និទាន១ថា៖ មានបុរសប្ដីប្រពន្ធ មានកូនប្រុសមួយ កូននោះអាយុបាន១២ឆ្នាំ មាតាស្លាប់ទៅ នៅតែឪពុក
ពោះម៉ាយ ។ ឪពុកក៏ធ្វើរបរលក់ដូរតែពីរនាក់នឹងកូន លក់មិនដាច់រឹតតែក្រទៅៗ ក្រោយមក ឪពុកអនិច្ចកម្ម
ទៅទៀត នៅតែកូនម្នាក់ឯងរក្សាផ្ទះសម្បែង ។ ឪពុកស្លាប់ទៅបាន៥ថ្ងៃ ក៏មកពន្យល់សប្តិថា «កូនឯងក្រ
លំបាកណាស់ យើងជាឪពុកគ្មានរបស់អ្វីនឹងឱ្យទេ ដូច្នេះឱ្យកូនទៅជីកក្ដាមនៅក្រោមខ្ទមអ្នកតា នាទិសឦសាន
ផ្ទះយើង យកទៅលក់ចិញ្ចឹមជីវិតរៀងរាល់ថ្ងៃចុះ វេលាព្រឹក ថ្ងៃរះឡើងកាលណា ឱ្យកូនទៅជីកយករាល់ថ្ងៃកុំខាន»
។
លុះភ្លឺច្បាស់ កូននោះភ្ញាក់ឡើង ចាំជាក់នូវនិមិត្តសព្វគ្រប់ ក៏ចាប់យកចបដើរតម្រង់ទៅខ្ទមអ្នកតា ជីក
ទៅឃើញក្ដាមមួយប្រាកដមែន រួចយកក្ដាមនោះទៅលក់ឱ្យអ្នកផ្សារៗ ក៏ទិញយក ។ បុរសនោះបានប្រាក់ហើយ
ត្រឡប់មកវិញ ។
ថ្ងៃក្រោយវេលាព្រឹក បុរសទៅជីកក្ដាមនៅកន្លែងដដែលនោះ បានក្ដាមមួយយកទៅលក់ឱ្យអ្នកផ្សារ គេក៏
ទិញយកទៅទៀត ។ បុរសនោះត្រឡប់មកផ្ទះវិញ ។
នៅទីនោះ មានមហាសេដ្ឋីម្នាក់ មានកូនស្រីក្រមុំច្រើន កូនស្រីបងៗទាំងប៉ុន្មាន មហាសដ្ឋីរៀបឱ្យមានប្ដី
អស់ នៅតែកូនស្រីពៅម្នាក់ ឈ្មោះនាងពៅប្រកែកមិនព្រមយកប្ដី សូម្បីមហាសេដ្ឋីជាឪពុកម្ដាយ បង្ខំឱ្យមានប្ដី
ម្ដេចម្ដា ក៏នាងមិនព្រម ។
រីឯបុរសនោះ លុះថ្ងៃក្រោយ ទៅជីកក្ដាមនៅទីកន្លែងដដែល បានមួយទៀត ហើយកាន់យកទៅលក់ ។ នាង
ពៅ កូនក្រមុំមហាសេដ្ឋីបានឃើញ ក៏ហៅមកសួរថា «អ្នកកំលោះ យួរក្ដាមទៅណា ?» ។ បុរសនោះជម្រាបថា
«ខ្ញុំយកទៅលក់» ។ នាងពៅក៏ទិញយក ហើយនាងប្រាប់ថា «ពីថ្ងៃនេះទៅ បើអ្នកបានក្ដាម កុំលក់ឱ្យអ្នកណា
ត្រូវអ្នកយកមកលក់ឱ្យខ្ញុំ រាល់ថ្ងៃកុំខាន» ។ ដែលទៅជាយ៉ាងនេះ ដោយនាងនោះ មានចិត្តប្រតិពទ្ធនឹងបុរស
នោះណាស់ តែអ្នកនោះមិនដឹងខ្លួនទេ ។ បុរសនោះ បានប្រាក់ហើយត្រឡប់មកផ្ទះវិញ ។ ថ្ងៃក្រោយបុរសនោះ
ទៅជីកក្ដាមនៅទីកន្លែងដដែលបានទៀត រួចយកមកលក់ឱ្យតែនាងពៅនោះរាល់ៗថ្ងៃ ។ នាងពៅក៏
ចេះតែទទួលទិញយកក្ដាមមិនដែលខាន ហើយមានចិត្តរឹតតែស្រឡាញ់បុរសនោះខ្លាំងឡើង ក៏ធ្វើឫកពាកិរិយាឱ្យ
បុរសនោះដឹង ។ បុរសនោះដឹងជាក់ថា «នាងនោះស្រឡាញ់ខ្លួនប្រាកដ» តែដោយពិចារណាថា សព្វថ្ងៃនេះខ្លួន
ជាអ្នកក្រីក្រលំបាកណាស់ ហើយកំព្រាផង ក៏មិនហ៊ាននិយាយថាម្ដេចឡើយ ។
ចំណែកបងស្រីៗប៉ុន្មាននាក់ បានឃើញនាងពៅជាប្អូន ធ្វើឫកពាកិរិយាស្រឡាញ់បុរសលក់ក្ដាមនោះពន់
ពេក ក៏នាំគ្នាទៅជម្រាបមហាសេដ្ឋី ជាមាតាបិតា «នាងពៅជាប្អូន ធ្វើឫកពាស្រឡាញ់បុរសជីកក្ដាម
នោះក្រៃពេក បុរសនោះបានក្ដាមយកមកលក់ឱ្យតែនាងពៅ ឯនាងពៅចេះតែទទួលទិញរាល់តែថ្ងៃ រួច
ធ្វើឫកពាកិរិយាស្រឡាញ់បុរសនោះណាស់ ទោះបីខ្ញុំទាំងអស់គ្នា និយាយទូន្មានដូចម្ដេច ក៏មិនស្ដាប់មិនតាម រឹត
តែធ្វើខ្លាំង» ។ សេដ្ឋីជាបិតាមាតា ឮដូច្នោះខឹងច្រឡោតឱ្យហៅនាងពៅមក ជេរបន្ទោស ត្មះតិះដៀលថា «ហង
នេះ ជាមនុស្សរឹងត្អឹងទទឹងនឹងចិត្តមាតាបិតា អញឱ្យមានប្ដី ទៅមនុស្សមានទ្រព្យសម្បត្តិ ហងឯងប្រកែកមិន
ព្រមយក ឥឡូវហងស្រឡាញ់អាមនុស្សកម្សត់លក់តែក្ដាមវិញ ហងឯងនេះអាក្រក់ណាស់ ចុះចេញពីផ្ទះអញឱ្យឆាប់
ទៅយកអាកម្សត់លក់ក្ដាមនោះចុះ ចាប់ពីថ្ងៃនេះទៅហងឯង កុំមកឡើងផ្ទះអញ សូម្បីតែក្នុងភូមិក៏ចូលមិន
បាន អញកាត់ចោលហើយ» ។ ចំណែកមាតាកាត់ចិត្តមិនដាច់ពីកូនពៅ ក៏លបវេចរបស់ស្រាលៗ ដែលមាន
តម្លៃ ឱ្យនាងពៅជាកូន ។ នាងពៅក៏សំពះលាមាតាយកបង្វេចដែលមាតាឱ្យនោះ ចុះចេញពីផ្ទះ សំដៅទៅផ្ទះបុរស
លក់ក្ដាម និយាយពីរឿងដែលបិតាខឹងបណ្ដេញសព្វគ្រប់ ប្រាប់បុរសនោះៗ បានស្ដាប់ហើយ ឆ្លើយតបថា «សព្វថ្ងៃ
ខ្លួនខ្ញុំនេះ ក្រីក្រជាទីបំផុត ហើយកំព្រាតែម្នាក់ឯងផង នាងត្រឡប់ទៅវិញចុះខ្ញុំមិនហ៊ានទទួលយកនាងទេ ខ្ញុំ
ខ្លាចមហាសេដ្ឋីជាបិតានាងចាប់ទោស យកខ្ញុំទៅសម្លាប់» ។ នាងពៅតបថា «ខ្ញុំមិនទៅវិញទេ ស៊ូស្លាប់នឹង
អ្នកហើយ!»។ បុរសនោះសួរថា «បើដូច្នេះ យើងគិតដូចម្ដេច ?» ។ នាងពៅឆ្លើយថា «បើអ្នកគិតឃើញយ៉ាង
ណា ខ្ញុំទទួលធ្វើតាមយ៉ាងនោះទាំងអស់» ។
បុរសនោះ នាំនាងពៅចេញចោលផ្ទះ ទៅនៅស្រុកក្រៅ ហើយធ្វើផ្ទះ១ខ្នងសម្រាប់ លុះព្រឹកឡើងមកជីកក្ដាម
នៅទីដដែល យកទៅលក់ដូចថ្ងៃមុនទៀត បានប្រាក់ហើយទិញវត្ថុផ្សេងៗផ្ញើប្រពន្ធ ហើយប្រព្រឹត្តយ៉ាង
នេះជាច្រើនថ្ងៃ ។ ហេតុតែជាស្រីគ្រប់លក្ខណ៍ នាងពៅនោះ ក៏ប្រណិប័តន៍ប្ដីមិនឱ្យទាស់ចិត្ត វេលាយប់ចូលដំណេក
នាងពៅនិយាយនឹងប្ដីថា «ខ្ញុំសូមចិត្តប្ដី ! តាំងពីថ្ងៃនេះតទៅ សូមអ្នកកុំទៅជីកក្ដាមទៀតឡើយ ព្រោះប្រាក់
កាសយើងមានច្រើនហើយ បើអ្នកចង់ទិញរបស់អ្វីៗ ក៏ទិញតាមចិត្តអ្នកចុះ ។ ប្ដីមិនព្រមតាម ។
លុះព្រឹកឡើង ប្ដីកាន់ចបទៅជីកក្ដាមទៀត ។ ប្រពន្ធឃើញដូច្នោះក៏លបដើរតាមទៅមើលដល់ទីកន្លែង ឱ្យ
ឃើញច្បាស់មិនឱ្យដឹង លុះឃើញច្បាស់ហើយក៏ត្រឡប់មកផ្ទះវិញ ។ ចំណែកប្ដីជីកបានក្ដាមហើយយកទៅលក់ រួច
ទិញម្ហូបចំណីផ្ញើប្រពន្ធ ។
ថ្ងៃក្រោយ ប្ដីទៅកាប់អុសក្នុងព្រៃឆ្ងាយ នាងពៅបានឃើញប្ដីទៅរកអុស ក៏កាន់ចបទៅជីករំលើង នៅទី
កន្លែងដែលប្ដីជីកក្ដាមនោះអស់ រួចត្រឡប់មកផ្ទះដាំបាយធ្វើម្ហូបចំណីទុកឱ្យប្ដីបរិភោគ ថ្ងៃល្ងាចត្រជាក់ ប្ដីមក
ពីព្រៃ ក៏បរិភោគបាយជាមួយគ្នា ។
លុះព្រឹកឡើង ប្ដីកាន់ចបទៅជីកក្ដាមទៀត ឃើញទីកន្លែងដីនោះធ្លុះធ្លាយរលើងរលុះខ្ចាត់ខ្ចាយអស់ ហើយ
បានឃើញសម្បកក្ដាមមួយធំប្លែកស្ងួតស្អាត ដូចជាហាលថ្ងៃយូរហើយ អ្នកនោះក៏កាន់សម្បកក្ដាមយកមកទុក
ក្រោមផ្ទះ មិនបានប្រាប់ភរិយាឱ្យដឹងទេ ភរិយាក៏សួរប្ដីថាដូចម្ដេចឡើយ ។ ដល់វេលាយប់ចូលដំណេកនាង
ពៅកាន់ប្រាក់របូតពីដៃជ្រុះមួយណែនទៅក្រោមផ្ទះ ធ្លាក់ទៅលើសម្បកក្ដាមនោះ នាងមិនហ៊ានប្រាប់ឱ្យប្ដីដឹង
ដោយគិតថា «ចាំព្រឹកភ្លឺច្បាស់ឡើង សឹមចុះទៅយកប្រាក់មកទុកវិញ» ។ លុះព្រឹកឡើង នាងចុះពីផ្ទះទៅយក
ប្រាក់មួយណែនដែលធ្លាក់នោះ ស្រាប់តែឃើញប្រាក់ណែនពេញសម្បកក្ដាម នាងអរណាស់ យកមកឱ្យប្ដីៗសួរថា
«នាងបានប្រាក់ពីណាច្រើនម្ល៉េះ ?» ។ នាងពៅជម្រាបប្ដីថា «កាលពីយប់មិញ ខ្ញុំកាន់ប្រាក់ដើម្បីយក
ទៅទុកខាងក្នុង ក៏របូតមួយណែនពីដៃ ធ្លាក់ទៅក្រោមផ្ទះ ខ្ញុំពុំបានចុះទៅយក ពីព្រោះគិតឃើញថា
«ផ្ទះនៅឆ្ងាយពីគេ គ្មាននរណាដឹងឬឃើញ ចាំព្រឹកភ្លឺច្បាស់សឹមចុះទៅយកមកទុក ខ្ញុំចុះទៅយកស្រាប់តែឃើញ
ប្រាក់ណែនពេញសម្បកក្ដាម ខ្ញុំក៏យកមកជូនអ្នក» ។ ប្ដីមានអំណរពន់ប្រមាណ ហើយនិយាយប្រាប់ប្រពន្ធថា
«ពីថ្ងៃនេះតទៅ បងឈប់ជីកក្ដាមហើយ» ។ ប្រពន្ធអរណាស់ រាល់តែវេលាយប់ អ្នកទាំងពីរនាក់ប្ដីប្រពន្ធនាំ
គ្នាទម្លាក់ប្រាក់ទៅចំសម្បកក្ដាមធំ ព្រឹកឡើងចុះទៅមើល ឃើញប្រាក់ពេញសម្បកក្ដាមនោះ ក៏យកមកទុករៀង
រាល់ថ្ងៃ ទើបទម្លាក់ប្រាក់រៀល ព្រឹកឡើងឃើញប្រាក់រៀល ទើបទម្លាក់ប្រាក់ណែន ព្រឹកឡើងឃើញប្រាក់ណែន ទើប
ទម្លាក់គ្រឿងមាសពេជ្រ ព្រឹកឡើងឃើញគ្រឿងមាសពេជ្រ ពេញសម្បកក្ដាម ។ អ្នកទាំងពីរប្រព្រឹត្តយ៉ាងនេះចំនួន
មួយឆ្នាំមានប្រាក់មាស និងគ្រឿងប្រដាប់ប្រើប្រាស់ ច្រើនណាស់រាប់មិនអស់ ទើបប្រឹក្សាគ្នាថា «យើងមាន
ប្រាក់មាស និងគ្រឿងប្រដាប់ច្រើនម្ល៉េះ តើយើងបានអ្វីនឹងទុករបស់ទាំងអស់នេះ ?» លុះគិតឃើញ ក៏នាំ
គ្នាយកប្រាក់ និងគ្រឿងមាសពេជ្រទាំងអស់ទៅជីកកប់ទុកច្រើនអន្លើ ។
ក្រោយពីនោះមក ទាំងពីរនាក់ប្ដីប្រពន្ធ នាំគ្នាទៅសួរមហាសេដ្ឋីជាមាតាបិតា ទៅដល់បងស្រីទាំងអស់បាន
ឃើញជេរថា «មេចោរចង្រៃឯង នាំប្ដីកម្សត់លក់តែក្ដាមមករកអ្វី ? ហងឯងបានឮឬទេ លោកឪពុកបណ្ដេញ
កាត់កាល់ចោលហើយ សូម្បីតែក្នុងភូមិ ក៏លោកហាមមិនឱ្យចូលដែរ ? មេចង្រៃឯង ចេញពីភូមិឱ្យឆាប់» ។
នាងពៅឆ្លើយថា «បងទាំងអស់ កុំមើលងាយខ្ញុំៗមកនេះដើម្បីសួរមាតាបិតាព្រោះលោកមានគុណលើខ្ញុំៗ មិន
មកសុំទ្រព្យសម្បត្តិលោកទេ សម្បត្តិបងឯងទាំងអស់ ក៏ខ្ញុំមិនសុំដែរ ខ្ញុំមើលទៅទ្រព្យសម្បត្តិបងទាំងអស់ មាន
ប៉ុណ្ណោះ ខ្ញុំមិនកោត មិនព្រឺឡើយ សូម្បីតែរោមជើងខ្ញុំ ក៏វាមិនព្រឺផង» ។
បងទាំងអស់ខឹងណាស់ ជេរប្រទេសចថា «ហងឯងនេះអួតណាស់ អញមិនជឿទេ» ។ នាងពៅថា
«បើមិនជឿ ភ្នាល់គ្នាចុះ» ។ បងទាំងនោះថា «ភ្នាល់ដូចម្ដេច?» ។ នាងពៅថា «ឱ្យបងទាំងអស់ រាប់ប្រាក់
ខ្ញុំមើល ឱ្យអស់ក្នុងមួយថ្ងៃ បើរាប់អស់ ខ្ញុំបែងចែកឱ្យរាល់គ្នា បើរាប់មិនអស់ ខ្ញុំមិនឱ្យទេ តែខ្ញុំយល់ថា កុំ
ថាឡើយរាប់មួយថ្ងៃ ទោះជារាប់ពីរឬបីថ្ងៃ ក៏មិនអស់ដែរ» ។ បងទាំងនោះឆ្លើយថា «អញព្រមទៅរាប់ តែហងកុំ
កុហក អញវាយហងសម្លាប់» ។ នាងពៅប្រាប់ថា «តាមចិត្ត» ។ បងៗនាំគ្នាទៅរាប់ប្រាក់នាងពៅ រាប់តាំង
ពីព្រឹកទល់ល្ងាចក៏មិនអស់ នាំគ្នាត្រឡប់មកផ្ទះវិញជម្រាបសេដ្ឋីជាមាតាបិតាថា «នាងពៅជាប្អូនវាអួតថាខ្លួន
វាមានប្រាក់ច្រើន ខ្ញុំទាំងអស់គ្នាមិនជឿ ហើយវាថាបើមិនជឿ ឱ្យទៅមើលឯផ្ទះវាចុះ ខ្ញុំទាំងអស់គ្នាក៏ទៅមើល
ឃើញវាមានប្រាក់ច្រើនមែន ក៏ភ្នាល់នឹងវាៗថា បើខ្ញុំទាំងអស់គ្នា រាប់ប្រាក់វាអស់ក្នុងមួយថ្ងៃ វានឹងឱ្យខ្ញុំយក
ចែកគ្នាចុះ បើរាប់មិនអស់ វាមិនឱ្យទេ ទោះខ្ញុំទាំងស់គ្នា ចាប់រាប់តាំងពីព្រឹកទាល់ល្ងាច ក៏មិនអស់ប្រាក់វា បាន
ជាត្រឡប់មកជម្រាបមាតាបិតាសូមជ្រាប» ។ មហាសេដ្ឋីបានស្ដាប់ ក៏ចាត់ក្រមការឱ្យទៅមើលប្រាក់នាង
ពៅឱ្យជាក់ច្បាស់ ។ នាងពៅក៏នាំទៅមើលគ្រប់កន្លែង ។ ក្រមការទាំងនោះបានឃើញប្រាក់នាងពៅ មានច្រើន
ប្រាកដមែន ក៏ត្រឡប់មកជម្រាបមហាសេដ្ឋីតាមដំណើរសព្វគ្រប់ ។ មហាសេដ្ឋីបានជ្រាបមានចិត្តត្រេកអរណាស់
ក៏ចាត់បម្រើឱ្យទៅហៅនាងពៅនិងកូនប្រសាមកប្រាប់ថា «កូនឯងមកនៅជាមួយនឹងមាតាបិតាវិញចុះ»
ទើបមហាសេដ្ឋីបង្គាប់ក្រមការឱ្យកេណ្ឌរទេះក្របីគោជាច្រើន ទៅដឹកជញ្ជូនប្រាក់និងទ្រព្យសម្បត្តិនាងពៅ យក
មកទាំងអស់ ដាក់លើផ្ទះពាសពេញល្វែង ។ មហាសេដ្ឋីឃើញប្រាក់នាងពៅច្រើនមែន មានអំណរពន់ប្រមាណ ក៏
សរសើរថា «កូនអញនេះ ពេញជាមានបុណ្យ អំណឹះតទៅកូនទាំងពីរនឹងបានធ្វើជាសេដ្ឋីតំណវង្សពុំខាន ឯការណ៍
ដែលបិតាខឹងបណ្ដេញកូននោះ អ្នកកុំប្រកាន់ខឹងនឹងបិតា» ។ នាងពៅនិងប្ដីក៏នៅផ្ទះជាមួយ
មាតាបិតាដូចដើមវិញ ។ ចំណែកបងស្រីទាំងប៉ុន្មានក៏កោតខ្លាចនាងពៅ និងប្អូនថ្លៃនោះណាស់ ។ លុះមហាសេដ្ឋី
ជាបិតាទទួលមរណភាពទៅវេលាណា ប្ដីនោះនិងនាងពៅភរិយា ក៏បានឡើងធ្វើជាសេដ្ឋីជំនួសបិតាតទៅ ។
ឈើពុក កុំដាក់គូទអង្គុយ
No comments:
Post a Comment