចេញមកឲ្យឃើញ។
 
វិធីទី៨៖ ពាក់ខ្សែកព្រះត្រលប់ក្រោយ
ត្រូវធ្វើម្នាក់ឯង។
១. ពាក់ខ្សែកដោយព្យួរបន្តោងព្រះទៅក្រោយ (ដាក់ព្រះឲ្យដូចពេលពាក់ខាងមុខ)។
២. លាដៃឆ្វេងទៅម្ខាង ហើយធ្វើមុំដោយដាក់កណ្តាប់ដៃបុកទៅលើដី និងឲ្យកែងដៃបញ្ឈរឡើងលើ។
៣. ឆ្លុះមើលតាមចន្លោះប្រហោងដៃ នោះនឹងឃើញខ្មោចមិនខាន៕
"បើបងប្អូនណាចង់ឃើញខ្មោចមែន អាចសាកល្បងតាមវិធីមួយណាក៏បាន ព្រោះតែខ្ញុំក៏មិនទាន់បានសាកល្បងដែរ និងមិនទាន់ប្រាកដខ្លួនឯងទេ‍"

ខុស


រឿងព្រេង៖ដើមកំណើតសត្វកូនលោក

មានបក្សីម្យ៉ាងហៅថា "សត្វកូនលោក" រូបរាងស្រដៀង និងសត្វគ្រលីងគ្រលោងតែមានមាឌធំជាង គ្រលីងគ្រលោង បន្តិចសម្បុរវាក្រហមរទុះៗ ច្រើនអាស្រ័យ នៅក្នុងព្រៃ ឬព្រៃស្រោងស្រឹង។សត្វនេះចាស់ៗខ្មែរយើងបាននិយាយតៗមកថា មានដើមកំណើតមកពីមនុស្សដូច មានរឿងដំណាលតទៅនេះ ៖
កាលពីព្រេងនាយមានកសិករពីរនាក់ប្តីប្រពន្ធ ជាមនុស្សក្រលំបាកមានកូនស្រី តូចៗ៣នាក់។ កូនទី១ចេះដងទឹកដាំបាយ កូនទី២ចេះនាំប្អូនដើរលេង កូនទី៣ចេះ រត់លេង។ ក្រោយពីពេលដែលប្តីស្លាប់ចោលទៅ នាងប្រពន្ធនៅមេម៉ាយជាមួយកូន ស្រី៣នាក់ តែងទៅកាប់អុស បេះបន្លែទូលទៅលក់នៅផ្សាររាល់ថ្ងៃ។ ថ្ងៃមួយនាង 
បានទៅជួបនិងអ្នកលេងស៊ីផឹកម្នាក់ដែលតែងតែដើរលួចឆក់អ្នកដំណើរជិតឆ្ងាយ បានលុយកាក់យកមកស៊ីផឹកហ៊ឺហា។ អ្នកលេងនោះកាលបើក្រឡេកឃើញនាង មេម៉ាយក៏សំដែងអាកប្បកិរិយាជាអ្នកគួរសម សួរនាងថា ចុះនាងនៅភូមិណា?ឆ្ងាយ ឬជិត? ហេតុអ្វីក៏មិនអោយប្តីជួយរែក ប្រឹងទូលម្នាក់ឯងច្រើនម៉្លេះ?នាងក៏ប្រាប់ ដោយត្រង់ថា (ខ្ញុំជាស្រីមេម៉ាយ ប្តីស្លាប់ចោលទៅ សព្វថ្ងៃក្រលំបាកណាស់ប្រឹង កាប់អុសបេះបន្លែលក់គ្រាន់បានប្រាក់កាសបន្តិចបន្តួចយកទៅទិញចំណីអាហារឲ្យ កូនស្រីបីនាក់បរិភោគ)។ឮដូច្នេះអ្នកលេងនឹកអរព្រួចក្នុងចិត្តគិតថានាងនេះមេម៉ាយ មែនប៉ុន្តែមានរូបរាងស្អាតគ្រាន់បើគួរអញតាមទៅសួរដល់ផ្ទះយកជាប្រពន្ធឲ្យបាន ហើយក៏និយាយថា “នាង! ខ្ញុំមានចិត្តអាណិតនាងណាស់ ខ្ញុំសូមជូន១០គហាបណៈ សំរាប់ទិញឥវ៉ាន់ផ្ញើកូន”។ នាងមេម៉ាយក៏ទទួលយកភ្លាម ដោយសេចក្តីត្រេកអរលុះ អុសនិងបន្លែអស់ហើយ នាងក៏ត្រលប់មកផ្ទះវិញ។ ឯអ្នកលេងក៏លបដើរមកតាម ក្រោយដើម្បីគន់មើលផ្ទះលុះពេលព្រលប់ក៏ទៅជួបឯផ្ទះនាងនិយាយត្រូវគ្នាហើយ ក៏យកគ្នាជាប្តីប្រពន្ធតទៅ។ ចាប់តាំងពីថ្ងៃនោះមក អ្នកលេងតែងចេញទៅប្លន់អ្នក ស្រុក ២-៣ថ្ងៃមកផ្ទះម្តងក៏មាន កន្លះខែមកម្តងក៏មាន។ នាងនោះមានមាសប្រាក់ ចាយបរិបូរណ៍ ស្លៀកពាក់សុទ្ធតែរបស់ល្អៗ ក៏ទៅជាចិត្តធំ ក្តៅក្រហាយ ស្អប់កូនស្រីរបស់ខ្លនឃើញមុខកូនពេលណាចង់តែយកកាំបិតមកកាប់ឱ្យដាច់ក ទាំង៣នាក់ ពេលដាំស្លឆ្អិនហើយ នាំប្តីបរិភោគតែពីរនាក់។សល់បាយក្នុងឆ្នាំង បន្តិចបន្តួច កូនទាំង ៣នាំបងប្អូនកេះកាយស៊ី ខ្លះដេកលក់ក្បែរជើងក្រានខ្លះដេក លក់នៅល្វែងផ្ទះខាងក្រៅ មូសខាំសុះពេលខ្លួន។ ពេលព្រឹកៗនាងនោះតាក់តែង ខ្លួនប្រាណទៅស៊ីផឹកនៅឯផ្សារជាមួយប្តី រាល់ថ្ងៃ។ ថ្ងៃមួយប្តីបាន និយាយរំលឹកថា “បងមានសេចក្តីអៀនខ្មាស់មិត្តភ័ក្តខ្លាំងណាស់ ព្រោះអូនចេះតែតាមបងទៅស៊ីផឹក ឯផ្សារ ដូច្នេះបងសូមអង្វរចិត្តអូន សូមនៅផ្ទះថែទាំកូនស្រីទាំង៣នាក់ចុះ”។ឮប្តីនិយាយយ៉ាងនេះ នាងនោះគិតថា “ប្តីអញគាត់ហ៊ឺហាណាស់ ពួកស្រីខូចក្នុង ផ្សារស្គាល់គាត់ទាំងអស់ បើអញបណ្តោយតទៅថ្ងៃមុខ គាត់នឹងបោះបង់អញពុំខាន គួរអញរក ឧបាយសំលាប់ កូនស្រីទាំង៣នាក់ចោល កុំឱ្យគាត់មានពាក្យចាក់ដោត ថាឱ្យអញនៅចាំផ្ទះព្រោះតែកូនឡើយ”។ លុះដល់ខែពិសាខមានភ្លៀងធ្លាក់ជោគជាំ នាងនោះនិយាយបញ្ឆោតកូនថា “កូនអើយ! កាលឪពុកឯងរស់នៅតែដល់រដូវ នេះហើយ គាត់តែងនាំម្តាយទៅសាបព្រោះស្រូវនៅត្រពាំងទឹកក្នុងព្រៃជិតជើងភ្នំ មានខ្ទមលំហដេកចាំស្រូវ ស្អែកនេះម្តាយនឹងយកស្រូវពូជទៅសាបព្រោះ ចូរកូន ទៅដេកចាំចាប ព្រាប លលក កុំឱ្យស៊ីស្រូវ”។ លុះព្រឹកឡើងនាងនោះនាំកូនចូល ទៅក្នុងព្រៃរហោឋានជិតជើងភ្នំ យកស្រូវទៅបាចសាច ក្នុងត្រពាំង រួចផ្តាំកូនថា “នែហងរាល់គ្នា ត្រូវនៅចាំស្រូវ កុំទៅណាឆ្ងាយ កុំទៅផ្ទះ បើទៅអញវាយ សំលាប់” ផ្តាំហើយនាងនោះទុកបាយឱ្យ១ចំអែតម្នាក់ អង្ករ៣ចាន ពោតបួនដប់គ្រាប់កូន ឆ្នាំងដី មួយ និងអំបិលប្រហុកបន្តិចបន្តួច ដោយគិតថា “យប់នេះខ្លាវានឹងមកខាំស៊ី បើមិនស្លាប់ ដោយ ខ្លាស៊ី ក៏គង់ស្លាប់ដោយអត់បាយពុំខាន”។ លុះផ្តាំកូនស្រេច ហើយក៏ត្រឡប់មកផ្ទះវិញដេកចាំមើលប្តីមកពី រកស៊ី ។ លុះប្តី មកដល់ក៏សួរថា “កូនស្រី៣នាក់ទៅដើរលេងឯណាពុំឃើញមកផ្ទះ?”។ ប្រពន្ធប្រាប់ថា “ខ្ញុំប្រើ ឱ្យទៅចាំស្រូវជាមួយ ចាស់ទុំជាច្រើន លុះស្រូវទុំទើបវាត្រលប់មកវិញ”។ ចំណែក កុមារីទាំង៣នាក់ នាំបងប្អូនយកគ្រប់ពោតទៅកប់តាមភ្លឺត្រពាំងពេលយប់នាំគ្នា ឡើងទៅដេកលើខ្ទម។ ឮសូរតែមាត់ដំរី ចចក ស្វាន ស្វា ស្រែកទ្រហឹងអឺងកងពេញ ព្រៃស្មសាន នាងបង មានសេចក្តីភិតភ័យញ័រខ្លួនដូចកូនសត្វស្ទើរគ្មានព្រលឹងនៅ ក្នុងខ្លួនលួងប្អូនៗកុំឱ្យយំខ្លាចសត្វសាហាវ ទាំងនោះវាមកខាំសម្លាប់ ។ គ្រានោះ អារក្ខទេវតាដែលឋិតនៅក្នុងព្រៃស្មសានគិតថា “នាងម្តាយ ហេតុអ្វីក៏យកកូនតូចៗ មកប្រោសចោលក្នុងព្រៃដូច្នេះ បើអញមិនជួយកុមារទាំង៣នេះផងទេមុខជាម្រឹគ ពាលយង់ឃ្នង ស៊ីពុំខាន គួរអញសង្គ្រោះកុមារទាំងនេះទម្រាំផុតពេលរាត្រីនេះ ហើយអញនឹងក្រាបទូលសម្តេចឥន្ទ្រាធិរាជ”។គិតស្រេចហើយ អារក្ខទេវតាសម្តែងឫទ្ធិស្រែកគំរាមពួកសត្វសាហាវឱ្យរត់ខ្ចាត់ខ្ចាយ អស់ទៅ លុះព្រឹកឡើងក៏ចូលទៅកាន់សំណាក់ទេវរាជឈ្មោះវរុណៈ នៅទិសឥសាន ដើម្បីឱ្យទេវរាជនេះ នាំដំណឹងទៅក្រាបទូលព្រះឥន្ទ្រាធិរាជ ។វរុណទេវរាជរំពឹងឃើញថា “ការនេះមិនចាំបាច់ទៅក្រាបទូលព្រះឥន្ទ្រាធិរាជទេ ព្រោះកុមារីទាំង៣នេះ ត្រូវក្លាយខ្លួនទៅជាសត្វបក្សី” ហើយបង្គាប់ថា “ត្រូវអ្នកឯងជួយការពារ កុមារីទាំង៣ឱ្យ មធ្យ័តកុំឱ្យសត្វសាហាវបៀតបៀនបានទម្រាំវាក្លាយខ្លួនទៅជាសត្វ បើវាឃ្លានអាហារ ត្រូវនិម្មិតជាត្រីក្រឹម ទន្សាយ ខ្យងខ្ចៅ ដាក់ក្នុងត្រពាំងមួយឱ្យវាស៊ីទៅ”។ អារក្ខទេវតាត្រលប់មកវិញក៏ធ្វើតាមបង្គាប់វរុណទេវរាជ ។ឯកុមារីទាំងបីនាក់នោះនៅចាំស្រូវបានបីយប់បីថ្ងៃ ក៏អស់អង្ករពីចាន ដែលម្តាយទុកឱ្យស៊ី ប្អូនយំរកបាយស៊ី បងបានដើរទៅបេះស្លឹកថ្នឹង ចូលទៅក្នុងថ្លុកក្តិចត្រួយត្រកួន និងដើមអំពៅដៀប យកមកចែកគ្នាស៊ី ប្អូនបង្អស់ចេះតែស្រែកយំ បងក៏នាំគ្នាចុះទៅចាប់ត្រីក្រឹម ទន្សាយធំមួយ បានមកប្រុងដុតស៊ី តែភ្លើងដែលម្តាយបង្កាត់ទុកឱ្យរលត់អស់ទៅ ក៏នាំបងប្អូនហែកស៊ីឆៅបន្តិចម្នាក់។ប្អូនចេះតែយំកន្ទក់កន្ទេញចង់ទៅផ្ទះ បងថាមិនហ៊ានទៅទេខ្លាចម៉ែវាយ តែប្អូនទាំង២ស្រែកយំខ្លាំងពេកបងទ្រាំពុំបានក៏នាំទៅផ្ទះ ។ឯម្តាយកាលបើឃើញកូនស្រីបណ្តើរគ្នាមកដូច្នេះ ក៏មួរម៉ៅស្រែកជេរពីលើផ្ទះថា “មេកូនចង្រៃ ! អញថា យកវាទៅប្រោសចោលឱ្យស្លាប់ព្រាត់ប្រាស់អស់ទៅ ឥឡូវមិនស្លាប់បែរជានាំគ្នា ត្រលប់មកវិញ អញវាយសម្លាប់ឥឡូវហើយ អញមិនឱ្យហងឡើងផ្ទះសំបែងទេ” ។ នាងបងអង្វរថា “សូមអ្នកម្តាយ អាណិតកូនផងចុះ ព្រោះប្អូនចេះតែយំឃ្លានបាយ អត់២-៣ថ្ងៃមកហើយ ស៊ីតែស្លឹកឈើ ជំនួយបាយភ្លើងក៏រលត់អស់ បើម៉ែមិនឱ្យកូននៅ កូនសូមតែអង្ករ និងភ្លើងត្រឡប់ទៅវិញ សូមម្តាយកុំធ្វើបាបកូន កូនសូមទោស”។ឯកូនប្អូននិយាយប្រាប់ម្តាយថា “ម៉ែ ! បងចាប់បានសាយស៊ីអែត” ម្តាយឮកូនប្រាប់ថា “ចាប់បានទន្សាយស៊ីឆ្អែត” ក៏រឹតតែមួរម៉ៅខ្លាំងណាស់ទៅទៀត ជេបញ្ចោរថា “មេកូនចង្រៃ ! វាបានទន្សាយ ចែកគ្នាស៊ី ម្តេចមិនយកឱ្យអញស៊ីផង”។និយាយតែប៉ុណ្ណេះ ក៏ស្ទុះទៅវាយកូនទាំងបីនាក់ ធាក់ច្រំបណ្តេញឱ្យទៅព្រៃវិញ របស់អ្វីបន្តិចបន្តួចក៏មិនឱ្យសោះ ប៉ងឱ្យតែស្លាប់បាត់បង់ទៅ ។ គួរឱ្យអាសូរកុមារីទាំង៣នាក់នោះពន់ពេក ម្តាយ វាយបែកឈាមហូរសស្រាក់ក៏នៅតែមិនបាត់វាចាថា “ម៉ែៗ !” ឥតដឹងថាម្តាយប្រុងសម្លាប់ខ្លួនចោលសោះ។ ឯកុមារីប្អូនចេះតែអួតប្រាប់ម្តាយថា “បានសាយស៊ីអែតៗ ” ។ ម្តាយឮដូច្នេះរឹតតែវាយខ្លាំងថែមទៀត ។នាងបងប្រឹងអូសទាញប្អូនទាំងពីរនាក់ទៅដោយគិតឃើញថា បើទ្រាំនៅ មុខតែម្តាយសម្លាប់មិនខាន ហើយនាំគ្នាទៅនៅក្នុងខ្ទមដដែល ដោយគ្រាំគ្រាដោយម្តាយវាយសំពងក៏សន្លប់បាត់ស្មារតី ទាំងបីនាក់ ។អារក្ខទេវតា កាលបើឃើញដូច្នោះ ក៏យកទឹកមកប្រោះព្រំកុមារីទាំង៣នាក់ឱ្យមានស្មារតីឡើងវិញ ។ កុមារីទាំងបីនាក់ លុះដឹងស្មារតីឡើងវិញ ស្រែកទ្រហោយំទាំងអស់គ្នា ឯនាងបងក៏ចុះទៅ ចាប់ត្រីក្រឹម ទន្សាយ និងរាវរកខ្ចងមកហែកចែកបងប្អូនស៊ីជំនួសបាយជានិច្ចរាល់ថ្ងៃ ត្រីនិងខ្ចងខ្ចៅចេះតែមានមិនអស់ ព្រោះទេវតានិម្មិតអោយ កាលណាថ្ងៃក្តៅល្អ ស្រង់មកហាលឱ្យតែក្រៀមៗ វាយបំបែកហែកចែកគ្នាស៊ីទៅ ។នាងបងនិយាយកៀកកប្អូនលួងលោមថា ៖ “អូនអើយ ! យើងទាំង៣នាក់នេះពុំបានជួបមុខម៉ែទៀតទេ ព្រោះគាត់មានប្តីថ្មីទៀត បានជាគាត់ស្អប់យើង ហើយរករឿងសម្លាប់យើងចោល យើង កុំសង្ឃឹមថា មានជីវិតរស់នៅតទៅមុខទៀត ណាមួយសំពត់អាវមានតែមួយម្នាក់សំរាប់ស្លៀកដណ្តប់ ឥឡូវនេះដាច់ អស់ហើយ តទៅមុខយើងនឹងរងារអោបក្បាលជង្គង់ ហើយនឹង អាក្រាតកាយ នៅតែខ្លួនទទេ ដូចសត្វតិរច្ឆាន”។អំពីពោតដែលនាងបានដាំជុំវិញភ្លឺត្រពាំងនោះ បាន៣ខែមានផ្លែចាស់ខ្ចី សត្វជ្រូក ក្តាន់ ស្វា កំប្រុក ពុំហ៊ានទៅស៊ីឡើយ ព្រោះអារក្ខទេវតាតែងថែរក្សា នាងបងតែងទៅបេះយកមកបរិភោគ ជាមួយនិងត្រីក្រឹម ទន្សាយ ហើយនិងខ្យងខ្ចៅ។ លុះបាន៦ខែ កុមារីទាំង៣នាក់ស្រាប់តែដុះរោមចេញពេញខ្លួន ដៃសងខាងដុះចេញទៅជាស្លាបទទះហើរទៅដល់ចុងឈើចាប់ប្រតោង បេះផ្លែ ឈើបានទាំងអស់គ្នា តែហើរទៅឆ្ងាយពុំរួច បបូរមាត់ដុំចេញទៅជាចំពុះ រីឯមាត់និយាយភាសាមនុស្សពុំកើត គ្រាន់តែដឹងខ្លួនថា ខ្លួននៅជាមនុស្ស តែដល់និយាយ ទៅជាសំលេងសត្វ យូរៗទៅកាន់តែហើរបានឆ្ងាយបន្តិចម្តងៗ ព្រោះតាំងពីបបូរមាត់ដុះចេញទៅជាចំពុះ មិនដែលនិយាយភាសាមនុស្សសោះ តែបើមនុស្សនិយាយទៅរកអាចស្តាប់បាន ។ឯប្តីចុងរបស់នាងជាម្តាយនៃកុមារីទាំងនោះ តែងប្រព្រឹត្តិអំពើចោរកម្មជានិច្ច ។ ថ្ងៃមួយអ្នកជិតខាងគេប្តឹងដល់រាជការៗក៏ចាប់យកទៅដាក់គុកអស់មួយ ជីវិតទៅ ។ពេលនោះនាងជាម្តាយដេកព្រួយចិត្ត នឹកអាណិតដល់កូនកំសត់ទាំងបីនាក់ ដែលខ្លួនបានធ្វើទុក្ខបុកម្នេញ ហើយដើរទៅក្នុងព្រៃឃើញកូននៅរញង់ក្នុងខ្ទម ស្គាល់ច្បាស់ជាកូន ព្រោះមានទម្រង់ ជាមនុស្សនៅឡើយ តែដុះស្លាប មានចំពុះ ដូចសត្វតិរច្ឆាន ក៏ស្រែកហៅថា “កូនអើយ ! ឥឡូវម្តាយមកទទួលកូនទៅវិញ ម្តាយលែងឱ្យកូននៅក្នុងព្រៃទៀតហើយ”។កូនទាំង៣នាក់ឮមាត់ម្តាយហៅ ស្គាល់ជាក់ជាម្តាយក៏គិតថា “ម៉ែយើងមករកសម្លាប់យើងទៀតហើយ ត្រូវយើងកុំទុកចិត្តគាត់ យើងនាំគ្នាហើរទៅល្អជាង” គិតដូច្នោះ ក៏នាំគ្នាហើរ ត្រសងទៅ ទំលើចុងឈើខ្ពស់១ដើម ស្រែកប្រាប់មកម្តាយ ដោយបំណងនិយាយថា “យើងផុតនិស្ស័យជាកូនលោកហើយ 
យើងទៅជាសត្វតិរច្ឆានល្អជាង អ្នកកុំមកជិតយើង” ប៉ុន្តែសំដីដែលស្រែកប្រាប់មកម្តាយនោះមិនច្បាស់លាស់ជាសំដី មនុស្សទេ ទៅជាស្រែកថា “កូនលោកៗ” ។ ម្តាយចេះតែដើរស្រែកហៅកូនទាំងបី ទាល់តែអស់កំលាំងដើរពុំរួច ណាមួយអស់អាហារ បរិភោគផងក៏ដួលស្លាប់ទៅ ។នៅប្រទេសកម្ពុជា សត្វនេះវាតែងតែហើរមករើសខ្ចងខ្ចៅស៊ីតាមវាលស្រែ ក្បែរជើងភ្នំ ឬព្រៃស្រោង កាលណាវាផ្អើលនឹងមនុស្ស ឬសត្វដូចគ្នា វាស្ទុះហើរស្រែកយំឮថា កូនលោក កូនលោក !លុះរាត្រីស្ងាត់វាថ្ងួចថ្ងូរមុខគួរឱ្យស្រណោះពន់ពេក ។

រឿងព្រេង៖ ប្រពៃណីនៃសុនខ

លោកអ្នកធ្លាប់ឃើញទេ?សត្វសុនខវាកាន់ប្រពៃណី2 ប្រការគឺ ៖ ១-តែកាលណាវាជួបគ្នាវានៅទីណាក៏ដោយ 
មិនថាញី មិនថាឈ្មោលទេ វាតែងតែហិតគុថគ្នាទៅវិញទៅមក ។ កិច្ចនេះចាទៀងទាត់ខានធ្វើមិនបាន ។ ២
-សត្វសុនខឈ្មោល កាលណាវាបន្ទោរបង់បស្សវៈ តែងតែលើកជើងម្ខាងជាដរាប ។កិច្ចនោះក៏វាលះបង់មិនបានដូចគ្នា ។ លោកអ្នកយល់ទេកិច្ចវត្តទាំងពីរប្រការដែល សុនខតែងប្រព្រឹត្តមកមិនដែលខាននោះ តើបណ្ដាលមកអំពីអ្វី? មានពីត្រឹមណា មក? កិច្ចវត្តដែលសុនខតែប្រព្រឹត្ត២ប្រការនោះគឺ ៖ កិច្ចវត្តប្រការទី ១ គឺកាលបី បឋមកប្ប ដែលទើបកើតមានមនុស្ស មានសត្វមានសាសនា ពាក្យប្រដៅ បន្តិច បន្តួចលើផ្ទៃផែនដីនោះមានរឿងដំណាលថាក្នុងសម័យព្រេងនាយមានវត្តអារាម មានអ្នកបួសកាន់សីលធម៌សុចរិត កាន់ពាក្យសច្ចៈប្រជុំគ្នាដោយពួកៗ នៅក្នុង វត្តនីមួយៗ ។ មានសុនខជាច្រើនជ្រកកោននៅក្នុងវត្តចាំបរិភោគអាហារដែល សេសសលអំពីអ្នកបួស តែកាលណាលោកប្រជំីចានចង្ហាន់នៅលើសាលាពួក សុនខក៏នាំគ្នាឡើងទៅ ក្រាប់គាល់លោកចាំបរិភោគអាហារសំណល់តែរៀង រាល់ថ្ងៃ ខែ ឆ្នាំ ពុំដែលខាន ។ ឯភូមិផ្ទះអ្នកស្រុកឥតមានសុនខអាស្រ័យនៅដូចសព្វថ្ងៃនេះ ទេ ។ ថ្ងៃមួយនោះបណ្ដាពួកសុនខទាំងនោះ មានសុនខមួយចេញខ្យល់អាចមន៍ "ផោម" ធុំក្លិនអាក្រក់ដល់លោកមេវត្ត ដែលលោកកំពុងឆាន់ ។ លោកក៏សួរទៅពួក សុនខដែលនៅជួបជុំគ្នានោះ ឲ្យឆ្លើយតាមពិតត្រង់ តែគ្មានសុនខណាមួយទទួលថា ខ្លួនផោមសោះ ។ ឯលោកគ្រូមេវត្តលោកជ្រាបច្បាស់ថា មានសុនខមួយក្នុង ចំណោមនោះ ចេញផោមប្រាកដ ទើបលោកពោលថា "អើបើឯងនៅតែលាក់បិទ បាំងមិនសម្ដែងទោសកំហុសរបស់ខ្លួនដូច្នេះ ចូរឯងទាំងឡាយ វិនាសចាកវត្តក្នុង កាលឥឡូវនេះចុះ" ដោយពាក្យសច្ចរបស់លោកគ្រូ ពួកសុនខក៏អន្ដរធានចាកវត្តក្នុង ពេលមួយរំពេច ពុំអាចទប់ទល់បានឡើយ ។ តាំងអីពីពេលនោះមក សុនខទាំង ឡាយក៏ក្លាយទៅជាសត្វអនាថា ចេញទៅលាក់ខ្លួនពួនអាត្មាដោយព្រៃខ្លះ ដោយផ្ទះ សម្បែងគេខ្លះ អត់ឃ្លានពន់ពេកកើតក្ដីសង្វេគអាណិតតែរៀងខ្លួន ។ តាំងពីថ្ងៃនោះ មក ពួកសុនខទាំងនោះក៏តាំងចិត្តស្វែងរកភស្ដុតាងឲ្យប្រាកដថា សុនខណាវាផោម ហើយលាក់បិទបាំងទុក បណ្ដាលឲ្យពួកសុនខដែលសុចរិតស្លូតត្រង់ទទួលសេចក្ដី លំបាកវេទនា ។ ហេតុនេះបានជាពួកសុនខប្រកាន់ខ្ជាប់ ក្នុងកិច្ចវត្តនោះតាំងពីកាល នោះរៀងៗមក តែបានជួបគ្នាវេលាណាក៏តាំងផ្ដើមកិច្ចវត្តមួយមុនកិច្ចផ្សេង ទឿតៗ គឺចូលទៅហិតគុថគ្នាទៅវិញទៅមក ហើយបានធំក្លិនអសោចិដូចគ្នា សុនខមួយក៏ ញេញធ្មេញបញ្ចេញសម្លេងឡើងថា ង៉ែងៗ សុនខម្ខាងទៀតក៏ចោទមកវិញថាង៉ែងៗ ដូចគ្នាទើបបង្កើតទោសឡើងព្រមគ្នា ក៏ប្រើកម្លាំងកាយប្រយុទ្ធគ្នាទៅវិញទៅមក ពេញទំហឹងឡើង ។កិច្ចវត្តប្រការទី ២ គឺសុនខឈ្មោលមានប្រកាន់កិច្ចវត្តមួយបែបទឿត គឺពេលបន្ទោល បង់បស្សវៈ តែងតែលើកជើងម្ខាងជាដរាប ។ រឿងទីពីរនេះ ក៏កើតឡើងក្នុងសម័យ ជាមួយគ្នានឹងរឿងទី ១ ដែរ ។ កិច្ចវត្តដូចមានសេចក្ដីដំណាលតៗគ្នាមកថាសម័យ នោះ មានបុរសស្ត្រីប្ដីប្រពន្ធមួយគ្រួ មានទីលំនៅមិនឆ្ងាយអំពីទីអារាមណាស់ណាទេ លុះដល់ខ្លួនកាន់តែចាស់ៗទៅ មានសេចក្ដីសង្វេគ ទើបនាំគ្នាស្វាមីភរិយាគិត ពិចារណាថា "យើងចាស់ៗណាស់ហើយ ចូលក្នុងសេចក្ដីមិនទៀង តែយើងទាំងពីរ នាក់ជាអ្នកទុរគតក្រខ្សត់គ្មានអ្វីនឹងធ្វើបុណ្យឲ្យ ទានដល់ម្ដងសោះ យល់ជានឹងស្លាប់ទៅទទេឥតផលប្រយោជន៍អ្វីឃើញនឹងបង់ជាតិកំណើតដែលបាន កើតមកជាមនុស្សមនេះ មិនខាន" ។ ទើបយាយចាស់ឆ្លើយតបឡើងថា "ថ្វីត្បិតតែ ក្របើប្រឹងត្រដរទៅក៏គង់ធ្វើបានខ្លះមិនលែង គ្រាន់តែទុគ្គតបណ្ណាការទៅចុះ" តា តបថា "អើយាយ! យាយឯងថាធ្វើបាន តើបានអ្វីធ្វើ?" ។ យាយថា "បើគាត់តាមខ្ញុំ ទើបធ្វើបាន" ។ ទើបយាយអធិប្បាយថា "សព្វថ្ងៃនេះ មានស្រែគេនៅជុំវិញភូមិយើង គេទើបនឹងច្រូតដឹកនាំយកទៅលែងអ្វីនឹងជ្រុះគ្រាប់ស្រូវខ្លះ បើយើងនាំគ្នាទៅរើស មួយថ្ងៃ គង់ដណ្ដាំបាយបានចង្ហាន់ម្ដងដែរ" ។ តាថា "យីយាយថានេះ ហៅថាពេញ ជាត្រូវ ណ្ហើយយាយប្រញាប់ទៅក្រែងវាបានក្រែលបន្តិច" ។ ថាយើងយាយ និងតា កាន់ល្អីមួយម្នាក់ ចេញទៅតើសស្រូវនៅក្នុងស្រែ ដែលគេទើបច្រូតកាត់ហើយ ។ រើសមួយថ្ងៃវាល់ស្ងាចបានស្រូវប្រមាណមួយត្រឡោកម្នាក់ យាយតាក៏នាំគ្នាវិលមក ផ្ទះវិញ ។ លុះបរិភោគអាហាររួចហើយក៏បបួលគ្នារកគ្រាប់ស្រូវ ចំណែកខាងតា គាត់ 
យកកាំបិទស្លាកោសគ្រាប់អង្ករដែលយាយបករួចហើយនោះ ឲ្យជ្រុះកន្ទក់ចេញ ម្លោះហើយគ្រាប់អង្ករនោះមានសម្បុរសភ្លឺថ្លាដូចពងសង្អារ ជិតភ្លឺយាយយកអង្គរនៅ ទោលាងទឹក យើងច្រកក្នុងឆ្នាំងដណ្ដាំបាយតាមធម្មតា។ និយាយពីលោកគ្រូលោក មានញាណយល់ការណ័ជាក់ច្បាស់ដោយអំណាចលោក កាន់ធម៌សច្ចៈ លោកបាន ជ្រាបហេតុពីយាយនិងតាប្រាថ្នាធ្វើមហាទានក៏លោកហៅភិក្ខុសាមណេរមកប្រជុំ ប្រាប់ថា "យប់នេះត្រូវនាំគ្នាបោសសំអាតដោតទង់ចងស៊ុំឲ្យរុងរឿង ព្រោះព្រឹកនេះ មានមហាទានចូលមកដល់វត្តរបស់យើង ដូច្នេះត្រូវយើងធ្វើឲ្យគួរសមនឹងទទួល មហាទាន ។ គ្រានោះភិក្ខុសាមណេរទាំងឡាយ ក៏ខ្វល់ខ្វាយបោសច្រាសសម្អាតវត្ត សងស៊ុំដូចជាការធ្វើទានមហាកឋិន មួយ ។ លុះព្រឹកឡើងអរុណរៀបរះស្រាប់តែ ខើញយាយ និងតាបណ្ដើរគ្នាចូលទៅក្នុងវត្ត ។ ឯយាយគាត់កណ្ដៀតល្អី មួយ មានបាយមួយចានដាក់ក្នុងល្អីដើរចូលសំដៅទៅកុដិលោកគ្រូធំៗវាយ រគាំងម៉ឺងៗ ប្រជុំភិក្ខុសាមណេរធ្វើភត្តានុមោទនា ។ នោវេលាគ្រានោះ មានភិក្ខុមួយរូបក្ដៅចិត្ត ណាស់ ស្ទុះចេញទៅឈរចាំមើលផ្លូវ ។ លុះយាយ និងតាបណ្ដើរគ្នាចេញទៅដល់ ព្រំវត្ត ភិក្ខុនោះក៏និយាយថា "នែយាយ និងតាក្រោយៗយកចង្ហាន់របស់យាយ និង តាទៅវត្តឯណាទៀតទៅកុំនាំចូលវត្តនេះទៀត សព្វបើបាយមួយចាន ឲ្យគេលំបាក អស់មួយយប់" ។ ថាហើយភិក្ខុនោះគេចចេញបាត់ទៅ ។ រីឯយាយ និងតាលុះបាន ឮសម្ដីភិក្ខុនោះ និយាយដូច្នោះហើយ ក៏មានសេចក្ដីវិតក្កក្នុងចិត្តពន់ពេកនាំគ្នា សង្វេគក្នុងចិត្តថា "ឳកម្មអើយ! កម្ម! ហេតុតែយើងក្រីក្រធ្វើទានមិនដិតដល់បាន ជានាំឲ្យលោកមិនសប្បាយចិត្ត" ។ តាថា "ចុះយាយគិតយ៉ាងដូចម្ដេចទៀត?"យាយ ថា "តាកុំព្រួញមិនអ្វីទេសព្វថ្ងៃខ្ញុំឃើញសុនខខ្ចាត់ភ្លាត់ មកនៅក្បែរផ្ទះយើងច្រើនណាស់ជាន់នោះប្រហែលជាគេសម្គាល់ថា សម្លាត់សត្វយកទៅធ្វើបុណ្យមិនបាប ត្រឡប់ទៅជាបុណ្យច្រើនទៅវិញទេដឹង?" ។ តាថា "ឳមែនហើយយាយ! មកយាយ យកចន្ទាស់ទ្វារមួយមក" ។ ថាហើយ តាដកដាវចេញពីស្រោមបណ្ដើរយាយចេញ ផុតបិផ្ទះទៅ ក៏ស្រាប់តែប្រទះសុនខ ៤-៥ នៅហែៗ ក្បែរព្រៃ ។ តាថា "យាយស្ទាក់ ពីមុខ" យាយស្ទុះដេញវាយត្រូវសុនខមួយដម្បង តាសុះ ទៅត្រកងនឹងដាវដាច់ក សុនខមួយទៅ ។ ស្ទាក់ចុះស្ទាក់ឡើងសម្លាប់បានសុនខ ៤-៥ ក្បាល ។យាយថា "ល្មមហើយតា! ល្មមធ្វើចង្ហាន់លោកបានហើយ" ហើយយកខ្សែចងសែង ជញ្ជូនយកទៅផ្ទះ យាយគាត់ចាត់ការបានច្រើនមុខ គាត់ធ្វើជាសាច់ច្រនួតដោតជា ចង្កាក់ៗ ឲ្យតាអាំងគាត់ហាន់ជាដុំៗ ដាក់ថ្លាងមួយ ហើយគាត់ហាន់តូចៗធ្វើជា សម្លរម្ជូរគ្រឿង ។ ក្នុងរាត្រីនោះ លោកគ្រូធំឈ្វេងយល់ទៀត ក៏ប្រជុំភិក្ខុសាមណេរ មកប្រាប់ថា "ព្រឹកស្អែកមានទានមកដល់វត្តយើងទៀតហើយ ប៉ុន្តែទាននោះថាធំ ក៏បានថាតូចក៏បាន មិនចាំបាច់រៀបវត្តទទួលទេ" ។ លុះព្រឹកឡើងភ្លឺច្បាស់ឃើញ យាយទូលថ្លាងមួយ តារែកអម្រែកមួយចូលទៅក្នុងវត្ត ។ លោកគ្រូក៏វាយរគាំងម៉ឺងៗ បីបទប្រជុំភិក្ខុ សាមណេរធ្វើភត្តានុមោទនា រួចហើយលោកគ្រូហាមថា "ភិក្ខុក្ដី សាមណេរក្ដីបើបាន ទទួលចង្ហាន់មានដុំសាច់ កុំអាលឆាន់ត្រូវនាំយកសម្លដែលមាន ដុំសាច់នោះមកប្រគល់ឲ្យអាត្មា កុំខាន" ។ លុះធ្វើភត្តានុមោទនារួចហើយយាយ និងតាក៏ដួសសម្លចែកលោកគ្រប់កុដិ ។ ឯភិក្ខុសាមណេរកាលបានទទួលម្ហូបស្រេច ហើយ ពិចារណមើលពុំឃើញមានត្រីមានសុទ្ធតែសាច់ក៏នាំគ្នាយកម្ហូបនោះទៅ ប្រគេនលោកគ្រូធំអស់ទៅ នៅសល់តែភិក្ខុមួយរូបពុំបានយកសម្លទៅប្រគេនលោក គ្រូធំ សម្លទុកឆាន់តែម្នាក់ឯង ។ ឯលោកគ្រូធំស្មានថា អស់លោកយកមកជុំគ្នា ហើយ ក៏សូត្រគាថាផ្សំធាតុកើតឡើងជាសុនខ ។ឯសុនខដែលកើតដោយអំណាច គេថានោះកើតឡើងជារូបសុនខសុទ្ធសាធតែមានតែជើងបី ។ ទើបលោកគ្រូធំចាត់ លោកគ្រូសូត្រឲ្យដើររកមើលគ្រប់កុដិទៅឃើញ ភិក្ខុមួយរូបនោះ មានសាច់ច្រនួត មានខ មានសម្លម្ជូរគ្រឿង សុទ្ធតែសាច់ ក៏បង្គាប់ឲ្យភិក្ខុនោះនាំយកទៅប្រគេនលោក គ្រូធំ ។ លុះលោកគ្រូធំបានទទួលម្ហូបថ្មីទៀត ក៏លោកសែកផ្លុំម្ដងទៀត ទើបកើតជា សុនខមានជើងបួនគ្រប់ទាំងបួនដូចដើមវិញ ។ តាំងពីថ្ងៃនោះ សត្វសុនខកើតមាន សេចក្ដីកតញ្ញូដល់លោកគ្រូជាប់ជានិច្ចក្នុងចិត្ត តែកាលណាបន្ទោរបង់បស្សវៈក៏នឹងរ ឮកដល់គុណរបស់លោកគ្រូថាកុំតែបានលោកគ្រូកុំអីយើងខ្វះជើងមួយ គិតហើយក៏ លើកជើងក្រោយម្ខាងឡើងគំនាប់រំឭកគុណ នៅពេលបន្ទោរបង់បស្សាវៈ គឺលើក ជើងដែលលោកគ្រូបង្កើតឲ្យលើកក្រោយបង្អស់នៅឯង ។

រឿងព្រេង៖ ក្រពើរមិលគុណ

ដោយសព្វវចនាធិប្បាយសេរីវិគីភីឌាដំនើររឿងៈមាន​បុរស​ឳពុក​និង ​កូន​បរទេះ​ចេញ​ទៅ​ជួញ​ជួប​និង​ក្រពើ​មួយ​ដែល​ភ្លើង​ព្រៃ​ រោល​រលាក​ជើង​ទាំង ៤ និង​ដើរ​រក​ចំណី​ឆី​ពុំ​បាន​អត់​អាហារ​ស្គម​រីងរៃ ។ បុរស​ឳពុក និង កូន​បាន​ឃើញ​ក្រពើ​នោះ​រលាក​ជើង​ទាំង ៤ ស្គម​ទាំង​ខ្លួន​និង​វា​ពុំ​បាន​ដូច្នោះ​ហើយ បុរស​នោះ​អាសូរ​ក្រពើ បាន​កាប់​ឈើ​មក​ចង​អម​ក្រពើ​នោះ​រឹង​ជាប់ លើក​ដាក់​លើ​រទេះ​បរ​ទៅ លុះ​ដល់​បឹង​មួយ​ធំ​ជា​ទី​សុខ​សប្បាយ បុរស​នោះ​ដាក់​ក្រពើ​ចុះ​ក្នុង​ទឹក​ក្រពើ​នោះ​បាន​ផឹក​ទឹក​អក​ភក់​ឆ្អែត​ហើយ គិត​នឹង​ខាំ​បុរស​នោះ​វិញ បុរស​នោះ​ថា "ព្រះ​ស្ដែង​កុំ​ខាំ​អញៗ មាន​គុណ​លើ​ព្រះ​ស្ដែង" ក្រពើ​នោះ​ថា"មាន​គុន​នឹង​អញ​ឯ​ណា បើ​ចង​អញ​ស្ទើរ​ស្លាប់​ដូច្នោះ អញ​ឆី​ព្រះ​ស្ដែង​ឲ្យ​ទាល់​តែ​បាន" ។ឯ ​បុរស​ថា "ព្រះ​ស្ដែង​កុំ​អាល​ខាំ​អញ មក​យើង​នឹង​នាំ​គ្នា​ទៅ​រក​អ្នក​ប្រាជ្ញ លោក​កាត់​សេចក្ដី​នេះ​ឲ្យ​យើង" ទើប​បុរស​និង​ក្រពើ នាំ​គ្នា​ទៅ​ក្រាប​បង្គំ​ទូល​ពញរះ​មហាក្សត្រ ដោយ​នូវ​ដំណើរ​ទីទៃៗ ។ ក្រពើ​ក្រាប​បង្គំ​ថា "ខ្ញុំ ​ព្រះ​បាទ​អម្ចាស់​នៅ​ទី​មួយ​ស្ងៀមៗ ស្រាប់​តែ​ចៅ​នេះ​មក​ចង​អប​ខ្លួន​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ជាប់ លើក​ដាក់​លើ​រទេះ​បរ​ទៅ ខ្ញុំ​ព្រះ​បាទ​អម្ចាស់​បម្រះ​ពុំ​រួច ព្រោះ​តែ​ធ្វើ​ទុក្ខ​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​បាន​ជា​ខ្ញុំ​ព្រះ​បាទ​អម្ចាស់ ​ខាំ​បុរស​នេះ​ឆី" ។ បុរស​ក្រាប​បង្គំ​ថា"ក្រពើ​នេះ​ភ្លើង​ព្រៃ​រោល​រលាក​ជើង​ទាំង ៤ វា​ពុំ​រួច​បាន​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​អាសូរទើប​យក​ឈើ​ចង​អប​ហើយ​ លើក​ដាក់​លើ​រទេះ​បរ​ទៅ​ដល់​បឹង​ទើប​ស្រាយ​លែង​ហើយ ក្រពើ​នេះ​ចុះ​ទៅ​ក្នុង​ទឹក​បាន​ផឹក​ទឹក​អក​ភក់​មាន​កម្លាំង​ហើយ គិត​ខាំ​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​វិញ ហេតុ​នេះ​បាន​ជា​ខ្ញុំ​ព្រះ​បាទ​អម្ចាស់ ​ទាំង ២ នាំ​គ្នា​មក​ក្រាប​បង្គំ​ទូល​ព្រះ​អង្គ សូម​ទ្រង់​កាត់​សេចក្ដី​នេះ បើ​ព្រះ​អង្គ​ពុំ​ជឿ​សុំ​ទ្រង់​ទត​ជើង​ក្រពើ​ទាំង ៤ ចុះ" ។ ព្រះ​មហាក្សត្រ​ទ្រង់​ពិចារណា​ថា "ក្រពើ​នេះ​ឥត​ធម៌​ពុំ​ដឹង​គុណ​គេ​ឡើយ" ទើប​ព្រះ​អង្គ​កាត់​ថា "បើ​ដូច្នេះ​មាន​តែ​ព្រះ​ស្ដែង​ឲ្យ​គេ​ចង់​ព្រះ​ស្ដែង​ដូច​អំពី​មុន​នោះ​សិន​ហើយសឹម​អញ​ពិចារណា​ឲ្យ​ព្រះ​ស្ដែង" ទើប​ព្រះ​អង្គ​ឲ្យ​បុរស​នោះ​ទៅ​ចង​ក្រពើ​នោះ​ជាប់​ដូច​អំពី​មុន ហើយ​ទ្រង់​មាន​ព្រះ​បន្ទូល​ថា "ព្រះ ​ស្ដែង​នាំ​ទៅ​ផ្ទះ​ចុះ ថ្ងៃ​ក្រោយ​ព្រះ​ស្ដែង​កុំ​ធ្វើ​គុណ​នឹង​សត្វ​តិរច្ឆាន ព្រោះ​លោក​ថា​ពុំ​ត្រូវ​ទុក​ចិត្ត​សត្វ​មាន​ចង្កូម​មាន​ពិស​៕

រឿងព្រេង៖ បុរសជីកក្ដាម

មាន​បុរស​ប្ដី​ប្រពន្ធ​មាន​កូន​ប្រុស​មួយ កូន​នោះ​អាយុ​បាន ១២ ឆ្នាំ មាតា​ស្លាប់​នៅ​តែ​ឳពុក​ពោះម៉ាយ ។ ឳពុក​ក៏ធ្វើ​របរ​លក់​ដូរ​តែ​ពីរ​នាក់​នឹង​កូន លក់​មិន​ដាច់​រឹត​តែ​ក្រ​ទៅ ក្រោយ​មក​ឳពុក​អនិច្ច​កម្ម​ទៅ​ទៀត​កូន​នៅ​តែ​ម្នាក់​ឯង​រក្សា​ផ្ទះ​សម្បែង ។ឳពុក​ស្លាប់​ទៅ ៥ ថ្ងៃ​ក៏​មក​ពន្យល់​សប្ដិ​កូន​ថា "កូន​ឯង​ ក្រ​លំបាក​ណាស់ យើង​ជា​ឳពុក​គ្មាន​របរ​អ្វី​នឹង​ឲ្យ​ទេ ដូច្នេះ​ឲ្យ​កូន​ទៅ​ជីក​ក្ដាម​នៅ​ក្រោម​ខ្ទម​អ្នកតា នា​ទិស​ឥសាន​ផ្ទះ​យើង​យក​ទៅ លក់​ចិញ្ចឹម​ជីវិត​រៀង​រាល់​ថ្ងៃ​ចុះ វេលា​ព្រឹក​ ថ្ងៃ​រះ​ឡើង​កាលណា ឲ្យ​កូន​ទៅ​ជីក​រាល់​ថ្ងៃ​កុំ​ខាន" ។លុះ​ភ្លឺ​ឡើង កូន​នោះ​ភ្ញាក់​ឡើង​ចាំ​ជាក់​នូវ​និមិត្ត​សព្វ​គ្រប់​ក៏​ចាប់​យក​ចប​ដើរ​ តម្រង់​ទៅ​ខ្ទម​អ្នក​តា​ជីក​ទៅ​ឃើញ​ក្ដាម​មួយ​ប្រាកដ​មែន រួច​យក​ក្ដាម​នោះ​ទៅ​លក់​ឲ្យ​អ្នក​ផ្សារៗ ក៏​ទិញ​យក ។ បុរស​នោះ​បាន​ប្រាក់​ហើយ​ត្រឡប់​មក​វិញ ។ថ្ងៃ​ក្រោយ វេលា​ព្រឹក​ទៅ​ជី​ក្ដាម​នៅ​ទី​កន្លែង​ដដែល​នោះ​បាន​ក្ដាម​មួយ​យក​ទៅ​លក់​ឲ្យ ​អ្នក​ផ្សារ​ទៀត គេ​ក៏​ទិញ​យក ។ បុរស​នោះ​ត្រឡប់​មក​ផ្ទះ ។នៅ ​ទី​នោះ មាន​មហាសេដ្ឋី​ម្នាក់​មាន​កូន​ក្រមុំ​ច្រើន កូន​ស្រី​បង​ទាំង​ប៉ុន្មាន មហាសេដ្ឋី​រៀប​ឲ្យ​មាន​ប្ដី​ទាំងអស់ នៅ​តែ​កូន​ស្រី​ម្នាក់​ឈ្មោះ​នាង​ពៅ​គឺ​កូន​ពៅ​ប្រកែក​មិន​ព្រម​យក​ប្ដី មហាសេដ្ឋី​ជា​ឳពុក​ម្ដាយ​បង្ខំ​ឲ្យ​មាន​ប្ដី​ក៏​មិន​ព្រម​យក ។រី ​ឯ​បុរស​នោះ​ថ្ងៃ​ក្រោយ​ទៅ ជីក​ក្ដាម​នៅ​ទី​កន្លែង​ដដែល​ទៀត​បាន​ហើយ​កាន់​យក​ទៅ​លក់ ។ នាង​ពៅ​កូន​ក្រមុំ​មហាសេដ្ឋី​បាន​ឃើញ​ក៏​ហៅ​មក​សួរ​ថា "អ្នក​កម្លោះ​យួរ​ក្ដាម​ទៅ​ណា ?" បុរស​នោះ​ជម្រាប​វា "ខ្ញុំ​យក​ទោ​លក់" ។ នាង​ពៅ​ក៏​ទិញ​យក​ហើយ​នាង​ប្រាប់​ថា "ពី​ថ្ងៃ​នេះ​ត​ទៅ បើ​អ្នក​បាន​ក្ដាម​កុំ​លក់​ឲ្យ​អ្នក​ណា អ្នក​យក​លក់​ឲ្យ​ខ្ញុំ​រាល់​ថ្ងៃ​កុំ​ខាន" ដោយ ​នាង​នោះ​មាន​ចិត្ត​ប្រតិព័ទ្ធ​នឹង​បុរស​នោះ​ណាស់ តែ​អ្នក​នោះ​មិន​ដឹង​ខ្លួន ។ បុរស​នោះ​បាន​ប្រាក់​ហើយ​ត្រឡប់​មក​ផ្ទះ​វិញ ។ ថ្ងៃ​ក្រោយ​បុរស​នោះ​ទៅ​ជីក​ក្ដាម​នៅ​ទី​កន្លែង​ដដែល​បាន​ទៀត រួច​យក​មក​លក់​ឲ្យ​តែ​នឹង​នាង​រាល់​ថ្ងៃ ។ នាង​នោះ​ទទួល​ទិញ​យក​មិន​ដែល​ខាន ហើយ​នាង​ពៅ​មាន​ចិត្ត​រឹត​តែ​ស្រលាញ់​បុរស​នោះ​ខ្លាំង​ឡើង ក៏​ធ្វើ​ឬកពាករ​កិរិយា​ឲ្យ​បុរស​នោះ​ដឹង ។ បុរស​នោះ​ដឹង​ជាក់ "នាង​នោះ​ស្រលាញ់​ខ្លួន​ប្រាកដ" តែ​ដោយ​ពិចារណា​ថា "ខ្លួន​សព្វ​ថ្ងៃ​ក្រីក្រ​លំបាក​ណាស់​ហើយ​កំព្រា​ផង" ក៏​មិន​ហ៊ាន​និយាយ​ថា​ម្ដេច​ឡើយ ។ចំណែក ​បង​ស្រី​ប៉ុន្មាន​នាក់ បាន​ឃើញ​នាង​ពៅ​ជា​ប្អូន​ធ្វើ​ឬកពារ​កិរិយា​ស្រលាញ់​បុរស​លក់​ក្ដាម​នោះ​ពន់ ​ពេក ក៏​នាំ​គ្នា​ទៅ​ជម្រាប​មហាសេដ្ឋី​ជា​មាតាបិតា​ថា "នាង​ ពៅ​ជា​ប្អូន​ធ្វើ​ឬកពារ​ស្រលាញ់​បុរស​ជីក​ក្ដាម​នោះ​ក្រៃ​ពេក​បុរស​នោះ​បាន​ ក្ដាម​ចេះ​តែ​យក​មក​លក់​ឲ្យ​តែ​នាង​ពៅ​ៗ ទទួល​ទិញ​រាល់​តែ​ថ្ងៃ​រួច​ធញវើ​ឬកពារ​កិរិយា​ស្រលាញ់​បុរស​នោះ​ណាស់ ខ្ញុំ​ទាំងអស់​និយាយ​ឬូន្មាន​ដូច​ម្ដេច​ក៏​មិន​ព្រម​ស្ដាប់​តាម រឹត​តែ​ធ្វើ​ខ្លាំង​ឡើងៗ" សេដ្ឋី​ជា​មាតាបិតា​ឮ​ដូច្នេះ​ច្រឡោត​ខឹង​ឲ្យ​ហៅ​នាង​ពៅ​មក​ជេរ​បន្ទោស​ត្មះ ​តិះដៀល​ថា "ហង ​នេះ​ជា​មនុស្ស​រឹង​ទទឹង​ចិត្ត​មាតាបិតា អញ​ឲ្យ​មាន​ប្ដី​ទៅ​មនុស្ស​មាន​ទ្រព្យ​សម្បត្តិ​ហង​ឯង​មិន​ព្រម​យក ឥឡូវ​ហង​ស្រលាញ់​អមនុស្ស​កំសត់​លក់​តែ​ក្ដាម​វិញ ហង​ឯង​នេះ​អាក្រក់​ណាស់ ចុះ​ចេញ​ពី​ផ្ទះ​អញ​ឲ្យ​ឆាប់​ទៅ​យក​អា​កំសត់​លក់​ក្ដាម​នោះ​ចុះ តាំង​ពី​ថ្ងៃ​នេះ​តៅ​ទៅ​ហង​ឯង​កុំ​មក​លើ​ផ្ទះ​អញ​សូម្បី​តែ​ក្នុង​ភូមិ​ក៏​ ចូល​មិន​បាន​អញ​កាត់​ចោល​ហើយ" ។ ចំណែកមាតា​កាត់​ចិត្ត​មិន​ដាច់​នឹង​កូន​ពៅ​ក៏​លប​វេច​របស់​ស្រាលៗ​ដែល​មាន​ តម្លៃ ឲ្យ​ទៅ​ដល់​នាង​ពៅ​ជា​កូន​ ។ នាងពៅ​កូ​សំពះ​លា​មាតា​យក​បង្វិច​ដែល​មាតា​ឲ្យ​ចុះ​ចេញ​ពី​ផ្ទះ សំឌៅ​ទៅ ផ្ទះ​បុរស​លក់​ក្ដាម និយាយ​ប្រាប់​រឿង​ពី​មាតា​ខឹង​បណ្ដេញ​សព្វ​គ្រប់ ។ បុរស​នោះ​បាន​ស្ដាប់​ហើយ​ឆ្លើយ​តប​ថា "ខ្លួន​ខ្ញុំ​នេះ​សព្វ​ ថ្ងៃ​ក្រីក្រ​ជា​ទី​បំផុត ហើយ​កំព្រា​តែ​ម្ានក់​ឯង​ផង នាង​ត្រឡប់​ទៅ​វិញ​ចុះ ខ្ញុំ​មិន​ហ៊ាន​ទទួល​យក​នាង​ទេ​ខ្ញុំ​ខ្លាច​មហាសេដ្ឋី​ជា​បិតា​ចាប់​ទោស​យក​ ខ្ញុំ​ទៅ​សម្លាប់" ។ នាង​ពៅ​តប​ថា "ខ្ញុំ​មិន​ទៅ​វិញ​ទេ ស៊ូស្លាប់​និង​អ្នក​ហើយ" ។ បុរស​នោះ​សួរ​ថា "បើ​ដូច្នេះ​យើង​គិត​ដូច​ម្ដេច ?" នាង​ពៅ​ឆ្លើយ​ថា "បើ​អ្នក​គិត​ឃើញ​យ៉ាង​ណា​ខ្ញុំ​ទទួល​តាម" ។បុរស ​នោះ​នាំ​នាង​ពៅ​ចេញ​ចោល​ផ្ទះ ទៅ​នៅ​ខែត្រ​ក្រៅ ហើយ​ធ្វើ​ផ្ទះ​នៅ​ជា​មួយ​គ្នា​លុះ​ព្រឹក​ឡើង​មក​ជីក​ក្ដាម​នៅ​ទី
​ដដែល​យក​ទៅ ​លក់​ដូច​ថ្ងៃ​មុន​ទៀត​បាន​ប្រាក់ ហើយ​ទិញ​វត្ថុ​ផ្សេងៗ​មក​ផ្ញើរ​ប្រពន្ធ ប្រព្រឹត្ត​យ៉ាង​នេះ​ជា​ច្រើន​ថ្ងៃ ។ នាង​ពៅ​នោះ​ហេតុ​តែ​ជា​ស្រី​គ្រប់លក្ខណ៍ ក៏​ប្រតិបត្តិ​ប្ដី​មិន​ឲ្យ​ទាស់​ចិត្ត វេលា​យប់​ចូល​ដំណេក​នាង​ពៅ​និយាយ​នង​ប្ដី​ថា "ខ្ញុំ​សូម​ ចិត្ត​ប្ដី​តាំង​ពី​ថ្ងៃ​នេះ​តទៅ​អ្នក​កុំ​ទៅ ជីក​ក្ដាម​ទៀត​ឡើយ ប្រាក់​កាស​យើង​មាន​ច្រើន​ណាស់​បើ​អ្នក​ចង់​ទិញ​របស់​អ្វីៗ​តាម​ចិត្ត​អ្នក​ ទិញ​ចុះ" ។ ប្ដី​មិន​ព្រម​តាម ។លុះ​ ព្រឹក​ឡើង​ប្ដី​កាន់​ចប​ទៅ​ជីក​ក្ដាម​ទៀត ប្រពន្ធ​ឃើញ​ដូច្នោះ​ក៏​លប​ដើរ​តាម​ទៅ​មើល​ទី​កន្លែង​ឲ្យ​បាន​ច្បាស់​មិន​ ឲ្យ​ប្ដី​ដឹង លុះ​ឃើញ​ច្បាស់​ហើយ​ក៏​ត្រឡប់​មក​ផ្ទះ​វិញ ។ ចំណែក​ប្ដី​ជិក​ក្ដាម​បាន​ហើយ​យក​ទៅ​លក់ រួច​ទិញ​ម្ហូប​ចំណី​ផ្ញើរ​ប្រពន្ធ ។ថ្ងៃ​ក្រោយ​ប្ដី​ ទៅ កាប់​ឧស​ក្នុង​ព្រៃ​ឆ្ងាយ ។ នាង​ពៅ​បាន​ឃើញ​ប្ដី​ទៅ​រក​ឧស​ក៏​កាន់​ចប់​ទៅ​ជីក​រំលីង​នូវ​ទី​កន្លែង​ដែល​ ប្ដី​ជីក​ក្ដាម​នោះ​អស់ រួច​ត្រឡប់​មក​វិញ​ដាំ​បាយ​ធ្វើ​ម្ហូប​ចំណី​ទុក​ឲ្យ​ប្ដី​បរិភោគ ថ្ងៃ​ល្ងាច​ត្រជាក់​ប្ដី​ក​ពី​ព្រៃ​ក៏​បរិភោគ​បាន​ជាមួយ​គ្នា ។លុះ ​ព្រឹក​ឡើង​ប្ដី​ទៅ​កាន់​ចប​ជីក​ក្ដាម​ទៀត ឃើញ​ទី​កន្លែង​ដី​នោះ​ធ្លុះធ្លាយ​រលើង​ខ្ចាត់ខ្ចាយ​អស់ ហើយ​បាន​ឃើញ​សំបក​ក្ដាម​មួយ​ធំ​ចម្លែក​ប្លែក​ស្ងួត​ស្អាត ដូច​ជា​ហាល​ថ្ងៃ​យូរ​ហើយ អ្នក​នោះ​ក៏​កាន់​សំបក​ក្ដាម​យក​មក​ទុក
​ក្រោម​ផ្ទះ មិន​បាន​ប្រាប់​ភរិយា​ឲ្យ​ដឹង ។ ភរិយា​ក៏​មិន​បាន​សួរ​ប្ដី​ដូច​ម្ដេច​ឡើយ ។ ដល់​វេលា​យប់​ចុល​ដំណេក​នាង​ពៅ​កាន់​ប្រាក់​របូរ​ពី​ដៃ​មួយ​ណែន​ទៅ​ក្រោម​ ផ្ទះ​ធ្លាក់​ទៅ​លើ​សំបក​ក្ដាម​ធំ​នោះ នាង​ពៅ​ក៏​មិន​ឲ្យ​ប្ដី​ដឹង​ហើយ​គិត​ថា "ចាំ​ព្រឹក​ភ្លឺ​ច្បាស់​ឡើង​សឹប​ចុះ​ទៅ​យក​ប្រាក់​មក​ទុក​វិញ" ។ លុះ​ព្រឹក​ឡើង​នាង​ពៅ​ចុះ​ពី​ផ្ទះ​ទៅ​យក​ប្រាក់​មួយ​ណែន​ដែល​ធ្លាក់ ស្រាប់​តែ​ឃើញ​ប្រាក់​ណែន​ពេញ​សំបក​ក្ដាម នាង​អរណាស់ យក​មក​ឲ្យ​ប្ដី​ៗ​សួរ​ថា "នាង​បាន​ប្រាក់​ពី​ណា​ច្រើន​ម្ល៉េះ ?" ។ នាង​ពៅ​ជម្រាប​ប្ដី​ថា "កាល ​ពី​យប់​ម៉ិញ​ខ្ញុំ​កាន់​ប្រាក់​ដើម្បី​យក​ទៅ​ទុក​ខាង​ក្នុង ក៏​របូត​ពី​ដៃ​មួយ​ណែន​ធ្លាក់​ទៅ​ក្រោម​ផ្ទះ ខ្ញុំ​ពុំ​បាន​ចុះ​ទៅ​យក​ពីព្រោះ​គិត​ឃើញ​ថា ផ្ទះ​នៅ​ឆ្ងាយ​ពី​គេ គ្មាន​នរណា​ដឹង​ឃើញ ចាំ​ព្រឹក​ភ្លឺ​ច្បាស់​សឹម​ចុះ​ទៅ យក​មក​ទុក លុះ​ព្រឹក​ឡើង​ខ្ញុំ​ចុះ​ទៅ​យក​ស្រាប់​តែ​ឃើញ​ប្រាក់​ណែន​ពេញ​សំបក​ក្ដាម​ ខ្ញុំ​ក៏​យក​មកជូន​អ្នក" ។ ប្ដី​មាន​អំណរ​ពន់​ប្រមាណ ហើយ​និយាយ​ប្រាប់​ប្រពន្ធ​ថា ពី​ថ្ងៃ​នេះ​ត​ទៅ​បង​ឈប់​ទៅ​ជី​ក្ដាម​ទៀត​ហើយ ។ ប្រពន្ធ​អរណាស់ ។ អ្នក​ទាំង​ពីរ​ប្ដី​ប្រពន្ធ វេលា​យប់​កាល​ណា​នាំ​គ្នា​ទម្លាក់​ប្រាក់​ទៅ​ចំ​សំបក​ក្ដាម​ធំ ព្រឹក​ឡើង​ចុះ​ទៅ​មើល​ឃើញ​ប្រាក់​ពេញ​សំបក​ក្ដាម​នោះ​ក៏​យក​មក​ពុក​រៀងរាល់​ ថ្ងៃ បើ​ទម្លាក់​ប្រាក់​រៀល​ព្រឹក​ឡើង​ឃើញ​ប្រាក់​រៀល បើ​ទម្លាក់​ប្រាក់​ណែន ព្រឹក​ឡើង​ឃើញ​ប្រាក់​ណែន បើ​ទម្លាក់​គ្រឿង​មាស​ពេជ្រ ព្រឹក​ឡើង​ឃើញ​គ្រឿង​មាស​ពេជ្រ​ពេញ​សំបក​ក្ដាម ។ អ្នក​ទាំង​ពីរ​ប្រព្រឹត្ត​យ៉ាង​នេះ​ចំនួន​មួយ​ឆ្នាំ ប្រាក់​និង​គ្រឿង​ប្រដាប់​មាន​ច្រើន​ណាស់​រាប់​មិន​អស់ ទើប​ព្រឹក្សា​គ្នា​ថា "ប្រាក់​យើង​មាន​ច្រើន​ម៉្លេះ​យើង​បាន​អ្វី​ទុក​ប្រាក់​និង​គ្រឿង​ប្រដាប់​ ទាំង​នេះ" ហើយ​នាំ​គ្នា​យក​ប្រាក់​និង​គ្រឿង​ប្រដាប់​ទាំងអស់​ទៅ​ជីក​ដី​កប់​ទុក​ច្រើន ​អន្លើ ។
ក្រោយ​ពី​ថ្ងៃ​នោះ​មក អ្នក​ទាំង​ពីរ​ប្ដី​ប្រពន្ធ​នាំ​គ្នា​ទៅ​សួរ​មហា​សេដ្ឋី​ជា​មាតាបិតា ទៅ​ដល់​បង​ស្រី​ទាំង​អស់​បាន
​ឃើញ​ជេរ​ថា "មេ ​ចោរ​ចង្រៃ​ឯង​នាំ​ប្ដី​កំសត់​លក់​តែ​ក្ដាម​មក​រក​អី ហង​ឯង​បាន​ឮ​ឬ​ទេ លោក​ឳពុក​បណ្ដែញ​កាត់
​ចោល​ហើយ សូម្បី​តែ​ក្នុង​ភូមិ​ក៏​ចូល​មិន​បាន​ដែរ មេ​ចង្រៃ​ចេញ​ពី​ភូមិ​ឲ្យ​ឆាប់" ។ នាង​ពៅ​ឆ្លើយ​ថា "បង ​ទាំង​អស់
​គ្នា​កុំ​មើល​ងាយ​ខ្ញុំ​ៗ​មក​នេះ​ដើម្បី​សួរ​មាតា​បិតា​ព្រោះ​លោក ​មាន​គុណ​លើ​ខ្ញុំ​ៗ​មិន​សុំ​ទ្រព្យ​សម្បត្តិ​លោក​ទេ​សម្បត្តិបង​ឯង​ទាំង​ អស់​ក៏​ខ្ញុំ​មិន​សុំ ខ្ញុំ​មើល​ទៅ​ទ្រព្យ​សម្បត្តិ​បង​ទាំងអស់​គ្នា​មាន​ប៉ុណ្ណេះ ខ្ញុំ​មិន​កោត​មិន​ព្រឺ​ឡើយ សូម្បី​តែ​រោម​ជើង​ខ្ញុំ​មិន​ព្រឺ​ផង" ។បង​ទាំងអស់​គ្នា​ខឹង​ណាស់ ជេរ​ប្រទេច​ថា "ហង​ឯង​នេះ​អួរ​ណាស់​អញ​មិន​ជឿ​ទេ" ។ នាង​ពៅ​ថា "បើ​មិន​ជឿ​ភ្នាល់​គ្នា​ចុះ" ។ បង​ទាំងអស់​គ្នា​ថា "ភ្នាល់​គ្នា​ដូច​ម្ដេច ?" ។ ឲ្យ​បង​ទាំងអស់​គ្នា​រាប់​ប្រាក់​ខ្ញុំ​មើល​ឲ្យ​អស់​ក្នុង​មួយ​ថ្ងៃ បើ​រាប់​អស់​ខ្ញុំ​ចែក​ឲ្យ​គ្រប់​គ្នា បើ​រាប់​មិន​អស់​ខ្ញុំ​មិន​ឲ្យ​ទេ តែ​ខ្ញុំ​យល់​ថា​កុំ​ថា​ឡើយ​រាប់​មួយ​ថ្ងៃ ទុក​ជា​រាប់​ពីរ​ថ្ងៃ​ ឬ បី​ថ្ងៃ​ក៏​មិន​អស់​ដែរ" ។ បង​ទាំងអស់​នោះ​ឆ្លើយ​ថា "អញ​ព្រម​ទៅ​រាប់ តែ​បើ​ហង​ឯង​កុហក​អញៗ​វាយ​ហង​ឯង​សម្លាប់" ។ នាង​ពៅ​ថា "តាម​ចិត្ត" ។បង ​ៗ​ក៏​នាំ​គ្នា​ទៅ​រាប់​ប្រាក់​នាង​ពៅ រាប់​តាំង​ពី​ព្រឹក​ទល់​ល្ងាច ក៏​មិន​អស់​នាំ​គ្ាន​ត្រឡប់​មក​ផ្ទះ​វិញ​ជម្រាប​សេដ្ឋី​ជា​មាតាបិតា​ថា "នាង ​ពៅ​ជា​ប្អូន​វា​អួត​ថា​ខ្លួន​វា​មាន​ប្រាក់​ច្រើន ខ្ញុំ​ទាំង​អស់​គ្នា​មិន​ជឿ ហើយ​វា​ថា បើ​មិនជឿ​ទេ​ឲ្យ​ទៅ​មើល​ផ្ទះ​វា​ចុះ ខ្ញុំ​ទាំង​អស់​គ្នា​ក៏​ទៅ​មើល​ឃើញ​វា​មាន​ប្រាក់​ច្រើន​មែន​ក៏​ភ្នាល់​នឹង​ វាៗ​ថា បើ​ខ្ញុំ​ទាំងអស់​គ្នា​រាប់​ប្រាក់​វា​ក្នុង​មួយ​ថ្ងៃ​អស់ វា​ឲ្យ​ខ្ញុំ​យក​ចែក​គ្នា​ចុះ បើ​រាប់​មិន​អស់​វា​មិន​ឲ្យ​ទេ នោះ​ខ្ញុំ​ទាំងអស់​គ្នា​រាប់​តាំង​ពី​ព្រឹក​ទល់​ល្ងាច​ក៏​មិន​អស់​ប្រាក់​វា ត្រឡប់​មក​ជម្រាប​លោក​មាតាបិតា​សូម​ជ្រាប" ។ មហា​សេដ្ឋី​បាន​ស្ដាប់​ក៏​ចាត់​ក្រមការ​ឲ្យ​ទៅ​មើល​ប្រាក់​នាង​ពៅ​ឲ្យ​ជាក់​ ច្បាស់ ។ នាង​ពៅ​ក៏​នាំ​ទៅ​មើល​គ្រប់​ទី​កន្លែង ។ ក្រម​ការ​ទាំង​នោះ​បាន​ឃើញ​ប្រាក់​នាង​ពៅ​ច្រើន​ប្រាកដ​មែន ហើយ​ត្រឡប់​មក​ជម្រាប​មហា​សេដ្ឋី​សព្វគ្រប់ ។ មហា​សេដ្ឋី​បាន​ជ្រាប​មាន​ចិត្ត​ត្រេកអរ​ណាស់ ក៏​ចាត់​បម្រើ​ឲ្យ​ទៅ​ហៅ​នាង​ពៅ​និង​កូន​ប្រសារ​មក​ប្រាប់​ថា "កូន​ឯង​មក​នៅ​ជា​មួយមាតាបិតា​វិញ​ចុះ" ទើប ​មហា​សេដ្ឋី​បង្គាប់​ក្រមការ​ឲ្យ​កេណ្ឌ​រទេះ​ក្របី​គោ​ជា​ច្រើន ទៅ​ដឹក​ជញ្ជូន​ប្រាក់​និង​ទ្រព្យ​សម្បត្តិ​នាង​ពៅ​យក​មក​ទាំងអស់ ។ លុះ​មហា​សេដ្ឋី​ជា​បិតា​ទទួល​មរណ​ភាព​ទៅ​វេលា​ណា នោះ​ប្ដី​នាង​ពៅ និង ភរិយា​បាន​ធ្វើ​ជា​សេដ្ឋី ជំនួស​បិតា​ត​ទៅ ។
ឈើពុកកុំដាក់គូថលើ

រឿងព្រេង៖ បុរសដណ្ដឹងប្រពន្វ

កាល​ពី​ព្រេង​នាយ មាន​បុរស​ម្នាក់​ចង់​បាន​ប្រពន្ធ ទៅ​ដណ្តឹង​កូន​គេ​ម្នាក់ ។ ម្តាយ​ឪពុក​គេថា​ «បើ​ចង់​បាន​កូន​យើង​ជា​ប្រពន្ធ លុះ​តែ​ឲ្យ​យើង​ចង់​ត្រាំ​ទឹក​បាន​បី​យប់​ ទើប​យើង​ឲ្យ​កូន​បាន» ។ បុរស​នោះ ក៏​ព្រម​ឲ្យ​គេ​ចង​ត្រាំ​ទឹក ដល់​ត្រាំ​ទឹក​បាន​ពីរ​យប់​បុរស​នោះ​ឃើញ​ភ្លើង​ឆេះ​លើ​កំពូល​ភ្នំ ក៏​លើក​ដៃ​ឡើង​អាំង​លេង ។គេ​មើល​មក​ឃើញ​គេ​ថា​បុរស​នោះ​អាំង​ភ្លើង គេ​មិន​ឲ្យ​កូន​គេ​ជា​ប្រពន្ធ​ឡើយ ។ បុរស​នោះ ខឹង​ណាស់​ទៅ​ប្តឹងចៅ​ក្រម ចៅ​ក្រម​ឲ្យទៅ​កោះ​ម្តាយ​ឪពុក​ខាង​ស្រី​នោះ​មក​ជំនុំ​ជម្រះ ។ ចៅ​ក្រម​យក​សំណូក​ពី​អ្នក​ចុង​ក្តី ក៏​កាត់​ថា «ចៅ​ឯង​ត្រូវ​ចាញ់​គេ​ហើយ មិន​ត្រូវ​បាន​កូន​គេ​ទេ​បើ​ដូច្នេះ ចៅ​ឯង​ទៅ​រៀប​បាយ​មក​ឲ្យ​យើង​ស៊ី» ។ ឯចៅ​នោះ ឮចៅ​ក្រម​កាត់​ថា​មិន​ត្រូវ​បាន​កូន​គេ​ជា​ប្រពន្ធ ហើយ​គេ​ប្រើ​ទៅ​រៀប​បាយ​មក​ឲ្យ​គេ​ស៊ី​ផង ក៏​តូច​ចិត្ត​ណាស់ ដើរ​បណ្តើរ​យំ​បណ្តើរ ទៅ​ប្រទះ​នឹង​សុភាទន្សាយៗ​សួរ​ថា «ថ្វី​បង​ក៏​បាន​ជា​យំ?» ។ បុរស​នោះ​ ប្រាប់​តាម​ដំណើរ​សព្វ​គ្រប់​ប្រការ ។ សុភាទន្សាយ​សួរ​ថា « គេ​ឲ្យ​បង​ឯង​ទៅ​ណា? » ។ បុរស​នោះ​ថា «ឥឡូវ​គេ​ប្រើ​ឲ្យ​ទៅ​រៀប​បាយ » ។ សុភា​ទន្សាយ​ថា « អើ​បង​រៀប​រួច មក​យក​អញ​ទៅ​ផង អញ​ទៅ​ជួយ​ជំនុំ​ឲ្យ តែ​អញ​ទៅ​មុខ​ជា​ឈ្នះ​ហើយ បើ​បង​ឯង​រៀប​បាយ​មក ស្ល​កុំ​ដាក់​អំបិល​ប្រហុក ។ អំបិល​ប្រហុក​ដាក់​ក្បែរ​ខាង​នោះ​ស្ល​តែ​ត្រី​និង​បន្លែ​ហើយ » ។ បុរស​នោះ​ឮ​សុភា​ទន្សាយ​អួត​ដូច្នោះ​ក៏​អរ​ណាស់ ខំ​ទៅ​រៀប​បាយ​ដូច​បង្គាប់​សុភា​ទន្សាយ​ ហើយ​ក៏​យក​មក​ជូន​គេ​ពីរ​នាក់​នឹង​សុភា​ទន្សាយ ។ ទៅ​ដល់ ចៅ​ក្រម​ឃើញ​សុភា​ទន្សាយ​មក ក៏​សួរ​ថា « បង​ទន្សាយ​មក​រក​អ្វី?» ។ សុភា​ទន្សាយ​ថា « មក​ជួយ​ជំនុំ​ក្តី​លោក» ។ ចៅ​ក្រម​ថា «អើ​ចាំ​ស៊ី​បាយ​រួច​សិន» ។ ឯចៅ​ក្រម​ ដល់​ស៊ី​បាយ​នោះ​ទៅ​សួរ​ថា ស្ល​អ្វី​ក៏​សាប​ម៉្លេះ ? » ។ សុភា​ទន្សាយ​ឆ្លើយ​ឡើង​ថា « ភ្លើង​ឆេះ​លើ​កំពូល​ភ្នំ​ថា​ក្តៅ​ដល់, ចុះ​អំបិល​ប្រហុក​ដាក់​ក្បែរ​នោះ ម្តេច​ក៏​បាន​ជា​មិន​ប្រៃ​ដល់? » ។ សុភា​ទន្សាយ​ឆ្លើយ​តែ​ប៉ុណ្ណោះ ចៅ​ក្រម​ទាល់​ប្រាជ្ញា ទើប​កាត់​សេចក្តី​ឲ្យ​បុរស​នោះ​ឈ្នះ ឲ្យ​បាន​ប្រពន្ធ​បុរស​នោះ ។
ចេះ​ឯង ឲ្យ​ក្រែង​ចេះ​គេ

រឿងព្រេង៖ សំឡាញ់២នាក់

កាលពីព្រេងនាយ មានបុរសពីរនាក់ជាសំលាញ់នឹងគ្នា និយាយសន្យាគ្នាថា «កាលបើយើងមានប្រពន្ធហើយអែងក្ដីអញក្ដី បើមានទ្រព្យសម្បត្តិត្រូវយើង ចិញ្ចឹមគ្នាទៅ វិញទៅមក»។ សន្យាគ្នាហើយយូរបន្តិចទៅសំលាញ់ មួយមានប្រពន្ធគ្រប់លក្ខណ៍ សំលាញ់មួយទៀតមាន ប្រពន្ធខាតលក្ខណ៍។បុរសដែលមានប្រពន្ធគ្រប់លក្ខណ៍នោះ​វេលាយប់ចូលដំនេក និយាយគិត គ្នាប្ដី ប្រពន្ធថា «យើងរកស៊ីអីអោយមានឆាប់»។ ប្រពន្ធឆ្លើយថា “អ្នកចង់រកស៊ីអី រឺប្រើខ្ញុំអោយត្បាញរវៃលក់ដូរខ្ញុំទទួលតាមមិនហ៊ានទទឹងទាស់ចិត្តអ្នកទេ»។លុះកន្លងមកពេលចូលដំនេកយប់ក្រោយទៀត ប្ដីនិយាយនឹងប្រពន្ធថា «នាងអើយ បងគិតឃើញរបរមួយមុខ បើបានដូចគំនិតនឹងបានមាសប្រាក់ ផ្ដិល តុ ថាស ដោយ ងាយ»។ ប្រពន្ធសួរប្ដីថា «គិតធ្វើដូចម្ដេចក៏បានងាយម្លេះ? » ។ ប្ដីប្រាប់ប្រពន្ធថា “ក្នុងសមុទ្រមានសំពៅអ្នកជំនួញគ្រប់ប្រទេស ខ្លះសុខសប្បាយខ្លះលិចលង់ច្រើនឆ្នាំ មកហើយរបស់ទ្រព្យសព្វសារពើ​មាសប្រាក់កប់​នៅបាតសមុទ្រនោះច្រើន យើងគិត នាំគ្នាទៅបាចទឹកសមុទ្រនោះអោយរីងក្រ អ្វីមាសប្រាក់គ្រប់មុខនោះ បើបានត្រីធំ តូចយើងវះធ្វើងៀត ធ្វើផ្អក ប្រហុក ព្រឹកនេះនាងឯងដាំបាយដួសដាក់កញ្ជើអោយ មានម្ហូបនិងស្លាម្លូផង ព្រហាមយើងទៅបាចទឹកសមុទ្រអោយរីង»។ ប្រពន្ធលឺប្ដី ប្រាប់ហើយក៏ធ្វើតាមបង្គាប់ប្ដី។ លុះព្រឹកឡើងរៀបគ្រប់ ប្រដាប់រួចក៏នាំគ្នាទៅដល់ មាត់សមុទ្រ ហើយទុកដាក់ម្ហូបចំនីដោយស្រួល ទើបប្ដីកាន់កញ្ជើ១ ប្រពន្ធកាន់កញ្ជើ ១ខំបាចជះទឹកទៅលើគោកបាចទាល់តែពេលបាយទើបឈប់បរិភោគ បរិភោគបាយ រួចនាំប្ដីប្រពន្ធបាចទៀតទាល់ល្ងាចទើបនាំគ្នាមកផ្ទះវិញ។ បាចបានចំនួន ៤ថ្ងៃប្ដីក៏ ឈរបាំងដៃមើលទឹកសមុទ្រហើយប្រាប់ប្រពន្ធថា «ទឹកស្រកសន្ដកហើយនាង»។ ប្រពន្ធឆ្លើយថា 
“បើដូច្នោះយើងខំបាចទៅយូរណាស់កន្លះខែទៀតមុខជារីងហើយ យើងចាប់យកត្រីធំតូចវះធ្វើងៀតផ្អកប្រហុកថ្លឹងលក់យកប្រាក់ មួយទៀតសំពៅ ទាំងប៉ុន្មានដែលលិចលង់មកយូរឆ្នាំនោះ យើងត្រូវកាយយកប្រាក់មាស តុ ថាស ចានក្បាននៅក្នុងសំពៅនោះមិនដឹងបើយកទៅណាអស់ទេ» ថារួចដល់ល្ងាចត្រលប់ មកផ្ទះវិញ។ ព្រឹកឡើងនាំគ្នាទៅបាចទៀត​ហើយនិយាយតែ​ពាក្យ​ដដែលៗដូចថ្ងៃ មុន។ ហ្វូងមច្ឆាក្នុងសមុទ្រស្ដាប់លឺដឹងដំនឹងសព្វគ្រប់ ភ័យបារម្ភណាស់ជំនុំគ្នាថា «យើងមុខជាស្លាប់ម្ដងហ្នឹងយើងនាំគ្នាទៅទូលស្ដេចត្រីអន្សាសមុទ្រទើបរស់រួចជីវិត គិតហើយនាំគ្នាមុជហែលទៅដល់ស្ដេចត្រីទូលតាមដំនើរដែលបុរសប្ដីប្រពន្ធមក បាចទឹកសមុទ្រនោះ។ ស្ដេចត្រីដឹងហើយបង្គាប់ត្រីទាំងប៉ុន្មានដែលទៅទូលនោះថា «ឯងរាល់គ្នាពាំយក មាសបាន ៥ក្រឡ ប្រាក់ ៥ក្រឡ និង តុ ថាស ផ្ទិល ចាន ទៅ ឲ្យបុរសប្ដីប្រពន្ធ អង្វរគេអោយលែងបាចទឹកសមុទ្រទៅ”។ ត្រីទាំងនោះក៏យកវត្ថុ គ្រប់ ចំនួនតាមស្ដេច ត្រីបង្គាប់រួចនាំគ្នាពាំហែលមកដល់បុរសប្ដីប្រពន្ធ អង្វរសូម អោយលែងបាចទឹកសមុទ្រ ត្រីទាំងនោះក៏ហាមាត់ខ្ជាត់ ក្រឡ មាសប្រាក់តុថាស ផ្ទិលចានអោយបុរសប្ដីប្រពន្ធ។ 
បុរសប្ដីប្រពន្ធមានសេចក្ដីត្រេកអរពន់ពេកក៏ឈប់ លែងបាចទឹកពីថ្ងៃនោះ នាំប្ដីប្រពន្ធរែកជញ្ជូនទៅទុកផ្ទះត្រាតែអស់។ បុរសប្ដី ប្រពន្ធក៏មានទ្រព្យសម្បត្តិច្រើន ថ្កើនរុងរឿងបានសេចក្ដីសុខរៀងទៅ។ ពណ៌នាពី សំលាញ់ដែលមានប្រពន្ធខាតលក្ខណ៍គាត់ភ្នកនឹករលឹកដល់សំលាញ់ហើយនាំប្រពន្ធ ទៅលេងផ្ទះសំលាញ់ដែលមានប្រពន្ធគ្រប់លក្ខណ៍លុះដល់លើផ្ទះគេក៏រាប់អានចាប់ ចិត្តស្និតស្នាល ​ដូចពីដើមគាត់គន់មើលរបស់ទ្រព្យប្រដាប់ប្រដាក្នុងផ្ទះហើយនឹកក្នុង ចិត្តថា «ពីដើមសំលាញ់គេមានទ្រព្យសម្បត្តិល្មមគួរសមទេ ឥលូវនេះគេរករបរអ្វីក៏ មានទ្រព្យសម្បត្តិច្រើនម្ល៉េះ ? »។ គិតហើយ​ត្អូញប្រាប់សំលាញ់ដែលមានទ្រព្យ សម្បត្តិថា «សំលាញ់អើយ ! អញសព្វថ្ងៃនេះក្រលំបាកណាស់សំលាញ់អែងរក ស៊ីជំនូញអ្វីក៏ មានទ្រព្យសម្បត្តិច្រើនម្ល៉េះ ? »។ សំលាញ់ដែលមានប្រពន្ធគ្រប់ លក្ខណ៍ថា «សំលាញ់អើយ!អញរកស៊ីបាចទឹកសមុទ្រតែពីរនាក់នឹងប្រពន្ធអញ ពេលព្រឹកទៀបភ្លឺប្រពន្ធឡើង ដាំបាយមានគ្រប់ប្រដាប់លុះភ្លឺឡើងនាំគ្នា​ទៅបាច​ទឹកសមុទ្រ​ ល្ងាចត្រលប់មកផ្ទះវិញ ស្ដេចត្រីភិតភ័យបង្គាប់ត្រីជាបរិវាអោយពាំយក មាសប្រាក់ និង របស់គ្រប់មុខមកអោយអញ»។ ឯសំលាញ់ប្រពន្ធខាតលក្ខណ៍ ដឹងហើយ ក៏លាសំលាញ់ដែលមានប្រពន្ធគ្រប់លក្ខណ៍ៗគេក៏អោយប្រាក់យក ទៅចិញ្ចឹមជីវិត។ លុះត្រលប់ទៅផ្ទះវិញពេលចូលដំនេកបុរសនោះ​និយាយនឹង​ប្រពន្ធថា«ព្រឹកនេះបាឯងដាំពីយប់រៀបប្រដាប់អោយមានសព្វគ្រប់ភ្លឺឡើងយើង នឹងនាំគ្នាទៅបាចទឹកសមុទ្រអោយបានមាសប្រាក់របស់ទ្រព្យដូចសំលាញ់យើង »។ មេខាតលក្ខណ៍ជាប្រពន្ធភ្លឺច្បាស់ បានក្រោកបង្កាន់ភ្លើងឆេះ ហើយបានទៅបើកខាប់ អង្ករៗកំពុបម្ដងមួយទូកដៃយកអង្ករទៅលាងកំពុបមួយទុកដៃទៀតច្រកអង្ករទៅក្នុង ឆ្នាំងកំពប់ទៀតដល់ពុះជាត់បាយកំពប់ទៀតច្រកអង្ករចំនួនល្មមឆ្អិនពេញឆ្នាំងបាយ នៅតែកន្លះឆ្នាំងទាល់ថ្ងៃទើបដួសដាក់កញ្ជើហើយបន្ដើរប្ដីប្រពន្ធទៅបាចទឹកសមុទ្រ បាចទាំងខឹងទាំងជា ។ បានចំនួន៥ថ្ងៃអស់ហ្វូងមច្ចាធំតូចផ្អើលភិតភ័យនិយាយគ្នា ថា «បុរសប្ដីប្រពន្ធពីណាមកបាចទឹកសមុទ្រទៀតហើយ»ពួកត្រីក៏សំលឹងទាំងហ្វូង ចាំមើលចាំស្ដាប់។ ប្រពន្ធខាតលក្ខណ៍បោកល្អី​ដែលបាចទឹកនោះថា«បាចយូរថ្ងៃ ហើយមិនបានឃើញរបស់អ្វី អញមិនខ្ចីទេ អញលែងបាចហើយ» ឈ្លោះប្ដីប្រពន្ធ ប្រពន្ធជេរម្ដាយប្ដី ប្ដីបញ្ជោរប្រពន្ធប្រកាច់ចំបាប់គ្នាប្រទាញថ្នក់សំពត់គ្នា​ទៅវិញទៅ មក ទាល់តែអាក្រាតទាំងប្ដីប្រពន្ធលេចកេរ្ដ៍ខ្មាសនៅ មាត់សមុទ្រ ហើយអ្នកទាំង ពីរនាក់ថា «ខ្ញុំគេក៏ខ្ញុំចុះលែងបាចហើយ »។ ត្រីទាំងនោះលឺថាលែងបាចក៏ត្រេក អរធូរចិត្ត លែងសួរអោយមាសប្រាក់របស់ទាំងពួង។ ត្រីទាំងនោះបានឃើញកេរ្ដ៍ ខ្មាស បុរសប្ដីប្រពន្ធក៏លោតសើចទាំងហ្វូង។ ឯត្រីសន្ដាយសើចទាល់តែរយះមាត់ បានជាមាត់ធំ​ដូចគេហែករហូត​ដល់បច្ចុប្បន្ននេះ ។ បុរសប្ដីប្រពន្ធគ្មានបានអ្វីសោះ ក៏លែងឈ្លោះគ្នា ដកសារាយប្ដីមួយអំរែក ប្រពន្ធមួយទ្រនូលត្រលប់មកផ្ទះវិញ ចាក់ សារាយចោលនៅកៀនជញ្ជាំងអោយ រលួយខូចអស់ទៅ ។

រឿងបុរសឆោតបួននាក់


កាលពីព្រេងនាយមានបុរសឆោត៤នាក់ ព្រមពៀ្រងគ្នា ដើររៀនក្តី លុះដើរបានបន្តិចទៅចាប់បានអណ្តើក៥។ បុរស ទាំង៤នាក់នោះក៏យកអណ្តើកនោះមកចែកគ្នា ដល់ចែក​ទៅចែកមកសល់អណ្តើក១។មនុស្សទាំងអស់មិនសុខចិត្ត តែរៀងខ្លួន ក៏ចែកគ្នាម្តងទៀត ចែកទៅចែកមកសល់ អណើ្តក១ដដែលមិនដឹងគិតធ្វើដូចមេ្តច។ បុរសទាំង៤នាក់នោះទាល់គំនិត​ក៏អង្គុយ មើលមុខគ្នាធ្វើភែ្នកឡីងឡង់។ ក្នុងវេលានោះមានបុរសម្នាក់ទៀតដើរទៅកាន់ទីនោះ ប្រទះនឹង មនុស្សទាំង៤នាក់នោះ ក៏ឈរមើលគេចែកអណ្តើកគ្នា ហើយបុរសនោះ​ឃើញឆោត​ដូច្នោះក៏សើច ហើយនិយាយ នឹងបុរស៤នាក់នោះថា "មើលទៅអ្នកមិន សូវប្រសប់សោះ"។ បុរស៤នាក់គ្រាន់តែឭសូរសម្តីប៉ុណ្ណោះក៏និយាយថា "ឱលោក! បើលោកចេះ​អាណិតមក​ចែក​ឲ្យយើងបន្តិច"។ បុរសម្នាក់នោះឭដូច្នោះ ក៏ដើរចូល ទៅអង្គុយជិតចាប់យក អណ្តើក៥នោះមក ហើយរើសមើលអណ្តើកណាដែលធំជាង គេមកទ្រាប់អង្គុយ នៅសល់​អណ្តើក​៤ក៏​ចែកទៅឲ្យបុរស ទាំង៤នាក់ម្នាក់១បុរស នោះក៏សុខចិត្តរៀងខ្លួន ហើយបុរស៤នាក់នោះសួរថា "អ្នកមើលទៅប្រហែលជាចេះ ក្តី?"។ បុរសនោះឆ្លើយថា "ខ្ញុំចេះ"។ បុរសទាំង​៤នាក់​ក៏តបទៅវិញ​ថា "ឱ បើអ្នក ចេះក្តី សូមមេត្តាប្រាប់យើងផង"។ បុរសម្នាក់នោះឆ្លើយថា "បើអ្នកចូលចិត្តឲ្យខ្ញុំ ប្រាប់ ត្រូវអ្នកទនេ្ទញតាមខ្ញុំ"។ បុរស៤នាក់ឆ្លើយថា "បាទ" ហើយបុរស នោះ​ប្រាប់​ទៅ​៤​នាក់នោះ​ឲ្យទៅ​ទនេ្ទញរៀងខ្លួនគឺៈ ប្រាប់បុរសទី១ ថា  : ទំពក់វាទៅ ទើបព្នៅវា មក, ប្រាប់បុរសទី២ ថា  : មានប្រឡាយ ទើបទឹកវាហូរ, ប្រាប់បុរសទី៣ថា : មាន សម្រាម ទើបឆែ្កវាជុះ, ប្រាប់​បុរសទី៤ថា : មែន ទើបគេថា។ បុរស៤នាក់ក៏ចេះ ទនេ្ទញពាក្យនេះចេះចាំគ្រប់ៗគ្នាទៅ ហើយបុរស៤នាក់នោះនាំគ្នាទៅឆ្ងាយទៅបាន ដល់ ភូមិ១នឹងរកផ្ទះ​សមែ្បងសំណាក់​ក៏គ្មាន។ លុះ​បន្តិចទៅបានប្រទះយាយ​ចាស់ មេម៉ាយម្នាក់ ក៏និយាយសុំផ្ទះយាយចាស់ នោះសំណាក់ គាត់ក៏ព្រមឲ្យ ហើយ បុរសទាំង៤នាក់សំណាក់នៅផ្ទះយាយនោះទៅ។ យប់នោះក៏នាំគ្នា​ទនេ្ទញពាក្យក្តី ដែល​បុរសម្នាក់នោះប្រាប់ ទនេ្ទញមិនឈប់ឈរទាល់តែភ្លឺ យាយចាស់ខឹងណាស់ ព្រឹកឡើងគាត់ទៅប្តឹងមេស្រុកថា "លោកមេស្រុកយប់មិញមានបុរស៤នាក់មកសុំផ្ទះខ្ញុំសំណាក់ បុរសទាំង៤នាក់នោះចេះតែនិយាយ ទនេ្ទញទាល់តែភ្លឺ តែមិនដឹងជាពាក្យយ៉ាងដូចមេ្តច ស្តាប់មិនបានសោះខានដេកវាល់ព្រឹក 
ហេតុនេះខ្ញុំមកប្តឹងលោក សូមលោកហៅ មនុស្សទាំង៤​នាក់នោះជំនុំជម្រះឲ្យខ្ញុំ"។ មេស្រុកបានស្តាប់ហើយ 
ក៏ឲ្យបម្រើទៅហៅបុរសទាំង៤នាក់នោះមក ហើយ សួរថា "ហេតុដូចមេ្តចបានជាឯងទនេ្ទញអ្វីទាល់តែភ្លឺរកតែយាយចាស់ដេកពួនមិនបាន ដែលឯងទនេ្ទញនោះទនេ្ទញ អ្វី?"។ បុរសទាំង៤នាក់នោះឆ្លើយថា "ខ្ញុំទនេ្ទញពាក្យក្តី"។ មេស្រុកបង្គាប់ទៅទៀតថា "ឯងរាល់គ្នា សូត្រពាក្យនេះម្តងម្នាក់ទៅមើល ! អញនឹងស្តាប់"។ បុរសទី១ ថា  : ទំពក់វាទៅ ទើបព្នៅវាមក, បុរសទី២ ថា : មានប្រឡាយ ទើបទឹកវាហូរ, បុរសទី៣ ថា : មានសម្រាម ទើបឆែ្កវាជុះ, បុរសទី៤ថា : មែនទើបគេថា។ ស្តាប់ពាក្យនេះហើយ មេស្រុកក៏កាត់សេចក្តីថា "ឯងទាំង៤នាក់​ត្រូវនៅជាខ្ញុំបម្រើយាយចាស់នេះ"។ បុរសអស់ នោះក៏ទៅនៅធ្វើជាខ្ញុំបម្រើយាយចាស់នោះទៅ។ យាយចាស់គាត់ប្រើឲ្យធ្វើការសព្វសារពើតែរាល់ថៃ្ង លុះនៅនឹង យាយនោះបាន២-៣ថៃ្ង យាយគាត់​ប្រើបុរសទាំង៤នាក់នោះឲ្យទៅកាប់ឈើធ្វើទូក។ អ្នកទាំង៤នាក់ក៏នាំគ្នាចូល ទៅក្នុងព្រៃធំ ហើយដើររកឈើណាមានប្រហោងទើបកាប់។ ដល់ចូលទៅ​ក្នុងព្រៃជ្រៅ​បានប្រទះ​ឈើធំមួយដើម មានប្រហោង។ បុរសទាំង៤នាក់ក៏និយាយគ្នាថា "យើងបានប្រទះឈើប្រហោងក្នុងហើយ យើងត្រូវនាំគ្នាកាប់ ឈើប្រហោងក្នុងនេះ"។ បុរសទាំង៤​នាក់មូលមាត់​គ្នាក៏កាប់រំលំ​ឈើប្រហោងក្នុងនោះ លុះ​ឈើជិតរំលំ បុរសទាំង៤នាក់ស្រែកថា "កនយើងជិតរំលំហើយ អាណាម្នាក់រត់ទៅចាំទ្រកុំឲ្យបែកឈើយើង ក្រែងធ្វើទូមិនកើត"។ បុរស ម្នាក់ក៏ស្ទុះ​ទៅទ្រដល់​ឈើនោះ​បាក់មកសង្កត់ស្លាប់​ធ្វើមាត់សេ្ញញ។ បុរសបីនាក់ឃើញដូច្នោះក៏នាំគ្នាសើចថា "យើ អានេះខ្លាំណាស់តើ ! ឈើទំហំប៉ុណ្ណឹងវាទ្របាន ហើយវាសើចថែមទៀត"។ បុរស៣នាក់​នាំគ្នាចាំមើល​បុរសម្នាក់ ដែលស្លាប់ ដល់យូរពេក​ក៏​ស្រែក​ហៅថា "យី ! មកឆាប់ឡើងនឹងអាលទៅ ឃ្លានបាយណាស់"។ លុះឃើញ នៅស្ងៀម​ក៏នាំគ្នាដើរចូលទៅមើល។ កាលដឹងថា​បុរសនោះស្លាប់ បុរស​៣នាក់ភ័យណាស់ និយាយគ្នាថា "យើងនៅ មិនបានទេ តែបើយើងនៅមុខជាគេប្តឹងថា យើងវាយសម្លាប់អានេះ បើដូច្នោះ​ត្រូវនាំគ្នារត់" ថាហើយក៏ព្រមពៀ្រង គ្នារត់ទៅ។ ដល់ពេល​យប់​វងេ្វងផ្លូវមិនដឹងរត់ទៅឯណា ទៅត្រង់កំពង់ផ្ទះយាយ ហើយនាំគ្នាលួចទូកយាយនោះ អុំទៅត្រើយម្ខាង។ បុរស​ទាំងបីនាក់​នាំគ្នាចុះទូក ម្នាក់នៅ​ខាងកនៃ្សបែមុខ​ទៅខាងកនៃ្ស ម្នាក់នៅ​ខាងក្បាល ក៏បែរ​ទៅខាងក្បាល ម្នាក់ទៀតនៅអង្កុយកណ្តាលបាចទឹកទូក តែមិនបានស្រាយចំណងទូកនោះចេញ ចេះតែនាំ គ្នាអុំៗមួយយប់ទាល់ភ្លឺនៅតែដដែល។ លុះ​ភ្លឺស្រាងឡើង​យាយចាស់​ចុះទៅ​ដងទឹកប្រទះបុរសបីនាក់ហើយស្រែកថា "យើអានេះរត់ទៅណា?"។ បុរសទាំងបីនាក់​ក្រលេក​ឃើញ​យាយចាស់​ជាចៅហ្វាយខ្លួន ក៏ទាល់ប្រាជ្ញ​មិនដឹង​រត់ទៅ​ណា ក៏ទៅនៅបម្រើយាយ​ចាស់​នោះវិញដដែល។

រឿងធនញ្ជ័យ

នេះ​នឹង​និយាយ​ពី​រឿង​ធនញ្ជ័យ​ កាល​ដើម​ឡើយ​មក ចាប់​កំណើត​ក្នុង​ពោះ​នាង​ម្ដាយ​ៗ​​ដេក​ទៅ​យល់សប្ដិតែ ទៀប ឯ​ព្រឹក​ដូច​ជា​យល់​សូង យល់​សប្ដិ​បេះ​ដូង​បេះ​ទាំង​បាន​ផ្លែ យល់​សប្ដិ​ឃើញ​ខែ​ៗ​នោះ​ពេញ​បូរមី​ នាងនោះ​ភ្ញាក់​ឡើង​ពី​ដេក​គិត​ថា សប្ដិ​នេះ​ល្អ​ណាស់បើ​ដូច្នេះ​អញ​នឹង​ទៅ​ឱ្យ​ហោរ​មើលឱ្យ​បាន​ដឹង​ថា​សប្ដិ​នេះ​ល្អ ឬ​អាក្រក់​ គិត​ស្រេចយក​ទៀន​ធូប​ ទៅ​ដល់​ផ្ទះ​ហោរ​ ​ អ្នក​ហោរ​មិន​នៅ នៅ​ប្រ​ពន្ធ​ហោរ នាង​នោះ​ទៅ​ដល់​ផ្ទះ​ហោរ​ហើយ​សួរ​ថា​ អ្នក​ហោរ​នៅ​ទេ ប្រពន្ធ​ហោរ​ប្រាប់​ថាមិន​នៅ​ទេ​ រក​គាត់​ថ្វីនាង នាង​នោះ​ប្រាប់​ថា​ មក​រក​គាត់​ឱ្យ​ទាយ​ ត្បិត​ខ្ញុំ​ដេក​ទៅ​យល់​សប្ដិ​ទៀប​ ឯ​ព្រឹក​ហាក់​ដូច​យល់​សូង យល់​សប្ដិ​ឡើង​បេះ​ដូង​បោះ​បាន​ទាំង​ផ្លែ យល់​សប្ដិ​ឃើញ​ខែ​ៗ​នោះ​ពេញ​បរមី​ ប្រពន្ធ​ហោរ​ប្រាប់​ដឹង​សព្វ​គ្រប់​ថា​ នាង​នោះ​នឹង​កើត​កូន​ៗ​នោះ​ប្រុសហើយ​នឹង​បាន​ជា​ស្ដេច ដឹង​ដូច្នោះ​គិត​ថា​ អញ​នឹង​ទាយ​ឱ្យ​ទៅ​ជា​ខ្ញុំ​គេ នាង​នោះ ស្ដាប់​នាង​ប្រពន្ធ​ហោរ​ទាយ​ដូច្នោះ​ហើយ ក៏​លា​វិល​មក​ផ្ទះ​វិញ។ដល់​សម្រាល​កូន​នោះ​មក​ប្រុស បាន​អាយុ​៧​ឆ្នាំ​ ដើរ​ទៅ​លេង​ខាង​ផ្ទះ​មហា​សេដ្ឋី​សព្វៗ​ថ្ងៃ ឯ​ប្រពន្ធ​មហា​សេដ្ឋី​ត្បាញ​លើ​ផ្ទះ​ បោះ​ត្រល់​ទៅវា​ធ្លាក់​ទៅ​ដី​ក្រឡេក​មើល​ទៅ​ឃើញ​ធនញ្ជ័យ​នៅ​នោះ ស្រែក​ហៅ​ថា​អាជ័យ​រើស​ត្រល់ឱ្យ​អញ ទើប​ធនញ្ជ័យ​សូរ​ថា​ បើ​ខ្ញុំ​រើស​ត្រល់​ តើ​ឱ្យ​របស់​អ្វីខ្ញុំ ប្រពន្ធមហាសេដ្ឋីថា អញ​ឱ្យ​អំបុក​អាជ័យ​ឯង​ ធនញ្ជ័យថា​ឱ្យ​តិច​ ឬច្រើន នោះ​នាង​ប្រពន្ធ​មហា​សេដ្ឋីប្រាប់​ថា​អញ​ឱ្យ​ច្រើន​ ទើប​ធនញ្ជ័យ​រើស​ត្រល់ ហើយ​អង្គុយ​ចាំ​ទារ​អំបុក​អំពី​ប្រពន្ធ​មហាសេដ្ឋីថា​ ឱ្យ​អំបុក​មក ខ្ញុំ​នឹង​ទៅ​ផ្ទះ ប្រពន្ធ​មហា​សេដ្ឋី​ឱ្យ​អំបុក​មក​ធនញ្ជ័យៗថា​តិចណាស់​ ឱ្យ​ច្រើនទៀត ទើបប្រពន្ធ​មហាសេដ្ឋី​ឱ្យ​យក​អំបុក​មក​ឱ្យ​ធនញ្ជ័យច្រើន​មួយ​កញ្ជើ ធនញ្ជ័យនៅ​តែ​ថា​ឱ្យ​ច្រើន​ទៀត នោះប្រពន្ធ​មហាសេដ្ឋី​ថា​ អញ​ឱ្យ​អស់​ច្រើន​ប៉ុណ្ណោះឯង ធនញ្ជ័យ​ស្ដាប់​ហើយ​ ខឹង​យំ​ទារ​តែ​អំបុក​ច្រើន​ៗ​នោះ​ ឭទៅ​ដល់​មហាសេដ្ឋី​ៗ​ដើរ​ចូល​មក​មើល​ហើយ​សួរថា អាជ័យ​ថ្វី​ក៏​យំ ទើប​ប្រពន្ធ​មហាសេដ្ឋី​ប្រាប់​ថា ខ្ញុំ​ឱ្យ​រើស​ត្រល់​ឱ្យ​ខ្ញុំ​ថា​ឱ្យ​អំបុក​ច្រើន ឥឡូវ​ខ្ញុំ​ឱ្យ​មួយ​កញ្ជើវា​នៅ​តែ​ថា ឱ្យ​ច្រើន​ទៀតឥឡូវ​នេះ​វា​អង្គុយ​តែ​យំ នោះ មហាសេដ្ឋី​ថា ឱឯង​មិន​ដឹង​ចិត្តអាជ័យ​ទេ មាន​តែ​អញ​ឱ្យ​វា ទើប​វា​ព្រម​សុខ​ចិត្ត ទើប​មហាសេដ្ឋី​ហៅ​ថា អាជ័យ​មក​ឯ​ណេះ​អញ​នឹង​​ឱ្យ​អំបុក​ឯង​ច្រើន ឯ​ធន​ញ្ជ័យ​ឭ​មហាសេដ្ឋី​ហៅ​ដូច្នោះ​ហើយ ដើរ​ទៅ​តាម​មហាសេដ្ឋី ទើប​មហា​សេដ្ឋី​ឱ្យ​យក​ចង្អេរ​១​មក​ដាក់​អំបុក​នឹង​ចង្អេរ​បាន​ជា​២​ដុំ​ហើយ ​សួរ​ថា អាជ័យ​អា​មើល​អំបុក​ណា​ច្រើន​ ធនញ្ជ័យ​ថា​នេះ​ច្រើន នេះ​តិច ទើប​មហាសេដ្ឋី​ថា បើឯ​ណា​ច្រើន​អាឯង​យក​ច្រើន​នោះ​ចុះ​ ធនញ្ជ័យ​យក​អំបុក​នោះ​ ហើយ​ក៏​គិត​តែ​ក្នុង​ចិត្ត​ឯង​ថា ឱ​អញ​ចាញ់​បោក​មហាសេដ្ឋី​នេះ​ហើយ អញ​នឹង​ផ្ចាញ់​ប្រាជ្ញា​គាត់​នេះ​ឱ្យ​បាន ទើប​អញ​សុខ​ចិត្ត។ ធនញ្ជ័យ​គិត​ដូច្នោះ​ស្រេច​ហើយ​ដើរ​ទៅ​ដល់​ម្ដាយ ឪពុក ប្រាប់​ម្ដាយ​ថា អ្នក​ម៉ែ​ទៅ​យក​ប្រាក់​សេដ្ឋី ខ្ញុំ​នឹង​ទៅជា​ខ្ញុំមហាសេដ្ឋី នឹង​បម្រើ​លោក​តា​ចិត្ត​ខ្ញុំ​ប៉ង ខ្ញុំ​មិន​នៅ​នឹង​អ្នក​ម៉ែ​ទេ។ ម្ដាយ​ធនញ្ជ័យ​ស្ដាប់​កូន​ថា​ដូច្នោះហើយ​សួរ​កូន​ថា អ្នក​មាស​ម្ដាយ ម្ដាយ​នឹង​មាន​ជំពាក់​បំណុល​គេ​ក៏​ទេ ម្ដេច​ក៏​ឱ្យ​ម្ដាយ​យក​កូន​ទៅ​នៅជា​ខ្ញុំ​គេ​ដូច្នោះ ទើបធនញ្ជ័យ​ប្រាប់​ម្ដាយ​ថា ខ្ញុំ​ទៅ​នៅផ្ចាញ់​ប្រាជ្ញា​លោក​មហាសេដ្ឋី​ទេ ឱ្យ​កូន​ទៅ​នៅជា​ខ្ញុំ​មហាសេដ្ឋី​អំពី​ថ្ងៃ​នោះ​ឯង។ឯ​មហា​សេដ្ឋី​ក៏​ប្រើ​ចៅធនញ្ជ័យ​ ឱ្យ​កាន់ថាស​ស្លា​ដើរ​តាម​ទៅ​គាល់​ស្ដេច​សព្វៗ​ថ្ងៃទៅ ឯ​ធនញ្ជ័យ​ដើរ​ក្រដល់ ត្បិតមហា​សេដ្ឋី​ជិះ​សេះ​នឹង​ដើរ​មិន​ទាន់ បាន​ជា​មហាសេដ្ឋី​ស្រដី​ថា អាជ័យ​ឯង​ដើរ​ដូចម្ដេច​ក៏​មិន​ទាន់​អញ ទើបធនញ្ជ័យ​ប្រាប់​ថា ត្បិត​ខ្ញុំ​ខ្លាច​វា​ជ្រុះ​ប្រអប់​អំពី​ថាស​ស្លា ទើប​មហាសេដ្ឋី​ស្រដី​ប្រាប់​ថា​ អំពី​ថ្ងៃ​នេះ​ទៅ អាឯង​រត់​ឱ្យ​តែ​បាន​តែ​ទាន់​សេះ​អញ បើ​វា​ជ្រុះ​របស់​កុំ​ឈប់​រើសឡើយ ធនញ្ជ័យ​ស្ដាប់​ហើយ​ឆ្លើយ​ថា​បាទ។លុះ​ដល់​ថ្ងៃ​ឯ​ក្រោយ​វិញ​ទៀតនោះ ធនញ្ជ័យ​នឹង​ទៅតាម​មហាសេដ្ឋី​ កាល​មហាសេដ្ឋី​ឡើង​ជិះ​សេះ​បរ​ចេញ​ទៅ ធនញ្ជ័យ​ក៏​រត់​តាមក្រោយសេះ​ជ្រុះ​អស់​ប្រអប់​ស្លា​អំពី​ក្នុង​ថង់ស្រេះ​នោះ នៅ​តែ​ថាស​ស្លា ហើយ​និងថង់​ស្រែះ​ទទេ លុះ​ទៅដល់​សាលា​មហាសេដ្ឋី​ចុះអំពី​លើ​ខ្នង​សេះ​ហើយ​ឡើង​លសាលា ជួបជុំ​ អង្គុយ​នឹង​អស់​នាម៉ឺន​ធំ​តូច ហើយ​ហៅ​ទៅថា អាជ័យ​យក​ថាស់​ស្លា​មក​ឱ្យ​អញ​ស៊ី ឯធនញ្ជ័យ​យក​ថាស​ស្លា​ជូន​មហាសេដ្ឋី ហើយ​ថយ​មក​អង្គុយ​នៅទី​មួយ​ដ៏​សម​គួរ​នឹង​ខ្លួន​ឯង​ មហា​សេដ្ឋី​ទទួល​ថាស​ស្លា​មហើយ ក៏​មើល​ទៅ​ឃើញ​តែ​ថាស​ទទេ ខ្មាស​គេ​មិន​ហ៊ាន​ស្រដីថា​អ្វីៗ​ឡើយ លុះ​ដល់​ពេល​ត្រលប់​មក​ផ្ទះ​វិញ ហើយហៅថា អាជ័យ​អា​មក​ណេះ ឯ​ធ្នញ្ជ័យ​ឭ​មហាសេដ្ឋី​ហៅ​ដូច្នោះ​ហើយ​ ក៏​ដើរ​ចូល​ទៅ។ មហាសេដ្ឋីក៏​សួរថា អាជ័យ​ឯង​ដូច​ជា​ធ្លាក់​ប្រអប់​អស់មិន​រើស​ឡើង​វិញ ធ្នញ្ជ័យ​នជម្រាប​ថា​ខ្ញុំ​ខ្លាច​ដើរ​មិន​ទាន់តាម​លោក​តា បាន​ជា​ខ្ញុំ​មិន​ហ៊ាន​ឈប់​រើស ត្បិត​លោក​តា​ផ្ដាំ​ឱ្យ​ខ្ញុំឱ្យ​ទាន់សេះ​លោកតា​នោះ​ឯង ឯ​មហាសេដ្ឋី​ស្រដី​ប្រាប់​ថា បើ​ទៅ​លើក​ក្រោយ ជ្រុះ​របស់​អ្វី​ឱ្យ​រើស​កុំខាន បើ​មិន​បាន​រើស អញ​វាយ​អាឯង ធនញ្ជ័យ​ស្ដាប់​ឭ​សម្ដី​ផ្ដាំ​ដូច្នោះ​ហើយ​ក៏​ចាំទុក។ លុះ​ដល់​ព្រឹក​ឡើង​នឹង​ទៅ​គាល់​ស្ដេច ហើយ​ឡើងជិះ​សេះ ហើយ​ធនញ្ជ័យ​កាន់​ថាស​ស្លា​ដើរ​តាម​ក្រោយ​សេះ ដែល​មហាសេដ្ឋី​ជិះ​នោះ​ឯង ឯ​សេះ​នោះ​វា​ជុះ​អាចម៍ ធនញ្ជ័យ​ក៏​រើស​អាចម៍​សេះនោះ​ដាក់​ក្នុង​ថាស​ស្លា​នោះ ទាល់​តែ​ពេញ ហើយ​ដើរ​តាម​ក្រោយ​ទៅ មហា​សេដ្ឋីជិះ​សេះ​ទៅ​ដល់​មុន​ រក​មើល​ធនញ្ជ័យបាត់។លុះ​ដល់​ធនញ្ជ័យ​ដើរ​ទៅ​ដល់​ក៏​សួរថា អាឯង​មក​ឱ្យ​អញ​នឹង​សួរមើល​អាឯង​ថ្វី​ក៏​ដើរ​មិន​ឱ្យទាន់​​អញ ទើប​ធនញ្ជ័យ​ជម្រាប​ថា បាន​ជា​ខ្ញុំ​ដើរ​មិន​ទាន់​លោកតា​នោះ ត្បិត​ខ្ញុំ​បាទឈប់​រើស​អាចម៍​សេះ​វា​ធ្លាក់​ច្រើន​ណាស់ត្បិត​ប្រសាសន៍​លោក​ តា​ផ្ដាំ​ថា បើ​របស់​អ្វី​វា​ជ្រុះ​ ឱ្យ​ខ្ញុំ​បាទ​ឈប់​រើស ហេតុ​ដូច្នេះ​បាន​ជា​យូរ​ ទើប​មហាសេដ្ឋី​ថា អាឯង​ឱ្យ​ថាស​ស្លា​មក​អញ ធនញ្ជ័យ​ឱ្យ​ថាស​ស្លា​មក​មហាសេដ្ឋី មហាសេដ្ឋី​មើល​មិន​ឃើញ​អាចម៍​​នៅ​ក្នុង​ថង់​ស្រែះ​នោះ ក៏​អៀន​ខ្មាស់​អស់​នាម៉ឺន​ដែល​អង្គុយ​នៅ​សាលា​ជាមួយ​គ្នា មហាសេដ្ឋី​មិន​ស្រដីថា​អ្វីៗ​ឡើយ ហើយ​ក៏​ចុះ​អំពី​សាលា​ឡើង​សេះ​បរ​ទៅផ្ទះ​វិញ ឯធនញ្ជ័យ​ក៏​យក​ថាស​ស្លាមក​ហើយ​ក៏​ដើរ​ទៅ​តាម​មហាសេដ្ឋី លុះ​ដល់​ទៅ​មហាសេដ្ឋី។ ហៅថា​អាជ័យ​ឯង​កុំ​ដើរ​តាម​អញទៅ​គាល់​ឡើយ អាឯង​សម​តែ​នៅ​ចាំ​ចំការវិញ​ទើប​សម​នឹង​មុខងារ​អាឯង ហើយ​មហាសេដ្ឋី​ស្រដី​ប្រាប់​ថា តាំងតែ​ពី​ថ្ងៃ​នេះ​ទៅ​ អាឯងទៅ​ចាំ​ចំការ​តែ​សព្វៗ​ថ្ងៃទៅ​ ឯធនញ្ជ័យ​ស្ដាប់​ហើយ​ក៏​ឆ្លើយ​ថា​ បាទ ហើយ​ក៏​ដើរ​ទៅ​ចាំ​ចំការ​នោះដូច​មហាសេដ្ឋី​ប្រើដូច្នោះ​ឯង។ឯ​អស់​ដំណាំ​នៅក្នុង​ចំការ​នោះ សត្វ​គោ​ក្របី​វា​ស៊ី​អស់ ធនញ្ជ័យ​នឹង​មាន​ដេញ​ក៏​ទេ លុះ​ដល់​មហាសេដ្ឋី​ដើរ​ទៅ​មើល​ចំការ​នោះ ក៏​មិន​ឃើញ​មាន​ដំណាំ​អ្វី​ឡើយ ឃើញ​តែ​គោ​ក្របី​វា​ស៊ី​អស់ ហើយ​ហៅ​ថា អាជ័យអើយ អា​មក​ណេះ​អញ​នឹង​សួរ​អាឯង​មើល ឯធនញ្ជ័យ​ស្ដាប់​ហើយ​ក៏​ដើរ​ចូល​ទៅហើយ​ក៏​សំពេះ​ក្រាប​នៅ មុខ​មហាសេដ្ឋី នៅ ស្ងៀម​ចាំ​ស្ដាំ​មហាសេដ្ឋី​នឹង​ថា​ដូចម្ដេច មហាសេដ្ឋី​សួរ​ថា អាជ័យ​ដើរ​ទៅ​ឯណា​ក៏​មិន​ដេញ​គោ​ក្របីវា​ស៊ីដំណាំ​អស់ ទើបធនញ្ជ័យឆ្លើយ​ថា បាន​ជា​ខ្ញុំ​បាទ​ពុំ​ដេញ​គោ​ក្របី​វា​ស៊ី​ដំណាំ​នោះ ត្បិត​លោក​តា​មិន​ផ្ដាំ​ឱ្យ​ដេញ​គោ​ក្របី លោក​តា​ផ្ដាំតែ​ថា ឱ្យ​ខ្ញុំ​បាទ​មើល​តែ​ចំការ​ ឥឡូវ​នេះ​ចំការ​វា​នៅ​ទេ នឹង​មាន​បាត់​ទេ ឯ​មហាសេដ្ឋី​ស្ដាប់​ហើយ​ក៏​ស្ងៀម ហើយ​គិត​ថា​អាជ័យ​នេះហៅ​ពេញ​ជា​កាច​ណាស់ បើ​ដូច្នោះ តើ​នឹង​ប្រើ​ការ​អ្វី​បាន​ ទើប​មហា​សេដ្ឋី​គិត​ថា មាន​តែ​ប្រើ​វា​ឱ្យឃ្វាល​គោ​វិញ ទើប​មហា​សេដ្ឋី​ហៅ​ថា អាជ័យ​អាឯង​មក​ឯ​ណេះ ធនញ្ជ័យ​ឭ​ហើយ​ឆ្លើយ​ថា​ បាទ ហើយ​ដើរ​ចូលទៅដល់ហើយ​អង្គុយ​នៅស្ងៀម ឯ​មហាសេដ្ឋី​ប្រាប់​ថា អាជ័យ​ទៅឃ្វាល​គោ​សព្វ​ៗ​ថ្ងៃ​កុំ​ឱ្យ​ខាន​ឡើយ ធនញ្ជ័យ​ស្ដាប់​ហើយ​ក៏​ជម្រាប​មហាសេដ្ឋី​ថា ត្បិត​ខ្លួន​ខ្ញុំ​បាទ​ឥត​មាន​ប្រពន្ធ ឥឡូវ​នេះ​លោក​តា​ឱ្យ​ទៅ​ឃ្វាល​គោ​នោះ ខ្ញុំ​បាទ​អរ​ហើយ​នឹង​បាន​ប្រពន្ធច្រើន​ ខ្ញុំ​បាទ​ជម្រាប​ថា​គោ​ញី​ទាំង​អស់​ ដែល​មាន​ប៉ុន្មាន​នៅ​ក្នុង​រោង​នេះ ឈ្មោះ​តែ​គោ​ញី ខ្ញុំ​បាទ​យក​ធ្វើ​ជា​ប្រពន្ធ​ទាំង​អស់។ធនញ្ជ័យ​ជម្រាប​មហាសេដ្ឋី​រួច​ហើយ​ក៏​លា​ ទៅសព្វ​ៗ​ថ្ងៃ ហើយបើ​មាន​គោ​ឈ្មោល​ឯណា​វា​មក​ពាក់​គោ​ញី​នោះ ធនញ្ជ័យ​ក៏​ចាប់​ថា គោ​ញី​នោះ វា​លួច​ប្រពន្ធ​ខ្លួន​ហើយ​ចង​ទុក​ជា​​ច្រើន​ណាស់​ ម្ចាស់​គោ​ឈ្មោល​គេ​មក​សុំ​យក ធនញ្ជ័យ​មិន​ឱ្យ ហើយ​ប្រាប់​ថា​គោ​អ្នកឯង​លួច​ប្រ​ពន្ធ​អញ បើ​ចង​បាន​មាន​តែ​យក​ប្រាក់​មក​ឱ្យ​អញ​ ទើប​អញ​បើក​ឱ្យ​យក​ទៅ បើមិន​យក​ប្រាក់​មក​ឱ្យ​អញ​ៗ​មិន​បើក​វា​ទេ​ ឯ​ម្ចាស់​គោ​នោះ​កាល​បើ​បាន​ឭ​ធនញ្ជ័យ
​ថា​ដូច្នោះ​ហើយ ក៏​វិល​ទៅ ជម្រាប​លោក​មហាសេដ្ឋី​ថា សូម​ជម្រាប​លោក​មហាសេដ្ឋី​បាន​ជ្រាប ត្បិត​លោក​ឱ្យ
​ធនញ្ជ័យ​ឃ្វាល​គោ​នោះ​វា​ចាប់​គោ​ឈ្មោល​យើង​ខ្ញុំ​រាល់​គ្នា​ អស់​គោ ២០ ឬ៣០ វាថា​គោ​នេះ​ទៅ​លួច​ប្រពន្ធ​វា ហើយ​វាថា គោញី​ទាំង​អស់​នោះ​ឯង​លោក​មហាសេដ្ឋី​ឱ្យ​ជា​ប្រពន្ធ​វា បើ​ដូច្នេះ​ខ្ញុំ​បាទ​ទាំង​អស់​គ្នា ពុំ​សុខចិត្ត​នឹង​ធនញ្ជ័យ​ធ្វើ​មិន​ត្រូមត្រូវ​សូម​ឱ្យ​លោក​ឱ្យ​យកគោ​ខ្ញុំ​ បាទ​វិញ។ឯ​មហាសេដ្ឋី​ស្ដាប់​ហើយ ក៏​គិត​ថា​អញ​ប្រើ​អាជ័យ​នេះ​នឹង​កើត​ទោស​ច្រើនទៅ​ទៀត ហើយប្រើ​មនុស្ស​ម្នាក់​ថា អាឯង​ទៅ​ហៅ​អា​ជ័យ ហើយ​យក​ទាំង​គោ​ដែល​វា​ចាប់​នោះ​មក​ផង បម្រើ​នោះ​ស្ដាប់​ហើយ​ក៏​ដើរ​ទៅ​ហៅ​​ធនញ្ជ័យដូច​ពាក្យ​មហាសេដ្ឋី​ប្រើ​នោះ​ ឯង ទៅ​ដល់​ហើយ​ប្រាប់​ថា ចៅជ័យ​ឥឡូវ​នេះ​លោក​មហាសេដ្ឋី​ប្រើ​អញ​មក​ហៅ​ចៅ​ជ័យ​ឯង ហើយ​ឱ្យ​យក​ទាំង​គោដែល​ចាប់​របស់​គេ​នោះ​ទៅ​ផង ធនញ្ជ័យ​ស្ដាប់​ហើយ​ក៏​ឆ្លើយ​ថា បើ​ដូច្នោះ ឯង​ជួយ​ដឹក​គោ​ឱ្យ​អញ​ផង ហើយ​ក៏​ដឹក​គោ​នោះ​យក​ទៅដល់​មហាសេដ្ឋី អា​បម្រើ​ទៅ​ជម្រាប​ថា ចៅ​ជ័យ​មក​ដល់ហើយ​យក​ទាំង​គោ​នោះ​មក​ផង មហាសេដ្ឋី​សួរថា អាជ័យ​ឯង​ដូចម្ដេច​ក៏​បាន​ជា​ទៅ​ចាប់​គោគេ​ហើយ​ថា​ជា​សួច​ប្រពន្ធ​អា​ឯង ឯ​​ធនញ្ជ័យ​ជម្រាប​ថា ខ្ញុំ​បាទ​បាន​ជម្រាប​សូម​យក​គោ​ញី​នោះ​ឯង​ជា​ប្រពន្ធ​ខ្ញុំ​បាទ ឥឡូវ​នេះ​គោ​ឈ្មោល​ទាំង​អស់​នេះ​ឯង​វា​ដេញ​ចង់​ប្រពន្ធ​របស់​ខ្ញុំ​ហើយ​បាន​ ជា​ខ្ញុំ​បាទ​ចាប់​ចង​ទុក​នឹង​យក​មក​ប្ដឹង​លោក​តា បើ​លោកតា​មាន​ប្រសាសន៍​ដូច​ម្ដេច​ក៏​ខ្ញុំ​បាទ​ព្រម មិន​ហ៊ាន​ទទឹង​ទេ។ឯ​មហាសេដ្ឋី​ស្ដាប់​ធនញ្ជ័យ​ជម្រាប​ ដូច្នោះ​ហើយ ទើប​ប្រាប់​ថា អាឯង​ឱ្យ​គោ​របស់​គេ​ទៅ​ម្ចាស់​គេ​វិញ ហើយ​ខ្លួន​អាឯង​កុំ​ទៅ​ឃ្វាល​គោ​ទៀត វា​បង្កើត​ទោស​ច្រើន​ណាស់ អាឯង​បាន​តែ​ប្រើការ​ក្នុង​ផ្ទះ​វិញ​ទើប​ជា ឯ​​ធនញ្ជ័យ​ក៏​ខាន​ពុំ​បាន​ទៅ​ឃ្វាល​គោ​អំពី​ថ្ងៃ​នោះ​ឯង មហាសេដ្ឋី​ក៏​ប្រើធនញ្ជ័យ​ឱ្យ​ធ្វើ​ការ​ក្នុង​ផ្ទះ​សព្វ​ថ្ងៃ​ទៅ។
មាន​កាល​មួយ​ថ្ងៃ​មហាសេដ្ឋី​ចេញ​ទៅ​អង្គុយ ​លេង​នៅ​សាលា​ក្រៅ​ និយាយ​នឹង​អស់​នាម៉ឺន​ដែល​គេ​មក​គិត​ការ​អ្វីៗនឹង​មហាសេដ្ឋី អំពី​ព្រឹក​ដល់​ថ្ងៃ​ជិត​ត្រង់ ពេល​ឃ្លាន​បាយ ប្រពន្ធ​មហាសេដ្ឋី​ស្រដី​ប្រើ​ថា​អាជ័យ​ទៅ​ហៅលោក​តា​អាឯង​មក​ពីសា​បាយ វា​ថ្ងៃ​ណាស់​ហើយ។ធនញ្ជ័យ​ស្ដាប់​ហើយ​ក៏​ដើរ​ទៅ​ហៅ​ មហាសេដ្ឋី​ថា លោក​តា​អើយ​ពីសាបាយ ដើរ​បន្តិច​ទៅ​ហៅ​ម្ដងស្រែក​ហៅ​ទៅ​ឭដល់​មហាសេដ្ឋី​ៗ​ក៏​ខ្មាស់​គេ​ណាស់ តែ​មិន​ស្រដី​ថា​ឱ្យ​ដឹង​ឡើយ ធនញ្ជ័យ​ហៅ​ហើយដើរ​ទៅ​ដល់​មហាសេដ្ឋី​ហើយ​ស្រែក​ថា លោក​យាយ​ឱ្យ​ហៅ​លោក​តា​ទៅ​ពីសា​បាយ ត្បិត​ថ្ងៃ​ណាស់​ហើយ មហាសេដ្ឋី​ខឹង ហើយ​ចុះ​ពី​សាលា​ដើរ​ទៅ​ដល់ផ្ទះ​ហើយ​ស្រដី​ថា ដូចម្ដេចក៏​បាន​អាជ័យឯង​ស្រែក​ហៅ​អញ​ខ្លាំង​អញ​ម្ល៉េះ​បើដើរ​ដល់​ជិត​សឹម​ ប្រាប់​វា​អ្វី ធនញ្ជ័យ​​ឆ្លើយ​ថា ខ្ញុំ​បាទ​នឹង​ធ្វើ​ឯង​ក៏ទេ ត្បិត​លោក​យាយ​ប្រើ​ឱ្យ​ហៅលោកតា​មក​ពី​សា​បាយ បាន​ជា​ខ្ញុំបាទហៅ​ដូច្នោះ​ឯង មហាសេដ្ឋី​ស្រដីថា អាឯង​អំពី​ថ្ងៃ​នេះទៅ បើ​គេ​ប្រើ​ឱ្យ​ទៅ​ហៅ​អញ អាឯង​ដើរ​ឱ្យ​ដល់ទៅ​សឹមប្រាប់​អញ​តិចៗ កុំ​ឱ្យគេ​ឭ​ឡើយ បើ​អាឯង​ហៅ​ដូច​ពី​មុន​នោះ​ទៀត អញ​វាយ​អាឯង​មិន​ខាន ឯ​ធនញ្ជ័យ​​ក៏​ចាំ​ទុក​ក្នុង​ចិត្ត​ហើយ​នៅ​យូរ​បន្តិច​ទៅ។មាន​កាល​មួយ ថ្ងៃ​មហាសេដ្ឋី​ដើរ​ទៅ​អង្គុយ​ឯ​សាលា​ក្រៅ​បង្គាប់​មនុស្ស​ម្នា​ឱ្យ​ធ្វើការ គ្រា​នោះ​ភ្លើង​ឆេះ​ផ្ទះ​មហាសេដ្ឋីនោះ​ឯង ប្រពន្ធ​មហាសេដ្ឋី​ភ័យ​ហើយ​ហៅ​ថា អាជ័យទៅ​ហៅ​លោកតា​អាឯង​ប្រាប់​ថា​ភ្លើង​ឆេះ​ផ្ទះ​អស់​ហើយ ឯធនញ្ជ័យ​​ក៏​ដើរ​ហៅ​មហាសេដ្ឋី​ថា លោកតា​អើយ​ភ្លើង​ឆេះ​ផ្ទះ​អស់​ហើយ តែ​ថា​តិចៗ​ជើង​ប្រឹង​តែ​ដើរ មាត់​ក៏​ប្រាប់តិចៗ​ថា លោកតា​អើយ​ភ្លើង​ឆេះ​ផ្ទះ​អស់​ហើយ មហាសេដ្ឋី​ក្រឡេក​មើល​មក​ឃើញ​​ធនញ្ជ័យ​​​ដើរ ហើយ​ធ្វើ​មាត់​ម្ហបៗ មហាសេដ្ឋី​មន្ទិល​ក្នុង​ចិត្ត​ហើយ​ស្រែក​សួរ​ថា អាជ័យ​អើយ​អាឯង​ថា​អី​ក៏​មិន​ថា​ឱ្យ​ខ្លាំង​មក អញ​នឹង​ឭ ឯ​ធនញ្ជ័យ​​ក៏​ថា​តិចៗ​ដូច​ដែល​នោះ​ឯង លុះ​ដើរ​ទៅ​ដល់​ហើយឱន​ទៅ​ខ្សិប​ថា លោកតា​ភ្លើង​ឆេះ​ផ្ទះ​អស់​ហើយ ឯ​មហាសេដ្ឋីស្ដាប់​ដឹដូច្នោះ​ហើយ​ប្រើ​អាជ័យ​ថា ទៅ​យក​របស់​ស្រាល​ៗ​ឱ្យ​ឆាប់ទៅ ធនញ្ជ័យ​​ក៏​រត់​ទៅ​យក​ឯ​សម្បុក​មាន់​ដែល​វា​ពុំ​ទាន់​បាន​ភ្លើង​ឆេះនោះ យក​ទៅ​ទុក​ច្រើន ប្រមាណជា​៣០​សម្បុកមាន់​នោះ លុះ​ដល់​ភ្លើង​រលត់​ហើយ មហាសេដ្ឋី​ស្រដី​ប្រាប់​គេឱ្យ​យក​អស់​របស់ដែល​យក​បាន​ភ្លើង​ពុំ​បាន​ឆេះ​នោះ ​មក​អស់​ហើយ បាត់​តែ​ធនញ្ជ័យ​ពុំ​ឃើញ​យក​មក នោះ​មហាសេដ្ឋី​ហៅ​អាជ័យឯង​យក​បាន​របស់​អី​ទុក​ខ្លះ​យក​មក​ឱ្យ​អញ​នឹង​មើល ឯធនញ្ជ័យ​ថា​ខ្ញុំ​បាទ​យក​បាន​ច្រើន​ចាំ​ខ្ញុំ​បាទ​ទៅ​យក​មក​ជូនហើយ​​ ធនញ្ជ័យ​ទៅ​យកសម្បុក​មាន់​នោះ​មក​ឱ្យ​មហាសេដ្ឋី ឯ​មហាសេដ្ឋី​ថាអាជ័យ​ដូចម្ដេចក៏​ទៅ​យក​សម្បុក​មាន់​វិញ ឯ​របស់​ឯទៀត​ក៏​អា​ឯង​មិន​យក ឯ​ធនញ្ជ័យ​ឆ្លើយ​ថា ត្បិត​លោក​តា​ផ្ដាំ​ថា​យក​របស់​ស្រាលៗ​នោះឯង បាន​ជា​ខ្ញុំ​យក​សម្បុក​មាន់​នោះឯង វា​ស្រាលជាង​របស់ដទៃ។​ឯ​មហាសេដ្ឋី​ក៏ប្រាប់​ថា អាឯង​ទៅ​រកចាប់​នរណា​ជាដើម​ភ្លើង​ឱ្យ​ឆេះ​ផ្ទះ​នេះ ​ឯ​​ធនញ្ជ័យ​ឭហើយ​ក៏ដើរ​ទៅ​ចាប់​ជើង​ក្រាននោះ​ចងដាក់​ឃ្នាង​នាំ​មក​ ជូនមហាសេដ្ឋី​ហើយ​ស្រដី​ជម្រាប​ថា ជើង​ក្រាននេះ​ឯង​ចា​ដើម​ភ្លើង​តែងតែ​នាំ​ឆេះអំពី​ជើង​ក្រាន​នេះ​ឯង រាល់​ផ្ទះ​មនុស្ស​សព្វ​ថ្ងៃ ប្រាកដ​ជា​ឆេះ​ជើងក្រាននេះ​ឯង ថា​បើ​មិន​មែន​ទេ ខ្ញុំបាន​ទទួល​ខុសឱ្យ​លោកតា​ធ្វើទោស ឯ​មហាសេដ្ឋីស្ដាប់​ហើយ​ក៏​គិតតែ​ក្នុង​ចិត្ត​ថា អាជ័យ​នេះ​ឃើញថា​អញ​នឹង​ប្រើ​វា​មិន​បាន បើ​ប្រើ​ទៅ​ឃើញថា​នឹង​ខូច​របស់​ទ្រព្យច្រើន បើ​ដូច្នោះមាន​តែអញ​នាំ​ទៅ​ថ្វាយ​ស្ដេច​ឱ្យ​ស្រឡះអំពី​ខ្លួន​អញ គិតដូច្នោះ​ហើយ​ក៏​ប្រាប់ថា​អាជ័យឯង អញ​នឹង​យក​ទៅ​ថ្វាយ​ហ្លួង​ក្នុង​ព្រឹក​ស្អែក​នេះ​ឯង​ហើយ​ឯ​​ធនញ្ជ័យ​ក៏​ ស្ងៀម​ទៅ។លុះ​ដល់​ព្រឹកឡើង ឯ​មហាសេដ្ឋីក៏​រៀប​ខ្លួន​នឹង​ឡើង​ទៅ​គាល់ ហើយ​យក​​ធនញ្ជ័យ​ទៅផង លុះ​ដល់​ហើយក្រាប​បង្គំគាល់ទើប​ទូល​ថា សូម​ទាន​ក្រាប​ទូល​ត្បិត​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​មាន​ក្មេង​ម្នាក់​មាន​ ប្រាជ្ញា​ណាស់ នឹង​ដេញ
ប្រាជ្ញា​វា​មិន​ទាន់​ឡើយ គ្មាន​មនុស្ស​ឯ​ណា​នឹង​កុហក​ដូច​គ្មាន ឥឡូវ​នេះ​ខ្ញុំ​ទូល​បង្គំ​យក​មក​ថ្វាយ​ជា​ខ្ញុំ​លួង​ធូលីព្រះ​បាទ ឯ​ព្រះមហាក្សត្រ​ស្ដាប់​ហើយ​មាន​បន្ទូល​ត្រាស់​ហៅ​ថា អាជ័យ​ចូល​មក​ឱ្យ ឯ​ធនញ្ជ័យក៏​ឆ្លើយ​ថា ព្រះករុណា​ពិសេស ហើយ​ខិត​ចូល​ទៅក្រាប​ជិត​មុខ​ព្រះ​ភក្ត្រ ទើប​មហាក្សត្រ​សួរថា អាជ័យ​ឯង​នេះចេះ​កុហក​មែន
​ឬទេ ឯ​ធនញ្ជ័យ​ក្រាប​ទូល​ថា ចេះ​មែន ស្ដេច​ត្រាស់​ថា បើ​ដូច្នោះ​អាឯងកុហក​អញ​នឹង​មើល ទើប​ធនញ្ជ័យ​ក្រាប
​ទូលថា ឯ​កុហក​នេះ​មាន​ក្បួន​នៅ​ផ្ទះ​ទូល​បង្គំ​ជា​ខ្ញុំ ទើប​ស្ដេច​ត្រាស់​ថា បើ​ដូច្នោះ​អាឯង​ទៅ​យក​មក​នឹង​កុហក
​អញ​មើល ទើប​ធនញ្ជ័យ​ក្រាប​ទូលថា​មាន​តែ​ឱ្យ​​ហោរាសិក​ម្នាក់​ទៅ​យក​ក្បួន​កុហក​អំពី ​ផ្ទះ​ទូល​បង្គំ​ជា​ខ្ញុំ​ទើប​ស្ដេច​ត្រាស់​ប្រើ​មហាតលិក​ម្នាក់ថា អាឯង​ទៅ​យក​ក្បួន​កុហកពី​អាជ័យ​ឱ្យ​ឆាប់ ឯ​មហាតលិក​នោះ​ក្រាប​ថ្វាយ​បង្គំ ហើយ​ក៏​រត់​ទៅ​ដល់​ផ្ទះ​​ធនញ្ជ័យ ហើយ​ប្រាប់​ម្ដាយ​ធនញ្ជ័យ​ថា ត្បិត​​ធនញ្ជ័យ​ប្រាប់​ថាឱ្យ​មក​យក​ក្បួន​កុហក​នោះ ឯ​ម្ដាយ​ស្ដាប់​ហើយ​ឆ្លើយ​ថា​គ្មាន​ទេ ទើប​ស្ដេច​មាន​ព្រះ​បន្ទូល​ត្រាស់​សួរថា អាជ័យ​អា​​ឯង​ថា​មាន​ក្បួន​កុហក​នៅ​ឯ​ផ្ទះ ឥឡូវ​នេះ​ឱ្យ​ទៅ​យក​ម្ដាយ​អាឯង​ថា​គ្មាន​ទេ ទើប​ធនញ្ជ័យ​ក្រាប​ទូល​ថា​នេះ​ហើយ​ហៅ​ថា​កុហក​ថ្វាយ​ហើយ​សូម​ទាន​ជ្រាប។ស្ដេច​ស្ដាប់​ក៏​ទ្រង់​ព្រះ​សម្រួល ហើយ​ក៏​មាន​ព្រះ​បន្ទូលថា អាជ័យ​ឯងនៅ​គាល់​បម្រើ​អញ​សព្វៗ​ថ្ងៃ​កុំ​ឱ្យខាន ឯ​ធនញ្ជ័យ​ទទួល​ព្រះ​បន្ទូល​ហើយ​ក៏​នៅ​ស្ងៀម​ ហើយ​គាល់​បម្រើ​គ្មាន​ខាន​ដល់​មួយ​ថ្ងៃ។
មាន​កាល​មួយ ថ្ងៃស្ដេចគិត​ក្នុង​ព្រះរាជ​ហឫទ័យ​ថា អញ​នឹង​ល្បង​ប្រាជ្ញា​អាជ័យ​ចង់​ដឹង​មើល​ លុះ​ដល់​ព្រឹក​ឡើងហើយ​ស្ដេច​យាង​ទៅ​កំពង់​ទឹក​ហើយ​ស្ដេច​យាង​ទៅ​កំពង់​ទឹក​ ហើយ​បាន​ហៅ​អស់​នាម៉ឺន​ធំតូចទាំង​ប៉ុន្មាន​ៗ​រក​ពង​មាន់​មួយ​ម្នាក់​ឱ្យ​ ក្ដាប់​ចុះ​ទៅ​ក្នុង​ទឹក​មុជ​ទៅងើប​ឡើង​ឱ្យ​ថា តុក្កតត​ពង​១ ថ្វាយ​ស្ដេច ឯ​​ធនញ្ជ័យ​កុំ​ឱ្យ​ដឹង​ឡើយ​ឯ​អស់​នាម៉ឺន​រក​ពង​មាន់​បាន​១​ម្នាក់​ហើយ​ចុះ​ ទឹក មុជ​ទៅ​ងើប​ឡើង​ថា​តុក្កតត​ពង​១​ ថ្វាយ​ហើយ ម្នាក់​មុជ​ទៅ​ទៀត​ហើយ​ងើប​ឡើង​ថា ដូចគ្នា​ហើយ​ថ្វាយ​ពង​មាន់​នោះ​គ្រប់​គ្នា ហើយ​នៅ​តែ​ធនញ្ជ័យ​ក្រោយ​គេ មិន​បាន​ដឹង​ខ្លួន​ថា​ស្ដេច​ឱ្យ​ចុះ​ទឹក​កាន់​ពង​មាន់​ទៅ​ដូច្នោះ​ឡើយ ហើយ​ស្ដេច​ឱ្យ​ហៅ​មក​ថា អាជ័យ​អាឯង​ចុះ​ទឹក​មុជ​ទៅ​ងើប​ឡើង​នឹង​អាល​ថ្វាយ​ពង​មាន់​ឱ្យ​ដូចគេ ធនញ្ជ័យ​នឹង​រក​ពង​មាន់​គ្មាន​ហើយ​ក៏​មុជ​ទឹក​ទៅ​ងើប​ឡើង​ថា កឹគគិគលគក ឯ​ស្ដេច​មាន​បន្ទូល​សួរថា ឯណា​អាជ័យ​ពង​មាន់ ទើប​ធនញ្ជ័យ​ថា ត្បិត​ទូល​បង្គំ​នេះ​ជា​មាន់ឈ្មោល​ជាន់​មាន់​ញី​ទាំង​អស់​នេះ​ឯង បាន​ជា​មាន​ពង បើ​កុំ​ទូល​បង្គំ​ជា​ឈ្មោល​ហើយ​ជាន់ហើយ​ជាន់​មាន់​ញី​ទាំង
​នេះ គ្មាន​ពង​ទេ​ក្រាប​ទូល សូម​ទ្រង់​ជ្រាប ស្ដេច​ស្ដាប់​ហើយ​ក៏​កោត​ប្រាជ្ញា​ធនញ្ជ័យ​ ហើយ​មាន​ព្រះ​បន្ទូល​សួរថា 
អាជ័យ​អាយុឯង​មាន​ប៉ុន្មាន​ឆ្នាំ​ហើយ ធនញ្ជ័យ​ក្រាប​ទូលថា អាយុ​ទូល​បង្គំ​ជា​ខ្ញុំ​បាន​១១​ឆ្នាំ។ស្ដេច​ស្ដាប់​ហើយ មាន​ព្រះ​បន្ទូល​ប្រាប់អស់​នាម៉ឺន​ឱ្យ​បាន​ដឹង ត្បិត​ស្ដេច​នឹង​យាង​ទៅ​ប្រពាត​ព្រៃ ឱ្យ​អស់​នាម៉ឺន​រៀប​ខ្លួន​ចាំ​កំណត់ដប់​ថ្ងៃ​ទៀត​ទើប​ស្ដេច​យាងទៅ​ ឯ​អស់​នាម៉ឺនបាន​ប្រាប់​ព្រះ​បន្ទូល​ប្រាប់​ដូច្នោះ​ហើយ ក៏​រៀប​ខ្លួនគ្រប់​នាម៉ឺនតាម​មុខងារ​រៀង​ខ្លួន លុះ​ដល់​ថ្ងៃ​ស្ដេច​ចេញ​ទៅ​ហើយ​ហៅ​ធនញ្ជ័យ​មក​មាន​ព្រះ​បន្ទូល​បង្គាប់​ថា អាជ័យ​ឯង​អញ​ឱ្យ​ជិះ​ដំរី​ដែល​ដាក់​ក្រយា​ស្ងោយ​ទៅ​ឱ្យ​បាន​ទាន់​អញ បើ​មិន​ទាន់​អញ​ ឯង​នឹង​មាន​សេចក្ដី​ខុស​មិន​លែង​ឡើយ ឯ​ដំរី​នោះ​ស្ដេច​ឱ្យ​យក​ដំរី​ចាស់​នឹង​ដើរ​មិន​ចង់​រួច​ ហើយ​ឱ្យ​ធនញ្ជ័យ​ជិះ​ទៅ ឯធនញ្ជ័យ​ក៏​ឡើង​ជិះ​បរ​ទៅ​វា​ដើរ​មិន​ទាន់​គេ​ឡើយ ធនញ្ជ័យ​ក៏​ធ្វើ​ក្ដោង ហោយ​យក​ថ្នោល​ដោលលើ​ខ្នង​ដំរីនោះឯង។ ព្រះ​មហាក្សត្រ​ស្ដេច​យាង​ទៅ​ដល់​ព្រះពន្លា ហើយ​ឱ្យ​រក​​ធនញ្ជ័យក៏​បាត់​ហើយ​ត្រាស់ថា អាជ័យ​នេះ​ខុស​ហើយ​មិន​ខាន លុះ​ដល់​យូរ​បាន​បី​ម៉ោង​ទើប​ធនញ្ជ័យមក​ដល់​ ព្រះ​មហាក្សត្រ​ស្ដេច​ឱ្យ​ហៅ​ធនញ្ជ័យ​មក​សួរថា អាជ័យ​ឯង​បរ​ដំរីដូច​ម្ដេច​ក៏
មិន​ទាន់​អញ អាឯង​ខុស​ហើយ​ត្បិត​អញ​បាន​ប្រាប់​ថា ឱ្យ​មក​ទាន់​កុំ​ខាន ឯ​ធនញ្ជ័យ​ស្ដាប់​ព្រះ​បន្ទូល​ ហើយ​ក៏​ក្រាប​ទូលថា ត្បិត​ដំរី​វា​មិន​ដើរ ទូល​ព្រះបង្គំ​ជា​ខ្ញុំ​ធ្វើ​ក្តោងបើក ហើយ​ធ្វើ​ថ្នោល​ដោលផង ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​នឹង​បានប្រហែល​ក៏ទេ ហើយ​ស្ដេចក្រសាល​សប្បាយ​ទៅ​លុះ​ដល់​ថ្ងៃ​រសៀល​វិល​មក​វិញ ហើយ​ចូល​ផ្ទំ។ហើ​យ​ស្ដេច​គិត​ក្នុង​ព្រះ​ហឫទ័យថា អាជ័យ​នេះ​មាន​ប្រាជ្ញា​ណាស់ នឹងគិត​ធ្វើ​ដូចម្ដេច​ឱ្យ​ទាល់​ប្រាជ្ញា​វា​នោះ បើ​ដូច្នោះ មាន​តែ​អញ​នឹង​ដេញ​ប្រាជ្ញា​វា​ទៀត ស្ដេច​ទ្រង់​ព្រះ​រាជហឫទ័យ​ដូច្នោះ​ហើយ ​​ឱ្យ​អស់​នាម៉ឺន​មុខ​មន្ដ្រី​ នូវ​អស់​មហាតលិក​ឃុនម៉ឺន​ នូវនាម៉ឺន​រកងារក្នុង​ងារ​ដែល​នៅ​ក្នុង​ព្រះ​នគរ ឱ្យ​មក​ជួប​ជុំ​នឹង​ទ្រង់បង្គាប់​ឱ្យ​ហែ​ស្ដេចចេញ​ទៅ​លើ​ព្រៃ​ក្នុង​ថ្ងៃ​ ស្អែក​នេះ​ឯង តែ​ឱ្យ​ជិះ​សេះហែ​ឱ្យ​គ្រប់​គ្នា តែ​អ្នក​ណា​គ្មាន​សេះជិះ​នឹង​បាន​ថា​មាន​សេចក្ដី​ខុសមិន​លែង​ឡើយ ឯ​​ធនញ្ជ័យ​​កុំវា​ដឹង​សេចក្ដី​នេះ​ឡើយ បើព្រឹក​ឡើង​នឹង​ចេញ​ទៅ ហើយ​សឹម​នឹង​ប្រាប់​អាជ័យ​ថា 
ឱ្យ​រក​សេះ​ជិះ​ទៅ លុះ​ដល់​ព្រឹក​ឡើង​ហើយ​ស្ដេច​ចេញ​ទៅ អស់នាម៉ឺន​ឡើង​ជិះ​សេះហែ​ស្ដេច ឯ​ព្រះមហាក្សត្រ​ឱ្យ
​ហៅ​​ធនញ្ជ័យ​​មក​ហើយ​ទ្រង់​បង្គាប់ថា អាជ័យ​ឯង​មក​ហែ​អញទៅ ហើយឱ្យរក​សេះជិះទៅ​ ដើរ​ទៅ​ជើង​ទទេ​អញ​នឹង​យក​ទោស​អាឯង​ខុស ឯ​ធនញ្ជ័យ​​ស្ដាប់​ហើយ​ទទួល​ព្រះ​បន្ទូល​រត់​ទៅ​រក​គេ​គ្មាន ឥត​នរណា​នឹង​ឱ្យ ព្រះ​មហាក្សត្រ​ប្រាប់​​ធនញ្ជ័យ​​ហើយយាង​ស្ដេចចេញ​ទៅ ឯ​ធនញ្ជ័យ​​កាល​រក​សេះ​មិន​បាន ហើយ​ទៅ​យក​សេះ​កូន​ចគ្រង្គ​ក្ដាប់​នឹងដៃ ហើយដើរទៅ​ហែ​ស្ដេច។ ព្រះមហាក្សត្រ​ស្ដេច​ទៅដល់​ព្រះ​ពន្លា​ហើយ​រក​​ធនញ្ជ័យ​​មិន​ឃើញ​​ធនញ្ជ័យ​​ ដើរ​អំពី​ចម្ងាយ លុះ​ដល់​ល្មម​ស្ដេច​ទត​មក​ឃើញ​ក៏​ប្រឹង​រត់​ទៅ​ដល់​ ហើយ​ក្រាប​ថ្វាយ​បង្គំ ព្រះ​មហាក្សត្រ​ស្ដេច​មាន​ព្រះ​បន្ទូលសួរ​ថា អាជ័យ​អញ​ឱ្យ​ឯង​ជិះ​សេះ​មក ឥឡូវ​នេះ​ក៏​មិន​ជិះ​សេះ​មក ។ ធនញ្ជ័យ​​ក្រាប​ទូល​ថា សេះ​នេះ​ដែល​ខ្ញុំ​ជិះ​ហែ​ម្ចាស់ ស្ដេច​ស្ដាប់​ហើយ​ក៏​ស្ងៀម​នៅ​មិន​មាន​ព្រះ​បន្ទូល​ជា​អ្វីឡើយ ហើយ​ស្ដេច​ក៏​វិល​មក​ក្នុងព្រះ​រាជវាំង​វិញ។លុះ​ដល់​ព្រឹក​ឡើងស្ដេច​ត្រាស់​ឱ្យ​ហៅ​ ធនញ្ជ័យ​​មកគាល់​ហើយ​មាន​ព្រះ​បន្ទួល​ថា អាជ័យ​ឯង​ទៅ​បោស​ក្រោម​ដំណាក់​កុំ​ឱ្យ​មាន​សំរាម​នៅ​ក្រោម​ដំណាក់​សព្វ​ៗ​ ថ្ងៃទៅ បើ​ឯង​ខាន​នឹង​បាន​សេចក្ដី​ខុស​មិន​លែង​ឡើយ ឯ​ធនញ្ជ័យ​​ស្ដាប់ព្រះ​បន្ទូល ហើយ​ក៏​រៀប​ខ្លួន​ចេញ​ទៅ​បោស​ក្រោម​ដំណាក់អស់​អ្នក​ម្នាង​នោះ ហើយ​អស់​ទាំង​ស្ត្រី​បម្រើ​វាដើរ​ទន្រ្ទាំលើ​ក្បាល​​ធនញ្ជ័យ​​តែ​សព្វ​ៗ​ ថ្ងៃ ឯ​ធនញ្ជ័យ​​គិត​ថា​អស់​ទាំង​ស្ត្រី​នេះ​ដើរ​លើ​ក្បាល​អញ បើ​ដូច្នោះ​អញ​នឹងគិត​ធ្វើ​កុំ​ឱ្យស្ដេចប្រើ​កុំ​ឱ្យ​មក​បោស​ក្នុង​ដំណាក់​ នេះ​ទៀត​បាន​ឡើយ។ គិត​ស្រេច​ហើយ​​ធនញ្ជ័យ​​ក៏​ជេរ​ថា មេ​ដក​ទង​ចោរ​ទាំង​អស់​នេះ វាបាន​ស៊ី​ក៏​តែ​គូថ វា​មិន​បាន​ស៊ី​ក៏​​តែ​ពី​គូថ​វា ស្រែក​ជេរ​ខ្លាំង ឭដល់​ទៅ​អស់​អ្នក​ម្នាង​នៅ​លើ​ដំណាក់​នោះ អ្នក​ម្នាង​ខឹង​នឹង​ធនញ្ជ័យ​​ក៏​បបួល​គ្នា​ឡើង​ទៅ​ក្រាប​ទូល​ថា សូម​ទ្រង់ជ្រាប​ព្រះ​រាជហឫទ័យ​ ត្បិត​ត្រាស់​ប្រើ​អាជ័យឱ្យ​វា​ទៅ​បោស​ក្រោម​ដំណាក់​ ឥឡូវ​នេះ​វា​ជេរ​បញ្ជោរ​អស់​យើង​ខ្ញុំ​ជា​ទម្ងន់ មុខគួរ​ឱ្យ​ខ្មាស​អស់​មនុស្ស​ផង​ទាំង​ពួង​នឹង​ធ្វើ​ជាព្រះ​ម្នាង​ស្ដេច​មិន​ បានសូមជ្រាប ឯ​ព្រះ​មហាក្សត្រ​មាន​ព្រះ​បន្ទូល​ថា វា​ជេរ​ដូច​ម្ដេច ទើប​អ្នក​ម្នាង​ទូលថា ជេរ​មេដក​ទង​ចោរ​ទាំង​អស់​នេះ វា​បាន​ស៊ី​តែ​ពីគូថ វា​មិន​បាន​ស៊ី​ក៏​តែ​ពី​គូថ​វា ស្ដេច​ស្ដាប់​ហើយ​ក៏​ទ្រង់​ព្រះ​ក្រោធ ត្រាស់​ឱ្យ​ហៅ​​ធនញ្ជ័យ​​មក​ហើយ​មាន​បន្ទូល​សួរ​ថា អាជ័យ​ឯង​អញ​ប្រើ​ឱ្យ​ឯង​ទៅ​បោស​ក្រោម​ដំណាក់​ ដូចម្ដេច​ក៏​បាន​ជា​អាជ័យ​ឯង​ជេរ​បញ្ជោរ​អស់​ប្រពន្ធ​អញមែន​ឬទេ?។ ទើប​​ធនញ្ជ័យ​​ក្រាប​ទូលថា ទូល​ព្រះ​បង្គំជា​ខ្ញុំ​នឹង​បាន​ជេរ​បញ្ជោរ​អស់​អ្នកក៏​ទេ ប៉ុន្តែ​កាល​ទូល​ព្រះ​បង្គំ​ចូល​ទៅ​បោស​ក្រោម​ដំណាក់​នោះ​មាន​ពីង​ពាង​ព័ទ្ធ ​ក្រោម​ដំណាក់​នោះ​ច្រើន ដល់​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ចូលទៅ​បោស​វាជាប់​ក្បាល​ទូល​ព្រះ​បង្គំជាខ្ញុំ បាន​ជា​ជេរ​វា មេ​ដក​ទង​ចោរ​ទាំង​អស់​នេះ វាបាន​ស៊ី​ក៏​តែ​គូថ វា​មិន​បាន​ស៊ី​ក៏​​តែ​ពី​គូថ​វា ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​នឹង​បាន​ជេរ​អស់​អ្នក​ម្នាង​ជា​ម្ចាស់​ក៏ទេ សូម​ទ្រង់​ជ្រាប។ ព្រះ​មហាក្សត្រ​ស្ដាប់ហើយ​ក៏​មាន​ព្រះ​បន្ទូល​នឹង​អ្នក​អស់ម្នាងថា អស់​ឯង​កុំ​ខឹង​នឹង​វា​ៗ​នឹង​បាន​ជេរ​ឯង​ក៏ទេ វា​ជេរ​តែ​ពីងពាង​ទេ ទើប​អស់​អ្នកម្នាង​ក្រាប​ទូលថា អំពី​ថ្ងៃ​នេះ​ទៅ​ម្ចាស់​កុំ​ឱ្យ​អាជ័យវា​ទៅ​បោស​ក្រោម​ដំណាក់​នោះ​ទៀត​ឡើយ ព្រះ​មហាក្សត្រ​ក៏​ហាម​ធនញ្ជ័យ​មិន​ឱ្យ​ទៅ​បោស​ក្រោម​ដំណាក់នោះ​ទៀត អំពី​ថ្ងៃ​នោះ។ឯ​ធនញ្ជ័យ​ក៏​ខាន​ពុំ​បាន​ចូល​ក្រោម​ដំណាក់​នោះ អំពី​ថ្ងៃ​នោះ​ឯង។ព្រះមហាក្សត្រ​គិត​ក្នុង​ព្រះ​ហឫទ័យ​ថា អាជ័យ​នេះ​វា​​មាន​ប្រាជ្ញា​ណាស់​ នឹង​ដេញ​ប្រាជ្ញា​មិន​ទាន់ បើ​ដូច្នោះ អញ​នឹងឱ្យ​វាយក​មាន់​វា​មក​ជល់​នឹង​មាន់​អញ​ ហើយ​អញ​នឹង​ឱ្យ​ហាម​ប្រាមអ្នក​នគរ​អញ​កុំ​ឱ្យ​នរណា​ឱ្យ​មាន់​ខ្លាំង​ ប្រជល់មក​​ធនញ្ជ័យ​ទិញ ឬ​ខ្ចី បើ​នរណា​ឱ្យ​ខ្ចី ឬ​លក់​ឱ្យ​ធនញ្ជ័យ នឹង​យក​ទោស​ខុស​មិន​ខាន​ឡើយ គិត​ក្នុងព្រះ​ហឫទ័យ​ដូច្នោះ​ហើយ​ស្ដេច​ក៏​ក្រសាល​សប្បាយ​ទៅ លុះ​ដល់​ព្រឹក​ឡើង​ស្ដេច​ចេញ​មក​គង់​នៅ​សាលា​ក្រៅ ទ្រង់​ឱ្យហៅ​អស់​នាម៉ឺន​មក​ជួប​ជុំ ហើយ​មាន​ព្រះ​បន្ទូល​បង្គាប់ឱ្យ​រក​មាន់​មក​ជល់នឹង​ព្រះលាន ហើយ​ឱ្យ​​​ធនញ្ជ័យ​មក​ដល់​ហើយ​មាន​ព្រះ​បន្ទូល​បង្គាប់​ថា អាជ័យ​ឯង​ទៅ​រក​មាន់​អាឯង​មក​ជល់​នឹង​មាន់​អញ​ឱ្យ​បាន​មក​ឥឡូចនេះ​ឯង ឯ​​ធនញ្ជ័យ​ក្រាប​ថ្វាយ​បង្គំ​លា​ហើយ​គិត​ថា ព្រះ​មហាក្សត្រ​លោក​នឹង​ផ្ចាញ់​ប្រាជ្ញា​អញ​ហើយ​ បើ​អញ​នឹង​រក​ទិញ​មាន់គេ​ លោក​ហាម​ប្រាម​មិន​ឱ្យ​នរណា​លក់​ឱ្យ​ឡើយ​ បើ​ដូច្នោះ​ងាយ​ទេ​ អញ​នឹ​ងយក​មាន់​អញ​នេះ​ឯង​ គង់តែ​នឹង​ជល់​ឈ្នះ​មាន់​ព្រះ​មហាក្សត្រ​មិន​ខានឡើយ គិត​ហើយ​ក៏​ដើរ​ដល់​ផ្ទះ​ខ្លួន​ហើយ​ចាប់​យក​កូន​មាន់​ ដែល​ទើប​នឹង​ដុះក្រាស់នោះ​មក ហើយ​យក​សម្ពត់​រុំ​កូន​មាន់​នោះ​រួច​ដើរទៅ លុះ​ដល់​ព្រះមហាក្សត្រ​ហើយក្រាប​ថ្វាយ​បង្គំ ស្ដេចទត​មើល​មិន​ឃើញ​ធនញ្ជ័យ​យក​មាន់​មកដល់ទ្រង់​បង្គាប់​នោះ​ ក៏​ទ្រង់​មាន​ព្រះ​បន្ទូលសួរថា អាជ័យ​ឯណា​មាន់អាឯង​ដែ​ត្រូវ​ជល់នឹង​មាន់​អញ​នោះ ឯ​ធនញ្ជ័យ​ក៏​ក្រាប​ទូលថា ឱ្យ​តែ​យក​មាន់​ព្រះ​រាជ​ទ្រព្យនោះ​មកនឹង​ជល់​នឹង​ព្រះ​ទូល​បង្គំ​ជាខ្ញុំ ទើប​ព្រះ​មហាក្សត្រ​ត្រាស់​ប្រើ​ឱ្យ​ទៅ​យក​មាន់ព្រះ​មហាក្សត្រ​មក​ជល់ ហើយ​ឱ្យ​លែ​ងមាន់​នោះ នៅ​ទី​ដែល​ប្រជល់​នោះ​ឯង ឯអស់​នាម៉ឺន​ក៏​ដាក់​ឱ្យ​ជល់​គ្នា ដោយ​គូៗ​គ្រប់​គ្នា ឯ​ព្រះ​មហាក្សត្រ​មាន​ព្រះបន្ទូល​តឿន​ទៅថា អាជ័យ​​ថ្វី​ក៏​មិន​លែង​មាន់​អាឯង​ទៅ​មើល ឯ​ធនញ្ជ័យ​ឭ​ព្រះ​បន្ទូល​តឿន​ដូច្នោះ​ហើយ ក៏​យក​កូន​មាន់​ដែល​គ្រប​នឹង​សម្ពត់​ស​ដាក់​ទៅឱ្យ​ជល់​នឹង​មាន់​ ព្រះរាជទ្រព្យ​ ឯ​កូន​មាន់​នោះ​វា​ឃើញ​មាន់​ធំ​នោះ វា​ស្មាន​ថា​ជា​មេ​វា ហើយ​រត់​ទៅ​សសុល​ក្រោម​ពោះ​​មាន់​ធំនោះ ឯ​មាន់​ធំ​ឃើញ​កូន​មាន់​នោះ​រត់មក​សសុល​ក្រោម​ពោះ​ដូច្នោះ​ហើយ វា​ក៏​រត់​ចេញ​ ឯ​ធនញ្ជ័យ​ក៏​ស្រែក​ទះ​ដៃ​ថា មាន់​ធំ​នោះ​ចាញ់​មាន់​អញ​ហើយ មិន​ហ៊ាន​ជល់​ទេ វារត់​ទៅ​ហើយ ឯ​ព្រះមហាក្សត្រ​ទ្រង់​ព្រះ​ក្រោធ​នឹង​​ធនញ្ជ័យ​ ហើយ​ក៏​វិល​ចូល​ទៅ​ក្នុង​ព្រះ​រាជ​មន្ទីរ ហើយ​ទ្រង់​ព្រះ​រាជ​ចិន្ដាថា បើ​ដូច្នោះ​អញ​ប្រជល់​ក្របី​វិញ។មាន​កាល​មួយ ថ្ងៃ​ស្ដេច​ត្រាស់​ហៅ​អស់​នាម៉ឺន​មក ហើយ​មាន​ព្រះ​បន្ទូល​ហាម​អស់​នាម៉ឺន​ថា បើ​អាជ័យ​វា​រក​ខ្ចី​ក្របី​នរណា​ កុំ​ឱ្យ​រាស្ត្រ​ណា​ឱ្យ​ឡើយ បើ​នរណា​ឱ្យ​ខ្ចីហើយ​នឹង​មាន​ទោសខុស​ ទ្រង់​ហាម​អស់នាម៉ឺ​ន​ស្រេច​ហើយ ក៏​យាងចូល​ទៅ​ក្នុង​ដំណាក់វិញ ឯ​ធនញ្ជ័យ​នឹង​បាន​ដឹង​ថា ស្ដេច​ហាម​ដូច្នោះ​ក៏ទេ។លុះ​ព្រឹក​ឡើង​ស្ដេច​ចេញ​មក​គង់​នៅសាលា​ ក្រៅ​ ហើយ​ប្រើ​ឱ្យ​យក​ក្របី​ព្រះរាជ​ទ្រព្យ​មួយ​ដែល​ឡើង​កំឡាំង​មក​ដល់ ឥត​មាន​ក្របី​ឯណា​នឹងដល់ បាន​ឡើយ យក​មក​ដល់​ហើយ​មាន​ព្រះ​បន្ទូល​ទៅ​ហៅ​ធនញ្ជ័យ​ឱ្យ​យក​ក្របី​មក​ប្រជល់​នឹង​ ក្របី​ព្រះរាជទ្រព្យ​កុំ​ខាន​ឡើយ ឱ្យ​យក​មក​ជា​មួយ​នឹង​បម្រើ​កុំ​ខាន បម្រើ​ស្ដាប់​ហើយ​ក៏​ទៅ​ប្រាប់​​ធនញ្ជ័យ​ដូច​មាន​ព្រះ​បន្ទូល​បង្គាប់នេះ​ឯង ធនញ្ជ័យ​ស្ដាប់​ព្រះ​បន្ទូល​ដូច្នេះ​ហើយ ក៏​ចុះ​អំពី​ផ្ទះ​ទៅ​​ចាប់យកកូន​ក្របី​​ទើប​នឹង​សម្រាល​១០​ថ្ងៃ ហើយ​ចង​កូន​ក្របី​នោះដឹក​ជា​មួយ​នឹង​បម្រើ​ទៅ​ដល់ ហើយ​ក្រាប​ថ្វាយ​គាល់ ឯ​ព្រះ​មហាក្សត្រ​ស្ដេច​ទតមក​យល់​ក្របី​​ធនញ្ជ័យ​ដឹក​យក​មក​ដល់​ ក៏​ទ្រង់​បង្គាប់​​ធនញ្ជ័យថា​ ឱ្យ​យក​ក្របី​អាឯង​ឱ្យ​វា​ជល់​នឹង​មើល ទើប​ធនញ្ជ័យ​​ដឹក​កូន​ក្របីទៅ​ទៀប​ក្របី​ធំនោះ​ឯង ឯ​កូន​ក្របីនោះ វា​មើល​ទៅ​ឃើញ​ក្របី​ធំនោះ​ហើយ វា​ស្មាន​ថា​ជា​មេ​វា វា​ក៏​រត់​ទៅ បៅ​ពងផ្លោក​ក្របី​នោះ។ ឯ​ក្របី​ធំនោះ​វារសើប វា​ក៏​ស្ទុះ​បោ​លដាច់​ខ្សែ​នឹង​ចាប់​ក៏​មិន​បាន​ ឯ​​ធនញ្ជ័យ​ស្រែក​ថា ចាញ់ហើយ​ៗ​កូន​ក្របីនោះ​ក៏​បោល​តាម​ក្របី​ឈ្មោល​នោះ​ឯង ព្រោះ​វា​ថា​ជា​មេ​របស់​វា ព្រះមហាក្សត្រ​ទត​ទៅ​ឃើញ​ថា ក្របី​ព្រះ​រាជ​ទ្រព្យ​នោះ​វា​បោល​ទៅ ហើយ​ឃើញកូន​ក្របី​បោលតាមពីក្រោយ​ដូច្នោះ ក៏​អៀន​ក្នុង​ព្រះហឫទ័យ​ណាស់។ហើយ​ស្ដេច​មាន​ព្រះ​បន្ទូល​ប្រាប់​អស់​ នាម៉ឺន​ឱ្យ​ឃាត់​ធនញ្ជ័យ​កុំ​ឱ្យ​ចូល​ព្រះ​រាជវាំង​ឡើយ បើ​នរណា​វា​ឱ្យ​​ធនញ្ជ័យវា​ចូល​ក្នុ​ងវាំង​ អញ​នឹង​យក​ទោស​ខុសមិន​លែង​ឡើយ មាន​ព្រះ​បន្ទូល​ហាម​ហើយ ស្ដេច​ចូល​ទៅ​ក្នង​ដំណាក់​វិញ ឯ​អស់​នាម៉ឺន​ហៅ​​ធនញ្ជ័យ​មក​ប្រាប់​ថា ត្បិត​ស្ដេច​ទ្រង់​បង្គាប់ឱ្យ​ប្រាប់​អាជ័យឯង​ថា ពី​ថ្ងៃ​នេះ​ទៅ​ដល់​១០​ឆ្នាំ កុំ​ឱ្យចូល​ក្នុង​ព្រះ​រាជវាំង​ទៀត​ បើឯង​មិន​ស្ដាប់​ឯង​នឹង​បាន​សេចក្ដី​ខុល​មិន​ខាន​ឡើយ ឯ​ធនញ្ជ័យ​ស្ដាប់​ហើយក៏​ស្ងៀម​ទៅ ហើយលា​ចេញ ដើរ​ទៅ​ផ្ទះអាត្មា​វិញ លុះ​យូរ​ប្រមាណ​បាន​បួន​ថ្ងៃ​នឹង​ដល់ថ្ងៃ​សីល ស្ដេច​នឹង​និមន្ដ​លោកគ្រូ​សង្គ្រាជ ចូលទៅ​ទេសនា ធនញ្ជ័យ​ដឹង​ដូច្នោះ​ហើយ​ ដើរ​ទៅ​អង្គុយ​ក្នុង​សាលា ជួប​នឹង​នាម៉ឺន​មុខ​មន្ត្រី​តូច​ធំ ជុំ​គ្នា​ច្រើន ហើយ​​ធនញ្ជ័យ​ធ្វើ​ជា​ស្រដីថា ក្នុង​ថ្ងៃ​សីល​នេះស្ដេច​នឹង​ហៅ​អញ​ទៅក្នុង​វាំង​មិន​ខាន​ឡើយ ឯ​អស់​នាម៉ឺន​ឭ​​ធនញ្ជ័យ​ថា​ដូច្នោះ​ហើយ ក៏​សើច​ទាំង​អស់​គ្នា​ហើយ​ថា អើ​អា​ជ័យគេ​ចូល​ទៅ​បាន​មែន​ហើយ ថា​ដូច្នោះ​ហើយ​ក៏​ចុះ​ដើរ​ទៅ​ផ្ទះ​ដទៃៗ ឯ​ធនញ្ជ័យ​ក៏​ទៅ​ផ្ទះ​វិញ លុះ​ដល់​ព្រឹក​ឡើង​នោះ ជា​ថ្ងៃ​សីល ស្ដេច​ឱ្យ​ទៅ​និមន្ដ​លោក​សង្គ្រាជ​ចូល​ទេសនា​ក្នុង​ព្រះ​រាជវាំង ឯ​ធនញ្ជ័យ​​ក៏​ទៅ​អង្គុយ​ចាំ​ផ្លូវ​លោក​សង្គ្រាជ លោក​គ្រូ​សង្គ្រាជ​ក៏​ដើរ​តាម​ផ្លូវ​ទៅ​ជួប​នឹ​ងធនញ្ជ័យ​ ឯ​ធនញ្ជ័យ​មើល​ឃើញ​លោក​គ្រូ​សង្គ្រាជ​ដើរ​មក​ដល់ហើយ​ ក្រាប​ថ្វាយ​បង្គំទូល​ថា សូមលោកគ្រូ​មេត្តា​ឈប់​សិន ត្បិត​ខ្ញុំ​ដឹង​ការ​មួយ​ជា​មន្ទិល ខ្ញុំ​នឹង​ទូល​ឱ្យ​ជ្រាប​លោក​គ្រូ​សង្គ្រាជ​ស្ដាប់​ហើយ​ក៏​ឈប់​នៅឯ​ធនញ្ជ័យ ​ក៏​ដើរ​ទៅ​ជិត​ទូលថា មើល​ទៅ​សក់​ក្បាល​ខ្ញុំ​ដូចជា​សក់​ក្ងោក មើល​ទៅ​មុខ​លោកគ្រូ​គ្រាន់​តែ​ជាគូថ​ខ្ញុំ ឯលោកគ្រូ​សង្គ្រាជ​ស្ដាប់​ហើយ​ខ្ញាល់​នឹង​ធនញ្ជ័យ​ដៀល​មុខ​ដូច្នោះ ហើយ​លោក​អញ​នឹង​ទៅទូល​ព្រះ​មហាក្សត្រ​ លុះ​ទៅដល់​ជួបនឹង​ស្ដេច​ហើយ​ថ្វាយ​ព្រះ​ពរ​ទូល​ថា ត្បិត​អាជ័យ​វា​ស្រដី​ឱ្យ​អា​ត្មា​ភាព​ថា មើល​ទៅ​សក់​ខ្ញុំ​ដូច​សក់ក្ងោក មើល​ទៅ​មុខ​លោក​គ្រាន់​ជា​គូថ​ខ្ញុំ សូម​មហារាជ​យក​​ធនញ្ជ័យ​មក​ជំនុំ​ជំរះ​ឱ្យ​អាត្មា​ភាព​ដូច្នោះ​ទៀត ព្រះ​មហាក្សត្រ​ស្ដាប់​ព្រះ​ពុទ្ធ​ដីកាលោកគ្រូ​សង្គ្រាជ​ដូច្នោះហើយ ស្ដេច​ត្រាស់​ប្រើ​មហាតលិក​ម្នាក់​ឱ្យ​ទៅ​ហៅ​​ធនញ្ជ័យ​ឱ្យ​ចូល​ទៅ​គាល់​ ស្ដេច​ឱ្យ​ឆាប់ កុំ​យូរ​ឡើយ ឯចៅ​​ធនញ្ជ័យ​ស្រដី​ឱ្យ​លោក​ដូច្នោះ​ហើយ​ ទៅ​អង្គុយ​នៅ​សាលា​ជា​មួយ​អស់នាម៉ឺនហើយថា​បន្តិច​ទៅ​ស្ដេច​នឹង​ឱ្យ​មក​ហៅ​ អញខ្ញុំ​នឹង​ចូលទៅ គាល់​មិន​ខាន​ឡើយ កាលណា​ឭ​​ធនញ្ជ័យស្រដី​ដូច្នោះ​ហើយ នាម៉ឺន​ទាំង​អស់នោះ​ស្រដី​ចំអក​ថា មែន​ហើយ​បន្តិច​គេ​ចូល​ទៅ​គាល់​ហ្លូង​មិនខានឡើយ បម្រើ​នោះ​ដើរ​ទៅដល់​ឃើញ​​ធនញ្ជ័យ​ហើយ​ប្រាប់​ថា ត្បិត​ព្រះ​ករុណា​មាន​ព្រះ​បន្ទូល​ឱ្យហៅ​ជ័យ​ឯង​ទៅ​ឥឡូវ​នេះ​កុំ​ខាន ធនញ្ជ័យ​ស្ដាប់​ហើយ​ក៏​ប្រាប់​អស់​នាម៉ឺន​ថា ខ្ញុំ​ថា​ម្ចាស់​នឹង​ឱ្យ​ហៅ​ខ្ញុំ​ចូល​ទៅ​វាំង​មិន​ខាន អស់លោក​មិន​ជឿ​ខ្ញុំ ថា​ហើយ​ធនញ្ជ័យ​ក៏​ចុះ​តាមបម្រើចូល​ទៅក្នុង​វាំង​ ទៅ​ដល់​ក្រាប​ថ្វាយ​បង្គំ​ហើយ​ស្ងៀម​នៅ ឯ​ព្រះមហាក្សត្រទត​ទៅ​ឃើញ​ធនញ្ជ័យ​មក​ដល់​ ហើយ​មាន​ព្រះ​បន្ទូល​សួរថា អាជ័យ​ឯង​បាន​ស្រដី​ថា​ដូចម្ដេច ឱ្យ​លោក​សង្គ្រាជមែន​ឬ ឯ​​ធនញ្ជ័យ​ទូល​ថា ទូល​ព្រះ​បង្គំ​ថាមែន តែនឹង​ដៀល​ត្មេះ​លោក​ក៏ទេ ថា​នោះ​ជា​​ឱ្យ​ខ្លួន​ខ្ញុំ​ទូល​ព្រះ​បង្គំ​ទេ​តើ ត្បិតលោក​ចូល​ក្នុង​វាំង​ ឯ​ខ្លួនទូល​ព្រះ​បង្គំ​មិនបាន​ចូល បាន​ជា​ទូល​ព្រះ​បង្គំ​ថា មើល​សក់​ក្បាល​ខ្ញុំ​ដូច​សក់​ក្ងោក មើល​ទៅ​មុខ​លោកគ្រូ​គ្រាន់​តែ​គូថ​ខ្ញុំ ព្រះ​មហា​ក្សត្រ​ស្ដាប់​ហើយ​ វា​ថា​មាន​ព្រះ​បន្ទូល​នឹង​លោក​សង្គ្រាជ​ថា លោក​កុំ​ខ្ញាល់​នឹង​អាជ័យ​ឡើយ វា​ថា​ជាឧបមា​ខ្លួន​វា​ទេ ហើយ​ស្ដេច​បណ្ដេញ​ថា អាជ័យ​ឯង​កុំ​ចូល​មក​ក្នុង​វាំង​អញទៀត ធនញ្ជ័យ​ស្ដាប់​ហើយ​ក៏​ថ្វាយ​បង្គំ​លាទៅផ្ទះ​វិញ ស្ដេច​មាន​ព្រះ​បន្ទូល​ដូច្នោះហើយ គិតក្នុង​ព្រះ​ហឫ​ទ័យ​ថា​ ឥត​អ្នក​ណា​ដេញ​ប្រាជ្ញា​វា​បាន អញ​ហាម​មិន​ឱ្យ​វា​ចូល​វាំង​ ឥឡូវ​នេះ​វា​ចូល​បាន​ មិន​មាន​ទើស ត្បិត​ប្រាជ្ញា​វា​មាន។ក្រោយ​មក​ស្ដេច​មាន​ព្រះ​បន្ទូល​បង្គាប់​ ថា ឱ្យ​អស់​ស្រី​នៅ​ក្នុង​វាំង​ទៅ​ជុះ​អាចម៍​ដាក់​ផ្ទះ​អាជ័យ​ បើ​វា​ថា​ដូចម្ដេច​ឱ្យ​ចាប់​យក​ទោស​ខុស​ឯ​ស្រី​អ្នក​ក្នុង​វាំង​បាន​ឭ​ព្រះ​ បន្ទូល​បង្គាប់ដូច្នោះ​ហើយ ក៏​បបួលគ្នា​ទៅ​ជុះ​អាចម៍​ដាក់​ផ្ទះ​ធនញ្ជ័យ ទៅ​ដល់​ហើយ​ប្រាប់​ធនញ្ជ័យ​ថា ត្បិត​ម្ចាស់​លោក​ឱ្យ​មក​ជុះ​អាចម៍​ដាក់​ផ្ទះ​ជ័យ​ឯង​ ឯ​ធនញ្ជ័យ​ស្ដាប់​ហើយ​ក៏​ឆ្លើយ​ថា បើ​មាន​ព្រះ​បន្ទូល​ដូច្នោះ​ហើយ ខ្ញុំ​មិន​ហ៊ាន​ឃាត់​ទេ តាម​ចិត្ត​អស់​អ្នក​ចុះ បើចង់​ជុះ​ក៏​ជុះ​ចុះ តែ​ជុះ​កុំនោម បើ​នោម​ផង​ហៅ​ល្មើសព្រះ​បន្ទូល ខ្ញុំ​មិន​ព្រម​ទេ អស់​អ្នក​ទាំង​នោះ​ស្ដាប់​​ធនញ្ជ័យ​ថា​ដូច្នោះ​ហើយ ដ៏​បបួ​ល​គ្នា​ជុះ​អាចម៍​ដាក់​ផ្ទះ​​ធនញ្ជ័យ​ តាម​ព្រះ​បន្ទូល​ស្ដេច​បង្គាប់​នោះ ឯ​ធនញ្ជ័យ​ក៏​ដើរ​មើល ហើយ​ឃើញ​នោម​ផង ធនញ្ជ័យ​វាយ​អស់​ស្រី​ដែល​ជុះ​ហើយ​នោម​ផង អស់​ស្រី​ទាំង​នោះ​ដឹង​​ធនញ្ជ័យ​វាយ​ដូច្នោះ​ហើយ ក៏​រត់ទៅទូលស្ដេច​ឱ្យ​ទ្រង់​ជ្រាប​ លុះ​ទៅដល់​ហើយ​ក្រាប​ថ្វាយ​បង្គំ​ទូល​ថាត្បិត​ម្ចាស់​ប្រើ​ឱ្យ​ទៅ​ជុះ​ អាចម៍ដាក់ផ្ទះ​​ធនញ្ជ័យ​ អស់​យើង​ខ្ញុំ​ទៅ​ជុះ​ដាក់​តាម​ព្រះ​បន្ទូល ឥឡូវ​នេះ​​ធនញ្ជ័យ​វាយ​អស់​យើង​ខ្ញុំ វា​ថា​វា​ឱ្យ​ជុះ​ដាក់​ផ្ទះ​វា សូមទ្រង់ជ្រាប ព្រះ​មហាក្សត្រ​ស្ដាប់​ហើយ​ត្រាស់​ថា ឱ្យ​អស់​ទាហាន​ចាប់​យក​អាជ័យ​យក​មក​ជំនុំ ឯ​អស់​ទាហាន​ស្ដាប់ព្រះ​បន្ទូល​ដូច្នោះ​ហើយក៏​ទៅ​ចាប់​​ធនញ្ជ័យ​ដូច​ព្រះ​ បន្ទូល​ លុះ​ទៅ​ដល់​ផ្ទះ​ធនញ្ជ័យ​ ក៏​ឡើង​ទៅលើ​ផ្ទះ​ចាប់​ធនញ្ជ័យចង​ រួច​ប្រាប់​ថា ត្បិត​ស្ដេច​មាន​ព្រះ​បន្ទូល​ឱ្យ​មក​ចាប់​យក​ឯង​ទៅ​ ព្រោះ​ទ្រង់​ខ្ញាល់​ណាស់​ ឯ​​ធនញ្ជ័យ​ស្ដាប់​ហើយ​គិតថា បើ​ដូច្នោះ​នឹង​គិត​ឱ្យ​វា​ចង​អញ​បាន​ គិត​ស្រេច​ហើយ​ក៏​ថា អស់​ទាំង​អ្នក​ឯង​នឹង​ចង​អញ​នេះ​មិន​បាន​ទេ តែ​អញ​ថា​ឱ្យឯង​ស្លាប់​ ឯង​នឹង​ស្លាប់​មិន​ខាន ឯង​មិន​ដឹង​ទេ នេះ​ឯង​ហើយ ឈ្មោះ​​ធនញ្ជ័យអ្នក​ប្រាជ្ញ សូវ​លែង​វិញ​ជា ឯ​អស់​ទាហាន​ទាំង​អស់ ស្ដាប់​ពាក្យ​ធនញ្ជ័យ​ហើយ​ក៏​មិន​ហ៊ាន​ចង​ដៃធនញ្ជ័យ ហើយ​ស្រាយ​ចេញ ឯ​​ធនញ្ជ័យ​ក៏​ដើរ​ជើង​ទទេ ទៅ​ដល់​ហើយ​ក្រាប​ថ្វាយ​បង្គំ​ស្ងៀម​នៅ​ចាំ​ស្ដាប់​ព្រះបន្ទូល ឯ​ព្រះ​មហាក្សត្រ​ទត​មក​ឃើញ​ធនញ្ជ័យ​មក​ដល់​ហើយ​មាន​ព្រះ​បន្ទូល​បណ្ដឹងថា អាជ័យ​ដូច​ម្ដេច​ក៏​បានជា​អាឯង​ដេញ​វាយ​អស់​សាវឡឹក​ដែល​អញ​ឱ្យ​ទៅ​ជុះ​អាចម៍ ​ដាក់​ផ្ទះ​អាឯង​នោះ តើ​អាឯង​ខុស​ ឬ​អា​ឯង​ត្រូវ ទើប​​ធនញ្ជ័យ​យក​សេចក្ដី​ក្រាប​ទូល​ថា បាន​ជា​ទូល​បង្គំ​ជា​ខ្ញុំ​វាយ​នោះ ត្បិត​អស់លោក​សាវឡឹកធ្វើ​ល្មើស​ព្រះ​បន្ទូល ខុស​មិន​ត្រូវ ត្បិត​ទ្រង់​បង្គាប់​ថា ឱ្យ​ទៅ​តែ​ជុះ​អាចម៍​ទេ នឹង​មាន​ព្រះ​បន្ទូល​ថា ឱ្យ​ទៅ​នោម​ឯណា ឥឡូវ​នេះ​អស់​អ្នកទាំង​នោះទៅ​ជុះ​ផង​នោម​ផង ហេតុ​ដូច្នោះ​បាន​ជា​ខ្ញុំ​វាយ សូម​ទ្រង់​ជ្រាប។ ឯ​មហាក្សត្រ​ស្ដាប់​ហើយក៏​ស្ងៀម​ ពុំ​មាន​ព្រះ​បន្ទូល​ថា​អ្វីៗ​ឡើយ និង​យក​ទោស​​ធនញ្ជ័យ​មិន​បាន។
លុះ​ឯ​ក្រោយ​ទៀត ឭ​ល្បី​ទៅ​ដល់​ស្រុក​ចិន​ថា ស្រុក​ខ្មែរ​មាន​អ្នក​ប្រាជ្ញ​ម្នាក់​មាន​ប្រាជ្ញា​ណាស់ មិន​មាន​អ្នកឯណា​នឹង​ផ្ចាញ់​ប្រាជ្ញា​មាន​ ស្ដេច​ស្រុក​ចិន​គិត​នឹង​អស់​នាម៉ឺន​ថា យើងនឹង​គិត​ធ្វើ​ចំណោទ​ទៅ​ឱ្យ​អ្នក​ប្រាជ្ញ​ស្រុក​ខ្មែររក ស្ដេច​ក្រុន​ចិន និង​អស់​នាម៉ឺន​ឱ្យ​រក​ផ្លែ​ឪឡឹក​៣ ត្បិត​ពូជ​ឪឡឹក​ក្នុង​ស្រុក​ចិន​នោះ​មាន​៣​យ៉ាង មួយ​យ៉ាង​នោះ​ក្នុង​ផ្លែ១ មាន​គ្រាប់​តែ​១ ផ្លែ​មួយ​ទៀត​មាន​គ្រាប់​ពីរ ផ្លែ​មួយ​ទៀត​មាន​គ្រាប់​បី ស្ដេច​ស្រុក​ចិនឱ្យ​​រៀប​ចំ​សំពៅ​១០០ ក្នុង​សំពៅ​មួយមាន​ចិន​៥០០​ជា​ចំណុះ សំពៅ​គ្រប់​ទាំង​៥០០សំពៅ ហើយ​ធ្វើ​សំបុត្ររាជសារ​ ក្នុង​សេច​ក្តី​សំបុត្រ​ថា ត្បិត​ស្រុក​ខ្មែរ​មាន​អ្នក​ប្រាជ្ញ​មាន​ប្រាជ្ញា​ណាស់ ឈ្មោះធនញ្ជ័យ បើ​ដូច្នោះ​ ស្ដេច​ស្រុក​ចិន​ឱ្យ​នាំ​ផ្លែ​ឪឡឹក​បី​មក​នឹង​សំពៅ​៥០០ ក្នុង​សំពៅ​៥០០​មាន​មនុស្ស៥០០​គ្រប់​សំពៅ នាំ​មក​ឱ្យ​អ្នក​ប្រាជ្ញ​ស្រុក​ខ្មែរ​ទាយ​ផ្លែ​ឪឡឹកទាំង​បី​នេះ ថា​ឪឡឹក​ទី​មួយ​មាន​គ្រាប់​ប៉ុន្មាន បើ​អ្នក​ប្រាជ្ញ​ស្រុក​ខ្មែរទាយ​ត្រូវ នោះ​យើង​ភ្នាល់​ដាក់​សំពៅ​ទាំង​៥០០​នឹង​មនុស្ស​ទាំង​អស់​ក្នុង​ចំណុះ​ សំពៅនោះផង បើ​អ្នក​ប្រាជ្ញ​ស្រុក​ខ្មែរ​ទាយ​មិន​ត្រូវ យើង​នឹង​យក​ស្រុក​ខ្មែរ​លុះ​ធ្វើ​សុភអក្សរ​រួច​ហើយ​ឱ្យ​នាម៉ឺន​ធំ​ម្នាក់ នឹង​អ្នក​ប្រាជ្ញម្នាក់​នាំ​ចេញ​មក លុះ​មក​ដល់​ហើយ នាម៉ឺន​ចិននាំ​សំបុត្រ​ឡើង​ក្រាប​ទូលស្ដេច​ស្រុក​ខ្មែរ​ៗ​ឱ្យ​ធនញ្ជ័យ​មក​ ប្រាប់​ថា ឥឡូវ​នេះ ស្ដេច​ស្រុក​ចិន​នាំ​សារ​មក​ថា ឱ្យ​ទាយ​ផ្លែ​ឪឡឹក​ក្នុង​ផ្លែមួយ តើ​មាន​គ្រាប់​ប៉ុន្មាន បើអា​ឯង​ទាយ​ត្រូវក៏​ហី​ទៅ បើ​អា​​ឯង​ទាយ​មិន​ត្រូវអញ​នឹង​យក​ទោស​ដល់​ជីវិត។ ធនញ្ជ័យ​ឭ​ហើយ​ក្រាប​ទូល​ថា កុំ​ព្រួយ​ព្រះ​រាជ​ហឫទ័យ​ធានា​ទូល​បង្គំ​ទាយ​ឱ្យ​ត្រូវ ប៉ុន្តែ​ក្នុង​ចិត្ត​ធនញ្ជ័យ​ភ័យ​ណាស់​ដែល​បាន​ជា​អួត​ថា​ជា​អ្នក​មាន​ ប្រាជ្ញា​យូរ​មក​ហើយៗ​ធនញ្ជ័យ​លា​ទៅ​ផ្ទះ​វិញ លុះ​ទៅ​ដល់​ផ្ទះ​ធនញ្ជ័យ​ដេក​គិត​រក​ប្រាជ្ញា​នឹង​ទាយ​ផ្លែ​ឪឡឹក​នោះ ដេក​អត់​បាយ​អំពី​ព្រឹក លុះ​ត្រា​តែ​ល្ងាចហើយ​ ធនញ្ជ័យ​នឹង
​គិត​រក​មិន​ឃើញ ក៏​គិត​ថា ឥឡូវ​នេះ​ស្ដេចឱ្យ​ដោះ​ប្រស្នា​នឹង​ស្ដេច​ក្រុង​ចិន បើ​ដោះ​មិន​រួច ស្ដេច​នឹង​សម្លាប់ បើ​ដូច្នោះ​អញ​គង់​តែនឹង​ស្លាប់ អញ​មុជ​ទឹក​ឱ្យ​ស្លាប់​ទៅ​ទើប​ជា។ លុះ​ដល់​ព្រលប់យប់​​ងងឹត ធនញ្ជ័យ​ចុះ​ទៅ​កំពង់ទឹក ហើយ​ចុះ​ទៅ​មុជ ដើម្បី​ឱ្យ​ស្លាប់ក្នុ​ងទឹកដល់​មុជ​ទឹក​ទៅចេះ​អណ្ដែត​ខ្លួន​ឡើងហើយ​រសាត់​ ទៅដល់​ចង្កូត​សំពៅ​ចិន ធនញ្ជ័យ​កាន់​ចង្កូត​សំពៅ​នោះ​បាន​ឭ​នាម៉ឺន​ចិន នឹង​អ្នក​ប្រាជ្ញ​ស្រុក​ចិន​និង​អ្នក​ប្រាជ្ញ​ស្រុក​ចិននិយាយ​គ្នា​នៅ​ក្នុង ​បាត​សំពៅ​ថា បើយើង​ធ្វើ​ប្រស្នា​ឪឡឹក​ហើយ​ តើ​យើង​ធ្វើ​ប្រស្នា​អ្វី​តទៅ​ទៀត ត្បិត​ឪឡឹក​នេះ​ផ្លែ​វា​តែបី ផ្លែ​១​គ្រាប់​១ ផ្លែ​មួយ​ទៀត​គ្រាប់​២ ផ្លែ​មួយទៀត​គ្រាប់​៣​ប៉ុណ្ណោះ យើង​គិត​ធ្វើ​ប្រស្នា​ពីរ​បី​យ៉ាង​ទៀត​បំណាច់​ស្ដេច​ប្រើ​មក បើគេ​ទាយ​ត្រូវ​មួយ​យ៉ាង នៅ​មួយ​យ៉ាង​ទៀត កុំ​ឱ្យ​តែ​មួយ​យ៉ាង​ហើយ​អស់​ទៅ​តែ​ម្ដង ហាក់​ជា​ប្រាជ្ញ​យើង​តិច​ណាស់ ឯ​អ្នក​ប្រាជ្ញ​ស្រុក​ចិន​ឆ្លើយឡើង​ថា យើង​ចំណោទ​ពីរ​បី​យ៉ាង​ទៀត។ នាម៉ឺន​អស់​នោះ​សួរថាចំណោទ​អ្វីទៀត។ អ្នក​ប្រាជ្ញ​ថា យើង​និយាយ​គ្នា​នេះ កុំ​ឱ្យ​នរណា​ដឹង​ក្រែង​មាន​មនុស្ស​មក​លប​ស្ដាប់ ហើយ​នាម៉ឺន​ និង​អ្នក​ប្រាជ្ញរក​មើល​មនុស្ស​គ្មាន ក៏​បបួល​គ្នា​និយាយពី​ប្រស្នា​ពីរ​បី​យ៉ាង​នេះ អ្នក​ប្រាជ្ញ​និយាយ​ថា យើង​យក​សាច់​ជ្រូក​១​នាឡិ ឱ្យស្ដេច​ស្រុក​ខ្មែរ​ទុក​សោយ​បាន​ពីរ​ឆ្នាំ កុំ​ឱ្យ​ប្រឡាក់​អំបិល កុំ​ឱ្យ​ធ្វើ​ងៀត ឱ្យ​ទុកជា​សាច់​ស្រស់​ស្ដេចសោយ​បាន​ពីរ​បី​ឆ្នាំ​កុំ​ឱ្យ​ស្អុយ​ខូច នាម៉ឺន​សួរថា ធ្វើ​ដូចម្ដេច​នឹង​បាន​ពីរ​ឆ្នាំ សាច់​ជ្រូក​១​នាឡិប៉ុណ្ណោះ។ អ្នក​ប្រាជ្ញ​ឆ្លើយ​ថា បើ​ដល់​ជិត​ថ្ងៃ​នឹង​ជាប់​ឆ្នាំ នឹង​ចូល​ឆ្នាំ​ថ្មី យើង​យក​សាច់​ជ្រូកមក​ទុក​ស៊ី​តែ​ពីរបី​ថ្ងៃ​ក៏​រាប់​ជា​ពីរ​ឆ្នាំ ត្បិត​ឆ្នាំ​ចាស់​មួយ​ថ្ងៃ ឆ្នាំ​ថ្មី​មួយ​ថ្ងៃ ត្រូវ​ជា​ពីរ​ឆ្នាំ បើ​អ្នក​ប្រាជ្ញ​ស្រុក​ខ្មែរ​រក​មិន​ឃើញ យើង​នឹងយក​នគរ​ជា​ចំណុះ​យើង។ មួយ​ទៀត​នោះ យើង​ឱ្យ​មនុស្ស​ចាប់​ចាប​មួយ​មក ហើយ​យក​ទៅ​ឱ្យ​ស្ដេច​ស្រុក​ខ្មែរ ឱ្យរៀប​ធ្វើ​សម្ល​យក​មក​ឱ្យ​ពល​យើង​ក្នុង​សំពៅ​ទាំង​៥០០​ស៊ី​ឱ្យ​ឆ្អែត នាម៉ឺន​ទាំង​អស់​នោះសួរថា ដូចម្ដេច​សត្វ​តូច​១ ហើយ​យកទៅធ្វើ​សម្ល​ម្ហូប​មក​ឱ្យ​ពល​យើង​ទាំង​អស់​ស៊ី​ឱ្យ​ឆ្អែត​បាន អ្នក​ប្រាជ្ញ​នោះ ប្រាប់​ថា បើ​គេ​មាន​ប្រាជ្ញ គេ​ឱ្យ​យក​ម្ចុល​មក​ឱ្យ​យើង​ដំ​ធ្វើ​ជា​ពូ​ថៅ​ធំ១ និង​យក​ទៅ​ពុះ​កាប់​យកសាច់ស្ល​ឱ្យ​ពល​ស៊ី។ មួយ​ទៀត​យើង​បង្គាប់​ស្ដេច​ស្រុក​ខ្មែរ​ឱ្យ​ធ្វើ​យុថ្កា​បាន​៥០ និង​យក​មក​បោះ​ចត​សំពៅ​យើង​ឱ្យ​គ្រប់​៥០០ ឱ្យ​ធ្វើ​ក្នុង​ថ្ងៃ​មួយ​ឱ្យ​រួច ក្នុងយុថ្កា​មួយ​ទំហំ​៣​ចាប់។ នាម៉ឺន​សួរ​ថា ធ្វើ​ដូច​ម្ដេច​នឹង​ធ្វើ​យុថ្កា​ដល់​៥០០​ឱ្យ​រួច​ក្នុង​មួយ​ថ្ងៃ​នោះ។ អ្នក​ប្រាជ្ញ​នោះ​ថា ឱ្យ​យក​ចំបើង​មក​ចង​ធ្វើ​ជា​រាង​យុថ្កា​ហើយ​ដាក់​លើ​ដី យក​ភ្លើង​ដុត​ឱ្យ​ឆេះទៅ​នៅ​តែ​ផេះចំបើង​ជាប់​នឹង​ដី ហើយហៅ​មនុស្ស​ឱ្យ​មក​សែង​យក​ទោ​បោះ​ចង​សំពៅ​ បើ​ជា​អ្នក​ប្រាជ្ញ​មែន ធ្វើ​យ៉ាង​នេះ ទើប​ទល់​ប្រាជ្ញ​គ្នា​បាន។ ឯ​នាម៉ឺន​ឭ​អ្នក​ប្រាជ្ញ​ប្រាប់​សព្វគ្រប់​ដូច្នោះ មាន​ចិត្ត​ត្រេកអរ​ណាស់ ថា​ស្រុក​ខ្មែរ​មុខ​ជា​បាន​ក្នុង​កណ្ដាប់​ដៃ​យើង​មិន​ខាន។ ឯធនញ្ជ័យ​តោង​ចង្កូត​សំពៅចាំ​ប្រុង​ត្រចៀក​ស្ដាប់​សព្វគ្រប់​គ្មាន​ខ្វះ​ ឡើយ ដល់​នាម៉ឺន​និង​អ្នកប្រាជ្ញស្រុក​ចិន​លែង​និយាយ​គ្នា ធនញ្ជ័យ​មុជ​ហែល​មក​ឯ​កំពង់​វិញ ហើយដើរ​ឡើង​ទៅ​លើ​ផ្ទះ មាន​ចិត្ត​អរណាស់ អញ​អស់
ស្លាប់​នេះ​គឺ​ទេវតា​ជួយ​អញ​មិន​ឱ្យ​ស្លាប់ លុះ​វេលា​កាលណា នាម៉ឺន​ចិន និង​អ្នកប្រាជ្ញ​យក​ផ្លែ​ឪឡឹកទាំង​បី​ឡើង​អំពីសំពៅ ចូល​ទៅគាល់​ស្ដេច​ស្រុក​ខ្មែរ ក្នុង​ព្រះ​រាជ​រោង ស្ដេច​ឱ្យ​ហៅ​ធនញ្ជ័យ​ប្រជុំ​អស់​នាម៉ឺន​មុខ​មន្ដ្រី​ពាស​ពេញ​អស់​រាជ​រោង នាម៉ឺន​ចិន និង​អ្នកប្រាជ្ញ​ចិន​យក​ផ្លែ​ឪឡឹក​ទាំង​បីមក​ឱ្យ​ធនញ្ជ័យ​ទាយ ឯធនញ្ជ័យ​ទាយ​ត្រូវ​ទាំង​អស់។ អ្នក​ប្រាជ្ញ​ស្រុក​ចិន លុះ​ដល់​ធនញ្ជ័យ​ដោះ​ចំណោទ​ស្រុក​ចិនដូច​យើង​និយាយ​មកពី​មុន​គ្មាន​សល់​ តិចឡើយ។ ស្ដេច​ខ្មែរ​ជ្រាប អ្នក​ប្រាជ្ញ​ចិន​ទល់​ប្រាជ្ញ​នឹង​​ធនញ្ជ័យ ទ្រង់​ឱ្យ​យក​សំពៅ​ទាំង​៥០០ទុក​តែ​សំពៅ​មួយ​ឱ្យ​នាម៉ឺន និង​អ្នកប្រាជ្ញ​ចិន​ត្រឡប់​ទៅ​ស្រុក​ចិន​វិញ ហើយ​ស្ដេច​ប្រទាន​រង្វាន់ឱ្យ​ធនញ្ជ័យ​ជា​ច្រើន ឯ​ស្ដេច​ស្រុក​ចិន​ពី​ថ្ងៃ​នេះមក​ ខ្លាចប្រាជ្ញធនញ្ជ័យ​មិន​ហ៊ាន​ឱ្យ​មក​ចោទ​ប្រស្នា​ទៀត ប៉ុន្តែ​នឹក​ខ្ញាល់​ក្នុង​ព្រះហឫទ័យថា បើ​ឥត​ពី​ធនញ្ជ័យទៅ​កាល​ណា នឹង​ឱ្យ​ភ្នាល់​ចោទ​ប្រស្នា​ទៀត។លុះ​ឯ​ក្រោយ​មក​ទៀត ស្ដេច​ស្រុក​ខ្មែរ​ទ្រង់​ព្រះ​ចិន្ដា​គិត​ដល់​សេចក្ដីធនញ្ជ័យ​ចាញ់​ប្រាជ្ញ​ ជា​ច្រើន ហើយ​ក្រែង​ធនញ្ជ័យ​ ធនញ្ជ័យ​​នៅ​ជិត​វាំង​ដណ្ដើម​យក​រាជ​សម្បត្តិ ត្បិត​​ធនញ្ជ័យ​មាន​ប្រាជ្ញា​ច្រើន​ណាស់ ស្ដេច​មានព្រះ​បន្ទូលថា អា​ជ័យ​ឯង​នៅ​ស្រុក​នេះ​មិន​បាន​ទេ អញ​ឱ្យ​អាឯង​ទៅ​នៅ​ទន្លេ មាន​ស្រុក​ណា​នៅ​ប្របទន្លេទៅ​នៅ​តាម​ចិត្ត​អាឯង កុំ​នៅ​ក្នុង​ស្រុក​នេះ​ឡើយ ធនញ្ជ័យ​ស្ដាប់​ព្រះ​បន្ទូល​ហើយ ក្រាប​ថ្វាយ​បង្គំ​លា​ទៅដល់​ផ្ទះ​ហើយ និយាយ​ប្រាប់​ម្ដាយ​ថា ហ្លូង​មាន​ព្រះ​បន្ទូល​ប្រើ​ខ្ញុំ​ឱ្យ​ទៅ​នៅ​តាម​មាត់​ទន្លេ ឱ្យ​ធ្វើ​ស្រូវ​រក​ស៊ី​តាម​ចិត្ត ឯ​ទន្លេ​នោះឱ្យ​ជា​របស់​ខ្ញុំ​ហើយ ឯ​ម្ដាយ​ស្ដាប់​ហើយ​ក៏ថា បើ​ដូច្នោះ កូន​ទៅ​នៅតាម​ព្រះ​បន្ទូល​ចុះ ឯ​ខ្លួន​ម្ដាយ​នៅ​ផ្ទះ​នេះ​ហើយ ធនញ្ជ័យ​ស្ដាប់​ម្ដាយ​ហើយ ក៏​លា​ម្ដាយ​ទៅ​ប្រាប់​អស់​នាម៉ឺន នូវ​អស់​រាស្ដ្រ​ប្រជាដែល​នៅ​ក្នុ​ងមាត់ទន្លេ​ថា ត្បិត​ហ្លូង​មាន​ព្រះ​បន្ទូល​ឱ្យ​អញ​ជា​ធំ ស្រដី​ក្នុង​ទន្លេ​ទាំង​អស់​នឹង​ធ្វើស្រែ​ស្រូវ ឥឡូវ​នេះ​អញ​ប្រាប់​អ្នក​រាល់គ្នា បើ​ដើរ​ជើង​ទឹក​នឹង​ប្រាប់​អញ អញ​នឹង​កត់​ជា​ថ្លៃ​ទន្លេ និង​ព្រែក ទូក​ដែល​រក​ស៊ី​សព្វ​ថ្ងែ​នេះ ព្រះ​រាជ​ទ្រព្យ​អំពី​ថ្ងៃ​នេះ​ទៅ បើ​អ្នក​ឯ​ណា​មិន​បាន​ចូល​មក​ប្រាប់​អញ នឹងបាន​សេចក្ដី​ខុស អញ​នឹង​ធ្វើ​ទោស​តាម​ច្បាប់​មិន​ប្រណី​ឡើយ ហើយ​ធនញ្ជ័យយក​ដើម​ឫស្សី​មក​ពុះ​ជា​ចំរៀក​តូចៗ ត្បាញ​ជា​ភ្នែក​ក្រូច​កាត់​ជា​៨​ជ្រុង ហើយ​យក​ឫស្សី​មួយដើម​វែងចង​ដាក់​លើ​ចុង​ឫស្សី រួច​យក​ស្លឹក​ត្នោត​ដេរ​ជា​កណ្ដប ហើយ​កាត់​ជា​ស្លាប​ទង់​ជ័យ ដោយ​លើ​ចុង​ឫស្សី​ធ្វើ​ឃ្នាងតូច​មួយ យក​ផ្ដៅ​ធ្វើ​ជា​រំពាត់ ចង​ព្យួរ​ជា​មួយ​តម្បាញ​ភ្នែក​ក្រូចនោះឯង បញ្ឈរ​ឡើង ហើយ​​ធនញ្ជ័យ​ប្រាប់​ថា នេះ​ឈ្មោះត្របែង​ដៃ ឱ្យ​ចូល​ប្រាប់​គយ បើ​រាស្ដ្រ​ណា​ដើរ​ជួញ​ប្រែ​រក​ស៊ី​ឃើញ​ត្របែង​នេះ ដៃ​គយ​ឱ្យ​ចូល​ប្រាប់​ទើប​រួច​ទោស ប្រាម​ប្រាប់​ដូច្នោះ​ហើយ ក៏​ចុះ​ទូក​ចែវ​មើល​តាម​មាត់​ទន្លេ ទីណា​មាន​ព្រែក កំពង់​ណា​ល្មម​ធ្វើ​ស្រូវប្រាំងបាន លុះ​មើល​ជុំ​វិញ​ហើយ មក​កត់​សម្គាល់​ឱ្យ​ឈ្មោះ​នៅ​ស្ទឹង​បារាយណ៍​ទឹក​ថា្ល ស្ទឹង​មួយ​ទៀត​ចុះ​មក​ក្នុងទន្លេ​ឱ្យ​ឈ្មោះ​ ចុងខ្នៀស មាន​ជ្រោយ​មួយ​ឈ្មោះ​ជ្រោយ​ស្លាបព្រាហ្មណ៍ ទើប​មាន​ព្រែក​មួយ​ឈ្មោះ​ថា កំពង់​ចាម មាន​ព្រែក​មួយ​ទៀត​ឈ្មោះ​ថា កំពង់​ភ្លុក ព្រែក​មួយ​ទៀត​ឈ្មោះស្ទឹង​ព្រំស្រុក ព្រែក​មួយទៀត​នៅ​ថា ស្ទឹង​ក្រែង មាន​ជ្រោយ​មួយ​ទៀត​ឈ្មោះ​ថា ពេជគ្រី មាន​ព្រែក​មួយ​ទៀត​ឈ្មោះ​ថា ពាមបាំង មាន​ជ្រោយមួយ​ទៀត​ហៅ​ថា ប្រទាស់ឆេះ មាន​បន្លិច​មួយ​ឈ្មោះ​ថា បន្លិច​ច្រកែង នៅ បន្លិច​ច្រកែង​នោះ​ខាង​ឯ​មាត់​ទន្លេ​ឈ្មោះ​នាង​សៅ មាន​ព្រែក​ឈូង​ប្រទល់​មាត់​ទន្លេ​នោះ ឈ្មោះ​បាយក្អែក មាន​កោះ មួយ​ទៀត​ឈ្មោះ​កោះ​ថ្ពាល់​បើស មាន​ព្រែក​មួយ​ទៀត​ឈ្មោះថា ព្រែក​ខ្សាច់ មាន​ស្ទឹង​មួយ​ឈ្មោះ​ពាម​សែន មាន​ព្រែក​មួយ​ឈ្មោះ ផាត់​សណ្ដាយ មាន​ព្រែក​មួយ​ឈ្មោះ​ព្រែក​ស្លូត មាន​ព្រែក​មួយ​ទៀត​ឈ្មោះ​ ផ្លូវទូក មាន​កោះ​មួយ​ឈ្មោះ​កោះក្អែ មាន​ព្រែក​ពី​ឈ្មោះ​ព្រែក​គូរ ១​ព្រែក​ប្រមាល់​១ មាន​ព្រែក​មួយ ឈ្មោះ​ប្រឡាយ​មាស មាន​ព្រែក​មួយ​ទៀត​ឈ្មោះ​ព្រែក​ក្ងោក មាន​ព្រែក​មួយ​ឈ្មោះ​ព្រែក​ចក្រវត្តិ មាន​ព្រែក​មួយ​ឈ្មោះ​ព្រែក​កំប៉ោង​យោង​ទឹក មាន​ព្រែក​មួយ​ទៀត​ឈ្មោះ​ព្រែក​ខ្សុច មាន​ព្រែក​មួយ​ទៀត​ឈ្មោះ​ព្រែក​អារ៉ង់ មាន​កំពង់​មួយ​ឈ្មោះ​កំពង់​អូរ​ មាន​កំពង់​មួយ​ទៀត​ឈ្មោះ​កំពង់​ខ្សាច់ស មាន​កោះ​មួយ​ទៀតឈ្មោះ​កោះ កំញ៉ាន​តូច មាន​កំពង់​មួយ​ទៀត​ឈ្មោះ​កំពង់​ព្រះ មានកំពង់​មួយ​ទៀត​ឈ្មោះ កំពង់​អណ្ដូង មាន​កោះ​មួយ​ទៀត​ឈ្មោះ​កោះ ឆ្នុក​ទ្រូ មាន​ព្រែក​មួយ​ឈ្មោះ​ព្រែក​ស្លាម​ធ្លក មាន​កំពង់​មួយ​ឈ្មោះ​កំពង់​ស្វាយ​ក្រអែ មាន​ជ្រោយ​មួយ​ឈ្មោះ ជ្រោយ​ព្រះ ផ្ដៅ មាន​កំពង់​មួយ​ឈ្មោះ​កំពង់​ខ្សាច់​ល្អិត មាន​កំពង់​មួយ​ឈ្មោះ​កំពង់​ផ្លូវ​ធំ មាន​ជ្រោយ​មួយ​ឈ្មោះ ជ្រោយ​ចាហឹង មាន​កំពង់​មួយ​ឈ្មោះ​កំពង់​ហ្លូង មាន​កំពង់​មួយ​ឈ្មោះ​ កំពង់​ប្រាក់ មាន​កំពង់​មួយ​ឈ្មោះ​កំពង់​ទួល មាន​ស្ទឹង​មួយ​ឈ្មោះ​​ពាម​ព្រះស្ទឹង មាន​ជ្រោយ​មួយឈ្មោះ​ជ្រោយ​សន្លុង​តិច១ ឈ្មោះ សន្លុង​ធំ មាន​ជ្រោយ​មួយ ឈ្មោះ​ជ្រោយ​ស្លាប​ស្ទាំង មាន​ជ្រោយ​មួយ​ឈ្មោះ ជ្រោយ​កំញ៉ាន​ធំ មាន​ស្ទឹង​មួយ​ឈ្មោះ​ស្ទឹង​ដូនទ្រី មានស្ទឹង​មួយ​ឈ្មោះ​ពាម​មាត់​ពីរ ឱ្យ​ជុំ​ទន្លេ ហើយ​​ធនញ្ជ័យ​វិល​មក​ឯ​កំពង់​ប្រាក់​ វិល​មើល​ទី​និង​ធ្វើ​ស្រែ ហើយ​ដើរ​ឡើង​ទៅ​ព្រៃ​មើល​ស្ទឹង​នោះ ល្មម​នឹង​ធ្វើ​ស្រែ​បាន ទឹក​មាន​ច្រើន​បាន​ជា​ឱ្យ​ឈ្មោះ​បរិបូរណ៍ អំពី​ថ្ងៃ​នោះឯង​​ទើប​ឱ្យ​ទូលមួយ ជា​ឯ​កើត​ស្ទឹង​ខាង​ត្បូង​ឈ្មោះ ទូល​រកា ខាង​ត្បូង​ទូល​រកានោះ មាន​វាល​មួយ​ធំ ល្មម​ធ្វើ​ស្រែ​សាប​បាន បាន​ជា​ឱ្យ​ឈ្មោះ​ថា វាល​អង្កាម ត្បិត​ធនញ្ជ័យ​​យក​អង្កាម​ទៅ​បាយ​ពេញ​វាល​នោះឯង ឯទន្លេ​នោះ​ធនញ្ជ័យ​ហៅ​ថា វាល​ភក់ ហើយ​យក​អង្កាម​ទៅបាច​ពេញ​ទន្លេ​នោះ​ឯង ហើយ​គាត់​ឱ្យ​ហៅ​ឈ្មោះថា ទន្លេសាប ហើយ​ធនញ្ជ័យ​ឱ្យ​ហាម​ប្រាម​ថា បើ​នរណា​ចែក​ទូក​ឱ្យ​ប្រយ័ត្ន​ក្រែង​វា​ខូច​សំណាប​អញ បើ​មិន​ស្ដាប់​អញ​នឹង​ចាប់​​ឱ្យ​សង ហើយ​លក់​ជា​ប្រាក់​តម្លឹង​៣០​ដាច់​សូរិល​ខ្លួន១ ទូក​១។ឯអស់​រាស្ត្រ​ចែក​រក​ស៊ី​ក្នុង​ទន្លេ​ នោះជា​ច្រើន នឹង​ចែក​ទៅឯណា​ឱ្យ​ចៀសពី​សំណាប​នោះមិន​បាន ធនញ្ជ័យ​ក៏​ចាប់​ទូក​អំបាល​នោះ​ថា ចែវចូល​ក្នុ​ងសំណាប​ លក់​យក​ប្រាក់​បាន​ទូក ១​ជា​ប្រាក់​៣០​នោះឯង ឯ​អស់​រាស្ដ្រ​នោះ​ខឹង​ហើយ បបួល​គ្នា​ឡើង​ទៅ​ក្រាបទូល​ថា ត្បិត​ធនញ្ជ័យ​ធ្វើ​ស្រែក្នុង​ទន្លេនោះ ហើយ​យក​អង្កាម​ទៅបាច​ពេញ​អស់​ទន្លេ ហើយ​ប្រាម​ប្រាប់​អស់​យើង​ខ្ញុំថា កុំ​ឱ្យ​ចូល​ក្នុង​សំណាប​នោះ​បើ​ចូល​នឹង​ចាប់​លក់​យក​ជា​ប្រាក់​តម្លឹង​ទូល​ ១ បើដូច្នោះ​យើង​ខ្ញុំ​ពុំ​សុខ​ចិត្ត​ឡើយ សូម​មេត្តា​ឱ្យ​កោះ​ធនញ្ជ័យ​ជំនុំ​ឱ្យ​ទាន​បាន​ដឹង​ដំណើរ ត្បិត​យើង​ខ្ញុំ​មិន​ដែល​ឭ​ព្រះ​បន្ទូល​ថា មាន​ច្បាប់​ចាប់​លក់​យក​ប្រាក់​ហូត​យក​ពន្ធ​រទេះ​គ្រប់​ទំនិញ​ ក្នុង​ព្រះ​នគរ ដូច​ធនញ្ជ័យ​ថា​នោះ​ទេ ព្រះ​មហា​ក្សត្រ​ស្ដាប់​ហើយ​ក៏​ឆ្ងល់​ព្រះ​ហឫ​ទ័យ​នឹង​ធនញ្ជ័យ​ណាស់​ ហើយ​ត្រាស់​ប្រើ​អាមាត្យ​មួយនាក់​ថា អាឯង​ទៅ​ហៅអាជ័យ​មក​ឱ្យ​ឆាប់ កុំ​បង្អង់​យូរ​ឡើយ អាមាត្យ​ស្ដាប់​ព្រះ​បន្ទូល​ហើយ ក៏​ក្រាបថ្វាយ​បង្គំ​លា ដើរ​ទៅ​រក​ធនញ្ជ័យ​ ឃើញ​ហើយ​ក៏​ប្រាប់​ថា ត្បិត​មាន​ព្រះ​បន្ទូល​ពិសេសឱ្យ​មក​ហៅ​​ធនញ្ជ័យ​ឯង ឱ្យ​ទៅ​ជា​មួយ​នឹង​យើង ជា​ព្រះ​រាជ​បម្រើ​នេះ​កុំ​ខាន​ឡើយ បើ​ខាន​នឹង​ខុសធនញ្ជ័យ​ឯង ធនញ្ជ័យ​ស្ដាប់​ហើយ​ក៏​ស្លៀក​ពាក់​សំពត់​អាវ រួចហើយ​ក៏​ដើរ​ទៅជាមួយ​បម្រើ​នោះ​ឯង លុះ​ទៅដល់ហើយ ក៏​ចូល​ទៅ​ក្រាប​ថ្វាយ​បង្គំ​គាល់ស្ងៀម​ នៅ​ចាំ​ស្ដាប់​បន្ទូល។ ឯ​ព្រះ​មហាក្សត្រ​ទត​ឃើញ​ធនញ្ជ័យមក​ដល់​ហើយ ក៏​មាន​ព្រះ​បន្ទូល​សួរថា អាជ័យ​អញ​ឱ្យ​អាឯង ទៅនៅទន្លេ ឱ្យ​រក​ស៊ី​ធ្វើ​ស្រេ​យក​ស្រូវ ឥឡូវ​នេះ​អាឯង​ទៅ​ធ្វើដូច្នោះ​ តើអាឯង​គិត​ដូចម្ដេច បើ​ដូច្នោះ​ឯង​ថា​មក​អញ​នឹងស្ដាប់​ ទើប​ធនញ្ជ័យថា ពុំចេះ​នឹង​ទ្រង់​អស់​ព្រះមេត្តានឹង​អស់​ទាំងនេះ ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​គិត​ឃើញថា​ កើតជានគរ​មាន​ស្ដេច​សោយរាជ្យ​ហើយ ឱ្យ​ចង​ជា​ច្បាប់​ប្រាប់​អស់​នាម៉ឺន​នូវ​ពល​ឱ្យ​បានដឹង នេះឯង​ជា​ពន្ធ​ព្រះរាជទ្រព្យ ឱ្យ​បាន​ដឹងថា ច្បាប់​ជំនុំ​សេចក្តី​ស្រដី​គ្រប់​មុខ ឱ្យ​នាម៉ឺន​ធំ​តូច​ដឹង​ជា​សណ្ដាប់ ប្រាប់​អស់​រាស្ដ្រ​នៅ​ស្រុក​ក្រៅ ឱ្យ​ចិញ្ចឹម​ចៅ​ហ្វាយស្រុក ស្នង​ក្រលា​ពាស ជំទប់ ចៅមឿង មេស្រុក ទើប​ឱ្យ​បាន​ដឹង​អំពីខេត្ត​ចៅហ្វាយស្រុក​តូច​ស័ក្ដិ​យស ខ្នងពោះ​នាម៉ឺន​ក្នុង ខ្នងពោះ​ចៅហ្វាយស្រុក​នៅ​ក្រៅ​ឱ្យ​មានជា​សណ្ដាប់ ប្រាប់​ឈ្មោះ ចៅហ្វាយ​ស្រុក​មាន​ជា​ដូច្នោះ ឈ្មោះ​ខេត្ត​ដូច្នោះ រួច​ធនញ្ជ័យ​ក្រាប​ទូល​ថា ខ្ញុំ​ទូល​បង្គំ​នឹង​ចង់​បាន​ទ្រព្យ​ខ្លួន​ក៏ទេ ធ្វើ​ដូច្នោះ​បានជា​អាករ​សួយ រៃ​ក្នុងព្រះ​នគរ​ដាក់​ជា​ព្រះ​រាជទ្រព្យបាន​ដឹង​តរៀង​ទៅ។ស្ដេច​ព្រះមហាក្សត្រាធិរាជ​ទ្រង់​ស្ដាប់​ ធនញ្ជ័យ​ក្រាប​ទូលដូច្នេះហើយ ស្ដេច​មាន​ព្រះ​បន្ទូល​ថា ​អាឯង​ថា​ដូច្នោះ​ត្រូវ​ហើយ តែ​ដែល​អា​លក់​រាស្ដ្រ​នៅ​ធ្ងន់​ណាស់ អា​យក​តែ​បាទ​១​វិញ។ឯ​​ធនញ្ជ័យ​ក៏​បាន​ទទួល​ព្រះ​បន្ទូល​ ហើយក្រាប​លា​ទៅបាទ​១ អំពី​លោក​សង្ឃ ហើយ​ទៅប្រាប់​អស់​មនុស្ស​ដែល​ចាប់​លក់​អំពី​មុន​ថា ត្បិត​ហ្លួងមិន​ឱ្យ​យក​ប្រាក់​តម្លឹង​៣០​ទេ វា​ធ្ងន់​ណាស់ ឱ្យ​អញ​យក​បាត្រ​១ អំពី​អស់​ឯង​វិញ ប្រាប់ហើយ​យក​បាត្រ​មក​វាស់ ឯ​អស់​រាស្ដ្រ​ខ្លះ​នឹង​យក​ប្រាក់​មក​វាស់​ឱ្យ​ពេញ​បាត្រ​នោះ​មិន​បាន ធនញ្ជ័យ​ក៏​ប្រើ​ទារ ឯ​អស់​រាស្ដ្រ​នោះ​រត់​ទៅ​ក្រាបទូល​ថា ពុំ​ចេរ​និង​ទ្រង់​មេត្តា ត្បិត​​ធនញ្ជ័យ​ថា​ម្ចាស់​មិន​ឱ្យ​យក​ប្រាក់​តម្លឹង​៣០​ ឱ្យយក​បាត្រ​មួយ​ ឥឡូវ​គាត់​ឱ្យ​យក​បាត្រ​លោក​សង្ឃ​មក​វាស់​វិញ ដូច្នេះ​ឃើញ​ថា​ធ្ងន់​ណាស់ ហើយ​ខ្ញុំ​នឹង​រក​ប្រាក់​ឱ្យ​ពេញ​បាត្រ​នោះ​មិន​បាន​ទេ ស្ដេច​មហាក្សត្រ​ស្ដាប់​ហើយ ក៏​ត្រាស់​ប្រើ​ឱ្យ​ហៅ​អា​ជ័យ​ឱ្យ​មក​ឆាប់ ឯ​អាមាត្យ​ឭ​ព្រះ​បន្ទូលប្រាប់​ដូច្នោះហើយ ក៏​ក្រាប​ថ្វាយ​បង្គំ​លា ទៅ​ហៅ​ធនញ្ជ័យ​មកហើយ មាន​ព្រះ​បន្ទូល​សួរថា អាជ័យអាថា​អញ​​ឱ្យយក​បាត្រ​ទៅ​យក​ប្រាក់​ពី​រាស្ដ្រ​អង្កាល់ ឯ​ធនញ្ជ័យ​ក្រាប​ទូល​ថា ម្ចាស់​មាន​ព្រះ​បន្ទូល​ថាឱ្យ​១​បាត្រ​វិញ កុំ​ឱ្យ​យក​៣០​តម្លឹង​ឡើយ បាន​ជា​ទូល​ព្រះ​បង្គំ​យក​តាម​ព្រះ​បន្ទូល​វិសេស​នោះ ឯ​មហាក្សត្រ​ស្ដាប់​ហើយ​ក៏​មាន​ព្រះ​បន្ទូល​ថា អញ​ឱ្យ​យក​៤​ស្លឹង​បប្រាក់​ចាយ​សព្វ​ថ្ងៃ​នេះ​ទេ ប៉ុន្តែ​គេ​ហៅ​ថា​មួយ​បាត្រ ឥឡូវ​នេះ​អាយក​តែ​៤​ស្លឹង​វិញ កុំ​យក​បាត្រ​ទៅវាស់​នោះមិន​ត្រូវ​ទេ។ ហើយ​ស្ដេច​មាន​ព្រះ​បន្ទូល​ថា អាជ័យ​ឯង​នេះ​ធ្វើ​ឱ្យ​ក្ដៅ​ទឹក​ដីអញ​ណាស់ នឹង​ទុក​នៅ​មិន​បាន ទើប​ស្ដេច​មាន​ព្រះ​បន្ទូល​ហៅ​នាយ​ពេជ្ឍ​ឃាត​យកធនញ្ជ័យ​សម្លាប់​ ដូច​ព្រះបន្ទូល​បង្គាប់​នោះហោង ឯ​អស់​ពេជ្ឈ​ឃាត​នាំ​ធនញ្ជ័យទៅ​ដល់​ទូ​កហើយ ឱ្យ​យក​ទូក​មួយ​មករកគ្នា​ដាក់​អង្គុយ អុំ​គ្រប់​ចំណុះ​ទូក​ពេញហើយ ដាក់ធនញ្ជ័យចំ​កណ្ដាល​ហើយតាំង​ហ៊ោ​បី​ដង ចេញ​ទូក​ទៅ ធនញ្ជ័យ​គិត​ក្នុង​ចិត្ត​ថា អញ​នឹង​បញ្ឆោត​អស់​ទាំង​ពេជ្ឈឃាត​កុំ​ឱ្យ​សម្លាប់​អញ​បាន គិត​រួច​ហើយ​និយាយ​ថា អស់​បង​ប្អូន​ឥឡូវ​នេះ អញសម្លាប់​ហើយ អញ​នឹង​លែង​ឱ្យ​អស់​បង​ប្អូន​សប្បាយ​ម្ដង​កុំ​ខ្លាច បើរ​ត់​តើ​នឹង​ទៅឯ​ណា នៅ​ក្នុង​ទឹក​នោះ​ឯង ឯ​អស់​ពេជ្ឈឃាត​ស្ដាប់​ពាក្យ​ធនញ្ជ័យ​ហើយគិតថា​ តើ​នឹង​មាន​បើនឹង​រត់ តើ​ដូចម្ដេច​ក៏​នឹង​រួច​ក្នុងតែ​អញ​នឹង​ចាប់​បាន គិត​ដូច្នោះ​ហើយក៏​ស្រាយ​​ធនញ្ជ័យ​​ចេញ ឯ​ធនញ្ជ័យ​​ក៏​ថា​ឱ្យខ្ញុំ​ទៅកន្សៃ​ទូក ហើយ​ខ្ញុំនឹង​ច្រៀង​បន្ទរលេង​ឱ្យ​សប្បាយ ឯ​អស់​ពេជ្ឈឃាត​ក៏​ព្រមឱ្យ​ធនញ្ជ័យ​​ទៅអង្គុយ​ឯ​កន្សៃ​ច្រៀង​បន្ទរ​ថា បើ​អញ​ថា​​ធនញ្ជ័យ​​ធ្លាក់​ទឹក ឯង​ថា​ហៃ​អើៗ ឯ​អស់​អ្នក​អុំ​ទូក​ក៏​ព្រម​ថា​ហៃ​អើៗ លុះ​ថា​តែ​ដូច្នោះ​រឿយ​ៗ​ទៅហើយ វា​ពុំ​បាន​ជា​គិត​ថា ​ធនញ្ជ័យ​​នឹង​លោត​ទឹក​រត់​ដូច្នោះ គិត​តែ​សប្បាយ​ក៏​ថា​ទៅ នឹង​ដឹង​ថា​ដូច្នោះ​ក៏​ទេ។ ឯ​​ធនញ្ជ័យ​​ថា​ឱ្យ​ស្រែក​ឱ្យ​ខ្លាំងជាង​ពីដើម​ទៀត​លុះ​​ល្មម​តែ​នឹង​លោត​ ទឹក​ហើយ​ ​ធនញ្ជ័យ​​ក៏​លោត​ទៅ​ក្នុង​ទឹក​ប្រូង​ទៅ។ឯ​អ្នក​កន្សៃ​ស្រែក​ថា ​ធនញ្ជ័យ​​ធ្លាក់​ទឹក​ទៅហើយ អ្នក​ក្បាល​ថា​ហៃ​អើៗដូច​អំពីដើម​នោះ​ឯង ឯ​​ធនញ្ជ័យ​​ក៏​ប្រឹង​ហែល​ទៅ​ដល់​ត្រើយ ហើយ​ដើរ​រើស​ស្បង់​ចីពរ​បាន ហើយ​ចូល​ទៅ​ជួន​នឹង​លោក​សង្ឃរាជនៅ​ក្នុង​កុដ​លោក​នោះ ជា​សុខសប្បាយ​ដូច​សព្វ​ដងរៀង​មក ឯ​អស់​អ្នក​អុំ​ទូក​នោះ​លុះ​បន្តិច​ដឹង​ថា ​ធនញ្ជ័យ​​លោត​ទឹក​ទៅ​ ហើយ​ក៏​បន្ទោស​គ្នា​ថា អញ​មិន​ដឹង​ទេ សេចក្ដី​នេះ​តាម​តែ​លោក​នាយ​ចុះ ខុស​ត្រូវ​យើង​មិន​បាន​ស្រាយ​​ធនញ្ជ័យ​​ទេ ជជែក​គ្នា​ហើយ​វិល​មក​វិញ ហើយ​ឡើង​ទៅក្រាបទូល​ថា សូមទាន​ក្រាបទូល ត្បិត​ទ្រង់​បង្គាប់​ឱ្យ​នាំ​​ធនញ្ជ័យ​​ទៅសម្លាប់​នោះ ​ធនញ្ជ័យ​​ក៏ខឹង​ចិត្តលោត​ទឹក​ទាំង​ចំណង​លិច​បាត់ទៅ មិន​ឃើញ​អណ្ដែត​ឡើង​ឡើយ។​ ឯ​ព្រះ​មហាក្សត្រ​ស្ដាប់​ហើយ មាន​ព្រះ​បន្ទូល​ថា វា​ហើយ​ទៅ​ចុះ កុំ​ឱ្យ​តែ​វា​រស់​ឡើង​វិញ មាន​ព្រះ​បន្ទូល​ដូច្នោះហើយ គង់កំសាន្ដ​ព្រះទ័យ​ជា​សប្បាយ​ឥត​មាន​ខ្ញាល់​ឡើយ។លុះ​ដល់​យូរ​បន្ដិច​ទៅ ដឹង​ឭដល់​ស្រុក​ចិន​ថា នៅ​ស្រុក​គោក​ធ្លក ជា​ស្រុក​ខ្មែរ​មាន​អ្នក​ប្រាជ្ញ​មួយ​ឈ្មោះ​​ធនញ្ជ័យ​ ឥតមាន​អ្នក​ប្រាជ្ញ​ឯណា​នឹង​ស្មើ​ប្រាជ្ញ​ចៅ​​ធនញ្ជ័យ​​នោះ​បាន ប៉ុន្តែ​ឥឡូវ​នេះ​ គេ​សម្លាប់​ទៅ​ហើយ បើ​ដូច្នោះ​ឃើញថា នឹង​យក​នគរ​ងាយ ស្ដេច​ស្រុក​ចិន​គិត​ឃើញ​ដូច្នោះហើយ ឱ្យ​ហៅ​នាម៉ឺន​ធំ​តូច​មកដល់​ហើយ ស្ដេច​ឱ្យ​ជំនុំ​រឿង​នឹង​ចាប់​យក​នគរ​ខ្មែរ​ ត្បិត​ស្ដេចនគរ​ខ្មែរ​សម្លាប់​អ្នក​ប្រាជ្ញ​ទៅហើយ បើ​នាម៉ឺន​ជំនុំ​គិតគ្នា​ឃើញដូចម្ដេច​ ឱ្យ​មក​ប្រាប់​អញ។ ឯ​អស់​នាម៉ឺន​បានស្ដាប់​ព្រះបន្ទូល​ហើយ​មក​ជំនុំគ្នា​ថា បើ​គេ​សម្លាប់​អ្នក​ប្រាជ្ញ​នោះ វា​ជា​ហើយ យើង​ឱ្យ​អ្នក​ប្រាជ្ញ​យើង​ទៅចោទ​ប្រស្នា បើ​រក​មិន​ឃើញ យើ​ង​យក​នគរ​នោះ​បាន​ងាយ គិតឃើញ​ដូច្នោះ​ហើយ ឡើង​ទៅ ក្រាបទូល​ឱ្យ​ទ្រង់​ជ្រាប ថា​អស់​យើង​ខ្ញុំ​គិត​ទៅឃើញ​ថា ឱ្យ​អាចារ្យ​យើង​បាន​៤នាក់​ ទៅ​ចោទ​ប្រស្នា​ភ្នាល់​យក​នគរនេះ​ឃើញ​ថាងាយ ត្បិត​អ្នកប្រាជ្ញ​ស្រុក​ខ្មែរ​ស្លាប់​ទៅ​ហើយ ស្ដេច​ស្ដាប់​ហើយក៏​ព្រម​តាម​នាម៉ឺនទូលនោះ ហើយ​ឱ្យ​យក​អាចារ្យ​៤​នាក់​មក​ មកដល់​ហើយ​ទ្រង់​ផ្ដាំ​ថា ឱ្យ​ទៅ​ចោទ​ប្រស្នា ភ្នាល់​នឹង​ស្ដេចស្រុក​ខ្មែរ បើ​អ្នកណា​ចាញ់​យក​នគរ​ធ្វើ​ជា​ចំណុះ ផ្ដាំ​រួច​ហើយ​ឱ្យ​យក​សំពៅ​បាន​៤​ ឱ្យ​មួយ​ម្នាក់​គ្រប់​អាចារ្យ​ទាំង​បួន ហើយ​ធ្វើ​ព្រះ​បន្ទូល​មក​ស្រុក​ខ្មែរឱ្យ​បាន​ជ្រាបថា ឯ​សេចក្ដី​ក្នុង​សំបុត្រព្រះ​បន្ទូល​នោះ​ថា ព្រះ​រាជ​សារមេត្រី​អំពី​ស្ដេចក្រុង​ចិន ថ្វាយ​មក​ស្ដេច​ស្រុក​ខ្មែរ​សូម​បាន​ជ្រាប ត្បិត​ឭ​ដំណឹង​ដោយ​រាស្ដ្រ​ទៅ​រក​ស៊ី​ស្រុក​ខ្មែរ​ថា​ស្រុក​ខ្មែរ​មាន​ អ្នកប្រាជ្ញ​មួយ ឈ្មោះ​ធនញ្ជ័យ​ជា​អ្នកប្រាជ្ញ​ធំ ឥឡូវនេះ​យើង​ប្រើ​អ្នក​ប្រាជ្ញ​ស្រុក​យើង​ឱ្យ​មក​ចោទ​អាថ៌​ប្រស្នា​ភ្នាល់​ គ្នា បើ​អ្នកប្រាជ្ញ​នគរណាចាញ់ នឹង​យក​នគរ​នោះ​ឯង ថ្វាយ​មក​សួរ គួរ​ពុំ​គួរ​តាម​ព្រះទ័យ សេចក្ដីអស់តែ​ប៉ុណ្ណោះ​ឯង ធ្វើ​ព្រះ​បន្ទូល​ហើយ​ដាក់​ក្នុងបំពង់​ឱ្យ​ទៅ​អាចារ្យ​ទាំង​៤ ចុះ​សំពៅ​បើក​ដល់​ស្រុក​ខ្មែរ ហើយ​ចត​នៅ​ប្រប​កំពង់​ហើយ​ឡើង​យក​សំបុត្រ​ទៅ​ថ្វាយ​ស្ដេច​នគរ​គោក​ធ្លក ហើយ​វិល​មក​នគរ​វិញ ឯ​មហាក្សត្រ​ខ្មែរ​ឃើញ​សំបុត្រ​ព្រះរាជសារ ឱ្យ​បើក​មើលឃើញ​ក្នុង​សេចក្ដី​សព្វគ្រប់ ដូច​យើង​បាន​ស្រដី​អំពី​មុន។ ឯ​ព្រះមហាក្សត្រទ្រង់​ជ្រាប​គ្រប់​ប្រការ​ហើយ គិត​ស្ដាយ​​ធនញ្ជ័យ​ថា បើ​អញ​មិន​ឱ្យ​សម្លាប់​វា យល់​ជា​មិន​ពិបាក​ចិត្ត​ទេ។យើង​នឹង​ស្រដី​អំពី​កាល​ធនញ្ជ័យ​ទៅ​បួស​ បាន​យូរ​ខែ ឯ​លោក​សង្ឃ​ឈ្មោះ​​ធនញ្ជ័យ​នោះគិត​ថា អញ​នឹង​ទៅ​យក​ចង្ហាន់​បិណ្ឌ​បាត​ក្នុង​ព្រះរាជវាំងឱ្យ​ជួប​នឹង​ស្ដេច ចង់​ដឹង​មើល​បើ​ឃើញ​អញ តើ​ស្គាល់​ ឬទេ? លោក​ជ័យ​គិត​ដូច្នោះ​ហើយ ក៏​ឃ្លុំ​ចីពរ​យក​បាត្រ​មក​ស្ពាយ ដើរ​ចូល​ទៅ​ក្នុង​ព្រះបរមរាជវាំង​ជាមួយ​លោកសង្ឃ​ជា​ច្រើន ឯ​លោក​ជ័យ​នៅ​ក្រោយ​គេ​បង្អស់​ ព្រះ​មហា​ក្សត្រ​ចេញ​មក​ដាក់​បាត​លោក​ដូច​សព្វ​ដងគ្រប់​អង្គ នៅ​តែ​លោក​តា​ជ័យក្រោយ​គេ​បង្អស់ ស្ដេច​ទត​ទៅ​ឃើញ ស្ដេច​មាន​ព្រះ​បន្ទូល​ថា អញ​មើលមុខ​លោក​នេះ​ដូច​ជា​មុខ​លោក​ជ័យ ឯ​លោក​ជ័យ​ថា ជ័យហើយ​ថា​មិន​ជ័យ រួច​ដើរ​ហួស​ទៅ ឯ​ព្រះ​មហាក្សត្រ​ស្ងៀម​ទៅ។លុះ​ដល់​មាន​សារ​មក​ពី​ស្រុក​ចិន​ឱ្យ​ចោទ​ ប្រស្នា​នោះ ស្ដេច​គិត​ថា​កាល​អំពី​មុន អញ​ឃើញ​លោក​សង្ឃ​មក​យក​បាត្រប្រហែល​អាជ័យ​ក្រែង​វា​មិន​ស្លាប់​ទេ ហើយ​វា​ទៅបួស​ បើ​ដូច្នោះ អញ​ឱ្យ​អាមាត្យដើររក​ដោយ​វត្ត​លោកសង្ឃ​បួស​មែន ហើយ​ស្ដេច​បង្គាប់​ឱ្យ​អា​មាត្យ​៤​នាក់ ថា​អាឯង​ទៅ​រក​អាជ័យ​ក្រែង​វា​រត់​ទៅបួស ឯ​អាមាត្យ​ស្ដាប់​ហើយក៏​ថ្វាយ​បង្គំលា​ដើរ​ទៅ​រក​ធនញ្ជ័យនៅ​វត្ត​លោកសង្ឃ ទៅ​ឃើញ​នៅវត្ត​បួស​ជា​សង្ឃ​ហើយ​អាមាត្យ​ទូល​ព្រះ​ពុទ្ធដីកាថា ត្បិត​មាន​ព្រះ​បន្ទូល​ពិសេស​ឱ្យ​និមន្ត​លោក​ទៅ លោកតា​ស្ដាប់​ហើយ​ក៏​និមន្ដ​ទៅ​តាម​អាមាត្យ​ លុះ​ទៅ​ដល់​ហើយ​ក៏​គង់​ស្ងៀម ឯ​ព្រះ​មហាក្សត្រ​ទត​ឃើញ​​ធនញ្ជ័យហើយ​ក៏​ត្រកអរ​ណាស់​ហើយ​សួរ​ថា លោក​តា​ជ័យ​អន់​ចិត្ត​នឹង
​ព្រះ​ករុណា​ ឬ​ដូចម្ដេច? ឯ​លោកតា​ជ័យ​ថ្វាយ​ព្រះពរ​ថា​ទេ ទើប​មាន​ព្រះ​បន្ទូល​ថា ត្បិត​មាន​អាចារ្យ​ពី​ស្រុក​ចិន 
គេ​ឱ្យ​មក​ចោទ​ប្រស្នា​យក​នគរ បើ​ដូច្នោះ​ តើ​ជា​លោក​ដោះ​រួច​ឬទេ? ឯ​លោក​តា​ជ័យ​ថា ដោះ​ថ្វាយ​កុំ​ព្រួយ​ព្រះ​ហឫទ័យ ស្ដេច​ស្ដាប​ហើយ​ក៏​ត្រេក​អរ​ក្នុង​ព្រះហឫទ័យ ទ្រង់​មាន​ព្រះ​បន្ទូល​នឹង​លោក​តា​ជ័យ​ថា បើ​ដូច្នោះ មាន
​តែ​សឹក​ចេញ​ទើប​ជា ទើ​បលោក​តាជ័យ​ថ្វាយ​ព្រះពរ​ថា អាត្មា​ភាព​សឹក​ថ្ងៃ​នេះ​ឯង​កុំ​ព្រួយ​ព្រះ​ហឫទ័យ​ឡើយ ហើយស្ដេច​ឱ្យ​សំពត់​អាវ​ក្រមា​ក្រវាត់។ លោកតា​ជ័យ​ទទួល​យក​សំពត់​អំពី​ព្រះមហាក្សត្រ ហើយ​លា​វិល​ទៅសឹក​ចេញ ស្លៀកសំពត់​អាវ​ក្រវាត់​ក្រមា ហើយ​ក៏​ចូល​ទៅថ្វាយ​គាល់ ស្ដេច​ទត​ឃើញ​ហើយ​ស្ដេច​មាន​ព្រះ​បន្ទូល​ថា បណ្ឌិត​ជ័យ​គេ​មកហើយ មើលទៅ​ល្អ​សមជា​បណ្ឌិតអ្នក​ប្រាជ្ញ​បាន​ជា បើ​អ្នក​ឯណា​បួស​ហើយ​សឹក​វិញ​គេ​ហៅ​ថា បណ្ឌិតៗដូច្នោះ​ឯង​ រួច​ហើយ​ស្ដេច​ដណ្ដឹងថា ឥឡូវ​នេះ​នឹង​ឱ្យ​អាចារ្យ​ចិន គេ​ឡើង​មក​ចោទ​ប្រស្នា​ថ្ងៃ​ណា ទើប​បណ្ឌិត​ជ័យ​ក្រាបទូល​ថា ក្នុង​បី​ថ្ងៃ​ទៀតឱ្យ​ឡើង​មក​នឹង​ចោទ​ប្រស្នា​គ្នា ហើយ​បណ្ឌិតជ័យ​ឱ្យ​គេ​រក​គម្ពីរ​ឱ្យ​ច្រើន ហើយ​ឱ្យ​រក​មហាតលិក​បាន​បួននាក់ ឱ្យ​យក​ខ្មៅ​ដុស​ឱ្យ​បាន​ច្រើនដាក់​នឹង​ថាស​នោះ បួន ហើយ​ឱ្យ​យក​ក្ដា​ធំ​រលីង​បួន​ជ្រុង​មក​ឱ្យ ហើយឱ្យ​ចាប់​ក្ដាម​ឱ្យ​បាន​៤ក្អម ហើយ​ឱ្យ​យក​ក្រដាស់​ស​ពុម្ព​ធំឱ្យ​ច្រើន​មក​ឱ្យ ទូល​ព្រះ​បង្គំ​នឹង​ធ្វើ​ប្រស្នា​ថ្វាយ​ កុំ​ព្រួយ​ព្រះរាជហឫទ័យ ឯ​ព្រះ​មហាក្សត្រ​ស្ដាប់​ហើយ​ ឱ្យ​រក​តាម​ពាក្យ​ធនញ្ជ័យ​បង្គាប់ បាន​មក​ហើយ​ឱ្យ​យក​ទៅ​ប្រគល់​ឱ្យ​​ធនញ្ជ័យ រួច​ហើយ​ឱ្យ​បម្រើ​ទៅ​ប្រាប់​អាចារ្យ​ស្រុក​ចិន​ដែល​មក​ចត​សំពៅ​នៅ​កំពង់ នៅ​មុខ​ព្រះលាន មានព្រះ​បន្ទូល​ឱ្យ​ប្រាប់​មក​ថា បី​ថ្ងៃទៀត​ឡើង​ទៅ​ចោទ​ប្រស្នា​នឹង​អ្នកប្រាជ្ញ​ស្រុក​ខ្មែរ​យើង​ចុះកុំ​ ខានឡើយ ឯ​អាចារ្យ​ស្រុក​ចិន​ស្ដាប់​ហើយ​ទទួល​តាម លុះ​ដល់​ថ្ងៃ​ត្រូវ​សន្មត់ហើយ​អាចារ្យ​ចិន​ឡើង​ចោទ​ប្រស្នា ឯ​​ធនញ្ជ័យ​ក៏​ដើរ​ចុះ​ទៅទទួល​ពាក់​កណ្ដាល​ផ្លូវ មុខ​ព្រះលាន​ស្ដេច​នោះឯង អាចារ្យ​ស្រុក​ចិន​មើល​ទៅឃើញ​​ធនញ្ជ័យដើរ​មក​អំពីចម្ងាយ​ហើយ​ធ្វើ​ប្រស្នា ចង្អុល​ទៅ​មើល ឯ​​ធនញ្ជ័យ​ចង្អុល​ទៅឯ​ព្រះអាទិត្យ អ្នក​ប្រាជ្ញ​ចិន​ចង្អុល​ទៅក្រៅ​ដី លា​បាត​ដៃ​ហើយ​លើក​ម្រាម​ដៃ​បញ្ឈរ​ឡើង​ទៅ​លើ អ្នក​ប្រាជ្ញ​ចង្អុល​ចុះ​ទៅ​ក្រោម ​​ធនញ្ជ័យ​ចង្អុល​មក​ខ្លួន​ឯង។ឯ​អ្នក​ប្រាជ្ញ​ស្រុក​ចិន​សួរថា កាល​យើង​ចង្អុល​ទៅ​លើ​មេឃ ហើយ​អ្នកឯង​ចង្អុល​ទៅ​ព្រះ​អាទិត្យ​នោះ តើ​អ្នក​ឯង​ដឹង​ដូចម្ដេច ទើប​​ធនញ្ជ័យ​ថា អញ​ដឹងថា អ្នក​ឯង​ចង្អុល​ទៅ​លើ​មេឃ​នោះ គឺ​អ្នក​ឯង​សួរ​ថា​មាន​សត្វ​អ្វី ឯ​អញ​ចង្អុល​ទៅព្រះ​អាទិត្យ​នោះ តើ​អ្នក​ឯង​ដឹង​ ឬ​ទេ? អ្នក​ប្រាជ្ញ​ចិន​ថា អញ​ដឹងអ្នក​ឯង​ថា​មេឃ​នោះមាន​តែ​ព្រះ​អាទិត្យ​ព្រះច័ន្ទ​នោះឯង​នៅ​លើមេឃ ទើប​អ្នកប្រាជ្ញ​ស្រុក​ចិន​ថា ដែល​អញ​ចង្អុល​ទៅ​ក្រៅ​ដី​នោះ តើ​អ្នក​ឯងថាដូចម្ដេច? ទើប​​ធនញ្ជ័យ​ឆ្លើយ​ថា​ អញ​ដឹង​ហើយ ឯង​ចង្អុល​ទៅ​ខាង​ក្រៅ​នោះថា សត្វអ្វី ទើប​​ធនញ្ជ័យថា អញ​ធ្វើ​ម្រាម​ដៃ​ឡើង​ទៅ​លើ​ជុំវិញ​នោះ តើ​អ្នក​ឯង​ថា​សត្វ​អ្វី ទើប​អាចារ្យ​ចិន​ថា អញ​ដឹង បាន​ជាឯង​ធ្វើ​ដូច្នេះ ថា​ក្រៅ​ផែនដី​មាន​ទឹក​សមុទ្រ ក្រៅ​សមុទ្រ​នោះ មាន​ភ្នំ​ចក្រ​វាល​ក្រៅ​នោះ​ឯង ទើប​អាចារ្យ​ចិន​ថា អញ​ចង្អុលចុះ​ក្រោម​នោះ តើ​អ្នក​ឯង​ដឹង ឬ​ទេ? ​ធនញ្ជ័យ​អញ​ដឹង ឯង​ចង្អុល​ចុះ​ក្រោម​នោះថា នៅ​លើដីនេះ តើ​មាន​សត្វ​អ្វី? ​ធនញ្ជ័យ​ថា​អញ​ចង្អុល​មក​ខ្លួន​អញ​នោះ តើ​ឯង​ដឹង​ឬទេ? ឯ​អាចារ្យ​ចិន​ថាអញ​ដឹង ឯង​ចង្អុល​ខ្លួន​ឯង​នោះថា នៅ​លើ​ដី​មាន​តែ​មនុស្ស។ សួរ​ឆ្លើយ​ទទួល​គ្នា រួច​ហើយ​អាចារ្យ​ចិនលា​ធនញ្ជ័យ​វិល​ទៅ​សំពៅ​វិញ។
លុះ​ព្រឹក​ឡើង​មក​ជួបនឹង​​ធនញ្ជ័យ ឯ​អាមាត្យ​ចិន​ធ្វើ​ប្រស្នា​ឱ្យ​ធនញ្ជ័យ ចាប់​ធ្វើ​ជា​រង្វង់ ឯ​​ធនញ្ជ័យ​ធ្វើ​បត់​ដុំដៃ​បង្ហាញ​ទៅ​ អាមាត្យ​លា​ម្រាម​ដៃ​ទាំង​៥ បង្ហាញ​មក​​ធនញ្ជ័យ ​ធនញ្ជ័យ​បង្ហាញ​ម្រាម​១ បង្ហាញ​ទៅអាចារ្យ​ចិនអាចារ្យ​ចិន​ឃើញ​ហើយ​វិល​ទៅ​សំពៅ​វិញ ឯ​​ធនញ្ជ័យ​ក៏វិល​ទៅផ្ទះ​វិញ។លោកគ្រូ​សង្រាជ​បាន​ឭ​​ធនញ្ជ័យ​ចោទ​ ប្រស្នា​នឹង​អាចារ្យ​ចិន ដូច្នោះហើយ ក៏​និមន្ដ​មក​សួរ​ចង់​ដឹង​ដំណើរការនោះ ជួប​នឹង​​ធនញ្ជ័យ​ជ័យ​ហើយ​ដណ្ដឹង​ថា កាល​អ្នក​ចោទ​ប្រស្នា​នឹង​ចិន​ធ្វើ​ដូចម្ដេច ទើប​​ធនញ្ជ័យ​ទូល​ថា ចិន​ធ្វើ​ដៃ​ជា​រង្វង់ ខ្ញុំ​បង្ហាញ​ដុំដៃ ចិន​លា​ដៃ​បង្ហាញ​ម្រាម​ទាំង​៥ ខ្ញុំ​ក្ដាប់​បង្ហាញ​ម្រាមដៃ​១។ទើបលោកគ្រូ​សង្គ្រាជ​ដណ្ដឹងថា បើដូច្នោះ​តើដូចម្ដេច តើដូចម្ដេច ទើប​​ធនញ្ជ័យ​ថា ឯចិន​ធ្វើ​ដៃ​ជារង្វង់​ដូច្នោះ​ខ្ញុំ​ថា​ធ្វើ​អង្រុត​រុត​ត្រី ទើប​ខ្ញុំ​បង្ហាញ​កែង​ដៃនោះ ថា​បើ​អង្រុត​រុត​ត្រី​ដូច្នោះ តើ​អង្រុត​បាន​ត្រី​ប៉ុន្មាន ឯ​បង្ហាញ​ម្រាម​ដៃ​ប្រាំ​នោះថា បើ​បាន​ត្រីប៉ុណ្ណោះ ល្មម​ធ្វើ​ងៀត​បាន​៥​ចម្រៀក ឯ​បង្ហាញ​ចង្អុល​ដៃ​មួយ​ថា​ស៊ី​មួយ​ថ្ងៃ​មួយ​ចម្រៀក ក្នុង​ត្រី​មួយកន្ទុយ បាន​៥​ថ្ងៃ​ទើប​អស់។ ឯ​លោកគ្រូសង្គ្រាជ​បាន​ដឹង​ហើយ​ក៏វិល​ទៅកុដិ​វិញ។ទើបលោក​សម្ដេច​ចៅហ្វាយ​ទៅ​សួរ​​ធនញ្ជ័យចង់ ​ដឹង​អំពី​ប្រស្នាចិននោះថា​ដូចម្ដេច​ប្រាប់​អញ​ផង អញ​ចង់​ដឹង ​ធនញ្ជ័យ​ស្ដាប់​ហើយ​ជម្រាបថា ចិន​ធ្វើ​ដៃ​ជា​រង្វង់ ខ្ញុំ​បង្ហាញ​ដុំដៃ ចិន​លា​ដៃ​បង្ហាញ​ម្រាម​ទាំង​៥ ខ្ញុំ​ក្ដាប់​បង្ហាញម្រាមដៃ​១ លោក​សម្ដេច​ចៅហ្វាយ​ដណ្ដឹង​ថា បើដូច្នោះថា​ដូចម្ដេច ​​ធនញ្ជ័យ​ប្រាប់​ថា​ ចិន​ឱប​ដៃ​ជា​រង្វង់នោះ​ថា នឹងចាប់​យក​នគរ។ ខ្ញុំ​បង្ហាញ​ដុំដៃ​ថា អញ​ថង​នឹង​កែង​ដៃ ចិន​បង្ហាញ​ម្រាម​៥ ថាគេ​មានគ្នា​ច្រើន ខ្ញុំ​បង្ហាញចង្អុលដៃ​មួយនោះ​ថា អញតែ​ម្នាក់​ឯង អញ​វាយ​ឯង​មិន​ខ្លាច​ទេ លោក​ចៅហ្វាយ​ឭដូច្នោះ​ហើយ​ក៏វិល​ទៅ​វិញ ឯព្រះ​មហាក្សត្រស្ដេច​ឱ្យ​ហៅ​​ធនញ្ជ័យ​សួរថា កាល​អាចារ្យ​ចិន​គេ​ចោទ​ថា​ដូចម្ដេច​ខ្លះ ​ធនញ្ជ័យ​ក្រាបទូល​ថា កាលអាចារ្យ​ចិន​គេ​មក​ដល់​ធ្វើ​ដៃ​ជា​ឱប​ដៃបង្ហាញ ទូល​ព្រះ​បង្គំបត់​កែង​ដែ​បញ្ឈរ​បង្ហាញ​ទៅ​វិញ ហើយ​អាចារ្យ​ចិន​បង្ហាញ​ម្រាម​ដៃ​ទាំង​៥ ទូល​ព្រះ​បង្គំ​បង្ហាញម្រាម​ដៃ​មួយទៅវិញ ទើប​ស្ដេច​មានព្រះ​បន្ទូល​ដណ្ដឹង​ថា ដូចម្ដេច​បើ​ដូច្នោះ ទើប​​ធនញ្ជ័យ​ក្រាប​ទូល​ថា ឯ​ចិន​ឱប​ដៃ​បង្ហាញ​មក​សួរថា ក្នុង​ទ្វីប​ទាំង​៤​នេះ​តើ​មាន​អ្វីខ្លះ? ទូល​ព្រះ​បង្គំ​បត់​ដុំ​ដៃ​បង្ហាញ​នោះ​ប្រាប់​ថា មាន​ព្រះ​សិនេរ​ត្រង់​កណ្ដាល ទើប​ចិន​បង្ហាញ​ម្រាម​ទាំង​៥​នោះ​ដណ្ដឹង​ថា មាន​ព្រះ​ពុទ្ធ​៥​អង្គ​បាន​ត្រាស់​ក្នុង​កប្ប​នេះ ទើប​ទូល​បង្គំ​បង្ហាញ​ម្រាម​ដៃ​មួយ នោះ​ប្រាប់​ថា​៥​អង្គ ប៉ុន្ដែ​បានត្រាស់​៤​អង្គ​ទៅ​ហើយ នៅ​តែ​មួយ​អង្គទៀតមិន​ទាន់​បាន​ត្រាស់​នៅ​ឡើយ ប្រស្នា​នេះ​ដូច្នោះ​ឯង សូមទ្រង់​ជ្រាប ហើយ​​ធនញ្ជ័យ​ថ្វាយ​បង្គំ​លា​ទៅ​ផ្ទះ​វិញ។លោក​គ្រូ​សង្គ្រាជ​និង​សម្ដេច​ចៅហ្វាយ​ទៅ​ ជួបនឹង​មហាក្សត្រ ហើយ​និយាយ​តាម​ដំណើរ​ដែល​បាន​ដណ្ដឹង​​ធនញ្ជ័យ កាល​ចោទ​ប្រស្នា​នឹង​ចិនក្រាប​ទូល​ស្ដេច​ៗ​ស្ដាប់​ហើយមាន​ព្រះ​បន្ទូល​ថា វា​ប្រាប់លោក​គ្រូសង្គ្រាជ​ផ្សេង​ ប្រាប់ចៅហ្វាយ​ផ្សេង វា​ប្រាប់​អញ​ផ្សេង​នឹង​ឱ្យ​ប្រាកដ​ជា​ប្រស្នា​ដូចម្ដេចនោះមិន​បាន​ឡើយ ស្ដេច​នូវ​អស់​ទាំង​នាម៉ឹន​ខ្លាច​ប្រាជ្ញា​​ធនញ្ជ័យ​ណាស់។ឯ​​ធនញ្ជ័យ​ក៏​វិល​ទៅផ្ទះ ហើយយក​ខ្មៅ​ដុស​ក្ដារ​៤​ជ្រុង​ ក្រដាស់​ស និង​គម្ពីរ​ដែល​ឱ្យគេរក ហើយ​នឹង​ក្ដាម​ដែល​ដាក់​ក្នុង​ក្អមទាំង​៤​នោះមក​ ហើយ​ក៏យក​ក្ដាម​ដាក់​ត្រង់​កណ្ដាល ហើយ​យក​ថាសដាក់​ទឹក​ខ្មៅ ដាក់​គ្រប់​ជ្រុង​ទាំង​៥ ហើយ​យក​ក្រដាស​ក្រាល​លើ​ក្ដារ ហើយ​យក​ក្ដាម​ដាក់​ក្នុង​ថាស​ទឹក​ខ្មៅឱ្យ​វា​វារ​ឡើង​លើ​ក្រដាស់​នោះ ឯ​ទឹក​ខ្មៅ​នៅប្រឡាក់​នៅ​ជើង​ក្ដាមវារ​នោះ ដិត​ជាប់​នឹង​ក្រដាស់​នោះច្រើន ហើយ​យក​ទៅ​ហាល​ថ្ងៃ​ លុះ​ធ្វើ​ដូច្នោះ ឯងបាន​ច្រើន​ហើយ ឱ្យ​យក​គម្ពីរ​មក​រុំ​ទុក ហើយ​យក​ក្រដាសមក​ដាក់​​ឱ្យ​ក្ដាម​វាវារ​លើ​ជាច្រើនទៀត រួច​ហើយ​ឱ្យ​យក​ក្ដារ​និង​ទឹក​ខ្មៅ​ទៅទុក ទើប​ឱ្យ​កូន​ក្មេង​មក​អង្គុយ​ច្រើន ហើយ​យក​ក្រដាស​មួយ​ពុម្ព​ម្នាក់ៗ​ឱ្យ​ក្មេងអស់នោះទន្ទេញ​ថា​ផ្ដេស​ផ្ដាស​ ទៅតាម​តែ​ក្មេង​ណា​ចង់​ថាទៅ ឱ្យ​ឭ​ដូច​ក្មេង​រៀន​អក្សរ​សាស្រ្ដ ឯ​អ្នក​ប្រាជ្ញ​ចិន​នោះ លុះ​ដល់​ព្រឹក​ឡើង​ហើយ ឡើង​ពី​សំពៅ​មក​ផ្ទះ​​ធនញ្ជ័យ នឹង​ចោទ​ប្រស្នា ឯ​​ធនញ្ជ័យ​មើល​ទៅ​ឃើញ​អាចារ្យ​មក​ដល់ហើយ ក៏​ដើរ​ទៅទទួល​ចាប់​ដៃ​ចូល​មក​អង្គុយ​លើ​កៅអី ហើយ​​ធនញ្ជ័យ​ឱ្យ​យក​ទឹក​តែ​មក​ឱ្យ​អាចារ្យ​ផឹក ឯ​ក្មេង​ៗ​ទាំង​នោះក៏​រៀន​អក្សរ​ឭ​កង​រំពងនឹង​ស្ដាប់​ភាសា​គ្នា​មិន​បាន ឯ​អាចារ្យ​ចិន​ឃើញអស់​ក្មេង​រៀន​សំបុត្រ​ហើយ​ឱ្យ​យក​ទៅបក​មើល មិន​ស្គាល់​តួអក្សរ​ដល់​១​សោះ ​ធនញ្ជ័យ​សួរ​ថា អាចារ្យ​ស្គាល់​អក្សរ​នេះ​ឬទេ អាចារ្យ​ចិន​ថា​ទេ ​ទើបធនញ្ជ័យ​ថា នេះ​គេ​ហៅ​អក្សរ​មីង​ឆ្វេង​ អក្សរ​ព្រាហ្មណ៍​ចាម បើ​មិន​ស្គាល់​ដូច្នេះ​នឹង​ឆ្លើយ​ប្រស្នា​នឹង​គ្នា​មិន​បាន​ទេ អ្នក​ឯង​ចាញ់​អញ​នឹងអក្សរ​នេះ​ហើយ អាចារ្យ​ចិន​ទទួល​ព្រម ​ធនញ្ជ័យ​ថា បើ​ចាញ់​ហើយ​អញ​យក​តែ​របស់​ក្នុង​សំពៅទាំង​៤ ឯ​សំពៅនោះ អញ​ឱ្យ​វិល​ត្រឡប់​ទៅ​ស្រុក​វិញ ឯ​នគរ​ក៏​អញ​ថ្វាយ​ទៅក្រុង​ចិន​វិញ​ដែរ តែ​អំពីថ្ងៃ​នេះ បើ​ឭ​ឈ្មោះ​​ធនញ្ជ័យ អ្នកប្រាជ្ញ​ឱ្យ​ខ្លាច​គ្រប់​ប្រទេស​ទៅ អាចារ្យ​ចិន​ក៏​ព្រម​ឱ្យ​របស់​ក្នុង​សំពៅទាំង​៤​នោះ ហើយ​ក៏បើក​សំពៅទៅស្រុក​ចិន​វិញ ឯ​​ធនញ្ជ័យ​កាល​បើ​បាន​របស់​អំពី​សំពៅទាំង​បួន​នោះ ហើយ ឱ្យ​បញ្ជូន​អស់​ទ្រព្យ​នោះ ទៅថ្វាយ​ព្រះបាទ​ជា​ម្ចាស់​ទាំង​អស់​ នឹង​មាន​យកជារបស់​ខ្លួន​ក៏ទេ ឯ​ព្រះមហាក្សត្រ បាន​ឭថា​​ធនញ្ជ័យ​ឈ្នះ​ប្រស្នា​អាចារ្យ​ចិន​ដូច្នោះហើយ លុះ​ដល់​ឃើញ​​ធនញ្ជ័យ​ឱ្យ​ជញ្ជូន​អស់​របស់​ទ្រព្យ​មក​ថ្វាយដូច្នោះ ក៏​ត្រេកអរ​ក្នុងព្រះហឫទ័យ ហើយ​មាន​ព្រះ​បន្ទូល​ថា ​ធនញ្ជ័យ​ឯង​បាន​ទុក​ខ្លះ​ហើយ​ឬទេរបស់​ទាំង​អស់​នេះ ​ធនញ្ជ័យ​ក្រាបទូល​ថា ទូល​ព្រះ​បង្គំ​ពុំ​បាន​យក​ទុកទេ ស្ដេច​ស្ដាប់​ហើយ​ក៏​មាន​ព្រះ​បន្ទូល​ថា បើ​ដូច្នោះ​អញ​នឹង​ឱ្យ​យក​ស្រី​ក្នុង​វាំងធ្វើ​ជា​ប្រពន្ធ​ឯង ហើយ​និង​របស់​ទ្រព្យ​ទាំង​អស់​គ្រប់​មុខ​កុំ​ឱ្យ​មាន​ខ្វះខាត​របស់​អ្វី ឯ​​ធនញ្ជ័យ​ក្រាប​ទូលថា ទូល​បង្គំ​មិន​ចង់​បាន​ទេ​ប្រពន្ធ​នោះ ត្បិត​មិន​មែន​ជា​ស្រីទេ ឈ្មោះ​ញី មិន​ប្រាកដ​ជា​ស្រី សូម​ជ្រាប ស្ដេច​ទ្រង់សណ្ដាប់​ហើយ ក៏​មាន​ព្រះបន្ទូល​ថា ឯណា​ឈ្មោះ​ស្រីនោះ ឯ​​ធនញ្ជ័យថា ទូល​ព្រះ​បង្គំ​នឹង​ក្រាប​ថ្វាយបង្គំ​លាទៅ រក បើ​បាន​នឹង​នាំ​មកថ្វាយ ហើយ​ទូលថា សូម​ព្រះអង្គ​ព្រះ​រាជ​​ប្រទាន​សំពត់ហូល ព្រែ ឱ្យ​ច្រើន​នឹង​ទៅរកស្រីនោះ​ទើប​ឃើញ ស្ដេច​ស្ដាប់ហើយ ព្រះ​រាជទាន​ហូល​ព្រែឱ្យ​ធនញ្ជ័យ​ជាច្រើន ហើយ​ទ្រង់​ផ្ដាំថា បើរក​បាន​វិល​មក​ឆាប់ ឯ​ធនញ្ជ័យ​ក្រាបទូល​ថ្វាយ​បង្គំលា យក​របស់​នោះ​វេច​ស្រេចហើយ ស្ពាយ​សម្ពាយ​ដើរ​ទៅ​ស្រី​នោះ។លុះ​ដល់​ទីណា​មាន​គេ​នៅ​ច្រើន​នោះ ចូល​ទៅសួរ​គេថា ស្រុក​នេះ​មាន​ស្រី​ ឬទេ? អ្នក​ស្រុក​ប្រាប់​ថា ស្រី​មាន​ដែរ​ ទើប​​ធនញ្ជ័យ​ថា មិន​មែន​ស្រីទេ នេះ​គេ​ហៅ​ថា​ឈ្មោះ​ញី មិន​មែន​ស្រី​ទេ ​ធនញ្ជ័យ​ថា​ហើយ​ដើរ​ទៅ​រក​ភូមិ​គេ​ឯទៀត​វិញ ហើយ​ចូល​ទៅ​សួរថា ក្នុង​ស្រុក​នេះ​ តើ​មាន​ស្រី​ឬទេ? អស់​អ្នក​ស្រុក​ប្រាប់​ថា ខ្ញុំ​ឆ្ងល់​ណាស់​ ចុះ​អស់​អ្នក​ស្រី​នេះ តើ​គេ​ហៅ​ថា​ជា​អ្វី​វិញ? ​ឯធនញ្ជ័យ​ថា ​ទេ នេះ​គេហៅ​ថា​ញី​ទេ ថា​ហើយ​ក៏​ដើរ​ទៅ​សួរ​រក​ស្រីឯទៀត លុះ​ទៅ​ដល់​ភូមិ​ផ្ទះ​នាង​សួស្ដី ហើយ​ដើរ​ទៅ​សួរ​រក​ស្រី ក៏​ប្រទះនឹង​នាង​សួស្ដី មក​អង្គុយ​នៅដីមុខ​ផ្ទះ​នោះ​ឯង ឯ​ធនញ្ជ័យ​ចូល​ទៅ​ដល់​ហើយក៏ដណ្ដឹង​សួរថា អ្នក​ប្អូន​នៅទីនេះ​មាន​ស្រី​ឬទេ? ឯ​នាង​សួស្ដី​ស្ដាប់​ហើយ​ឆ្លើយ​ថា អ្នក​ឯងនេះ​នៅស្រុក​ណា មាន​ទេ​ប្រុស​ក្នុង​ស្រុក​អ្នក​ឯង ឯ​​ធនញ្ជ័យ​ស្ដាប់​ហើយ​ក៏​គិត​ថា ហើយ​គេ​ហៅ​ថា​ស្រី​សួស្ដី ទើប​ធនញ្ជ័យ​ប្រាប់​ថា ឯ​ស្រុក​ខ្ញុំ​មាន​ប្រុស​ដែរ តើនាង​ដឹង​ឬទេ? ឈ្មោះ​ប្រុស​នោះ​ឯង នាង​សួស្ដី​ថា ខ្ញុំ​ដឹង បាន​ជា​គេ​ហៅ​ប្រុស​នោះ ត្បិត​គេ​ឈ្មោះ​ជ័យ​នោះ​ឯង ជ័យ​នោះ​ច្រើន​ជា​ធំ​ជាង​អស់​ឈ្មោះ​ផង ជ័យ​ឈ្នេះ​អស់​ក្នុង​ផែនដី​នេះ ឯង​បាន​ជា​ហៅ​ប្រុស​ៗ ត្បិត​ឈ្មោះ​ជ័យ​នោះឯង ទើប​នាង​សួស្ដី​ថា អ្នក​ឯង​ស្គាល់​ទេ​ស្រី​នោះ ទើប​ធនញ្ជ័យ​ថា ខ្ញុំ​ស្គាល់ បាន​ជាគេហៅ​ស្រីៗនោះ​ ត្បិត​តែ​ឈ្មោះ​សួស្ដី​នោះឯង ជា​សួស្ដី​មង្គល​ជា​ធំក្នុង​ផែនដីនេះ នឹង​យក​ឈ្នេះ​ណា​ឱ្យ​ដូច​គ្មាន បាន​ជា​គេ​ហៅ​ស្រីៗ​នោះ ត្បិតតែ​ឈ្មោះ​សួស្ដី ទើប​​ធនញ្ជ័យ​សួរថា នាង​មាន​ខ្លាច ឬ​គ្មាន​ខ្លាច​ទេ នាង​សួស្ដី​ឆ្លើយ​ថា ខ្ញុំ​គ្មាន​ខ្លាចទេ ថាអ្នក​ឯង​តើ​មាន​ក្រែង​ ឬមិន​ក្រែង​ទេ ​ធនញ្ជ័យ​ឆ្លើយថា​ ខ្ញុំ​គ្មាន​ក្រែង​អ្វី​ទេ នាង​សួស្ដី​ឆ្លើយថា ខ្ញុំ​ដឹងហើយ គឺ​អ្នក​ដណ្ដឹងថា មាន​ប្ដី ឬ​នៅ​ឡើយ បើ​មាន​ប្ដី​ហើយ​ខ្លាច​ប្ដី​ជេរ បើ​គ្មាន​ប្ដី​ទេ​នោះ​ថា​មិន​ខ្លាច​ទេ ទើប​នាង​សួស្ដី​ដណ្ដឹង​ថា ក្រែង​ ឬ​មិន​ក្រែងនោះ​ អ្នក​ថា​ដូចម្ដេច ទើប​​ធនញ្ជ័យ​ប្រាប់​ថា ខ្ញុំ​ដឹង នាង​ឯង​សួរ​ខ្ញុំ​ថា មាន​ប្រពន្ធ​ហើយ​ ឬ​នៅទេ បើ​មាន​ប្រពន្ធ​ហើយ​ក្រែង​ចិត្ត​ប្រពន្ធនោះ បើ​គ្មាន​ប្រពន្ធ​ទេ ថា​មិន​ក្រែង​ចិត្ត​នរណា​ទេ ឯ​​ធនញ្ជ័យ​បាន​ដឹង​ថានាង​សួស្ដី​គ្មាន​ប្ដី​ដូច្នេះហើយ ក៏ដាក់​សម្ពាយ​អំពី​ស្មា ហើយ​ស្រាយ​សម្ពាយ​ហូល​ចេញ​ឱ្យ​ម្ដាយ​​ឪពុក​នាង​សួស្ដី​ឃើញ។ឯ​ម្ដាយ​ឪពុក​នាង​សួស្ដី​ឃើញ​ហូល​ព្រែ​​ ធនញ្ជ័យ ក៏​ដើរ​មក​មើល​ហើយ​សួរថា អ្នក​កូន​នឹង​យក​ទៅ​ណា ឯ​ធនញ្ជ័យ​សំពេះ​ជម្រាប​សួរថា ខ្ញុំ​យក​មក​រក​ប្រពន្ធ​ទេ បើ​លោក​ម្ដាយ​លោក​ឪពុក​មេត្តា​ខ្ញុំ ខ្ញុំ​នឹង​នៅ​បម្រើ​ជា​កូន​ក្នុង​ផ្ទះ ដង​ទឹក​ កាប់​អុស បុក​ស្រូវ ខ្ញុំ​ចេះ​តែ​ព្រម​មិន​ខ្ចិល​ច្រអូស​ឡើយ ឯ​ម្ដាយ​ឪពុក​នាង​សួស្ដី និង​ខ្លួន​នាង​សួស្ដី​ក៏​ឡើង​ទៅ​លើ​ផ្ទះ ហើយ​ប្ដី​និង​ប្រពន្ធ​និយាយ​គ្នា​ថា ចៅ​កម្លោះ​នេះ​ចង់​បាន​កូន​យើង​ហើយ គិត​តែ​ពីរនាក់​ថា បើ​ដោយស្មាន​មើល​ទៅ​ឃើញ​ថា ជាកូន​គេ​អ្នក​បាន​ណាស់ មាន​ទាំង​ហូល​ព្រែ​នោះ​ច្រើន យើង​ល្មមឱ្យ​កូន​យើង​ហើយ ឯ​ធនញ្ជ័យកាល​បើ​ម្ដាយ​ឪពុក​ក្មេក​ឡើង​ទៅ​លើ​ផ្ទះ​ហើយ ក៏​វេច​បង្វិច​ដើរ​ទៅ​ទី​អាថ៌កំបាំង ហើយ​យក​ក្រដាស​មកសរសេរកត់​ជា​ចំណាំ​ឈ្មោះនាម៉ឺន​ធំតូចដែល​ជម្ពាក់​ប្រាក់ ខ្លះ​ជម្ពាក់​១០០​តម្លឹង ខ្លះ​ជម្ពាក់​៤០០​តម្លឹង ខ្លះ​ជម្ពាក់​៥០០​តម្លឹង បាន​ច្រើន​ហើយ​ចង​១​បាច់ ដាក់​ក្នុ​សម្ពាយ ឡើង​ទៅ​លើផ្ទះ សំពះ​ម្ដាយ​ឪពុក​ក្មេក ហើយ​អង្គុយ​ស្ងៀម​ចាំ​ស្ដាប់។ ម្ដាយ​ឪពុក​នាង​សួស្ដី​ក៏​ដណ្ដឹង​សួរថា អញ​នឹង​ចង់​សួរ​ចិត្ត​ជ័យ​ឯង​ៗ​ចង់​បាន​កូន​អញមែន ឬទេ? ទើប​ធនញ្ជ័យសំពះ​ហើយ​ជម្រាប​ថា ក្នុង​ចិត្ត​ខ្ញុំ​បាទ​ចង់​បាន ក្រែង​តែ​លោក​មិន​ឱ្យ​ទាន​ខ្ញុំ​បាទ បើ​លោក​មេត្តា​ជា​កូន​ជា​ចៅ នោះ​អរគុណ​ណាស់​ នឹង​នៅ​បម្រើ​អស់​ចិត្ត ឯ​ម្ដាយ​ឪពុក​នាង​សួស្ដី ថា​យើង​ឱ្យ​ហើយ​ ចូរឯង​ទៅ​រក​ទិញ​មាន់ ទា ជ្រូក អណ្ដើក កុំខាន បើ​មិន​បាន​អណ្ដើក​នោះ មេបា​យើង​មិន​ទទួល​ទេ។ឯ​​ធនញ្ជ័យ​បាន​ឭ​ពាក្យ​ម្ដាយ​ឪពុក​ក្មេក​ បង្គាប់ដូច្នោះ​ហើយ ក៏​ដើរ​ទៅ​រក​អស់​អ្នក​ស្រុក​ភូមិ​ទាំង​នោះ រើស​រក​តែ​អ្នក​មាន​ប្ដី​ប្រពន្ធ អំពី​កម្លោះ ក្រមុំ ទើប​យក ហើយ​ឱ្យ​ឈ្មោះ​ថា​មេអណ្ដើក ទើប​រក​ស្រី​៤​នាក់​ទៀត បើ​បាន​ច្រើន​ដល់៨ ឬ​១៤​នាក់ នោះ​រឹង​រឹត​តែជា​ការ​ល្អ ឱ្យ​តែ​មាន​ប្ដី​អំពី​ក្មេង បើ​ទើប​មាន​កូន​មួយ ក៏បាន​ដែរ ឱ្យ​ឈ្មោះ​ថា​កូន​អណ្ដើក ទើប​រក​ប្រុស​ម្នាក់​ដែល​មាន​យសសក្ដិ មាន​ប្រាជ្ញា​ឱ្យ​ឈ្មោះ​ជា​អ្នក​មហា​អស់​អ្នក​ប្រុស​ស្រី​ទាំង​នោះ យក​មក​ដណ្ដឹង​កូន​គេ​ ហើយ​​ធនញ្ជ័យ​ឱ្យ​ទិញអស់​ទំនិញ​តាម​បង្គាប់​ម្ដាយ​ឪពុក​នាង​សួស្ដី លុះ​ទិញ​បាន​សព្វគ្រប់​ហើយ ឱ្យ​អ្នក​មហា​នាំ​ទៅ​ជូន​ម្ដាយ​ឪពុក​ខាង​ស្រី​ខ្លះ ទុក​ខ្លះ​រៀប​ស្ល​ដណ្ដាំ​ធ្វើ​នំ​គ្រប់​មុខ​ ឱ្យ​ហៅ​ភ្ញៀវ​មក​ផឹក​សង្កត់​រោង​រួច​ហើយ ព្រឹក​ឡើង​បាន​ជ័យ​ល្អ​ហើយ អ្នក​មហា និង​មេ​អណ្ដើក​ក៏​រៀប​អស់​បណ្ណាការ​នូវ​ចិញ្ចៀន ត្រសាល់​ទៅ​បំពាក់​កូន​ស្រីនោះ ហើយ​ឱ្យ​ខាង​ស្រី​នោះ​រៀប​រោង​ចាំ​ទទួល​អស់​លោក​អ្នកមហា​នូវ​បណ្ណាការ​នេះ។ ឯ​អ្នក​មហា មេអណ្ដើក និង​អស់​ក្មេងដែល​កាន់​គ្រឿង​បណ្ណាការដើរ​ទៅដល់​ហើយ អ្នកមេបា​មក​ទទួល​អ្នក​មហា​ឡើង​ទៅ​លើ​រោង ទើប​អ្នកមហា​ឱ្យ​យក​ស្រា​ពីរ​ដបតម្កល់​នឹង​ជើង​ពាន ហើយ​ទើប​យក​ថង់​មក យក​ក្មេង​ឱ្យកាន់​រោង​ថង់​ហិប ហើយ​អ្នក​មហា​ជម្រាបថា យើង​មក​ជម្រាប​អស់​លោកមេបា​ចាស់​ទុំ​សូម​ជ្រាប ត្បិត​យើង​បាន​ចិញ្ចៀន និង​ចារុ​ត្រសាល់ មក​សូម​បំពាក់​កូន​ស្រី ហើយ​សូម​លើក​ស្លា​ដក់​ស្លា​កន្សែង ជម្រាបរួច​ហើយ​ទើប​អស់មេអណ្ដើក ចូល​ទៅ​បំពាក់​ចិញ្ចៀនកូន​ស្រីនោះ​រួច​ហើយ​ទើប​ខាង​ស្រី​នោះ​លើក​ថាស​បាយ និង​ស្រា​មក​ស៊ី​ផឹក រួច​ហើយ​លា​គ្នា​ទៅ​ផ្ទះ​ទីទៃ​ៗ​ហៅ​ថ្ងៃ​កំណត់​ហោង។លុះ​ព្រឹក​ឡើង​បាន​ពេលា អ្នក​មហា និង​មេអណ្ដើក កូន​អណ្ដើក​នាំ​កូន​ប្រសា​រ​ឈ្មោះ​​ធនញ្ជ័យ ទៅ​សំពះ​ម្ដាយ​ឪពុក ហើយ​យក​កូន​ស្រី​ឈ្មោះ​នាង​សួស្ដីម​ក​ផ្ទឹម​នឹង​​ធនញ្ជ័យ ហើយ​រាង​បើក​បាយ​ខុន​ចង​ដែ​រួច​ហើយ ដល់​យប់​ផ្សំ​ដំណេក អ្នក​ជ័យ​ និង​នាង​សួស្ដី​ជា​ប្ដី​ប្រពន្ធ រួច​ការ​វល់​ពី​ថ្ងៃ​នេះ​ទៅហើយ​ទើប​​ធនញ្ជ័យ​និយាយ​នឹង​ឪពុក​ក្មេក និង​ប្រពន្ធ​ថា នឹង​ទៅ​ទារប្រាក់​ដែល​អស់​នាម៉ឺន​ជម្ពាក់។​ធនញ្ជ័យ​ទៅ​ដល់​សាលា​ជំនុំ​អស់​នាម៉ឺន​ធំ ​តូច​ច្រើន ក៏​ឡើង​ទៅ​លើ​សាលា ហើយ​និយាយ​នឹង​អស់​នាម៉ឺន​ថា បើ​ចង់​ភ្នាល់​នឹង​ខ្ញុំ​ៗ​នឹង​ប្រើ​ស្ដេច​ឱ្យ​បាន​ ទើប​អស់​នាម៉ឺន​ថា អើ​យើង​ភ្នាល់​គ្នា បើ​ឯង​ប្រើ​បាន​អញ​នឹង​ឱ្យ​ប្រាក់ បើ​ឯង​ប្រើ​មិន​បាន ឯង​ឱ្យ​របស់​អ្វី​យើង ​ធនញ្ជ័យ​ថា​ ខ្ញុំ​ឱ្យ​ប្រាក់ ហើយ​​ធនញ្ជ័យ​យក​សំបុត្រ​ដែល​ធ្វើ​នោះ​មាន​ឈ្មោះ​គ្រប់នាម៉ឺន​ហើយ​សូម​បោះ​ ត្រា​ទទួល​ជម្ពាក់​រួច​ហើយ ឱ្យ​ទៅ​ប្រើ​ហ្លួង​នឹង​មើល ឯ​​ធនញ្ជ័យ​ថា បើ​ដូច្នោះ​អស់​លោក​ទូល​ថា ត្បិត​​ធនញ្ជ័យ​វា​ថា វា​នឹង​ប្រើ​ហ្លួង​ឱ្យ​បានដូច​ចិត្ត​វា​ៗ​ថា​នឹង​​មក​ឥឡូវ​នេះ​ហើយ ឯ​ងអស់​នាម៉ឺន​បាន​ស្ដាប់​ហើយ ក៏​យក​សេចក្ដី​ទៅ​ក្រាប​ទូល​ហ្លួង ទៅ​ដល់​ហើយ​ក៏​ក្រាប​ថ្វាយ​បង្គំ​គាល់​ទូលថា សូម​ទាន​ត្បិត​អី​​ធនញ្ជ័យ​វា​ថា វា​នឹង​មក​ប្រើ​អម្ចាស់​បាន​ដូច​ចិត្ត​វា ឯ​ព្រះមហាក្សត្រ​ស្ដាប់​ហើយ ក៏​ទ្រង់​ព្រះ​ក្រោធ​នឹង​​ធនញ្ជ័យវា​មាក​ងាយ ទៅ​ហៅ​អា​ជ័យ​មក​ឱ្យ​ឆាប់ អាមាត្យ​ស្ដាប់​ព្រះ​បន្ទូល​ត្រាស់​ប្រើ​ដូច្នោះ ក៏​រត់​ទៅ​ហៅ​​ធនញ្ជ័យ​តាម​ព្រះ​បន្ទូល ដល់​ហើយ​ប្រាប់​​ធនញ្ជ័យ​ថា ហ្លួង​មាន​ព្រះ​បន្ទូល​ឱ្យ​ហៅ ត្បិត​ទ្រង់​ព្រះក្រោធ​នឹង​ឯង​ណាស់ ឯ​ធនញ្ជ័យ​ស្ដាប់​ហើយ​ក៏​ទៅ​តាម​អាមាត្យ ដល់ហើយ​ក៏​ក្រាបថ្វាយ​បង្គំស្ងៀមនៅ ហើយ​ព្រះមហាក្សត្រ​មាន​ព្រះ​បន្ទូល​សួរថា អាជ័យ​អា​ថា​នឹង​ប្រើ​អញមែន ឬ? ​ធនញ្ជ័យ​ទូល​ថា​ករុណា​វិសេស ប៉ុន្ដែ​នឹង​មិន​ទាន់​ប្រើ​បាន បើ​បែរ​ព្រះ​ភក្ត្រ​មើលទៅ​ក្រោយ​រួចហើយ ទើប​ប្រើ​បាន​ ស្ដេច​ស្ដាប់​ហើយ​ទើប​បែរ​ព្រះ​ភក្ត្រ​ទត​មើល​ទៅ​ក្រោយ ហើយ​បែរ​មក​វិញ ថា​អញមើល​ទៅ​ហើយ​អាឯង​មិន​ប្រើ​ចុះ ឯ​​ធនញ្ជ័យក្រាប​ទូល​ថា នេះ​ហៅ​ប្រើ​ហើយ គឺ​ប្រើ​ឱ្យ​បែរ​ទៅ​ក្រោយ​បាន​ហើយ នឹងមាន​ប្រើ​អម្ចាស់​ឱ្យ​ទៅ​ទូល​រែក​របស់​អ្វី​ក៏ទេ។ស្ដេច​ស្ដាប់​ហើយ​ក៏​មិន​មាន​ព្រះ​បន្ទូល​ ទេ ទ្រង់​ស្ងៀម ​ធនញ្ជ័យ​ក្រាប​ថ្វាយ​បង្គំ​លា ទៅទារ​ប្រាក់​អំពី​អស់នាម៉ឺន​ដែល​ភ្នាល់ ហើយ​មាន​សំបុត្រ​បោះ​ត្រាយក​ប្រាក់​ច្រើន​ប៉ុន្មាន​នឹង​មិនរួច ហើយ​យក​ទៅ​ឱ្យ​ប្រពន្ធ​នូវ​ម្ដាយ​ឪពុក​ក្មេក ហើយ​នៅជា​សុខ​សប្បាយ។ឯ​អស់នាម៉ឺន​ដែល​​ធនញ្ជ័យ​យក​ប្រាក់​ នោះកើត​ខឹង​នឹង​​ធនញ្ជ័យ​ទាំង​អស់​ ទាំង​ស្ដេច​ក៏​ខ្ញាល់​ណាស់​ដែរ ស្ដេច​ឱ្យ​ហៅ​អស់​នាម៉ឺន​ធំតូច​ ឃុន ហ្មឹន មហាតលិក​មក​ឱ្យ​គិត​ជំនុំ នឹង​បំបរ​បង់​​ធនញ្ជ័យ​ឱ្យ​ហើយ ត្បិត​វា​បង្កើត​ទោស​ច្រើន​ណាស់ ឯ​អស់នាម៉ឺន​ស្ដាប់​ព្រះ​បន្ទូល​ដូច្នោះ​ហើយក៏​មក​គិត​ជំនុំ​គ្នា​ឃើញ​ថា នឹង​បណ្ដេញ​វា​ឱ្យ​ចុះ​សំពៅ​ទៅ​ស្រុក​ចិន ត្បិត​ស្រុក​នោះ​ធំ​ហើយ​គេ​ស្អប់​វា​តែ​ឃើញ​វា​ទៅ​គេ​គង់​សម្លាប់​ចោល យើង​បាន​សុខ​សប្បាយ​ក្នុង​នគរ ឯ​ព្រះ​មហាក្សត្រ​ក៏​សប្បាយ​ក្នុង​ព្រះ​រាជហឫទ័យ គិត​ឃើញ​ដូច្នោះ​ហើយ យក​សេក្ដី​ឡើង​ទៅ​ក្រាប​ទូល​ដោយ​ដំណើរ​ដែល​បាន​ជំនុំ​ឃើញ ព្រះ​មហាក្សត្រ​ស្ដាប់​ហើយ​ក៏​ព្រម នឹង​ឱ្យ​ទៅ​ហៅធនញ្ជ័យមក​ប្រាប់​ថា អាជ័យ​ អញ​នឹង​ឱ្យ​ឯង​ទៅ​នៅ​ស្រុក​ចិន​នឹង​គេ​ឯ​ណោះ ត្បិត​ស្រុក​គេ​ធំ នៅទី​ស្រុក​ខ្មែរ​នេះ​មិន​បាន​ទេ មាន​ព្រះ​បន្ទូល​បង្គាប់​ឱ្យ​យក​សំពៅ​១​មក​ឱ្យ ​ធនញ្ជ័យ​ចុះ​ទៅ​ក្នុង​សំពៅ ហើយ​ឱ្យ​យក​ទៅ​ប្រោស​ចោល​ឯ​ស្រុក​ចិន ឱ្យ​ស្ដេច​ក្រុង​ចិន​សម្លាប់ កាល​​ធនញ្ជ័យ​ទៅ​ដល់​ស្រុក​ចិន​ហើយ ផ្ដាំ​អស់​អ្នក​សំពៅ​ដែល​គេ​វិល​មក​ស្រុក​ខ្មែរ​វិញថា អញ​ផ្ដាំទៅ​ប្រពន្ធ​អញ​ផង កុំ​ឱ្យ​គិត​ទន្ទឹង​អញ​ឡើយ អញ​នឹង​ទៅ​វិញ​ឆាប់​ទេ អញ​សន្មត់​តែ​៧​ខែ ឱ្យ​គេ​ជូន​អញ​ទៅ​វិញ​ឆាប់​ទេ កុំ​ថប់​ព្រួយ​ចិត្ត​ឡើយ ឯ​អ្នក​សំពៅ​ថា អើ​សឹម​អញ​ប្រាប់​ឱ្យ​បាន​ទេ ​ថា​ហើយ​ក៏​ចេញ​សំពៅ​មក​ស្រុក​វិញ។ឯ​​ធនញ្ជ័យ​ក៏​ដើរ​ទៅ​ដល់​ផ្ទះ​នាម៉ឺន​ធំ ចូល​ទៅ​ស៊ី​ឈ្នួល​ឱ្យ​គេ​ប្រើ​ធ្វើការ ដើរ​តាម​នាម៉ឺន​នោះ​ទៅ​គាល់​ស្ដេច​នោះ ឯ​នាម៉ឺន​នោះ​នឹង​បាន​ដឹង​ថា​ជា​​ធនញ្ជ័យ​ក៏ទេ​ ក៏​គិត​តែ​ខ្មែរ​តែ​ផ្ដាស់មិន​បាន​សួរ​ដណ្ដឹង​ឡើយ ឯ​​ធនញ្ជ័យ​គិត​ថា បើ​អញ​បាន​ប្រាក់​ឈ្នួល​ច្រើន អញ​នឹង​គិត​ទិញ​អង្ករហើយ​គិត​ធ្វើ​នំ​រោយ​និង​ប៉ែនឱ្យ​មាន​សរសៃ​អង្ករ​ឡើង​ វែងៗ ហើយ​នឹង​លក់​ទិញ​ស៊ីមិន​ឱ្យ​ក្រ​ពិបាក​ឡើយ គិត​ហើយ​ធ្វើ​នំ​ដូច​ចិត្ត​គិត​នោះ​ឯង ហើយ​លក់​ឱ្យ​ចិន​ទិញ​ស៊ី កាល​នោះស្រុក​ចិន​មិន​ទាន់​ធ្វើ​នំ​នោះ​ទេ ដល់​ឃើញ​​ធនញ្ជ័យ​ធ្វើ​ដូច្នោះ​ហើយ ក៏​បបួល​គ្នា​មក​ទិញ​នំ​ស៊ី ហើយ​និយាយ​ថា​អ្នក​នេះ​ធ្វើ​នំ​ល្អ​ណាស់​ ឭ​ទៅ​ដល់​ស្ដេច​ក្រុង​ចិន​ៗ​ឱ្យ​ហៅ​​ធនញ្ជ័យ ទៅដល់​ហើយ​មាន​ព្រះ​បន្ទូល​ថា ឯង​ធ្វើ​នំ​វែង​ៗ​មែន​ឬ ​ធនញ្ជ័យ​ក្រាបទូល​ថា​មែន ស្ដេច​មាន​ព្រះ​បន្ទូល​ថា អា​យក​មក​ឱ្យ​អញ​មើល​ផង ទើប​​ធនញ្ជ័យ​វិល​មក​យក​នំ​នោះ​ទៅ​ថ្វាយ ទើប​ស្ដេច​ដណ្ដឹង​ថា នំ​នេះ​ឈ្មោះ​នំ​អី ​ធនញ្ជ័យក្រាបទូល​ថា នេះ​ហៅ​ថា​នំ​បញ្ចុក បើ​នឹង​ស៊ី​ឱ្យ​ងើយ ហើយ​ហារ​មាត់​លើក​ដៃ​ឱ្យ​ខ្ពស់​ទើប​បាន​ស៊ី​ជា​ពិសា ឯ​នំ​នេះ​បាន​ជា​​ធនញ្ជ័យ​ថា​ដូច្នេះ​ ត្បិត​ចង់​ឃើញ​ស្ដេចក្រុង​ចិន ត្បិតឭ​តែ​ព្រះ​បន្ទូល ឯ​ព្រះ​ភក្ត្រ​ពុំ​ដែល​ឃើញ ហើយ​ចង់​នឹង​វិល​មក​ស្រុក​វិញ ឯ​ស្ដេច​ក្រុង​ចិន​ឭ​ដូច្នេះ​ហើយ​ក៏​យក​នំ​នោះ​មក​ថ្វាយហើយ​ងើយ​ដូច​ពាក្យ​​ ធនញ្ជ័យ​ថា​ដូច្នោះ​ឯង ឯ​​ធនញ្ជ័យ​កាល​បើ​ស្ដេច​សោយ​នំ​ងើយ​ឡើង​ហើយ ក៏​មើល​ទៅ​ឃើញ​មុខស្ដេច​ក្រុង​ចិន​ហើយថា មើល​មុខ​ស្ដេច​ក្រុង​ចិន​​ឃើញ​ខ្មៅ​អែ មើល​មុខ​ស្ដេច​ស្រុក​ខ្មែរ​ ដូច​ខែ​ពេញ​បូណ៌មី ឯ​ព្រះមហាក្សត្រ​ក្រុង​ចិន​ឭ​​ធនញ្ជ័យ​ដៀល​ដូច្នោះ ហើយ ក៏​ទ្រង់​នូវ​ព្រះក្រោធខ្លាំងណាស់ ហើយ​ត្រាស់​ថា​ឱ្យ​អស់​នាម៉ឺន​ចាប់​យក​ទៅ​ដាក់​គុក​សំរិទ្ធ​ឱ្យ​ដល់​ស្លាប់​ កុំលែង​វា។គុក​នោះឯង​ត្រជាក់​ណាស់ បើ​មនុស្ស​ណា​តែ​ទៅ​ដល់​ហើយ ក៏​ស្លាប់មិន​រស់​ឡើយ កាល​ថ្ងៃ​ដែល​យក​ធនញ្ជ័យទៅ​ដាក់​គុក​នោះ មាន​ចិន​១​នោះខុស គេ​យក​ទៅដាក់​គុក​ជា​មួយ​នឹង​​ធនញ្ជ័យ បាន​ជា​ពីរ​នាក់​នឹង​ចិន​នោះ ឯ​គុក​នោះតែ​ដាក់​ហើយ​មិន​បាច់​ដាក់​ច្រវាក់​ដាក់​ឃ្នាង តែ​ទៅ​ដល់​ហើយ​ដោះចេញ​អស់​ ទើប​បញ្ចូល​ទៅ​ក្នុង​គុក​នោះឯង ហើយ​ទើប​រាំង​ទ្វារ​ទៅទប់​ឱ្យ​ស្លាប់ ឯ​​ធនញ្ជ័យ​ដឹង​ជា​ងារ​ត្រជាក់​ណាស់​ ហើយ​បបួល​ចិន​ទៅប្រដាល់​ចម្បាប់ឱ្យ​ក្ដៅបែក​ញើស​ស្រួល​ខ្លួន ហើយ​វិល​មក​ឈប់​វិញ បើ​កាល​ណាវា​ត្រជាក់​ណាស់​ក៏​បបួល​គ្នា​ទៅ​ដាល់​ៗ​តែ​សព្វ​ថ្ងៃ​ឥត​មាន​រងារ ​សោះ​ឡើយ លុះបាន​ពីរ​ថ្ងៃ​បី​ថ្ងៃ អស់​នាម៉ឺន​ឱ្យ​ទៅ​មើល​ឃើញ​នៅ​រស់​ហើយ​វិល​មក​ប្រាប់​ថា អស់​ទាំង​អស់​ទោស​ចិន​និង​ខ្មែរ​នោះ មិន​ស្លាប់​ទេ បើ​ដូច្នោះ​នឹង​ទៅធ្វើ​ដូច​ម្ដេច ទើប​អស់​នាម៉ឺន​ថា បើ​វា​មិន​ស្លាប់​ក៏​ហី​ទៅ​ចុះ ឯ​​ធនញ្ជ័យ​ហើយ​និង​ចិន​គិត​ថា យើង​នឹង​គិត​ធ្វើ​ខ្លែង​បង្ហើរ ធ្វើ​អែក​ឱ្យ​ឭ​តែ​យប់ថ្ងៃ​ដាក់​ចេញ គិត​ឃើញ​ធ្វើ​ខ្លែង​បាន​ហើយ បង្ហើរ​សព្វ​យប់ បាន​ឭ​ទៅ​ដល់​ស្ដេច​ៗ​ឮ​សូរ​សម្លេច​អែក​នោះ វា​ប្លែក​នឹង​សម្លេង​សត្វ​យំ ស្ដេច​មិន​ដែល​ឭ​ដូច្នោះ ហើយ​ស្ដេច​ឆ្ងល់​​ក្នុង​ព្រះហឫទ័យ​ថា ថ្ងៃ​មិន​ដែល​ឭ​មាត់យំ តែ​យប់​អន្តឺត​ៗ តែ​សព្វ​យប់ ហើយស្ដេច​ហៅ​នាម៉ឺន​មក​គិត​ថា មាន​នរណា​នឹង​ដឹង​ថា​សត្វ​អ្វី​វា​យំ​នោះ ហើយស្ដេច​ឱ្យ​ហៅ​ហោរ​មក​គន់​គូរមើល ឯ​ហោរ​គន់​គូរ​មើល​ទៅឃើញ​ក្រាប​ទូល​ថា បាន​ជា​សត្វ​នេះ​វា​យំ​ដូច្នេះ ត្បិត​កើត​ហេតុក្នុង​នគរ បើ​ហេតុ​ឧត្បាត​នេះ​ពុំ​ឃើញ សត្វ​នោះវា​នឹង​ស៊ី​អស់​ទាំង​រាស្ត្រ​ក្នុង​នគរ​មិន​ខាន​ឡើយ ស្ដេច​ស្ដាប់​ហើយ​ក៏​មាន​ព្រះ​បន្ទូល​ថា បើ​ដូច្នោះ តើ​ឧត្បាត​ពី​ព្រោះអ្វី ហោរ​គន់គូរ​មើល​ឱ្យ​បាន​ដឹង​ក៏​នឹង​ធ្វើ​ឱ្យ​ជា កុំ​ឱ្យ​សត្វ​នោះវា​ស៊ី​មនុស្ស​រាស្ត្រ​ប្រជាផង​ទាំង​ឡាយ​ទើប​ហោរ​ក្រាប​ទូល ​ថា ទូល​ព្រះបង្គំ​គិត​ទៅឃើញ​ថា ត្បិត​មាន​អ្នក​ប្រាជ្ញ​មួយ​គេ​នាំ​មកស្រុក​ខ្មែរ​មក​ប្រោស​ចោល​ស្រុក​យើង ឥឡូវ​នេះ​ទ្រង់​ឱ្យ​ដាក់​គុក​នោះឯង បាន​ជា​កើត​ហេតុ​ដូច្នោះឥឡូវ​នេះមាន​តែ​គិត​ឱ្យ​ស្រុក​ខ្មែរ​វិញ​ទើប​ជា ឯ​ព្រះមហាក្សត្រ​ស្ដេច​ក្រុង​ចិន​ឭ​ហោរ​ទាយ​ដូច្នេះ​ហើយ ស្ដេច​ភ្ញាក់​ព្រះអង្គ​ថា អញ​មិន​ដឹង​ជា​អ្នក​ប្រាជ្ញ​ស្រុក​ខ្មែរ​ទេ មនុស្ស​ស្រុក​ខ្មែរ​មិន​ដែល​មក​នៅ​រក​ស៊ី​ផ្ដេស​ផ្ដាស​ទេ បើ​ដូច្នោះឱ្យ​ទៅ​យក​មក​នឹង​អង្វរសុំ​ទោស​កុំឱ្យ​ខឹង​នឹង​អញ​ឡើយ ឯ​អា​មាត្យ​ក៏​រត់​ទៅរក​​ធនញ្ជ័យ​ដែល​នៅ​ក្នុង​គុក​នោះឯង​នាំ​មក​ថ្វាយ​ ស្ដេច ឯ​ព្រះ​មហាក្សត្រ​ស្ដេច​ទត​ទៅ​ឃើញ​​ធនញ្ជ័យ​មក​ដល់​ហើយ ស្ដេច​មាន​ព្រះបន្ទូល​ថា អញ​មិន​ដឹង​ថា​ខ្លួន​ឯង​ជា​អ្នក​ប្រាជ្ញខ្មែរ​ទេ ឥឡូវ​នេះ​ឯង​កុំ​ខឹង​នឹង​អញ​ឡើយ អញ​នឹង​យក​មនុស្សចិន​ទាំង​ស្រី​ទាំង​ប្រុស​បាន​១០០ អញសែន​ឯង ហើយ​ឱ្យ​ជូន​ឯង​ទៅស្រុក​វិញ ឯ​​ធនញ្ជ័យ​ក្រាបថ្វាយ​បង្គំ​ទូល​ថា ខ្ញុំ​មិន​នឹង​ម្ចាស់​ទេ សត្វ​ដែល​វា​ថា​នឹង​ស៊ី​រាស្ត្រ​នោះ​ ខ្ញុំ​ម្ចាស់​ឱ្យ​វា​ទៅហៅហើយ ឯ​ស្ដេច​ស្រុក​ចិន​ដណ្ដឹង​ថា ឈ្មោះ​សត្វ​អ្វី​ដែល​វាយ​ឭ​កន្តឺត​ៗ​នោះ ទើ​ប​ធនញ្ជ័យ​ក្រាបទូល​ថា សត្វ​នោះឈ្មោះ​សត្វ​ខ្លែងទើប​ស្ដេច​ទូល​ថា​រូប​វា​ដូចម្ដេច​ក៏​វា​យំឭ​ ខ្លាំង​ម្លេះ ទើប​ធនញ្ជ័យ​ក្រាប​ទូល​ថា ទូល​ព្រះ​បង្គំ​នឹង​ធ្វើ​រូប​ខ្លែង​ព្នង​មក​ថ្វាយ ហើយ​​ធនញ្ជ័យ​ទៅ​យក​ខ្លែង​ដែល​បង្ហោះ​នោះ​មក​ថ្វាយ សត្វ​នេះ​វា​យំ​នឹង​ស្នែង​ វា​មិន​បាន​យំ​នឹង​មាត់​វា​ដូច​អស់​ទាំង​សត្វ​ឯទៀត​ទេ ឯ​មហាក្សត្រ​ស្ដាប់​​ធនញ្ជ័យ​ក្រាបទូល​ដូច្នោះ​ហើយ​​ក៏​មាន​ព្រះ​បន្ទូល​ថា ប្លែក​មិន​ដែល​ឃើញ​ដូច្នេះ ទើប​តែ​ឥឡូវ​នេះ បើ​ដូច្នេះ​យើងធ្វើ​បង្ហើរឱ្យវា​យំ​មើល​លែង ហើយ​ឱ្យ​យក​សំពៅមួយ​ធំ​ចំណុះ​មនុស្ស​២០០​នាក់ ហើយ​នឹង​ជូន​​ធនញ្ជ័យ​ទៅស្រុក​ខ្មែរ​វិញ ហើយឱ្យ​យក​មនុស្ស​ចិន​បាន​១០០​នាក់ដាក់​ក្នុង​សំពៅហើយ ហើយ​នឹង​ស្បៀង​ដាក់​ឱ្យ​ជូន​ជា​សំណែន​​ធនញ្ជ័យ ជូន​មក​ស្រុក លុះដល់​ហើយ​​ធនញ្ជ័យ​ឡើង​ទៅសួរ​ម្ដាយ​ឪពុក​នូវ​ប្រពន្ធ ហើយ​បញ្ជូន​របស់​ដែល​ស្ដេច​ក្រុង​ចិន​ព្រះរាជទានសែន​ជូន​មក​ទាំងអស់​នោះ ហើយឡើង​មក​ហើយ ឱ្យ​សង់​ផ្ទះ​នៅជា​សុខ​សប្បាយ បាន​ជា​មាន​ចិន​នៅស្រុក​ខ្មែរ​ គេហៅ​ថា​ចិន​សំណែន​​ធនញ្ជ័យ​ទាល់​តែ​ឥឡូវ​នេះ។
ឯ​ព្រះមហាក្សត្រ​ស្រុក​ខ្មែរ​ឭ​ថា​​ ធនញ្ជ័យ​វិល​មក​វិញ​ហើយ បាន​ទាំង​ចិន​មក​ផង ហើយ​ស្ដេច​នូវ​នាម៉ឺន​ទាំង​អស់
កោត​ខ្លាច​ប្រាជ្ញា​​​ធនញ្ជ័យ មិន​ហ៊ាន​ធ្វើ​សេចក្ដីអ្វី​ឱ្យ​ទាស់​នឹង​គំនិត​​​ធនញ្ជ័យ​ឡើយ ព្រះ​មហាក្សត្រ​ឱ្យ​ទៅហៅ ​
​ធនញ្ជ័យមក​សួរ​ដណ្ដឹង​អំពី​ស្រុក​ចិន ត្បិត​វា​បាន​ទៅ ​​ធនញ្ជ័យ​ក៏​ក្រាប​ទូល​តាម​ដំណើរ​ដែល​បាន​ទៅឃើញ ហើយ​និយាយ​ថា កាល​ខ្លួន​ខ្ញុំ​បាន​ទៅ​ដល់​ហើយ​គិត​ឱ្យ​បាន​មក​វិញ​នោះ ព្រោះ​ធ្វើ​ខ្លែង​ព្នង​បង្ហើរ ស្ដេច​បាន​ឭ​សូរ​អែកខ្លែង បាន​ជា​ខ្ញុំ​បាន​មក​វិញ ឯ​ព្រះ​​មហាក្សត្រ​ឱ្យ​ធ្វើខ្លែង​នោះបង្ហើរ​នឹង​មើល​លែង ​​ធនញ្ជ័យ​ក៏​ធ្វើ​ខ្លែង​ទៅ​ថ្វាយ​ឱ្យស្ដេច​ទត​ ដូច្នោះ​ឯង​ហៅ​ខ្លែង​ព្នង បាន​ជា​ស្ដេច​ចេះ​ធ្វើ​ខ្លែង​ដល់​ឥឡូវ​នេះ​ឯង។ឯ​​​ធនញ្ជ័យ​ដល់​មាន​ជំងឺ​ឈឺ​ធ្ងន់​ណាស់ ហើយ​ផ្ដាំ​ប្រពន្ធ​ថា បើ​អញ​នឹង​ស្លាប់​ទៅហើយ ឱ្យ​យក​ទៅ​កប់​នោះ ឱ្យធ្វើ​ចម្រូង​បោះលើ​ផ្លូវ​នោះឱ្យ​ច្រើន​កុំ​ឱ្យ​ខាន ហើយ​ឱ្យ​ទៅ ទូល​ហ្លួងថា អញ​ឈឺ​ខ្លាំង​ណាស់ហើយ ឯ​ប្រពន្ធ​នោះទៅទូល​ហ្លួងដូច​ពាក្យ​​​ធនញ្ជ័យ ស្ដេច​ដឹង​ដូច្នោះ ហើយ​ក៏​ស្ដេច​ទៅសួរ​​​ធនញ្ជ័យ ដល់​ហើយ​ស្ដេច​ចូល​ទៅសួរ​​ធនញ្ជ័យថា ឯង​ឈឺ​តើ​ដូចម្ដេច ​​ធនញ្ជ័យ​ទូល​ថា​សូម​ទ្រង់​ចូល​មក​ជិតខ្ញុំ​ៗ​នឹង​ផ្ដាំ​ទុក ខ្ញុំ​ទូល​ខ្លាំង​មិន​បាន​ទេ ស្ដេច​ស្ដាប់​ហើយ​ចូល​ទៅជិត ​​ធនញ្ជ័យ​ទូល​ថា សូម​ទ្រង់​ឱន​ព្រះកេស​មក​ជិត​នឹង​មាត់​ខ្ញុំ ស្ដេច​ក៏​ឱន​ត្រចៀក​ទៅ​ជិត​មាត់​​​ធនញ្ជ័យ​ៗ​ក៏​ផ្ដាំ​ថា បើ​ស៊ី​ត្រី​ព្រួល​កុំ​ចោល​ស្រកា បើ​ស៊ី​ត្រី​ប្រា​កុំ​ចោល​ស្រកី ឱ្យ​ស្ល​ក្បាល​ត្រី​ប្រា​នឹង​ម្ជូរ​សណ្ដាន់ ឱ្យ​ស្ដេច​ទុក​កុំ​ឱ្យ​ភ្លេច ស្ដេច​ស្ដាប់​ហើយ​វិល​មក​ដំណាក់​វិញ ឯ​អស់​នាម៉ឺន​សួរ​ហ្លួង​ថា ​​ធនញ្ជ័យ​វា​ផ្ដាំ​ថា​ដូចម្ដេច ព្រះ​មហាក្សត្រ​ស្ដេច​ស្ដាប់​ហើយ ក៏​ប្រាប់​អស់​នាម៉ឺន​ថា តាម​ពាក្យ​​​ធនញ្ជ័យ​ថា ស៊ី​ត្រី​ព្រួល​កុំ​ចោល​ស្រកា បើ​ស៊ី​ត្រី​ប្រា​កុំ​ចោល​ស្រកី ឱ្យ​ស្ល​ក្បាល​ត្រី​ប្រា​នឹង​ម្ជូរ​សណ្ដាន់ វា​ថា​ជា​លេង​វា​ទេ ស្ដេច​មាន​ព្រះ​បន្ទូល​ដូច្នេះ ក៏​អស់នាម៉ឺន​មិន​ជឿ​ឡើយ អាជ័យ​នេះ​ជា​អ្នក​ប្រាជ្ញ​ធំណាស់ ដឹង​ជា​គេ​ថាដូចម្ដេច​នឹង​ព្រះ​មហាក្សត្រ។ កាល​ធនញ្ជ័យស្លាប់​ទៅ គេ​ក៏​យក​ទៅ​កប់ ហើយ​ធ្វើ​ចម្រូង​ដោត​ផ្លូវ​នោះ តាម​ពាក្យ​​ធនញ្ជ័យ​នោះឯង អស់​នាម៉ឺន​នៅអ្នក​ក្នុង​វាំង​ដែល​ខឹង​ស្អប់​​ធនញ្ជ័យ​ថា ​ធនញ្ជ័យ​ឆោរ​យក​ប្រាក់ ឭថា​ធនញ្ជ័យស្លាប់​ហើយ គេយក​ទៅ​កប់​នៅទី​ត្រង់​ណា ក៏​ប្រើ​មនុស្ស​ជុះ​អាចម៍​ដាក់​ផ្លូវ ឯ​អស់​មនុស្ស​ទាំងនោះក៏​ទៅដល់​ផ្នូរ ហើយ​ក៏​សើយ​សំពត់​ដាក់​គូថ​នឹង​ជុះ មិន​បាន​ដឹង​ថា​មាន​ចម្រូង វាស​គូថ​រាល់​គ្នា រាង​មិន​ហ៊ាន​ទៅទៀត​ឡើយ ហើយ​ខ្លាច​​ធនញ្ជ័យ ក៏​ស្រដី​ប្រាប់​គ្នា​រៀង​ទៅ នេះ​ប្រាកដ​ជា​អ្នក​មាន​ប្រាជ្ញ​ថា ដល់​ស្លាប់​ទៅ​ហើយ​ក៏​គង់​គិត​ទុក​ឱ្យ​បាន​គង់​ដឹង​ជា ឯង​ទៅ​ជុះ​អាចម៍​ដាក់​ផ្លូវគាត់​ បាន​ជា​មាន​ផ្ដាំ​ឱ្យ​គេ​ទៅដោត​ចម្រូង​ទុក​ឱ្យ​មុត​គូថ​ឯង៕