Sunday, November 9, 2014

រឿងព្រេង៖ នាងកែរប្រាំពីរព៌ណ និងវត្តចេតិយ

តាម​ការ​តំណាល​នៃ​ដំណើរ​រឿង​នេះ​មក​ថា ក្នុង​យុគ​សម័យ​មួយ​នៃ​សម័យ​អង្គរ គឺ​ក្នុង​សម័យ​ដែល​កសាប្រាសាទ
អំពី​ឥដ្ឋ និង​ថ្ម​បាយ​ក្រៀម មាន​ស្ដេច​មួយ​អង្គ​ព្រះនាម​ «កងចក្រ» សោយ​រាជ្យសម្បត្តិ​នៅ​រាជធានី​អង្គរ ទ្រង់​មាន​ព្រះរាជបុត្រី​មួយ​ព្រះអង្គ​ព្រះនាម «នាង​កែវ​ប្រាំពីរ​ពណ៌» ។ហេតុ​ដែល​ព្រះនាង​ទ្រង់​មាន​ព្រះនាម​ដូច្នេះ​ពីព្រោះ​ ជា​ការ​ស័ក្តិសម​ទៅ​នឹង​ព្រះរូប​សម្បត្តិ​ដ៏​ល្អ​ឥត​ខ្ចោះ មាន​សម្រប់​លើស​លប់ ប្រែប្រួល​ផ្លាស់​ប្ដូរ​បាន​ប្រាំពីរ​ពណ៌​ក្នុង​មួយ​ថ្ងៃ ព្រះនាង​ទ្រង់​មាន​សម្ផស្ស​ល្អ​ដាច់​គេ​នៅ​ក្នុង​នគរ ។ មាន​ថ្ងៃ​មួយ​នោះ ព្រះនាង​ទ្រង់​បាន​យាង​ទៅ​កំសាន្ត​ព្រៃ ទ្រង់​ក៏​រើស​បាន​ពង​ក្រពើ​មួយ​យ៉ាង​ធំ ខុស​​ប្លែក​ពី​ពង​ក្រពើ​ទាំង​ពួង ព្រះនាង​ទ្រង់​មាន​សេចក្ដី​ត្រេកអរ​យ៉ាង​ខ្លាំង ហើយ​ព្រះនាង​ក៏​យក​ពង​ក្រពើ​នោះ​ទៅ​ភ្ញាស់​ទុក​គ្រាន់​នឹង​ចិញ្ចឹម ។លុះ​ពង​ក្រពើ​នោះ​ញាស់​មក ព្រះនាង​ទ្រង់​សព្វ​ព្រះទ័យ​នឹង​កូន​ក្រពើ​នោះ​ណាស់ ។ ព្រះនាង​បាន​សុំ​ព្រះរាជានុញ្ញាត​ពី​ព្រះវររាជបិតា​ដើម្បី​ធ្វើ​អាង​ចិញ្ចឹម ​ក្រពើ​នោះ​នៅ​ក្នុង​អាង​បារាយណ៍​ទឹក​ថ្លា ត្រង់​កន្លែង​ទី​ទួល​កោះ​ប្រាសាទ​មេបុណ្យ ។ ដោយ​ព្រះនាង​កាន់​តែ​សព្វ​ព្រះហឫទ័យ និង​កូន​ក្រពើ​នោះ ព្រះនាង​ក៏​បាន​ផ្គត់ផ្គង់​ចំណី​អាហារ ចិញ្ចឹម​បីបាច់​ថែរក្សា​កូន​ក្រពើ ដោយ​ស្នា​ព្រះហស្ត​អង្គ​ឯង​ផ្ទាល់ ហើយ​ទ្រង់​បាន​ដាក់​ឈ្មោះ​ឲ្យ​ក្រពើ​នោះ​ថា «អាថុន» ។ពេលវេលា​កន្លង​ផុត​ទៅ​មិន​យូរ​ប៉ុន្មាន អាថុន​ក៏​បាន​រីក​ចម្រើន​ធំធាត់​ជា​លំដាប់​រហូត​ដល់​ទៅ​ណាស់ ធំ​លើស​ក្រពើ​ផង​ទាំង​ពួង ។ អាថុន​ចេះ​ស្គាល់​ និង​មាន​ភក្ដី​ភាព​ចំពោះ​ព្រះនាង​ជា​ម្ចាស់​របស់​វា​ណាស់ ។ វា​តែង​តែ​បង្ហាញ​នូវ​ភាព​ស្លូតបូត​ចំពោះ​ព្រះនាង ធ្វើ​ឲ្យ​ព្រះនាង​កាន់​តែ​ស្និទ្ធស្នាល​ជាមួយ​វា​ជានិច្ច​រហូត​ដល់​ទ្រង់​ ហ៊ាន​យាង​ជិះ​លើ​ក្បាល​វា ធ្វើ​ជា​ព្រះទីនាំង​កំសាន្ត​លើ​ផ្ទៃទឹក​បារាយណ៍​ទៀត​ផង ។លុះ​អំណឹះ​ត​មក អាស្រ័យ​ដោយ​ឥទ្ធិពល​ព្រះរូប​ឆោម​លោម​ពណ៌ និង​សម្ផស្ស​ដ៏​ល្អ​លើស​លប់​របស់​ព្រះនាង ក៏​បាន​ល្បី​ខ្ទរខ្ទារ​រន្ទឺ​សុះសាយ​រហូត​ដល់​នគរ​រាជគ្រឹះ បណ្ដាល​ឲ្យ​រាជបុត្រា​ស្ដេច​ក្រុង​ចិន​សព្វ​ព្រះហឫទ័យ​ចំពោះ​ព្រះនាង​ជា​ ខ្លាំង ។ បន្ទាប់​ពី​បាន​ទទួល​រាជានុញ្ញាត​ពី​ព្រះវររាជ​បិតា មាតា​របស់​ព្រះអង្គ​រួច​ហើយ នគរ​រាជគ្រឹះ​ក៏​បាន​រៀបចំ​ជា​ក្បួន​នាំ​ជំនូន​យ៉ាង​គគ្រឹក​គគ្រេង ចូល​មក​ចង​ស្ពាន​មាន​មេត្រី​ស្ដី​ដណ្ដឹង​យក​ព្រះនាង​កែវ​ប្រាំពីរ​ពណ៌ ដើម្បី​ធ្វើ​ជា​ព្រះរាជ​អគ្គមហេសី ។
ចំណែក​ឯ​ព្រះបាទ​កងចក្រ ក៏​ទ្រង់​ព្រះរាជានុញ្ញាត​យល់​ព្រម ដើម្បី​រៀប​អភិសេក​ព្រះរាជបុត្រី​នាង​កែវ​ប្រាំពីរ​ពណ៌ ថ្វាយ​ទៅ​ព្រះរាជ​បុត្រា​ស្ដេច​ក្រុង​ចិន ទៅ​តាម​ប្រពៃណី​ទំនៀម​ទម្លាប់​បរម​បុរាណ​ខ្មែរ​យើង​នា​សម័យ​កាល​នោះ ។ព្រះនាង​កែវ​ប្រាំពីរ​ពណ៌ ក្រោយ​ពី​ទ្រង់​បាន​ដឹង​ថា ព្រះនាង​នឹង​ត្រូវ​បាន​ព្រះស្វាមី ហើយ​នឹង​ត្រូវ​ឃ្លាត​ឆ្ងាយ​ពី​អ្វីៗ​នៅ​ក្នុង​ព្រះរាជនគរ ទៅ​គង់​នៅ​នគរ​រាជគ្រឹះ ដែល​ជា​នគរ​ព្រះស្វាមី ព្រះនាង​ក៏​ទ្រង់​ព្រួយ​ព្រះហឫទ័យ នឹក​សោក​ស្ដាយ​អាលោះ​អាល័យ​អាថុន ជា​ខ្លាំង​ពន់​ពេក​ណាស់ ។ នៅ​ថ្ងៃ​មួយ​នោះ នា​ព្រឹក​ព្រាង​ស្វាង​អរុណោទ័យ ព្រះនាង​ទ្រង់​បាន​ទូល​សុំ​ព្រះរាជ​បិតា ដើម្បី​យក​ចំណី​អាហារ​ទៅ​ឲ្យ​អាថុន​ជា​លើក​ចុង​ក្រោយ ។ ព្រះបាទ​កងចក្រ​ក៏​បាន​រាជានុញ្ញាត​ចំពោះ​រាជបុត្រី​ដូច​កាល​សព្វ​ដង ។ ព្រះនាង​ទ្រង់​បាន​នាំ​ភីលៀង និង​ស្រីស្នំ​ក្រមការ នាំ​ទាំង​ចំណី​អាហារ​ពេញ​បរិបូណ៌​យក​ទៅ​ឲ្យ​អាថុន ។ពេល​ដែល​បាន​ជួប​នឹង​សត្វ​ជា​ទី​ស្រលាញ់​ពេញ​ហឫទ័យ​ របស់​ព្រះនាង​ហើយ ទន្ទឹម​គ្នា​នឹង​ឲ្យ​ចំណី​អាហារ​វា​បណ្ដើរ ព្រះនាង​ក៏​ទ្រង់​មាន​ព្រះឱស្ឋ​ទៅ​កាន់​វា​បណ្ដើរ​​ថា «អាថុន ​អើយ​អាថុន នជ​គឺ​ជា​លើក​ចុង​ក្រោយ​ហើយ​ដែល​យើង​បាន​ជួប​ឯង ។ ចាប់​ពី​ពេល​នេះ​ត​ទៅ យើង​នឹង​ត្រូវ​ឃ្លាត​ឆ្ងាយ​ពី​ឯង​ហើយ ពីព្រោះ​យើង​ត្រូវ​ព្រះវរ​រាជបិតា​ទ្រង់​ព្រះរាជានុញ្ញាត​ឲ្យ​មាន​ ព្រះស្វាមី​ដែល​ជា​ព្រះរាជបុត្រា​នគរ​ស្ដេច​ក្រុង​ចិន ។ ពេល​រៀប​អភិសេក​ហើយ យើង​យាង​ទៅ​ជាមួយ​ព្រះស្វាមី​នៅ​ឯ​នគរ​រាជគ្រឹះ​ឯណោះ ។ យើង​ហាក់​ដូច​ជា​មិន​ដាច់​ព្រះទ័យ​ពី​ឯង​សោះ ហាក់​បី​ដូច​ជា​នៅ​អាឡោះ​អាល័យ​ឯង​ខ្លាំង​ណាស់ ។ តែ​ណ្ហើយ​ចុះ ! សូម​ឯង​នៅ​ឲ្យ​បាន​សុខ យើង​សូម​លា​សិន​ហើយ យើង​នឹង​ត្រូវ​បែក​គ្នា មិន​ដឹង​ជា​ថ្ងៃ​ណា​បាន​ជួប​គ្នា​ទៀត​ទេ» ។ចំណែក ​ឯ​អាថុន ពេល​ដែល​បាន​ស្ដាប់​ឮ​បន្ទូល​ព្រះនាង​ដូច្នោះ វា​ក៏​កាន់​តែ​រំកិល​ខ្លួន​ទៅ​ជិត​កៀក​នឹង​ព្រះនាង ហាក់​បី​ដូច​ជា​ចង់​បង្ហាញ​ថា វា​សូម​ទ្រង់​យាង​ព្រះនាង​ឡើង​គង់​លើ​ក្បាល​វា ធ្វើ​ជា​ព្រះរាជ​ទីនាំង​ដើម្បី​លំហេ​កំសាន្ត​លើ​ផ្ទៃ​គង្គា​នា​អាង​បារាយណ៍​ ទឹកថ្លា​នោះ ។បន្ទាប់​ពី​ ទ្រង់​បាន​ទត​យល់​អំពី​របៀប​បែប​បទ​របស់​អាថុន ដែល​ហាក់​បី​ដូចជា​ចង់​បង្ហាញ​ថា អាថុន​ក៏​មានស្វាមី​ភក្ដិ និង​ក្ដី​អាឡោះ​អាល័យ​ចំពោះ​ព្រះនាង​ជា​ម្ចាស់​ណាស់​ដែរ ព្រះនាង​ក៏​សព្វ​ព្រះទ័យ​ទ្រង់​យាង​គង់​លើ​ក្បាលអាថុន​ដូច​កាល​សព្វ​ដង ។ក្រោយ ​ពី​បាន​រៀបចំ​ព្រះរាជ​ដំណើរ​ព្រះនាង​ស្រេច​បាច់​ហើយ ព្រះរាជទីនាំង​ក្រពើ​ហៅ​អាថុន ក៏​ថយ​ខ្លួន​បង្វិល​ក្បាល​ពី​ទិស​ខាងកើត​នាំ​ព្រះរាជធីតា​កែវ​ប្រាំពីរ​ពណ៌​ ឆ្ពោះ​ទៅ​កាន់​ទិស​ខាង​ត្បូង​ក្នុង​ល្បឿន​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច​ខុស​ពី​ ធម្មតា ។ ព្រះនាង​កើត​ក្ដី​វិត្កកៈ ភិត​ភ័យ​ស្លន់​ស្លោ​ឥត​ឧបមា ទ្រង់​ក៏​ភ្លាត់​ព្រះឱស្ឋ​ទៅ​កាន់​អាថុន​ថា «នែ៎ ! អាថុន ម្ដេច​ក៏​ឯង​ធ្វើ​ដូច្នេះ យើង​ភ័យ​ណាស់ ! ប្រយ័ត្ន​យើង​មាន​គ្រោះថ្នាក់​ណា ព្រោះ​យើង​ជិត​ដល់​ថ្ងៃ​រៀប​អភិសេក​ហើយ» ។ គ្រាន់​តែ​ចប់​ព្រះឱស្ឋ​ភ្លាម អាថុន​ក៏​គ្រលៀស​លេប​ព្រះធីតា​កែវ​ប្រាំពីរ​ពណ៌​នា​ព្ធ​ដ៏​គ្រា​នោះ​ឯង​ហោង ។អាថុន ​ដឹង​ថា គេ​នឹង​តាម​ចាប់​ខ្លួន វា​ក៏​ខំ​ប្រឹង​មុជ​គេច​ចេញ​ពី​អាង​បារាយណ៍​ទឹក​ថ្លា តាម​ដង​ស្ទឹង​ដែល​ចេញ​ពី​បារាយណ៍​ទៅ​ទិស​ខាង​ត្បូង ឆ្ពោះ​ទៅ​កាន់​បឹង​ទន្លេសាប​ដើម្បី​រក​ទី​លាក់​ខ្លួន​ពួន​អាត្មា ។ចំណែក ​ឯ​ភីលៀង ស្រីស្នំ​ក្រមការ ឃើញ​ព្រះរាជធីតា​ទ្រង់​ទទួល​នូវ​មហាគ្រោះ​ភយន្តរាយ​យ៉ាង​ដូច្នោះ ក៏​កើត​មានសេចក្ដី​ភិត​ភ័យ​ញ័រ​រន្ធត់​អស់​ស្មារតី ស្ទុះស្ទា​នាំ​គ្នា​ម្នីម្នា​ទៅ​ទូល​ដល់​ព្រះវរ​រាជបិតា​របស់​ព្រះនាង ។ព្រះបាទ ​កងចក្រ​កើត​ក្ដី​រន្ធត់ ក្រេវក្រោធ​ឥត​គណនា ក៏​ចាត់​អាមាត្យ នាហ្មឺន​សព្វ​មុខ​មន្ត្រី​រាជការ ស្រីស្នំ​ក្រមការ អស់​ពល​សេនា​ យោធា ឲ្យ​គោះគង ទូង​ភេរី​អំពាវ​នាវ​ជ្រើសរើស រក​អ្នក​មាន​ថ្វីដៃ​ខ្លាំង​ពូកែ​ជំនាញ​ខាង​ចាប់​ក្រពើ និង​កៀង​គរ​អស់​ប្រជានុរាស្ត្រ ដើម្បី​តាម​រក​ក្រពើ​អាថុន​ឲ្យ​ឃើញ និង​ចាប់​ឲ្យ​បាន ។ដោយសារ​ ព្រះរាជ​បារមី​នៃ​ព្រះរាជា​ជា​អម្ចាស់ សេចក្ដី​អំពាវនាវ​ដ៏​ប្រញាប់​ប្រញាល់​នោះ​ក៏​បាន​លេច​ឡើង​នូវ​អ្នក​ស្ម័គ្រ​ ចិត្ត ជា​គ្រូ​អាល​ម្ដាយ​ម្នាក់​ឈ្មោះ «តាដោក» ដែល​ជា​អ្នក​មាន​មន្ត​អាគម​ខ្លាំង​ពូកែ និង​ស្ទាត់​ជំនាញខាង​ចាប់​ពស់ ចាប់​ក្រពើ ។ ចំណែក​អស់​ប្រជានុរាស្ត្រ ក្រោយ​ពី​បាន​ទទួល​ដំណឹង​ដ៏​មហា​ទុក្ខ​សោក​នោះ​ហើយ ក៏​នាំ​គ្នា​ម្នីម្នា​រូត​រះ​មក​ចោម​រោម មូលមីរ​ដេរដាស់ ជុំជិត​ទី​កើត​ហេតុ​នា​អាង​បារាយណ៍​ទឹក​ថ្លា​នោះ ។ការ​តាម​ចាប់​ក្រពើ​ក៏​បាន​បែងចែក​ជា​រូបភាព​ឲ្យ​ទៅ​ជា​ពីរ​ផ្នែក​ធំៗ គឺ​មួយ​ផ្នែក​តាម​រក​ចាប់​ក្រពើ​ក្នុង​អាង​បារាយណ៍ និង​លុប​ស្ទឹង​ដែល​ចេញ​ពី​បារាយណ៍ កាត់​តាម​ភូមិ​សណ្ដាន់​ចុះ​ទៅ​ក្រោម ទៅ​ទិស​ខាង​ត្បូង ។ មួយ​ផ្នែកទៀត លុប​ស្ទឹង​ពី​ព្រៃ​រនាម មាត់​បឹង​ទន្លេសាប​ឡើង​មក​ខាងលើ​វិញ មក​ទិស​ខាង​ជើង ។ រីឯ​ចុង​ស្ទឹង​ដែលនៅ​សេស​សល់ មិន​បាន​លុប ស្ថិត​ក្នុង​ព្រៃរនាម ចាប់​ពី​បឹង​ទន្លេសាប​រហូត​មក​ទល់​នឹង​ដី​ដែល​គេ​លុប​នោះ អំណឹះ​ត​មក​អ្នក​ស្រុក​ហៅ​ថា «ស្ទឹង​កំបុត» ។ ស្ទឹង​កំបុត​នេះ​ស្ថិត​នៅ​ក្នុង​ព្រៃរនាម​មាត់​បឹង​ទន្លេសាប ភាគ​ខាងត្បូង​ឃុំ​កែវពណ៌ ស្រុក​ពួក ។តាម​ព្រះតេជគុណ លី សុខ ចៅ​អធិការ​វត្ត​ចេតិយ​មាន​សង្ឃដីកា​ថា «ក្បួន ​ចាប់​ក្រពើ​ទាំង​ពីរ​ផ្នែក​មាន​មនុស្ស​ច្រើន​ឥត​គណនា គ្រាន់​តែ​ដី​មួយ​ក្ដាប់​ដៃ​ម្នាក់​គេ​អាច​លុប​ស្ទឹង​ពី​ទិស​ខាង​ជើង ទៅ​ទិស​ខាង​ត្បូង និង​ពី​ទិសខាង​ត្បូង​មក​ទិស​ខាង​ជើង​វិញ មក​ទល់​គ្នា​នឹង​អន្លង់​មួយ​ធំ​ហើយ​ជ្រៅ ស្ថិត​នៅ​ជាប់​ក្បែរ​នឹង​គោក​តា​សួស» ។ទី ​អន្លង់​នេះ​ហើយ​ដែល​តាដោក គាត់​បាន​ធុំ​ចំហាយ​ក្លិន​សា​ក្រពើ រួច​ហើយ​គាត់​ក៏​សន្មត​ថា ក្រពើ​អាថុន ពិតជា​កំពុង​តែ​លាក់​ខ្លួន​ពួន​អាត្មា​ក្នុង​ទី​នោះ ។ អន្លង់​ដែល​អាថុន​លាក់​ខ្លួន​នោះ ក្រោយ​មក​អ្នកស្រុក​ហៅ​ថា «អន្លង់សា» ។ ទន្ទឹម​នឹង​ការ​រៀបចំ​ពិធី​សែនព្រេន បន់ស្រន់​លោក​អ្នកតាសួស​តាម​ទំនៀម​ទម្លាប់​ប្រពៃណី​បរម​បុរាណ តាដោក​ក៏​បាន​ចាត់​ចែង​រុករក​បោច​ផ្ដៅ យក​មក​ធ្វើ​ជា​ខ្សែ​ពួរ​ដើម្បី​ទាក់​ចាប់​ក្រពើ​អាថុន​នោះ ។ សូម​បញ្ជាក់​ថា ទីកន្លែង​ព្រៃ​ដែល​បោច​ផ្ដៅ​នោះ មាន​វត្ត​មួយ​ឈ្មោះ​ថា «វត្ត​ល្បើក​ជលធីមន្នី​កោះកែវ» ហៅ​ «វត្ត​ព្រៃផ្ដៅ» ស្ថិត​នៅ​ក្នុង​ឃុំ​ក្របីរៀល ស្រុក​ពួក ទិស​ខាង​កើត​អន្លង់សា ។ក្បួន​តាម​ចាប់​ក្រពើ​ដ៏​គគ្រឹកគក្រេង ក៏​បាន​មក​ចោមរោម​នៅ​ទីអន្លង់​ដ៏​ជ្រៅ​នោះ «អន្លង់សា» ។ គេ​បាន​នាំ​គ្នា​បោះ​បង្គោល​ដោយ​សសរ​ក្រាក់​ធំៗ​រាប់​សិប​ដើម ដើម្បី​ទាក់​ចាប់​ក្រពើ​ដ៏​កំណាច​នោះ ។ សូម​បញ្ញាក់​ថា បង្គោល​សសរ​ក្រាក់​ធំៗ​នោះ ទើប​តែ​ដក​អស់​នៅ​អំឡុង​ឆ្នាំ​១៩៧៧ ពីព្រោះ​គេ​ត្រូវ​ធ្វើ​ទំនប់​ទ្វារ​ទឹក​នៅ​ទី​នោះ ។ មិន​យូរ​ប៉ុន្មាន តាដោក​ក៏​ចាប់​ក្រពើ​អាថុន​បាន យក​មក​វះពោះ​កាត់​ក្បាល​ដោត​ឆ្កាង​ដាក់​ថ្វាយ​លោក​អ្នក​តា​សួស ដែល​ស្ថិត​នៅ​លើ​ទីទួល​គោក​ក្បែរ​អន្លង់​នោះ ។ រហូត​មក​ដល់​សព្វថ្ងៃ​ក៏​នៅ​តែ​ហៅ​ថា គោកតាសួស​ៗ​ដដែល ។ចំណែក ​ព្រះនាង​កែវ​ប្រាំពីរ​ពណ៌ ពេល​ដែល​វះ​យក​បាន​ពី​ពោះ​ក្រពើ​មក ព្រះនាង​ទ្រង់​សន្លប់​ស្ដូក​ស្ដឹង​បាត់​ដង្ហើម​សូន្យ​ឈឹង នៅ​សល់​តែ​ជីពចរ​តែ​ប៉ុណ្ណោះ ។ អស់​នាហ្មឺន​សព្វ​មុខ​មន្ត្រី ក៏​ម្នីម្នា​រៀប​ចំ​គ្រែ​ស្នែង សែង​ព្រះនាង​យាង​មក​កាន់​បរម​រាជវាំង ក្រែង​នឹង​អាច​ព្យាបាល​ជួយ​សង្គ្រោះ​ព្រះនាង​បាន ។ សូម​បញ្ជាក់​ថា ទី​ដែល​រក​ឃើញ​ព្រះនាងកែវ​ប្រាំពីរ​ពណ៌​នោះ អំណឹះ​ត​មក​អ្នកស្រុក​ក៏​ហៅ​ថា «កែវពណ៌» សព្វ​ថ្ងៃ​កើត​ជា​ឃុំ​កែវពណ៌ ក្នុង​ស្រុក​ពួក ខេត្ត​សៀមរាប ។ប៉ុន្តែ ​ជា​អកុសល ផល​អាក្រក់​ពន់​ពេក​ណាស់ លុះ​សែង​ព្រះនាង​បាន​ឆ្ងាយ​បន្តិច​ពី​ទី​នោះ មច្ចុរាជ​ក៏​តាម​មក​ផ្ដាច់​សង្ខារ​ព្រះរាជ​បុត្រី របស់​ព្រះបាទ​កងចក្រ ឲ្យ​ដាច់​ខ្យល់​ផុត​ដង្ហើម សោយ​ទីវង្គត​លា​ចាក​លោក​នេះ​ទៅ ។ សូម​បញ្ជាក់​ថា ទីព្រៃ​ដែល​ព្រះនាង​កែវ​ប្រាំពីរ​ពណ៌​សោយ​ទីវង្គត​ផុត​រលត់​សង្ខារ​ហៅ​ថា «ព្រៃ​ផុត​ដង្ហើម» ក្រោយ​មក​បាន​ក្លាយ​ទៅ​ជា «ព្រៃដង្ហើម» ។ សព្វថ្ងៃ​មាន​វត្ត​មួយ​ហៅ​ថា «វត្ត​ព្រៃដង្ហើម» ស្ថិត​នៅ​ខាងជើង​ឆៀង​ខាងកើត​អន្លង់សា ក្នុង​ឃុំ​សំរោងយា ស្រុក​ពួក ។ដោយ ​គ្មាន​បង្អែបង្អង់ ក្បួន​សែង​សាកសព​ព្រះនាង​ក៏​កាន់​តែ​ជំរុល​ល្បឿន​លឿន​ទៅ​មុខ​ចេញ​ពី​ព្រៃ​ ផុត​ដង្ហើម សំដៅ​ទៅ​កាន់​ព្រះបរម​រាជវាំង ។ កំពុង​តែ​ឆ្លង​កាត់​វាល​ធំ​មួយ ស្រាប់​តែ​ពេល​នោះ​មាន​ខ្យល់​កួច​បោក​បក់​យ៉ាង​ខ្លាំង​គួរ​ឲ្យ​ចម្លែក​ណាស់ បណ្ដាល​ឲ្យ​កេសា​ព្រះនាង​កែវ​ប្រាំពីរ​ពណ៌ ត្រូវ​ប៉ើង​រំសាយ​ពី​លើ​គ្រែស្នែង​ទៅ​តាម​អំណាយ​នៃ​កម្លាំង​ព្រះពាយ​ដែល​ កំពុង​បោក​បក់​នោះ ។ អស់​នាហ្មឺន​សព្វ​មុខ​មន្ត្រី មាន​សេចក្ដី​ភិតភ័យ​ស្លន់​ស្លោ ខិត​ខំ​បន់​ស្រន់​បណ្ដើរ ដង្ហែ​ក្បួន​បណ្ដើរ រហូត​ទាល់​តែ​ឆ្លង​ផុត​វាល​ធំ​នោះ​ដល់​មាត់​ព្រៃ​មួយ​ទើប​ខ្យល់​ធំ​នោះ​បាន​ ស្ងប់​ទៅ​វិញ ។ សូម​បញ្ជាក់​ថា វាលធំ​ដែល​សែង​សាកសព​នាង​កែវ​ប្រាំពីរ​ពណ៌​ឆ្លង​កាត់​នោះ​ហៅ​ថា «វាល​ល្ហើយ​សក់» ។ សព្វថ្ងៃ​គឺ​ជា​វាលស្រែ ចាប់​ពី​វត្ត​ព្រៃដង្ហើម​មក​ទល់​នឹង​ភូមិ​ស្វាយ ឃុំ​ខ្នាត ស្រុក​ពួក ។ទន្ទឹម ​នឹង​ដល់​មាត់​ព្រៃ ខ្យល់​ក៏​ស្ងប់ សែង​សាកសព​តាម​ដង​ព្រៃ​នោះ ក្លិន​អសុក​ក៏​កាន់​តែ​ជះ​ចំហាយ​ខ្លាំង​ឡើងៗ ទើប​គេ​ហៅ​ឈ្មោះ​ដង​ព្រៃ​នោះ​ថា «ព្រៃស្អុយ» ។ សូម​បញ្ជាក់​ថា អ្នកស្រុក អ្នកស្រែ ដែល​បាន​ដើរ​ឆ្លង​កាត់​តាមដង​ព្រៃ​នោះ តែង​តែ​លាន់​មាត់​ថា ធុំ​ស្អុយ ឬ​ធុំ​ខ្មោះៗ​ដូចៗ​គ្នា ។ សព្វ​ថ្ងៃ​ក្លាយ​ជា​វាល​ស្រែ​ស្ទើរ​តែ​អស់​ព្រៃ​ទៅ​ហើយ ។ ព្រៃស្អុយ​ស្ថិត​នៅ​ខាងលិច​ភូមិ​ប្រយុទ្ធ ប្រហែល​មួយ​គីឡូម៉ែត្រ ក្នុង​ឃុំ​ទឹកវិល ស្រុក​ពួក ។ចំណែក ​ឯ​ព្រះបាទ​កងចក្រ ពេល​ដែល​ទ្រង់​ជ្រាប​នូវ​ដំណឹង​ដ៏​មហា​ទុក្ខសោក​ខ្លោចផ្សា​ថា ព្រះរាជបុត្រី​បាន​ដល់​ទីវង្គត​ទៅ​ហើយ​នោះ ព្រះអង្គ​ក៏​ទ្រង់​មាន​សេចក្ដី​វិត្កកៈ សោក​សង្វរេង​អាឡោះ​អាល័យ រក​អ្វី​ប្រៀប​ស្មើ​ពុំ​បាន​ឡើយ ។ ព្រះអង្គ​ក៏​ទ្រង់​កើត​នូវ​ក្ដី​សន្ទឹះ​សង្កា ទើប​ទ្រង់​មាន​ព្រះតម្រិះ​ពិគ្រោះ​យោបល់​នឹង​ហោរា ព្រម​ទាំង​អ្នក​មុខ​អ្នកការ​ក្នុង​ព្រះបរម​រាជវាំង ដើម្បី​បាន​ជា​ទី​សណ្ដាប់​ពិចារណា ។ រួច​ហើយ​ដោយ​ព្រះអង្គ​ទ្រង់​យោគ​យល់​ទៅ​តាមគន្លង​ប្រពៃណី​ពី​បរម​បុរាណ​ត​ រៀង​មក​ចំពោះ​មនុស្ស​ផង​ទាំង​ឡាយ​ដែល​ស្លាប់​ដូច្នេះ គេ​ហៅ​ថា​ ខ្មោច​តៃហោង មិន​អាច​នាំ​មក​ចូល​ផ្ទះ ឬ​ចូល​បរម​រាជវាំង​វិញ​បាន​ទេ ។ ទើប​ព្រះអង្គ​ចេញ​ព្រះរាជ​បញ្ជា​ឲ្យ​រក​ទី​កន្លែង​ដី​ដែល​ល្អ​ប្រពៃ រៀបចំ​ធ្វើ​ចេតិយ​ដើម្បី​បញ្ចុះ​សាកសព​ព្រះនាង​ឲ្យ​បាន​សមរម្យ ។អស់ ​មុខ​មន្ត្រី សេនា​អាមាត្យ ក៏​ម្នីម្នា​ចេញ​ពី​ព្រះបរម​រាជវាំង ធ្វើ​ដំណើរ​រូត​រះ​ទៅ​ស្ទាក់​ស្កាត់​ទាន់​ក្បួន​ដង្ហែ​សាក​សពនៅ​ឯ​ទី​ ព្រៃស្អុយ​នោះ ។​ ក្បួន​ដង្ហែ​សព ក៏​ត្រូវ​សម្រាក​ផ្អាក​ដំណើរ​ដើម្បី​ទទួល​ព្រះរាជសារ​រយៈ​ពេល​មួយ​សន្ទុះ ។ បន្ទាប់​ពី​បាន​ទទួល​ព្រះរាជសារ​រួច​ហើយ ក្បួន​ដង្ហែ​សាកសព​ក៏​បាន​ហែ​ក្បួន​ឆ្ពោះ​ទៅ​កាន់​ទិស​ខាង​ត្បូង​វិញ ដើម្បី​រក​ទី​បញ្ចុះ​សព​ព្រះនាង ។ សូម​បញ្ជាក់​ថា កន្លែង​ដែល​ផ្អាក​ដំណើរ​ទទួល​ព្រះរាជសារ​នោះ គេ​បាន​កសាង​ជា​ប្រាសាទ​ចេតិយ​​មួយអំពី​ឥដ្ឋ​មាន​សណ្ឋាន​ដូច​ជា​ប្រាសាទ​ វត្ត​ចេតិយ​ដែរ ប៉ុន្តែ​គ្រាន់​តែ​មាន​ទំហំ​តូច​ជាង​បន្តិច​ប៉ុណ្ណោះ ទាំង​បរិវេណ​ផ្ទៃដី និង​តួប្រាសាទ ។ អ្នកស្រុក​ទម្លាប់​ហៅ​ថា «ប្រាសាទ​ព្រៃស្អុយ» ។ ប្រាសាទ​នេះ​ត្រូវ​បាន​ជន​ខិល​ខូច​គាស់​កកាយ បំផ្លាញ​រលាយ​ហិន​ហោច​អស់​ហើយ ។ តាម​ដែល​អ្នកស្រុក​ធ្វើ​ស្រែ​នៅ​ក្បែរៗ​នោះ​បាន​ឲ្យ​ដឹង​ថា ប្រាសាទ​ព្រៃស្អុយ​នេះ ទើប​តែ​រលាយ​ខ្ទេចខ្ទី​អស់​នៅ​ក្នុង​ឆ្នាំ​១៩៨៨ ។លុះ ​ក្បួន​ហែ​មក​ដល់​ទីកន្លែង​មួយ តាម​ដែល​មន្ត្រី​ខាង​ភូមិសាស្ត្រ ហោរាសាស្ត្រ​ពិនិត្យ​គន់គូរ​មើល​ទៅ​ឃើញ​ថា​ទីនោះ​ជា​ទី​ល្អ​ប្រពៃ សម​គួរ​ជា​ទី​បញ្ចុះ​សាកសព​ព្រះនាង​ហើយ ទើប​ចាត់​ចែង​ពិធី​បុណ្យ​បញ្ចុះ​សព​ព្រះនាង​កែវ​ប្រាំពីរ​ពណ៌​យ៉ាង​អធិកអធម​ ទៅ​តាម​លក្ខណៈ​ប្រពៃណី​ជាតិ​ខ្មែរ​យើង ។ ប៉ុន្តែ​ដោយ​ពិនិត្យ​ឃើញ​ថា ទីនោះ​ជា​ទីវាល​ទំនាប​លិច​ទឹក​ទន្លេសាប ទើប​ត្រូវ​បាន​ចាត់​ចែង​មនុស្ស​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​លើក​ដី​នោះ​ឲ្យ​ទៅ​ ជា​ទី​ទួល​ខ្ពស់ផុត​ពី​ការ​លិច​ទឹក ហាក់​បី​ដូច​ជា​ផ្នូរ​មួយ​យ៉ាង​ធំ​អស្ចារ្យ ។ ជាមួយ​គ្នា​នោះ គេ​ក៏​បាន​កសាង​ព្រះចេតិយ​មួយ​យ៉ាងធំ​ផុស​ត្រដែត​ខ្ពស់​លលៃ លើ​វេហា កណ្ដាល​ព្រៃ មាត់​បឹង​ទន្លេសាប​ពី​លើ​ដី​ទួល​នោះ ។ចំណែក ​ឯ​ព្រះបាទ​កងចក្រ ព្រះអង្គ​ទ្រង់​នៅ​តែ​មាន​សេចក្ដី​សោក​ស្ដាយ អាឡោះ​អាល័យ និង​គិត​គូរ​ដល់​ព្រះរាជ​បុត្រី​ព្រះអង្គ​ខ្លាំង​ណាស់ ព្រះអង្គ​ក៏​ទ្រង់​មាន​ព្រះរាជ​តម្រិះ​ពិចារណា​ថា គប្បី​ត្រូវ​តែ​រក​ឆ្មាំ​ចាំ​ថែរក្សា និង​សម្អិត​សម្អាង​ទី​ព្រះចេតិយ​នោះ ។ ម្យ៉ាង​ទៀត​ត្រូវ​ធ្វើ​ឲ្យ​បាន​ជា​ទី​កុះករ គឺ​ការ​ធ្វើ​បុណ្យ​ទាន​របស់​អ្នក​ស្រុក អ្នក​ភូមិ​ជិត​ឆ្ងាយ ហើយ​បាន​ជា​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​ព្រះអង្គ​ទ្រង់​យាង​ទៅ​ធ្វើ​បុណ្យ​ទាន ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​ព្រះរាជបុត្រី​ផង ។ក្រោយ ​ពី​ទ្រង់​មាន​ព្រះរាជតម្រិះ​ដូច្នេះ​ហើយ ព្រះអង្គ​ទ្រង់​បាន​តែង​តាំង​ងារ ជា​យស​សក្តិ​ដល់​តាដោក ឲ្យ​ធ្វើ​ជា​ឆ្មាំ​ចាំ​ថែរក្សា ការពារ សម្អិត​សម្អាត ទី​ព្រះចេតិយ​នោះ ។ រីឯ​វត្ត​អារាម​ក៏​ត្រូវ​បាន​កសាង​ឡើង​មាន​ព្រះសង្ឃ មានពុទ្ធបរិស័ទ​ចេញ​ចូល ធ្វើ​បុណ្យ​ទាន​ហូរ​ហែ​ជា​រៀង​រហូត​ដល់​សព្វថ្ងៃ​នេះ ។ វត្ត​នេះ​ ព្រះអង្គ​ទ្រង់​សព្វ​ព្រះរាជ​ហឫទ័យ​ឲ្យ​ឈ្មោះ​ថា «វត្ត​កោះ​នាង​កែវ​ចូឡាមណី​ធម្មចេតិយ» ដែល​ក្លាយ​មក​ជា «វត្ត​ចេតិយ» ឬ «ចៃដី» សព្វ​ថ្ងៃ ។ សូម​បញ្ជាក់​ថា វត្ត​ចេតិយ ស្ថិត​នៅ​ខាងត្បូង​ឆៀង​ខាង​កើត​វត្ត​ព្រៃដង្ហើម ។លុះ ​អំណឹះ​ត​មក ក្រោយ​ពី​លោក​តា​ដោក​បាន​ទទួល​អនិច្ចកម្ម​ទៅ គេ​ក៏​បាន​កសាង​ជា​រូប​សំណាក​លោក​តា​ដោក មួយ​នៅ​ពី​មុខ​ផ្លូវ​ចូល​ព្រះចេតិយ ចម្ងាយ​ប្រហែល ៧០ ម៉ែត្រ ពី​ព្រះចេតិយ ជា​និមិត្តរូប​ក្នុង​ការ​ទទួល​ខុស​ត្រូវ​លើ​កិច្ចការ​ការពារ និង​ថែរក្សា​ទី​ព្រះ​ចេតិយ​នោះ ។តាម ​ការ​តំណាល​តៗ​គ្នា​មក​ថា រូប​សំណាក​តាដោក​នេះ អ្នកស្រុក​ទម្លាប់​ហៅ​ថា អ្នកតា​ដោក មាន​មហិទ្ធិឫទ្ធិ​ខ្លាំង​ពូកែ​ណាស់ សូម្បី​តែ​សត្វ​ក៏​មិន​អាច​ហើរ​រំលង​បាន​ដែរ ឲ្យ​តែ​ហ៊ាន​ហើរ​រំលង​គឺ​ត្រូវ​តែ​ធ្លាក់ ។ ម្យ៉ាង​ទៀត ចំពោះ​គោ​ក្របី​ណា ដែល​ចូល​ស៊ី​ស្មៅ​ក្នុង​ស្រះ ឬ​លើ​ទួល​ព្រះចេតិយ​នោះ គឺ​ពិត​ជា​ត្រូវ​អ្នកតា​ដោក​លាក់​បាត់ ម្ចាស់​ពុំ​អាច​រក​ឃើញ​ភ្លាមៗ​ទេ ទាល់​តែ​បួន ឬ​ប្រាំ​ថ្ងៃ ទើប​អាច​រក​ឃើញ​វិញ ។ អាស្រ័យ​ហេតុ​នេះ​ហើយ​បាន​ជា​បច្ចុប្បន្ន ពុំ​ឃើញ​មាន​រូប​សំណាក​តាដោក​ទេ នៅ​សល់​តែ​កន្លែង​ដាក់​រូប​សំណាក​ប៉ុណ្ណោះ ។ តាម​ការ​សន្និដ្ឋាន​ប្រហែល​ជា​ម្ចាស់គោ ម្ចាស់​ក្របី​នោះ​គេ​ខឹង គេ​ស្អប់​នឹង​អ្នក​តា​ដោក គេ​ក៏​មាន​ការ​គុំ​គួន​នឹង​រូប​សំណាក​នោះ ។ ពេល​ដែល​ប្រទេស​ជាតិ​យើង ឈាន​ដល់​សម័យ​កាល​ដ៏​ខ្មៅ​ងងឹត «សម័យ​ប៉ុល​ពត» គេ​ក៏​បាន​ឱកាស​វាយ​បំបាក់​សែង​ទម្លាក់ទឹក​ស្រះ​នោះ​ទៅ ។ តាម​ព័ត៌មាន​ថា អភិរក្ស​អង្គរ​បាន​ដឹក​រូប​សំណាក​នោះ​ទៅ​ទុក​ហើយ ។ចំពោះ​ទីតាំង​វត្ត​ចេតិយ ព្រះតេជគុណ លី សុខ មាន​សង្ឃដីកា​ថា កាល​ដើម​ឡើយ​មិន​ស្ថិត​នៅ​ជាប់​ជា​មួយ​ព្រះចេតិយ​នាង​កែវ​ប្រាំពីរ​ពណ៌​ដូច​ សព្វ​ថ្ងៃ​នេះ​ទេ ដែល​នៅ​ជាប់​នឹង​ព្រះចេតិយ​ត្រង់​កន្លែង​ព្រះវិហារ​សព្វ​ថ្ងៃ​នេះ កឺ​មាន​ត្រឹម​តែ​កោដ​មួយ​ប៉ុណ្ណោះ ។ ឯ​ទីតាំង​វត្ត​គឺ​ស្ថិត​នៅ​ខាង​លិច​ព្រះចេតិយ​នោះ​ប្រហែល ៦០ ម៉ែត្រ ឆ្លង​ស្រះ​ធំមួយ​ទើប​ដល់​វត្ត ។ ទីនោះ​ក៏​មាន​ដី​ទួល​មាន​សណ្ឋាន​ជា​ដី​លើក ព្រោះ​មាន​ស្រះ​ជុំវិញ ដូច​ទីទួល​កោះ​ព្រះចេតិយ​ដែរ ប៉ុន្តែ​ហាក់​ដូច​ជា​មាន​កម្ពស់​ទាប​ជាង ។ ការ​ប្រែប្រួល​បង្ខិត​ទីតាំង​វត្ត​គឺ​បណ្ដាល​មក​ពី​សម័យ​កាល​មួយ​ដែល​ប្រទេស ​ជាតិ​ជួប​ប្រទះ​នូវ​គ្រោះ​កលិយុគ អសន្តិសុខ ទុរ្ភឹក្ស​វឹកវរ អត់​ឃ្លាន កើត​មាន​មនុស្ស​អាក្រក់ ចោរ​លួច ចោរ​ប្លន់​ទាំង​យប់ ទាំង​ថ្ងៃ លែង​ស្គាល់​បុណ្យ ស្គាល់​បាប ឆ្លៀត​ពេល​ព្រះសង្ឃ​ជាប់​ចង្ក្រម​ភាវនា និង​ចូល​ព្រះវិហារនៅ​ឯ​បោដ​ឯណោះ ចោរ​ក្មួញ​វា​ក៏​លួច​ប្រមូល​របស់​របរ គរុភ័ណ្ឌ នៅ​ឯវត្ត​ឯ​ណោះ​អស់​រលីង​ទៅ ។ ដោយ​មិន​អាច​ទ្រាំទ្រ​គង់​នៅ​ទីនោះ​បាន​ត​ទៅ​ទៀត ទីតាំង​វត្ត​ក៏​ត្រូវ​បាន​ផ្លាស់​ប្ដូរ​នា​សម័យ​កាល​នោះ​ឯង «ប្រហែល​ជា​ជំនាន់ឥស្សរៈ» ។ ចំណែក​ឯ​ព្រះវិហារ​នោះ ការ​កសាង​ឡើង​គឺ ចំ​កណ្ដាល​ផ្លូវ​ពី​មុខ​ចេតិយ ត្រង់​ចន្លោះ​ព្រះចេតិយ និងអ្នកតា​តាដោក ។ព្រះតេជគុណ លី សុខ មាន​សង្ឃដីកា​ឲ្យ​ដឹង​ទៀត​ថា វត្ត​ចេតិយ​ពី​មុន​បាន​រក្សា​ទុក​ក្រាំង​ មួយ​ដែល​មាន​ចំណាស់​ជាង​គេ ។ ក្រាំង​នោះ​មាន​ទំហំ​ទទឹង​ប្រហែល​មួយ​តឹក បណ្ដោយ​ប្រហែល​មួយ​តឹក​កន្លះ និង​កម្រាស់​ប្រហែល​បី​ហ៊ុន ធ្វើ​ពី​ក្រដាស​ពណ៌​ខ្មៅ សរសេរ​ជា​អក្សរ​ពណ៌​ស ជា​ភាសា​បាលី​ផង សំស្ក្រឹត​ផង និង​ភាសា​ខ្មែរ​ តិច​តួច​ផង ។ ក្នុង​ក្រាំង​នោះ​ក៏​មាន​គូរ​ជា​យ័ន្ត និង​មាន​ក្បូរក្បាច់​ផ្សេងៗ​ទៀត​ខ្លះ​ផង​ដែរ ។ ព្រះតេជគុណ​សន្និដ្ឋាន​ថា ក្រាំង​នេះ​ប្រាកដ​ជា​និយាយ​អំពី​រឿងរ៉ាវ​របស់​នាង​កែវ​ប្រាំពីរ​ពណ៌ និង​ប្រវត្តិ​ចេតិយ​ជាក់​ជា​មិន​ខាន ។ ព្រះតេជគុណបាន​ទទួល​បន្ត​ថែរក្សា​ក្រាំង​នោះ​ដោយ​ផ្ទាល់​ព្រះហស្ត ។ ប៉ុន្តែ​គួរ​ឲ្យ​សោក​ស្ដាយ​ណាស់ ក្នុង​សម័យ​ប៉ុល​ពត ព្រះតេជគុណ និង​ព្រះសង្ឃ​ទាំង​អស់ គ្រប់​អង្គ​ត្រូវ​បាន​ជន្លៀស​ចេញ​ពី​វត្ត ។ ឯក្រាំង​នោះ ព្រះតេជគុណ​មាន​ការ​ភ្លេច​ភ្លាំង មិន​បាន​យក​ទៅ​តាម​ផង​ទេ ។ ពេល​ដែល​ព្រះតេជគុណ​នឹង​ឃើញ​ត្រលប់​មក​យក​វិញ ក៏​ស្រាប់​តែ​បាត់​ក្រាំង​នោះ ព្រម​ទាំង​គម្ពីរ​ដីកា​ផ្សេងៗ​ទៀត​អស់​ទៅ ។តាម​ដែល​ធ្លាប់​បាន​ទៅ​ដល់​ទី​អារាម​វត្ត​ចេតិយ​ឃើញ​ថា វត្ត​ចេតិយ​ស្ថិត​នៅ​ដាច់​ស្រយាល​ពី​ភូមិម្ករ​របស់​អ្នក​ស្រុក ស្ថិត​នៅ​ចុង​ខាងត្បូង​នៃ​ភូមិ​ជ្រៃ ឃុំ​សំបូរ ស្រុក​សៀមរាប មាន​ចម្ងាយ​ពី​ទីតាំង​ឃុំ​សំបូរ ប្រហែល​ជាង​ពីរ​គីឡូម៉ែត្រ ។ ទីវត្ត​នោះ​គឺ​ជា​ទីទួល​ខ្ពស់​ជិត​ប៉ុន​កូន​ភ្នំ​មួយ​មាន​ទទឹង​ប្រហែល ១០០ ម៉ែត្រ និង​បណ្ដោយ ១២០ ម៉ែត្រ ហ៊ុំ​ព័ទ្ធទៅ​ដោយ​ស្រះ​ធំ​ជា​គូ​ជុំវិញ​ទី​ទួល​នោះ ។ នៅ​ពី​លើ​ចំ​កណ្ដាល​ទួល​មាន​ព្រះវិហារ​មួយ​សង់​អំពី​ថ្ម​ប្រក់​ក្បឿង​ដ៏​ សមរម្យ ។ នៅ​ខាងលិច​ជាប់​នឹង​ព្រះវិហារ មាន​ព្រះចេតិយ​ជំនាន់​បុរាណ​មួយ​យ៉ាង​ធំ កសាង​អំពី​ឥដ្ឋ និង​ថ្ម​បាយ​ក្រៀម ដែល​មាន​ទំហំ​បាត​ក្រោម​ប្រហែល​ប្រាំពីរ​ម៉ែត្រ​កន្លះ កម្ពស់​ជិត​ប្រហែល ២០ ម៉ែត្រ ។ នៅ​ជុំ​វិញ​ព្រះវិហារ និង​ព្រះចេតិយ មាន​ព្រៃ​ឫស្សី​ស្រោងៗ ដើម​ឈើ​ធំៗ ខ្ពស់ៗ​ជា​ម្លប់​ដ៏​ត្រឈឹង​ត្រឈៃ ។ វត្ត​ចេតិយ​នៅ​រដូវ​វស្សា បើ​ទឹក​ទន្លេ​ធំ អ្នកភូមិ​ស្រុក​ជិត​ឆ្ងាយ មិន​អាច​ទៅ​ធ្វើ​បុណ្យ​ទាន​ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​គោក​បាន​ទេ ពីព្រោះ​ទឹកទន្លេ​បាន​ឡើង​លិច​ជុំ​វិញ​នៅ​សល់​តែ​ទីទួល​កោះ​ប៉ុណ្ណោះ ។ ពេល​នោះ ទិដ្ឋភាព​វត្ត​ទាំង​មូល កាន់​តែ​មាន​សោភ័ណភាព​ស្រស់​បំព្រង​ថែម​ទៀត​គួរ​ជា​ទី​គាប់​ចិត្ត​គយ​គន់ ជាទី​ត្រជាក់​មនោរម្យ សម​នឹង​ទៅ​ធ្វើ​បុណ្យ​ទាន ទៅ​កំសាន្ត​លំហែ​យ៉ាង​ពន់ពេក​ណាស់ ។ការ ​សរសេរ​រៀបរាប់​ជា​ត្រួសៗ​អំពី​រឿង​និទាន រឿង​នាង​កែវ​ប្រាំពីរ​ពណ៌ និង​វត្ត​ចេតិយ ដែល​ខ្ញុំ​បាន​ដឹង សន្មតថា​ចប់​ត្រឹម​នេះ ។ ប៉ុន្តែ​ក្រែង​មាន​បទ​ត្រង់​ណា​សង្ស័យ​ថា​មិន​ច្បាស់ មិន​ពិត អក្ខរាវិរុទ្ធ ខ្វះ​ចន្លោះ​ខុស​ឆ្គង សូមលោក​មេត្តា​អធ្យាស្រ័យ​ អភ័យ​ទោស សូម​កុំ​ឲ្យ​ខ្ញុំ​បាទ​មាន​បាបកម្ម និង​ពៀរ​វេរា​ត​ទៅ​មុខ​ទៀត ពីព្រោះ​នេះ​គ្រាន់តែ​ជា​ការ​ស្ដាប់​ឮ​តៗ​គ្នា​តែ​ប៉ុណ្ណោះ ៕

No comments:

Post a Comment