Wednesday, October 29, 2014

ឺWay To Make Chechouv and Sdeydorndeung In Marry Khmer Ceremony

ពិធី​ចែចូវ ស្តីដណ្តឹង ភ្ជាប់ពាក្យ​ក្នុង​ច្បាប់​អាពាហ៍ពិពាហ៍​ខ្មែរ
ក​- ការ​ចែចូវ​

​       មាតាបិតា​ខាង​កូនប្រុស កាល​បើ​សម្គាល់​ឃើញ​កូនស្រី​នរណា​ម្នាក់​គួរ​ជាទី​ពេញចិត្ត ហើយ​ចង់បាន​ធ្វើ​ជា​អនាគត​កូនប្រសារ ត្រូវ​ពឹងពាក់​អ្នក​ស្រឡាញ់​ទុកចិត្ត​ណា​ម្នាក់ (​ហៅ​ថា​អ្នកផ្លូវ​) ឱ្យ​ចូល​ទៅ​ស៊ើប​មើល​ថា តើ​នាង​កញ្ញា​នោះ​នៅ​ទំនេរ​ដែរឬទេ ? ការ​ចែចូវ​ត្រូវ​មាន​បី​លើក​គឺ​៖
​    លើក​ទី​១ អ្នកផ្លូវ​គ្រាន់តែ​ចូល​ទៅ​សួរសុខទុក្ខ​តែ​ដៃ​ទទេ ។
​  ​លើក​ទី​២ អ្នកផ្លូវ​ចូលទៅ​តែ​ដៃទទេ​ទៀត ។ និយាយ​លេង​ពី​នេះ​ពី​នោះ ។ គ្រាន់តែ​ស្ទង់ចិត្ត​ថ្លើម​មាតាបិតា​ខាង​កូនស្រី ។​
​   ​លើក​ទី​៣ បន្ទាប់​ពី​អ្នកផ្លូវ​គិតថា​មាន​សង្ឃឹម លើក​នេះ​ត្រូវមាន​ប្រដាប់​កំដរដៃ​បន្តិចបន្តួច​យក​ទៅ​ជាមួយ​ផង ដូចជា បារី ម្លូ ស្លា ដាក់​ក្នុងពាន ។​​  

  ​ខ​- ការ​ស្តីដណ្តឹង​

       ​មាតាបិតា​ខាង​ប្រុស​រក ​មនុស្ស​អ្នក​មុខ អ្នក​ការ មាន​វោហា ៣​នាក់ ឱ្យធ្វើ​ជា​អ្នកផ្លូវ​ចូល​ទៅ​ស្តីដណ្តឹង កូនស្រី​ដោយ​មាន​រង​សម្ងាចមួយ​ គឺ​រង​ឬ​ថាស​ប្រាក់ (ឬ​ស្ពាន់)​ក្រាល​កន្សែង​បញ្ចពណ៌​(​ច្របុច​) រៀប​គ្រឿង​ប្រអប់
ស្លា​គ្រប់​ប្រដាប់​មាន ស្លា ម្លូ ថ្នាំជក់ ស្លា​ជ្វា កំ​បោរ ជា​របស់​កំដរដៃ​ដូច​កាលពី​ពេល​ចែចូវ និង​ត្រូវមានផ្លែឈើ​ ឬ​នំ
​មួយគូ ពីរ​គូ​ទៀតផង ។ ពិធីស្តីដណ្តឹង​ក៏​ត្រូវមាន ៣ លើក​ដែរ ប៉ុន្តែ​សព្វថ្ងៃ​គេ​និយម​ធ្វើ​តែ​មួយ​លើក​ជា​ការ​ស្រេច ។​ 
លើក​ទី​១ អ្នកផ្លូវ​ត្រូវ​ជម្រាប​ទៅ​មេបា​ជា​ពាក្យ​យ៉ាង​នេះ​ថា​: “ សូម​ទាន សូម​ជម្រាប​អស់លោកមេបា​តូចធំ ត្រកូល​រៀមច្បង សូម​ទាន​ជ្រាប ដ្បិត (​ប្រាប់​នាម និង​ងារ​មាតា បិតា​ខាង​ប្រុស ) ពឹង​ពរ​រក​យើងខ្ញុំទាំង៣​នាក់ ឱ្យធ្វើ​ជា​អ្នកផ្លូវ នាំ​ភស្តុភារ ​បណ្ណាការ​មក​ជូន​លោក​មេបា សុំ​ស្គាល់ សុំ​ស្រឡាញ់​ជា​សម្ព័ន្ធ​មិត្រ​នឹងអស់លោក​មេបា​តូច​ធំ​ទាំង​អស់​តរៀង​ទៅ ហើយ​សូម​ស្តីដណ្តឹង​កូនស្រី​លោក​មេបា ឈ្មោះ​នាង​………​ថា​នៅ​ទំនេរ​ឥតមាន​ទាក់ទាម​សម្តី​នឹង​អ្នក​ណា​ទេ ឬ​ដូចម្តេច ?

​       មេបា​ឆ្លើយថា កូនស្រី​របស់​ខ្លួន​ជាប់​សម្តី​នឹង​ញាតិ គេ​បាន​នាវ​ទុក​តាំង​ពី​តូច​មក តែ​ឥឡូវ​បាត់ដំណឹង​សូន្យឈឹង មិនដឹង​ជា​យ៉ាងណា ? (​សូម្បី​គ្មាន​គេ​នាវ​ទុក​ក៏ដោយ ក៏​មេបា​ត្រូវតែ​ប្រើ​ពាក្យសម្តី​បែបនេះ​ដែរ ព្រោះ​ដើម្បីឱ្យ​តម្លៃ និង​លើកតម្កើង​កិត្តិយស​កូនស្រី ) ។
​          អ្នកផ្លូវ​ជម្រាប​បន្តថា​: បើដូច្នោះ សុំ​លោក​មេត្តា​ដោះ​ជំពាក់​សម្តី​នឹង​ញាតិ​នោះ​ឱ្យទាន ក្រែង​បាន​ប្រកប និង បានជា​សម្ព័ន្ធ​មិត្រ​នឹង​គ្នា​តរៀង​ទៅ​… ” ។​​        លើក​ទី​២   អ្នកផ្លូវ ​ចូលទៅ​ដូច​មុន ហើយ​និយាយ​ថា​: “ …​ដ្បិត​ជើង​មុន យើងខ្ញុំ​សុំឱ្យ​លោក​មេបា​ដោះ​ពាក្យ ដែល​ជំពាក់​នោះ ឥឡូវនេះ​លោក​បាន​ដោះ​រួចហើយ ឬ​នៅ ? ” ​មេបា​ឆ្លើយតប​ថា​: “ យើង​បាន​ដោះ​ពាក្យ​ជំពាក់​នោះ​រួចហើយ ! ”

​       អ្នកផ្លូវ​ត្រូវ​ជម្រាប​ បន្តថា “ សូម​ទាន សូម​ជម្រាប លោក​មេបា​តូចធំ ត្រកូល​រៀមច្បង​សូមទាន​ជ្រាប ! ដ្បិត​លោក​………​អ្នក​……ពឹង​យើងខ្ញុំ​ជា​អ្នកផ្លូវ​មក​សុំ ​ជា​សាច់ ជា​សន្តាន ជា​ស្ពានមេត្រី សុំ​ដណ្តឹង នាង​………..​ជា​កូន​លោក​……….​អ្នក​………ឱ្យ​ជា​គូ​ សម្ព័ន្ធ​វង្ស​នឹង​លោក​……….​ជា​កូនប្រុស​……..​លោក​………​និង​ អ្នក​….​។  គួរ​ពុំគួរ​យើងខ្ញុំ​សូម​អភ័យទោស ” ។​

​        មេបា​ឆ្លើយថា​: “ យើង​សព្វថ្ងៃ រក​តែ​ញាតិ​ច្រើន​ក្រែង​ដើរ​ជិត​ឆ្ងាយ​ស្ទាក់ស្ទើរ​ដំណើរ​ គ្រាន់​នឹងបានជា​ទីសំចត​ស្នាក់អាស្រ័យ​សោះ​នឹង​បារម្ភ តែ​ត្រង់​មក​ដណ្តឹង​កូនស្រី​យើងខ្ញុំ​នេះ យើងខ្ញុំ​យល់​ថា អ្នកខាង​ណេះ​មិន​គួរ​នឹងម​កចង់ ជាប់​សាច់សន្តាន​នឹង​យើង​សោះ ព្រោះ​កូនស្រី​យើងខ្ញុំ​មាន​រូបឆោម​លោម​ពណ៌ សម្បុរ​មិន​ឆើត ហើយ​ល្ងង់ខ្លៅ​មិនចេះ ធ្វើការ​រកស៊ី​ឱ្យ​ពិតប្រាកដ​ផង ក្រែង​បាន​ទៅ​ជា​សាច់ញាតិ​ហើយ​ត្រឡប់​ទៅ​ជា​មាន​តំណិះតិះដៀល​ដោយហេតុផ្សេងៗ​ មកដល់​យើង​ជា​មេបា​នេះ ” ។​

​         អ្នកផ្លូវ​ជម្រាប​ថា​ “ ហេតុ​ត្រង់ណេះ សុំ​កុំឱ្យ​លោក​មេបា​ព្រួយ ទោះបី​អាក្រក់ ល្អ ស ខ្មៅ​ជួរជង​ដូចម្តេច ចេះតែ​ស្រឡាញ់​មិន​មាន​រង្គៀស​គ្នាន់ក្នាញ់​ដោយ​ហេតុ​អ្វីៗ​ទេ បានជា​សង្វាត​សុំ​ទាំង​ម្ល៉េះ សូម​លោក​មេបា​មេត្តា​អនុគ្រោះ អនុញ្ញាត​ឱ្យ​ទាន ” ។​​មេបា​ឆ្លើយថា​ “ បើ​ដូច្នេះ អ្នក​ទៅ​វិញ​សិន​ចុះ ចាំ​យើង​ពិគ្រោះ​នឹង​ញាតិ​ជិត​ឆ្ងាយ​មើល​សិន ” ។​​        លើក​ទី​៣​  អ្នកផ្លូវ​សុំ​ស្តីដណ្តឹង​ម្តងទៀត តែ​មេបា​តូច (​មេបា​ស្រី​)​ឆ្លើយ​ថា​ស្រេច​លើ​មេបា​ធំ (​មេបា​ប្រុស )​ ។​

​         មេបា​ប្រុស ​ឆ្លើយថា​ “ អ្នក​និយាយ​សុំ​ស្តីដណ្តឹង​កូនចៅ​យើង​នេះ យើង​នឹង​និយាយ​កិច្ចការអ្វី​ជា​ស្រេចដាច់ខាត​នឹង​អ្នក​ជា​អ្នកផ្លូវ​ ពុំទាន់​បាន​ទេ ដ្បិត​អ្នកជា​ស្រី​មាន​ស្មារតី​តិច ច្រើន​ភ្លេចមុខ ភ្លេចក្រោយ ក្រែង​នឹង​ទទួល​ការ​សព្វគ្រប់​ពុំបាន បើ​ដូច្នេះ​សូម​អ្នក​ត្រឡប់​ទៅ​ប្រាប់​អ្នក​សាមីដើមការ​ឱ្យ​ពឹង​ពរ​រក​ ប្រុស៣នាក់ ដែល​ចេះដឹង​ចាំ​វិធី​ការ ធ្លាប់ធ្វើ​ជា​មហាមក​ប្រាស្រ័យ​នឹង​យើង​ជា​មេបា​ធំ ដើម្បី​នឹង​និយាយ​កា​តទៅ ” ។​​បន្ទាប់​មក​អ្នកផ្លូវ​ទៅ​ប្រាប់​អ្នក​សាមីដើមការ​តាម​សម្ដី​មេបា​ធំ ។​

​គ​- ការ​ស្តីដណ្តឹង​ភ្ជាប់ពាក្យ​
​​​​​​         មេបា​ ខាង​ប្រុស​បាន​បង្គាប់​ឱ្យ​អ្នក​ផ្លូវ​ជ្រើសរើស​រក​បុរស​បីនាក់ ធ្វើ​ជា​មហា​ដើម្បី​និយាយ​ការ​ស្តីដណ្តឹង ។
​លោក​មហា​ត្រូវ​ជម្រាប​ទៅ​ លោក​មេបា​ថា​:
​សូម​ទាន​ជ្រាប​ជម្រាប​លោក​មេបា​តូចធំ ត្រកូល​រៀមច្បង​សូម​ទាន​ជ្រាប​! ដ្បិត​ពេលនេះ​អ្នក​សាមីដើមការ បាន
​ពឹង​ពរ​រក​ខ្ញុំបាទ​នាម ……….. មាន​ងារ​ជា ……….. ប្រពន្ធ​ឈ្មោះ …………. នៅ​ភូមិ …….. សង្កាត់ ………. ស្រុក​…. ខេត្ត ……….ឱ្យធ្វើ​ជា​មហា មក​ប្រណិប័តន៍​លោក​មេបា​ជម្រាប​ការ​មង្គលដូចតទៅ ។ ហើយ​បើ​គួរ​ពុំគួរ សូម​ប្រសាសន៍ !លោក​មេបា​ឆ្លើយតប​ថា​: យើង​ជា​មេបា​ពិនិត្យ​ទៅ​ឃើញ​ថា   អ្នក​ទាំង​បី​សក្តិ​សមល្មម​ធ្វើ​ជា​មហា​និយាយ​ការ​មង្គល​បាន​ហើយ​សូម​រៀបចំ ​ប្រាណ​តាមរបៀប​មហា​ឱ្យ​ពេញ​លក្ខណៈ​មក​ចុះ ។​​ លោក​មហា​ម្នាក់​ក៏​ប្តឹង​ថា​: 
បើ​អញ្ចឹង​យើងខ្ញុំ​ទាំងបី​សូម​អនុញ្ញាត​ពាក់អាវ​ផាយ​ស្រាយ​មាត់​ថង់ តម្រង់​មាត់ពែ​ង អុជ​ទៀន​ប្រណិប័តន៍ ចាក់​ស្រា ឬ​តែ​ពែង​ពីរ​គោរព​លោក​មេបា​ដូចតទៅ ។ សូម​ទាន​ជ្រាប​ជម្រាប​លោក​មេបា​តូចធំ​ត្រកូល​រៀមច្បង សូម​ទាន​ជ្រាប ដ្បិត​វេលា​គ្រា​ឥឡូវ​លោក ……….. អ្នកស្រី ……… ជា​សាមីដើមការ​បាន​ពឹង យើងខ្ញុំ​ទាំង​បី​នាក់​ជា​មហាមក​ប្រណិប័តន៍​លោក​មេបា​ដើម្បី​សូម​ស្តីដណ្តឹង ​នាង ………. ជា​កូនស្រី​លោក​មេបា​ឱ្យ​ជា​សម្ព័ន្ធវង្ស នឹង​លោក ……….. ជា​កូនប្រុស​សាមី​ដើមការ ឱ្យបាន​ជា​សាច់សន្តាន​ដ៏​ជិតស្និទ្ធ​តទៅ គួរ​ពុំគួរសូមមេត្តា​អភ័យទោស សូមទាន​មានប្រសាសន៍ ។

       មេបា​តប​វិញ​ថា​: ដែល​លោក​មហា​ជម្រាប​យើង​នេះ យើង​ក៏​ស្តាប់​បានតែ​យើង​មិន​ដែល​បានឃើញ បាន​ស្គាល់​កូនប្រុស​អ្នក​សាមី​ដើមការ មិនដឹង​ជា​មាន​សណ្ឋាន​រូប ឆោម​លោម​ពណ៌​ល្អ អាក្រក់ ខ្វាក់ ខ្វិន គ​ថ្លង់ ទុព្ធលភាព​យ៉ាងណា​នោះ​ទេ ម្យ៉ាង​បើ​រូបសម្បត្តិ​ល្អ​បរិសុទ្ធ​ហើយ ប៉ុន្តែ​កិរិយាមារយា​ទទុរ ជន​អបលក្ខណ៍ ជា​អ្នក​លេង​ល្បែងស៊ីសង មាន​សេព​សុរាមេរ័យ ជក់​អាភៀន​ញៀន​កញ្ឆា មិន​ចេះ​ធ្វើ​ការរកស៊ី​ដូច​អ្នក ផងទាំងពួង​នោះ​មួយ ឬក៏​មាន​ស្រី​កំណាន់​ប្រកាន់​ចិត្ត​លួចលាក់​រួចហើយនោះ​មួយ លើសពី​នេះ​ក្រែង មាន​ជំពាក់​បំណុល​បុល​ការប្រាក់​គេ​នោះ​មួយ ហេតុ​នេះ​យើង​ជា​មេបា​នឹង​ឆ្លើយ​ព្រម​ឱ្យ​មិន​ទាន់​បាន​ទេ ចាំ​ស៊ើប​សព្ទ​ស្តាប់​មើល​សិន បើ​ឃើញ​ថា​ល្អ​បរិសុទ្ធ​ឥត​មាន​មោះ ចំពោះ​ត្រង់​ណា​មួយ​នោះ យើង​ជា​មេបា​នឹង​មិន​ជា​អ្វី​នោះឡើយ ។​​       មហា​ម្នាក់​តប​ឡើង​ថា​ សាមី​កូនប្រុស​នឹង​នាំ​មក​ជូន​លោក​មេបា​ពិនិត្យមើល​ឱ្យបាន​ច្បាស់​នឹង​ត្រង់ ​កិរិយាមារយាទ កូនប្រុស​សាមីដើមការ​នោះ​ពិតជា​បុរស​សុភាពរាបសា​ល្អ​បរិសុទ្ធ ឥត​មាន​សេចក្តី​សៅហ្មង ដោយ​បទ​អាក្រក់​ណាមួយ​ទេ ទាំង​មាន​ចំណេះវិជ្ជា ឆ្លៀវឆ្លាត​សង្វាត​រកស៊ី​លើស​កំលោះ​​ផងទាំងពួង ។ បើ​លោក​មេបា​ស៊ើប​ទៅ​ឃើញថា សាមីខ្លួនកូនប្រុស​នោះ​ជា​មនុស្ស​ជួរជាតិ​មារយាទ​អាក្រក់​ក្នុង​បទ​ណាមួយ​ នោះ មហា​ខ្ញុំបាទ​សូម​ទទួល ខុស​លើ​ខ្លួន​តាមច្បាប់​សម្រាប់​ស្រុក ។ ឯ​ភស្តុភារ​បណ្ណាការ​ក៏​សូម​ជូន​លោក​មេបា​ពិសា​ទទេ​ដោយ​មិន​ឱ្យ​បង់ខាត​ អ្វី​សោះឡើយ ទោះបីជា​គ្មាន​ព្រេងសំណាង​នឹង​គ្នា​ត​ទៅ​អនាគត​នោះ​ក៏​ដោយ ។​​          មេបា​ឆ្លើយតប​វិញ​ថា​ បើ​លោក​មហា​ហ៊ាន​រ៉ាប់រង​ទទួលខុសត្រូវ​លើ​ខ្លួន​ជា​ប្រាកដ​ដូច្នោះ ពិតមែនតែ​គ្មាន​លិខិត​សញ្ញា តែ​វាចា​ក្នុង​ទី​ចំណោមយ៉ាងនេះ​ក៏បញ្ជាក់ថា យក​ជា​កិច្ចសន្យា​បាន​ហើយ ។ បើ​អ្នកមហា​ថា ល្អ​ប្រាកដ​ហើយ យើង​ជា​មេបា​ក៏​យល់ព្រម​ឱ្យតែ​បើ​យើង​ឱ្យ​ទៅ​ហើយ​មិន​ទាន់​ដល់​ថ្ងៃ​រៀប​ មង្គលការ ប្រសិនបើ​ស៊ើប​ទៅ​ដឹងថា កូនប្រុស​សាមីដើមការ​នោះ​បាន​ប្រព្រឹត្ត​បទ​អាក្រក់​ឯ​ណា​មួយ​នោះ យើង​នឹង​ហៅ​លោក​មហា​មកវិញ ដោយ​សុំផ្តាច់​សេចក្តី​ព្រមព្រៀងនោះ​វិញ ដែល​មិន​អាច​មាន​បទ​អ្វី​មក​ជំទាស់​យើង​បានឡើយ ។
​        លោក​មហា​ជម្រាប​តប​ថា​ : លោក​មេបា​មានប្រសាសន៍​មក​ទាំង​ប៉ុន្មាន មហា​យើងខ្ញុំ​សូម​ទទួល​ទាំងអស់ ។​
       ​ មេបា​តប​ជាថ្មី​: បើ​ដូច្នេះ​យើង​ក៏​ព្រម​ឱ្យ​កូនស្រី​យើង​ទៅ​ជា​គូ​វាសនា​រួម​សន្តាន​វង្ស​ នឹង​កូនប្រុស លោកអ្នក 
 សាមីដើមការ​ខាង​ណោះ​ហើយ សូម​លោក​មហា​ទៅ​ប្រាប់​អ្នក​សាមី​ដើមការ នាំនូវ​ភស្តុភារបណ្ណាការ​ជា​ជំនូន​ស៊ី
​ស្លា​ធំ​ភ្ជាប់ពាក្យ​តែម្តង​ចុះ ។​​​​​​​​​​​​​         ក្រោយ​បាន​ទទួលដំណឹង​នេះហើយ លោក​មេបា​ខាង​ប្រុស​ក៏​រៀបចំ​ជំនូន​ទទួល​អំណរ និង​ស្លា​ម្លូ​សម្រាប់ ស៊ី​ស្លាដក់ ស្លា​កន្សែង ។ បន្ទាប់មកឱ្យ​អ្នកមហា​នាំនូវ​ភស្តុភារ​បណ្ណាការ​មក​ជូន​លោក​មេបា​ទទួល​អំណរ ទាំង​ស៊ី​ស្លា​ដក់ ស្លា​កន្សែង ក្នុង​គ្រា​នោះ​ផង ។ លោក​មេបា​កាលបើ​បាន​ទទួល​ជំនូន​រួចហើយ​ក៏​ប្រជុំ​ញាតិ​ស៊ី​ស្លា​ដក់ ស្លា​កន្សែង ។ អ្នកមហា​ត្រូវ​លើក​ថង់រង ឯ​អ្នក​ផ្លួវត្រូវ​លើក​រង​សម្ងា​ច មាន​ម្លូ​មូរ ២ សន្លឹក ហៅ​ថា​ស្លា​មាត់ចាប​ដាក់ជូន​មេបា ។​​          ភស្តុភារ​បណ្ណាការ​មាន​ផ្លែឈើ៣៦មុខ មួយ​មុខ​មួយគូរ ព្រម​ជាមួយរបស់​បញ្ចាំ​ចិត្ត គ្រឿង​មាស ពេជ្រ និង គ្រឿង​អាភរណៈ​ទាំងពួង​តាម​កម្លាំង​ធនធាន ។ លោក​ចៅ​មហា​ក៏​ចាប់​ផ្តើមនិយាយ​ការ​: សូម​ទាន​ជ្រាប​ជម្រាប លោក​មេបា​ដ្បិត​ជើង​មុន​មហា​ខ្ញុំបាទ​បាន​ចូល​មក​សុំ​ស្តីដណ្តឹង​លោក​មេបា​ ក៏​បាន​អនុញ្ញាត​ព្រមឱ្យ ឥឡូវនេះ​លោក សាមីដើមការ​ឱ្យ​មហា​ខ្ញុំបាទ​នាំយក​ភស្តុភារ​បណ្ណាការ និង​របស់​បញ្ចាំ​(​កំ​ជាប់​)​ចិត្ត ព្រមទាំង​សូម​ស៊ី​ម្លូ​ស្លា​ភ្ជាប់ពាក្យ តែម្តង សូម​លោក​មេបា​អនុញ្ញាត​តាម​ការ​គួរ ។ ពេលនោះ មេបា​ក៏បាន​ឆ្លើយ​យល់ព្រម​តាម​ពាក្យ​ដែល​មហា​បាន​ស្នើសុំ ។លោក​មហា​ ក៏ចាត់​ក្មេងប្រុស​ម្នាក់​បី​ថង់រង​ជូន​មេបា​ធំ (​ប្រុស ) និង​អ្នកផ្លូវ​ក៏​ចាត់​ឱ្យ​ក្មេងស្រី​ម្នាក់ បី​ថង់រងជូន​ទៅ​លោក​មេបា​តូច (​ស្រី ) បន្ទាប់មក​ត្រូវ​ឱ្យ​មេបា​តូចធំ​ណា​ម្នាក់​ដែល​មាន​អាយុ​ច្រើនជាងគេ (​ច្បង ) ចាប់​យក​ម្លូ​ពីរ​សន្លឹក​មុនគេ ទើប​មេបា​ដែល​មាន​អាយុ​តិច​ជាង​បន្តបន្ទាប់​គ្នា ចាប់​យក​ម្លូ​ពីរ​សន្លឹក​ម្នាក់ ទាល់តែ​អស់​ញាតិ ។ បន្ទាប់​ទៀត​កុមារានិង​កុមារី​ត្រូវ​លើក​ថង់រង​ទៅឱ្យ​មេបា​ធំ​ច្បង​គេ​នោះ​ ចាប់​យក​ម្លូ​ម្តងទៀត​មក​បៀក​ពិសា​បែប​នោះ​ហៅថា “ ពិសារ​ស្លា​ប្រសព្វ​មុខ ”  ជាមួយ​នោះ​មេបា​ទាំង សង្ខាង​ព្រមទាំង​ញាតិ​សាច់​សាលោហិត ទាំងអស់​ក៏​ប្រសិទ្ធពរ​ជ័យ​សិរី​មង្គល​ជូន​ដល់​សាមីខ្លួន​ជូន​កូន​ប្រុស​ ស្រី ដែល​នឹង​ក្លាយ​ជា​គូស្វាមីភរិយា​ថ្មី​ឱ្យ​ប្រកប​សេចក្តីសុខ​ចម្រើន ។

​           បន្ទាប់​មក​អ្នកផ្លូវ​ក៏​យក​គ្រឿង​អ​ភ​រណៈទៅ​បំពាក់ជូន​សាមីខ្លួ​នខា​ង​ស្រី ឬក៏​ប្រគល់ឱ្យទៅ​មេបា​ខាង​ស្រី​តែម្តង​ក៏បាន ។​ដើម្បី​លោះ​ព្រលឹង​ កូនស្រី គេ​អាច​ធ្វើ​ពិធី​ជញ្ជាត់ព្រលឹង ឬ​គួច​ព្រលឹង ដោយ​ឱ្យ​កូន​ប្រុស​និង​កូនស្រី​បំពាក់ គ្រឿងអលង្ការ បញ្ចាំចិត្ត​គ្នា​ទៅវិញទៅមក ដើម្បី​ជា​អនុស្សាវរីយ៍​តរៀង​ទៅ ។

​          លំដាប់​ ពី​ស៊ី​ស្លា​ភ្ជាប់ពាក្យ​រួចហើយ លោក​មហា​ក៏​រៀប​កំណត់​ពេលា​ចេកមាស​ជូន​លោក​មេបា ។ បើ​ធ្វើ​រួម (​ស៊ី​គួប​) មហា​ត្រូវ​ជម្រាប​មេបា​ថា សូម​ជូន​ពេលា​រួម​ជាមួយ​ពេលដែល​ជូន​របស់​បញ្ចាំចិត្តនោះ​តែម្តង ។ តែបើ​បែក គ្នា​(​ស៊ី​ញែក​) មហា​ត្រូវ​ជម្រាប​លោក​មេបា​ថា សុំ​ជូន​ពេលា​ញែក ។ បន្ទាប់មក​ទើបមេបា​ទាំងសង្ខាង​ឯកភាព​រក លោក​អាចារ្យ​គន់គូ​រក​ថ្ងៃខែ​សម្រាប់​រៀប​មង្គលការ ៕
​ដកស្រង់​ពី​សៀវភៅ​ពិធីបុណ្យ​ទំនៀមទម្លាប់​ខ្មែរ

No comments:

Post a Comment