មានរឿងនិទានមួយថា អណ្ដើកនិងស្វា វាសុំធ្វើដន្លងគ្នា តែគ្មានកូនចៅទៅចងពន្ធអ្វីទេ គ្រាន់តែនិយាយថា
សុំគ្នាធ្វើដន្លង ។ សត្វទាំងពីរ ស្រឡាញ់រាប់អានគ្នា ដូចដន្លងអ្នកទាំងពួងនោះដែរ ។ លុះចំណេរយូរទៅ ដន្លងខាង
ស្វានោះ គេមានកូនត្រូវរៀបការ គេហៅភ្ញៀវពួកស្វា សន្មតថ្ងៃនឹងស៊ីការ ទើបនឹកឃើញអណ្ដើកជាដន្លងថា
«យើងការកូននេះ ហៅភ្ញៀវអស់ហើយ នៅតែអណ្ដើកជាដន្លង មិនទាន់បានទៅប្រាប់ឥឡូវ ជិតថ្ងៃការណាស់
ទៅហើយ បើដូច្នោះឱ្យបម្រើទៅអញ្ជើញគាត់ផង បំណាច់យើងរាប់អានគ្នា យូរឆ្នាំណាស់មកហើយ» គិតហើយក៏
ចាត់បម្រើឱ្យទៅអញ្ជើញ ។ ថ្ងៃដែលគេប្រជុំញាតិស៊ីការនោះ អណ្ដើកក៏ទៅដល់ដែរ តែនឹងឡើងទៅស៊ីផឹកនឹង
គេមិនរួច ។ ពួកស្វាបានឃើញ ក៏ទៅប្រាប់ដន្លងស្វាថា «ដ្បិតដន្លងអណ្ដើកមកដល់ហើយ នៅឯក្រោមដើម
ឈើ» ។ ដន្លងស្វាចុះមក ឃើញអណ្ដើកក៏ប្រាប់ថាដន្លងឯង ឡើងមិនរួចនឹងគេ មានតែដន្លងឯងខាំវល្លិ
នេះចុះ យើងនឹងស្រាវឡើង ប៉ុន្តែបើមិនទាន់ដល់ទៅកន្លែងដែលយើងអង្គុយទេ ដន្លងឯងកុំនិយាយឱ្យសោះ
ទោះបីឃើញអ្វី ឬគេថាអ្វីក៏ដោយ តែនិយាយធ្លាក់មកស្លាប់ហើយ ។ អណ្ដើកទទួលបណ្ដាំដន្លងនោះសព្វគ្រប់ហើយ
ក៏ទទួលខាំវល្លិ ។ ពួកស្វាទាំងប៉ុន្មាន ក៏ស្រាវវល្លិនោះឡើង នាំអណ្ដើកទៅឯថ្នាក់លើ ។
លុះទៅជិតដល់កន្លែង ដែលគេនឹងដាក់នោះ ជួនជាដន្លងស្រីស្វា ឃើញអណ្ដើក ក៏សួរដោយរាប់អានថា
«ដន្លង! សុខសប្បាយទេឬ ?» ។ អណ្ដើកភ្លេចពាក្យបណ្ដាំ ហាមាត់ស្ដីទៅនឹងដន្លង ក៏របូតមាត់ធ្លាក់ខ្លួនដល់
ដីបែកស្នូកដូចគេបោកនឹងថ្ម ស្លាប់នៅវេលានោះ ខានស៊ីការនោះទៅ ៕
មាត់អណ្ដើក
No comments:
Post a Comment