Friday, October 31, 2014

រឿងកំប្លែង៖ មន្ត្រីពន្ធដារ

បុរសម្នាក់ធ្វើដំណើរទៅផ្សារដោយនាំកូនប្រុសអាយុ១០ឆ្នាំទៅជាមួយផង។ កុមារនោះ ដើរបណ្តើរលេងល្បែងបោះសេន ឡើងលើហើយហាមាត់ត្រងនិងខាំជាប់ ប្រឡោះធ្មេញ បណ្តើរ,សេនមិនដែលធ្លាក់ហួស ធ្មេញចុះដល់បំពង់កម្តងណាឡើយ។ភាពប៉ិនប្រសប់ នេះធ្វើឱ្យវាមានមោទនភាពគិតតែលេង ដដែលៗ នៅពេលឃើញអ្នកផងសរសើរវា ។ ប៉ុន្តែលុះចូលក្នុងផ្សារមនុស្សច្រើន ស្រាប់តែមានគេប៉ះខ្លួនវា ធ្វើឱ្យវាបាត់ជំហរសេន ក៏ធ្លាក់ចុះជាប់ បំពង់ក ប្រកាច់បញ្ឈរភ្នែក។ បុរសជាឪពុកភ័យស្ទើរលែងសល់ព្រលឹងក្នុងខ្លួន ស្រែកហៅគេឯងឱ្យ ជួយសង្គ្រោះកូនប្រុសខ្លួន ។ នៅក្នុងផ្ទះលក់កាហ្វេខាង ណោះផ្លូវ បុរសចំណាស់ម្នាក់កំពុងផឹកកាហ្វេបណ្តើរ មើលកាសែតបណ្តើរ។ ពេលឮ សម្រែកភ័យស្លន់គាត់យកកាសែតគ្របលើកែវកាហ្វេហើយរត់ឆ្លង ថ្នល់មក។ ភ្លាមនោះ គាត់លូកដៃច្របាច់យ៉ាងខ្លាំង ត្រង់ពោះកុមារ។ តែប៉ុន្មានវិនាទីប៉ុណ្ណោះ កុមាររងគ្រោះ ក្អួតធ្លាក់សេនចេញតាមមាត់វិញ។គាត់លូកដៃយកសេនហុចឱ្យឪពុកវាហើយដើរឆ្លង ថ្នល់ទៅបន្ត ផឹកកាហ្វេអាន កាសែតធ្វើព្រងើយ។ បុរសជាឪពុកបន្ទាប់ពី បាត់តក់ស្លុត ម្នីម្នារត់ឆ្លងថ្នល់ទៅថ្លែងអំណរគុណអ្នកជួយសង្គ្រោះជីវិតកូនរបស់ខ្លួន ៖
-លោកពិតជាអស្ចារ្យណាស់, អម្បាញ់មិញបើគ្មានលោកទេកូនប្រុសខ្ញុំប្រហែលស្លាប់ ហើយ។ សូមលោកទទួលនូវ ការអរគុណពីខ្ញុំ…
-ម៉េចចាំបាច់ធ្វើអ៊ីចឹង? រឿងតូចតាចតើ!
-អនុញ្ញាតឱ្យខ្ញុំសុំសួរបន្តិច, លោកជាវេជ្ជបណ្ឌិតឯកទេសវះកាត់មែនទេ?
-វេជ្ជបណ្ឌិតឯកទេសអី, ខ្ញុំគ្រាន់តែជាមន្ត្រីពន្ធដារកំប៉ិកកំប៉ុកប្រចាំផ្សារនេះប៉ុណ្ណោះ ។
-មន្ត្រីពន្ធដារ?
-ត្រូវហើយ! បើមិនចេះរបៀបច្របាច់ឱ្យចេញក្អួតដូចអម្បាញ់មិញទេ ធ្វើមន្ត្រីពន្ធដារម៉េចកើត ?

No comments:

Post a Comment