Tuesday, November 11, 2014

រឿង៖ គង់ហ៊ាន

កាលពីព្រេងនាយមានមនុស្សម្នាក់ឈ្មោះគង់មានប្រពន្ធពីរនាក់ ១-ឈ្មោះនាងអាំ មួយឈ្មោះនាងគំ។ ថ្ងៃមួយអ្នកគង់ នាំប្រពន្ធទាំងពីរនាក់ទៅសួរសុខទុក្ខបងប្អូននៅស្រុកឆ្ងាយ។ តាមផ្លូវទៅស្រុកនោះមានខ្លាសាហាវ អ្នកគង់បណ្តើរប្រពន្ធទាំងពីរនាក់ទៅដល់ព្រៃធំមួយជិតស្រុកគេ ព្រៃនោះតែងមានខ្លាចេញខាំមនុស្សក្របី គោស៊ីជារឿយៗ។ លុះដល់អ្នកគង់ទៅដល់កន្លែងនោះ ខ្លាក៏ស្ទុះដេញស្រែកសន្ធាប់ពីចម្ងាយមក។ អ្នកគង់រត់ចូលរូងឈើ រាកនោម ព្រោះភ័យញ័រដៃញ័រជើង។ នាងអាំនិងនាងគំខំព្រួតគ្នាវាយខ្លានោះស្លាប់ទៅ។ ឯអ្នកគង់ឃើញប្រពន្ធវាយខ្លាស្លាប់ហើយបានស្ទុះម្នីម្នាចេញពីរូងឈើមកយកដំបងវាយខ្លាស្លាប់ស្រាប់នោះ ថែមទៀត។ ប្រពន្ធទាំងពីរបន្ទោសប្តីថា “ខ្លាគេវាយងាប់ហើយធ្វើជាមកវាយថែមទៀត ប្រុសអីកំសាកញីដូច្នេះ”។អ្នកគង់ជេបំពានទៅប្រពន្ធថា “មិនដែលមានស្រីណាវាយខ្លាស្លាប់ទេ មានតែប្រុសបានហ៊ានវាយខ្លាទាល់តែស្លាប់” ហើយអ្នកគង់ក៏បោចវល៌្លចងខ្លានោះនាំប្រពន្ធសែងចូលទៅក្នុងស្រុក។ អស់អ្នកស្រុកឃើញអ្នកគង់សែងខ្លាមក គេបបួលគ្នាមកមើលពេញៗហើយគេសួរថា “អ្នកឯងធ្វើដូចម្តេចបានជាចាប់បានខ្លានេះ ខ្លានេះសាហាវណាស់” ហើយប្រពន្ធអ្នកគង់ក៏និយាយប្រាប់អ្នកស្រុកថា “អ្នកគង់ឃើញខ្លាវាបោលមកគាត់រត់ចូលក្នុងរូងឈើខ្ញុំពីរនាក់ស្រីៗ ព្រួតគ្នាវាយខ្លាទាល់តែស្លាប់ ”។ អ្នកគង់ឮប្រពន្ធនិយាយប្រាប់ គេដូច្នោះគាត់ក៏បញ្ចោររំលោភប្រពន្ធថា “មិនដែលមានស្រីណាខ្លាំងហ៊ានវាយខ្លាស្លាប់ នោះទេមានតែប្រុស ទើបខ្លាំងពូកែហ៊ានវាយខ្លាស្លាប់បាន ” ។ អ្នកគង់ក៏អួតប្រាប់អ្នកស្រុកថា“កាលដែលខ្លាវាស្ទុះមកខាំ ខ្ញុំបានប្រើស្នៀតគុណពិសេសរបស់ខ្ញុំ ដូច្នេះបានជាវាយវាបាន” ថាហើយអ្នកគង់ធ្វើជាលោតគុណ វាយខ្លាឱ្យអ្នកស្រុកមើល។ ឯអស់អ្នកស្រុកកោតខ្លាចអ្នកគង់តែរាល់គ្នាហើយឱ្យឈ្មោះថា “គង់ហ៊ាន” តាំងពីថ្ងៃនោះមកឮល្បីឈ្មោះ គង់ហ៊ានជាអ្នកខ្លាំងពូកែចេះគុណវាយខ្លាស្លាប់ រឿងនេះជ្រាបទៅដល់ស្តេចៗ ទ្រង់ឱ្យយកទៅចិញ្ចឹមធ្វើជាសេនា សំរាប់ច្បាំងសង្គ្រាម។ លុះដល់យូរបន្តិចទៅជួន ជាមានសឹកគេលើកមកច្បាំងយកនគរស្តេចទ្រង់ប្រើគង់ហ៊ានឱ្យទៅច្បាំង។ គង់ហ៊ានឮ ស្តេចទ្រង់ប្រើឱ្យទៅជួយច្បាំងសឹកសង្គ្រាមដូច្នោះ ភ័យណាស់ពុំដឹងធ្វើម្តេចនឹងប្រកែកបាន ដ្បិតស្តេចទ្រង់ប្រើហើយ ហើយខ្លួនបានទាំងល្បីឈ្មោះជាអ្នកខ្លាំងពូកែផង ត្រឡប់មកផ្ទះវិញដេកសន្ធឹងសន្ធៃអត់បាយ។ ប្រពន្ធទាំងពីរនាក់ចូលទៅសួរថា “ម្តេចបានជាអ្នកដេកអត់បាយដូច្នេះ តើមានហេតុភេទប្រការដូចម្តេច? ”។ គង់ហ៊ានប្រាប់ថា “ដ្បិតស្តេចទ្រង់ប្រើឱ្យទៅច្បាំងសឹកឥឡូវនេះ បងខ្លាចសឹកនោះណាស់មិនដឹង បើគិតដូចម្តេចទេ”។ ប្រពន្ធឡើងឆ្លើយថា “អ្មកកុំព្រួយចិត្ត ធានាលើខ្ញុំទាំងអស់ អ្នកក្រោកឡើងពិសារបាយឱ្យឆ្អែត ងូតទឹកឱ្យសប្បាយខ្លួនចុះ ”។ គង់ហ៊ានឮប្រពន្ធលួងលោមដូច្នោះ បានធូរចិត្ត ក្រោកឡើងងូតទឹកស៊ីបាយរៀបគ្រឿងប្រដាប់និងទៅច្បាំង។ លុះរៀបរួចហើយដល់បានវេលាល្អ ក៏ចូលទៅក្រាបបង្គំលាស្តេចទៅច្បាំងយកទាំងប្រពន្ធទៅផង។ គង់ហ៊ានជិះខាងក្បាលដំរី ប្រពន្ធជិះខាងក្រោយ មានរេហ៏ពលហែរហមអមមុខក្រោយជាក្បួនទ័ពត្រៀបត្រាពាសពេញ។ លុះទៅជិតខ្មាំងសត្រូវមើលឃើញច្បាស់ប្រាកដ គង់ហ៊ានភ័យណាស់លេចអាចម៏ លេចនោមញ័រដៃញ័រជើងដូចអង្រួនក្បាលដំរី។ ឯដំរីគិតស្មានថាគេអង្រួនឱ្យខ្លួនបោលចូល ក៏ចេះតែបោលមុនរេហ៏ពលទាំងអស់ គ្មាននរណាតាមទាន់។ ឯងសត្រូវឃើញ គង់ហ៊ានបំបោលដំរីចូលដូច្នោះស្មានថាមេទ័ព នេះពូកែណាស់ ក៏បាក់ទ័ពរត់យក តែប្រាស់អាយុដោយខ្លួនទៅ។ គង់ហ៊ានឃើញខ្មាំងរត់ ទាំងអស់ក៏ធ្វើជាអួតក្អេងក្អាង ឱ្យអស់នាហ្មឺននឹងរេហ៏ពលកោតខ្លាច។ អស់នាហ្មឺនឃើញគង់ ហ៊ានលេចអាចម៏ដាក់ក្បាលដំរី ស្អុយពាសពេញដូច្នោះគេសួរថា លោកមេទ័ពថ្មីម្តេចក៏ លេចលាមកដូច្នេះ? ” ។ គង់ហ៊ានឆ្លើយថា “បើកំពុងតែច្បាំងនឹងសត្រូវហើយផ្ទៃនឹងចុះទៅ ដោះទុក្ខសត្វឯណា មានតែដោះទុក្ខសត្វលើក្បាលដំរីដូច្នោះឯង បើរវល់តែដោះទុក្ខសត្វ។ ខ្មាំងវាមិនកាប់ស្លាប់ឥតអំពើទៅហើយឬ? ។ អស់នាហ្មឺននឹងរេហ៏ពលគង់ហ៊ាននិយាយដូច្នោះអ្នកខ្លះមានប្រាជ្ញគេដឹងថា គង់ហ៊ានខ្លាច អ្នកខ្លះមិនសូវមានប្រាជ្ញកោតខ្លាចគង់ហ៊ានណាស់។ ឯគង់ហ៊ានបានឈ្នះទ័ព ត្រឡប់ចូលមកនគរវិញ ហើយចូលទៅក្រាបបង្គំស្តេច ។ ស្តេចទ្រង់ជ្រាបថា គង់ហ៊ានទៅច្បាំងឈ្នះ ដេញខ្មាំងរត់ខ្ចាត់ខ្ចាយអស់ទៅ ទ្រង់ត្រេកអរណាស់ ទ្រង់រាជទានយសស័ក្តិជានាហ្មឹនធំ ហើយព្រះរាជទានព្រះរាជទ្រព្យនិងគ្រឿងបណ្តាការជាច្រើន។តាំងអំពីថ្ងៃនោះមកគង់ហ៊ានរិតតែអួត ខ្លាំងពូកែក្អេងក្អាងឡើងទៀត។លុះក្រោយមក ទៀតមានក្រពើសាហាវមួយចេះតែដេញខាំមនុស្សម្នា អ្នកឈ្មួញដើររកស៊ីខាងជើងទឹក ជើងកំពង់ គេខ្លាចរអាគ្រប់គ្នាមិន មានអ្នកណាហ៊ានចុះងូតទឹកឬដើរទូកសោះ។ អស់រាស្ត្រពិបាកចិត្តណាស់រឿងនោះក៏ជ្រាបទៅដល់ស្តេចៗ ទ្រង់ត្រាស់ប្រើគង់ហ៊ានឱ្យទៅចាប់ក្រពើ ។ ឯគង់ហ៊ានឮព្រះបន្ទូលដូច្នោះនឹកភ័យណាស់ ប៉ុន្តែមិនហ៊ានទទឺងព្រះបន្ទូលក៏ទទួលថា និងយកអាសារសូមទ្រង់កុំព្រួយព្រះរាជហរទ័យ។ គង់ហ៊ានត្រឡប់មកដល់ផ្ទះនិយាយនឹងប្រពន្ធថា”គេហ៏អើយ! ឥឡូវនេះទ្រង់ឱ្យយើងទៅចាប់ក្រពើក្នុងទន្លេដ្បិតក្រពើសាហាវ ណាស់ម្តងនេះយើងឃើញថាមិនរួចខ្លួនទេ មុខជាក្រពើខាំស្លាប់មិនខានពីមុន នៅលើគោកគ្រាន់និងមើលទៅឃើញ ឥឡូវនេះនៅក្នុងទឹកធ្វើម្តេចនិងគេចរួច? ប៉ុន្តែស្តេចទ្រង់ប្រើហើយនឹងមិនទៅក៏មិនបានបើដូច្នេះមានតែទៅលោតទឹកឱ្យក្រពើវាខាំស្លាប់តែម្តងទៅ ”។ គង់ហ៊ាន គិតគ្នានឹងប្រពន្ធដូច្នោះហើយក៏ហៅកូនក្មួយមកធ្វើជាទៅចាប់ក្រពើ ។ អស់មនុស្សម្នាមហាជនឮថា គង់ហ៊ានទៅចាប់ក្រពើ ក៏បបួលគ្នាទៅមើលពាសពេញ។ លុះគង់ហ៊ាន ទៅដល់កំពង់ទឹក បានឃើញក្រពើហែលមកប្របច្រាំង ត្រង់ទីដែលមានដើមឈើពីរដើមដុះជិតគ្នាមានប្រគាប គាត់ក៏ស្ទុះលោតចុះទៅក្នុងទឹកត្រង់ទីនោះដោយគិតថាលោតទៅឱ្យ ក្រពើវាខាំស្លាប់ទៅទេ ប៉ុន្តែក្រពើវាឮសន្ធឹកគង់ហ៊ានលោតចុះ ក៏ភ្ញាក់ព្រើតប្រឹងលោតឡើងដូចជាគេ ប្រហកក្នុងប្រគាបឈើ ជាប់ពាក់កណ្តាលខ្លួនរុលទៅមុខក៏មិនរួច ថយមកក្រោយក៏មិនរួច។ គង់ហ៊ានមុជទៅ ក្នុងទឹកងើបឡើងឃើញក្រពើជាប់នឹងដើមឈើដូច្នោះ ស្រែកបង្គាប់ឱ្យកូនក្មួយយក លំពែងមកចាក់កាប់ក្រពើនោះស្លាប់ទៅ ឯអ្នកមើលទាំងប៉ុន្មានគេគិតស្មានថា គង់ហ៊ានចាប់ក្រពើ នោះបោះមកឱ្យជាប់នឹងមែកឈើ ក៏កោតខ្លាចគង់ហ៊ានក្រៃពេក។ គង់ហ៊ានបានឃើញក្រពើស្លាប់យ៉ាងដូច្នោះ ក៏រិតតែអួតក្អេងក្អាង ខ្លាំងពូកែឡើងទៀត ហើយចូលទៅក្រាបទូលស្តេចថាខ្លួនចាប់ក្រពើចោល ឡើងមកលើគោក។ ស្តេចទ្រង់ក៏សព្វព្រះរាជហរទ័យ ប្រោសប្រទានយសស័ក្តិឱ្យគង់ហ៊ានឡើងធំលើសពីមុនទៀត ព្រះរាជទានអំណាចនឹងរង្វាន់ជាច្រើន៕

No comments:

Post a Comment