Thursday, October 30, 2014

រឿងប្រលោមលោក៖ កុលាបប៉ៃលិន (ទំព័រ៥)

ការ​ធ្វើ​ដំណើរ​ទៅ​ប៉ៃលិន​
លុះចៅចិត្របានទទួលសំបុត្រគ្រូពេទ្យហើយ ក៏ចាត់ចែងសំពត់អាវដាក់វ៉ាលីសផ្ដៅ នឹងអីវ៉ាន់សម្រាប់ធ្វើដំណើរទៅរួចស្រេចហើយ ក៏ប្រះដេកសម្រាកដោយសេចក្ដីត្រេកអរដ៏លើសលប់ ក្នុងយប់នោះស្ទើរតែដេកមិនលក់ទាល់ភ្លឺ ។ ដល់ម៉ោង៥ជិតភ្លឺ នាឡិកាឯផ្សារវិលវាយឮសូម៉ឺងៗ យ៉ាងច្បាស់លាស់រហូតដល់ផ្ទះចៅចិត្រៗ ក្រោកឡើងលុបលាងមុខមាត់រួច ក៏ស្លៀកពាក់សម្លៀកបំពាក់ យួរវ៉ាលីសចុះពីផ្ទះដើរសំដៅទៅផ្សារវិល បម្រុងនឹងទៅឡើងរថយន្តដែលដើរផ្លូវបាត់ដំបង – បប៉ៃលិន ។ ចៅចិត្រទិញសំបុត្រថ្លៃកន្លែងរួចស្រេចហើយ ក៏អង្គុយចាំដរាបដល់ពេលរថយន្តចេញពីទីផ្សារក្រុងបាត់ដំបងទៅ វេលាម៉ោង ៦ នឹង ១៥ នាទី រថយន្តក៏បើកចេញសំដៅទៅទិសខាងត្បូង ដល់ទៅផ្សារភាស៊ីស្រាក៏បត់ត្រង់ទៅឯលិចតាមផ្លូវបប៉ៃលិន ចៅចិត្រអង្គុយមើលភូមិប្រទេសសងខាងមាគ៌ានោះ មុខគួរឱ្យ​ស្រងេះស្រងោចអណ្ដែតអណ្ដូងក្នុងចិត្តជាចម្លែកណាស់ នឹកដល់ឪពុកដែលទើបអនិច្ចកម្មទៅថ្មីៗ កាលណាទឹកភ្នែកក៏ជោរជន់ចេញមកឯង តែខំទប់ទល់មិនឱ្យ​ទឹកភ្នែកស្រក់ចុះទាល់តែបាន ដើម្បីការពារកុំឱ្យ​អ្នកជិះរថយន្តជាមួយគ្នា មានសេចក្ដីសង្ស័យមន្ទិលមកលើខ្លួន ហើយបន្លំនិយាយសើចលេងកម្សាន្ត ជាមួយនឹងអ្នកជិះទាំងអស់គ្នាទៅ ។

ឯផ្លូវដែលឡើងទៅស្រុកបប៉ៃលិន មិនសូវឆ្ងាយប៉ុន្មានពីក្រុងបាត់ដំបងក៏ពិតមែន តែជាផ្លូវលំបាកបន្តិច ដ្បិតត្រូវបររថយន្តឡើងកាត់ភ្នំ នឹងសសៀរតាមជើងភ្នំខ្ពស់ឡើងៗ ហើយតោងបរបត់បែនដូចអន្ទង់អាំង ដរាបដល់ស្រុកបប៉ៃលិន ទុកជាបង្ខំយ៉ាងណាក៏គង់តែរថយន្តរត់មិនលឿនរហ័សដូចផ្លូវរាបទេ ។ ចៅចិត្រក្រឡេកមើលភូមិប្រទេសតាមសងខាងផ្លូវ សឹងដេរដាសទៅដោយស្រែចម្ការច្បារដំណាំ និងភូមិស្រុកដោយអន្លើៗ ឃ្លាតឆ្ងាយដាច់ពីគ្នា លុះជិតទៅដល់បប៉ៃលិន ក៏ឃើញតែព្រៃព្រឹក្សា លតាវល្លិនិងភ្នំតូច ធំច្រើនអនេក ព្រមទាំងសត្វបក្សាបក្សីនិងសត្វដើរដី ក៏មានកុះករណែនណាន់នៅតាមដងព្រៃព្រឹក្សាអស់នោះ ។ ចៅចិត្របានឃើញសព្វសត្វអស់នោះ ក៏កើតមានចិត្តសង្វេគនឹករឭកដល់ឪពុកកាន់តែខ្លាំងឡើងៗ ស្ទើរតែទប់ទល់ទឹកភ្នែកពុំបាន ។

លុះដល់រថយន្តបរបើកកាត់ព្រៃភ្នំក្រំថ្មជាច្រើនអន្លើ វេលាម៉ោង១១ ថ្ងៃត្រង់ រថយន្តក៏បានទៅដល់ទីផ្សារបប៉ៃលិនដោយស្រួល ។ ចៅចិត្រចុះពីរថយន្តដើរទៅស៊ើបសួររកផ្ទះហ្លួងរតនសម្បត្តិ ។ មានភូមាម្នាក់នៅទីផ្សារនោះចង្អុលប្រាប់ថា ផ្ទះហ្លួងរតនសម្បត្តិនៅឯណោះ ចម្ងាយពីទីផ្សារនេះទៅប្រហែល៥០០ ម៉ែត្រ ក្បែរមាត់ផ្លូវខាងជើង នៅក្លោងទ្វារផ្ទះនោះ មានសរសេរយីហោថា ផ្ទះហ្លួងរតនសម្បត្តិ អញ្ជើញទៅចុះគង់នឹងឃើញមិនខាន ។ ចៅចិត្រក៏ចេញដើរទៅតាមពាក្យភូមានោះ ហើយទៅឈររេរានៅមុខផ្ទះដូចមានយីហោខាងលើនេះ មួយស្របក់មានកម្មករម្នាក់ ចេញមកពីក្នុងភូមិនោះសួរថា៖

អញ្ជើញមករកអ្នកណា ?
ចៅចិត្រភ្ញាក់ព្រើត ព្រោះពេលនោះកំពុងឈរមើលភូមិប្រទេសយ៉ាងភ្លើតភ្លើន ស្រាប់តែក្រឡេកមកឃើញបុរសខ្មៅម្នាក់ ឈរសួរក្បែរខ្លួនទើបប្រាប់ទៅថា៖

ខ្ញុំមករកលោកហ្លួងរតនសម្បត្តិ វេលានេះលោកនៅឬទេ ?
បុរសនោះឆ្លើយតបថា៖

លោកនៅខាងលើផ្ទះ បើចង់ជួបនឹងលោក អញ្ជើញមកតាមខ្ញុំ ហើយបុរសនោះក៏ដើរនាំមុខចៅចិត្រឡើងទៅលើផ្ទះ ។
គេប្រាប់ឱ្យ​ចៅចិត្រអង្គុយលើកៅអីមួយ នៅក្នុងបន្ទប់ទទួលភ្ញៀវ ហើយដើរចូលទៅក្នុងបាត់មួយស្របក់ ក៏លេចមនុស្សចាស់ សក់ស្កូវម្នាក់ដើរចេញមកដោយឫកពាអង់អាច ស្លៀកសារុងសូត្រពាក់អាវទ្រនាប់តាមទំនៀមអ្នកនៅផ្ទះ ពាក្យដំបូងដែលនិយាយនឹងចៅចិត្រនោះដូច្នេះថា៖

ក្មួយមកពីណា ? ត្រូវការជួបនឹងខ្ញុំមានការអ្វី ?
ចៅចិត្រសង្កេតដឹងច្បាស់ថា លោកនេះហើយដែលហៅថា ហ្លួងរតនសម្បត្តិ ដែលខ្លួនត្រូវការជួប ទើបរំកិលខ្លួនចុះពីកៅអីលុតជង្គង់ក្រាបចុះ ដោយសេចក្ដីគោរពគួរសម ។

ឯហ្លួងរតនសម្បត្តិជាអ្នកជំនួញលក់ត្បូង ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ ក្នុងស្រុកបប៉ៃលិន ក៏អង្គុយលើកៅអីមួយ ចៅចិត្រសង្កេតតាមឫកពារបស់លោកនេះ យល់ថាជាអ្នកមានអធ្យាស្រ័យល្អចិត្តសប្បុរស គួរជាទីគោរពរាប់អានបាន ។

ទានប្រោសមាន…
ចៅចិត្រឆ្លើយដោយឱនលំទោនហើយថា៖

លោកគ្រូពេទ្យស្អាតបានផ្ញើសំបុត្រមួយច្បាប់ មកជូនព្រះតេជព្រះគុណ។
អើ ! ពេទ្យស្អាតក្មួយខ្ញុំនោះឬ ?
លោកនិយាយទាំងញញឹមតាមដោយលោកជាអ្នកមានអធ្យាស្រ័យរីករាយជានិច្ច ហើយសួរថា៖

សំបុត្រនោះនៅឯណា ?
ចៅចិត្រលូកដៃទៅក្នុងហោប៉ៅ យកសំបុត្រនោះជូនទៅ លោកហ្លួងទទួលយកទៅមើលដោយសេចក្ដីត្រេកអរ លុះមើលចប់ហើយក៏បែរមកពិចារណា មើលលក្ខណៈចៅចិត្រម្ដងទៀត ។

ហ្លួង៖ ក្មួយឯងមែនទេ ឬអីឈ្មោះចៅចិត្រ ដែលពេទ្យស្អាតបានបញ្ជូនខ្លួនមកឱ្យ​ខ្ញុំ ?
ចៅចិត្រ៖ ទានប្រោស ខ្ញុំបាទនេះហើយ។
ហ្លួង៖ ចុះក្មួយធ្វើការយ៉ាងនេះបានដែរឬ ? ការរបស់ខ្ញុំនេះវាធ្ងន់ណាស់ តោងទ្រាំជីកដីក្នុងមួយថ្ងៃ ប្រាំ ប្រាំមួយ ម៉ោងទើបស្ទុះរួច រូបរាងស្អាតបាតដូចជាក្មួយនេះ ខ្ញុំយល់ថាទ្រាំទ្រការងារមិនបានយូរប៉ុន្មានទេ មុខជារត់ទៅផ្ទះវិញហើយ !
ចៅចិត្រ៖ មនុស្សដទៃទៀតគេទ្រាំធ្វើបានយ៉ាងណា ឯខ្ញុំបាទគង់ធ្វើបានដូចជាគេដែរ សូមព្រះតេជព្រះគុណកុំព្រួយឱ្យ​សោះ។
ចៅចិត្រពោលរ៉ាប់រង យ៉ាងម៉ឹងម៉ាត់ ពាក្យនេះហើយដែលធ្វើឱ្យ​ហ្លួងរតនសម្បត្តិ មានសេចក្ដីពេញចិត្តណាស់ ហើយចៅចិត្រនិយាយតទៅទៀតថា៖

ទានប្រោស ! មនុស្សដែលកើតមកក្នុងលោកសន្និវាសនេះ មិនត្រូវប្រកាន់ការស្រាលៗ ស្រួលៗទេ ខ្ញុំបាទមិនដែលគិតដូច្នេះទេ កាលបើខ្ញុំបាទមានកម្លាំងពលំដរាបណា ខ្ញុំបាទនឹងខំធ្វើការដរាបនោះ ។
ចៅចិត្រ អ្នកឯងនិយាយនេះត្រូវណាស់។
លោកហ្លួងនិយាយសរសើរ ហើយថា៖

ណ្ហើយចុះ ឯខ្ញុំតែងមានការសម្រាប់មនុស្សដែលចង់ធ្វើជានិច្ច វេលានេះ អណ្ដូងត្បូងទិសខាងកើត ខ្ញុំកំពុងឱ្យ​ចាប់ផ្ដើមជីកត្បូងមានតម្លៃមួយអន្លើ ព្រឹកស្អែកនេះខ្ញុំនឹងបញ្ជូនអ្នកឯងឱ្យ​ទៅធ្វើការនៅទីនោះ ធ្វើការក្នុងគ្រាដំបូងនេះ ខ្ញុំនឹងតាំងប្រាក់ខែឱ្យ​អ្នកឯងត្រឹម៣០ រៀលសិន ប៉ុន្តែអ្នកឯងអាចបានប្រាក់ខែច្រើនជាងនេះទៅទៀត បើខំយកចិត្តទុកដាក់ធ្វើការយ៉ាងម៉ឺងម៉ាត់ ។
ចៅចិត្រឱនក្បាលក្រាបចុះដោយសេចក្ដីគោរពម្ដងទៀត ហើយពោលថា៖

សូមអរគុណព្រះតេជព្រះគុណជាទីបំផុត ព្រះតេជព្រះគុណកំពុងធ្វើខ្ញុំបាទឱ្យ​បានជាមនុស្សម្នានឹងគេឡើង ខ្ញុំបាទពេញចិត្តនឹងការដែលព្រះតេជព្រះគុណប្រគល់ឱ្យ​ធ្វើនោះជាទីបំផុត។
ក្នុងខណៈនោះ មានសូរស្បែកជើងលាន់ឮពីខាងក្រោមឡើងមកលើផ្ទះ ព្រមទាំងមានសំឡេងយ៉ាងឆ្មារតូចលាន់រំពងមកពីខាងក្រោយ ចៅចិត្រៗក៏ចោលភ្នែកក្រឡេកមើលទៅ ប្រទះនឹងភ្នែកទាំងគូកំពុងតែសម្លឹងចំត្រង់មក ជាដួងភ្នែកប្រកបដោយទឹកដម គួរជាទីចាប់ចិត្តស្នេហា តែមានឫកពាឆ្មើងឆ្មៃបន្តិច កិរិយាក្និកក្នក់ញ៉ែងញ៉ង ល្វាសល្វន់ ល្អណាស់ សម្បុរស្បែកសស្អាតមុខមូលក្រឡង់ដូចវង្សព្រះចន្រ្ទ សូរសំឡេងស្រស់ដូចសូររគាំងប្រាក់ ដំណើរល្វន់ល្វាសដូចផ្កាកុលាបដែលត្រូវខ្យល់បក់ល្វិចៗ នៅកណ្ដាលសួនច្បារដូច្នោះ ឱ ! ល្អអីម្ល៉េះ ! នេះប្រហែលជាអញយល់សប្តិឃើញទេដឹង !!

ចៅចិត្រភ្ញាក់សា្មរតីលែងសម្លឹងស្រឡាំងកាំង ក្នុងពេលដែលលោកហ្លួងស្រែកហៅកូនក្រមុំនោះឱ្យ​ឡើងមកខាងលើផ្ទះ៖

មកឯណេះ នារី ថ្ងៃនេះ ប៉ាបានមនុស្សចូលធ្វើការថ្មីម្នាក់ទៀត ។
នាងក្រមុំនារី ឈានជើងឡើងជណ្ដើរមួយៗ ភ្នែកសម្លឹងមើលចៅចិត្រដោយកិរិយាឆ្មើងឆ្មៃបន្តិច ដែលជាទំនៀមរបស់ស្រីក្រមុំរូបស្រស់ ហើយសួរទៅឪពុកថា៖

ប៉ា ! នេះឬអ្នកចូលមកធ្វើការថ្មីរបស់យើង ?
លោកហ្លួងញាក់មុខទទួលហើយ ងាកទៅនិយាយនឹងចៅចិត្រថា៖

ចៅចិត្រ ! នេះនារីកូនក្រមុំរបស់ខ្ញុំ។
ចៅចិត្រលើកដៃសំពះសួរ នាងនារីងក់ក្បាលគំនាប់ដោយកិរិយាឆ្មើងៗ តាមនិស្ស័យរបស់នាង ។ ចៅចិត្រដឹងខ្លួនថា តាំងអំពីថ្ងៃនេះទៅ មុខជាត្រូវនាងក្រមុំរូបស្រស់នេះមាក់ងាយ មាក់ថោកខ្លះជាមិនខាន ។

នាងនារី សម្លឹងមើលកម្មករថ្មីរបស់ឪពុក តាំងអំពីក្បាលរហូតដល់ចុងជើង មើលហើយមើលទៀត នៅទីបំផុតក៏លាន់មាត់ថា *កម្មករនេះស្គមដូចជាអ្នកញៀនអាភៀន នឹងមានកម្លាំងជីកដីបានឬប៉ា ? កូនយល់ថាតម្រូវឱ្យ​ធ្វើការលាងចានក្នុងផ្ទះបាយវិញជាជាង ?

ចៅចិត្រកាលបើត្រូវស្រីក្រមុំស្ដីដាក់មុខដូច្នេះ ក៏នឹកអៀនខ្មាសណាស់ ក្រឡេកចោលកន្ទុយភ្នែកទៅនាងមួយភ្លែតហើយតបទៅថា៖

មនុស្សត្រង់គេមិនដែលសម្គាល់ថាជាមនុស្សល្ងង់ ឯមនុស្សស្គមក៏គេមិនសម្គាល់ថាជាមនុស្សខ្សោយដែរ ស្គមយ៉ាងខ្ញុំបាទនេះ មានកម្លាំងខ្លាំងដូចជាមនុស្សធាត់មាំដែរ គ្រាន់តែមិនសូវមានសាច់ឈាមបរិបូណ៌ទេតើ !!
នាងនារីធ្វើមុខក្រញូវទំនងខឹងបន្តិចៗផង ដោយនាងមិននឹកនាថាចៅចិត្រហ៊ានឆ្លើយដូច្នោះសោះ ព្រោះមិនធ្លាប់មានមនុស្សណាមួយក្នុងផ្ទះ ហ៊ាននិយាយលេងសម្ដីវោហារនឹងនាង​ឡើយ ។

លោកហ្លួងឃើញកូនខឹងដូច្នោះ ក៏និយាយបញ្ឈប់ថា៖

ចៅចិត្រ ! ណ្ហើយឈប់ស្លេះប៉ុណ្ណឹងសិនចុះ ឯងកំពុងនឿយហត់អស់កម្លាំង ទៅរកសម្រាកខ្លួនឱ្យ​បាត់នឿយហត់សិនទៅ៕ (ចុចអានទំព័រ៦)

No comments:

Post a Comment