Tuesday, November 4, 2014

រឿងប្រលោមលោក៖ កុលាបប៉ៃលិន (ទំព័រ៦)

(អានទំព័រ៥)​
ចៅចិត្រកើតគំនិតថ្មី
តាំងពីថ្ងៃនោះមក ចៅចិត្រក៏បានធ្វើជាកម្មករជីកត្បូងនៅគេហស្ថាន របស់ហ្លួងរតនសម្បត្តិទោះបីការនោះជាការធ្ងន់ក៏ដោយ  ចៅចិត្រក៏ឥតមានចិត្តធុញទ្រាន់ តែងតែខំធ្វើការនោះដោយខ្មីឃ្មាតអស់ពីចិត្តពីថ្លើម មិនមាននឹកនាដល់សេចក្ដីនឿយហត់ឡើយ ។ ភាសិតមួយ បទថា ខ្លួនជាទីពឹងរបស់ខ្លួន ដែលជាពាក្យបណ្ដាំរបស់បិតានោះ នៅឮសូរកងរំពងក្នុងត្រចៀករបស់ចៅចិត្រ ហាក់ដូចជាមានទេវតាមកចាំខ្សឹបប្រាប់នឹងត្រចៀកជានិច្ច ។ ការខំប្រឹងធ្វើការយ៉ាងម៉ឺងម៉ាត់ឥតមានទម្រន់នឹងអធ្យាស្រ័យល្អ របស់ចៅចិត្រនោះ ជាហេតុធ្វើឱ្យ​ពួកអ្នកធ្វើការផងគ្នាស្រឡាញ់រាប់អានជាច្រើន រហូតដល់ហ្លួងរតនសម្បត្តិ ក៏មានចិត្តមេត្តាក្មេងកំលោះនោះជាច្រើនដែរ ។

ចៅចិត្រចូលមកធ្វើការនៅផ្ទះលោកហ្លួងរតនសម្បត្តិ អស់វេលា២ខែកន្លងមកហើយនោះ តែងបានជួបប្រទះនឹងធម្មជាតិថ្មីៗ ដូចជាព្រៃភ្នំក្រំថ្ម ព្រឹក្សាលតាវល្លិ និងអាកាសស្រស់បរិសុទ្ធ ដែលជារបស់ចម្លែកក្នុងជីវិតចៅចិត្រ តែដែលចម្លែកយ៉ាងពន្លឹកជាងនេះទៅទៀតនោះ គឺនាងនារីចៅហ្វាយក្រមុំរបស់ចៅចិត្រ ដែលជាស្រ្តីប្រកាន់ខ្លួនមានឫកពាឆ្មើងឆ្មៃ ហើយជានារីមានរូបឆោមយ៉ាងល្អឯកក្នុងស្រុកបប៉ៃលិន ហាក់ដូចជាផ្កាកុលាបកំពុងរីក ផ្សាយក្លិនក្រអូបឈ្ងុយឈ្ងប់ក្នុងវស្សានរដូវ ។ វេលាដែលចៅចិត្រអង្គុយក្នុងផ្ទះស្ងាត់ៗតែម្នាក់ឯង ច្រើនប្រមូលយករឿងអស់នេះមកគិតនឹកជានិច្ច ហើយនឹកឆ្ងល់តែម្នាក់ឯងថា «ចុះហេតុដូចម្ដេចបានជាអញចេះតែរំពឹងនឹកដល់នាងក្រមុំនេះអី ម្ល៉េះ ចុះអញជាប់ចិត្តប្រតិពទ្ធនាងក្រមុំនេះឬអ្វី ? អា ! មិនបានទេ នាងនេះរូបឆោមល្អមែនហើយ ប៉ុន្តែឫកពាឆ្មើងឆ្មៃប្រកាន់ខ្លួនហួសពេក ថែមទាំងយសសក្តិក៏ខ្ពង់ខ្ពស់ណាស់ ហួសវិស័យនឹងឈោងតោងបេះប្រលេះយកឱ្យ​បាន ចុះមានប្រយោជន៍អ្វីដែលអញនៅខំគិតនឹកដល់គេ ទុកជាខំទប់ចិត្តមិនឱ្យនឹកគិតដូចម្ដេចៗ ក៏នៅតែមានចិត្តរិះរេទៅរករូបារម្មណ៍នោះទាល់តែបាន !!!»

ចំណែកខាងនារីក៏ធ្លាប់គិតថា កម្មករថ្មីរបស់នាងនេះ ជាមនុស្សចម្លែកជាងគេ មិនចេះប្រចុបប្រចែងចៅហ្វាយនាយ និយាយដូចជាគេចោលដឹងទាំងដង ឥតចេះក្រែងចិត្តគេសោះ ថែមទាំងចេះនិយាយសម្ដីទាន់សម័យទៀតផង បានជានាងមិននឹកជឿថា កម្មករកំលោះ​នោះ​បានរៀនសូត្រត្រឹមសាលាជាន់ទាប គ្រាន់តែចេះសរសេរ ចេះមើលប៉ុណ្ណោះទេ ។ ចួនកាលនាងបានឮបុរសកំលោះនោះ ស្រែកច្រៀងរាយទំនុកតាមការកម្សត់របស់ខ្លួនក៏មាន ច្រៀងទំនុកយុវាភិរម្យជាពាក្យរំឭកយុវជនក៏មាន ទើបនាងយល់ថា កម្មករកំលោះនោះ ច្បាស់ជាចេញមកពីសាលាបឋមសិក្សាជាន់ខ្ពស់ជាប្រាកដ ។ នៅវេលាព្រលប់ថ្ងៃនោះជាខាងរនោច ព្រះចន្រ្ទក៏រះឡើងបំព្រាងៗ មើលឃើញឆែបមួយចំហៀង ឆ្លុះពន្លឺពណ៌ប្រផេះគងលើចុងព្រឹក្សាយ៉ាងត្រចះត្រចង់ នារីចុះមកដើរលេងកម្សាន្តចិត្តជាមួយនឹងស្រីបម្រើម្នាក់ នៅទីធ្លាសួនច្បារមុខផ្ទះដែលមានស្មៅរាបស្អាតដូចកម្រាលព្រំ នាងតែងតែចោលភ្នែកក្រឡេកមើលទៅកូនផ្ទះមួយ ដែលចៅចិត្រនៅជាញយៗ ។ ពេលនោះនាងបានឃើញផ្ទះនោះងងឹតឥតពន្លឺភ្លើង ទើបនាងនាំក្មេងស្រីបម្រើ ហើយលបដើរឆៀងចូលទៅឈរនៅគុម្ពផ្កាដកខិមខាងមុខបង្អួច ក៏ស្រាប់តែឮសូរសំឡេងមនុស្សច្រៀង ទំនុកយុវាភិរម្យយ៉ាងពីរោះចាប់ចិត្តថា៖

ពួកយើងជាគណយុវជន ស្រុះស្រួលលើសលន់ទាំងប្រុសទាំងស្រី
ចូរយុវសាលាដែលទើបកើតថ្មី ប្រយោជន៍ដើម្បីជួយជ្រោមជ្រែងគ្នា ។
ឱ្យ​បានចងបាច់ជាក្រុមមិត្រភក្ដិ ស្រឡាញ់រួមរក្សជាសាមគ្គា
សាមគ្គីទាំងជាតិយើងផងនានា មេត្រីគ្រប់គ្នាជាសុខក្សេមក្សាន្ត ។
គួរជួយអ្នកខ្សត់ឱ្យ​បានចេញទៅ ដើរមើលលំនៅសព្វទីភូមិឋាន
មើលស្រែចម្ការនឹងច្បារឧទ្យាន កិច្ចការប៉ុន្មានតោងចងចាំទុក ។ល។………
នាងនារីឈរស្ដាប់ទំនុកនោះហើយ ទើបនាងដើរឡើងស្លៅទៅលើផ្ទះនោះយ៉ាងរួសរាន់ ដើម្បីចាប់អ្នកច្រៀងនោះឱ្យ​ស្គាល់មុខច្បាស់ តើគឺនរណា ? តែនាងមិនបានឃើញមនុស្សអង្គុយច្រៀងនៅទីនោះទេ បែរជាឃើញចៅចិត្រដេកលក់សណ្ដូកជើងត្រង់ស្ដូក ស្រមុខគឃរ នៅលើគ្រែក្បែរមាត់បង្អួច ក្រឡេកមើលឆ្វេងមើលស្ដាំ ក៏ឥតឃើញនរណាម្នាក់សោះ ក្រៅពីរូបចៅចិត្រកំពុងដេកលក់ស្រមុខគឃរតែម្នាក់ឯង នាងនឹកឆ្ងល់ណាស់ ព្រោះអម្បាញ់មិញនេះឮសូរស្រែកច្រៀងក្ដែងៗ ចុះអ្នកឯណាមកលបស្រែកច្រៀងនៅទីនេះអេះ ?

វេលានោះ រស្មីព្រះចន្រ្ទកំពុងតែចាំងចូលមកតាមចន្លោះបង្អួច នឹងចន្លោះទ្វារ ទើបនាងមើលទៅឃើញរាងកាយចៅចិត្រដេកលក់ស្ដូកស្ដឹង នៅទីនោះយ៉ាងច្បាស់លាស់ នាងក៏ស្រែកដាស់ចៅចិត្រ ពីរ បី ម៉ាត់ ចៅចិត្រក៏ប្រែខ្លួនស្ទុះក្រោកឡើងទាំងងងុយងោក កាលឃើញអ្នកដែលចូលមកដាស់ច្បាស់ហើយ ក៏ម្នីម្នានិយាយអញ្ជើញឱ្យ​អង្គុយដោយកិរិយាឱនលំទោន ។

អញ្ជើញអង្គុយ ឃុននារី ។
ចៅចិត្រនិយាយព្រមទាំងលើកកៅអីមួយជូននាងអង្គុយ ហើយនិយាយថា៖

ការដែលឃុនអញ្ជើ្មញលេងផ្ទះខ្ញុំបាទនេះ ខ្ញុំបាទមានសេចក្ដីត្រេកអរណាស់ទុកដូចបានទទួលកិត្តិយសដ៏ខ្ពង់ខ្ពស់ !
នាងនារីធ្វើមុខក្រញូវបន្តិចហើយស្ដីទៅថា៖

អ្នកណានិយាយថា ខ្ញុំមកលេងនឹងអ្នកឯង !
ចៅចិត្រនឹកសង្ស័យក៏សួរទៅវិញថា៖

ចុះឃុនអញ្ជើញមកមានការអ្វី ?
នាងតបទៅវិញយ៉ាងកំបុតកំបុយថា៖

ខ្ញុំមកស្ដាប់មនុស្សច្រៀងទេតើ ចុះអម្បាញ់មិញនេះអ្នកណាច្រៀងទំនុកយុវាភិរម្យក្ដែងៗក្នុងទីនេះ ?
ចៅចិត្រធ្វើភ្នែកឡឹងឡង់ និយាយសួរទៅនាងថា៖

ទានប្រោស យុវាភិរម្យជាអ្វី ជាសត្វឬជាមនុស្ស ខ្ញុំបាទមិនដែលឮឈ្មោះសោះឡើយ ?
នាងនារីខឹងឡើងមុខក្រហម ហើយប្រាប់ទៅថា៖

នែ ! អ្នកភ្លើ យុវាភិរម្យជាទំនុកភ្លេងមួយ ខ្ញុំចង់ដឹងតើអម្បាញ់មិញនេះនរណាច្រៀង ?
ចិត្រ៖ អេ ទេ នរណាច្រៀងខ្ញុំបាទឥតដឹងសោះឡើយ តែខ្ញុំបាទមិនមែនច្រៀងទេ ឯខ្ញុំបាទនេះកុំថាដល់ទៅភ្លេងយុវាភិរម្យ ជាទំនុកទំនើបថ្មីអ្វីនោះឡើយ តែបទសកវាទ៌ចុះផែអុំទូករាល់ឆ្នាំនោះ ខ្ញុំបាទក៏ឥតចេះនឹងគេសោះឡើយ។
នារី៖ កុំភូត ខ្ញុំបានឮសូរសំឡេងច្រៀង អំពីខាងលើផ្ទះនេះឯង ហើយនៅលើផ្ទះនេះ ក៏មានតែអ្នកឯងម្នាក់ឯងមែនទេ ?
ចិត្រ៖ បាទ មានតែខ្ញុំបាទម្នាក់ឯងមែន តែខ្ញុំបាទមិនមែនជាអ្នកច្រៀងទេ !
អ្នកឯងច្រៀងក្ដែងៗនៅតែប្រកែកនឹងគេទៀត។
នារីផ្ទួនពាក្យ ។

ចៅចិត្រសើចហើយថា៖

ខ្ញុំបាទជម្រាបហើយថា ខ្ញុំបាទមិនចេះច្រៀងទេ ក៏នៅតែបង្ខំឱ្យ​ច្រៀងទៀត ឃុននារី បើខ្ញុំបាទចេះច្រៀង នឹងច្រៀងជូនឃុនស្ដាប់ឥឡូវនេះឯង ។
នាងនារីនឹកខឹងរលាស់មុខស្ទុះក្រោកឡើងឈរហើយថា៖

មនុស្សបែបនេះនិយាយខ្មែរមិនចេះស្ដាប់ទេ ។
ចិត្រ៖ បើមិនចេះស្ដាប់ភាសាខ្មែរ ហេតុអ្វីក៏និយាយឆ្លើយឆ្លងគ្នាបាន ?
នារី៖ ឈប់ៗចិត្រ កុំនិយាយថ្លង់ណាស់។
នាងលើកដៃហាម ហើយនាងប្រុងនឹងចុះពីផ្ទះនោះទៅដោយរួសរាន់ តែចៅចិត្រអង្វរឃាត់ថា៖

ពុទ្ធោ ! ឃុននារី ឃុនប្រញាប់អញ្ជើញទៅណាភ្លាម ?
នាងឆ្លើយយ៉ាងសោះកក្រោះថា

ទៅដេក។
ចិត្រ៖ ឃុន កុំអាលអញ្ជើញទៅ ឃុនមិនគួរលះបង់ធម្មជាតិល្អៗ ដ៏ត្រកាលដែលគួរពិតពិលរមិលមើលក្នុងវេលានេះទៅទេ ។
នារី៖ ខ្ញុំក៏ចូលចិត្តធម្មជាតិល្អៗដូច្នេះដែរ តែស្អប់មនុស្សឆ្កួតព្រើលៗ ។
នៅទីនេះឥតមានមនុស្សឆ្កួតទេ ឃុន ។
ចៅចិត្រខ្ជិលនិយាយជជែកតទៅទៀត បែរជានិយាយបបួលដោយស្រួលថា៖

ណ្ហើយឃុន មិនបាច់និយាយជជែកគ្នាច្រើនទេ សូមអញ្ជើញចុះទៅសន្ទនាលេងក្នុងសួនច្បារឯណោះ មើលធម្មជាតិល្អៗ ដ៏ត្រកាលកម្រមានណាស់ !
មិនដឹងជាអំណាចអ្វី មកគ្របសង្កត់នាំឱ្យ​នាងនារីធ្វើតាមចិត្តរបស់ចៅចិត្រ ស្រាប់តែចុះដើរនាំមុខទៅដោយស្រួល ទៅអង្គុយលើជើងម៉ាវែងក្បែរដើមចំប៉ីមួយដើម ។ ឯចៅចិត្រក៏អង្គុយលើស្មៅក្បែរជើងម៉ានុះដែរ តែភ្នែករំពៃងើយមើលទៅព្រះចន្រ្ទឆែបពាក់កណ្ដាល ដ៏ដេរដាសទៅដោយពពួកផ្កាយ មានចំនួនច្រើនលើសលន់គណនា ហើយចៅចិត្រនិយាយឡើងថា៖

ឃុនគាប់ចិត្តពន្លឺរស្មីដួងព្រះចន្រ្ទឬទេ ?
នារី៖ ខ្ញុំចូលចិត្តដែរ ចិត្រ ។
ចៅចិត្រនិយាយដោយសម្ដីទន់ផ្អែមថា៖

មែនហើយ ! ឃុននារី ! ធម្មជាតិជារបស់ចម្លែកនេះ អាចប្រលោមលួងលោមអារម្មណ៍របស់មនុស្សយើងឱ្យ​បានសុខស្រួល ពន្លឺរស្មីព្រះចន្រ្ទ ខ្យល់រំភើយផាត់ និងក្លិនក្រអូបឈ្ងុយឈ្ងប់របស់ផ្កានានា អាចធ្វើចិត្តគំនិតរបស់យើងឱ្យ​មានអារម្មណ៍រីករាយទៅបានយ៉ាងចម្លែក ។
នាងអង្គុយស្ដាប់សម្ដីចៅចិត្រនិយាយដោយអារម្មណ៍អណ្ដែតអណ្ដូង ក៏គិតថា៖

កម្មកកំលោះនេះ ជាមនុស្សចម្លែកជាងកម្មករឯទៀតៗរបស់នាង សម្ដីគ្រប់ៗម៉ាត់របស់កម្មករនេះ ពេញទៅដោយសំនួនវោហារមុខគួរឱ្យចង់ស្ដាប់ មិនសមជាមនុស្សខ្សោយចំណេះចេះដឹងទេ ។
នាងនារីស្ងាត់មាត់ទៅមួយស្របក់ ចៅចិត្រក៏ផ្ដើមនិយាយឡើងមុនថា៖

បើឃុនតែម្នាក់ឯងអង្គុយជាមួយនឹងធម្មជាតិបែបនេះ តើឃុនធ្លាប់នឹកប្រវត្តិដល់ញាតិមិត្រសម្លាញ់ ដែលនៅឆ្ងាយខ្លះដែរឬ ?
នាង៖ ខ្ញុំធ្លាប់នឹកដែរ ចិត្រ ។
ចិត្រ៖ ខ្ញុំបាទក៏ធ្លាប់នឹកដែរ ហើយច្រើនតែជាប់នៅនឹងចិត្តជានិច្ចផង ឱ ! ឃុននារីតាំងអំពីខ្ញុំបាទមកនៅអាស្រ័យនឹងផ្ទះឃុននេះ ខ្ញុំបាទមិនដែលឃើញអ្នកម្ដាយរបស់ឃុនដល់ម្ដងសោះ ។
ចិត្រ៖ អេះ ! ចម្លែកដែរ បើឃុនគ្មានម្ដាយ ឃុនកើតមកដូចម្ដេចបាន ?
នារី៖ យីអើ ! នែ គាត់ឯងកុំនាំអុចអាលបណ្ដាលឱ្យ​កើតទោសោណា ពាក្យដែលថាគ្មានម្ដាយនោះ គឺថាម្ដាយនោះគាត់អនិច្ចកម្មទៅ ហើយយល់ទេ ?
ចិត្រ៖ ឱ ដូច្នោះទេឬ ? យល់ហើយទានប្រោស តែឃុននៅគ្រាន់បើជាងខ្ញុំបាទច្រើន !
នារី៖ អើ ! ម្ដាយគាត់ឯង គាត់ខូចបង់ទៅហើយដែរឬ ?
ចៅចិត្រធ្វើមុខស្រពោនហើយថា៖

ឃុននៅគ្រាន់បើជាងខ្ញុំបាទច្រើន ព្រោះមានឪពុកបីបាច់រក្សា ចំណែកខាងខ្ញុំបាទ គ្មានទាំងឪពុកទាំងម្ដាយ។
ត្រង់នេះ នាងនារីសង្កេតមើលទឹកមុខចៅចិត្រ ឃើញស្ងួតស្រពោនទៅច្រើន ចៅចិត្រសន្សឹមៗងើយមុខមើលទៅមុខនាង ហើយនិយាយថា៖

ប្រសិនបើធៀបខ្លួនឃុនជាខ្ញុំបាទវិញ ហើយថែមទាំងជាស្រ្តីផង ឃុនតោងគិតថា ការតស៊ូនឹងជីវិតដែលក្រីក្រលំបាកតោកយ៉ាកទៅតាមទំនើងតែម្នាក់ឯងនុះ តើវាមានរសជាតិដូចម្ដេចខ្លះ ? តែខ្ញុំបាទជាប្រុសល្មមអត់ធ្មត់សេចក្ដីលំបាកបានគ្រប់ៗយ៉ាង ហើយធ្លាប់តទល់នឹងសេចក្ដីក្រីក្រតោកយ៉ាកមកច្រើនហើយ ចួនកាលខ្ញុំបាទអត់បាយពេញ១ថ្ងៃក៏មាន ។
នាងនារីអង្គុយសម្ងំស្ងៀមចាំស្ដាប់ចៅចិត្រនិយាយ តែក្នុងចិត្តនឹកអាណិតអាសូរចៅចិត្រជាពន្លឹកហើយនឹកដល់ខ្លួនឯងថា បើអញត្រូវបានទទួលគ្រោះថ្នាក់យ៉ាងនេះផង តើនឹងមានសេចក្ដីលំបាកយ៉ាងណាទៅ !

នារី៖ ចុះចិត្រមកនៅទីនេះ បានស្រួលខ្លះហើយឬនៅឡើយទេ ?
នាងនិយាយតិចៗហើយមានសំឡេងទន់ជាងមុនច្រើន ។

ចៅចិត្រសម្លឹងមើលភ្នែកនាងនារី ហើយញញឹមយ៉ាងរោះរាយឆ្លើយថា៖

ខ្ញុំបាទបានស្រួលច្រើន ! ឃុននារី តាំងអំពីខ្ញុំបាទចូលមកអាស្រ័យនៅក្នុងផ្ទះឃុននេះ ស្រួលចិត្តឡើងច្រើន មិនបាច់នឹកព្រួយក្រែងអត់បាយស្លាប់ បើបប៉ៃលិននៅតែមានមេត្តាខ្ញុំបាទយ៉ាងនេះជានិច្ចទៅ ខ្ញុំបាទមុខជាសូមផ្ញើឆ្អឹងនៅតំបន់នេះជាប្រាកដ !
អាកាសនៅបប៉ៃលិន តាមធម្មតាត្រជាក់ជាងស្រុកសង្កែបាត់ដំបងច្រើន បើចួនជាត្រូវរដូវរងាដូចក្នុងវេលានោះ ក៏កាន់តែត្រជាក់ខ្លាំងឡើងទៀតជាច្រើន លុះឮសូរទឹកសន្សើមស្រក់ចុះពីស្លឹកឈើមិនដាច់រយៈ ដួងចន្រ្ទមួយចំហៀងនោះក៏លិចបាត់បាំងដងភ្នំទៅ ខ្យល់ត្រជាក់ក៏កាន់តែបក់ផាត់ខ្លាំងឡើង ជាហេតុនាំឱ្យ​ត្រជាក់ញាក់ដល់បេះដូងកំលោះ​ក្រមុំទាំងពីរនាក់។  ទើបចៅចិត្រសន្សឹមក្រោកឡើងមើលទៅផ្ទៃមេឃដោយកិរិយាស្រពោនស្រពន់ ហើយនិយាយឡើងថា៖

យប់ជ្រៅហើយ ឃុននារី អញ្ជើញឡើងទៅផ្ទះវិញចុះ អំណាចទឹកសន្សើមនិងខ្យល់រងាបែបនេះ អាចធ្វើឱ្យ​ឃុនផ្ដាសាយ ឬទៅជាគ្រុនក៏សឹងបាន !
ឯនាងនារីក្រោកដើរឡើងទៅលើផ្ទះដោយស្រួល ដូចកូនក្មេងដែលប្រដៅបានបែបបទល្អ តែនាងមកនឹកឆ្ងល់ក្នុងចិត្តថា៖

កម្មករកំលោះនេះ មានអំណាចអ្វីហ្ន៎ ! អាចហ៊ានបង្គាប់អញឱ្យ​ធ្វើតាមបង្គាប់ខ្លួនបានដោយងាយដូច្នេះ ។
តែនាងក៏គិតយល់ថា៖

ប្រសិនបើអញនៅហាលសន្សើមយូរពេកអាចធ្វើឰឱ្យ​គ្រុនរងា ឬផ្ដាសាយបានមែន  ។
លុះដល់ព្រឹកឡើង ចៅចិត្រក៏លីចបដើរចេញទៅធ្វើការជីកត្បូងនាអណ្ដូងត្បូង ត្រង់ទិសខាងកើតដូចសព្វដង ដែលធ្លាប់ធ្វើមករាល់ៗថ្ងៃ បានដើរកាត់មុខផ្ទះធំនោះទៅ ស្រាប់តែឃើញនាងនារី និងលោក ហ្លួងរតនសម្បត្តិ អង្គុយក្នុងរថយន្ត យីហោ រ៉ឺណូត៍ ដែលជារថយន្តសម្រាប់ប្រើទៅទិញអីវ៉ាន់នៅផ្សារសង្កែ ។ ឯតាសុន ជាអ្នកបររថនោះ ខំប្រឹងរវៃទាល់តែបែកញើស ក៏នៅតែមិនឆេះសោះ ដល់យូរពេកណាស់ទើបលោក ហ្លួងស្រែកសួរទៅថា៖

តាសុន រថយន្តមិនឆេះទេឬ ?
តាសុនគ្រវីក្បាល យកកន្សែងជូតញើសមុខ ហើយជម្រាបទៅលោកហ្លួងថា៖

មិនឆេះទេ ទានប្រោស ! ខ្ញុំបាទបានដោះលាងសម្អាតគ្រឿងអំពីយប់មិញនេះឯង ស្រាប់តែព្រឹកឡើងវាកៀចដូច្នេះទៅ !
ចៅចិត្រដើរចូលមកជិត លើកដៃសំពះលោកហ្លួង ហើយជម្រាបសួរថា៖

ទានប្រោស ព្រះតេជព្រះគុណអញ្ជើញទៅឯណា ?
លោក ហ្លួងតបទៅថា៖

ខ្ញុំទៅទទួលលោក បាឡាត់ស្រុក ឯស្រុកសង្កែបន្តិច តែរថវាមិនព្រមឱ្យទៅសោះ ចៅចិត្រ !
នាងនារីសម្លឹងមើលចៅចិត្រមួយភ្លែត ឃើញទឹកមុខដូចជាស្រស់បស់ជាងសព្វថ្ងៃ មានកិរិយាអង់អាចខុសពីកម្មករឯទៀតៗ ។

នារី៖ ប៉ា ! យើងទៅមិនរួចទេឬអ្វី ?
នាងសួរដោយសេចក្ដីព្រួយ ។

ចិត្រ៖ សុំឱ្យ​ខ្ញុំបាទរវៃមើលបន្តិច ក្រែងលោឆេះឡើងបាន។
ហើយចៅចិត្របើកគ្របបាំងគ្រឿងយន្តពិនិត្យមើលមួយស្របក់ក៏ញញឹម ហើយនិយាយថា៖

ទានប្រោស ទាស់ត្រង់ណេះ រវៃម្ដងទៀតឆេះជាប្រាកដ ហើយប្រាប់តាសុនឱ្យ​រវៃម្ដងទៀត ។
តាសុនចាប់រវៃម្ដងទៀត គ្រឿងយន្តក៏គ្រហឹមគឹកកង មួយរំពេចឡើង អ្នកទាំងអស់គ្នាក៏ញញឹម តាសុនក៏ទៅទះស្មាចៅចិត្រហើយ លាន់មាត់ថា៖​

ពូកែគ្រាន់បើ អ្នកក្មួយអញ !
លោកហ្លួង ក៏លាន់មាត់ដោយសេចក្ដីត្រេកអរ ហើយសួរចៅចិត្រថា៖

ចៅចិត្រពូកែមែន រៀនចេះពីណា ប្រសប់លាក់ចំណេះណាស់ ?
ចៅចិត្រនឹកត្រេកអរ បង្អោនខ្លួនជម្រាបទៅលោកហ្លួងថា៖

ទានប្រោស មិនបានរៀនឯណាទេ គ្រាន់តែធ្លាប់បររថយន្តមកដែរ ក៏ល្មមធ្វើកើតចំពោះតែគ្រឿង ដែលខូចខាតបន្តិចបន្តួចប៉ុណ្ណោះ ។
ហើយចាប់ចបលើកលីលើស្មា ។

ឯតាសុន បានឮសម្ដីចៅចិត្រថា ធ្លាប់បររថយន្តមកដែរ  ក៏នឹកដល់ប្រពន្ធដែលទើបមកដល់ផ្ទះពីព្រឹកមិញនេះ គាត់មិនទាន់បានសាកសួរអំពីសុខទុក្ខសោះ ស្រាប់តែជាប់រវល់មកបររថយន្តជូនលោកហ្លួងទៅស្រុកសង្កែ ទើបគាត់ជម្រាបសុំច្បាប់លោកហ្លួងថា៖

ទានប្រោស ថ្ងៃនេះខ្ញុំបាទមានធុរៈ ដ្បិតប្រពន្ធខ្ញុំបាទទើបមកដល់ផ្ទះព្រឹកមិញនេះ ខ្ញុំបាទមិនទាន់បានសាកសួរសុខទុក្ខ វាថាប្រញាប់វិលទៅស្រុកវិញ ក្នុងវេលាថ្ងៃត្រង់នេះផង ដូច្នេះសូមព្រះតេជព្រះគុណមេត្តាឱ្យ​ចៅចិត្របររថយន្តជំនួសខ្ញុំ បាទមួយពេលសិនចុះ ។
ហ្លួងរតនៈសម្បត្តិស្ងៀមមួយស្របក់ហើយ បែរទៅសួរចៅចិត្រថា៖

ចិត្រ ឯងបររថយន្តជំនួសតាសុនមួយថ្ងៃបានទេ ?
ចៅចិត្របែរទៅមើលតាសុន ឃើញសម្ដែងអាការអង្វរ ទើបចៅចិត្រជម្រាបទៅលោកហ្លួងថា៖

ខ្ញុំបាទបរជូនបាន ទានប្រោស។
តាសុនត្រេកអរណាស់ ស្ទុះទៅចាប់ដៃចៅចិត្រអង្រួនថា៖

អរគុណអ្នកក្មួយណាស់ សូមអ្នកក្មួយសម្លាញ់ជួយយកតែបុណ្យទៅចុះ ហើយគាត់ងាកមកលើកដៃសំពះលាហ្លួងរតនសម្បត្តិដើរចេញទៅ ។
ចៅចិត្រយកគ្រឿងប្រដាប់ធ្វើការទៅទុកស្រេចហើយ ក៏ផ្លាស់សំពត់អាវកម្មករជាអ្នកបររថយន្ត ឡើងកាន់ចង្កូតបរចេញពីទីនោះទៅ ទំនងជាអ្នកឆ្លាតប៉ិនប្រសប់ដោយមិនមានឧបសគ្គ រវាងពាក់កណ្ដាលផ្លូវដរាបដល់ស្រុកសង្កែ ដែលជាទីក្រុងបាត់ដំបង ។ ឪពុកនឹងកូន ក៏ចុះពីរថយន្តដើរសំដៅទៅកាន់ផ្ទះមួយក្បែរសាលាស្រុក ប្រហែលជាកន្លះម៉ោងទើបឃើញនាងនារីចុះពីផ្ទះនោះមក ។ (ចុចអានទំព័រ៧)

No comments:

Post a Comment