កាលពីព្រេងនាយមានហោរម្នាក់ជាអ្នកទាយ គន់គូរមើលឆុតណាស់ហោរនោះនៅស្រុកជាមួយនឹងតាចាស់យាយចាស់ ។ មានកាលថ្ងៃមួយ តាចាស់ដូនចាស់គាត់នាំគ្នាទាំងពីរនាក់ទៅនេសាទត្រីនៅបឹងក្បែរភូមិគាត់ ។ ពេលនោះគាត់រុតបានត្រីរ៉ស់១ហើយនិងបានទន្សាយលង់ទឹក១ ដល់ល្ងាចគាត់ត្រឡប់មកផ្ទះវិញគាត់យកទន្សាយគ្របនឹងអង្រុតទុកនៅកណ្តាលច្បារបន្លែខាងមុខផ្ទះគាត់ ត្រីរ៉ស់ គាត់ដាក់ទ្រុងប្រោះទុកក្នុងត្រពាំងនៅជិតច្បារបន្លែគាត់ ក្បែរកន្លែងទុកទន្សាយ ។
ដល់ព្រឹកឡើង តាចាស់យាយចាស់គិតគ្នាថា «យើងទៅរកហោរទាយមើលថាព្រឹកនេះយើងបានម្ហូបអ្វីស៊ី?បើហោរនោះទាយត្រូវសឹមជឿថាពូកែមែន ព្រោះចាប់បានត្រីរ៉ស់ ១ ទន្សាយ១បម្រុងនឹងទុកធ្វើម្ហូបអាហារស៊ីព្រឹកនេះហើយ» ។
ដល់ព្រមព្រៀងគ្នាស្រេចហើយ ក៏ដើរទៅលុះទៅដល់មុខផ្ទះហោរនោះតាចាស់ក៏ស្រែកសួរទៅម្ចាស់ផ្ទះថា «អើអ្នកអើយ! លោកគ្រូនៅៗហ្នឹងឬ? ។ ម្ចាស់ផ្ទះក៏ប្រាប់មកតាចាស់ដូនចាស់ថា «គាត់នៅនេះមានការអ្វី?តាយាយអញ្ជើញចូលមក! » ។
តាចាស់យាយចាស់នោះនាំគ្នាចូលទៅបានបន្តិច ហោរដណ្តឹងសួរមកតាយាយថា«ចុះអញ្ជើញមកនេះ
មានការអ្វី?» ។ តាចាស់យាយចាស់ជម្រាបទៅហោរវិញថា «ខ្ញុំមកនេះ មានការបន្តិច, សូមលោកគ្រូមេត្តាករុណាចុះ» ។ ហោរសួរថា «មានការអ្វី? ចូរថាមកចុះ! » ។ តាចាស់យាយចាស់ថា «ឱលោកគ្រូអើយ!យើងខ្ញុំទាំងពីរនាក់នេះអត់ម្ហូបអាហារទទួលទាន ពីរបីថ្ងៃហើយ, តើព្រឹកនេះនឹងបានអ្វីទទួលទានឬទេ? » ។ហោរចាប់ក្តារឆ្នួនឡើងវាយលេខមើលឱ្យតាយាយ មើលរួចស្រេច ក៏ជម្រាបតាយាយសថា « ព្រឹកនេះតាយាយឯង មុខតែលិទ្ធប្រហុកក្នុងពាង!» ។ តាយាយឮហោរថាដូច្នោះក៏នឹកក្នុងចិត្តថា «ហោរនេះ គ្មានពូកែទេ ទាយផ្តេសផ្តាសសោះ យើងកុំជឿ!» គិតតែប៉ុណ្ណោះក៏នាំគ្នាលាហោរមកផ្ទះវិញហើយយាយក៏ប្រើតាឱ្យទៅចាប់យកត្រីពីទ្រុងទៅធ្វើក្បែរត្រពាំងជិតផ្ទះ តាលូកចាប់ត្រីយកមកក្រៅត្រីវាបម្រះរួច លោតចុះត្រពាំងទៅ ។ តាក៏ស្ទុះទៅយកអង្រុតដែលគ្របទន្សាយមកដេញរុតត្រី ។ ឯទន្សាយនៅក្នុងអង្រុតនោះក៏ផ្អើលរត់បាត់ទៅទៀត ។ យាយមើលពីលើមកឃើញទន្សាយរត់ចូលទៅក្នុងព្រៃ ក៏ស្រែកប្រាប់ថា «តាៗ! ទន្សាយរួចទៅហើយ!» ។ តាប្រាប់ទៅវិញថាឯង សមតែស៊ីប្រហុកក្នុងពាង ដូចគេទាយពីព្រឹកម៉ិញនោះឯង » ។ តាឮយាយថាដូច្នោះ ក៏នឹកឃើញថា«គ្រូទាយឆុតមែន» ដល់ពេលបាយព្រឹកតាមចាស់ដូនចាស់ក៏នាំគ្នាស៊ីប្រហុកក្នុងពាងដូចហោរទាយឱ្យ
នោះឯង ។ ទើបតាចាស់ ដូនចាស់ជឿថា«ហោរចេះដឹងត្រឹមត្រូវតាមក្បួនតម្រាប្រាកដមែន» ។
កុំអានអួតអាត្មា ត្មះតម្រាប្រាជ្ញព្រេងនាយ
(ចុចដើម្បីអានរឿងព្រេង៖ អាប៉ាងនាងតី)
No comments:
Post a Comment