Friday, October 31, 2014

រឿងព្រេង៖ សត្វចាបសំលាប់ដំរីស្ដ

  មាន​ដំរី​ស្ដ១ ដើរ​រក​ស៊ី​ក្នុង​ព្រៃ​ដាច់​ចេញ​ពី​ហ្វូង​តែ​ម្នាក់​ឯង ថ្ងៃមួយបាន​ដើរ​ទៅ​ជួប​ប្រទះ​នឹង​មេ​ចាប កំពុង

​តែ​ក្រាប​ក្រុង​កូន​នៅ​កណ្ដាល​ផ្លូវ​ដែល​ខ្លួន​ដើរ មេ​ចាប​និយាយ​អង្វរ​ដំរី​ថា « សូម​លោក​អាណិត​មេត្តា​កុំ​ដើរ

​ជាន់​កូន​ខ្ញុំ » ដំរី​មិន​ព្រម​ទទួល​យក​ពាក្យ​អង្វរ​ក៏​ឆ្លើយ​ត​ទៅ​វិញ​ថា អញ​មិន​ដឹង​មិន​ស្គាល់​អាណា​ទេ​អញ

​ចេះ​តែ​ដើរ​ជាន់ ស្លាប់​អាណា​ក៏​ដោយ ចាប​ឯង​ខ្លួន​តូច​ប៉ុណ្ណេះ​នឹង​ធ្វើ​អ្វី​អញ​បាន បើ​ទុក​ជា​ចាប​ឯង​មាន​ចំនួន

​ច្រើន​ដល់​ទៅ ១ ម៉ឺន ក៏​អញ​ជាន់​ឈ្លី​នឹង​ជើង​ឆ្វេង​អញ​តែ​ម្ខាង​ឱ្យ​​ស្លាប់​ល្អិត​ល្អោច​អស់​ឥត​សល់​មួយ​ដែរ ដំរី

​ថា​តែ​ប៉ុណ្ណេះ​ហើយ​ក៏​ដើរ​ជាន់​កូន​ចាប​ខ្ទេច​ខ្ទី​ស្លាប់​អស់​ទៅ មេ​ចាប​ឃើញ​កូន​ស្លាប់​ដូច្នោះ​ហើយ ក៏​កើត​ទុក្ខ

​ក្ដៅ​ក្រហាយ​សោក​ស្ដាយ​កូន​ណាស់ ទើប​ហើរ​ទៅ​ទំ​លើ​មែក​ឈើ​ហើយ​និយាយ​ប្រាប់​ដំរី​ថា « ដំរី​ឯង​ហ៊ាន​មើល

​ងាយ​អញ ដ្បិត​តែ​ឃើញ​អញ​ខ្លួន​តូច កម្លាំង​តិច ប៉ុន្តែ​ឯង​មិន​ទាន់​ដឹង​កម្លាំង​បញ្ញា​អញ​ទេ ចាំ​មើល​អញ​នឹង

​ធ្វើ​សង​សឹក​ដល់​ឯង​វិញ » មេ​ចាប​និយាយ​រួច​ហើយ​ក៏​ហើរ​ទៅ​រក​ពឹង​សត្វ​ក្អែក​ឱ្យ​ទៅ​ចឹក​ចោះ​ភ្នែក​ដំរី​ឱ្យ​​បែក

​ជា​ដំបៅ​ទាំង​សង​ខាង ក្អែក​ក៏​ទទួល​យក​អាសាទើប​មេ​ចាប​ទៅ​ពឹង​សត្វ​រុយ​ទៀត ឱ្យ​រុយ​ពង​ដាក់​ភ្នែក​ដំរី ឱ្យ​

​កើត​ជា​ដង្កូវ​ចុះ​ក្នុង​ភ្នែក​ទាល់​តែ​ខ្វាក់​ទាំង​ពីរ កាល​ដំរី​នោះ​ឈឺ​ភ្នែក​បែក​ខ្វាក់​ទាំង​ពីរ​ងងឹត​មើល​ផ្លូវ​មិន​ឃើញ

​ហើយ ក៏​កើត​ទុក្ខ​វេទនា លំបាក​នឹង​រក​ស្មៅ​ស៊ី នឹង​រក​ផឹក​ទឹក​ក៏​ពុំ​បាន មេ​ចាប​ឃើញ​ដំរី​ខ្វាក់​ភ្នែក​ដូច្នោះ​ហើយ​ក៏

​ទៅ​ពឹង​សត្វ​កង្កែប ឱ្យ​​ឡើង​ទៅ​យំ​លើ​កំពូល​ភ្នំ ដំរី​ឮ​កង្កែប​យំ មាន​ចិត្ត​ត្រេកអរ​ដោយ​សម្គាល់​ថា​មាន​ត្រពាំង​ទឹក 

ទើប​ដើរ​ឡើង​ទៅ​លើ​កំពូល​ភ្នំ កាល​ដំរី​ទៅ​ដល់​កំពូល​ភ្នំ​ហើយ កង្កែប​លោត​ចុះ​ទៅ​យំ​ក្នុង​ជ្រោះ​វិញ ដំរី​ដើរ​តាម

​សំឡេង​កង្កែប​ទៅ​ទៀត លុះ​ដល់​មាត់​ជ្រោះ​ក៏​រអិល​ជើង​រមៀល​ធ្លាក់​ទៅ​ក្នុង​ជ្រោះ​ស្លាប់​ទៅ ឯ​មេ​ចាប​បាន​ដឹង

​ថា​ដំរី​ស្លាប់​ហើយ ក៏​មាន​ចិត្ត​ត្រេក​អរ​ណាស់ ។
(ចុចដើម្បីអានរឿងព្រេង៖ ស្រីក្ងោកមាស)

រឿងព្រេង៖ ស្រីក្ងោកមាស

ដើម​ឡើយ​មាន​បុរស​ម្នាក់​បាន​ទទួល​ពាក្យ​បណ្ដាំ​ពី​អាពុក​ប្រដៅ​ថា កុំ​ឱ្យ​​យក​ប្រពន្ធ​ជា​ស្រី​ប្ដី​លែង​នឹង​ស្រី​សៅកែ ឱ្យ​

​យក​ស្រី​ក្រមុំ​ព្រហ្មចារី​នីនឹង​ម៉េម៉ាយ​ប្ដី​ស្លាប់​ធ្វើ​ជា​ប្រពន្ធ ហើយ​កុំ​យក​ក្លើ​នឹង​មនុស្ស​គ្រូ​បី ហើយ​ស្ដេច​ឥត​ធម៌​កុំ​ឱ្យ​

​នៅ​ក្នុង​នគរ​នោះ បុរស​នោះ​បាន​យក​ប្រពន្ធ​ស្រី​ទាំង ៤ នាក់​នោះ នឹង​យក​ក្លើ​មនុស្ស​គ្រូ​បី​ល្បង​មើល មាន​ថ្ងៃ ១ 

នោះ​ក្ងោក​មាស​របស់​ស្ដេច​វា​ទៅ​រក​ស៊ី​ក្បែរ​ផ្ទះ​បុរស​នោះ ហើយ​បុរស​នោះ​គិត​ពីសោត​មើល បាន​ចាប់​សត្វ​ក្ងោក

​មាស​នោះ​យក​ទៅ​ចង​លាក់​ក្នុង​ទ្រុង ១ ហើយ​ដាក់​ចំណី​បាយ​ទឹក​ឱ្យ​សត្វ​នោះ​អាស្រ័យ រួច​បុរស​នោះ​បាន​យក​មាន់

​គក ១ ទៅ​កាប់​បោច​ស្រេច យក​ទៅ​ធ្វើ​ជា​ម្ហូប​អាស្រ័យ ពេល​នឹង​អាស្រ័យ​បុរស​នោះ​បាន​យក​ប្រពន្ធ​ទាំង ៤ ហើយ

​នឹង​ក្លើ​នោះ​ទៅ​អាស្រ័យ​សាច់​មាន់​គក​នោះ​ទាំង​អស់​គ្នា ហើយ​បុរស​នោះ​និយាយ​ថា សាច់​នេះ​គឺ​ក្ងោក​មាស​របស់

​ស្ដេច អញ​លួច​កាប់​យក​សាច់​មក​ស៊ី​នេះ ។

          ក្រោយ​មក​ដល់​បាត់​សត្វ​ក្ងោក ស្ដេច​ឱ្យ​​ប៉ាវ​គង​សួរ​រក​សត្វ​ក្ងោក​នោះ ទើប​នាង​ស្រី​ប្ដី​លែង​នឹង​ស្រី

​សៅកែ​និយាយ​នឹង​នាង​ក្រមុំ- នាង​ប្ដី​ស្លាប់​ថា ប្រាប់​ពួក​អ្នក​ប៉ាវ​គង​ទៅ​ថា ប្ដី​យើង​វា​លួច​កាប់​សត្វ​ក្ងោក​របស់

​ស្ដេច​យក​សាច់​ស៊ី ព្រោះ​វា​ធ្វើ​បាប​វាយ​ជេរ​យើង​ខ្លាំង​ណាស់ ទើប​ស្រី​ក្រមុំ​នឹង​ស្រី​ប្ដី​ស្លាប់​អង្វរ​ទៅ​វិញ​ថា កុំ​ធ្វើ​បាប​ប្ដី

​របស់​ខ្លួន​ដូច្នោះ​មិន​ល្អ​ទេ នោះ​ស្រី​សៅកែ​នឹង​ស្រី​ប្ដី​លែង​ថា បើ​នាង​ឯង​មិន​ចូល​គំនិត​នឹង​យើង មុខ​ជា​យើង

​ប្ដឹង​អ្នក​ប៉ាវគង​ហើយ ស្រាប់​តែ​ស្រី​ទាំង​ពីរ​នោះ​ប្ដឹង​អ្នក​ប៉ាវ​គង​តាម​ដំណើរ​ដែល​ប្ដី​ប្រាប់​ថា លួច​កាប់​សត្វ​ក្ងោក

​ស្ដេច​យក​សាច់​ស៊ី​នោះ រួច​ពួក​ប៉ាវ​គង​បាន​ចាប់​យក​បុរស​នោះ​ទៅ​ថ្វាយ​ស្ដេច ហើយ​ទូល​តាម​ដំណើរ ស្ដេច​ឱ្យ​​នាំ

​បុរស​នោះ​ទៅ​ពិឃាដ លុះ​នាំ​ទៅ​ដល់​មាត់​ទ្វារ​វាំង​អ្នក​ចាំ​ទ្វារ​សួរ​ថា អ្នក​នាំ​មនុស្ស​ទោស​មក​នេះ ស្ដេច​បាន​ជំនុំ

​ជម្រះ​ហើយ​ឬ​នៅ អ្នក​នាំ​ថា​នៅ​ទេ អ្នក​ចាំ​ទ្វារ​ពុំ​ព្រម​បើក​ទ្វារ​ហើយ​បាន​និយាយ​រឿង​ប្រាប់​អ្នក​នាំ​ថា មាន​រឿង​

១​នោះ​សេដ្ឋី​ចិញ្ចឹម​ឆ្កែ ៥០០ លុះ​យប់​អា​ចោរ​ជីក​អុងម៉ុង្គ​ចូល​ទៅ​លួច​យក​ទ្រព្យ​សម្បត្តិ​របស់​សេដ្ឋី​នោះ​ចូល​ទៅ​ក្នុង

​អុងម៉ុង្គ​នោះ​ទាំង​អស់ ឆ្កែ​សេដ្ឋី​បាន​ទៅ​ខាំ​អា​ចោរ​ស្លាប់​ក្នុង​អុងម៉ុង្គ​នោះ​ស្លាប់​ទាំង​អស់ លុះ​ព្រឹក​ឡើង​មហា​សេដ្ឋី

​ឃើញ​បាត់​ទ្រព្យ​សម្បត្តិ​ដូច្នោះ​នឹក​ខឹង​នឹង​ឆ្កែ​ថា​មិន​ចេះ​ចាំ​របស់ ក៏​សម្លាប់​ឆ្កែ​នោះ​ទៅ លុះ​ខ្មោច​ចោរ​ធុំ​អសោច

​ឡើង​ទៅ​មើល​ឃើញ​ចោរ​ស្លាប់​ដូច្នោះ​ក៏​នឹក​ស្ដាយ​ឆ្កែ​ក្រោយ កំពុង​តែ​និយាយ​បន្តិច ឃើញ​បម្រើ​ស្ដេច​ឱ្យ

​ទៅ​ហៅ​បុរស​នោះ​ជំនុំ​ជម្រះ​វិញ លុះ​ស្ដេច​សួរ​បុរស​នោះ​ពី​សម្លាប់​សត្វ​ក្ងោក​មាស បុរស​ទូល​ស្ដេច​ថា ក្ងោក​នោះ​មិន

​បាន​សម្លាប់​ទេ មាន​កន្លែង​ទុក​ដោយ​ល្អ ឯ​សម្លាប់​នោះ​គឺ​មាន់​គក​ទេ ស្ដេច​បាន​ឱ្យ​ទៅ​យក​សត្វ​ក្ងោ​កនោះ​វិញ 

ស្ដេច​បាន​លើក​ទោស​បុរស​នោះ​លែង ហើយ​បុរស​នោះ​បាន​លា​ស្ដេច​លែង​ក្នុង​នគរ​នោះ ព្រោះ​ស្ដេច​ឥត​ធម៌ ឯ​ស្រី

​ទាំង​ពីរ​ដែល​ប្ដឹង​ពី​បុរស​នោះ​ថា​កាប់​ក្ងោក​នោះ ក៏​បុរស​នោះ​លែង​ចោល​ចេញ៕
(ចុចដើម្បីអានរឿងព្រេង៖ អណ្ដើកនិងស្វា)


រឿងព្រេង៖ អណ្ដើក នឹងស្វា

មាន​រឿង​និទាន​មួយ​ថា​ អណ្ដើក​និង​ស្វា​ វា​សុំ​ធ្វើ​ដន្លង​គ្នា​ តែ​គ្មាន​កូន​ចៅ​ទៅ​ចង​ពន្ធ​អ្វី​ទេ​ គ្រាន់​តែ​និយាយ​ថា​ 

សុំ​គ្នា​ធ្វើ​ដន្លង ។ សត្វ​ទាំង​ពីរ​ ស្រឡាញ់​រាប់អាន​គ្នា​ ដូច​ដន្លង​អ្នក​ទាំង​ពួង​នោះ​ដែរ ។ លុះ​ចំណេរ​យូរ​ទៅ​ ដន្លង​ខាង

​ស្វា​នោះ​ គេ​មាន​កូន​ត្រូវ​រៀប​ការ​ គេ​ហៅ​ភ្ញៀវ​ពួក​ស្វា​ សន្មត​ថ្ងៃ​នឹង​ស៊ី​ការ​ ទើប​នឹក​ឃើញ​អណ្ដើក​ជា​ដន្លង​ថា 

«យើង​ការ​កូន​នេះ​ ហៅ​ភ្ញៀវ​អស់​ហើយ​ នៅ​តែ​អណ្ដើក​ជា​ដន្លង​ មិន​ទាន់​បាន​ទៅ​ប្រាប់​ឥឡូវ​ ជិត​ថ្ងៃ​ការ​ណាស់

​ទៅ​ហើយ​ បើ​ដូច្នោះ​ឱ្យ​​បម្រើ​ទៅ​អញ្ជើញ​គាត់​ផង​ បំណាច់​យើង​រាប់អាន​គ្នា​ យូរ​ឆ្នាំ​ណាស់​មក​ហើយ» គិត​ហើយ​ក៏

​ចាត់​បម្រើ​ឱ្យ​​ទៅ​អញ្ជើញ ។  ថ្ងៃ​ដែល​គេ​ប្រជុំ​ញាតិ​ស៊ី​ការ​នោះ​ អណ្ដើក​ក៏​ទៅ​ដល់​ដែរ​ តែ​នឹង​ឡើង​ទៅ​ស៊ី​ផឹក​នឹង

​គេ​មិន​រួច ។ ពួក​ស្វា​បាន​ឃើញ​ ក៏​ទៅ​ប្រាប់​ដន្លង​ស្វា​ថា «ដ្បិត​ដន្លង​អណ្ដើក​មក​ដល់​ហើយ​ នៅ​ឯ​ក្រោម​ដើម

​ឈើ» ។ ដន្លង​ស្វា​ចុះ​មក​ ឃើញ​អណ្ដើក​ក៏​ប្រាប់​ថា​ដន្លង​ឯង​ ឡើង​មិន​រួច​នឹង​គេ​ មាន​តែ​ដន្លង​ឯង​ខាំ​វល្លិ

​នេះ​ចុះ​ យើង​នឹង​ស្រាវ​ឡើង​ ប៉ុន្តែ​បើ​មិន​ទាន់​ដល់​ទៅ​កន្លែង​ដែល​យើង​អង្គុយ​ទេ​ ដន្លង​ឯង​កុំ​និយាយ​ឱ្យ​សោះ​ 

ទោះ​បី​ឃើញ​អ្វី​ ឬ​គេ​ថា​អ្វី​ក៏​ដោយ តែ​និយាយ​ធ្លាក់​មក​ស្លាប់​ហើយ ។ អណ្ដើក​ទទួល​បណ្ដាំ​ដន្លង​នោះ​សព្វ​គ្រប់​ហើយ​ 

ក៏​ទទួល​ខាំ​វល្លិ ។ ពួក​ស្វា​ទាំង​ប៉ុន្មាន​ ក៏​ស្រាវ​វល្លិ​នោះ​ឡើង​ នាំ​អណ្ដើក​ទៅ​ឯ​ថ្នាក់​លើ ។

          លុះ​ទៅ​ជិត​ដល់​កន្លែង​ ដែល​គេ​នឹង​ដាក់​នោះ​ ជួន​ជា​ដន្លង​ស្រី​ស្វា​ ឃើញ​អណ្ដើក​ ក៏​សួរ​ដោយ​រាប់អាន​ថា 

«ដន្លង! សុខ​សប្បាយ​ទេ​ឬ ?» ។ អណ្ដើក​ភ្លេច​ពាក្យ​បណ្ដាំ​ ហា​មាត់​ស្ដី​ទៅ​នឹង​ដន្លង​ ក៏​របូត​មាត់​ធ្លាក់​ខ្លួន​ដល់

​ដី​បែក​ស្នូក​ដូច​គេ​បោក​នឹង​ថ្ម​ ស្លាប់​នៅ​វេលា​នោះ​ ខាន​ស៊ី​ការ​នោះ​ទៅ ៕

រឿងព្រេង៖ បុរសជីកក្តាម

និទាន​១​ថា៖ មាន​បុរស​ប្ដី​ប្រពន្ធ​ មាន​កូន​ប្រុស​មួយ​ កូន​នោះ​អាយុ​បាន​១២​ឆ្នាំ​ មាតា​ស្លាប់​ទៅ​ នៅ​តែ​ឪពុក

​ពោះម៉ាយ ។ ឪពុក​ក៏​ធ្វើ​របរ​លក់​ដូរ​តែ​ពីរ​នាក់​នឹង​កូន​ លក់​មិន​ដាច់​រឹត​តែ​ក្រ​ទៅ​ៗ​ ក្រោយ​មក​ ឪពុក​អនិច្ចកម្ម

​ទៅ​ទៀត​ នៅ​តែ​កូន​ម្នាក់​ឯង​រក្សា​ផ្ទះ​សម្បែង ។ ឪពុក​ស្លាប់​ទៅ​បាន​៥​ថ្ងៃ​ ក៏​មក​ពន្យល់​សប្តិ​ថា «កូន​ឯង​ក្រ

​លំបាក​ណាស់​ យើង​ជា​ឪពុក​គ្មាន​របស់​អ្វី​នឹង​ឱ្យ​​ទេ ដូច្នេះ​ឱ្យកូន​ទៅ​ជីក​ក្ដាម​នៅ​ក្រោម​ខ្ទម​អ្នកតា​ នា​ទិស​ឦសាន

​ផ្ទះ​យើង​ យក​ទៅ​លក់​ចិញ្ចឹម​ជីវិត​រៀង​រាល់​ថ្ងៃ​ចុះ វេលា​ព្រឹក​ ថ្ងៃ​រះ​ឡើង​កាល​ណា​ ឱ្យ​កូន​ទៅ​ជីក​យក​រាល់​ថ្ងៃ​កុំ​ខាន» 


          លុះ​ភ្លឺ​ច្បាស់​ កូន​នោះ​ភ្ញាក់​ឡើង​ ចាំ​ជាក់​នូវ​និមិត្ត​សព្វ​គ្រប់​ ក៏​ចាប់​យក​ចប​ដើរ​តម្រង់​ទៅ​ខ្ទម​អ្នកតា​ ជីក

​ទៅ​ឃើញ​ក្ដាម​មួយ​ប្រាកដ​មែន​ រួច​យក​ក្ដាម​នោះ​ទៅ​លក់​ឱ្យ​​អ្នក​ផ្សារ​ៗ​ ក៏​ទិញ​យក ។ បុរស​នោះ​បាន​ប្រាក់​ហើយ

​ត្រឡប់​មក​វិញ ។

          ថ្ងៃ​ក្រោយ​វេលា​ព្រឹក​ បុរស​ទៅ​ជីក​ក្ដាម​នៅ​កន្លែង​ដដែល​នោះ​ បាន​ក្ដាម​មួយ​យក​ទៅ​លក់​ឱ្យ​អ្នក​ផ្សារ​ គេ​ក៏

​ទិញ​យក​ទៅ​ទៀត ។ បុរស​នោះ​ត្រឡប់​មក​ផ្ទះ​វិញ ។

          នៅ​ទី​នោះ​ មាន​មហា​សេដ្ឋី​ម្នាក់​ មាន​កូន​ស្រី​ក្រមុំ​ច្រើន​ កូន​ស្រី​បង​ៗ​ទាំង​ប៉ុន្មាន​ មហា​សដ្ឋី​រៀប​ឱ្យ​​មាន​ប្ដី

​អស់​ នៅ​តែ​កូន​ស្រី​ពៅ​ម្នាក់​ ឈ្មោះ​នាង​ពៅ​ប្រកែក​មិន​ព្រម​យក​ប្ដី សូម្បី​មហា​សេដ្ឋី​ជា​ឪពុក​ម្ដាយ​ បង្ខំ​ឱ្យ​​មាន​ប្ដី

​ម្ដេច​ម្ដា​ ក៏​នាង​មិន​ព្រម ។

          រី​ឯ​បុរស​នោះ​ លុះ​ថ្ងៃ​ក្រោយ​ ទៅ​ជីក​ក្ដាម​នៅ​ទី​កន្លែង​ដដែល​ បាន​មួយ​ទៀត​ ហើយ​កាន់​យក​ទៅ​លក់ ។ នាង

​ពៅ​ កូន​ក្រមុំ​មហា​សេដ្ឋី​បាន​ឃើញ​ ក៏​ហៅ​មក​សួរ​ថា «អ្នក​កំលោះ​ យួរ​ក្ដាម​ទៅ​ណា ?» ។  បុរស​នោះ​ជម្រាប​ថា 

«ខ្ញុំ​យក​ទៅ​លក់» ។ នាង​ពៅ​ក៏​ទិញ​យក​ ហើយ​នាង​ប្រាប់​ថា «ពី​ថ្ងៃ​នេះ​ទៅ​ បើ​អ្នក​បាន​ក្ដាម​ កុំ​លក់​ឱ្យ​​អ្នក​ណា​ 

ត្រូវ​អ្នក​យក​មក​លក់​ឱ្យ​ខ្ញុំ​ រាល់​ថ្ងៃ​កុំ​ខាន» ។ ដែល​ទៅ​ជា​យ៉ាង​នេះ​ ដោយ​នាង​នោះ​ មាន​ចិត្ត​ប្រតិពទ្ធ​នឹង​បុរស

​នោះ​ណាស់​ តែ​អ្នក​នោះ​មិន​ដឹង​ខ្លួន​ទេ ។ បុរស​នោះ​ បាន​ប្រាក់​ហើយ​ត្រឡប់​មក​ផ្ទះ​វិញ ។ ថ្ងៃ​ក្រោយ​បុរស​នោះ​ 

ទៅ​ជីក​ក្ដាម​នៅ​ទី​កន្លែង​ដដែល​បាន​ទៀត​ រួច​យក​មក​លក់​ឱ្យ​តែ​នាង​ពៅ​នោះ​រាល់​ៗ​ថ្ងៃ ។ នាង​ពៅ​ក៏

​ចេះ​តែ​ទទួល​ទិញ​យក​ក្ដាម​មិន​ដែល​ខាន​ ហើយ​មាន​ចិត្ត​រឹត​តែ​ស្រឡាញ់​បុរស​នោះ​ខ្លាំង​ឡើង​ ក៏​ធ្វើ​ឫកពា​កិរិយា​ឱ្យ

​បុរស​នោះ​ដឹង ។ បុរស​នោះ​ដឹង​ជាក់​ថា «នាង​នោះ​ស្រឡាញ់​ខ្លួន​ប្រាកដ» តែ​ដោយ​ពិចារណា​ថា​ សព្វ​ថ្ងៃ​នេះ​ខ្លួន

​ជា​អ្នក​ក្រីក្រ​លំបាក​ណាស់​ ហើយ​កំព្រា​ផង​ ក៏​មិន​ហ៊ាន​និយាយ​ថា​ម្ដេច​ឡើយ ។

          ចំណែក​បង​ស្រី​ៗ​ប៉ុន្មាន​នាក់​ បាន​ឃើញ​នាង​ពៅ​ជា​ប្អូន​ ធ្វើ​ឫកពា​កិរិយា​ស្រឡាញ់​បុរស​លក់​ក្ដាម​នោះ​ពន់

​ពេក​ ក៏​នាំ​គ្នា​ទៅ​ជម្រាប​មហា​សេដ្ឋី​ ជា​មាតា​បិតា «នាង​ពៅ​ជា​ប្អូន​ ធ្វើ​ឫកពា​ស្រឡាញ់​បុរស​ជីក​ក្ដាម

​នោះ​ក្រៃ​ពេក បុរស​នោះ​បាន​ក្ដាម​យក​មក​លក់​ឱ្យ​​តែ​នាង​ពៅ ឯ​នាង​ពៅ​ចេះ​តែ​ទទួល​ទិញ​រាល់​តែ​ថ្ងៃ​ រួច

​ធ្វើ​ឫកពា​កិរិយា​ស្រឡាញ់​បុរស​នោះ​ណាស់​ ទោះ​បី​ខ្ញុំ​ទាំង​អស់​គ្នា​ និយាយ​ទូន្មាន​ដូចម្ដេច​ ក៏​មិន​ស្ដាប់​មិន​តាម​ រឹត

​តែ​ធ្វើ​ខ្លាំង» ។  សេដ្ឋី​ជា​បិតា​មាតា​ ឮ​ដូច្នោះ​ខឹង​ច្រឡោត​ឱ្យ​​ហៅ​នាង​ពៅ​មក​ ជេរ​បន្ទោស​ ត្មះ​តិះដៀល​ថា «ហង

​នេះ​ ជា​មនុស្ស​រឹង​ត្អឹង​ទទឹង​នឹង​ចិត្ត​មាតា​បិតា អញ​ឱ្យ​​មាន​ប្ដី​ ទៅ​មនុស្ស​មាន​ទ្រព្យ​សម្បត្តិ​ ហង​ឯង​ប្រកែក​មិន

​ព្រម​យក ឥឡូវ​ហង​ស្រឡាញ់​អា​មនុស្ស​កម្សត់​លក់​តែ​ក្ដាម​វិញ​ ហង​ឯង​នេះ​អាក្រក់​ណាស់​ ចុះ​ចេញ​ពី​ផ្ទះ​អញ​ឱ្យ​ឆាប់​

​ទៅ​យក​អា​កម្សត់​លក់​ក្ដាម​នោះ​ចុះ ចាប់​ពី​ថ្ងៃ​នេះ​ទៅ​ហង​ឯង​ កុំ​មក​ឡើង​ផ្ទះ​អញ​ សូម្បី​តែ​ក្នុង​ភូមិ​ក៏​ចូល​មិន

​បាន​ អញ​កាត់​ចោល​ហើយ» ។  ចំណែក​មាតា​កាត់​ចិត្ត​មិន​ដាច់​ពី​កូន​ពៅ​ ក៏​លប​វេច​របស់​ស្រាល​ៗ​ ដែល​មាន

​តម្លៃ​ ឱ្យ​​នាង​ពៅ​ជា​កូន ។ នាង​ពៅ​ក៏​សំពះ​លា​មាតា​យក​បង្វេច​ដែល​មាតា​ឱ្យ​នោះ​ ចុះ​ចេញ​ពី​ផ្ទះ​ សំដៅ​ទៅ​ផ្ទះ​បុរស

​លក់​ក្ដាម​ និយាយ​ពី​រឿង​ដែល​បិតា​ខឹង​បណ្ដេញ​សព្វ​គ្រប់​ ប្រាប់​បុរស​នោះ​ៗ​ បាន​ស្ដាប់​ហើយ​ ឆ្លើយ​តប​ថា «សព្វ​ថ្ងៃ​ 

ខ្លួន​ខ្ញុំ​នេះ​ ក្រី​ក្រ​ជា​ទី​បំផុត​ ហើយ​កំព្រា​តែ​ម្នាក់​ឯង​ផង​ នាង​ត្រឡប់​ទៅ​វិញ​ចុះ​ខ្ញុំ​មិន​ហ៊ាន​ទទួល​យក​នាង​ទេ​ ខ្ញុំ

​ខ្លាច​មហា​សេដ្ឋី​ជា​បិតា​នាង​ចាប់​ទោស​ យក​ខ្ញុំ​ទៅ​សម្លាប់» ។ នាង​ពៅ​តប​ថា «ខ្ញុំ​មិន​ទៅ​វិញ​ទេ​ ស៊ូ​ស្លាប់​នឹង

​អ្នក​ហើយ!»។ បុរស​នោះ​សួរ​ថា «បើ​ដូច្នេះ​ យើង​គិត​ដូចម្ដេច ?» ។ នាង​ពៅ​ឆ្លើយ​ថា «បើ​អ្នក​គិត​ឃើញ​យ៉ាង

​ណា​ ខ្ញុំ​ទទួល​ធ្វើ​តាម​យ៉ាង​នោះ​ទាំង​អស់» ។

          បុរស​នោះ​ នាំ​នាង​ពៅ​ចេញ​ចោល​ផ្ទះ​ ទៅ​នៅ​ស្រុក​ក្រៅ​ ហើយ​ធ្វើ​ផ្ទះ​១​ខ្នង​សម្រាប់ លុះ​ព្រឹក​ឡើង​មក​ជីក​ក្ដាម​ 

នៅ​ទី​ដដែល​ យក​ទៅ​លក់​ដូច​ថ្ងៃ​មុន​ទៀត បាន​ប្រាក់​ហើយ​ទិញ​វត្ថុ​ផ្សេង​ៗ​ផ្ញើ​ប្រពន្ធ​ ហើយ​ប្រព្រឹត្ត​យ៉ាង

​នេះ​ជា​ច្រើន​ថ្ងៃ ។ ហេតុ​តែ​ជា​ស្រី​គ្រប់​លក្ខណ៍​ នាង​ពៅ​នោះ​ ក៏​ប្រណិប័តន៍​ប្ដី​មិន​ឱ្យ​​ទាស់​ចិត្ត វេលា​យប់​ចូល​ដំណេក

​នាង​ពៅ​និយាយ​នឹង​ប្ដី​ថា «ខ្ញុំ​សូម​ចិត្ត​ប្ដី ! តាំង​ពី​ថ្ងៃ​នេះ​ត​ទៅ​ សូម​អ្នក​កុំ​ទៅ​ជីក​ក្ដាម​ទៀត​ឡើយ​ ព្រោះ​ប្រាក់

​កាស​យើង​មាន​ច្រើន​ហើយ​ បើ​អ្នក​ចង់​ទិញ​របស់​អ្វី​ៗ​ ក៏​ទិញ​តាម​ចិត្ត​អ្នក​ចុះ ។ ប្ដី​មិន​ព្រម​តាម ។

          លុះ​ព្រឹក​ឡើង​ ប្ដី​កាន់​ចប​ទៅ​ជីក​ក្ដាម​ទៀត ។ ប្រពន្ធ​ឃើញ​ដូច្នោះ​ក៏​លប​ដើរ​តាម​ទៅ​មើល​ដល់​ទី​កន្លែង​ ឱ្យ​

​ឃើញ​ច្បាស់​មិន​ឱ្យ​​ដឹង លុះ​ឃើញ​ច្បាស់​ហើយ​ក៏​ត្រឡប់​មក​ផ្ទះ​វិញ ។ ចំណែក​ប្ដី​ជីក​បាន​ក្ដាម​ហើយ​យក​ទៅ​លក់​ រួច

​ទិញ​ម្ហូប​ចំណី​ផ្ញើ​ប្រពន្ធ ។

          ថ្ងៃ​ក្រោយ​ ប្ដី​ទៅ​កាប់​អុស​ក្នុង​ព្រៃ​ឆ្ងាយ​ នាង​ពៅ​បាន​ឃើញ​ប្ដី​ទៅ​រក​អុស​ ក៏​កាន់​ចប​ទៅ​ជីក​រំលើង​ នៅ​ទី

​កន្លែងដែល​ប្ដី​ជីក​ក្ដាម​នោះ​អស់​ រួច​ត្រឡប់​មក​ផ្ទះ​ដាំ​បាយ​ធ្វើ​ម្ហូប​ចំណី​ទុក​ឱ្យ​ប្ដី​បរិភោគ ថ្ងៃ​ល្ងាច​ត្រជាក់​ ប្ដី​មក

​ពី​ព្រៃ​ ក៏​បរិភោគ​បាយ​ជា​មួយ​គ្នា ។

          លុះ​ព្រឹក​ឡើង​ ប្ដី​កាន់​ចប​ទៅ​ជីក​ក្ដាម​ទៀត​ ឃើញ​ទី​កន្លែង​ដី​នោះ​ធ្លុះ​ធ្លាយ​រលើង​រលុះ​ខ្ចាត់​ខ្ចាយ​អស់​ ហើយ

​បាន​ឃើញ​សម្បក​ក្ដាម​មួយ​ធំ​ប្លែក​ស្ងួត​ស្អាត​ ដូច​ជា​ហាល​ថ្ងៃ​យូរ​ហើយ អ្នក​នោះ​ក៏​កាន់​សម្បក​ក្ដាម​យក​មក​ទុក

​ក្រោម​ផ្ទះ​ មិន​បាន​ប្រាប់​ភរិយា​ឱ្យ​​ដឹង​ទេ ភរិយា​ក៏​សួរ​ប្ដី​ថា​ដូចម្ដេច​ឡើយ ។ ដល់​វេលា​យប់​ចូល​ដំណេក​នាង

​ពៅ​កាន់​ប្រាក់​របូត​ពី​ដៃ​ជ្រុះ​មួយ​ណែន​ទៅ​ក្រោម​ផ្ទះ​ ធ្លាក់​ទៅ​លើ​សម្បក​ក្ដាម​នោះ​ នាង​មិន​ហ៊ាន​ប្រាប់​ឱ្យ​​ប្ដី​ដឹង​ 

ដោយ​គិត​ថា «ចាំ​ព្រឹក​ភ្លឺ​ច្បាស់​ឡើង​ សឹម​ចុះ​ទៅ​យក​ប្រាក់​មក​ទុក​វិញ» ។ លុះ​ព្រឹក​ឡើង​ នាង​ចុះ​ពី​ផ្ទះ​ទៅ​យក

​ប្រាក់​មួយ​ណែន​ដែល​ធ្លាក់​នោះ​ ស្រាប់​តែ​ឃើញ​ប្រាក់​ណែន​ពេញ​សម្បក​ក្ដាម​ នាង​អរ​ណាស់​ យក​មក​ឱ្យ​​ប្ដី​ៗ​សួរ​ថា 

«នាង​បាន​ប្រាក់​ពី​ណា​ច្រើន​ម្ល៉េះ ?» ។ នាង​ពៅ​ជម្រាប​ប្ដី​ថា «កាល​ពី​យប់​មិញ​ ខ្ញុំ​កាន់​ប្រាក់​ដើម្បី​យក

​ទៅ​ទុក​ខាង​ក្នុង​ ក៏​របូត​មួយ​ណែន​ពី​ដៃ​ ធ្លាក់​ទៅ​ក្រោម​ផ្ទះ​ ខ្ញុំ​ពុំ​បាន​ចុះ​ទៅ​យក​ ពី​ព្រោះ​គិត​ឃើញ​ថា 

«ផ្ទះ​នៅ​ឆ្ងាយ​ពី​គេ​ គ្មាន​នរណា​ដឹង​ឬ​ឃើញ​ ចាំ​ព្រឹក​ភ្លឺ​ច្បាស់​សឹម​ចុះ​ទៅ​យក​មក​ទុក ខ្ញុំ​ចុះ​ទៅ​យក​ស្រាប់​តែ​ឃើញ

​ប្រាក់​ណែន​ពេញ​សម្បក​ក្ដាម​ ខ្ញុំ​ក៏​យក​មក​ជូន​អ្នក» ។ ប្ដី​មាន​អំណរ​ពន់​ប្រមាណ​ ហើយ​និយាយ​ប្រាប់​ប្រពន្ធ​ថា 

«ពី​ថ្ងៃ​នេះ​ត​ទៅ​ បង​ឈប់​ជីក​ក្ដាម​ហើយ» ។ ប្រពន្ធ​អរ​ណាស់​ រាល់​តែ​វេលា​យប់​ អ្នក​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​នាំ

​គ្នា​ទម្លាក់​ប្រាក់​ទៅ​ចំ​សម្បក​ក្ដាម​ធំ​ ព្រឹក​ឡើង​ចុះ​ទៅ​មើល​ ឃើញ​ប្រាក់​ពេញ​សម្បក​ក្ដាម​នោះ​ ក៏​យក​មក​ទុក​រៀង

​រាល់​ថ្ងៃ ទើប​ទម្លាក់​ប្រាក់​រៀល​ ព្រឹក​ឡើង​ឃើញ​ប្រាក់​រៀល​ ទើប​ទម្លាក់​​ប្រាក់​ណែន​ ព្រឹក​ឡើង​ឃើញ​ប្រាក់​ណែន ​​ទើប

​ទម្លាក់​គ្រឿង​មាស​ពេជ្រ​ ព្រឹក​ឡើង​ឃើញ​គ្រឿង​មាស​ពេជ្រ​ ពេញ​សម្បក​ក្ដាម ។ អ្នក​ទាំង​ពីរ​ប្រព្រឹត្ត​យ៉ាង​នេះ​ចំនួន

​មួយ​ឆ្នាំ​មាន​ប្រាក់​មាស​ និង​គ្រឿង​ប្រដាប់​ប្រើ​ប្រាស់​ ច្រើន​ណាស់​រាប់​មិន​អស់​ ទើប​ប្រឹក្សា​គ្នា​ថា «យើង​មាន

​ប្រាក់​មាស​ និង​គ្រឿង​ប្រដាប់​ច្រើន​ម្ល៉េះ​ តើ​យើង​បាន​អ្វី​នឹង​ទុក​របស់​ទាំង​អស់​នេះ ?» លុះ​គិត​ឃើញ​ ក៏​នាំ

​គ្នា​យក​ប្រាក់​ និង​គ្រឿង​មាស​ពេជ្រ​ទាំង​អស់​ទៅ​ជីក​កប់​ទុក​ច្រើន​អន្លើ ។

          ក្រោយ​ពី​នោះ​មក​ ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​ នាំ​គ្នា​ទៅ​សួរ​មហា​សេដ្ឋី​ជា​មាតា​បិតា​ ទៅ​ដល់​បង​ស្រី​ទាំង​អស់​បាន

​ឃើញ​ជេរ​ថា «មេ​ចោរ​ចង្រៃ​ឯង​ នាំ​ប្ដីកម្សត់​លក់​តែ​ក្ដាម​មក​រក​អ្វី ? ហង​ឯង​បាន​ឮ​ឬ​ទេ​ លោក​ឪពុក​បណ្ដេញ

​កាត់​កាល់​ចោល​ហើយ​ សូម្បី​តែ​ក្នុង​ភូមិ​ ក៏​លោក​ហាម​មិន​ឱ្យ​​ចូល​ដែរ ? មេ​ចង្រៃ​ឯង​ ចេញ​ពី​ភូមិ​ឱ្យ​​ឆាប់» ។ 

នាង​ពៅ​ឆ្លើយ​ថា «បង​ទាំង​អស់​ កុំ​មើល​ងាយ​ខ្ញុំ​ៗ​មក​នេះ​ដើម្បី​សួរ​មាតា​បិតា​​ព្រោះ​លោក​មាន​គុណ​លើ​ខ្ញុំ​ៗ​ មិន

​មក​សុំ​ទ្រព្យ​សម្បត្តិ​លោក​ទេ សម្បត្តិ​បង​ឯង​ទាំង​អស់​ ក៏​ខ្ញុំ​មិន​សុំ​ដែរ​ ខ្ញុំ​មើល​ទៅ​ទ្រព្យ​សម្បត្តិ​បង​ទាំង​អស់​ មាន

​ប៉ុណ្ណោះ​ ខ្ញុំ​មិន​កោត​ មិន​ព្រឺ​ឡើយ​ សូម្បី​តែ​រោម​ជើង​ខ្ញុំ​ ក៏​វា​មិន​ព្រឺ​ផង» ។

          បង​ទាំង​អស់​ខឹង​ណាស់​ ជេរ​ប្រទេសចថា «ហង​ឯង​នេះ​អួត​ណាស់​ អញ​មិន​ជឿ​ទេ» ។ នាង​ពៅ​ថា 

«បើ​មិន​ជឿ​ ភ្នាល់​គ្នា​ចុះ» ។ បង​ទាំង​នោះ​ថា «ភ្នាល់​ដូចម្ដេច?» ។ នាង​ពៅ​ថា «ឱ្យ​​បង​ទាំង​អស់​ រាប់​ប្រាក់

​ខ្ញុំ​មើល​ ឱ្យ​​អស់​ក្នុង​មួយ​ថ្ងៃ​ បើ​រាប់​អស់​ ខ្ញុំ​បែង​ចែក​ឱ្យ​​រាល់​គ្នា​ បើ​រាប់​មិន​អស់​ ខ្ញុំ​មិន​ឱ្យ​​ទេ​ តែ​ខ្ញុំ​យល់​ថា​ កុំ

​ថា​ឡើយ​រាប់​មួយ​ថ្ងៃ​ ទោះ​ជា​រាប់​ពីរ​ឬ​បី​ថ្ងៃ​ ក៏​មិន​អស់​ដែរ» ។ បង​ទាំង​នោះ​ឆ្លើយ​ថា «អញ​ព្រម​ទៅ​រាប់​ តែ​ហង​កុំ

​កុហក​ អញ​វាយ​ហង​សម្លាប់» ។ នាង​ពៅ​ប្រាប់​ថា «តាម​ចិត្ត» ។ បង​ៗ​នាំ​គ្នា​ទៅ​រាប់​ប្រាក់​នាង​ពៅ​ រាប់​តាំង

​ពី​ព្រឹក​ទល់​ល្ងាច​ក៏​មិន​អស់​ នាំ​គ្នា​ត្រឡប់​មក​ផ្ទះ​វិញ​ជម្រាប​សេដ្ឋី​ជា​មាតា​បិតា​ថា «នាង​ពៅ​ជា​ប្អូន​វា​អួត​ថា​ខ្លួន

​វា​មាន​ប្រាក់​ច្រើន​ ខ្ញុំ​ទាំង​អស់​គ្នា​មិន​ជឿ​ ហើយ​វា​ថា​បើ​មិន​ជឿ​ ឱ្យ​ទៅ​មើល​ឯ​ផ្ទះ​វា​ចុះ​ ខ្ញុំ​ទាំង​អស់​គ្នា​ក៏​ទៅ​មើល​ 

ឃើញ​វា​មាន​ប្រាក់​ច្រើន​មែន​ ក៏​ភ្នាល់​នឹង​វា​ៗ​ថា​ បើ​ខ្ញុំ​ទាំង​អស់​គ្នា​ រាប់​ប្រាក់​វា​អស់​ក្នុង​មួយ​ថ្ងៃ​ វា​នឹង​ឱ្យ​​ខ្ញុំ​យក

​ចែក​គ្នា​ចុះ​ បើ​រាប់​មិន​អស់​ វា​មិន​ឱ្យទេ ទោះ​ខ្ញុំ​ទាំង​ស់​គ្នា​ ចាប់​រាប់​តាំង​ពី​ព្រឹក​ទាល់​ល្ងាច​ ក៏​មិន​អស់​ប្រាក់​វា​ បាន

​ជា​ត្រឡប់​មក​ជម្រាប​មាតា​បិតា​សូម​ជ្រាប» ។ មហា​សេដ្ឋី​បាន​ស្ដាប់​ ក៏​ចាត់​ក្រម​ការ​ឱ្យ​ទៅ​មើល​ប្រាក់​នាង

​ពៅ​ឱ្យ​​ជាក់​ច្បាស់ ។ នាង​ពៅ​ក៏​នាំ​ទៅ​មើល​គ្រប់​កន្លែង ។ ក្រម​ការ​ទាំង​នោះ​បាន​ឃើញ​ប្រាក់​នាង​ពៅ​ មាន​ច្រើន

​ប្រាកដ​មែន​ ក៏​ត្រឡប់​មក​ជម្រាប​មហា​សេដ្ឋី​តាម​ដំណើរ​សព្វ​គ្រប់ ។ មហា​សេដ្ឋី​បាន​ជ្រាប​មាន​ចិត្ត​ត្រេកអរ​ណាស់​ 

ក៏​ចាត់​បម្រើ​ឱ្យ​ទៅ​ហៅ​នាង​ពៅ​និង​កូន​ប្រសា​មក​ប្រាប់​ថា «កូន​ឯង​មក​នៅ​ជា​មួយ​នឹង​មាតា​បិតា​វិញ​ចុះ» 

ទើប​មហា​សេដ្ឋី​បង្គាប់​ក្រមការ​ឱ្យ​កេណ្ឌ​រទេះ​ក្របី​គោ​ជា​ច្រើន​ ទៅ​ដឹក​ជញ្ជូន​ប្រាក់​និង​ទ្រព្យ​សម្បត្តិ​នាង​ពៅ​ យក

​មក​ទាំង​អស់​ ដាក់​លើ​ផ្ទះ​ពាស​ពេញ​ល្វែង ។ មហា​សេដ្ឋី​ឃើញ​ប្រាក់​នាង​ពៅ​ច្រើន​មែន​ មាន​អំណរ​ពន់​ប្រមាណ​ ក៏

​សរសើរ​ថា «កូន​អញ​នេះ​ ពេញ​ជា​មាន​បុណ្យ​ អំណឹះ​ត​ទៅ​កូន​ទាំង​ពីរ​នឹង​បាន​ធ្វើ​ជា​សេដ្ឋី​តំណវង្ស​ពុំ​ខាន ឯ​ការណ៍

​ដែល​បិតា​ខឹង​បណ្ដេញ​កូន​នោះ​ អ្នក​កុំ​ប្រកាន់​ខឹង​នឹង​បិតា» ។ នាង​ពៅ​និង​ប្ដី​ក៏​នៅ​ផ្ទះ​ជា​មួយ

​មាតា​បិតា​ដូច​ដើម​វិញ ។ ចំណែក​បង​ស្រី​ទាំង​ប៉ុន្មាន​ក៏​កោត​ខ្លាច​នាង​ពៅ​ និង​ប្អូន​ថ្លៃ​នោះ​ណាស់ ។ លុះ​មហា​សេដ្ឋី

​ជា​បិតា​ទទួល​មរណភាព​ទៅ​វេលា​ណា​ ប្ដី​នោះ​និង​នាង​ពៅ​ភរិយា​ ក៏​បាន​ឡើង​ធ្វើ​ជា​សេដ្ឋី​ជំនួស​បិតា​ត​ទៅ ។

ឈើ​ពុក​ កុំ​ដាក់​គូទអង្គុយ


រឿងព្រេង៖ ចោរចិត្តជា

 កិរ​ដូច​បាន​ឮ​តៗ​មក​ថា៖ កាល​នោះ​ មាន​ក្មេង​ប្រុស​ម្នាក់​ នៅ​ស្រុក​មួយ​ អ្នក​ស្រុក​គេ​ហៅ​ថា «អា​ចោរ​ចិត្ត​ជា» 

។ លុះ​ក្មេង​នោះ​ ចម្រើន​ធំ​ឡើង​ឪពុក​ស្លាប់​ទៅ​ នៅ​តែ​ម្ដាយ ។ ចៅ​នោះ​មិន​គិត​ធ្វើ​ការ​រក​ស៊ី​អ្វី​សោះ​ តែ​វេលា​យប់

​កាលណា​ ដើរ​រក​លួច​ទ្រព្យ​សម្បត្តិ​អ្នក​ស្រុក​ទាំង​ពួង ។ មាតា​ទូន្មាន​ប្រដៅ​ដូចម្ដេច​ ក៏​មិន​ព្រម​ធ្វើ​តាម​ ទើប

​មាតា​យក​ទៅ​ឱ្យ​នៅ​វត្ត​ រៀន​អក្សរ ។ ចៅ​នោះ​ក៏​មិន​ខំ​រៀន​សូត្រ​ឡើយ​ ប្រព្រឹត្ត​តែ​ដើរ​លួច​ទ្រព្យ​គេ​ យក​មក​ចិញ្ចឹម

​មាតា​និង​អាត្មា ។ គ្រូ​រំឭក​ប្រដៅ​ដូចម្ដេច​ម្ដា​ ក៏​មិន​ព្រម​ស្ដាប់ ។


          ថ្ងៃ​មួយ​ស្ដេច​ក្នុង​នគរ​នោះ​ ទ្រង់​ចេញ​ប្រថាប់​ចុង​ព្រះ​រាជ​រោង​ ឱ្យ​សេនាបតី​ នាហ្មឺន​សព្វ​មុខ​មន្រ្តី​ចូល​គាល់​ 

ទ្រង់​មាន​ព្រះ​រាជ​ឱង្ការ​ថា «មាន​ខេត្ត​មួយ​នៅ​ទំនេរ​ ពុំ​ទាន់​មាន​ឈ្មោះ​ណា​ទៅ​ឈរ​រក្សា​ បើ​អ្នក​ណា​យក​ប្រាក់​

៤០​កហាបណៈ​ មក​ដាក់​ឃ្លាំង ​យើង​នឹង​ឱ្យ​​ទៅ​ឈរ​ជា​ចៅហ្វាយ​ស្រុក​ក្នុង​ខេត្ត​នោះ ។ ត្រាស់​ហើយ​ស្ដេច​យាង​ចូល

​ព្រះ​បរម​រាជ​វាំង​វិញ ។ គ្រា​នោះ​មន្រ្តី​តូច​ម្នាក់​វិល​មក​ផ្ទះ​ដេក​កើត​ទុក្ខ​ ចង់​ធ្វើ​ចៅហ្វាយ​ស្រុក​ពន់ពេក ។ លុះ​ដល់

​វេលា​យប់​ចូល​ដំណេក​និយាយ​នឹង​ភរិយា​ថា «នាង​អើយ​ ឥឡូវ​នេះ​ស្ដេច​មាន​ព្រះ​រាជ​ឱង្ការ​ថា​ បើ​ឈ្មោះ​ណា​មាន

​ប្រាក់​៤០​កហាបណៈ​ ថ្វាយ​ព្រះអង្គ​ដាក់​ឃ្លាំង​ ទ្រង់​នឹង​ឱ្យ​​ធ្វើ​ចៅហ្វាយ​ស្រុក​នៅ​រក្សា​ស្រុក​ក្នុង​ខេត្ត​មួយ​ ដែល

​នៅ​ទំនេរ» ។ ភរិយា​ឆ្លើយ​ថា «ឱ!  អ្នក​អើយ! ចិត្ត​ខ្ញុំ​ចង់​ឱ្យ​​អ្នក​ធ្វើ​ចៅហ្វាយ​ស្រុក​ណាស់​ តែ​សព្វ​ថ្ងៃ​ យើង

​ក្រលំបាក​តោក​យ៉ាក​ពេក​ នឹង​រក​ប្រាក់​ថ្វាយ​ស្ដេច​ពុំ​បាន​ទេ» និយាយ​ហើយ​បន់​ទេវតា​ថា «សូម​ទេវតា​ជួយ​ខ្ញុំ

​ឱ្យ​​បាន​ប្រាក់​៤០​កហាបណៈ​ថ្វាយ​ស្ដេច​ ខ្ញុំ​នឹង​បាន​ធ្វើ​ជា​ចៅហ្វាយ​ស្រុក​គ្រា​នេះ» ។

          ពេល​នោះ​អា​ចោរ​ចិត្ត​ជា​ វា​ដើរ​លួច​គេ​ ហើយ​មក​អង្គុយ​ក្រោម​ផ្ទះ​ មន្រ្តី​នោះ​វា​បាន​ឮ​ដូច្នោះ​ មាន​ចិត្ត​អាណិត​ 

ក៏​យក​ប្រាក់​៤០​កហាបណៈ​ពី​ផ្ទះ​វា​ វេច​នឹង​កំណាត់​សំពត់​ជាតី​ មក​លូក​ដៃ​តាម​ប្រហោង​ជញ្ជាំង​ទៅ​ទុក​ឱ្យ​​មន្រ្តី

​នោះ​ រួច​ត្រឡប់​មក​វិញ ។ លុះ​ភ្លឺ​ច្បាស់​មន្រ្តី​នោះ​ភ្ញាក់​ឡើង​ក្រឡេក​ទៅ​ឃើញ​បង្វេច​សំពត់​ជាតី​ ក៏​ចាប់​លើក​ស្រាយ

​មើល​ឃើញ​ប្រាក់​៤០​កហាបណៈ​ អរណាស់​ ប្រាប់​ប្រពន្ធ​ថា «យើង​បាន​ប្រាក់​៤០​កហាបណៈ​ហើយ​ គឺ​ទេវតា​ឱ្យ​» ។ 

ប្រពន្ធ​ស្ទុះ​មក​មើល​ឃើញ​ច្បាស់​ ក៏​មាន​ចិត្ត​ត្រេកអរ​ពន់ពេក ។

          លុះ​ដល់​ថ្ងៃ​រសៀល​ មន្រ្តី​នោះ​យក​ប្រាក់​៤០​កហាបណៈ​ទៅ​ថ្វាយ​ស្ដេច​ដាក់​ឃ្លាំង ។ ព្រះ​រាជា​ក៏​តាំង​មន្រ្តី​នោះ​ឱ្យ​

​ធ្វើ​ជា​ចៅហ្វាយ​ស្រុក​នៅ​រក្សា​ក្នុង​ខេត្ត​នោះ​ត​ទៅ ។

          ឯ​អា​ចោរ​ចិត្ត​ជា​ កាល​បាន​ដឹង​ថា​មន្រ្តី​នោះ​ បាន​ធ្វើ​ជា​ចៅហ្វាយ​ស្រុក​ហើយ​ ក៏​ដើរ​ស្វែង​រក​លួច​អ្នក​ស្រុក

​ក្នុង​ខេត្ត​នោះ​ ធ្វើ​ដំណើរ​ឱ្យ​​គេ​ចាប់​ខ្លួន​វា​បាន ឯ​ពួក​ម្ចាស់​ទ្រព្យ​ក៏​នាំ​អា​ចោរ​ចិត្ត​ជា​នោះ​ ទៅ​ជូន​ចៅហ្វាយ​ស្រុកៗ

​បង្គាប់​មេ​គុក​ឱ្យ​​ដាក់​ច្រវាក់​ ឃុំ​ទុក​ក្រោម​ផ្ទះ​លោក ។ វេលា​យប់​ស្ងាត់​អា​ចោរ​ចិត្ត​ជា​ និយាយ​រអ៊ូ​តែ​ម្នាក់​ឯង​ថា 

«ឱ ! ហេតុ​តែ​ឯង​មាន​ចិត្ត​អាណិត​គេ កាល​គេ​ចង់​ធ្វើ​ចៅហ្វាយ​ស្រុក​ខ្លួន​ឯង​ ប្រឹង​យក​ប្រាក់​៤០​កហាបណៈ​វេច

​នឹង​កំណាត់​ជាតី​ មក​ឱ្យ​​គេ​ទាំង​យប់ ឥឡូវ​គេ​បាន​ធ្វើ​ចៅហ្វាយ​ស្រុក​ហើយ​ គេ​មិន​មេត្តា​ករុណា​ឯង​បន្តិច​សោះ​ 

គេ​ដាក់​ច្រវាក់​ ឃុំ​ឯង​ទុក​ឱ្យ​វេទនា» ។ អា​ចោរ​ចិត្ត​ជា​ និយាយ​តែ​ពាក្យ​ដដែលៗ​ម្នាក់​ឯង​មិន​ឈប់ ។

          ឯ​ចៅហ្វាយ​ស្រុក​និង​ប្រពន្ធ​បាន​ឮ​ចោរ​និយាយ​ដូច្នោះ​ ក៏​ប្រឹក្សា​គ្នា​ថា «គួរ​ឱ្យ​​ឆ្ងល់​ណាស់​ ចោរ​វា​និយាយ

​នេះ​ត្រូវ​ដូច​រឿង​ខ្លួន​យើង​ គួរ​តែ​យើង​ចុះ​ទៅ​សួរ​វា​ឱ្យ​​ជាក់​មើល» ។ ទើប​ចៅហ្វាយ​ស្រុក​ ចុះ​ពី​ផ្ទះ​ទៅ​សួរ​ចោរ

​នោះ​ថា «ឯង​និយាយ​រឿង​អ្វី​ យើង​ឮ​ តែ​ស្ដាប់​បាន​ខ្លះ​ មិន​បាន​ខ្លះ​ ចូរ​ឯង​និយាយ​រឿង​នោះ​ឱ្យ​យើង​ស្ដាប់​ក្នុង

​វេលា​នេះ​ តាម​ពិត​មក​មើល» ។ ទើប​អា​ចោរ​ចិត្ត​ជា​និយាយ​ថា «ខ្លួន​ខ្ញុំ​នេះ​ ជា​មនុស្ស​ប្រព្រឹត្ត​ចោរ​កម្ម​ ដើរ

​តែ​លួច​ទ្រព្យ​គេ​រាល់​យប់​ យក​មក​ចិញ្ចឹម​ជីវិត កាល​ដែល​លោក​នៅ​ជា​មន្រ្តី​តូច​ ពុំ​ទាន់​បាន​ធ្វើ​ចៅហ្វាយ​ស្រុក

​នៅ​ឡើយ វេលា​យប់​មួយ​នោះ​ ខ្ញុំ​ដើរ​លួច​គេ​ ហើយ​មក​អង្គុយ​ក្រោម​ផ្ទះ​លោក​ ឮ​លោក​និង​ប្រពន្ធ​និយាយ​ថា 

«យើង​នឹង​រក​ប្រាក់​៤០​កហាបណៈ​ពី​ណា​បាន​យក​ទៅ​ថ្វាយ​ស្ដេច​ ដើម្បី​ឱ្យ​​បាន​ធ្វើ​ចៅហ្វាយ​ស្រុក​ក្នុង​ខេត្ត​មួយ» 

។  ប្រពន្ធ​លោក​ថា «យើង​ក្រីក្រ​ម្ល៉េះ​ នឹង​បាន​ប្រាក់​ពី​ណា ?» ។ ខ្ញុំ​ឮ​ដូច្នោះ​មាន​ចិត្ត​អាណិត​លោក​ ក៏​ទៅ​យក

​ប្រាក់​៤០​កហាបណៈ​ពី​ផ្ទះ​ វេច​នឹង​កំណាត់​សំពត់​ជាតី​ មក​ដាក់​ជិត​ក្បាល​ដំណេក​ ទុក​ជូន​លោក​ រួច​ខ្ញុំ​ត្រឡប់

​ទៅ​វិញ ថ្ងៃ​ក្រោយ​ឮ​គេ​និយាយ​ថា «លោក​បាន​ធ្វើ​ចៅហ្វាយ​ស្រុក​ ខ្ញុំ​ក៏​មក​លួច​គេ​ក្នុង​ខែត្រ​នេះ​ គេ​ចាប់​ខ្លួន​ខ្ញុំ

​បាន​នាំ​មក​ជូន​លោកៗ​ ក៏​ធ្វើ​ទោស​ខ្ញុំ​ មិន​ប្រណី» ។

          ចៅហ្វាយ​ស្រុក​បាន​ស្ដាប់​ ក៏​ជឿ​ជាក់​ឥត​សង្ស័យ​ ហើយ​ថា​ ឱ! អា​សម្លាញ់​អើយ​ ឯង​និយាយ​នេះ​ពិត​ប្រាកដ

​មែន ដែល​អញ​បាន​ធ្វើ​ចៅហ្វាយ​ស្រុក​ ពី​ព្រោះ​តែ​ឯង​ជួយ វេលា​នេះ​ឯង​កុំ​ភ័យ​ កុំ​តូច​ចិត្ត អញ​នឹង​ដោះ​ឯង​ឱ្យ​​រួច

​ចេញ​ពី​ទោស មួយ​ទៀត​ឯង​និង​អញ​ត្រូវ​យក​គ្នា​ជា​សម្លាញ់​ត​ទៅ ។

          ចៅហ្វាយ​ស្រុក​សួរ​ថា «ឯង​ឈ្មោះ​អី ?» ។ បុរស​នោះ​ជម្រាប​ថា «ខ្ញុំ​ឈ្មោះ​អា​ចោរ​ចិត្ត​ជា» ។ សួរ​រួច​ហើយ​ 

លោក​ចៅហ្វាយ​ស្រុក​ក៏​ឡើង​ទៅ​លើ​ផ្ទះ​វិញ ។

          លុះ​ភ្លឺ​ច្បាស់​ចៅហ្វាយ​ស្រុក​ បង្គាប់​មេ​គុក​ឱ្យ​​ដោះ​អា​ចោរ​ចិត្ត​ជា​រួច​ពី​ទោស​ ហើយ​និយាយ​ថា «អា​សម្លាញ់​ឯង

​នៅ​នឹង​អញ​ចុះ​ អញ​ចិញ្ចឹម​ឯង​ពី​ថ្ងៃ​នេះ​ត​ទៅ​ ឯង​កុំ​លួច​គេ​ទៀត» ។ អា​ចោរ​ចិត្ត​ជា​ឆ្លើយ​ថា «រឿង​លួច​នោះ​ 

អញ​មិន​ឈប់​ទេ​ ដែល​អញ​លួច​ទ្រព្យ​គេ​នេះ​ គ្រាន់​យក​ទៅ​ចិញ្ចឹម​មាតា​ម៉េម៉ាយ» ។ ចៅហ្វាយ​ស្រុក​ ក៏​ឱ្យ​​ប្រាក់​

៣០​កហាបណៈ​ឱ្យ​ទៅ​ឱ្យ​មាតា ។ អា​ចោរ​ចិត្ត​ជា​មិន​ព្រម​យក ។ ចៅ​ហ្វាយ​ស្រុក​សួរ​ថា​ ផ្ទះ​សម្លាញ់​ឯង​នៅ​ឯ​ណា ? ចូរ

​ឯង​ប្រាប់​អញ​ឱ្យ​​ត្រង់ ។ អា​ចោរ​ចិត្ត​ជា​ប្រាប់​ថា «អញ​នៅ​ផ្ទះ​នោះ» ហើយ​លា​ចៅហ្វាយ​ស្រុក​ទៅ​ផ្ទះ​វិញ ។

          គ្រា​នោះ​ លោក​យមរាជ​និង​មន្រ្តី​តូច​ម្នាក់​ កើត​ក្ដី​វិវាទ​ទាស់​ទែង​គ្នា​ ជា​យូរ​ខែ​ហើយ, មន្រ្តី​តូច​នោះ​ គុំ​គិត

​សម្លាប់​លោក​យមរាជ​នោះ​ឱ្យ​​បាន ។ មន្រ្តី​តូច​នោះ​មាន​ស្រី​បម្រើ​ម្នាក់​ជា​ទី​ទុក​ចិត្ត​ ប្រើ​ដូចម្ដេច​បាន​ទាំងអស់ ។ 

ស្រី​បម្រើ​នោះ​ខំ​ផ្គាប់ផ្គុន​ចៅហ្វាយ​មិនឱ្យ​ទាស់​ចិត្ត ។ វេលា​យប់​ស្ងាត់​មន្រ្តី​នោះ​និយាយ​នឹង​ស្រី​បម្រើ​ថា «វេលា​នេះ​ 

ចូរ​ឯង​អាណិត​អញ​ ពី​ព្រោះ​អញ​ស្អប់​លោក​យមរាជ​ណាស់​ អញ​ចង់​សម្លាប់​ចោល​ តែ​មិន​ដឹង​រក​អ្នក​ណា​ជួយ​រឿង

​នេះ សព្វ​ថ្ងៃ​អញ​ឃើញ​តែ​ឯង​មាន​ប្រាជ្ញា​ ហើយ​មន្រ្តី​នោះ​បង្គាប់​ស្រី​បម្រើ​ថា «ចូរ​ឯង​ចេញ​ពី​អញ​ទៅ​យក​ប្រាក់

​លោក​យមរាជ​ នៅ​នឹង​គេ​ចុះ​ រួច​ឯង​ខំ​ផ្គាប់​ផ្គុន​គេ​ ឱ្យ​​ដូច​កាល​នៅ​នឹង​អញ បើ​ឯង​បម្រើ​ខាង​ក្រៅ​ ដល់​លោក

​យមរាជ​នោះ​គេ​ទុក​ចិត្ត​ស្និទ្ធ​ស្នាល​ ត្រូវ​ឯង​ចូល​បម្រើ​ខាង​ក្នុង លុះ​បាន​ហើយ​ឯង​ចាំ​មើល​រាល់​វេលា​យប់​ស្ងាត់

​កាលណា​យមរាជ​នោះ​ដេក​លក់​ ចូរ​ឯង​រម្លាយ​សំណ​ឱ្យ​​ក្ដៅ​ពុះ​ រួច​យក​ទៅ​ចាក់​ក្នុង​មាត់​ទៅ​ លោក​យមរាជ​នឹង

​ស្លាប់​មិន​ខាន​គ្មាន​អ្នកណា​ដឹង​ឡើយ​ បើ​ឯង​ធ្វើ​បាន​ដូច​គំនិត​នេះ​ អញ​នឹង​ចេញ​ប្រាក់​លោះ​ឯង​មក​វិញ​ឱ្យ​រួច​ពី

​ខ្ញុំ​គេ» ។ ស្រី​បម្រើ​នោះ​ទទួល​ការ​សព្វ​គ្រប់ ។

          វេលា​យប់​នោះ​ អាចោរ​ចិត្ត​ជា​ដើរ​លួច​គេ​ ហើយ​វា​មក​អង្គុយ​ក្រោម​ផ្ទះ​មន្រ្តី​នោះ កាល​មន្រ្តី​នោះ​កំពុង​និយាយ

​បង្គាប់​ស្រី​បម្រើ​ ឱ្យ​សម្លាប់​យមរាជ​ដូចម្ដេចៗ​ ក៏​វា​ស្ដាប់​ការណ៍​បាន​ទាំងអស់ ។

          ថ្ងៃ​ក្រោយ​ ស្រី​បម្រើ​នោះ​លា​ម្ចាស់​ទៅ​រក​ប្រាក់​លោក​យមរាជ​ ហើយ​សុំ​នៅ​ផង​ លោក​យមរាជ​ក៏​ទទួល​ចេញ

​ប្រាក់​ លោះ​ឱ្យ​ទៅ​បម្រើ​រៀង​មក ។ នាង​នោះ​ខំ​បម្រើ​ផ្គាប់​ផ្គុន​លោក​យមរាជ​ និង​លោក​ជំទាវ​មិន​ឱ្យ​​ទាស់​ចិត្ត ។ 

លោក​យមរាជ​និង​ជំទាវ​ ក៏​ទុក​ចិត្ត​ស្និទ្ធស្នាល​ ឱ្យ​​ចេញ​ចូល​ក្នុង​ក្រៅ​ បម្រើ​ជិត​ដិត​រៀង​មក ។ វេលា​មួយ​នោះ​ ពេល

​យប់​ស្ងាត់​ស្រី​បម្រើ​នោះ​វា​ដឹង​ថា​ លោក​យមរាជ​និង​លោក​ជំទាវ​សម្រាន្ត​លក់​ហើយ​ វា​ដុត​ភ្លើង​រម្លាយ​សំណ​ឱ្យ​​ក្ដៅ​ពុះ​ 

ហើយ​វា​លើក​សំណ​នោះ​ចាក់​ក្នុង​មាត់​លោក​យមរាជៗ​ស្លាប់​ទៅ​រួច​ត្រឡប់​ទៅ​ដេក​តាម​កន្លែង​វិញ ។

          លុះ​ព្រឹក​ឡើង​ លោក​ជំទាវ​ភ្ញាក់​ បាន​ដឹង​ថា​ប្ដី​ខ្លួន​ស្លាប់​ ក៏​ស្រែក​ទ្រហោ​យំ ។ មនុស្ស​ផ្អើល​មក​មើល​ ឃើញ​លោក

​យមរាជ​ស្លាប់​មែន​ តែ​មិន​ដឹង​ជា​ស្លាប់​ដោយ​រោគ​អ្វី​​ព្រោះ​គ្មាន​ស្លាក​ស្នាម​បន្តិច​សោះ ។ លោក​ជំទាវ​នោះ​ ទៅ​ក្រាប

​ថ្វាយ​បង្គំ​ទូល​ស្ដេច​តាម​រឿង​ដែល​ស្លាប់ ។ ព្រះ​រាជា​ទ្រង់​ចាត់​ឱ្យ​​មន្រ្តី​មក​មើល​ តែ​មិន​ដឹង​ជា​ស្លាប់​ដោយ​រោគ​អ្វី​ 

ព្រោះ​គ្មាន​ហេតុ​ស្លាកស្នាម​ ក៏​ទៅ​ក្រាប​បង្គំ​ទូល​តាម​រឿង ។ ព្រះ​រាជា​ទ្រង់​ឱ្យ​​យក​សព​ទៅ​បញ្ចុះ​ទុក​តាម​សមគួរ ។

          ក្រោយ​នោះ​ ជា​រដូវ​បុណ្យ​ទ្វា​ទសមាស​ នាហ្មឺន​សព្វ​មុខ​មន្រ្តី​ចូល​គាល់​ព្រះ​មហាក្សត្រៗ​ ទ្រង់​មាន​ព្រះ​រាជ​ឱង្ការ

​ថា​ បើ​អ្នក​ឯ​ណា​រក​ឈ្មោះ​មនុស្ស​ដែល​សម្លាប់​យមរាជ​ បាន​ដឹង​ច្បាស់​ប្រាកដ​ យើង​ឱ្យ​ធ្វើ​ទី​យមរាជ រួច​ទ្រង់​ស្ដេច

​យាង​ចូល​ទៅ​ខាង​ក្នុង​វិញ ។ សេនា​បតី​ នាហ្មឺន​សព្វ​មុខ​មន្រ្តី​ ក៏​ទៅ​ផ្ទះ​រៀង​ខ្លួន ។

          គ្រា​នោះ​ ចៅហ្វាយ​ស្រុក​ ដែល​ជា​សម្លាញ់​នឹង​អាចោរ​ចិត្ត​ជា​ ចង់​ធ្វើ​យមរាជ​ណាស់​បាន​ទៅ​រក​អា​ចោរ​ចិត្ត

​ជាៗ​សួរ​ថា «អា​សម្លាញ់​ឯង​ មក​រក​អ្វី ? » ។ ចៅហ្វាយ​ស្រុក​ប្រាប់​ថា «អញ​មក​ មាន​ការ​សួរ​ឯង​បន្តិច​ ដ្បិត

​លោក​យមរាជ​ស្លាប់​ ដោយ​ឥត​មាន​នរណា​ដឹង​ថា​ជា​ស្លាប់​ព្រោះ​រោគ​អ្វី ឥឡូវ​ស្ដេច​មាន​ព្រះ​រាជ​ឱង្ការ​ថា៖ បើ​អ្នក​ឯ

​ណា​រក​ឈ្មោះ​មនុស្ស​ដែល​សម្លាប់​លោក​យមរាជ​ឃើញ​ពិត​ប្រាកដ​ ទ្រង់​នឹង​ឱ្យ​ធ្វើ​ទី​យមរាជ រឿង​នេះ​ អា​សម្លាញ់​ឯង

​បាន​ដឹង​ឬ​ទេ ? ដ្បិត​​អញ​ចង់​ធ្វើ​យមរាជ​ណាស់» ។ អា​ចោរ​ចិត្ត​ជា​ឆ្លើយ​ថា​ រឿង​នេះ​អញ​បាន​ដឹង​ច្បាស់​ 

ព្រោះ​នៅ​វេលា​រាត្រី​មួយ​នោះ​ អញ​ដើរ​លួច​គេ​ហើយ​អញ​មក​អង្គុយ​ក្រោម​ផ្ទះ​មន្រ្តី​តូច​ម្នាក់​ នៅ​ខាង​ជើង​ផ្ទះ​លោក

​យមរាជ​ ឆ្ងាយ​ពី​គ្នា​បន្តិច មន្រ្តី​នោះ​ប្រាប់​ស្រី​បម្រើ​ម្នាក់​ថា អញ​ស្អប់​លោក​យមរាជ​ពេក​ ចង់​សម្លាប់​ចោល​ 

ព្រោះ​ជា​សត្រូវ​នឹង​អញ ក្នុង​គ្រា​នេះ​ ត្រូវ​ឯង​ជួយ​អញ​ជា​ប្រាកដ​ ដូច្នេះ​ត្រូវ​ឯង​ចេញ​ពី​ផ្ទះ​អញ​ ទៅ​រក​ផ្ទះ​លោក

​យមរាជ​នៅ​ បើ​គេ​ព្រម​ទទួល​ឱ្យ​នៅ​ ត្រូវ​ឯង​ខំ​បម្រើ​ឱ្យ​​ត្រូវ​ចិត្ត​គេ​ បើ​គេ​ទុក​ចិត្ត​ស្និទ្ធស្នាល​ ប្រើ​ចេញ​ចូល​ខាង​ក្នុង

​វេលា​ណា​ លុះ​ដល់​យប់​ស្ងាត់​ ឯង​ត្រូវ​ដុត​ភ្លើង​រម្លាយ​សំណ​ឱ្យ​ក្ដៅ​ពុះ​ ហើយ​យក​ទៅ​ចាក់​ក្នុង​មាត់​លោក​យមរាជ

​កំពុង​ដេក​លក់​ គង់​ស្លាប់​មិន​ខាន ។ រឿង​នេះ​អញ​លប​ស្ដាប់​បាន​ចាំ​ប្រាកដ ចូរ​សម្លាញ់​ឯង​ទៅ​ទូល​ស្ដេច​តាម

​រឿង​នេះ​ចុះ​ តែ​ត្រូវ​ឱ្យ​គាស់​ខ្មោច​លោក​យមរាជ​នោះ​យក​មក​វះ​មើល​ បើ​ឃើញ​សំណ​នៅ​ក្នុង​ពោះ​ខ្មោច​នោះ​មែន​ 

អា​សម្លាញ់​ឯង​នឹង​បាន​ធ្វើ​យមរាជ​មិន​ខាន» ។ ចៅហ្វាយ​ស្រុក​ស្ដាប់​យក​ការណ៍​បាន​ហើយ​ ត្រឡប់​ទៅ​ផ្ទះ​វិញ ។

          ថ្ងៃ​ក្រោយ​ចៅហ្វាយ​ស្រុក​ ទៅ​ទូល​ស្ដេច​តាម​រឿង ស្ដេច​ទ្រង់​ឱ្យ​​ភ្នាក់​ងារ​ទៅ​ចាប់​មន្រ្តី​និង​ស្រី​នោះ​ យក​មក​ឃុំ

​ទុក​ ហើយ​ទ្រង់​ឱ្យ​​គាស់​ខ្មោច​លោក​យមរាជ​យក​មក​វះ​មើល​ ឃើញ​សំណ​នៅ​ក្នុង​ពោះ​មែន​ ទើប​ទ្រង់​ឱ្យ​ជំនុំ

​ជម្រះ​រឿង​នោះ​ ឯ​មេ​ស្រី​នោះ​ឆ្លើយ​ថា «ខ្ញុំ​សម្លាប់​លោក​យមរាជ​ពិត​ប្រាកដ» ទ្រង់​ឱ្យ​ប្រហារ​ជីវិត​ទាំង​ពីរ​នាក់

​ចោល​ទៅ​ហើយ​ទ្រង់​ក៏​តាំង​ចៅហ្វាយ​ស្រុក​នោះ​ ឱ្យ​ធ្វើ​ទី​យមរាជ ។

          ឯ​ចៅហ្វាយ​ស្រុក​ កាល​បើ​បាន​ធ្វើ​ទី​យមរាជ​ហើយ​ ឱ្យ​បម្រើ​ទៅ​ហៅ​អា​ចោរ​ចិត្ត​ជា​ ជា​សម្លាញ់ លុះ​វា​មក​ដល់

​ប្រាប់​ថា​ អា​សម្លាញ់​អើយ ! ឯង​មាន​គុណ​នឹង​អញ​ច្រើន​ណាស់​ ឥឡូវ​នេះ​អញ​បាន​ធ្វើ​យមរាជ​ហើយ , ដែល​អញ

​បាន​ធ្វើ​យមរាជ​នេះ​ គឺ​ដោយ​សារ​ឯង​ជួយ​អញ​ ពី​ថ្ងៃ​នេះ​ទៅ​ឯង​កុំ​លួច​ទៀត​ អញ​ចិញ្ចឹម​មាតា​ឯង​ និង​សម្លាញ់

​ឯង​លុះ​អស់​ជីវិត» ។

          អា​ចោរ​ចិត្ត​ជា​ឆ្លើយ​ថា «អញ​សុំ​លួច​តែ​ម្ដង​ទៀត» ។ ថា​តែ​ប៉ុណ្ណោះ​វា​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ លុះ​យប់​អា​ចោរ

​ចិត្ត​ជា​ ទៅ​លួច​ដង្ខៅ​ម្នាក់​បាន​ប្រាក់​និង​សំពត់​អាវ​ជា​ច្រើន​យក​មក​ជូន​មាតា ។ លុះ​ព្រឹក​ឡើង​អា​ចោរ​ចិត្ត

​ជា​មក​ប្រាប់​លោក​យមរាជ​ថា «អា​សម្លាញ់​យប់​មិញ​ អញ​លួច​គេ​ បាន​ប្រាក់​និង​សំពត់​អាវ​ច្រើន​ណាស់ ពី​ថ្ងៃ​នេះ​ត

​ទៅ​ អញ​លះ​ចោល​រឿង​រក​ស៊ី​លួច​គេ​ហើយ​ អា​សម្លាញ់​ឯង​ជឿ​ចុះ» ។ លោក​យមរាជ​តប​ថា «បើ​ឯង​ឈប់​រក​ស៊ី

​លួច​គេ​នោះ​ អញ​អរ​ណាស់​ បើ​ខ្វះ​ខាត​អ្វី​មក​រក​អញៗ​ ឱ្យ​ឯង​កុំ​ទើស​ទាល់​ អញ​ចិញ្ចឹម​ឯង​លុះ​អស់​ជីវិត» ។

          អា​ចោរ​ចិត្ត​ជា​ ក៏​លា​លោក​យមរាជ​ទៅ​ផ្ទះ​វិញ​ ទៅ​នៅ​រក្សា​មាតា​ជា​សុខ​សប្បាយ ។

          លោក​យមរាជ​ និង​អា​ចោរ​ចិត្ត​ជា​សម្លាញ់​រាប់​អាន​គ្នា​ ចិញ្ចឹម​គ្នា​ដរាប​អស់​ជីវិត​ ដូច​បាន​សន្យា​គ្នា​មក ។

          មនុស្ស​ចិត្ត​ជា​ តែង​មាន​គ្នា​ជា​ទី​ពឹង

រឿងព្រេង៖ បងថ្លៃ និងប្អូនថ្លៃ

 មាន​មនុស្ស​ពីរ​នាក់​ ជា​បង​ថ្លៃ​ ប្អូន​ថ្លៃ​នឹង​គ្នា  បង​ថ្លៃ​ជា​អ្នក​ក្រ​ ប្អូន​ថ្លៃ​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ ។ ថ្ងៃ​មួយ​ឪពុក

​ក្មេក​ មាន​កិច្ច​រវល់​ត្រូវ​ប្រាប់​បង​ប្អូន​ កូន​ចៅ​ឱ្យ​ទៅ​ស៊ី​ផឹក​នៅ​ផ្ទះ​គាត់ ប្អូន​ថ្លៃ​នោះ​ បាន​មក​ជួប​នឹង​បង​ បបួល

​ទៅ​ស៊ី​ឯ​ផ្ទះ​ឪពុក​ក្មេក បង​ថ្លៃ​និយាយ​ប្រាប់​តាម​ត្រង់​ថា «មិន​ហ៊ាន​ទៅ​ស៊ី​ទេ» ព្រោះ​ខ្លួន​ជា​អ្នក​ក្រ​ មិន​ធ្លាប់​ស៊ី

​ម្ហូប​ចំណី​ល្អ​ ក្រែង​មិន​ត្រូវ​បែប​ទេ​ ខ្មាស​គេ ប្អូន​ថ្លៃ​នោះ​ជា​មនុស្ស​ចិត្ត​សប្បុរស​នឹង​បង​ ក៏​ប្រាប់​ទៅ​វិញ​ថា «មិន​អី

​ទេ​ ទៅ​ពីរ​នាក់​ចុះ​ បើ​មិន​ដឹង​ ឱ្យ​តែ​ធ្វើ​តាម​ខ្ញុំៗ​ ស៊ី​អី​ ស៊ី​ហ្នឹង​ទៅ​ មិន​ក្រ​ប៉ុន្មាន​ទេ​ បង​ទៅ​ជា​មួយ​នឹង​ខ្ញុំ​ចុះ» ។ 

បង​ក៏​ព្រម​ទៅ លុះ​ទៅ​បរិភោគ​នៅ​ទី​នោះ​ បបួល​គ្នា​ស៊ី​បាយ​តាម​ធម្មតា​ទៅ ដល់​គេ​លើក​សម្ល​ខ្ចៅ​មក​ ប្អូន​ក៏​យក

​ចង្កឹះ​ចាប់​មួយ​មក​ពម​ រួច​ជញ្ជក់​អស់​ ខ្ជាក់​សម្បក​ខ្ចៅ​នោះ​ដាក់​នៅ​នឹង​កន្លែង​ ហើយ​គេ​ចោល​សម្បក​នោះ​ទៅ ។


          ឯ​បង​នោះ​មិន​ដឹង​ ដោយ​មិន​បាន​ឃើញ​គេ​ធ្វើ​ដូច្នោះ​ ក៏​ខំ​ជញ្ជក់​ហើយ​ខំ​ទាំង​ទំពា​សម្បក​ខ្ចៅ​នោះ​ទាល់

​តែ​ល្អិត​ ខំ​លេប​ទៅ ។ ប្អូន​ឃើញ​ដូច្នេះ​ ក៏​លែង​ស៊ី​ខ្ចៅ​នោះ​ទៅ​ចាប់​យក​ឯ​អំពៅ​ ដែល​គេ​ឡៅ​ទុក​នៅ​ចាន​នោះ​មក

​ស៊ីៗ​ រួច​គេ​យក​កន្សែង​ខ្ចប់​ដាក់​ ហើយ​ចោល​ទៅ​ទៀត ។ បង​ឃើញ​គេ​ស៊ី​អំពៅ​ ក៏​យក​អំពៅ​នោះ​ មក​ស៊ី​នឹង

​គេ​ទៀត​ ខំ​ទំពា​អំពៅ​ទាល់​តែ​ល្អិត​កាក​ លេប​ទៅ​ទៀត ប្អូន​លែង​ស៊ី​អំពៅ​ វា​ទៅ​ស៊ី​សម្ល​មីសួរ​ទៀត​ ទើប​តែ​នឹង​ពម

​ចូល​ក្នុង​មាត់​ នឹក​ឃើញ​បង​ស៊ី​អំពៅ​ទាំង​កាក​នោះ​ ហើយ​អស់​សំណើច​ទប់​មិន​ឈ្នះ​ ក៏​ចេញ​សំឡេង​មក​ឮ​តែ​ឃឹក ។ 

ដោយ​ហេតុ​ខ្យល់​ទប់​ឃឹក​នោះ​ មីសួរ​វា​ស្ទុះ​ឡើង​ទៅ​ចូល​ឯ​រន្ធ​ច្រមុះ​ទាំង​ពីរ​ ចេញ​មីសួរ​នោះ​មក​ក្រៅ​ដោយ​អំណាច

​ខ្យល់ ។ បង​ថ្លៃ​ឃើញ​ដូច្នោះ​ ក៏​ចោល​ចង្កើះ​ទៅ​ក្នុង​ថាស​ថា «ទេ! លែង​ស៊ី​ហើយ​ ស៊ី​ឯ​ទៀត​ធ្វើ​តាម​ សូម្បី​ខ្ចៅ​និង

​អំពៅ​ទាំង​សម្បក​ ទាំង​កាក​ ក៏​ស៊ី​បាន​ទាំងអស់​ ដល់​មីសួរ​ ខ្លុះ​នឹង​ច្រមុះ​ដូច្នេះ​ធ្វើ​តាម​មិន​បាន​ទេ​ ប្អូន​ឯង​ស៊ី

​តែ​ឯង​ចុះ​ បង​លែង​ស៊ី​ហើយ​ ស៊ី​ទៅ​ទៀត​មិន​កើត​ទេ» ។

ពុត​គ្រូ​កុំ​ត្រាប់​ ច្បាប់​គ្រូឱ្យ​​យក


រឿងព្រេង៖ តាចន្ទរំលៀក

មាន​រឿង​មួយ​ ដំណាល​ថា៖ កាល​នោះ​ មាន​ព្រៃ​មួយ​ធំ​ មាន​ខ្លា​សាហាវ​ តែង​ខាំ​មនុស្ស​ជា​ច្រើន​​ នឹង​ចូល​ទៅ​រក​បោច​ផ្ដៅ​វល្លិ​ពុំ​បាន ។ គ្រា​ដែល​តា​ចន្ទ​គាត់​ចូល​ទៅ​បោច​វល្លិ​ក្នុង​ព្រៃ​នោះ​ ខ្លា​វា​លប​ចេញ​ពី​ក្នុង​ព្រៃ​ ប៉ង​នឹង​ខាំ​តា​ចន្ទ​ ដែល​ចូល​ទៅ​បោច​វល្លិ ។ តា​ចន្ទ​ឃើញ​វា​មុន​ ហើយ​គាត់​រក​ពុទ្ធោ​ថា៖


ឱ ! ពុទ្ធោ​ៗ​ អើយ !
ឆ្នាំ​នេះ​ឆ្នាំ​ខាល​ ទឹក​បែក​ពាស​វាល​ ស្លាប់​ខ្លា​ដំរី
ស្លាប់​អស់​បក្សា​ ម្រឹគា​បក្សី​ ស្លាប់​ខ្លា​ដំរី​
គ្មាន​គង់​តូច​មួយ ។

ផ្ដៅ​អញ​នេះ​ អា​ណា​វែង​ៗ​ អញ​ព្យួរ​កូន​ចៅ​ អា​ណា​ខ្លី​ៗ​ អញ​ព្យួរ​ត្បាល់​អង្រែ​ ឱ​សត្វ​ទាំង​ឡាយ​អើយ ! ក្នុង​ឆ្នាំ​ខាល​នេះ​ នឹង​ស្លាប់​អស់​ហើយ​ គ្មាន​គង់​ទេ ។

តា​ចន្ទ​ និយាយ​រក​ពុទ្ធោ​យ៉ាង​នេះ​ ជា​ច្រើន​ដង​ ខ្លា​ស្ដាប់​បាន​ឮ​ច្បាស់​ គិត​ថា «គួរ​អញ​សួរ​តា​នេះ​ចង់​ដឹង​មើល» ។ ទើប​ខ្លា​ សួរ​ទៅ​តា​ចន្ទ​វិញ​ថា «តា​អើយ​តា ! ក្នុង​ឆ្នាំ​ខាល​នេះ​ ទឹក​ធំ​មែន​ឬ ?» ។ តា​ចន្ទ​ ធ្វើ​ភ្ញាក់​និយាយ​ទៅ​នឹង​ខ្លា​ថា « ឱ ! ចៅ ! ឆ្នាំ​នេះ​ទឹក​ធំ​ណាស់​ បាន​ជា​តា​ភ័យ​នឹង​កូន​ចៅ​​ ទើប​តា​រក​ផ្ដៅ​ ដើម្បី​ចង​ព្យួរ​កូន​ចៅឱ្យ​ផុត​ពី​ទឹក» ។ ខ្លា​ក៏​មាន​ចិត្ត​ភិត​ភ័យ​នឹង​ពាក្យ​តា​ចន្ទ គិត​ខ្លាច​ស្លាប់​ ក៏​ចូល​មក​ជិត​ ហើយ​និយាយ​នឹង​តា​ចន្ទ​ថា «តា​អើយ​ អា​ណិត​ចង​ព្យួរ​ខ្ញុំ​ឱ្យ​​ផុត​ពី​ទឹក​ផង​បាន​ឬ​ទេ ?» ។ តា​ចន្ទ​ឆ្លើយ​ថា « បាន​ មិន​អី​ទេ​ចៅ ! អង្គុយ​មក​ចាំ​តា​នៅ​ទី​នេះ​សិន​ចុះ » ។ ខ្លា​ក៏​ចូល​មក​អង្គុយ​ចាំ ។ លុះ​តា​ចន្ទ​បោច​វល្លិ​ផ្ដៅ​បាន​ ក៏​ត្រកួញ​ធ្វើ​ជា​រម្ងក​ ហើយ​ចូល​ទៅ​ចង​ចង្កេះ​ខ្លា ។ តា​ចន្ទ​កាន់​គល់​ផ្ដៅ​ឡើង​ទៅ​លើ​ដើម​ឈើ​ខ្ពស់​ហើយ​បង្គាប់​ខ្លា​ឱ្យ​​លោត​ឡើង ។ តា​ចន្ទ​ក៏​ស្រាវ​ទាញ​ឡើង​ឱ្យ​ផុត​ជើង​ខ្លា​ពី​ដី​ រួច​គាត់​ចុះ​មក​វិញ ។ ខ្លា​សួរ​ថា «តា! ប៉ុណ្ណេះ​ផុត​ពី​ទឹក​ហើយ​ឬ​អ្វី ?» ។ តា​ចន្ទ​ឆ្លើយ​ថា «ផុត​ហើយ​ចៅ!»  ។ តា​ចន្ទ​ក៏​កាន់​កាំបិត​ទៅ​កាប់​ឈើ​ជា​ដំបូង ។ ខ្លា​ឃើញ​សួ​ថា «តា! តា​កាប់​ដំបង​ធ្វើ​អ្វី ?»។ តា​ចន្ទ​ថា « កាប់​យក​ទៅ​ផ្ទះ​ ក្រែង​ប្រទះ​នឹង​សត្វ​ឯ​ទៀត​ វា​ប្រមាទ​តា » ។ ខ្លា​ឆ្លើយ​ថា « គ្មាន​ខ្លា​ឯ​ណា​ទេ​តា! មាន​តែ​ខ្ញុំ​នេះ​ឯង​ តែង​តែ​ខាំ​គេ​រាល់​ថ្ងៃ» ។ តា​ចន្ទ​ដឹង​ថា «ឱ ! អា​នេះ​ជា​សត្វ​កាច​ បើ​ដូច្នេះ​ អញ​នឹង​វាយ​ឱ្យ​​អស់​ចិត្ត​ ក្នុង​គ្រា​នេះ» ។ ទើប​តា​ចន្ទ​កាន់​ដំបង​ចូល​ទៅ​ដល់​ខ្លា​ថា « ចៅ​នៅ​ឱ្យ​​ស្ងៀម​ តា​នឹង​មើល​ចំណង​ឱ្យ​​ ក្រែង​វា​របូត​លង់​ទឹក​ស្លាប់» ។ ខ្លា​ក៏​នៅ​ស្ងៀម​ ទើប​តា​ចន្ទ​លើក​ដំបង​វាយ​ខ្លា​ៗ​ ក៏​ប្រឹង​រើ​បម្រះ​ ស្រែក​រោទ៍​ រលាក​រលួត​ស្បែក​ហើម​ខ្លួន​ជា​ខ្លាំង​ មុខ​គួរ​វេទនា​ ហើយ​ខ្លា​ក៏​ប្រឹង​រើ​បម្រះ​ ក្រឡះ​ខាំ​ខ្សែ​ផ្ដៅ​ដាច់​ គេច​រត់​ទៅ ។ តា​ចន្ទ​ ក៏​វិល​ទៅ​ខ្ទម​ចាំ​ស្រែ​វិញ ។ និយាយ​ពី​ខ្លា​ដែល​រត់​រួច​ទៅ​នោះ​ បាន​ទៅ​ជួប​នឹង​ដំរីមួយ​ ដំរី​ឃើញ​ខ្លា​បោល​ ក៏​ស្រែក​សួរ​ថា « បង​ខ្លា​ឯង​ ភ័យ​នឹង​អ្វី​ ក៏​បាន​ជា​បោល​មិន​មើល​ក្រោយ​សោះ » ។ ខ្លា​ប្រាប់​ទៅ​ដំរី​វិញ​ថា « បង​អើយ ! អា​ចន្ទ​រំលៀក​ បញ្ឆោត​វាយ​ខ្ញុំ​ហើម​ខ្លួន​អស់ » ។ ដំរី​សួរ​ថា​ អា​ចន្ទ​រំលៀក​នោះ​ នៅ​ឯ​ណា?»។ ខ្លា​ប្រាប់​ថា « វា​ធ្វើ​ស្រែ​នៅ​មាត់​បឹង​ឯ​នោះ » ។ ដំរី​ថា « អញ​នឹង​ព្រេច​ឱ្យ​​វា​ល្អិត​ កុំ​ឱ្យ​​វា​ធ្វើ​បាប​គេ » ។ ខ្លា​បោល​ហួស​ទៅ ដំរី​ក៏​ដើរ​រក​តា​ចន្ទ​នឹង​ព្រេច​ ជួប​នឹង​តា​ចន្ទ​ហើយ​ តែ​ដំរី​មិន​ស្គាល់​សួរ​ថា « តា​ៗ​ស្គាល់​អា​ចន្ទ​រំលៀក​ដែរ​ឬ ? » ។ តា​ចន្ទ​ សួរ​ដំរី​ថា « ចៅ​ឯង​សួរ​រក​គាត់​ធ្វើ​អ្វី ? » ដំរី​ថា « ខ្ញុំ​ខឹង​ណាស់​ វា​បញ្ឆោត​វាយ​ខ្លា​ហើម​ខ្លួន​អស់ » ។ តា​ចន្ទ​ឆ្លើយ​ថា « តា​ចន្ទ​ គាត់​នៅ​ខ្ទម​ស្រែ​ត្រើយ​ខាង​កើត​មាត់​បឹង ហ្ន ! ខ្ទម​គាត់​ស​ៗ​នុះ​ឯង » ។ ដំរី​ថា « តា​អាណិត​ជូន​ខ្ញុំ​ទៅ​ បើ​ខ្ញុំ​ព្រេច​វា​ស្លាប់​ បាន​របស់​អ្វី​ប៉ុន្មាន​ខ្ញុំ​ជូន​តា​ទាំង​អស់ » ។ តា​ចន្ទ​ឆ្លើយ​ថា « តា​អរ​ណាស់​ ចៅ​អើយ ! ប៉ុន្តែ​ទឹក​បឹង​នេះ​ជ្រៅ​ណាស់​ តា​ទៅ​មិន​រួច​ទេ » ។ ដំរី​ថា « បើ​ទឹក​ជ្រៅ​ តា​ជិះ​លើ​ក្បាល​ខ្ញុំ​មក » ។ តា​ចន្ទ​ ឆ្លើយ​ថា « អើ​ បើ​ដូច្នោះ​ ទៅ​ក៏​ទៅ » ។ តា​ចន្ទ​ក៏​កាន់​កាំបិត​ព្រា​មួយ​ទៅ​ផង លុះ​ទៅ​បាន​ចម្ងាយ​មួយ​ស្រែ​តា​ចន្ទ​ ក៏​កាប់​ក្បាល​ដំរី​ ៣ – ៤ កាំបិត​ មុត​ចេញ​ឈាម ។ ដំរី​ក៏​គេច​បោល​មក​វិញ​ ដល់​គោក​ រលាស់​ទម្លាក់​តា​ចន្ទ​ ហើយ​ដំរី​ក៏​បោល​ទៅ​​ជួប​នឹង​ខ្លា​ឃ្មុំ​ៗ​ ស្រែក​សួរ​ថា « បង​ដំរី​បោល​អ្វី​ក៏​គ្មាន​មើល​ក្រោយ​សោះ​» ។ ដំរី​ប្រាប់​ថា « បង​ខ្លា​ឃ្មុំ​អើយ ! អា​ចន្ទ​រំលៀក​បញ្ឆោត​កាប់​ក្បាល​ខ្ញុំ​ឈាម​អស់ » ។ ឯ​ខ្លា​ឃ្មុំ​ ក៏​ជួយ​ខឹង​ដំរី​ ហើយ​សួរ​ទៅ​ដំរី​វិញ​ថា «អា​ចន្ទ​នោះ​ វា​នៅ​ឯ​ណា ? » ។ ដំរី​ប្រាប់​ថា « វា​នៅ​ធ្វើ​ស្រែ​នៅ​មាត់​បឹង​ធំ​ឯ​នោះ » ។ ដំរី​ក៏​បោល​បាត់ ។ ខ្លា​ឃ្មុំ​ ក៏​មាន​ចិត្ត​ខឹង​គុំ​គួន​ ប្រមាថ​ នឹង​ខាំ​បំបែក​ក្បាល​តា​ចន្ទ​ឱ្យស្លាប់ ។ លុះ​ថ្ងៃ​ក្រោយ​ ខ្លា​ឃ្មុំ​ដើរ​ៗ​ទៅ​ ឃើញ​តា​ចន្ទ​ភ្ជួរ​ស្រែ​ពេល​ព្រឹក ។ ខ្លា​ឃ្មុំ​នឹក​ថា​ «នេះ​ហើយ​ តើ​អា​ចន្ទ​រំលៀក​នោះ​ ដូច្នេះ​អញ​ពួន​ចាំ​នៅ​នេះ​ចុះ​ ចាំ​វា​មក​ជិត​ អញ​លោត​ទៅ​ខាំ​វា​ឱ្យ​បាន » ។ ខ្លា​ឃ្មុំ​ក៏​ប្រាបចាំ​នៅ​សំយាប​ព្រៃ ។ តា​ចន្ទ​មិន​ដឹង​ខ្លួន ។ តា​ចន្ទ​ភ្ជួរ​ស្រែ​យូរ​ ក្រ​ទៅ​ខ្លា​ឃ្មុំ​ក្រោក​អើត​មើល​មក​ តា​ចន្ទ​ឃើញ​ខ្លា​ឃ្មុំ​អើត​ដូច្នោះ​ គាត់​គិត​ថា« សត្វ​នេះ​ វា​ចង់​មក​ប្រមាថ​ធ្វើ​ទុក្ខ​អញ​ទៀត​ហើយ » ។ តា​ចន្ទ​ប្រុង​ខ្លួន​ ហើយ​វាយ​ដេញ​ក្របី​ថា « ហី ! អា​នាង​ខំ​ទាញ​ឡើង​ តា​យក​ឃ្មុំ​ឱ្យ​ស៊ី​ ឃ្មុំ​តែ​ពីរ​សម្បុក​ កំពុង​ពេញ​ទឹក​ផ្អែម» ។ តា​ចន្ទ​ គាត់​ថា​យ៉ាង​នេះ​ជា​ច្រើន​ដង ។ ខ្លា​ឃ្មុំ​ឮ​ច្បាស់​ ក៏​មាន​ចិត្ត​ចង់​ស៊ី​ឃ្មុំ​ ហើយ​ឆ្លើយ​មកនឹង​តា​ថា « តា​ៗ ! ចែក​ខ្ញុំ​ស៊ី​ផង » ។ តា​ចន្ទ​ឆ្លើយ​ប្រាប់​ទៅ​ខ្លា​ឃ្មុំ​វិញ​ថា « ចៅ​អើយ​ ឃ្មុំ​តា​តែ​ពីរ​សម្បុក​ទេ​ ទុក​ឱ្យ​ក្របី​វា​ស៊ី​មួយ​ម្នាក់​ សោះ​ញ័រ​ខ្លួន​ បើ​ចៅ​ចង់​ស៊ី​ ចូល​មក​និយាយ​គ្នា​សិន » ។ ខ្លា​ឃ្មុំ​ ក៏​ចូល​មក​អង្គុយ ។ តា​ចន្ទ​ថា « បើ​ចៅ​ចូល​ចិត្ត​ស៊ី​ដែរ​ នឹង​ឱ្យ​ស៊ី​ទាំង​អស់​តែ​ម្ដង​ទៅ​ ខ្លាច​ក្រែង​ក្របី​វា​ខឹង​​ព្រោះ​វា​ធ្លាប់​ស៊ី​ដែរ​ តែ​តា​គិត​ថា​ ចៅ​ឯង​ ឱ្យ​តា​ទឹម​ភ្ជួរ​ស្រែ​ បាន​មួយ​ព្យាម​ចុះ​ តា​នឹង​ឱ្យចៅ​ស៊ី​ទាំង​ពីរ​សម្បុក​តែ​ម្ដង​ ឯ​ក្របី​តា​ ឱ្យ​វា​អត់​សិន​ទៅ​ចុះ​ សឹម​រក​ទៀត» ។ ខ្លា​ឃ្មុំ​ស្ដាប់​ ត្រូវ​ចិត្ត​នឹង​ចំណី​នោះ​ ព្រោះ​ត្រូវ​ចំណង់​របស់​ខ្លួន​ ក៏​អរ​ណាស់​ថា « បើ​ដូច្នេះ​ ឱ្យ​តា​ដោះ​ក្របី​ចេញ​ចុះ»។ តា​ចន្ទ​ ក៏​ដោះ​ក្របី​ចេញ​មួយ​រំពេច ។ ខ្លា​ឃ្មុំ​ ក៏​ចូល​ទៅ​ឱ្យ​តា​ចន្ទ​ទឹម​ ដាក់​ខ្សែ​ទាម​ចង​រឹត​រួច​ស្រេច ។ តា​ចន្ទ​​គាត់​ស្ទុះ​ទៅ​កាន់​កន្ទុយ​យាម​នង្គ័ល​ ហើយ​ដេញ​ថា ​ហី! អា​នាង​ខំ​ឡើង​តា​យក​ឃ្មុំ​ឱ្យ​ស៊ី​ ឃ្មុំ​តែ​ពីរ​សម្បុក​ កំពុង​ពេញ​ទឹក ។ ខ្លា​ឃ្មុំ​ ខំ​ប្រឹង​ទាញ​នង្គ័ល​ពុំ​កក្រើក​ឡើយ ។ តា​ចន្ទ​គាត់​ខឹង​ ក៏​លែង​កន្ទុយ​​យាម​នង្គ័ល​បែរ​ទៅ​វាយ​ឯ​ខ្លា​ឃ្មុំ​ៗ​ក៏​ខំ​ប្រឹង​រើ​បម្រះ​ តា​ចន្ទ​វាយ​ខ្លាំង​ណាស់​ ដល់​ទៅ​បែក​ហើម​ខ្លួន​ទាំង​មូល ។ លុះ​ខ្លា​ឃ្មុំ​រើ​រួច​ បោល​ទៅ​ជួប​នឹង​ចចក​ៗ​ សួរ​ខ្លា​ឃ្មុំ​ថា «បង​ខ្លា​ឃ្មុំ​ បោល​អី​គ្មាន​មើល​ក្រោយ​ម្ល៉េះ ?» ។ ខ្លា​ឃ្មុំ​ប្រាប់​ទៅ​វិញ​ថា « បង​ចចក​អើយ ! អា​ចន្ទ​រំលៀក​ វា​បញ្ឆោត​វាយ​ខ្ញុំ​ ហើម​ខ្លួន​អស់»។ ហើយ​ខ្លា​ឃ្មុំ​បោល​ទៅ ។ ចចក​ក៏​អួត​ថា « បើ​ដូច្នោះ​ ទុក​ឱ្យ​អញ​ទៅ​ហែក​លប​តា​ចន្ទ​ យក​ត្រី​ចែក​គ្នា​ស៊ី​ ឱ្យ​អស់​ កុំ​ទុក​ឱ្យ​វា​ឡើយ » ។ លុះ​ព្រឹក​ឡើង​ តា​ចន្ទ​ គាត់​កាន់​កាំបិត​ព្រា​មួយ​និង​ច្រវា​មួយ​ ទៅ​លើក​លប​គាត់​ក្នុង​បឹង ។ និយាយ​ពី​ចចក​ មក​ដល់ ​កណ្ដាល​ផ្លូវ​ជួប​នឹង​ខ្លា​ត្រី​មួយ ។ ចចក​ក៏​បបួល​ខ្លា​ត្រី​ថា «បង​ខ្លា​ត្រី​ ទៅ​ស៊ី​ត្រី​នឹង​អញ »។ ខ្លា​ត្រី​តប​ថា « បង​ចចក​ឯង​ បាន​ត្រី​ពី​ណា ?»។ ចចក​ថា « អញ​ទៅ​ហែក​លប​អា​ចន្ទ​រំលៀក​ចែក​គ្នា​ស៊ី » ។ ខ្លា​ព្រម​តាម​ចចក​ ក៏​មក​អង្គុយ​នៅ​មាត់​បឹង​ យូរ​បន្តិច​ ឃើញ​តា​ចន្ទ​អុំ​ទូក​មក​ ចចក​សួរ​ថា « តា​ស្គាល់​អា​ចន្ទ​រំលៀក​ដែរឬទេ?» ។ តា​ចន្ទ​ថា « ស្គាល់​ដែរ​ តែ​អាចន្ទ​នោះ​ វា​នៅ​ត្រើយ​បឹង​ខាង​ឯណោះ​ទេ » ។ ចចក​ថា​ បើ​ដូច្នេះ​អាណិត​ជូន​ខ្ញុំ​ទៅ​ បើ​ខ្ញុំ​ហែក​លប​វា​បាន​ត្រី​ ខ្ញុំ​ចែក​តា​ពាក់​កណ្ដាល » ។ តា​ចន្ទ​ថា « ទៅ​ក៏​ទៅ​ ដ្បិត​លប​តា​ ក៏​វា​ពុំ​ត្រូវ​ផង » ថា​ហើយ​ចចក​ក៏​លោត​ទំ​ក្បាល​ទូក ។ តា​ចន្ទ​ថា « ចៅ​កុំ​ទៅ​អង្គុយ​ក្បាល​ទូក​ វា​លិច​ណា ! មក​អង្គុយ​ខ្ទង់​មុខ​តា​ឯណេះ​ ទើប​វា​មិន​លិច>>។ ចចក​ក៏​មក​អង្គុយ​នៅ​មុខ​តា​ចន្ទ​ ហើយ​ហៅ​ខ្លា​ត្រី​ថា << មក​បង​ ប្រញាប់​នឹង​អាល​ទៅ » ។ ខ្លា​ត្រី​ថា « បង​ចចក​ អញ​មិន​ហ៊ាន​ទៅ​ទេ​ អញ​ក្រែង​តា​ចន្ទ​ហើយ​នេះ»។ ចចក​បែរ​មើល​ក្រោយ​ថា « មិន​មែន​ទេ » ។ តា​ចន្ទ​គាត់​នៅ​ស្ងៀម ។ ខ្លា​ត្រី​ក៏​ឡើង​មក​អង្គុយ​ទឹម​គ្នា​នឹង​ចចក ។ តា​ចន្ទ​គាត់​អុំ​ទូក​ទៅ​ប្រមាណ​១០​ព្យាម​ពី​ច្រាំង​ គាត់​កាប់​ក្បាល​ចចក​មួយ​កាំបិត ។ ចចក​លោត​ធ្លាក់​ទឹក​ ខ្លា​ត្រី​ក៏​លោត​ធ្លាក់​ទឹក​ទាំង​អស់​គ្នា  ខ្លា​ត្រី​បន្ទោស​ចចក​ថា « អញ​ថា​តា​ចន្ទ​ហើយ​ ឯង​ថា​ មិន​មែន​តា​ចន្ទ​ទេ » ។ ចចក​ថា « កុំ​មាត់​ ខំ​តែ​ហែល​ទៅ » ។ សត្វ​ទាំង​ពីរ​ ក៏​ហែល​ដល់​គោក​ ហើយ​បោល​ទៅ ។ តា​ចន្ទ​នៅ​ធ្វើ​ស្រែ​ស្រូវ​រួច​ហើយ​ក៏​ទៅ​ផ្ទះ​ បាន​សេចក្ដី​សុខ​សប្បាយ ។

ក្រោយ​មក​តា​ចន្ទ​ មាន​ចិត្ត​សង្វេគ​ថា « ឱ ! សត្វ​ទាំង​៤​ នេះ​នឹង​ចង​វេរា​នឹង​អញ​ត​ទៅ​មុខ​ពុំ​លែង​ ហើយ​វា​នឹង​ធ្វើ​បាប​អញ​នេះ​មិន​ខាន​ ដូច្នេះ​គួរ​អញ​ទិញ​ដែក​ឱ្យ​ច្រើន​ ធ្វើ​កាំបិត​កោរ​ដង​ដែក​ឱ្យ​បាន​ ៥០​ឬ​៦០​ ទុក​បម្រុង​ការពារ​ខ្លួន​ដែល​ស្លាប់​ទៅ ។ តា​ចន្ទ​ ធ្វើ​កាំបិត​បាន​ស្រេច​ហើយ​ គាត់​ក៏​ហៅ​កូន​ចៅ​មក​ផ្ដាំ​ថា « បើ​អញ​ស្លាប់​ទៅ​ហើយ​ យក​អញ​ទៅ​កប់​ ឱ្យយក​កាំបិត​ទាំង​អស់​នេះ​ទៅ​ដាក់​លើ​ផ្នូរ​កុំ​ខាន​ ចូក​ដី​លប់​ឱ្យ​ជិត​ លុះ​ដល់​៥ – ៦ ថ្ងៃ​ ឱ្យ​​កូន​ចៅ​មើល​ផ្នូរ​អញ​កុំ​ខាន >> ។ តា​ចន្ទ​ ផ្ដាំ​កូន​ចៅ​រួច​ហើយ​ គាត់​ក៏​មាន​ជំងឺ​ឈឺ​ក្ស័យ​ទៅ​ កូន​ចៅ​ក៏​យក​ខ្មោច​តា​ចន្ទ​ទៅ​កប់​ ធ្វើ​ដូច​បណ្ដាំ​គាត់​មិន​ហ៊ាន​ខាន ។

និយាយ​ពី​សត្វ​ទាំង​៤​ ដែល​មាន​វេរា​នឹង​គ្នា​នោះ​ កាល​តា​ចន្ទ​ស្លាប់​ទៅ​បាន​៣​ថ្ងៃ​ សត្វ​ចចក​ស៊ើប​ដឹង​ថា​ តា​ចន្ទ​ស្លាប់​ ក៏​ទៅ​ប្រាប់​ខ្លា​ឃ្មុំ​ៗ​ ប្រាប់​ដំរី​ៗ​ ប្រាប់​ខ្លា​ធំ​ ភ្ជុំ​បបួល​គ្នា​ចូល​មក​កាយ​ខ្មោច​តា​ចន្ទ​រំលៀក​ស៊ី ។ ចចក​កាយ​ចុង​ជើង​ ខ្លា​ឃ្មុំ​កាយ​ក្បាល​ ខ្លា​ធំ​កាយ​កណ្ដាល​ខ្លួន ។ ឯ​ដំរី​ឈរ​ចាំ​មើល​ ឃើញ​សត្វ​ទាំង​៣​មុត​ជើង​ពិការ​ជា​ខ្លាំង​ ដួល​ដេក​អស់។ ដំរី​ខឹង​នឹង​ខ្មោច​តា​ចន្ទ​ថា « ជើ ! អា​ចន្ទ​ កាច​តាំង​ពី​រស់​ទាល់​តែ​ស្លាប់​ មិន​លែង​កាច​សោះ​ ទុក​ឱ្យ​អញ​ឈូស​តែ​ម្ដង​ឱ្យ​​ប៉ើង​ខ្មោច​មក​នៅ​លើ​គោក » ។ ដំរី​ខឹង​ណាស់​ លើក​ជើង​ឈូស​ជា​ខ្លាំង​ ត្រូវ​នឹង​កាំបិត​មុត​ពេញ​ជើង​ ក៏​ដេក​ដួល​ទាំង​អស់​គ្នា ។

ដល់​កំណត់​ថ្ងៃ​៧​ កូន​ចៅ​តា​ចន្ទ​ នាំ​គ្នា​ទៅ​មើល​ខ្មោច​ ស្រាប់​តែ​ឃើញ​ដំរី​ ខ្លា​ ចចក​ស្លាប់​ខាង​ផ្នូរ​ ក៏​នាំ​គ្នា​ពន្លះ​យក​សាច់​ ស្បែក​ ឆ្អឹង​ ភ្លុក​ មក​លក់​យក​ប្រាក់​ធ្វើ​បុណ្យ​ ឧទ្ទិស​បញ្ជូន​ឱ្យ​ខ្មោច​តា​ចន្ទ​រំលៀក​ជា​សូរេច​ហោង ។





រឿងព្រេង៖ បុរសចេះថ្នាំពិសពស់

 មាន​ថ្ងៃ​មួយ​ បុរស​ឈ្មោះ​សុខ​ ធ្វើ​ដំណើរ​ទៅ​កាប់អុស​ក្នុង​ព្រៃ ។ លុះ​ទៅ​ដល់​ព្រៃ​ ជា​កន្លែង​កាប់​អុស​នោះ​ហើយ​ ឃើញ​ខ្លា​ធំ​មួយ​ស្លាប់​នៅ​ជើង​ដំបូក​ក្បែរ​ច្រក​ផ្លូវ​ចូល ។ ចៅ​សុខ​ពិនិត្យ​មើល​ហេតុ​សព្វ​គ្រប់​ទៅ​ឃើញ​ថា​ ខ្លា​នេះ​ស្លាប់​ដោយ​ពស់​ចឹក​ ព្រោះ​នៅ​ខាង​ក្រោម​ខ្លា​នោះ​មាន​រន្ធ​ពស់​មួយ ។ បុរស​នោះ​មាន​ចិត្ត​សប្បុរស​ចំពោះ​សាកសព​សត្វ​នោះ​ណាស់​ ក៏​ស្រាយ​ថង់​យាម​យក​ថ្នាំ​មក​ដុះ​លាប​ស្រលាបឱ្យ​ ។ លុះ​បាន​មួយ​ស្របក់​ខ្លា​ដឹង​ខ្លួន​ឡើង​ឃើញ​ខ្លួន​ប្រឡាក់​សុទ្ធ​តែ​ថ្នាំ​ដែល​លាប​ ក៏​មាន​សេចក្ដី​ទោមនស្ស​នឹង​បុរស​ដែល​លាប​ថ្នាំ​ឱ្យ​ ហើយ​ស្ដី​ឱ្យ​​ថា «​ហេតុដូចម្ដេច​បាន​ជា​អ្នក​ឯង​ហ៊ាន​យក​អ្វី​មក​ប្រឡាក់​ខ្លួន​អញ​យ៉ាង​នេះ!» ។ បុរស​នោះ​ឆ្លើយ​ថា​  យើង​ដើរ​មក​ បាន​ឃើញ​បង​ឯង​ស្លាប់​ដោយ​ពស់​ចឹក​ ហើយ​យើង​ដុះ​ថ្នាំ​ស្រលាប​លាប​ឱ្យ​​បង​ឯង​រស់​តើ ! ។ ខ្លា​ថា​អញ​មាន​ស្លាប់​អី​ ពស់​ចឹក​អញ​កាលណា ! អញ​កំពុង​ដេក​លក់​ស្រួល​ទេ​តើ ! បើ​ដូច្នោះ​ អញ​ត្រូវ​ប្រហារ​ជីវិត​ឯង​ធ្វើ​ជា​អាហារ ។ ចៅ​សុខ​មាន​សេចក្ដី​តក់​ស្លុត​ នឹង​សេចក្ដី​ស្លាប់​ជា​ខ្លាំង​ ក៏​អង្វរ​ខ្លា​ថា​បង​អើយ ! អាណិត​យើង​ផង​ កុំ​អាល​ពិឃាដ​យើង​ក្នុង​គ្រា​នេះ​ ចាំ​យើង​ទៅ​រក​អ្នក​ប្រាជ្ញ​ណា​ឱ្យ​គេ​ជំនុំ​ជម្រះ​ឱ្យ​ បើ​រក​ទៅ​ឃើញ​ថា​យើង​ខុស​ សឹម​បង​ប្រហារ​ជីវិត​យើង​ បើ​យើង​ត្រូវ​ ត្រូវ​ទុក​ជីវិត​យើង ។ ខ្លា​ក៏​ព្រម​តាម​សេចក្ដី​អង្វរ​របស់​ចៅ​សុខៗ​វិល​មក​វិញ​ ប្រទះ​សេះ​នឹង​ក្របី​នៅ​ក្បែរ​ផ្លូវ​ក៏​និយាយ​ថា​ បង​ទាំង​ពីរ​អាណិត​ជួយ​យក​អាយុ​យើង​ផង​ ព្រោះ​ខ្លា​ដែល​ពស់​ចឹក​បាន​រស់​ឡើង​ ដែល​យើង​ដាក់​ថ្នាំ​ឱ្យ​​ តែ​វា​ប្រាថ្នា​ប្រហារ​ជីវិត​យើង​ ថា​យើង​ធ្វើ​ឱ្យ​វា​ភ្ញាក់​ ហើយ​ធ្វើ​ឱ្យ​​ប្រឡាក់​ខ្លួន​វា​អស់ ។ សត្វ​ទាំងពីរ​ដឹង​សេចក្ដី​សព្វគ្រប់​ ក៏​ពិចារណា​ទៅ​ឃើញ​ថា​ តាម​ពិត​ត្រូវ​តែ​ទៅ​កាត់​សេចក្ដី​ឱ្យ​​បុរស​នេះ​ឈ្នះ​ខ្លា​ ប៉ុន្តែ​បើ​អញ​ឱ្យ​បុរស​នេះ​ឈ្នះ​ទៅ​ មុខ​ជា​ខ្លា​គុំ​អញ​ ស៊ី​អញ​ជា​អាហារ​ពុំ​លែង​ ក៏​ប្រាប់​ទៅ​ចៅ​សុខ​ថា​ បង​ឯង​ខុស​មែន​ហើយ​ត្រូវ​ឱ្យ​ខ្លា​ស៊ី​ទៅ ។ ចៅ​សុខ​រឹត​តែ​ភ័យ​ឡើង​ក៏​លា​សេះ​និង​ក្របី​ ដើរ​យ៉ាង​លឿន​ទៅ​ទៀត​ លុះ​ប្រទះ​និង​សុភាទន្សាយ​ ចៅ​សុខ​ក៏​ប្ដឹង​តាម​ដំណើរ ។ សុភា​ទន្សាយ​ដឹង​រឿង​សព្វគ្រប់​ ក៏​ប្រាប់​សុខ​ថា​ឱ្យ​ទៅ​និយាយ​អង្វរ​ខ្លា​ទៀត​ទៅ​ សឹម​យើង​ទៅ​ជួប ។

          គ្រា​ដែល​បុរស​នោះ​ កំពុង​ជជែក​នឹង​ខ្លា​ សុភាទន្សាយ​ទៅ​ដល់​ ក៏​ធ្វើ​ជា​សួរ​ថា​បង​ឯង​ទាំងពីរ​នាក់​ទាស់​គ្នា​ពី​រឿង​អ្វី ! ។ ខ្លា​និង​ចៅ​សុខ​ ក៏​បាន​ប្ដឹង​តាម​ដំណើរ​រៀងៗ​ខ្លួន ។

          សុភាទន្សាយ​ កាត់​សេចក្ដី​ថា​ បើ​ដូច្នេះ​ត្រូវ​បង​ខ្លា​ឯង​ទៅ​ដេក​នៅ​ត្រង់​កន្លែង​ដដែល​ ឱ្យ​​យូរ​ដូច​ពី​មុន​ បើ​ដល់​ពេល​ត្រូវ​ភ្ញាក់​ ហើយ​ពុំ​ស្លាប់​ទេ​ សឹម​បង​ឯង​មក​ពិឃាដ​មនុស្ស​នេះ​​ធ្វើ​ជា​អាហារ​ចុះ ។ ខ្លា​ទៅ​ដេក​តាម​បង្គាប់ ពស់​ក៏​ចេញ​ពី​រន្ធ​មក​ចឹក​ខ្លា​នោះ​ស្លាប់​ទៅ ។ សុភាទន្សាយ​ឃើញ​ខ្លា​ស្លាប់​ហើយ​ក៏​ប្រាប់​ទៅ​បុរស​នោះ​ថា​ បង​ឯង​កុំ​លាប​ថ្នាំ​ឱ្យ​​វា​ទៀត​ប្រាប់​ហើយ​ក៏​លា​ចៅ​សុខ​ទៅ​លំនៅ​វិញ ។

រឿងកំប្លែង៖ ប្រយ័ត្នប្រយែង

នារីម្នាក់បានទៅជួបអ្នកលក់បន្លែ៖
"មីងមីង មានប៉េងប៉ោះនិងពងទាស្អុយអត់?"
"មានច្រើនណាស់" អ្នកលក់តប
"ចឹងខ្ញុំទិញទាំងអស់" នារីនោះតប
"ម៉េចក៏ក្មួយទិញច្រើនម្ល៉េះ?"
"គឺទុកសំរាប់ការប្រគំតន្រ្តីយប់ហ្នឹង"
"ស្លាប់ហើយ ម៉េចក៏ធ្វើបាបអ្នកចំរៀងម្ល៉េះក្មួយ?"
"ទេ ខ្ញុំហ្នឹងហើយជាអ្នកដែលត្រូវឡើងច្រៀង។ ត្រូវប្រយ័ត្នមុនទើបល្អ"

រឿងកំប្លែង៖ ល្បិចរកប្រពន្ធ

ជីមី ប្រាប់ ថម ដែលជាមិត្តរបស់ខ្លួន ៖
-ខ្ញុំបរាជ័យទៀតហើយ ។នាងនោះទោះបីដឹងថាខ្ញុំមាន ទ្រព្យសម្បត្តិច្រើនក៏នៅតែមិនព្រមរៀបការជាមួយខ្ញុំ។
-ចុះឯងប្រាប់នាងថាឯងអាយុប៉ុន្មាន ?
-ខ្ញុំប្រាប់តាមត្រង់ថាអាយុ៥០ឆ្នាំ ។
-អ៊ីចឹងបានជាបរាជ័យ ។
-ចុះអាយុ៥០ឆ្នាំមែនប្រាប់ថានៅក្មេងយ៉ាងម៉េចទៅ ?
-មិនមែនប្រាប់នៅក្មេងទេ គឺប្រាប់បង្កើនអាយុចាស់ជាងនេះ, យ៉ាងតិចក៏ត្រូវប្រាប់នាងថាឯង អាយុ ៧០ ឬ ៧៥ឆ្នាំដែរ ។ ឮអញ្ចឹងនាងសង្ឃឹមថាឯងនិងឆាប់ស្លាប់បានក្តោបក្តាប់ទ្រព្យសម្បត្តិ របស់ឯង មុខជាយល់ព្រមភ្លាម ។ នេះជាល្បិចរក ប្រពន្ធក្មេងរបស់ប្រុសមានទ្រព្យសម្បត្តិ ច្រើន?

រឿងកំប្លែង៖ កុំអាលសិន

ស្រ្ដីម្នាក់ជំរាបលោកចៅក្រមថា ខ្លួនត្រូវប្តីធ្វើបាបទាំង ផ្លូវកាយ និងផ្លូវចិត្តទើបពេលនេះស្រកទម្ងន់អស់ ៣០ គីឡូក្រាម។ ឮដូច្នេះ លោកចៅក្រមប្រកាស ៖
-ស្ថានភាពអាក្រក់បែបនេះមិនអាចរស់នៅជាមួយគ្នា តទៅទៀតបានទេ ។តុលាការយល់ព្រមឱ្យអ្នកទាំងពីរបានលែងលះគ្នាចាប់ពីពេលនេះតទៅ ។​ លោកចៅក្រមនិយាយចប់ស្រាប់តែស្រីនោះស្រែកឡើង ៖
- កុំអាលសិន ! លោកចៅក្រមភ្ញាក់ព្រើត ៖
- មានរឿងអីចង់និយាយទៀត ?
គឺរឿងលែងលះគ្នានេះដដែល តែមិនមែនលែងឥឡូវទេ, ចាំខ្ញុំស្រកទម្ងន់ថែម៤-៥គីឡូក្រាម ទៀតសិនសឹមលោកប្រកាសឱ្យលែងលះគ្នា ។

រឿងកំប្លែង៖ រកតែធឺណ្ណឹងតើស៎

កូន​ប្រុស​​នាំ​សង្សារ​មក​អួត​​​ប្រាប់​ម្តាយ ៖
-ម៉ាក់! នាង​ពូកែ​ធ្វើ​ម្ហូប​ដូច​ម៉ាក់​អីចឹង ហើយ​ថែម​ទាំង​ឧស្សាហ៍​ទៀត ។ ​ ការ​ងារ​ក្នុង​ផ្ទះ​រាល់​ថ្ងៃ ​នាង​រ៉ាប់​រងធ្វើ​ម្នាក់​ឯង​ទាំង​អស់។ពិសេស​បើ​និយាយ​ពី​ធ្វើ​បង្អែម​វិញ នាង​ពូកែ​មែន​ទែន។ម្តាយ​ស្មាន​ថា កូន​ប្រុស​រក​បាន​អ្នក​ជួយ​ការ​ងារ​ថ្មី(អ្នកបំរើក្នុងផ្ទះ) ឮ​ដូច្នេះ​ងក់​ក្បាល​យ៉ាង​រហ័ស ​៖
-ម៉ែ​រក​តែ​ធឺ​ហ្នឹង​តើ ។ ល្អ​ហើយ​​ស្អែក​ឱ្យ​នាង​មក​ធ្វើ​ការ​ចុះ, ម៉ែ​ឱ្យ​ប្រាក់​ខែ​៤០​ដុល្លារ​ក្នុង​មួយ​ខែ៕

រឿងកំប្លែង៖ ដំណឹងមិនសប្បាយចិត្ត

នីកូឡា​ស​ស្រពាប់​​ស្រពោន​ចូល​ក្នុង​ហាង​ស្រា​អង្គុយ​ផឹក​​ម្នាក់​ឯង ។ ​មិត្ត​របស់​គេ​ម្នាក់​ឃើញ​​ចម្លែក​ពេក​ក៏​ចូល​​តាមសួរ ៖
-នែ, ម៉េច​ថ្ងៃ​នេះ​ដូច​​ជា​ពិបាក​​ចិត្ត​ម៉្លេះ?
-យើង​ពិត​ជា​កំពុង​ពិបាក​ចិត្ត​មែន ព្រោះ​ទើប​តែ​បាន​ទទួល​ដំណឹង​មិន​ល្អ ។
-ដំណឹង​ស្អី​មិន​ល្អ?
-គឺ​ដំណឹង​​ប្រពន្ធ​របស់​ឯង​ក្បត់​ចិត្ត​ទាំង​ឯង ក្បត់​ចិត្ត​​ទាំង​យើង​ហ្នឹង​ណា​។
-និយាយ​ឆ្កួតៗ​អី​ហ្នឹង? ប្រពន្ធ​របស់​គ្នា​បើ​នាង​ក្បត់​ចិត្ត គឺ​ក្បត់​​ចិត្ត​តែ​គ្នា​ម្នាក់​​ប៉ុណ្ណោះ ​រឿង​អី​ពាក់​ព័ន្ធ​ឯង​ដែរ?នីកូឡាស​សម្លឹង​មុខ​គូ​សន្ទនា ៖
-ឯង​នេះ​គ្មាន​​ដឹង​ខ្យល់​អី​សោះ ។ ប្រពន្ធ​​របស់​ឯង​​បាន​ក្បត់​ចិត្ត​ឯង​ មក​លួច​ទាក់​ទង​ស្នេហា​ជា​មួយ​យើង​ជិត
កន្លះ​ខែ​ហើយ, ​ឥឡូវ​ស្រាប់​តែ​នាង​​ មាន​ប្រុស​ម្នាក់​ទៀត, យើង​ទាំង​ពីរ​នាក់ពិត​ជា​មាន​រឿង​ដូចគ្នាមែន!!!

រឿងកំប្លែង៖ គ្មានវាចារនឹងថ្លែង

លោកគ្រូ​ចំណូល​គាត់​ចូល​ចិត្ត​កីឡា​ណាស់ ថ្ងៃ​នេះ​នៅ​ក្នុង​ថ្នាក់​រៀន គាត់​បាន​ឲ្យ​សិស្ស​សរសេរ​ពី​ចំណាប់ អារម្មណ៍​ស្ដីអំពី​កីឡា​បាល់ទាត់​មួយ​ ក្រុម ។
លោកគ្រូ ៖ តើ​ប្អូនៗ​ធ្លាប់​មើល​ការ​ប្រកួត​បាល់ទាត់​ទេ?
សិស្ស ក ៖ បាទ! លោកគ្រូ ធ្លាប់!
លោកគ្រូ ៖ បើ​ដូច្នេះ​សូម​ប្អូនៗរៀប​រាប់​អំពី​លទ្ធផល​នៃការ​ប្រកួតរបស់​ក្រុម​​នីមួយៗ ដែល​ប្អូន​ធ្លាប់
ទៅ​ទស្សនា!សិស្ស​ម្នាក់ៗ​រៀបរាប់​ ល្អ​ឥត​ខ្ចោះ នៅ​សល់​តែ​ប្លោក​វា​ក្រោក​ឈរ​ អេះ​ក្បាល ។
លោកគ្រូ ៖ ម៉េច​ក៏​ប្អូន​មិន​រៀបរាប់…?
ប្លោក ៖ រៀប​រាប់​អត់​ចេញទេ​លោកគ្រូ…
លោកគ្រូ ៖ ម៉េច​អញ្ចឹង?
ប្លោក ៖ ព្រោះ​ពេល​កំពុង​ប្រកួត ខ្ញុំ​កើត​ខ្យល់គ អត់​បាន​តាម​ដាន!
លោកគ្រូ ៖ ???

រឿងកំប្លែង៖ កុំមាត់ចង្រៃ

 មានថ្ងៃមួយមេចៃនិងកូនចៃមួយបាននិយាយគ្នាពីនេះពីនោះថា :
មេចៃ : កូនដឹងទេ…… ថាពេលណា ដែលជាពេលណាដែលគ្រោះថ្នាក់បំផុតពួកចៃយើងនេះ??
កូនចៃ​ : អត់ដឹងផងម៉ាក់!!!
មេចៃ : ចាំណា កូនត្រូវស្តាប់ម៉ាក់ ជាដំបូងគឺនៅពេលមនុស្សដើរចូលហាងកាត់សក់​
ដើម្បីកាត់សក់កូនត្រូវប្រញាប់រត់ឲ្យ​ លឿនទៅទំនៅគល់សក់ ធ្វើដូចនេះទើបគេមិនកាត់ដោយទាំងយើង។
កូនចៃ​ : ចុះបើគេកក់សក់វិញម៉ាក់??
មេចៃ : អញ្ចឹងកូនរត់ទៅទំនៅលើចុងសក់វិញ ដើម្បីកុំឲ្យត្រូវនឹងក្រចកឫជាប់នឹងចុងក្រក….!!!
កូនចៃ : ចុះបើគេអត់កាត់សក់ និងអត់កក់សក់វិញ​ ​តែគេគ្រាន់តែកោរសក់ហ៎

តើយើងត្រូវធ្វើយ៉ាងមេចទៅម៉ាក់??
មេចៃ : គ្រាន់តែកោរសក់ហ្អេ!! ហឺអញដាក់ពីរពិលអាឡូវនឹងហើយ ម៉ៃថា “កុំឲ្យមាត់ចង្រៃពេក”៕

រឿងកំប្លែង៖ អួតទៅអួតមក

ទស្សនាវដ្ដី​នារី​ ទទួល​បាន​សំបុត្រ​មួយ​ច្បាប់​របស់​អ្នក​អាន​​ដែល​សួរ​ពី​បញ្ហា​ផ្ទាល់​ខ្លួន ៖
- ខ្ញុំ​យក​ប្ដី​ប៉ះ​ចំ​ប្រុស​ប៉ប៉ាច់ប៉ប៉ោច ។ គាត់​នោះ ​មួយ​ថ្ងៃ​ៗ​ប៉ប៉ាច់ប៉ប៉ោច​អួត​តែ​ពី​រឿង​ប្រពន្ធ​មុន​របស់​ខ្លួន គួរឱ្យ​ធុញ​បំផុត ។ សូម​ជួយ​ផ្ដល់​យោបល់​ខ្ញុំ​ផង តើ​ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាង​ម៉េច? លោក​ស្រី​និពន្ធ​នាយក​ទស្សនាវដ្ដី​ឆ្លើយ​វិញ៖
- បើ​អញ្ចឹង​ ​អ្នក​នាង​ប៉ប៉ាច់ប៉ប៉ោច​អួត​ពី​ប្ដី​អនាគត​វិញ​ទៅ ។  របៀប​ហ្នឹង​គេ​ហៅ​ថា​ពិសកម្ចាត់​ពិស ដឹង​ហើយនៅ?

រឿងកំប្លែង៖ និយមន័យ ស្រេ្តស ភាពតានតឹង និងភាពភ័យស្លន់ស្លោ

អ្វី​ទៅ​ជា​ស្ត្រេស​ ភាព​តាន​តឹង​ និង​ភាព​ភ័យ​ស្លន់​ស្លោរ?​
   1. ស្ត្រេសៈ​ គឺ​ជា​អារម្មណ៍​ ម្យ៉ាង​នៅ​ពេល​ប្រពន្ធ​មាន​ផ្ទៃ​ពោះ។​
   2. ភាព​តាន​តឹងៈ​  ជា​អារម្មណ៍​ម្យ៉ាង​នៅ​ពេល​សង្សារ​មាន​ផ្ទៃ​ពោះ។
   3. ភាព​ភ័យ​ស្លន់​ស្លោរៈ​ គឺ​ជា​អារម្ម​ពិសេសម្យ៉ាង​នៅ​ពេល​អ្នក​ទាំង​ពីរ​មាន​ផ្ទៃ​ពោះ​ដំណាល​គ្នា៕

រឿងកំប្លែង៖ រង្វាន់ស្រាបៀ

ប្លយ​ផឹក​ស៊ី​រាល់​យប់​ ហើយ​គាត់​កុហក​ប្រពន្ធ​ថា​មក​យាម​ការិយាល័យ ។ថ្ងៃ​នេះ​ គាត់​មក​ផឹក​ស៊ី​ដូច​សព្វ​ដង មាន​ស្រី​កំដរ​ឆ្វេង​ស្ដាំ​មហា​​សែន​សប្បាយ។
- កំពុង​ផឹក​ស៊ី ប្លយ​ អ៊ុត​មើល​គម្រប​កំប៉ុង​ស្រាបៀរ​រក​រង្វាន់ អញ​សង្ស័យ​តែ​ត្រូវ​មួយ​កំប៉ុង...?ប្លយ​និយាយទៅ​កាន់​មិត្ត​ភក្តិ ។
-​ មិន​បាច់​សង្ស័យ​ទេ...ឯង​ច្បាស់​ជា​ត្រូវ​មួយ​កំប៉ុង​ហើយមិត្ត​ប្លយ​និយាយ​ទៅ​កាន់​ប្លយ នៅ​ពេល​ដែល​ឃើញ​ប្រពន្ធ​ប្លយ​មុខ​មាំ ឈរ​ពី​ក្រោយ​ប្លយ ដោយ​មាន​កាន់​កំប៉ុង​ស្រាបៀរ​នៅ​ក្នុង​ដៃ​ផង ។

រឿងកំប្លែង៖ ចាប់បានភស្ថុតាង

ពីរ​ថ្ងៃ​ហើយ​ដែល​លោក​នាយក​ក្រុមហ៊ុន​ អនិច្ចកម្ម តែ​ភ្នែក​បើក​ក្រឡោត​រហូត ។ ប្រពន្ធ ​កូន មិត្ត​ភក្តិ នាំ​គ្នា​ច្បូត
មុខ​គាត់​ក៏​អត់​បាន​ការ ។ ល្ងាច​ថ្ងៃ​ទី​ពីរ​នោះ នាង​លេខា​ផ្ទាល់​ខ្លួន​លោក​នាយក​មក​ដល់ នាង​គ្រាន់​តែ លូកដៃ​ច្បូត​បន្តិច​សោះ ស្រាប់​តែ​សព​លោក នាយក​បិទ​ភ្នែក​យ៉ាង​ស្លូត។ ឃើញ​ដូច្នេះ ប្រពន្ធ​លោក​នាយក​ស្រែក​ឡើង ៖ បង​អើយ​បង! ពេល​នេះ​ទើប​ខ្ញុំ​ចាប់​បានភស្តុតាង។

រឿងកំប្លែង៖ សិស្សឆ្លាត

អាសុនជាសិស្សឆ្លាតតែរៀនមិនដែលបានពិន្ទុល្អសោះថ្ងៃមួយអ្នកគ្រូកំពុងពន្យល់អំពី មេសូត្ររត់មាត់ស្តីអំពីការប្រៀនប្រដៅដល់កសិករ: កូនអើយ រកស៊ី កកាយធរណី ប្រពៃ កន្លង ធ្វើស្រែយកស្រូវ មួយឆ្នាំបីដង …គ្រូក៏សួរសិស្សថា : តើសិស្សដឹងទេ ថានរណាជា អ្នករកស៊ីក កាយធរណី? អាសុនលើកដៃហើយឆ្លើយដោយមិនបាច់គិត : បាទអ្នកគ្រូ អ្នកដែលរកស៊ីកកាយធរណីគឺមាន់។ ថ្ងៃមួយទៀតអ្នក គ្រូពន្យល់ អំពីមេរៀនប្រវត្តិសាស្ត្រអ្នកគ្រូពន្យល់ថា: “នរណាលក់ទឹកលក់ដី ជាតិរបស់ខ្លួនគឺជា មនុស្សក្បត់ នឹងជាតិរបស់ ឯង។ ”អាសុនមកដល់ផ្ទះពេលកំពុងទទួលទាន បាយជួបជុំក្រុមគ្រួសារអាសុន ក៏និយាយ ប្រាប់ឪពុកវាថា: ពុកឯងជាជនក្បត់ជាតិ ឪពុកខឹងយ៉ាងខ្លាំងក៏សួរទៅ អាសុនវិញ “ហេតុអី ឯងនិយាយអញ្ចឹង” ។ អាសុន ឆ្លើយវិញថា: នរណាលក់ទឹកលក់ដីជាជនក្បត់ជាតិហើយខ្ញុំ ឃើញពុកឯងអូស ទឹកលក់ជា រៀងរាល់ថ្ងៃ។” នៅពេលចុងក្រោយឆ្នាំ អាសុនត្រូវបាន ទទួលចំណាត់ថ្នាក់លេខ ៤៥ ក្នុងចំណោម សិស្ស ៤៨ នាក់ ឪពុកមិន សប្បាយចិត្តក៏សួរ អាសុនថា : ហេតុម្តេចក៏ឯងរៀន ខ្សោយម៉្លេះ ? អាសុន ឆ្លើយថា : “គ្រាន់តែបានលេខ ៤៥ អា៣ នាក់ដែលចាញ់ខ្ញុំវាច្រណែនស្ទើរតែស្លាប់ ទៅហើយទំរាំតែ លេខ ១ វិញតើអា ៤៧ នាក់ទៀតវាធ្វើបាប ខ្ញុំយ៉ាងណាទៅ ។

រឿងកំប្លែង៖ មន្ត្រីពន្ធដារ

បុរសម្នាក់ធ្វើដំណើរទៅផ្សារដោយនាំកូនប្រុសអាយុ១០ឆ្នាំទៅជាមួយផង។ កុមារនោះ ដើរបណ្តើរលេងល្បែងបោះសេន ឡើងលើហើយហាមាត់ត្រងនិងខាំជាប់ ប្រឡោះធ្មេញ បណ្តើរ,សេនមិនដែលធ្លាក់ហួស ធ្មេញចុះដល់បំពង់កម្តងណាឡើយ។ភាពប៉ិនប្រសប់ នេះធ្វើឱ្យវាមានមោទនភាពគិតតែលេង ដដែលៗ នៅពេលឃើញអ្នកផងសរសើរវា ។ ប៉ុន្តែលុះចូលក្នុងផ្សារមនុស្សច្រើន ស្រាប់តែមានគេប៉ះខ្លួនវា ធ្វើឱ្យវាបាត់ជំហរសេន ក៏ធ្លាក់ចុះជាប់ បំពង់ក ប្រកាច់បញ្ឈរភ្នែក។ បុរសជាឪពុកភ័យស្ទើរលែងសល់ព្រលឹងក្នុងខ្លួន ស្រែកហៅគេឯងឱ្យ ជួយសង្គ្រោះកូនប្រុសខ្លួន ។ នៅក្នុងផ្ទះលក់កាហ្វេខាង ណោះផ្លូវ បុរសចំណាស់ម្នាក់កំពុងផឹកកាហ្វេបណ្តើរ មើលកាសែតបណ្តើរ។ ពេលឮ សម្រែកភ័យស្លន់គាត់យកកាសែតគ្របលើកែវកាហ្វេហើយរត់ឆ្លង ថ្នល់មក។ ភ្លាមនោះ គាត់លូកដៃច្របាច់យ៉ាងខ្លាំង ត្រង់ពោះកុមារ។ តែប៉ុន្មានវិនាទីប៉ុណ្ណោះ កុមាររងគ្រោះ ក្អួតធ្លាក់សេនចេញតាមមាត់វិញ។គាត់លូកដៃយកសេនហុចឱ្យឪពុកវាហើយដើរឆ្លង ថ្នល់ទៅបន្ត ផឹកកាហ្វេអាន កាសែតធ្វើព្រងើយ។ បុរសជាឪពុកបន្ទាប់ពី បាត់តក់ស្លុត ម្នីម្នារត់ឆ្លងថ្នល់ទៅថ្លែងអំណរគុណអ្នកជួយសង្គ្រោះជីវិតកូនរបស់ខ្លួន ៖
-លោកពិតជាអស្ចារ្យណាស់, អម្បាញ់មិញបើគ្មានលោកទេកូនប្រុសខ្ញុំប្រហែលស្លាប់ ហើយ។ សូមលោកទទួលនូវ ការអរគុណពីខ្ញុំ…
-ម៉េចចាំបាច់ធ្វើអ៊ីចឹង? រឿងតូចតាចតើ!
-អនុញ្ញាតឱ្យខ្ញុំសុំសួរបន្តិច, លោកជាវេជ្ជបណ្ឌិតឯកទេសវះកាត់មែនទេ?
-វេជ្ជបណ្ឌិតឯកទេសអី, ខ្ញុំគ្រាន់តែជាមន្ត្រីពន្ធដារកំប៉ិកកំប៉ុកប្រចាំផ្សារនេះប៉ុណ្ណោះ ។
-មន្ត្រីពន្ធដារ?
-ត្រូវហើយ! បើមិនចេះរបៀបច្របាច់ឱ្យចេញក្អួតដូចអម្បាញ់មិញទេ ធ្វើមន្ត្រីពន្ធដារម៉េចកើត ?