Wednesday, October 29, 2014

To Bury Body

ការបូជាសព
 ​       ដើម្បីស្វែងយល់ពីពិធីនេះ គប្បីត្រូវដឹងថា នា​ដើម​សតវត្សរ៍ទី ១ នៃគ្រិស្តសករាជ ​ខ្មែរយើង​បាន​ទទួល​ឥទ្ធិពល​​នៃ​វប្បធម៌​ក្លិង្គ​ដែល​មាន​ព្រហ្មញ្ញសាសនា​ និង​ពុទ្ធសាសនា​ជាមូលដ្ឋាន ។  ដូច្នេះ​ក្នុង​បរិស្ថាន​វប្បធម៌​សំស្ក្រឹត ជនជាតិ​ខ្មែរ​យើង​បាន​ផ្លាស់​ប្ដូរ​ទម្រង់​វប្បធម៌​របស់​ខ្លួនបន្តិចម្ដងៗ ពីពិធីកប់សពទៅពិធីបូជាសព​ដូច​ដែល​បានកត់ត្រា​ទុកក្នុង​កំណត់​ហេតុ​ចិន​នា​ សម័យ​បុរាណ ។តាមកំណត់ហេតុចិន បានឱ្យយើងដឹងថា ខ្មែរ​បូជា​សព​ដោយ​មាន​វត្តមាន​របស់​ព្រះភិក្ខុ​សង្ឃ​​មិនខុស​​ពី​ប្រពៃណី​​ ដែលខ្មែរប្រារព្ធនៅក្នុងពេលបច្ចុប្បន្នប៉ុន្មានទេ ។  ពេលឪពុកម្ដាយ​ទទួលមរណភាព កូនចៅអត់បាយទឹក ៧ ថ្ងៃ ។  ពួកគេកោរសក់ដើម្បីកាន់ទុក្ខ ហើយទ្រហោ​យំផង ។  ក្រុមគ្រួសារបាននិមន្តព្រះសង្ឃ​និងព្រះភិក្ខុនី​មក​សូត្រធម៌ ហើយ​ហែរ​ក្បួន​សព​ទៅ​កាន់កន្លែងបូជាដោយមានភ្លេងខ្មោចលេងកំដរ ។  សពត្រូវបូជាក្នុង​បច្ឆា​សង់​ដោយ​ឈើក្រអូប ។  ក្រោយពីបូជាព្រះភ្លើងរួច គេរើសធាតុដាក់ក្នុងកោដ្ឋធ្វើអំពីដីដុតដោយមានលាបពណ៌​    ផ្សេងៗ​ ឬមាស បើអ្នកស្លាប់នោះជាព្រះរាជវង្សានុវង្ស ឬជាព្រះមហាក្សត្រ ។ឯកសារខាងលើនេះ បាន​បញ្ជាក់​នូវ​ចំណាស់​នៃ​ទំនៀម​ទម្លាប់​ដុតខ្មោច​នា​សម័យ​នគរភ្នំ ក៏ប៉ុន្តែបញ្ហា​​ដែល​​ចោទ​​ឡើង​នៅទីនេះ គឺហេតុ​ដូចម្ដេច​បាន​ជាខ្មែរ​នា​សម័យ​នគរភ្នំ​បូជា​សព​​ខុស​​ពីបុព្វការីជ​ន ​​របស់​ខ្លួន​​ដែល​និយម​កប់​​សព​ច្រើនជាងបូជាទៅវិញ ។

​​​​​         បណ្ឌិតមីសែល ត្រាណេ ជាអ្នកស្រាវជ្រាវលើឯកសារជាច្រើនបានបញ្ជាក់ថា តាម​ទ្រឹ​​ស្ដីអំពីព្រលឹង ឬវិញ្ញាណ​ ជនជាតិខ្មែរបុរាណជឿថា ក្រោយ​ពី​ស្លាប់​វិញ្ញាណ​នឹង​ចាប់បដិសន្ធិ​​ឡើង​វិញ ។  ជំនឿនេះសមស្រប​នឹង​លទ្ធិ​ព្រហ្មញ្ញាសាសនា ។  គេជឿថា វិញ្ញាណមនុស្ស ឬអាត្ម័ន​ក្រោយពីមរណភាពអាចនឹងវិវត្តឡើងទៅជួបប្រទះនឹង​វិញ្ញាណ​​​ នៃលោកទាំងមូល ឬព្រាហ្មណ៍ តាមរយៈព្រះអគ្គីដែលដុតកម្ដៅជម្រះធាតុទាំង៥ដែលមាន​ក្នុងខ្លួន​ប្រាណ​របស់​ បុគ្គលនីមួយៗ ។   អាស្រ័យហេតុនេះហើយ បានជាខ្មែរទាំងព្រាហ្មណ៍ ទាំងពុទ្ធសាសនា​និយម​បូជា​សព​នឹង​ព្រះភ្លើង ។លោកមីសែល ត្រាណេ បានបញ្ជាក់ថា អ្វី​ដែល​ពោល​ខាង​លើ​​នេះ​មិនមែន​មាន​ន័យ​ថា​​​មុនសម័យក្លិង្គ​ចូល​ស្រុក ខ្មែរ​មិនចេះបូជាសពនឹងភ្លើងទេ ។   តាមការពិត ជនជាតិ​ខ្មែរ​បាន​ប្រារព្ធ​ធ្វើ​រួចហើយ​ប៉ុន្តែគ្រាន់តែមិនទាន់​មាន​ លក្ខណៈទូទៅ ។  គេ​ចូលចិត្ត​កប់​សព​ច្រើន​ជាង​ដុត​សព ។តាមរយៈការវិវត្តនៃប្រវត្តិសាស្ត្របានឱ្យគេសន្និដ្ឋានថា ការ​ដុត​សព​ទាក់ទិន​នឹង​ជំនឿ​លើ​ភ្លើង ដែលមានលក្ខណៈជាសកល ។  ភ្លើងជាធាតុមួយដែលមានលក្ខណៈពិសិដ្ឋ ដោយ​ហេតុ​ថាវាជាប្រភពនៃជីវិត ។  តាមគម្ពីរវេទ គឺធាតុភ្លើងនេះហើយដែលកម្ដៅលោក បង្កើត​លោក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​ទ្រទ្រង់​លោក ពីភាពឆៅទៅភាពឆ្អិន ពីល្ងង់ទៅភាពភ្លឺស្វាង ពីអវិជ្ជាទៅអារ្យភាព ៘  ដូច្នេះ​ហើយបានជាព្រាហ្មណ៍គោរពបូជាភ្លើងដោយតាំងឈ្មោះថា អគ្គី ។  នៅពេល​ដែល​បុព្វបុរស​ខ្មែរ​ចាប់ផ្ដើមកាន់ព្រហ្មញ្ញសាសនា គេឱ្យឈ្មោះភ្លើងថា ព្រះអគ្គី ក៏​ប៉ុន្តែ​សម័យ​មុន​ប្រវត្តិសាស្ត្រ​គេហៅថា ថ្ងៃ ។  ហើយ​ការ​ដែល​ខ្មែរ​ប្រើ​ពាក្យ​អាទិត្យ​ដែល​ជា​ភាសាសំស្ត្រឹត​ជំនួស​ថ្ងៃ អាចធ្វើ​ឱ្យ​គេមានភាពងាយស្រួលក្នុងការស្វែងយល់ពីអត្ថន័យរួម ។អ្នកប្រាជ្ញខ្មែរសម័យបុរាណបានស្វែងយល់ថា ខ្លួន​ប្រាណ​របស់​បុគ្គល​មនុស្ស​ជា​ការ​ផ្សំផ្គុំ​រវាង​ធាតុទាំង៥ ទឹក ដី ខ្យល់ ភ្លើងនិងវិញ្ញាណ ឬអាត្ម័ន ហើយក្រោយពីស្លាប់ ធាតុទាំង​ប្រាំ​នេះ​ត្រូវត្រឡប់​ទៅកាន់​ប្រភពដើម​វិញ​សម្រាប់ជីវិតអមតៈគឺ ព្រាហ្មណ៍ ។  ព្រាហ្មណ៍ គឺ​ស្ថិត​នៅ​ទី​ខ្ពស់បំផុត ដែលជាទីផុតរំដោះទុក្ខ ។  ដូច្នេះ ដើម្បីអាត្ម័នអាចនឹងទៅកាន់អមតៈ គេ​ត្រូវ​បំពេញ​នូវ​ពិធីបូជាភ្លើងដើម្បីសម្អាតសពស្មោកគ្រោកទៅកាន់បរលោក ។ការវិភាគពាក្យភ្លើង អាចនាំមកនូវសេចក្ដីបំភ្លឺខ្លះដែរទាក់ទិននឹងជំនឿសាសនាខ្មែរ ។ ​ ពាក្យភ្លើងអាច​កើត​ចេញពីពាក្យឡើង គឺអ្វីដែលត្រដែតឡើងពីក្រោមឡើងទៅលើ​ ពី​ឋាន​មួយ​ទៅឋានមួយ ។  តាមរយៈអត្ថន័យនេះ យើងអាចសន្និដានថា ភ្លើង​មិន​ត្រឹម​តែ​នាំ​​ម​ក​នូវ​ថាមពល​ កម្លាំងពលំ គឺនាំមកនូវគ្រឿងបូជាយញ្ញ ដូចជាសព​ទៅ​កាន់​អាទិទេព ឬព្រាហ្មណ៍​ថែមទៀតផង ក្រោយពីដុតសម្អាតភាពស្មោកគ្រោកឱ្យវិនាសអស់ ។  ដូចនេះ ពិធីបូជាសព​របស់​ជនជាតិ​ខ្មែរ​មានអត្ថន័យស៊ីជម្រៅ ពុំំមែនជាជំនឿអកុសលគ្មានខ្លឹមសារទេ ហេតុនេះ​ហើយ​​បានជាជនជាតិ​យើង​​ នៅតែប្រារព្ធមិនដាច់តាំងពីបុរាណកាលរហូតដល់សព្វថ្ងៃ ។

No comments:

Post a Comment