Tuesday, November 11, 2014

ខ្ជិលខ្វល់


ផ្ទះនៅម្ដុំណា


ឡូយអីយ៉ាងនេះ


ស្អាតហើយ


cute បា៉កាច់


Taprom's History

ប្រវត្តិតាព្រហ្ម

យើងតែងតែលឺសូរឈ្មោះតាព្រហ្មជាញឹកញាប់ នៅក្នុងវប្បធម៌ និង អរិយធម៌ខ្មែរ ហើយប្រាសាទខ្មែរមួយចំនួន ក៏មាន ឈ្មោះ ជាប្រាសាទតាព្រហ្មដែរ។ តាមពិត តាព្រហ្មនេះ មិនមែនជា ព្រះអាទិទេព នៅក្នុងព្រហ្មញ្ញសាសនានោះទេ ក្នុងពង្សាវតារ ខ្មែរ យើងអាចកត់សំគាល់ឃើញមាន តួអង្គតាព្រហ្មដល់ទៅពីរ មួយ គឺតាព្រហ្មណ៍ រឺ អង្គព្រហ្មណ៍ ព្រះរាជបុត្រព្រះកេតុមាលា និង មួយទៀតគឺ តាព្រហ្មឈ្មួញគោ ដែលជាព្រះមហាក្សត្រ ក្នុង សម័យក្រោយ។នៅក្នុងសៀភៅ ប្រជុំរឿងព្រេងខ្មែរភាគទី៥ ក្រោមចំនងជើង រឿងតាព្រហ្មនៅវត្ដ នគរបា ជ័យ នៅខេត្ដកំពុងចាម គេមាននិយាយចែងចងមកថា បុរសម្នាក់ឈ្មោះព្រហ្ម ជាកូន ស្ដេចក្រាញ់ក្រោយដែលបានបែកចេញអំពីអូវពុកម្ដាយ ទៅរៀនសូត្រស្រុកចិនអស់ រយៈ​ពេល៣ឆ្នាំមក ហើយកាលបើបានវិលត្រលប់មកស្រុកកំនើតវិញ បានមកស្រលាញ់ រៀប ការរួមរស់នៅជាមួយ និងម្ដាយបង្កើត។អំពីអង្គព្រហ្មកាលនោះក្នុងឆ្នាំរកា ព្រះកេតុមាលាបានធ្វើដំនើរតាមទន្លេ ចេញក្បួនទូកពីព្រះមហានគរ យាងទៅក្រសាលក្នុងភូមិ ភាគខាងត្បូងនៃប្រទេសកម្ពុជា ក្នុងខេត្ដទន្លេបាទី ។ ចៅហ្វាយ ខេត្ដ និង នាម៉ឺនមុខមន្រ្ដីទាំងពួង បាននាំគ្នារៀបចំសង់ ដំនាក់ថ្វាយព្រះអង្គ នៅជាប់មាត់ ទន្លេ បាទី អ្នកតូចអ្នកធំជិតឆ្ងាយ មានទាំងសេដ្ឋី មានទាំងប្រជាពលរដ្ឋ ប្រុសស្រីក្មេង ចាស់បាននាំគ្នាយកដង្វាយសួយសារអាករមកថ្វាយ និង គាល់ព្រះអង្គ ក្នុងចំនោមនោះ នាងពៅបុត្រីមហាសេដ្ឋី ក៏បានធ្វើ ដំនើរមកគាល់ព្រះរាជាដែរ។ នាងមានសំរស់រូបឆោម លោមពណ៌សម្ជស្សសមស្អាតស្រស់ល្អល្អះ លើសផុតនារីទាំងពួង។ គ្រាន់តែក្រលេកឃើញនាងពៅភ្លាមកាលណា ព្រះកេតុមាលាក៏រំភើបចាប់ចិត្ដស្នេហា និយាយផ្ដោះផ្ដងសាកសង អិតរុញរា។ ចំនែកសេដ្ឋីជាអូវពុកម្ដាយ កាលបើយល់ឃើញ ជាក់ច្បាស់ថា ស្ដេចបានចាប់ចិត្ដស្រលាញ់បេតីកូនក្រមុំ របស់ខ្លួនហើយ មានសេចក្ដីរីក រាយសោមនស្សអិតអុបមា បាននាំគ្នាសុខចិត្ដសុខកាយ លើកកូនស្រីថ្វាយទៅព្រះមហាក្សត្រ ទុកអោយធ្វើជាភិលៀងបំរើព្រះអង្គតាមតែព្រះហរិទ័យ។ ព្រះកេតុមាលាបាន រស់នៅជាមួយនាងពៅ អស់ជា ច្រើនខែរហូតទាល់តែព្រះនាងទ្រង់គភ៌។ ថ្ងៃមួយព្រះ អង្គត្រូវយាងត្រលប់ចូលទៅព្រះមហានគរវិញ ដោយនឹកអាណិត អាសូរដល់ មាតា បិតាក្មេកដែលកាន់តែចាស់ជរា ព្រកេតុមាលាមិនដាច់ចិត្ដនាំនាងពៅទៅ មហានគរ ជាមួយទេម្យ៉ាងវិញទៀត នាងពៅទ្រង់គភ៌ផង ដែលជាហេតុនាំមក នូវផលវិបាកផ្សេងៗ ក្នុងការធ្វើដំនើរ។ មុននឹងចេញដំនើរ ព្រះអង្គបាន ប្រទានទ្រព្យធនជាច្រើនដល់ អូវពុក ក្មេកម្ដាយក្មេក ចំពោះនាងពៅ ព្រះអង្គបានដោះព្រះទំរង់មួយវង់ពីម្រាមដៃ ប្រទាន ហុយទៅអោយ ទុកជាចំនងដៃ និងភស្ដុតាងបញ្ជាក់ក្រសែស្ដេច ចំពោះបុត្រដែលនឹង ត្រូវប្រសូត្រ។ឆ្នាំជូត នាងពៅប្រសូត្រ បានបុត្រមួយព្រះអង្គ ដែលព្រះនាងបាដាក់ឈ្មោះថាអង្គព្រហ្ម។ ឈ្មោះអង្គព្រហ្មមាននៅតែក្នុង ពង្សាវតារសំដេចវាំងជួនមួយ តែប៉ុណ្ណោះ រីអែពង្សាវតារ ឯទៀតមិនបានកត់ត្រាឈ្មោះ និងរៀបរាប់សំគាល់ត្រង់ចំនុចនេះទេ។ក្នុងបញ្ហាបុត្រាបុត្រីព្រះកេតុមាលា ពង្សាវតារខ្មែរទាំងអស់ មិនបានយល់ស្របចុះសំរុង គ្នាទេ។អែកសារនិមួយៗ សុទ្ធ តែកត់ត្រាប្រវត្ដិផ្សេងៗខុសអំពីគ្នា ពង្សាវតារសំដេចវាំង ជួនបានបញ្ជាក់ថា ព្រះកេតុមាលា និង ព្រះនាងពិនសុវណ្ណបាន បុត្រច្បងមួយឈ្មោះ ទេវង្សកុមារអង្គព្រហ្មជាបុត្រទីពីរ បន្ទាប់មកគឺ ព្រះអង្គទេវេស ជាបុត្រទីបីរបស់ព្រះ កេតុមាលាជាមួយនិងព្រះអង្គម្ចាស់ក្សត្រី កោសុមកេស្សរា ដែលបានប្រសូត្រក្នុងឆ្នាំ ម្សាញ់។កាលនោះ អាយុបាន២១ឆ្នាំ គឺនៅក្នុងឆ្នាំវក អង្គព្រហ្មបានទៅសុំអនុញ្ញាតិអំពីម្ដាយនាង ពៅដើម្បីសុំធ្វើដំនើរទៅព្រះមហានគរ រកចូលជួបព្រះបិតា។ នាងពៅជាម្ដាយបានយល់ ព្រមទៅតាមបំនងកូន ហើយក៏បានយកចិញ្ចៀនដែលព្រះកេតុមាលាទុកប្រគល់អោយ កូនសំរាប់ធ្វើជា សាក្ខីភាពបញ្ជាក់ថា អង្គព្រហ្មជាកូនព្រះមហាក្សត្រពិតមែន។ ក្រាបថ្វាយ បង្គំលាម្ដាយស្រេច ហើយកាលណា អង្គព្រហ្ម, ដោយមានអ្នកបំរើ ៩នាក់ហែហមអម ដំនើរផងនាំគ្នាជិះសេះ ធ្វើដំនើរសំដៅតំរង់ទៅព្រះមហានគរ។ ទៅដល់ព្រះមហានគរ អង្គព្រហ្មបានចូលទៅគាល់ បិតាហើយរៀបរាប់គ្រប់អស់ហេតុផល និង គ្រប់អស់កិច្ចការ ទូលថ្វាយព្រះកេតុមាលាសន្ដាប់តាមដំនើរ។ ទ្រង់ជ្រាបអស់សេចក្ដី ព្រះមហាក្សត្រ គ្មានក្ដីមន្ទិលសង្ស័យអ្វីឡើយ។ ព្រះអង្គសប្បាយត្រេកអរសាទរណាស់ ហើយចាត់ចែងអោយពួក សេនាអាមាត្យរៀបចំសាងប្រាសាទមួយយ៉ាងល្អប្រណិតនៅជិតនគរវត្ដទុកថ្វាយដល់បុត្រ ប្រាសាទនេះតាមពង្សាវតារសំដេចវាំងជួន គឺប្រាសាទអង្គព្រហ្ម ដែលបន្ទាប់មកក្លាយទៅជាប្រាសាទតាព្រហ្មរហូតដល់សព្វថ្ងៃ។ ចំនែកអែអង្គ ព្រហ្មវិញជាមួយនិងបងព្រះទេវង្ស និងប្អូនព្រះទេវេស ព្រះអង្គនៅបំរើបិតា ជារៀងរាល់ថ្ងៃ អិតបីហ៊ានធ្វេសប្រហែសឡើយ។ថ្ងៃមួយ, ព្រះកេតុមាលាទ្រង់បានព្រះតំរិះ គិតយល់ឃើញថាកូនព្រះអង្គទាំងពីរ ព្រទេវង្ស និងព្រះទេវេស សុទ្ធតែមានម្ដាយក្រុមគ្រួសារនៅក្បែរជុំជិតគួរអោយកក់ក្ដៅ សប្បាយរីក រាយណាស់ លើកលែងតែអង្គព្រហ្ម ដែលនៅកំព្រាដាច់ស្រយាលឆ្ងាយអំពីម្ដាយ និង ក្រុម គ្រួសារញាតិសន្ដាន គិតឃើញដូច្នេះ ព្រះកេតុមាលាក៏សំរេចចិត្ដ តែងតាំងអង្គព្រហ្ម ជាព្រះ វង្សអន្តិកចៅហ្វាខេត្ដបាទី។ ដូច្នេះអង្គព្រហ្មនិងមានអោកាសវេលា ថែរទាំទំនុកបំរុងម្ដាយ ផងគឺនៅឆ្នាំមមីក្នុងព.ស ៩២៦ ត្រូវជាគ.ស៣៨២ កាលនោះអង្គព្រហ្មបានអាយុ៣១ឆ្នាំ។អង្គព្រហ្ម, បានគ្រប់គ្រងខេត្ដបាទីដោយសុខសន្ដិភាពចំរុងចំរើន និង សំបូណ៌សប្បាយ ត្រជាក់ត្រជុំ។ ព្រះអង្គបានកសាងសង់ប្រាសាទមួយអំពីថ្ម នៅនាមាត់ទន្លេបាទី ផ្នែកខាង ត្បូងសំរាប់ព្រះអង្គគង់ប្រថាប់នៅ។ នៅខាងជើងនេះបន្ដិច ព្រះអង្គ បានសាង ប្រាសាទ មួយទៀតសំរាប់ថ្វាយដល់ម្ដាយព្រះអង្គ គឺ នាងពៅ ដើម្បីទុកធ្វើជាកន្លែងសក្ការៈ គោរព បូជា។រហូតមកដល់សព្វថ្ងៃ នៅស្រុកទន្លេបាទីក្នុងខេត្ដតាកែវ ប្រាសាទអង្គព្រហ្មបានក្លាយ ឈ្មោះទៅជាប្រាសាទតាព្រហ្ម ហើយ ប្រាសាទនាងពៅ ទៅជាប្រាសាទយាយពៅ។ប្រវត្ដិប្រាសាទតាព្រហ្មយាយពៅ មានលំនាំរឿងប្រហាក់ប្រហែលគ្នា ទៅនឹងរឿងព្រេង និទានដែលគេធ្លាប់បានកត់ត្រាទុកមកដែរ។ រឿងព្រេងនិទាននេះបានដំនាលថា កាល នោះ,ថ្ងៃមួយព្រះកេតុមាលាបានយាងមកក្រសាលលេងនៅខេត្ដ ទន្លេបាទី។ នៅទីនោះ មាននារីក្រមុំម្នាក់ឈ្មោះនាងខ្មៅ ខ្លាំងពូកែខាងបោកចំបាប់។ នាងបានប្រកាសថាសុខ ចិត្ដយកមក ធ្វើជាប្ដី បុរសណាដែលមានសមត្ថភាពអាចយកជ័យជំនះលើនាងបាន។ ដឹងលឺសូរដូច្នោះ ព្រះមហាក្សត្រខ្មែរ ព្រះកេតុមាលា ក៏ចេញទៅសាកល្បងបោកចំបាប់ និងនាងខ្មៅ នាងខ្មៅ មិនអាចយកឈ្នះលើព្រះអង្គបានឡើយ។ នៅទីបំផុត នាងសុខចិត្ដ ចុះចាញ់ព្រះរាជា ហើយក៏បានយល់ព្រមធ្វើជាភីលៀង បំរើព្រះអង្គរៀងដរាបមក។ ជា មួយនិងព្រះកេតុមាលា ព្រះនាងខ្មៅបានព្រះរាជបុត្រមួយអង្គព្រះនាមព្រហ្មកុមារ។ធំដឹងក្ដីកាលណា ព្រះព្រហ្មកុមារបានយាងទៅមហានគរ ដើម្បីជួបគាល់ព្រះបិតា។ ដល់ត្រលប់មកខេត្ដបាទីវិញនៅតាម ដងមាត់ទន្លេបាទី, ព្រះអង្គបានជួបនិងនាងពៅ កូនក្រមុំសេដ្ឋី ដែលមានសម្ជស្សសំរស់បំព្រង សែនសមស្អាតល្អឥតខ្ចោះ នឹង រកនារី អែណាមកប្រៀបផ្ទឹមប្រដូចមិនបានឡើយ ព្រះអង្គក្រលេកឃើញភ្លាម ក៏ចាប់ចិត្ដប្រតិ ព័ទ្ធស្នេហាមួយរំពេច អិតមានបង្អង់អោយខាតពេលយូរ ព្រះអង្គបានចាត់ អោយចាស់ ទុំចូលស្ដីដន្ដឹង ស្នើសុំរៀបចំអភិសេកជាមួយនាងពៅ តាមក្បួនច្បាប់ក្រិត្យក្រមប្រពៃណី។ប៉ុន្ដែបើតាមការនិទាន ដែលមានតៗគ្នាមក គេបានដឹងថាកាលនោះ, ស្នេហារវាងព្រះព្រហ្ម កុមារនិង នាងពៅមិនមានបានសំរេចដោយងាយៗនោះទេ គឺមានលក្ខណ្ឌមួយដែលកំនត់ អោយមានការប្រកួតប្រជែងគ្នាជាមុនសិន រវាងអង្គព្រហ្ម និង នាងពៅ ក្រុមបុរសរបស់អង្គ ព្រហ្មនិង ក្រុមនារីរបស់នាងពៅ ត្រូវនាំងគ្នាប្រណាំងសង់ប្រាសាទមួយ អោយហើយ ក្នុង រយៈពេលតែមួយយប់មុនថ្ងៃរះ។ គឺត្រូវអោយហើយចប់នៅពេលណាដែលផ្កាយព្រឹករះ។ពេលទៀបជិតភ្លឺ តែផ្កាយព្រឹកមិនទាន់រះទេ ក្រុមស្រ្ដីបានប្រើល្បិច បង្ហូតភ្លើងគោមបញ្ឆោត ធ្វើអោយមើពីចំងាយ ឃើញជាក់ជាផ្កាយព្រឹក។ ឃើញដូច្នេះ ក្រុមបុរសដែលស្ថិតនៅ ក្រោមបញ្ជារបស់អង្គព្រហ្ម ក៏នាំគ្នាឈប់សំរាក លែងសង់ប្រាសាទតទៅទៀត។ ចំនែកខាង នាងពៅវិញគេនៅតែនាំគ្នាខំប្រឹងប្រែងបន្ដការសង់ប្រាសាទរហូតទាស់តែហើយ។ ត្រង់នេះ ហើយដែលចាស់ៗតែងតែនិយាយពោលតៗគ្នាមកដល់សព្វថ្ងៃថា ដោយសារបុព្វហេតុនេះ ទើបបានជាយើងឃើញប្រាសាទតាព្រហ្មសង់មិនទាន់ហើយ មានដុំថ្ម នៅគរពាសវាល ពាសកាល គឺមានតែប្រាសាទយាយពៅទេ ដែលបានសង់ហើយ ចប់ស្រេចបាច់ដោយ ត្រឹមត្រូវ។

រឿង៖ គង់ហ៊ាន

កាលពីព្រេងនាយមានមនុស្សម្នាក់ឈ្មោះគង់មានប្រពន្ធពីរនាក់ ១-ឈ្មោះនាងអាំ មួយឈ្មោះនាងគំ។ ថ្ងៃមួយអ្នកគង់ នាំប្រពន្ធទាំងពីរនាក់ទៅសួរសុខទុក្ខបងប្អូននៅស្រុកឆ្ងាយ។ តាមផ្លូវទៅស្រុកនោះមានខ្លាសាហាវ អ្នកគង់បណ្តើរប្រពន្ធទាំងពីរនាក់ទៅដល់ព្រៃធំមួយជិតស្រុកគេ ព្រៃនោះតែងមានខ្លាចេញខាំមនុស្សក្របី គោស៊ីជារឿយៗ។ លុះដល់អ្នកគង់ទៅដល់កន្លែងនោះ ខ្លាក៏ស្ទុះដេញស្រែកសន្ធាប់ពីចម្ងាយមក។ អ្នកគង់រត់ចូលរូងឈើ រាកនោម ព្រោះភ័យញ័រដៃញ័រជើង។ នាងអាំនិងនាងគំខំព្រួតគ្នាវាយខ្លានោះស្លាប់ទៅ។ ឯអ្នកគង់ឃើញប្រពន្ធវាយខ្លាស្លាប់ហើយបានស្ទុះម្នីម្នាចេញពីរូងឈើមកយកដំបងវាយខ្លាស្លាប់ស្រាប់នោះ ថែមទៀត។ ប្រពន្ធទាំងពីរបន្ទោសប្តីថា “ខ្លាគេវាយងាប់ហើយធ្វើជាមកវាយថែមទៀត ប្រុសអីកំសាកញីដូច្នេះ”។អ្នកគង់ជេបំពានទៅប្រពន្ធថា “មិនដែលមានស្រីណាវាយខ្លាស្លាប់ទេ មានតែប្រុសបានហ៊ានវាយខ្លាទាល់តែស្លាប់” ហើយអ្នកគង់ក៏បោចវល៌្លចងខ្លានោះនាំប្រពន្ធសែងចូលទៅក្នុងស្រុក។ អស់អ្នកស្រុកឃើញអ្នកគង់សែងខ្លាមក គេបបួលគ្នាមកមើលពេញៗហើយគេសួរថា “អ្នកឯងធ្វើដូចម្តេចបានជាចាប់បានខ្លានេះ ខ្លានេះសាហាវណាស់” ហើយប្រពន្ធអ្នកគង់ក៏និយាយប្រាប់អ្នកស្រុកថា “អ្នកគង់ឃើញខ្លាវាបោលមកគាត់រត់ចូលក្នុងរូងឈើខ្ញុំពីរនាក់ស្រីៗ ព្រួតគ្នាវាយខ្លាទាល់តែស្លាប់ ”។ អ្នកគង់ឮប្រពន្ធនិយាយប្រាប់ គេដូច្នោះគាត់ក៏បញ្ចោររំលោភប្រពន្ធថា “មិនដែលមានស្រីណាខ្លាំងហ៊ានវាយខ្លាស្លាប់ នោះទេមានតែប្រុស ទើបខ្លាំងពូកែហ៊ានវាយខ្លាស្លាប់បាន ” ។ អ្នកគង់ក៏អួតប្រាប់អ្នកស្រុកថា“កាលដែលខ្លាវាស្ទុះមកខាំ ខ្ញុំបានប្រើស្នៀតគុណពិសេសរបស់ខ្ញុំ ដូច្នេះបានជាវាយវាបាន” ថាហើយអ្នកគង់ធ្វើជាលោតគុណ វាយខ្លាឱ្យអ្នកស្រុកមើល។ ឯអស់អ្នកស្រុកកោតខ្លាចអ្នកគង់តែរាល់គ្នាហើយឱ្យឈ្មោះថា “គង់ហ៊ាន” តាំងពីថ្ងៃនោះមកឮល្បីឈ្មោះ គង់ហ៊ានជាអ្នកខ្លាំងពូកែចេះគុណវាយខ្លាស្លាប់ រឿងនេះជ្រាបទៅដល់ស្តេចៗ ទ្រង់ឱ្យយកទៅចិញ្ចឹមធ្វើជាសេនា សំរាប់ច្បាំងសង្គ្រាម។ លុះដល់យូរបន្តិចទៅជួន ជាមានសឹកគេលើកមកច្បាំងយកនគរស្តេចទ្រង់ប្រើគង់ហ៊ានឱ្យទៅច្បាំង។ គង់ហ៊ានឮ ស្តេចទ្រង់ប្រើឱ្យទៅជួយច្បាំងសឹកសង្គ្រាមដូច្នោះ ភ័យណាស់ពុំដឹងធ្វើម្តេចនឹងប្រកែកបាន ដ្បិតស្តេចទ្រង់ប្រើហើយ ហើយខ្លួនបានទាំងល្បីឈ្មោះជាអ្នកខ្លាំងពូកែផង ត្រឡប់មកផ្ទះវិញដេកសន្ធឹងសន្ធៃអត់បាយ។ ប្រពន្ធទាំងពីរនាក់ចូលទៅសួរថា “ម្តេចបានជាអ្នកដេកអត់បាយដូច្នេះ តើមានហេតុភេទប្រការដូចម្តេច? ”។ គង់ហ៊ានប្រាប់ថា “ដ្បិតស្តេចទ្រង់ប្រើឱ្យទៅច្បាំងសឹកឥឡូវនេះ បងខ្លាចសឹកនោះណាស់មិនដឹង បើគិតដូចម្តេចទេ”។ ប្រពន្ធឡើងឆ្លើយថា “អ្មកកុំព្រួយចិត្ត ធានាលើខ្ញុំទាំងអស់ អ្នកក្រោកឡើងពិសារបាយឱ្យឆ្អែត ងូតទឹកឱ្យសប្បាយខ្លួនចុះ ”។ គង់ហ៊ានឮប្រពន្ធលួងលោមដូច្នោះ បានធូរចិត្ត ក្រោកឡើងងូតទឹកស៊ីបាយរៀបគ្រឿងប្រដាប់និងទៅច្បាំង។ លុះរៀបរួចហើយដល់បានវេលាល្អ ក៏ចូលទៅក្រាបបង្គំលាស្តេចទៅច្បាំងយកទាំងប្រពន្ធទៅផង។ គង់ហ៊ានជិះខាងក្បាលដំរី ប្រពន្ធជិះខាងក្រោយ មានរេហ៏ពលហែរហមអមមុខក្រោយជាក្បួនទ័ពត្រៀបត្រាពាសពេញ។ លុះទៅជិតខ្មាំងសត្រូវមើលឃើញច្បាស់ប្រាកដ គង់ហ៊ានភ័យណាស់លេចអាចម៏ លេចនោមញ័រដៃញ័រជើងដូចអង្រួនក្បាលដំរី។ ឯដំរីគិតស្មានថាគេអង្រួនឱ្យខ្លួនបោលចូល ក៏ចេះតែបោលមុនរេហ៏ពលទាំងអស់ គ្មាននរណាតាមទាន់។ ឯងសត្រូវឃើញ គង់ហ៊ានបំបោលដំរីចូលដូច្នោះស្មានថាមេទ័ព នេះពូកែណាស់ ក៏បាក់ទ័ពរត់យក តែប្រាស់អាយុដោយខ្លួនទៅ។ គង់ហ៊ានឃើញខ្មាំងរត់ ទាំងអស់ក៏ធ្វើជាអួតក្អេងក្អាង ឱ្យអស់នាហ្មឺននឹងរេហ៏ពលកោតខ្លាច។ អស់នាហ្មឺនឃើញគង់ ហ៊ានលេចអាចម៏ដាក់ក្បាលដំរី ស្អុយពាសពេញដូច្នោះគេសួរថា លោកមេទ័ពថ្មីម្តេចក៏ លេចលាមកដូច្នេះ? ” ។ គង់ហ៊ានឆ្លើយថា “បើកំពុងតែច្បាំងនឹងសត្រូវហើយផ្ទៃនឹងចុះទៅ ដោះទុក្ខសត្វឯណា មានតែដោះទុក្ខសត្វលើក្បាលដំរីដូច្នោះឯង បើរវល់តែដោះទុក្ខសត្វ។ ខ្មាំងវាមិនកាប់ស្លាប់ឥតអំពើទៅហើយឬ? ។ អស់នាហ្មឺននឹងរេហ៏ពលគង់ហ៊ាននិយាយដូច្នោះអ្នកខ្លះមានប្រាជ្ញគេដឹងថា គង់ហ៊ានខ្លាច អ្នកខ្លះមិនសូវមានប្រាជ្ញកោតខ្លាចគង់ហ៊ានណាស់។ ឯគង់ហ៊ានបានឈ្នះទ័ព ត្រឡប់ចូលមកនគរវិញ ហើយចូលទៅក្រាបបង្គំស្តេច ។ ស្តេចទ្រង់ជ្រាបថា គង់ហ៊ានទៅច្បាំងឈ្នះ ដេញខ្មាំងរត់ខ្ចាត់ខ្ចាយអស់ទៅ ទ្រង់ត្រេកអរណាស់ ទ្រង់រាជទានយសស័ក្តិជានាហ្មឹនធំ ហើយព្រះរាជទានព្រះរាជទ្រព្យនិងគ្រឿងបណ្តាការជាច្រើន។តាំងអំពីថ្ងៃនោះមកគង់ហ៊ានរិតតែអួត ខ្លាំងពូកែក្អេងក្អាងឡើងទៀត។លុះក្រោយមក ទៀតមានក្រពើសាហាវមួយចេះតែដេញខាំមនុស្សម្នា អ្នកឈ្មួញដើររកស៊ីខាងជើងទឹក ជើងកំពង់ គេខ្លាចរអាគ្រប់គ្នាមិន មានអ្នកណាហ៊ានចុះងូតទឹកឬដើរទូកសោះ។ អស់រាស្ត្រពិបាកចិត្តណាស់រឿងនោះក៏ជ្រាបទៅដល់ស្តេចៗ ទ្រង់ត្រាស់ប្រើគង់ហ៊ានឱ្យទៅចាប់ក្រពើ ។ ឯគង់ហ៊ានឮព្រះបន្ទូលដូច្នោះនឹកភ័យណាស់ ប៉ុន្តែមិនហ៊ានទទឺងព្រះបន្ទូលក៏ទទួលថា និងយកអាសារសូមទ្រង់កុំព្រួយព្រះរាជហរទ័យ។ គង់ហ៊ានត្រឡប់មកដល់ផ្ទះនិយាយនឹងប្រពន្ធថា”គេហ៏អើយ! ឥឡូវនេះទ្រង់ឱ្យយើងទៅចាប់ក្រពើក្នុងទន្លេដ្បិតក្រពើសាហាវ ណាស់ម្តងនេះយើងឃើញថាមិនរួចខ្លួនទេ មុខជាក្រពើខាំស្លាប់មិនខានពីមុន នៅលើគោកគ្រាន់និងមើលទៅឃើញ ឥឡូវនេះនៅក្នុងទឹកធ្វើម្តេចនិងគេចរួច? ប៉ុន្តែស្តេចទ្រង់ប្រើហើយនឹងមិនទៅក៏មិនបានបើដូច្នេះមានតែទៅលោតទឹកឱ្យក្រពើវាខាំស្លាប់តែម្តងទៅ ”។ គង់ហ៊ាន គិតគ្នានឹងប្រពន្ធដូច្នោះហើយក៏ហៅកូនក្មួយមកធ្វើជាទៅចាប់ក្រពើ ។ អស់មនុស្សម្នាមហាជនឮថា គង់ហ៊ានទៅចាប់ក្រពើ ក៏បបួលគ្នាទៅមើលពាសពេញ។ លុះគង់ហ៊ាន ទៅដល់កំពង់ទឹក បានឃើញក្រពើហែលមកប្របច្រាំង ត្រង់ទីដែលមានដើមឈើពីរដើមដុះជិតគ្នាមានប្រគាប គាត់ក៏ស្ទុះលោតចុះទៅក្នុងទឹកត្រង់ទីនោះដោយគិតថាលោតទៅឱ្យ ក្រពើវាខាំស្លាប់ទៅទេ ប៉ុន្តែក្រពើវាឮសន្ធឹកគង់ហ៊ានលោតចុះ ក៏ភ្ញាក់ព្រើតប្រឹងលោតឡើងដូចជាគេ ប្រហកក្នុងប្រគាបឈើ ជាប់ពាក់កណ្តាលខ្លួនរុលទៅមុខក៏មិនរួច ថយមកក្រោយក៏មិនរួច។ គង់ហ៊ានមុជទៅ ក្នុងទឹកងើបឡើងឃើញក្រពើជាប់នឹងដើមឈើដូច្នោះ ស្រែកបង្គាប់ឱ្យកូនក្មួយយក លំពែងមកចាក់កាប់ក្រពើនោះស្លាប់ទៅ ឯអ្នកមើលទាំងប៉ុន្មានគេគិតស្មានថា គង់ហ៊ានចាប់ក្រពើ នោះបោះមកឱ្យជាប់នឹងមែកឈើ ក៏កោតខ្លាចគង់ហ៊ានក្រៃពេក។ គង់ហ៊ានបានឃើញក្រពើស្លាប់យ៉ាងដូច្នោះ ក៏រិតតែអួតក្អេងក្អាង ខ្លាំងពូកែឡើងទៀត ហើយចូលទៅក្រាបទូលស្តេចថាខ្លួនចាប់ក្រពើចោល ឡើងមកលើគោក។ ស្តេចទ្រង់ក៏សព្វព្រះរាជហរទ័យ ប្រោសប្រទានយសស័ក្តិឱ្យគង់ហ៊ានឡើងធំលើសពីមុនទៀត ព្រះរាជទានអំណាចនឹងរង្វាន់ជាច្រើន៕

រឿងព្រេង៖ ឪពុកក្មេករើសកូនប្រសារ

កាល​ពីព្រេងនាយ​ មាន​តា​ចាស់​ម្នាក់​ និង​ដូន​ចាស់​ម្នាក់​នៅ​ស្រុក​មួយ ។ តា​ចាស់​យាយ​ចាស់​នោះ​ មាន​កូន​ក្រមុំ
​ម្នាក់​ រូប​ល្អ​ណាស់​ អ្នក​ណា​ទៅ​ដណ្ដឹង​ក៏​គាត់​មិន​ព្រម​ឲ្យ​គាត់​ថា << អ្នក​ណា​តម​មិន​ជេរ​ម្ដាយ​គេ​បាន​ ទើប​គាត់​ឲ្យ​កូន​ជា​ប្រពន្ធ​អ្នក​នោះ >> ។ ជួន​ជា​ថ្ងៃ​មួយ​នោះ​មាន​កម្លោះ​ម្នាក់​ រូបរាង​ស្អាត​បាត​ ចូល​ទៅ​ដណ្ដឹង​កូន​គាត់ៗ​ថា << អើ​ អញ​ឲ្យ​ឯងៗ​ កុំ​ព្រួយ​ចិត្ត​ ប៉ុន្តែ​ឯង​ត្រូវ​តម​ជេរ​ម្ដាយ​គេ​ ហើយ​ទទួល​បម្រើ​អញ​តាម​ពាក្យ​អញ​ ទើប​បាន​អញ​ឲ្យ​ឯង​ បើ​តម​មិន​បាន​អញ​ផ្ដាច់​មិន​ឲ្យ​ឯង​ទេអញ​ប្រាប់​ឯង​ឲ្យ​ដឹង​ជា​មុន, លុះ​ក្រោយ​ទៅ​ ឯង​កុំ​ថា​អញ​កាច​ណា >> ។ កម្លោះ​នោះ​ថា<< ខ្ញុំ​បាទ​តម​ជេរ​ម្ដាយ​គេ​បាន​ ហើយ​ធ្វើ​ការ​អ្វីៗ​ ក៏​បាន​ទាំងអស់​ ខ្ញុំ​បាទ​ទទួលសព្វ​គ្រប់​ប្រការ​ តាម​ប្រសាសន៍​លោក​ឪពុក >> ។តា​នោះ​ថា << អើ​បើ​ឯង​តម​ជេរ​ម្ដាយ​គេ​បាន​មែន​ ឯង​ទៅ​សិន​ចុះ​ ព្រឹក​ត្រូវ​ឯង​មក​វិញ​ពី​ព្រលឹម >> ។ កម្លោះ​នោះ​ ក៏​លា​វិល​ទៅ​ផ្ទះ​វិញ ។ ព្រឹក​ឡើង​ កម្លោះ​នោះ​មក​វិញ​ ចូល​ទៅ​បម្រើ​ឪពុក​ម្ដាយ​ក្មេកៗ​នោះ​ ប្រើ​កូន​ក្រមុំ​គាត់​ឲ្យ​រៀប​បាយ​ទឹក​ ឲ្យ​អ្នក​កម្លោះ​នោះ​ស៊ីៗ​រួច​ហើយ​តា​នោះ​ ក៏​ប្រាប់​ទៅ​កូន​ប្រសារ​ថា << នែ​កូន ! ចូរ​កូន​ទៅ​ចាប់​ក្របី​ទៅ​ភ្ជួរ​ស្រែ, កូន​ឯង​ភ្ជួរ​ដរាប​ដល់​ថ្ម​នៅ​ឯ​ស្រែ​នោះ​យំ​តេវៗ​ ហើយ​សឹម​ឯង​ដោះ​ក្របី >> ។ អ្នក​កម្លោះ​ទៅ​ចាប់​ក្របី​មក​ទឹម​ហើយ​ទៅ​ភ្ជួរ​ស្រែ​តាំង​ពី​ព្រលឹម​ដល់​ ថ្ងៃ​ត្រង់​ក៏​ថ្ម​ពុំ​យំ, ក្របី​ដើរ​ពុំ​រួច​ក៏​ថ្ម​ចេះ​តែ​ឈឹង​ពុំ​យំ​សោះ។អ្នក​កម្លោះ​ឃ្លាន​បាយ​ណាស់​ទ្រាំ​ពុំ​បាន​ជេរ​ម្ដាយ​ថា <<ម្ដាយ​អា​ថ្ម​នេះ​កាលណា​នឹង​យំឡើង>>។កម្លោះ​នោះ​ជេរ​តែ​ ប៉ុណ្ណោះ​តា​នោះ​ក៏​ស្ទុះ​ចេញ​ពី​ក្រោយ​ថ្ម​មក​ថា << ណ្ហើយ​ចុះ ! ឯង​ដោះ​ក្របី​លែង​ ហើយ​ទៅ​ផ្ទះ​ឯង​ចុះ​ អញ​ផ្ដាច់​កូន​ហើយ​ ត្បិត​ឯង​តម​ជេរ​ម្ដាយ​មិន​បាន >> ។ កម្លោះ​នោះ​ក៏​ដោះ​ក្របី​លែង​ ហើយ​ទៅ​ផ្ទះ​វិញ ។ ថ្ងៃ​ក្រោយ​មក​ មាន​កម្លោះ​ម្នាក់​ចូល​ទៅ​ដណ្ដឹង​កូន​តា​នោះ​ទៀត​ គាត់​ក៏​បង្គាប់​ដូច​កម្លោះ​មុន, តែ​អ្នក​កម្លោះ​ក្រោយ​គេ​មាន​ប្រាជ្ញា​ គេ​ទៅ​ភ្ជួរ​ស្រែ​វេច​បាយ​ទៅ​ស៊ី​ផង​ លុះ​ភ្ជួរ​ដល់​ថ្ងៃ​ខ្ពស់​ឃ្លាន​បាយ​ក៏​បញ្ឈប់​ក្របី​ស៊ី​បាយ, រួច​ហើយ​ក៏​ភ្ជួរ​ទៀត​ទល់​ថ្ងៃ​ជ្រេ​ពី​ត្រង់​ក៏​ថ្ម​ពុំ​យំ​ ក្របី​ក៏​អស់​ជើង​ដើរ​ពុំ​រួច ។ កាល​បើ​អ្នក​កម្លោះ​បរ​ក្របី​ទៅ​ដល់​ជិត​ថ្ម​នោះ​អ្នក​ធ្វើ​ជា​ស្ដី​ថា << ឱ ! លោកថ្ម​អើយ​ យំ​ឡើង, ក្របី​ដើរ​ពុំ​រួច​ទេ​ អាណិត​ក្របី​ផង​ទៅ, ខ្លួន​ខ្ញុំ​ឥត​បើ​អី​ទេ​ ខ្ញុំ​មាន​បាយ​ស៊ី​ហើយ​ ភ្ជួរ​ដល់​យប់​ក៏​បាន​ដែរ, បើ​មិន​អាណិត​ខ្ញុំ​អាណិត​តែ​ក្របី​ចុះ​ ត្បិត​វា​ជា​សត្វ >>។ កម្លោះ​នោះ​អង្វរ​ដូចម្ដេច​ក៏​ថ្ម​ពុំ​យំ, អ្នក​កម្លោះ​នោះ​ក៏​ពុំ​ជេរ​ត្បិត​វា​ដឹង​ថា​តា​នោះ​ទៅ​ពួន​ក្រោយ​ថ្ម​ លុះ​និយាយ​យូរៗ​ទៅ​តា​នោះ​មើល​មក​ឃើញ​ក្របី​ដើរ​ពុំ​រួច​មែន​ គាត់​នឹកអាណិត​ក្របី​គាត់​ ក៏​យំ​ក្រោយ​ថ្ម​នោះ​ឮ​តែ​តែវៗ, អ្នក​កម្លោះ​នោះ​ក៏​ដោះ​ក្របី​ឲ្យ​ស៊ី​ស្មៅ​ហើយ​មក​ផ្ទះ​ឪពុក​ក្មេក​វិញ ។ តា​នោះ​ក៏​ឲ្យ​កូន​គាត់​លើក​បាយ​មក​ឲ្យ​អ្នក​កម្លោះ​នោះ​ស៊ី។លុះ​ល្ងាច​តា​នោះ​ប្រាប់​ថា << កូន​អើយ ! ទៅ​ផ្ទះ​ឯង​ចុះ, ព្រឹក​សឹម​ឯង​មក​វិញ >>។ កម្លោះ​នោះ​ក៏​លា​ទៅ​ផ្ទះ​ លុះ​យប់​មក​លប​ចាំ​ស្ដាប់​យក​ការណ៍​ នៅ​ក្រោម​ដំណេក​តា​នោះ​ ព្រោះគាត់​និយាយ​គិត​គូរ​នឹង​ប្រពន្ធ​គាត់​ទាល់​តែ​ដេក​លក់ ។ វេលា​យប់​តា​ចាស់​ចូល​ដេក​ ក៏​និយាយ​នឹង​យាយ​ថា << ដូន ! អា​នេះ​វា​តម​ជេរ​ម្ដាយ​បាន​ ប៉ុន្តែ​រូប​រាង​វា​អាក្រក់​ មិន​សម​នឹង​កូន​យើង​ដូច្នេះ​ យើង​រក​ឧបាយ​យ៉ាង​ណា​ឲ្យ​វា​ខឹង​ជេរ​ម្ដាយ​ ហើយ​យើង​នឹង​ផ្ដាច់​វា​ទៅ ? ។ ដូន​ឆ្លើយ​ថា << ងាយ​ទេ, បើ​ដូច្នេះ​ចូរ​តា​ឯង​ចូល​ក្នុង​ការុង​មួយ​ ការុង​មួយ​ទៀត​ដាក់​អង្ករ, ព្រឹក​ឡើង​វា​មក​ខ្ញុំ​ប្រាប់​វា​ថា​តា​ទៅ​កាប់​ឧស​លើ​ភ្នំ​មុន​ ហើយ​ខ្ញុំ​ឲ្យ​វា​រែក​តា​ឯង​និង​អង្ករ​ទៅ​លើ​ភ្នំ, បើ​វា​ធ្ងន់​ វា​ខឹង​វា​ជេរ​នោះ​ តា​ឯង​នៅ​ក្នុង​ការុង​ស្រាប់​នឹង​ឮ​ ហើយ​មក ​វិញ​ផ្ដាច់​វា​បាន​ដោយ​ងាយ >> ។ តា​យាយ​គិត​គ្នា​ដូច្នោះ​ហើយ​ ក៏​ដេក​ទៅ ។ ឯ​អ្នកកម្លោះ​លប​ស្ដាប់​ក្រោម​ផ្ទះ​ឮ​ដឹង​ការណ៍​ហើយ​ ក៏​វិល​ទៅ​ដេក​ឯ​ផ្ទះ ។ព្រឹក​ឡើង​អ្នក​កម្លោះ​នោះ​ទៅ​បម្រើ​ម្ដាយ​ក្មេក​ ក៏​ស្រាប់​តែ​ឃើញ​យាយ​ចាស់​បង្ហាញ​អម្រែក​ហើយ​ប្រាប់​ថា <<កូន​អើយ ! ឪ​ឯង​ទៅ​កាប់​ឧស​លើ​ភ្នំ​ហើយ​ គាត់​ផ្ដាំ​ថា​ឲ្យ​កូន​ឯង​រែក​អង្ករ​នេះ​ ឡើង​ទៅ​តាម​ឲ្យ​ឆាប់​ ត្បិត​គាត់​ទៅ​តាំង​តែ​ពី​ព្រឹក​ មិន​ទាន់​ទាំង​ហូប​បាយ​ផង​ មាន​តែ​កូន​ឯង​រែក​ទៅ​ឲ្យ​ឆាប់​ និង​អាលដណ្ដាំ​បាយ​ឲ្យ​ឪ​ឯង​ហូប >> ។ កម្លោះ​នោះ​ទទួល​អម្រែក​ហើយ​ ក៏​រែក​ទៅ​តាម​ជើង​ភ្នំ, ដល់​រែក​ឡើង​បន្តិច​ទៅ​ធ្ងន់​ណាស់​ ក៏​រែក​ចុះ​មក​វិញ​ ហើយ​ស្ដី​ថា​ ឱ! ឪ​អើយ, ខ្ញុំ​ឃ្លាន​បាយ​ណាស់​ ខ្ញុំ​រែក​ឡើង​ទៅ​ឲ្យ​ឆាប់​មិន​បាន​ទេ​ បើ​វា​ធ្ងន់​ម្ល៉េះ​នរណា​នឹង​រែក​ឡើង​ទៅ​វិញ​រួច​ បើ​ឪ​មិន​អាណិត​គាត់​ជេរ​បន្ទោស​ដូចម្ដេច​ក៏​ទទួល >> ។ និយាយ​ហើយ​រែក​ចុះ​មក​វាល​វិញ, លុះ​រែក​ទៅ​ដល់​កន្លែង​មួយ​ឃើញ​ស្បូវ​ស្ងួត​ល្អ​ ក៏​រែក​ទៅ​ដាក់​ឈប់​កណ្ដាល​ស្បូវ​នោះ​ ហើយ​ដើរ​ទៅ​បាត់​មួយ​ស្របក់​ទើប​ដើរ​ត្រឡប់​មក​វិញ​ យក​ភ្លើង​ដុត​អម្រែក, លុះ​ភ្លើង​ឆេះ​ស្បូវ​ជុំវិញ​ ហើយ​ក្ដៅ​ដល់​តា​ចាស់​ដែល​នៅ​ក្នុង​អម្រែក​នោះ​ គាត់​ក៏​បម្រះ​ញ័រ​រង្គើ​ទាំង​ការុង​ ភ័យ​ក្រែង​ភ្លើង​ឆេះ​ស្លាប់​ ប៉ុន្តែ​ចេញ​មិន​រួច ។ អ្នក​កម្លោះ​ធ្វើ​ជា​រត់​មក​ពី​ណា​ស្រែក​ថា << ជើរ ! នរណា​ដុត​ភ្លើង​ឆេះ​អម្រែក​អញ​អស់​ ធ្វើ​ដូចម្ដេច​អញ​នឹង​ចូល​ទៅ​បាន​ បើ​ភ្លើង​ឆេះ​ជុំវិញ​ដូច្នេះ​ ចូល​មិន​ចុះ​ទេ >> ថា​ហើយ​ឈរ​ស្រែក​នៅ​ក្រៅ, លុះ​ភ្លើង​ឆេះ​ដល់​ការុង​ដឹង​ថា​តា​ចាស់​ក្ដៅ​ណាស់​ហើយ​ ទើប​ស្ទុះ​ចូល​ទៅ​អូស​អម្រែក​ចេញ​ពី​ភ្លើង​ រួច​ហើយ​ភ្លើង​ក៏​ឆេះ​ដាច់​ខ្សែ​ការុង​ លោក​តា​ចាស់​បម្រះ​ញ័រៗ​ ទើប​អ្នក​កម្លោះ​ស្រាយ​ការុង​ចេញ​ ឃើញ​តា​ឪពុក​ក្មេក​រលាក​ភ្លើង​ ឆេះ​ទាំង​សក់​ក្បាល​ក៏​ជំរាប​ថា << ជើ​ លោក​ឪ ! ម្ដេច​ក៏​មិន​ប្រាប់​កូន​ កុំ​អី​ភ្លើង​ឆេះ​ស្លាប់​ចោល​ម៉ែ​ឲ្យ​នៅ​មេម៉ាយ >>។តា​ចាស់​ខឹង​ណាស់​តែ​ពុំ​ដឹង​ជា​ធ្វើ​ដូចម្ដេច​ ឡើង​ដើរ​តយង៉យ​មក​ផ្ទះ​វិញ​ ទ្រម​ខ្លួន​មួយ​ថ្ងៃ​ណា​មួយ​ដោយ​វា​អូស​ចេញ​ពី​ភ្លើង​ ណា​មួយ​ដោយ​រលាក​ភ្លើង ។ មក​ដល់​ផ្ទះ​វិញ​គ្មាន​ស្ដី​មួយ​ម៉ាត់, ដល់​ផ្ទះ​ហើយ​ប្រាប់​កូន​ប្រសារ​ថា<< ទៅ​ផ្ទះ​ចុះ, ព្រឹក​សឹម​មក >> ។ ឯ​កូន​ប្រសារ​លា​ទៅ​ផ្ទះ, ដល់​យប់​ក៏​មក​ពួន​ក្រោម​ផ្ទះ​លប​ចាំ​ស្ដាប់​ទៀត ។ លុះ​យប់​ តា​ចាស់​ដូនចាស់​ចូល​ដេក​ ក៏​និយាយ​គិត​គ្នា​ទៀត ។ តា​ថា​គិត​ដូចម្ដេច​នឹង​ផ្ដាច់​វា​បាន ? អា​នេះ​មាន​ប្រាជ្ញា​ណាស់​តែ​បើ​ឲ្យ​កូន​យើង​ទៅ​វា​ វា​មិន​សម​នឹង​កូន​យើង, ពី​ថ្ងៃ​មិញ​វា​ដឹង​ថា​ឯង​នៅ​ក្នុង​ការុង​វា​រែក​ទៅ​ដល់​កណ្ដាល​ផ្លូវ​វា​ថា​ធ្ងន់​ណាស់​ តែ​វា​មិន​ជេរ​ម្ដាយ​ទេ​ វា​រក​ទី​ណា​មាន​ស្បូវ​ស្ងួត​ វា​រែក​អម្រែក​ទៅ​ដាក់​កណ្ដាល​ស្បូវ​ ហើយ​វា​ដើរ​ទៅ​រក​ភ្លើង​មក​ដុត​ជុំវិញ, លុះ​ដល់​ភ្លើង​ឆេះ​វា​ធ្វើ​ជា​ស្រែក​ថា << នរណា​ ដុត​ភ្លើង​នេះ​ឆេះ​អម្រែក​វា​អស់ >> ។ ហើយ​វា​ឈរ​ស្រែក​មិន​ចូល​យក​ទុក​ទាល់​តែ​ភ្លើង​ឆេះ​ ដល់​ក្ដៅ​រលាក​ឯង​ទៅ​ហើយ​ទើប​បាន​វា​រត់​ចូល​ទៅ​អូស​ចេញ​មក, អញ​ភ័យ​ណាស់​ ប៉ុន្តែ​ចេញ​មិន​រួច​ព្រោះ​វា​ចង​មាត់​ការុង​ជាប់​ អញ​រលាក​អស់​ទាំង​ខ្លួន, ឥឡូវ​នេះ​យើង​គិត​ដូចម្ដេច​នឹង​ផ្ដាច់​វា​បាន ? ។ យាយ​ថា << ឥឡូវ​នេះ​ យើង​គិត​ថា​តា​ឯង​ធ្វើ​ម្ចាស់​ឲ្យ​វា​ធ្វើ​ឆ្កែ​នាំ​ទៅ​បណ្ដើរ​រក​អណ្ដើក​ ឲ្យ​វា​វារ​ដូច​ឆ្កែ, បើ​វា​រក​អណ្ដើក​មិន​បាន​ ឬ​វា​បោល​មិន​ទាន់​ទេ​នោះ​យើង​ផ្ដាច់​វា​បាន >>។ តា​ចាស់​ថា << អើ ! តា​ចាស់​ថា << អើ ! ដូន​គិត​ដូច្នេះ​ត្រូវ,ព្រឹក​អញ​ធ្វើ​ដូច​ជា​ឯង​ថា >> ។ តា​យាយ​គិត​គ្នា​ហើយ​ ដេក​ទៅ ។ ឯ​អ្នក​កម្លោះ​នោះ​ស្ដាប់​ដឹង​ការណ៍​អស់​ហើយ​ វិល​ទៅ​ដេក​ឯ​ផ្ទះ​វិញ , ដល់​មាន់​រងាវ​ទើប​ពុន​អណ្ដើក​យក​ទៅ​ចង​ទុក​ក្នុង​គម្ពោត​ស្មៅ​វាល​ ឯ​នេះ​ ឯ​នោះ​ ពាស​ពេញ​តែ​វាល​ ដែល​តា​ចាស់​គាត់​គិត​ទៅ​រក​អណ្ដើក​នោះ​ ហើយ​វិល​មក​ផ្ទះ​ ដេក​ធ្វើ​ព្រងើយ​ទៀត។ លុះ​ព្រឹក​ព្រហាម​ឡើង​ ចៅ​នោះ​ទៅ​ដល់​ផ្ទះ​ឪពុក​ក្មេក​ម្ដាយ​ក្មេកៗ​ ក៏​ឲ្យ​កូន​ក្រមុំ​គាត់​រៀប​បាយ​លើក​យក​មក​ឲ្យ​ស៊ីៗ​ រួច​ហើយ​ក៏​ប្រាប់​ថា << កូន ! ឥឡូវ​នេះ​ យើង​ទៅ​បណ្ដើរ​អណ្ដើក​ ប៉ុន្តែ​យើង​គ្មាន​ឆ្កែ​ កូន​ឯង​ធ្វើ​ឆ្កែ​ ឪ​ធ្វើ​ម្ចាស់​ យើង​ទៅ​រក​ក្រែង​បាន​មួយ​ពីរ​យក​មក​ស៊ី >>។ ចៅ​នោះ​ឆ្លើយ​បាទ ! ហើយ​តា​ចាស់​ពុន​បាយ​សំណុំ​ ទឹក​បំពង់​ដើរ​ចេញ​ពី​ផ្ទះ​ទៅ។ ចៅ​នោះ​ក៏​បោល​ជើង​៤​តាម​ក្រោយ​ ទៅ​ដល់​វាល​កន្លែង​វា​ចង​អណ្ដើក​នោះ​ វា​ក៏​បោល​ទៅ​មុខ​ចូល​គុម្ពោត​ស្មៅ​មួយ​ ធ្វើ​ជា​កោះ​ង៉ុងៗ។ តា​ចាស់​រត់​ទៅ​ដល់​វា​ខាំ​បាន​អណ្ដើក​មួយ​ ហើយ​ទៅ​ទៀត​ ខាំ​បាន​អណ្ដើក​ប្រាំមួយ​ប្រាំពីរ ដល់​ថ្ងៃ​ត្រង់​តា​ចាស់​ឃ្លាន​ពេក​ណាស់​ ក៏​អង្គុយ​គិត​នឹង​ស្រាយ​បាយ​ស៊ី។ ឆ្កែ​មើល​ទៅ​ខាង​ឃើញ​ក្របី​មួយ​ហ្វូង​ ក៏​បោល​ទៅ​ដេញ​ខាំ​ក្របីៗ​បោល​ចូល​ស៊ី​ស្រូវ​ស្រែ​អ្នក​ស្រុក។តា​ចាស់​ឃើញ​ហើយ​ រត់​ទៅ​ដញ​ក្របី​ចេញ​ពី​ស្រែ ឆ្កែ​បោល​មក​ស៊ី​បាយ​អស់​ហើយ​បោល​ទៅ​បាត់ ។ ឯ​ឪពុក​ក្មេក​ជា​ម្ចាស់​ឆ្កែ​វិល​មក​វិញ​រក​បាយ​ស៊ី​គ្មាន​ព្រោះ​ឆ្កែ​ស៊ី​អស់​ខឹង​ណាស់​ ដេញ​វាយ​វា​ពុំ​ទាន់​ ណា​អស់​កម្លាំង​ឃ្លាន​បាយ​ណា​ផ្លូវ​ឆ្ងាយ​ ក៏​ខំ​ដើរ​មក​ផ្ទះ​វិញ​ទាំង​អត់​បាយ​ ដើរ​ពុំ​ចង់​រួច​ បន្ទោស​ឆ្កែ​មិន​បាន​ ត្បិត​វា​ចំណាំ​អីចឹង ។ ដល់​ផ្ទះ​ស៊ី​បាយ​រួច​ហើយ​ ប្រាប់​កូន​ប្រសារ​ថា << ទៅ​ផ្ទះ​ចុះ​ព្រឹក​សឹម​មក​វិញ>> ដល់​យប់កូន​ប្រ
សារ​មក​ស្ដាប់​តា​យាយ​គិត​គ្នា​ទៀត ។ លុះ​ដល់​យប់​ តា​យាយ​ចូល​ដេក,តា​ប្រាប់​យាយ​ពី​រឿង​ដែល​កូន​ប្រសារ​នោះ​ធ្វើ​សព្វគ្រប់​ ហើយ​តា​ឲ្យ​យាយ​ជួយ​គិត​ទៀត។ដូន​ចាស់​ប្រាប់​ថា << ពី​មុន​វា​ធ្វើ​ឆ្កែ​ តា​ឯង​ធ្វើ​ម្ចាស់​ បាន​ជា​វា​ធ្វើ​បាប​តា​ឯង​បាន​ ដូច្នោះ​ព្រឹក​នេះ​ តា​ឯង​ឲ្យ​វា​ធ្វើ​ម្ចាស់​ម្ដង​ ឯ​តា​ឯង​ធ្វើ​ឆ្កែ​វិញ >> ។ តា​យាយ​គិត​គ្នា​ ហើយ​ដេក​ទៅ។ ចៅ​នោះ​លប​ស្ដាប់​បាន​ការណ៍​ហើយ​ ក៏​ទៅ​ដេក​ឯ​ផ្ទះ​វា​ហី។ ព្រឹក​ឡើង​ចៅ​នោះ​ ទៅ​បម្រើ​ឪពុក​ក្មេក​ម្ដាយ​ក្មេក​ទៀត។ តា​យាយ​ឲ្យ​កូន​ក្រមុំ​លើក​បាយ​មក​ឲ្យ​វា​ស៊ី។ រួច​ហើយ​តា​ក៏​ប្រាប់​ថា<< កូន​អើយ ! ពី​ម្សិល​មិញ​ឯង​ធ្វើ​ឆ្កែ, ថ្ងៃ​នេះ​ឯង​ធ្វើ​ម្ចាស់​អញ​ម្ដង​អញ​ធ្វើ​ ឆ្កែ​វិញ >>។ ចៅ​នោះ​ឆ្លើយ​បាទ ! ហើយ​ពុន​បាយ​និង​ទឹក​ទៅ​ ឯ​ តា​វារ​ធ្វើ​ជា​ឆ្កែ​បោល​តាម​ក្រោយ។ លុះ​ហួស​ពី​ផ្ទះ​បន្តិច​ទៅ​ វា​ខំ​ដើរ​យ៉ាង​លឿន​កុំ​ឲ្យ​ឪពុក​ក្មេក​វា​បោល​ទាន់។ តា​បោល​ពុំ​ទាន់​ត្បិត​ខ្លួន​ចាស់​ ដើរ​ត្រុកៗ​តាម​ក្រោយ​វា, ឯ​វា​ក៏​បែរ​មក​ថា << ឆ្កែ​អី​ស៊ី​តែ​បាយ​បង្អស់​ ទៅ​មុខ​មិន​ទៅ​ ដើរ​តែ​ក្រោយ​ម្ចាស់​ រក​អណ្ដើក​ម្ដេច​បាន ? ថា​ហើយ​វាយ​ឆ្កែ​ឲ្យ​បោល​ទៅ​មុខ។ តា​បោល​ក្នុង​ស្មៅ​មិន​រួច​ចេះ​តែ​ដើរ​តាម​ក្រោយ​រក​អណ្ដើក​ ក៏​មិន​បាន, កូន​ប្រសារ​វាយ​ស្ទើរ​ស្លាប់​ ហត់​ស្ទើរ​ដាច់​ខ្យល់​ តែ​ពុំ​ហាន​ស្ដី​ ព្រោះ​ខ្មាស់​កូន​ប្រសារ។ លុះ​ទៅ​ឆ្ងាយ​ដល់​ថ្ងៃ​ត្រង់​វា​ស្រាយ​បាយ​ស៊ី​ ហើយ​វា​ថា<<ឆ្កែ​អី​រក​អណ្ដើក​មិន​បាន​ដើរ​តែ​ក្រោយ​មនុស្ស​ ស៊ី​តែ​បាយ​អង្អស់ >> ហើយ​វា​បង្អត់​មិន​ឲ្យ​បាយ​ស៊ី​ វា​ឲ្យ​តែ​ឆ្អឹងឆ្អែង, ឆ្កែ​ចាស់​អង្គៀម​ក៏​មិន​បែក​ត្បិត​គ្មាន​ធ្មេញ​ឃ្លាន​ណាស់​អង្គុយ​មើល​តែ​មុខ​វា​ ទាល់​តែ​វា​ស៊ី​ហើយ​វា​វាយ​មួយ​ព្រនង់​ទៀត​វា​ថា << ណ្ហើយ ! ទៅ​ផ្ទះ​ចុះ​ បើ​មិន​ផេះ​ទេ​ឆ្កែ​អី​ឆ្នែង​យ៉ាង​ហ្នឹង >> ហើយ​វា​ឡើង​ដើរ​វិល​ទៅ​ផ្ទះ​វិញ ។ តា​ចាស់​ហត់​ណាស់​ វារ​មិន​រួច​​ឡើង​ដើរ​ទៅ​តាម​ក្រោយ​កូន​ប្រសារ​ធ្វើ​មុខ​ស្រមេះ។ លុះ​ទៅ​ដល់​ចៅ​កម្លោះ​ប្រាប់​ម្ដាយ​ក្មេក​ថា << ម៉ែ ! រក​អណ្ដើក​មិន​បាន​ទេ​ ព្រោះ​ឆ្កែ​មិន​ស្វាក់>> ។ តា​ចាស់​ខឹង​ណាស់​ប្រាប់​កូន​ប្រសារ​ថា << ឯង​ទៅ​ផ្ទះ​ចុះ​ ព្រឹក​សឹម​មក​វិញ >> ។ ចៅ​នោះ​ក៏​លា​ទៅ, ដល់​យប់​មក​ពួន​លប​ស្ដាប់​ក្រោម​ផ្ទះ​ទៀត ។ លុះ​ដល់​យប់​ តា​យាយ​ចូល​ដេក, តា​និយាយ​ប្រាប់​យាយ​ពី​រឿង​កូន​ប្រសារ​បាប​ ហើយ​បង្អត់​ទាំង​បាយ​ផង។ ដូន​ថា << ណ្ហើយ ! ឲ្យ​កូន​ទៅ​វា​ទៅ​ផ្ដាច់​វា​មិន​បាន​ទេ, អា​នេះ​មាន​ប្រាជ្ញា​ណាស់​ ឯង​គិត​អី​ក៏​វា​ដឹង​មុន​ទាំងអស់, វា​ធ្វើ​បាប​ស្ទើរ​តែ​ស្លាប់​ ម្ដេច​ក៏​មិន​រាង >>។ តា​ចាស់​ឆ្លើយ​ថា << នឹង​ឲ្យ​វា​ទៅ​មើល​ទៅ​រូបរាង​វាមិន​សម​នឹង​កូន​យើង​សោះ, ប៉ុន្តែ​យើង​ធ្វើ​កល​ឲ្យ​វា​ខឹង​ ឲ្យ​វា​ជេរ​ម្ដាយ​ វា​មិន​ជេរ​ ដូច្នេះ​ដូន​ជួយ​គិត​អញ​ម្ដង​ទៀត​ បើ​វា​ធ្វើ​តាម​មិន​បាន​សឹម​ផ្ដាច់​វា >> ។ ដូន​ចាស់​ថា << អើ ! ឥឡូវ​នេះ​មាន​តែ​ដល់​ពេល​មាន់​រងាវ​ តា​ឯង​លុប​មុខ​ ស៊ី​ស្លា​ ហូប​បាយ​ ចូល​ទៅ​ក្នុង​ការុង​មួយ​ការុង​មួយ​ទៀត​ច្រក​អង្ករ​ បើ​ព្រឹក​ឡើង​វា​មក​ខ្ញុំ​នឹង​ប្រាប់​វា​ថា​ តា​ឯង​ទៅ​ផ្សារ​ទិញ​អីវ៉ាន់, ហើយ​ខ្ញុំ​ប្រាប់​ឲ្យ​វា​រែក​ទៅ​តាម​ឲ្យ​ទាន់​ នៅ​វេលា​ស៊ី​បាយ​ព្រឹក​ ត្បិត​ផ្លូវ​ផ្សារ​ ក៏​ឆ្ងាយ​ដែរ បើ​វា​រែក ​ទៅ​មិន​ទាន់​ទេ​នោះ​លុះ​មក​វិញ ​នឹង​ផ្ដាច់​កូន​ពី​វា​បាន​ងាយ​ មួយ​ទៀត​តែ​ទៅ​ដល់​ពាក់​កណ្ដាល​ផ្លូវ​វា​មុខ​ជា​ធ្ងន់​ វា​ប្រហែល​ជា​វា​គិត​ឃើញ​ ថា​ស្ងាត់​ហើយ​ វា​ជេរ​មិន​ខាន >> ។តា​ចាស់​និង​យាយ​គិត​គ្នា​ហើយ​ក៏​ដេក​ទៅ។ឯ​កូន​ប្រសារ​លប​ស្ដាប់​នៅ​ក្រោម​ផ្ទះ​ដឹង​ការណ៍​ហើយក៏​ទៅ​ដេក​ផ្ទះ។ លុះ​ព្រឹក​ឡើង​ចៅ​នោះ​រៀប​ខ្លួន​ដើរ​ចេញ​ទៅ​បម្រើ​ឪពុក​ក្មេក​ទៀតដល់​ហើយ​ម្ដាយ​ក្មេក​ឲ្យ​កូន​ក្រមុំ​លើក​បាយ​យក​មក​ឲ្យ​ចៅ​នោះ​ស៊ី​ទៀត ស៊ី​ហើយ​ក៏​ប្រគល់​អម្រែក​ឲ្យ​កូន​ប្រសារ​ រែក​ទៅ​តាម​ឪពុក​ក្មេក​ឯ​ផ្សារ​ ដូច​គិត​គ្នា​ពី​ល្ងាច​នោះ។ ចៅ​នោះ​រែក​ដើរ​ទៅ​ហើយ​គិត​ថា << ម្ដង​នេះ​អញ​ធ្វើ​ឲ្យ​ឪពុក​ក្មេក​អញ​នេះ​ ឲ្យ​កូន​មក​អញ​ កុំ​ឲ្យ​គាត់​រក​កល​ធ្វើ​បញ្ឆោត​អញ​ក្រោយ​ទៀត >>។ ហើយ​គិត​តែ​រែក​ដើរ​ទៅ​ដល់​កណ្ដាល​ផ្លូវ​ដាក់​អម្រែក​ចុះ​ ហើយ​ថា​ ការុង​នេះ​ចង​មាត់​មិន​ជាប់ >> ។ វា​យក​ខ្សែ​ចង​ថែម​ទៀត, លុះ​រែក​ទៅ​ដល់​កន្លែង​មាន​ព្រែក​ មាន​ស្ពាន​ ក៏​ដាក់​អម្រែក​លើ​ស្ពាន​ ឲ្យ​ប្របេះ​ត្រង់​ចុង​ក្ដារ​នៅ​តែ​បន្តិច​នឹង​ធ្លាក់​ពី​ស្ពាន​ ហើយ​ថា << អញ​អើយ​ ថ្ងៃ​ណាស់​ហើយ​ ម្ល៉េះ​សម​ឪ​អញ​ជេរ​មិន​ខាន​អម្រែក​ធ្ងន់​រែក​ម្ដេច​ឲ្យ​ទាន់ ! ណ្ហើយ​ ឪ​ជេរ​ក៏​ជេរ​ចុះ​អញ​ដាក់​នៅ​នេះ​ ទៅ​វាល​សិន​រួច​សឹម​ទៅ​ទៀត >> ។ និយាយ​បណ្ដើរ​ដើរ​បណ្ដើរ ។ មួយ​ស្របក់​ក៏​កាន់​ឈើ​មួយ​ធំ​ដើរ​មក​ពី​នាយ​បុក​ក្ដារ​ស្ពាន​ឮ​គ្រាំៗ​ ធ្វើ​ហាក់​ដូច​ជា​ដំរី​ឆ្លង​ស្ពាន​ហើយ​ស្រែក​ថា<< នរណា​ដាក់​អម្រែក​នៅ​លើ​ស្ពាន​ ដំរី​អញ​វា​ជាន់​ខូច​អស់​ហើយ​ យក​ចេញ​ឲ្យ​ឆាប់​ ស្រែក​ហើយ​បុក​ក្ដារ​គ្រាំងៗ​ដើរ​ចូល​មក ។ ឯ​តា​ចាស់​នៅ​ក្នុង​ការុង​គិត​ស្មាន​ថា​ដំរី​មែន​ ភ័យ​ក្រែង​ជាន់​ស្លាប់​ក៏​ខំ​បម្រះ​ជៀស​ផ្លូវ​ដំរី​ហួស​ពី​ក្ដារ​ធ្លាក់​ទៅ​ក្នុង​ទឹកៗ​ ចូល​ការុង​គាត់​ឈ្លក់​ទឹក​ត្រដរ​ញ័រ​ទាំង​ការុង​ស្ទើរ​តែ​នឹង​ស្លាប់ ។ ឯ​កូន​ប្រសារ​ឃើញ​ដូច្នោះ​ ក៏​ទុក​ឲ្យ​ផឹក​ទឹក​បន្តិច​ ឲ្យ​អស់​ខូច​ទៀត​ ហើយ​ធ្វើ​ជា​ដើរ​មក​ពី​វាល​ស្រែក​ថា << នរណា​ហ៊ាន​បរ​ដំរី​ឆាយ​អម្រែក​អញ​ឲ្យ​ធ្លាក់​ក្នុង​ទឹក​ ទទឹក​អង្ករ​អញ​អស់ ! ឱ​អញ​អើយ ! ឱ​ជេរ​ថែម​ទៀត​ហើយ​ថ្ងៃ​ក៏​កាន់​តែ​ខ្ពស់​ហើយ​ អង្ករ​ទទឹក​ថែម​ទៀត >> ។ អ្នក​កម្លោះ​ឃើញ​ឪពុក​ក្មេក​បម្រះ​ញ័រ​ក្នុង​ការុងក៏​ថា << ឱ ! មាន​ត្រី​មក​ប្របេះ​ផង, ណ្ហើយ ! អញ​ចុះ​ទៅ​ស្រង់​មក​មើល >> ថា​ហើយ​ក៏
​លោត​ទៅ​ស្រង់​ឡើង​មក​មើល​ហើយ​ថា<<អើយ !បើ​វា​ទទឹក​នឹង​ស្រាយ​ហាល​ថ្ងៃ​ហើយ​រែក​យក​ទៅ​ឲ្យ​ម៉ែ​ធ្វើ​នំ​បញ្ចុក​ទុក​ឲ្យ​ឪ >>។ថា​ហើយ​ស្រាយ​មើល​ឃើញ​តា​នៅ​ក្នុង​ការុង​ក៏​ថា ​ឪ​អើយ! ម្ដេច​មិន​ស្រែក​ប្រាប់​ខ្ញុំ​ កុំ​អី​ស្លាប់​ទៅ​ហើយ​គេ​បរ​ដំរី​មក​ពី​ណា​មិន​ដឹង​គេឲ្យ​ដំរី​ឆាយ​ធ្លាក់​ទៅ​ក្នុង​ទឹក>>។តា​ឮ​ហើយ​ឡើង​ឈរ​ដើរ​វិល​មក​ផ្ទះ​វិញ​មិន​មាន​ស្ដី​មួយ​ម៉ាត់​ដល់​ទៅ​ផ្ទះ​អស់​ចំណេះ​ ពុំ​ហាន​គិត​ទៀត​ក៏​រៀប​ការ​កូន​ក្រមុំ​ឲ្យ​ទៅ​អ្នក​កម្លោះ​នោះ
​ទៅ ។
 និយាយ​យប់​ ផ្ទប់​ព្រៃ​ និយាយ​ថ្ងៃ​ ព្រៃ​មាន​ត្រចៀក​

រឿងព្រេងក្រពើរមិលគុណ

មាន​បុរស​ឳពុក​និង​កូន​បរទេះ​ចេញ​ទៅ​ជួញ​ជួប​និង​ក្រពើ​មួយ​ដែល​ភ្លើង​ ព្រៃ​ រោល​រលាក​ជើង​ទាំង ៤ និង​ដើរ​រក
​ចំណី​ឆី​ពុំ​បាន​អត់​អាហារ​ស្គម​រីងរៃ ។ បុរស​ឳពុក និង កូន​បាន​ឃើញ​ក្រពើ​នោះ​រលាក​ជើង​ទាំង ៤ ស្គម​ទាំង​ខ្លួន
​និង​វា​ពុំ​បាន​ដូច្នោះ​ហើយ បុរស​នោះ​អាសូរ​ក្រពើបាន​កាប់​ឈើ​មក​ចង​អម​ក្រពើ​នោះ​រឹង​ជាប់ លើក​ដាក់​លើ​រទេះ​បរ​ទៅ លុះ​ដល់​បឹង​មួយ​ធំ​ជា​ទី​សុខ​សប្បាយ បុរស​នោះ​ដាក់​ក្រពើ​ចុះ​ក្នុង​ទឹក​ក្រពើ​នោះ​បាន​ផឹក​ទឹក​អក​ភក់​ឆ្អែត​ហើយ គិត​នឹង​ខាំ​បុរស​នោះ​វិញ បុរស​នោះ​ថា "ព្រះ​ស្ដែង​កុំ​ខាំ​អញៗមាន​គុណ​លើ​ព្រះ​ស្ដែង" ក្រពើ​នោះ​ថា "មាន​គុន​នឹង​អញ​ឯ​ណា បើ​ចង​អញ​ស្ទើរ​ស្លាប់​ដូច្នោះអញ​ឆី​ព្រះ​ស្ដែង​ឲ្យ​ទាល់​តែ​បាន" ។ឯ​បុរស​ថា "ព្រះ​ស្ដែង​កុំ​អាល​ខាំ​អញ មក​យើង​នឹង​នាំ​គ្នា​ទៅ​រក​អ្នក​ប្រាជ្ញ លោក​កាត់​សេចក្ដី​នេះ​ឲ្យ​យើង" ទើប​បុរស​និង​ក្រពើ នាំ​គ្នា​ទៅ​ក្រាប​បង្គំ​ទូល​ពញរះ​មហាក្សត្រ ដោយ​នូវ​ដំណើរ​ទីទៃៗ ។ ក្រពើ​ក្រាប​បង្គំ​ថា "ខ្ញុំ ​ព្រះ​បាទ​អម្ចាស់​នៅ​ទី​មួយ​ស្ងៀមៗ ស្រាប់​តែ​ចៅ​នេះ​មក​ចង​អប​ខ្លួន​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ជាប់ លើក​ដាក់​លើ​រទេះ​បរ​ទៅ ខ្ញុំ​ព្រះ​បាទ​អម្ចាស់​បម្រះ​ពុំ​រួច ព្រោះ​តែ​ធ្វើ​ទុក្ខ​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​បាន​ជា​ខ្ញុំ​ព្រះ​បាទ​អម្ចាស់ ​ខាំ​បុរស​នេះ​ឆី"។បុរស​ក្រាប​បង្គំ​ថា "ក្រពើ ​នេះ​ភ្លើង​ព្រៃ​រោល​រលាក​ជើង​ទាំង ៤ វា​ពុំ​រួច​បាន​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​អាសូរ ទើប​យក​ឈើ​ចង​អប​ហើយ​លើក​ដាក់​លើ​រទេះ​បរ​ទៅ​ដល់​បឹង​ទើបស្រាយ​លែង​ហើយ ក្រពើ​នេះ​ចុះ​ទៅ​ក្នុង​ទឹក​បាន​ផឹក​ទឹក​អក​ភក់​មាន​កម្លាំង​ហើយ គិត​ខាំ​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​វិញ ហេតុ​នេះ​បាន​ជា​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ទាំង ២ នាំ​គ្នា​មក​ក្រាប​បង្គំ​ទូល​ព្រះ​អង្គ សូម​ទ្រង់​កាត់​សេចក្ដី​នេះ បើ​ព្រះ​អង្គ​ពុំ​ជឿ​សុំ​ទ្រង់​ទត​ជើង​ក្រពើ​ទាំង ៤ ចុះ" ។ព្រះ​មហាក្សត្រ​ទ្រង់​ពិចារណា​ថា "ក្រពើ​នេះ​ឥត​ធម៌​ពុំ​ដឹង​គុណ​គេ​ឡើយ" ទើប​ព្រះ​អង្គ​កាត់​ថា "បើ​ដូច្នេះ​មាន​តែ​ព្រះ​ស្ដែង​ឲ្យ​គេ​ចង់​ព្រះ​ស្ដែង​ដូច​អំពី​មុន​នោះ​សិន ​ហើយ សឹម​អញ​ពិចារណា​ឲ្យ​ព្រះ​ស្ដែង" ទើប​ព្រះ​អង្គ​ឲ្យ​បុរស​នោះ​ទៅ​ចង​ក្រពើ​នោះ​ជាប់​ដូច​អំពី​មុន ហើយ​ទ្រង់​មាន​ព្រះ​បន្ទូល​ថា "ព្រះ ​ស្ដែង​នាំ​ទៅ​ផ្ទះ​ចុះ ថ្ងៃ​ក្រោយ​ព្រះ​ស្ដែង​កុំ​ធ្វើ​គុណ​នឹង​សត្វ​តិរច្ឆាន ព្រោះ​លោក​ថា​ពុំ​ត្រូវ​ទុក​ចិត្ត​សត្វ​មាន​ចង្កូម​មាន​ពិស​ទេ"។ព្រះ​មហាក្សត្រ​ទ្រង់​កាត់​សេចក្ដី​ដូច្នេះ​បុរស​នោះ​ចូល​ចិត្ត​ហោង ។

រឿងពស់កេងកង

កាលពីព្រេងនាយនៅលើដីយើងនេះគ្រប់ស្រុកទាំងអស់មិនមានពស់ពិស និង ពស់ឥតពិសទេមានតែពស់កេងកង។ មាននិទានថា កាលពីដើមឡើយមានមនុស្សពីនាក់ប្តីប្រពន្ធ។ ប្រពន្ធឈ្មោះនាងនីមានកូនស្រីមួយ ឈ្មោះនាងអេត។ ប្តីនោះទៅជួញអង្កាំបាត់ជាយូរអងែ្វង។ ថៃ្ងមួយអស់បងប្អូនជិតខាងគេបបួលគ្នាទៅរកអុស ឯនាងនីលឺគេបបួលគ្នា​ក៏ទៅជាមួយនឹងគេដែរ យកនាងអេតជាកូនទៅជាមួយផង។ លីដឹងចូលទៅក្នុងព្រៃ បានឃើញអុសមួយធំ នាងនីយកដឹងពុសអុស។ ពុសយូរបន្តិចទៅដឺងក៏រង្គោះធ្លាក់ទៅក្នុងរន្ធពស់។ នាងនីមើលទៅឃើញដឹងថារន្ធពស់កេងកងក៏និយាយនឹងពស់នោះឲ្យហុចដឹងឲ្យ។ ឯពស់កេងកងឆ្លើយឡើងថា «អើ!បើនាងឯងដោយអញធ្វើជាប្រពន្ធអញ ទើបអញឲ្យដឹង បើនាងឯងមិនដោយអញ ធ្វើជា ប្រពន្ធអញនោះ អញមិនឲ្យដឹងទេ»។ នាងនីលឺពស់កេងកងថាដូចេ្នះហើយហេតុតែជាស្រីខូចក៏ព្រម ទទួលថា «អើ! លែងតែអ្នកឯងឲ្យដឹងមកចុះចាំល្ងាចឲ្យមេអេតមកហៅ»។ ពស់កេងកងលឺនាងនីថាដូច្នោះ ក៏ឲ្យដឹងមក។ នាងនីផ្តាំថា «ដល់ល្ងាចសឹមឲ្យមេអេតមកហៅ»។ ហើយនាងនីក៏ទូល​អុសទៅផ្ទះ ជាមួយនាងអេត។ 

លុះដល់ព្រលប់នាងនីក៏ប្រើនាងអេតជាកូនទៅហៅពស់កេងកង។ នាងអេតទៅដល់រន្ធពស់ឆ្លើយថា «ពស់កេងកង! ៗ នាងនីឲ្យហៅ»។ ឯពស់កេងកងលឺហើយចេញមក។ នាងអេតឃើញពស់ក៏ភ័យព្រឺស្ញើបអស់ទាំងខ្លួន ប៉ុនែ្តខ្លាចម្តាយព្រោះម្តាយប្រើមកក៏ខំសង្កត់ចិត្តនាំពស់ទៅផ្ទះ។ ពស់នោះ ធំណាស់លូនទៅលើស្មៅបាក់រាបអស់។ ដល់ផ្ទះ ហើយក៏ឡើងទៅដេកជាមួយនឹងនាងនី។ នាងនីនិយាយនឹងពស់កេងកងថា «ខ្ញុំមានប្តី  ឥឡូវនេះគាត់ទៅជួញអង្កាំពីរបីឆ្នាំមកម្តងៗ»។ ពស់កេងកងសួរថា «ប្តីនាង ឯងនៅប៉ុន្មានខែប៉ុន្មានថៃ្ងទៀតទើបមកដល់? » នាងនីឆ្លើយថា »មិនដឹងជាប៉ុន្មានខែ ប៉ុន្មានថៃ្ងទៀតមកដល់ទេ»។ ពស់កេងកងលានាងនីទៅរូងវិញ នាងផ្តាំថា «បើប្តីខ្ញុំមក ខ្ញុំមិនឲ្យមេអេតទៅហៅទេ អ្នកកុំមក។ បើប្តីខ្ញុំមិនទាន់មកនោះខ្ញុំប្រើមេអេតឲ្យទៅហៅអ្នកសឹមអ្នកមក»។ ពស់កេងកងក៏ទៅរូងវិញទៅ។ រាល់តែល្ងាចនាងនី​ប្រើមេអេតឲ្យទៅហៅពស់កេងកង។ នាងអេតខ្លាចម្តាយក៏ទៅតាមពាក្យម្តាយប្រើ ប៉ុនែ្តក្នុងចិត្តខ្លាចពស់នោះណាស់ ដ្បិតពស់នោះធំហើយវែងផង មួយទៀតខឹងក្នុងចិត្តដ្បិតម្តាយ សាហាយ នឹងពស់។ នាងអេតទៅដល់មាត់រូងហៅថា «ពស់កេងកង! ៗ នាងនីឲ្យហៅ» ។ ពស់កេងកង លឺក៏លូនចេញមកហើយឆ្លើយថា »អេតអើយអេត! បើអញទៅ ឱពុកអេតនឹងកាត់អញដាច់ »។នាងអេត ឆ្លើយថា «ឱពុកអញទៅជួញអង្កាំពីរ-បីឆ្នាំមិនទាន់មកដល់»។ ពស់កេងកងបានលឺនាងអេតប្រាប់ដូច្នោះ ក៏លូនចេញពីរន្ធមក ហើយចេះតែទៅរាល់ថៃ្ង។ នាងនីសាហាយពស់កេងកងទាល់តែផើម។ ដល់យូរបនិ្តចទៅ ប្តីនាងនីមកពីជួញអង្កាំវិញឃើញនាងនីពោះធំក៏នឹកសង្ស័យ ក៏សួរនាងអេតជាកូន។ នាងអេត ប្រាប់ឱពុកថា «ម៉ែគាត់សាហាយនឹងពស់កេងកង។ តែវេលាព្រលប់កាលណាឲ្យតែខ្ញុំទៅហៅរាល់ថៃ្ង»។ ឪពុកលឺនាងអេតប្រាប់ដូច្នោះ ក៏និយាយនាងអេតថា «ដល់ល្ងាចហងឯងទៅហៅពស់នោះមកទៀត អញកាប់វា នៅមាត់ទ្វារ ហើយហងឯងកុំឲ្យម្តាយហងឯងដឹង»។ ឯនាងអេតលុះ
ដល់ព្រលប់ក៏ទៅហៅពស់កេងកងថា »ពស់កេងកង! ៗ នាងនីឲ្យហៅ»។ ពស់កេងកងលឺហើយឆ្លើយថា »អេតអើយអេត! បើអញទៅ ឪពុកអេតនៅកាត់កអញដាច់»។ នាងអេតឆ្លើយថា «ឱពុកអញទៅជួញអង្កាំពីរ-បីឆ្នាំមិនទាន់មកដល់»។ ពស់កេងកងលឺនាងអេតប្រាប់ដូច្នោះ ស្មានថាឪពុក​មិនទាន់​មក​ពីជួញអង្កាំមែន ក៏ទៅដូចសព្វដង។ ឯឪពុក នាងអេតកាន់ដាវពួននៅមាត់ទ្វារចាំកាប់។ ពស់កេងកងលូនចូលមាត់ទ្វារបន្តិច ឪពុកនាងអេតកាត់ដាច់ ហើយកាត់មួយកំណាត់ខាងកន្ទុយយកទៅដាក់លើស្កាក មួយកំណាត់ខាងក្បាលយកទៅដាក់លើមែកពុទ្រា ឯកណ្តាលខ្លួនឲ្យនាងអេតយកទៅពន្លួះពន្លាត់សែ្បកចោល ហើយផ្តាំនាងអេតថា «កុំឲ្យម្តាយហងដឹង តែត្រូវទុកសាច់ស្លឲ្យម្តាយហងឯងស៊ី»។ ឪពុកនាងអេតក៏លាងឈាមពស់ជ្រះអស់មិនឲ្យមានសល់។ ឯនាងនីពុំបានដឹងថាប្តីកាប់ពស់ជាសាហាយស្លាប់ទេ ព្រោះពេលនោះនាងនីមិននៅ ទៅសួរបងប្អូននៅផ្ទះឆ្ងាយ។ លុះព្រឹកឡើងនាងអេតយកសាច់ពស់ទុកឲ្យនាងនីជាម្តាយស៊ី។ នាងនីឃើញសម្លខ្លាញ់រលើបទាំងចានឆ្នាំង ក៏សួរនាងអេតថា «បានសាច់អ្វីស្លអេត?» នាងអេតប្រាប់ថា «សាច់ជ្រូក»។ នាងនីនឹកគិតស្មានថា សាច់ជ្រូកមែនក៏ដួសសម្លយកមកស៊ីបាយ។ កាលនាងអេត​ដួសសម្លយកមកឲ្យនាងនីជាម្តាយស៊ី មានកែ្អកមួយវាឃើញក្បាលពស់ដាក់លើមែកពុទ្រាវាចង់ស៊ីសាច់ពស់ វាបូលថា «ក៏ឡូវៗកេ្លមក្លមលេចសាច់់ប្តីឯងនាងនីកំពុងតែស៊ីបាយលឺកែ្អកបូល ដូច្នោះក៏មើលទៅលើដើមពុទ្រាឃើញក្បាលពស់កេងកងលើមែក ហើយនាងនីនឹកអាណិតស្រក់ទឹកភែ្នក តែនាងនីពុំហ៊ាននយំព្រោះខ្លាចប្តីដែលអង្គុយស៊ីបាយជាមួយគ្នា។ ប្តីឃើញនាងនីស្រក់ទឺកភែ្នកក៏សួរថា«ហេតុមេ្តចបានជាស្រក់ទឹកភែ្នក?»។ នាងនីឆ្លើយថា «ស៊ីបាយក្តៅសម្លក្តៅរលឹកកូនចៅរលោងទឹកភែ្នក»។ ឯកែ្អកនោះចេះតែបូល »ក៏ឡូវៗក៏កេ្លមក្លមលេបសាច់ប្តីឯងក្បាលដាក់លើមែកពុទ្រា កន្ទុយដាក់លើ ស្កាក»។ នាងនីមើលទៅលើស្កាកឃើញកន្ទុយពស់កេងកងនៅទីនោះ ឯប្តីនាងនីដឹងថា ប្រពន្ធសាហាយ នឹងពស់កេងកងពិតប្រាកដក៏នឹកក្នុងចិត្តខឹងចង់សម្លាប់នាងនី ប៉ុនែ្តធើ្វមិនឲ្យនាងនីដឹងខ្លួន។ ដល់នាងនីផើម ចាស់ផៃ្ទជិតនិងសំរាល ប្តីបបួលទៅកក់សក់នៅមាត់បឹង។ លុះដើរទៅដល់មាត់បឹងប្រាប់ប្រពន្ធថា «ទៅទៀត ឲ្យឆ្ងាយពីស្រុកគេយើងនិងកក់សក់លេងឲ្យសប្បាយតែពីរនាក់ម្តង»។ នាងនីមិនដឹងខ្លួនថាប្តីគិតសម្លាប់ខ្លួន ស្មានថាប្តីនាំទៅកក់សក់មែន ក៏ដើរចូលទៅក្នុងព្រៃឆ្ងាយទៅ។ លុះឃើញកំពុងមួយរាប
ស្អាតវាលល្អ ប្តី ប្រាប់ប្រពន្ធថា «កំពង់នេះរាបសប្បាយយើងឈប់កក់សក់នៅនេះចុះ»។ ឯនាងនីមិនដឹងថាប្តី គិតសំលាប់ខ្លួនក៏អង្គុយកក់សក់នៅមាត់ច្រាំង។ ប្តីនោះក៏ហូតដាវកាប់នាងពីក្រោយខ្នងមិនឲ្យដឹងខ្លួន ដាច់ពាក់កណ្តាល ខ្លួនស្លាប់ទៅ។ ពេលនោះឃើញសុទ្ធតែជាកូនពោះលូនចេញពីពោះនាងនីមក។ ប្តីនាងនីក៏កាប់កូនពស់ នឹងដាវខ្លះកាប់មិនទាន់ក៏លូនចូលទៅក្នុងក្រហែងដី ខ្លះមុជក្នុងទឹកខ្លះលូនចូលក្នុងព្រៃ ព្រោះហេតុនេះ បានជាមានពស់ច្រើនបែបច្រើនយ៉ាងមកដល់ឥឡូវនេះ។