Thursday, November 6, 2014

Positive Thinking

ការគិតបែបវិជ្ជមាន
រាល់​បុគ្គល​ដែល​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​ជីវិតរមែង​តែង​​តែមាន​ការ​គិត​បែប​វិជ្ជមាន​គ្រប់ៗ​រូប ឯ​អ្នក​ដែល​​​បរាជ័យព្រោះ​តែ​គំនិត​អវិជ្ជមាន​​ស្ថិត​នៅ​ក្នុង​ខ្លួន​របស់​ពួក​គេ។អ្វី​ជា​គំនិត​វិជ្ជមាន? ធ្វើ​ដូចម្តេច​ដើម្បី​ធ្វើ​ឱ្យ​គំនិត​វិជ្ជមាន​ស្ថិត​ក្នុង​ខ្លួន​យើង? គំនិត​វិជ្ជមាន​ពិត​ជា​អាច​ធ្វើ​ឱ្យ​ជីវិត​របស់​យើង​វិជ្ជមាន​មែន?

ការ​គិត​បែប​វិជ្ជមាន គឺជា​ការ​គិតមួយបែប​ដែល​នាំ​ផ្លូវ​គំនិត​​របស់​​មនុស្ស​ឱ្យ​យល់ឃើញ​ក្នុង​ផ្លូវ​ល្អ ក្នុង​ក្តី​សង្ឃឹម។ រាល់​បញ្ហា​វា​​សុទ្ធ​តែ​កើត​ចេញ​ពី​មូល​ហេតុ​រាល់​បញ្ហា​សុទ្ធ​តែ​មាន​ដំណោះ​ស្រាយ​​របស់​វាអ្នក​ប្រព្រឹត្ត​ល្អ​រមែង​ទទួល​បាន​ផល​ល្អ។ ភាព​ជោគជ័យគឺ​ការ​ប្រកាន់​ខ្ជាប់​នូវ​យុទ្ធសាស្រ្ត <<ឈ្នះ ឈ្នះ>> ដើរ​ទៅ​មុខ​ជានិច្ច។ បើ​គេ​ធ្វើ​បាន យើងក៏​ធ្វើ​បានហើយ​បើ​យើង​​ធ្វើ​បាន​គេ​ក៏​ធ្វើ​បាន​ដូច​គ្នា។ សរុប​ទៅ ការ​គិត​វិជ្ជ​មានគឺ​​សំដៅ​ដល់​ការ​ត្រឹះ​រិះ​ពិចារណា ការ​រំឭក​ដល់​រឿង​រ៉ាវ​ល្អៗការ​​សង្ឃឹម ​ជឿ​ជាក់​ទៅ​ដល់​លទ្ធផល​ល្អ​ណា​មួយ​ដែលនឹងមក​ដល់​​នា​ពេល​ខាង​មុខ សំដៅ​ដល់​ហេតុ​ផល​ក្នុង​ចិត្ត​ទំាង​ឡាយ​ណា ​ដែល​នាំឱ្យ​មាន​ការ​ចម្រើន​​លូត​លាស់​ដល់​ខ្លួន​ឯងនិង​អ្នក​ដទៃ។ បុគ្គល​ដែល​មាន​គំនិត​វិជ្ជមាន ជា​បុគ្គល​ដែល​មើល​ឃើញ​​ឧបសគ្គ​ថា​ជា​ឱកាស​ក្នុង​ការ​កសាង​ស្នាដៃ​ល្អៗ​ទំាងឡាយគេ​តែង​តែ​ប្រព្រឹត្ត​ការ​គិត និង​ទង្វើ​ល្អៗ​ជានិច្ច ទំាង​សម្រាប់​​ខ្លួន​ឯងនិង​ទំាង​សម្រាប់​អ្នក​ដទៃ គេ​តែង
មាន​សុភវិនិច្ឆ័យ​បាន​យ៉ាង​ត្រឹមត្រូវ​ ទៅ​លើ​រឿងរ៉ាវ​នានា​របស់ មនុស្សសត្វ ក៏​ដូចជា​ធម្មជាតិ ជា​បុគ្គល​ដែល​ហ៊ាន
​ទទួល​ស្គាល់​ការ​ពិត ហ៊ាន​កែ​ប្រែគំនិត​របស់​ខ្លួន​ទៅ​រក​ភាព​ត្រឹម​ត្រូវ ល្អ​ប្រសើរ​ជា​ប្រភេទ​មនុស្ស​ដែល​ប្រកប​ដោយ សីលធម៌ គុណធម៌ ព្រហ្មវិហាធម៌មាន​ចិត្ត​នឹង​​ធឹង​ស្ងប់ស្ងៀម ប្រាជ្ញាមុត​ថ្លា។

ការ​គិត​បែប​វិជ្ជមាន​នឹង​ផ្តល់​ផល ដ៏​គាប់​ប្រសើរ​ទៅ​ដល់​​អ្នក​​ដែល​​បាន​​ប្រពឹត្ត​ដូចជា៖

ផ្នែកសុខភាព៖ សុខ​ភាព​របស់​អ្នកក៏​ត្រូវ​បាន​ជះ​ឥទ្ធិពល​មក​ពី​គំនិត​របស់​អ្នក​ផងដែរ។នៅ​ពេល​ដែល​អ្នក​ជំនួស​
គំនិត​របស់​អ្នក ដោយ​ភាព​ស្ងប់​ចិត្ត ជំនឿ​ចិត្តនិង​ពោរ​ពេញ​ដោយ​សន្តិភាព ជំនួស​ឱ្យ​ការ​មិន​សប្បាយ​ចិត្ត​ភាព​ថប់​អារម្មណ៍​និង​ក្តីកង្វល់លោកអ្នក​នឹង​ទទួល​បាន​នូវ​អារម្មណ៍​ស្រស់​ត្រកាល​មិនខាន។
អារម្មណ៍​នៃភាពជោគជ័យ៖ គំនិត​បែប​វិជ្ជមាននឹង​ជម្រុញ​យ៉ាង​ពុះពារ ​​នៅ​ក្នុង​ខ្លួន​របស់អ្នក​នូវ​អារម្មណ៍​មួយ
នៃ​​ភាព​ជោគ​ជ័យ ដោយ​អ្នកនឹង​មាន​ភាព​ប្រាកដ​ប្រជា​ពីអ្វីៗដែលត្រូវ​ធ្វើ​ឱ្យ​បាន​សម្រេច ឬ​ទទួល​បានជោគជ័យ ជា​ពិសេស​អ្នក​នឹង​មាន​អារម្មណ៍​ថា នឹង​ធ្វើ​សកម្មភាព​ដោយ​គ្មាន​ស្ទាក់​ស្ទើរ។
គំនិត​សុទិដ្ឋិនិយម៖ ពេល​ដែល​ការ​គិត​របស់​អ្នក​ប្រកប​ដោយ​​​ភាព​វិជ្ជមាន​​ហើយ មាន​ន័យ​ថាអ្នក​​គឺ​ជា​​មនុស្ស
សុទិដ្ឋិ​​និយម វានឹងផ្តល់អារម្មណ៍មួយដែលថាអ្វីៗ ​ដែល​ល្អ​វា​នឹង​កើត​​មាន​ឡើងអ្នកនឹង​មើល​ឃើញ​ពីភាព​ជោគ
ជ័យ​តាមរយៈ​អ្វីៗ​ដែល​​លោក​អ្នក​បាន​ធ្វើឬនឹងត្រូវធ្វើ។
ភាពរំជួលចិត្តបែបវិជ្ជមាន៖ ចិត្ត​របស់​អ្នក ​នឹង​មាន​ភាព​ត្រេក​អរ​​ណាស់នៅ​ពេល​បាន​ទទួល​ដំណឹង​គួរ​ឱ្យ​សប្បាយ​ចិត្ត ឬ​សម្រេច​​​នូវ​កិច្ចការ​អ្វី​មួយវា​ជា​កត្តា​ធម្មជាតិ ដែល​វា​នឹង​ផ្តល់​នូវ​ក្តី​សង្ឃឹម​ដល់​អ្នក​ជា​ដរាប។ធ្វើការ​ឆ្លើយ​តប​ប្រកបដោយ​វិជ្ជមាន​ទៅ​នឹង​ភាព​បរាជ័យ៖ ភាព​​​បរាជ័យ ជាចំណុច​ចាប់​ផ្តើម​នៃ​ភាព​ជោគ​ជ័យ។ អ្នក​ដែល​គិត​​បែប​​វិជ្ជមានមិន​បានចាត់ទុក​ភាព​បរាជ័យ​ថា​ជា​ទី​អវសាន​នៃជីវិត​ឡើយ។ កាន់​តែ​ធ្វើគឺកាន់​​តែ​ទទួល​បាន។
មានទំនុកចិត្តលើខ្លួនឯង៖ អ្នក​ដែល​មាន​ការ​គិត​បែប​វិជ្ជមាន តែង​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​ឱ្យ​មាន​ទំនុក​ចិត្តកាន់​តែ​ច្រើន​ឡើងៗ​ជា​លំដាប់។ ការ​ធា​នា​អះអាង​របស់​បុគ្គល​នោះនឹង​ជួយ​ជម្រុញ ​នូវ​ចំណង់​ដ៏ពុះ​កញ្ជ្រោល​របស់គេ​ឱ្យ​កើត​ឡើង។មានតម្លៃផ្ទាល់​ខ្លួនប្រកបដោយ​ភាពវិជ្ជមាន៖ ការ​ពេញ​​ចិត្ត​​​​ចំពោះ​ខ្លួនឯង​របស់អ្នក នឹង​ត្រូវ​បាន​លើក​ស្ទួយ​ខណៈ​​ចិត្ត​​គំនិត​​របស់​​អ្នក​​​ត្រូវ​​បាន​​ដាក់​បំពេញ​​ដោយ​​គំនិត​​​វិជ្ជមាន។ អ្នកនឹងមាន​អារម្មណ៍​ល្អ ​ចំពោះ​ខ្លួន​ឯងបាន​​កាន់​​តែ​ច្រើន​​និង​ជាប់​​​ជានិច្ច។
ប្រឌិតញាណ (គំនិតច្នៃប្រឌិត)៖ ជាមួយ​នឹង​ភាព​នឹង​នរ​និង​​ការ​តាំងចិត្ត ដ៏​ជ្រាល​ជ្រៅ​ប្រកប​ដោយភាព​ស្ងៀម​
​ស្ងាត់ លោក​អ្នក​នឹង​បង្កើត​នូវ​លក្ខ​ខណ្ឌ​មួយដែល​នាំឱ្យ​មាន​គំនិត​ច្នៃ​ប្រឌិត ដើម្បី​ធ្វើ​ឱ្យ​កើត​មាន​មនោគិត​ត្រចះ​ត្រចង់​ជា​ច្រើន។
ភាព​​ថិត​ឋេរយូរអង្វែង៖ ភាព​ជោគជ័យវែងឆ្ងាយ គឺ​ត្រូវ​​​បាន​​​ពង្រឹង​​​ឱ្យ​​​មាំ​ទាំ​​ទៅ​​ដោយ​​មនោសញ្ចេតនា​ពី​ក្នុង​ចិត្ត​​​

​ដ៏​​ជ្រាល​ជ្រាល​​នៃ​​គំនិត​វិជ្ជមាន​​ទាំងឡាយ ។  លោក​អ្នក​នឹង​បាន​​ទៅដល់គ្រប់ផ្លូវដោយ​​ឆ្លង​កាត់​ភាព​​ជោគ​ជ័យ​​

​លើ​​គ្រប់​ឧបសគ្គ។ គ្មាន​អ្វី​ដែល​អាច​​រារាំង​លោក​អ្នក​មិន​​ឱ្យ​​ទទួល​បាន​​នូវ​ភាព​​ជោគជ័យ​​ណា​មួយ​ឡើយ។
ទំនាក់ទំនងប្រកបដោយភាពវិជ្ជមាន៖ ជាមួយ​នឹង​​អាកប្បកិរិយា​​ប្រកបដោយភាពវិជ្ជមានលោក​អ្នក​រាប់​អានជាមួយ​​​​​អ្នក​ដទៃ ប្រកប​​ដោយ​លក្ខណៈសុភាព រាបសារចេះ​យល់​​ចិត្តគ្នា និង​​ប្រកប​​ដោយ​ការ​គោរព។លោក​​អ្នក​
ជា​មនុស្ស​ឆ្លាត​វៃ ក្នុង​​ការ​​បង្កើត​​ទំនាក់​ទំនង​ជាមួយ​អ្នក​​ដទៃ ​ដោយ​រក្សាបាន​នូវ​​ផល​ប្រយោជន៍ឱ្យ​គ្នា​​ទៅ​​វិញ​ទៅ​មក។ ភាព​​ស្មោះ​​ត្រង់​​​​របស់​​លោក​​​អ្នក​​​នឹងទទួលបាន​​នូវ​​ការ​​គោរព​​​រាប់​អាន សេចក្តី​​​ស្រឡាញ់​​ស្មោះ​ស្ម័គ្រ​ពី​អ្នក​ដទៃ។

ដើម្បី​ឱ្យ​ខ្លួន​អ្នក​ប្រកប​ដោយ​គំនិត​វិជ្ជ​មាន អ្នក​គួរ​ប្រតិបត្តិ​តាម​​ដំបូន្មាន​មួយ​ចំនួន​ខាង​ក្រោម៖
ក. ចិត្តព្រលឹងរបស់អ្នក ត្រូវតែប្រកបដោយភាពវិជ្ជមាន៖អ្នក​​ត្រូវ​មាន​អារម្មណ៍​វិជ្ជមាន​ជាប់​ជានិច្ច។​អារម្មណ៍
ណា​​ដែល​ល្អ​មាន​​ប្រយោជន៍​ ដល់​អ្នក​គ្រប់​គ្នាអ្នក​គួរ​តែ​ប្រមូល​មក​ដាក់​ឱ្យ​បាន​​ច្រើន ទើបជា​ការ​ប្រសើរ​ដល់
​គំនិត​វិជ្ជមាន​របស់​លោក​អ្នក។
ខ. កាយ​របស់អ្នកត្រូវតែប្រកបដោយភាពវិជ្ជមាន៖ដេក ដើរ ឈរ អង្គុយ និយាយស្តី ទទួល​ទាន​អាហារ ហាត់
​ប្រាណ​ងូត​ទឹក គ្រប់​ដង្ហើម​ចេញ​ចូល​ត្រូវ​តែ​ប្រកប​ដោយ​សកម្មភាព​វិជ្ជមាន​ជានិច្ច។
គ. សតិ ប្រាជ្ញា ស្មារតីរបស់អ្នកត្រូវតែប្រកបដោយវិជ្ជមាន៖ត្រូវចេះរំឭកទៅដល់រឿងរ៉ាវ គំនិតមតិ​យោបល់​​អ្វីៗ​
​ប្រកប​ដោយ​ភាព​វិជ្ជមាន។ អ្នក​មិន​គួរ​យក​ចិត្តទុក​ដាក់​ទៅ​រក​គំនិត ​ឬ​បទ​ពិសោធន៍​ទំាង​ឡាយ​ណាដែល​នាំ​អ្នក​ឈាន​ទៅ​ដល់គំនិត​គុំគួន ខឹងសម្បារ សោកស្តាយ សោក​​សង្រេងឬស្ថិត​ក្នុង​ភាព​អស់​សង្ឃឹម​ឡើយ។ ជៀសវាង
គិត​អ្វីៗ​ដោយ​ភាព​ងងឹតងងុលអបិយ​ជំនឿ មិន​សមហេតុផល ដោយ​ភាព​អវិជ្ជា​ណា​មួយឡើយ។ គ្រប់ការ​រំឭកត្រូវប្រកប​ដោយ​ប្រាជ្ញា មូលដ្ឋាន​ចំណេះដឹង គុណធម៌ សីលធម៌ សុជីវធម៌សន្តិភាព និង​បែប​វិទ្យាសាស្រ្ត។
ឃ. ហ្វឹកហាត់ខ្លួនឱ្យទៅរកភាពវិជ្ជមាន៖ ការ​គិត​វិជ្ជមាននឹង​​នាំ​អ្នក​ ឱ្យ​ឈាន​ទៅ​ដល់​ការ​ធ្វើ​សកម្មភាព​វិជ្ជ
មានយូរៗ​ទៅ​វា​នឹង​បង្កើត​បាន​ទៅ​ជា​ទម្លាប់ ជា​លទ្ធផល​ចុង​ក្រោយ​ដែល​លោក​អ្នក​នឹង​ទទួល​បានគឺ​វិជ្ជ​មាន។
ង. ត្រូវ​មានបេសកកម្មក្នុងជីវិត៖ការ​ដាក់​គោល​ដៅ​ជីវិតគឺ​ជា​ការ​កំណត់​ព្រំដែន​នៃ​ភាព​ជោគ​ជ័យ​របស់អ្នក។កាល​ណា​អ្នក​មាន​គោលដៅ​ក្នុង​សេចក្តី​ត្រូវ​ការ​របស់​អ្នក​ច្បាស់​លាស់ ​នោះ​​អ្នក​​នឹង​​ធ្វើអ្វីៗ ដើម្បី​តែ​ភាពជោគ​ជ័យ​ក្នុង​គោលដៅ​របស់អ្នក​ប៉ុណ្ណោះ ពុំ​មាន​ពេល​វេលា​ឯណា​ទៅ​គិត​រឿង​ផ្សេងៗ​ឡើយ។

ឧបសគ្គ​សំខាន់ៗ​នៃ​ការ​រំាងស្ទះ​គំនិត​វិជ្ជ​មាន មាន​ដូចជា៖
១. គ្រោះអវិជ្ជា (មោហៈ)៖ការ​មិន​ចូល​ចិត្ត​ការ​រៀន​សូត្រ មិន​ខិត​ខំ​ស្រាវជ្រាវ មិន​សូវ​យល់​ដឹង​ពី​សង្គម និង
ធម្មជាតិ។
២. ការសេពគប់មនុស្សមិនល្អ (មោហៈ)៖ការ​និយម​រាប់​អានចូល​ដៃ​ជើង​ជាមួយ មនុស្ស​ដែល​មិន​ប្រកប​ទៅ​ដោយសីលធម៌ គុណធម៌ សុជីវធម៌ សុចរិតចំណេះដឹង និង​បទ​ពិសោធន៍​ទូលំ​ទូលាយ​ក្នុង​ជីវិត។ ការ​ចូល​ចិត្ត​សេព​គប់មនុស្ស​ប្រើ​ប្រាស់​អំពើ​ហឹង្សា មនុស្ស​មិន​ចូល​ចិត្ត​គោរព​ច្បាប់​ទម្លាប់ មិន​គោរព​កោត​ខ្លាច​អ្នក​ដទៃ​ដែល​ជា​ចាស់ទុំ​ជា​ដើម។
៣. ការប្រកាន់យកនូវគំនិតលោភៈ៖ការ​ចង់​បាន​ហួស​ប្រមាណ មិន​ចេះ​ស្កប់ស្កល់ ចង់​បាន​របស់អ្នកដទៃ​ដោយ
ឥត​អៀន​ខ្មាស ការ​ចង់​បាន​តែ​មុខ​មាត់ជា​ដើម។ល។

វិធីសាស្រ្ត​ជំនះ​ឧបសគ្គនៃគំនិតវិជ្ជមាន​រួម​មាន៖
១.  ត្រូវ​ខិត​ខំ​រៀន​សូត្រ​ជា​ប្រចាំ ទាំង​ចំណេះ​ដឹង​ទូទៅនិង​ទាំង​ជំនាញ​ផ្ទាល់​ខ្លួន។ ការសិក្សា​ត្រូវបន្ត​ធ្វើ​ពេញ​មួយ
ជីវិតរបស់ខ្លួន មិនថាពុទ្ធចក្រនិងអាណាចក្រ។
២. ត្រូវ​ព្យាយាម​ចូល​ឱ្យ​ជិត​ទៅ​រក​អ្នក​ប្រាជ្ញ​បណ្ឌិត​ទាំង​ឡាយ​ណា ដែល​ប្រកប​ទៅ​ដោយ​សីលធម៌ សុជីវធម៌ គុណធម៌ សប្បុរសធម៌។
៣. ត្រូវ​ព្យាយាម​ជំនះ​នូវ​រាល់​គំនិត​លោភៈ ទោសៈ មោហៈ ទាំង​ឡាយ​ទាំង​នៅ​ក្នុង​ខ្លួនឯង និង​នៅ​ក្នុង​ខ្លួន​មនុស្ស​​ដទៃ​ទៀត។
៤. ត្រូវ​ប្រកាន់​ខ្ជាប់​តាម​គោលធម៌​របស់​ព្រះពុទ្ធ គឺអដ្ឋមគ្គ (មាគ៌ាទំាងប្រាំបី)ដ៏ប្រសើរ។
៥. ត្រូវ​គិត​ថា ទាំង​មនុស្ស ទាំង​សត្វកើត​មក​តែង​តែ​ប្រាថ្នា​នូវ​សេចក្តី​សុខ មិន​ចង់​បាន​សេចក្តី​ទុក្ខ​ឡើង។ដូច្នេះ​ 
យើង​មិន​ត្រូវ​មានការបៀតបៀនសេចក្តីសុខ​របស់​អ្នក​ដទៃឡើយ។
៦. យើង​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​ឥរិយា​ផ្តល់​សេចក្តីសុខ​ទាំង​សម្រាប់ខ្លួនឯង និង​ទាំង​សម្រាប់​អ្នក​ដទៃ។
៧. ត្រូវ​យល់​ថា ជីវិត​កើត​មក គឺ​ដើម្បី​ក្តី​សង្ឃឹម មិន​មែន​ដើម្បី​ទុក្ខ​សោកឬការ​អស់​សង្ឃឹម​ឡើយ។ បញ្ហា​ទាំង​អស់​សុទ្ធ​តែ​អាច​ដោះ​ស្រាយបាន។

សរុប​មក​វិញ អានុភាព​នៃ​គំនិត​វិជ្ជមាន នឹង​ជួយ​ជម្រុញ​ឱ្យ​លោក​អ្នក​ទទួល​បាន​នូវ​ភាព​ជោគជ័យ​យ៉ាង​ធំ​ធេង
​ក្នុង​ជីវិត។ មនុស្ស​ដែល​មាន​គំនិត​វិជ្ជមាន​រមែង​ទទួល​បាន​នូវ​សម្បត្តិ​មហាសាល​ទាំង​ប្រាំ​យ៉ាង​ដូចជា៖ ទំនាក់
ទំនង​ដ៏​ប្រសើរ ចិត្ត​ព្រលឹង​ភ្លឺថ្លារាង​កាយ​មាំ​មួន ហិរញ្ញវត្ថុ​មាំ​ទាំ ប្រាជ្ញា​ឈ្លាស​វៃ។ចូរ​ប្រកាន់​យក​គំនិត​បែប
វិជ្ជមាន​ជានិច្ចនិរន្តន៍ដើម្បី​អភិវឌ្ឍ​ខ្លួន​ឯង សង្គម និង​ប្រទេស​ជាតិ៕

No comments:

Post a Comment