ជីវិតក្មេងកំព្រា
កាលបានចាត់ចែងធ្វើបុណ្យបូជាសពរួចស្រេចហើយ ទើបចៅចិត្រដឹងខ្លួនច្បាស់លាស់ថា៖
ឱ ! ខ្លួនអញអើយ កណ្ដែងកណ្ដោចខ្លោចផ្សាតែម្នាក់ឯង ហើយនឹងងាករេទៅពឹងបងប្អូនញាតិសាច់សាលោហិតជិតខាងឯណាក៏គ្មាន ណ្ហើយចុះត្រូវតែតស៊ូនឹងសេចក្ដីទុក្ខលំបាកគ្រប់យ៉ាងចុះ ធ្វើម្ដេចកើតមកជាប្រុសកំព្រាម្ដាយអាពុក សមដូចជាប្រសាសន៍លោកឪពុកផ្ដាំទុកថា «ចិត្រកូន! កាលបើអស់បុណ្យអំពីឪពុកហើយ ជីវិតរបស់អ្នកដូចសំណាត់ឈើដែលអណ្ដែតក្នុងកណ្ដាលទន្លេដូច្នោះ» ។
ចៅចិត្រក៏គិតឃើញថា ពិភពលោកទាំងមូលនេះ ធំទូលាយស្រួលសប្បាយមែនសម្រាប់អ្នកដទៃៗតែបែរទៅជាទីតូចចង្អៀត លំបាកពន់ពេក ចំពោះខ្លួនអាត្មាអញដែលកំព្រាម្ដាយឪពុក នឹងបងប្អូនញាតិសាលោហិត នឹងងាកមុខទៅជ្រកកោនពឹងពាក់អ្នកឯណា ក៏គេឥតត្រូវការសោះ ព្រោះមនុស្សទីទាល់ក្រលំបាកដូចជាអាត្មាអញនេះ គេមិនត្រូវការសេពគប់រាប់រកឡើយ ទុកជាសុំការគេធ្វើ ក៏ឥតមាននរណាជួយសង្រ្គោះរកការងារឱ្យធ្វើបានឡើយ ឱ ! ខ្លួនអាត្មាអញអើយ កើតមកក្នុងលោកនេះលំបាកអ្វីក៏សែនលំបាកប្លែកជាងគេម្ល៉េះ តែថាកើតមកជាអង្គបុរសហើយ មិនត្រូវខ្លាចសេចក្ដីទុក្ខព្រួយលំបាកទេ តោងតែតស៊ូនឹងសេចក្ដីទុក្ខព្រួយលំបាកអស់នេះឱ្យឃើញសខ្មៅទៅចុះ ។
ចៅចិត្រកំពុងតែឈរជញ្ជឹងរំពឹងគិត រកការធ្វើតែម្នាក់ឯងយ៉ាងស្ងាត់ៗ នៅចំហៀងខាងមុខផ្ទះ ក៏ងើបមើលទៅលើឃើញព្រះចន្រ្ទអណ្ដែតត្រសែតនៅកណ្ដាលពពក បញ្ចាំងពន្លឺរស្មីឆ្លុះទៅសព្វទីបរិវេណ មានខ្យល់បក់ផាត់មកយ៉ាងត្រជាក់ស្រេង ឮសូរសំឡេងព្រះសង្ឃសូត្រធម៌នៅវត្តព្រះពិភិធារាមយ៉ាងច្បាស់លាស់ អណ្ដែតលឿនលយមកតាមបណ្ដោយខ្យល់ លុះចៅចិត្របានឮសូរសព្ទព្រះសង្ឃសូត្រធម៌នោះ ក៏ជាហេតុនាំផ្ដួចឱ្យនឹករឭកដល់ឪពុក ដែលទើបទទួលអនិច្ចកម្មទៅថ្មីៗ មិនដឹងបើនឹងងាករេបែរមុខទៅពឹងពាក់អ្នកឯណា ហើយក៏បែរមុខមើលទៅក្នុងបន្ទប់ ឃើញមានពន្លឺចង្កៀងភ្លឺផ្លុងៗ នៅទីនោះហើយដែលឪពុកធ្លាប់មូរថ្នាំស្លឹកសង្កែពីសាជានិច្ច តែឥឡូវនេះមានតែចៅចិត្រម្នាក់ឯង ចៅចិត្រគិតអាណិតខ្លួនណាស់ ទឹកនេត្រាក៏ហូរចេញមកសស្រាក់ដោយឥតដឹងខ្លួន ។
ខណៈនោះ ចៅចិត្រក្រឡេកមើលទៅខាងមុខ ស្រាប់តែឃើញមនុស្សម្នាក់ស្លៀកពាក់សដើរចូលមក ទើបចៅចិត្រក្រោកឡើងស្រែកសួរទៅថា៖
នរណា នុ៎ះ ?
គ្នាឯងទេ ចៅចិត្រឬអីហ្នឹង ? បុរសនោះសួរមកវិញ ។
ចៅចិត្រនឹកស្មានថាប្រហែលគ្រូពេទ្យ ទើបស្រែកអញ្ជើញថា៖
សូមអញ្ជើញលោកគ្រូ ។
គ្រូពេទ្យក៏ឈានជើងឡើងជណ្ដើរទៅលើផ្ទះ ហើយដាក់គូទអង្គុយលើកៅអី តាមសេចក្ដីអញ្ជើញរបស់ម្ចាស់ផ្ទះ ។
សុខសប្បាយជាទេឬចៅចិត្រ ?
គ្រូពេទ្យសួរដោយមេត្រីចិត្ត ។
ចៅចិត្រតបថា៖
ទានប្រោស ចំណែកខាងរាងកាយសុខសប្បាយជាទេ ប៉ុន្តែចំណែកចិត្តរងកម្មជាបំផុត ឥតសប្បាយមួយពេលឡើយតាំងអំពីលោកឪពុកអនិច្ចកម្មទៅ វិញ្ញាណខ្ញុំបាទនេះហាក់ដូចជាងងឹតឈឹងពុំដឹងអ្វីឡើយ ។
គ្រូពេទ្យងក់ក្បាលទំនងជឿតាមសម្ដីចៅចិត្រ ទើបសួរថែមទៀតថា៖
ចុះសព្វថ្ងៃនេះ បានធ្វើការនៅកន្លែងណាហើយឬនៅឡើយទេ ?
ចៅចិត្រនិយាយសើចសោះកក្រោះថា៖
ទាន ប្រាស ! នៅទីនេះ ខ្ញុំបាទរកការធ្វើមិនទាន់បានទេ ការងារគ្រប់ផ្នែកហាក់ដូចជាខ្ពស់ជាងចំណេះរបស់ខ្ញុំបាទ ដែលបានខំរៀនសូត្រមកដូចជាច្រើនណាស់ តែហាក់ដូចគ្រាន់ប្រើការបានត្រឹមតែមើលសំបុត្រស្នាមបន្តិច បន្តួច មើលឈ្មោះហាងផ្សេងៗនឹងមើលប្រូក្រាមតាមរោងកុន ល្ខោន ប៉ុណ្ណោះ ។
គ្រូពេទ្យនិយាយដោយសេចក្ដីអាណិតយ៉ាងស្មោះត្រង់ថា៖
ខ្ញុំក៏នឹកអាសូរអ្នកច្រើនណាស់ដែរ ! ចិត្រ!
ហើយនិយាយទូន្មានថា៖
ខ្លួនអ្នកជាកូនប្រុស ត្រូវតទល់នឹងវិស័យលោកិយទៅមុខទៀតច្រើនណាស់ បង្អង់ឱ្យខ្ញុំគិតពីរបីនាទីមើល ក្រែងខ្ញុំគិតរកឧបាយជួយសង្រ្គោះខ្លួនអ្នកឯងបានខ្លះ។
ចៅចិត្រនៅតែស្ងៀម ។ គ្រូពេទ្យជញ្ជឹងគិតមួយស្របក់ ក៏ញញឹមលាន់មាត់ចេញសម្ដីថា៖
នឹកឃើញហើយៗ ! ខ្ញុំមានឪពុកមាម្នាក់ ជាអ្នកស្ដុកស្ដម្ភគ្រាន់បើ មើលទៅបើលោកជួយធុរៈ មុខជាអ្នកឯងបានការធ្វើមិនខាន តែតោងនឿយហត់បន្តិចមុនដំបូង ។
ចៅចិត្រញញឹមញញែមហើយជម្រាបទៅគ្រូពេទ្យថា៖
ខ្ញុំបានទទួលអត់ធន់សេចក្ដីលំបាកគ្រប់យ៉ាងទាំងអស់ សុំឱ្យមានតែការធ្វើនឹងគេចុះ គ្រាន់នឹងបានចិញ្ចឹមជីវិត កុំឱ្យមានពាក្យគេដំណៀលប៉ុណ្ណោះ ទុកជាជីកដី លីសែង រែកពុនយ៉ាងណាក៏ដោយ ខ្ញុំបាទក៏ស្មគ្រធ្វើទាំងអស់។
គ្រូពេទ្យមានទឹកមុខរីករាយ ដោយសេចក្ដីពេញចិត្តហើយថា៖
ខ្ញុំគិតជានិច្ចថា អ្នកឯងជាកូនប្រុសអាចទទួលធ្វើការគ្រប់ចំពូកបាន អធ្យាស្រ័យអ្នកឯងគួរសរសើរណាស់ ប៉ុន្តែចៅចិត្រ ! ការដែលអ្នកឯងត្រូវធ្វើនោះ មិនមែននៅក្នុងទីនេះទេ គឺនៅឯស្រុកបប៉ៃលិន ឯណោះ។
បប៉ៃលិន ឬទានប្រោស !
ចៅចិត្រឆ្លើយផ្ទួនពាក្យ បាត់ទឹកមុខញញឹមរីករាយមួយរំពេច ហើយនិយាយត្អូញត្អែរថា៖
ទានប្រោស គេថាស្រុកនោះចាញ់ណាស់ មានតែពួកភូមាកូឡា ទើបនៅទ្រាំរកស៊ីក្នុងទីនោះបាន ខ្ញុំបាទនឹកក្រែងតែទ្រាំទ្រទឹកដីអាកាសនៅទីនោះមិនបានទេ ដឹង?
គ្រូពេទ្យទូន្មានថា៖
អ្នកឯងនិយាយដូច្នេះក៏ត្រូវដែរ ប៉ុន្តែអ្នកដែលទៅហើយឈឺចាញ់នៅទីនោះ ច្រើនធ្វេសប្រហែសមិនចេះរក្សាខ្លួនឱ្យផុតពីជំងឺគ្រុនចាញ់ ចុះចំណែកអ្នកឯងក៏បានរៀនសូត្រចេះក្បួនពេទ្យមកខ្លះ ក៏ល្មមនឹងការពារខ្លួនបាន មួយវិញទៀតជំងឺគ្រុនចាញ់នេះ មិនចំពោះតែជាតិយើងទេ ទុកជាជាតិណាក៏ដោយ ធ្វើទាស់ទំនងហើយ មុខជាឈឺចាប់ដូចគ្នាទាំងអស់។
គ្រូពេទ្យនិយាយទូន្មានចៅចិត្រឱ្យមានភាពក្លាហានឡើង ហើយពោលតទៅទៀតថា៖
ឯឪពុកមាខ្ញុំនោះ ពីដើមធ្វើជាមន្រ្តីមួយ ហៅតាមបណ្ដាសក្តិថា ហ្លួងរតនសម្បត្តិ វេលានេះអាយុលោកហាសិបប្លាយឆ្នាំហើយ លោកមានអធ្យាស្រ័យល្អ ពួកកូឡាភូមានៅទីនោះ រាប់អានលោកណាស់ កាលពីពីរបីអាទិត្យមុននេះ លោកមានសំបុត្រមួយច្បាប់មកដល់ខ្ញុំ សុំឱ្យរើសរកមនុស្សម្នាក់ទៅធ្វើការលោក ចំពោះរូបអ្នកឯងមួយនេះខ្ញុំទុកចិត្តណាស់ ដ្បិតការជីកត្បូងនិល គេត្រូវការតែមនុស្សសុចរិតស្មោះត្រង់។
ចៅចិត្រនិយាយថា៖
ការនេះជាការថ្មោងថ្មី ក្នុងជីវិតរបស់ខ្ញុំបាទ។
គ្រូពេទ្យថា៖
គ្រាន់បើជាងនៅទំនេរ មិនទាន់មានការអ្វីធ្វើមែនទេ ? បើព្រមទទួលខ្ញុំនឹងចាត់បញ្ជូនអ្នកឯងនៅវេលាឆាប់ៗនេះ ដោយខ្ញុំមានសេចក្ដីសង្ឃឹមទុកចិត្តថា អ្នកឯងនឹងធ្វើការម៉ឺងម៉ាត់ជាទីពេញចិត្តគេមិនខាន។
ចៅចិត្រលើកដៃសំពះ ហើយក្រាបចុះដោយសេចក្ដីគោរពចំពោះគ្រូពេទ្យ លោកក៏សរសេរសំបុត្រ១ច្បាប់ឱ្យចៅចិត្រ ហើយលាចុះដើរទៅពីផ្ទះនោះទៅ ៕(ចុចអាំនទំព័រ៥)
No comments:
Post a Comment