Friday, November 7, 2014

To Bury Body in the Pass Century of Angkor Era

ការ​បញ្ចុះ​សព​នា​សម័យ​បុរេប្រវត្តិសាស្ត្រ

តាមរយៈ​ទិន្នន័យ​ខាង​បុរាណវិទ្យា យើង​បានដឹង​ថា ពី​សម័យ​ថ្ម​រំលីង​រហូត​ដល់​ដើម​សម័យ​ប្រវត្តិសាស្ត្រ ការ​កប់
សព​គឺជា​ប្រពៃណី ដែល​ខ្មែរ​យើង​បាន​ប្រារព្ធ​ប្រតិបត្តិ​ជាទូទៅ មុន​ការ​បូជាសព​ដោយ​ភ្លើង ដែល​មាន​ប្រភព​ចេញ​ពី​ទ្រឹស្តី មនោគមវិជ្ជា​សាសនា​ឥណ្ឌា ដែល​មាន​លទ្ធិ​ព្រហ្មញ្ញសាសនា​និង​ព្រះពុទ្ធសាសនា​ជា​មូលដ្ឋាន ។  ម្យ៉ាងវិញទៀត ការបូជា​សព​ដោយ​ភ្លើង ដោយ​យក​កម្ទេច​ឆ្អឹង ឬ​អដ្ឋិធាតុ​ដាក់​ក្នុង​កោ​ដ្ឋ ឬ​ចេ​តិយ គឺជា​ភស្តុតាង​នៃ​ការ​បញ្ចុះសព​ជា​លើក​ទី​២ ផងដែរ ។ នេះ​គឺជា​អ្វីមួយ ដែល​គេ​ពុំ​បាន​ឃើញ​មុន​សម័យ​ឥណ្ឌា​នីយកម្ម ក្នុង​ដែនដី​គោក​នៃ​ភូមិភាគ​អាស៊ីអាគ្នេយ៍​យើង​នេះឡើយ ។

​         តាម​ការ​ពិនិត្យ​វិភាគ​នូវ​ផ្នូរខ្មោច​មួយ​ចំនួន ដែល​គេ​បាន​ជីក​កកាយ​នៅ​ភូមិ​ស្នាយ​ដោយ​វិធីសាស្ត្រ យើង​អាច​សង្កេតឃើញថា នា​ចុង​សម័យ​បុរេប្រវត្តិសាស្ត្រ និង​ដើម​សម័យ​ប្រវត្តិសាស្ត្រ ដែល​ជា​សម័យកាល​វប្បធម៌​មួយ​ពុំទាន់​បាន​ទទួល​នូវ​ឥទ្ធិពល​ឥណ្ឌា​ជ្រួតជ្រាប ​ចូល​នៅឡើយ បុព្វបុរស​ខ្មែរ​បាន​បញ្ចុះសព ដោយ​យក​ទៅ​កប់​នៅក្នុង​អន្លង់ ដូច​កុលសម្ព័ន្ធ​ខ្មែរលើ ព្នង​ ស្ទៀ​ង​ ចា​រ៉ាយ​ ទំ​ពូន និង​គ្រឹង​ជាដើម ។


        ក្នុងការ​កប់​សព​ចូល​ក្នុង​ផ្នូរ ក្នុង​ជម្រៅ​ពី ១.២០ ម៉ែត្រ ទៅដល់ ១.៥០ ម៉ែត្រ គេ​បាន​ឃើញ​បុព្វការី​ជន​ខ្មែរបាន​បញ្ចុះ​នៅក្នុង​អន្លង់​សពនូវ​កែវកង​ អាវុធ​ ក្រឡ​ដែលជា​ទ្រព្យសម្បត្តិ​ផ្ទាល់​របស់​សព ព្រមទាំង​ចាន ឆ្នាំង​ផ្ទុក​ដោយ​ម្ហូបអាហារ ឬ​ស្រា ។​ល​។ ទង្វើរ​នេះ​គឺជា​ភស្តុតាង នៃ​ការគោរព​បូជា​បុព្វការី​ជន ។

        សូមបញ្ជាក់​ថា ភាគច្រើន​គេ​ដាក់​ក្បាល​ស​ពបែរ​ទៅ​ទិស​ខាងកើត ដែល​ជា​ទិស​នៃ​ព្រះអាទិត្យ​រះ ។ នេះ​ជា​ជំនឿ​របស់​មនុស្ស​បុរាណ ពីព្រោះ​ពួកគេ​ជឿថា ព្រះអាទិត្យ​តំណាង​នូវ​ភាព​អមតៈ​នៃ​ជីវិត ហើយ​អាច​ផ្តល់​ចំពោះ​បុព្វការី​ជន​ដែល​បាន​ចែក​ឋាន​ទៅនូវ​ជីវិត​ថ្មី តាមរយៈ​កាំរស្មីដ័​សក្តិ​សិទ្ធិ​ចែងចាំង ។ តាមពិតទៅ សម្រាប់​មនុស្ស​បុរាណ ការ​ដែល​ព្រះអាទិត្យរះ ឬ​កើត​ហើយ​លិច​នោះ មានន័យ​ថា មនុស្សលោក​ស្លាប់​ទៅហើយ​ពិតជា​នឹង​កើតឡើង​វិញ មិនចេះចប់ មិនចេះហើយដូចគ្នា​ដែរ ។ គឺ​ក្នុង​បរិបទ​នេះ​ហើយ ទើប​គេ​ចូលចិត្ត​កប់​សព​ក្នុង​ផ្នូរ បែរមុខ​ទៅ​ទិសខាងកើត ។ ការ​កប់​សព​មិនមែន​មានន័យថា ខ្មែរ​បុរាណ​មិនចេះ​បូជាសព​ដោយ​ភ្លើង​នោះទេ ក៏ប៉ុន្តែ​នេះ​ជាការ​ពេញនិយម​មួយ នា​សម័យ​បុរេប្រវត្តិសាស្ត្រ​ប៉ុណ្ណោះ លើកលែងតែ​ករណី​ពិសេស ។​


            អាស្រ័យ​ហេតុ​ដូច​ពោល​ខាងលើ តាមរយៈ​ការ​កប់​សព យើង​អាច​ដឹងថា បុព្វការី​ជន​ខ្មែរ​មាន​ជំនឿ​លើ​ការចាប់​ជាតិ​ឡើងវិញ ។ ហើយ​ម្យ៉ាងវិញទៀត ការ​កប់​បញ្ចុះសព​ក្នុង​ដី គឺជា​ពិធី​កម្ម​ចម្បង​មួយ​ក្នុង​សង្គម​បុរាណ មុន​ការទទួល​ឥទ្ធិពល​ឥណ្ឌា ដែលជា​មូលហេតុ​នៃ​ការបញ្ចុះ ឬ​កប់​សព​លើក​ទី​២ តាម​លំនាំ​នៃ​ប្រពៃណី​បែប​ឥណ្ឌា ។ តាមពិតទៅ នេះ​ជាន​វា​និវត្តន៍​មួយ​យ៉ាង​សំខាន់​ដែល គប្បី​យើង​ត្រូវ​កត់ត្រាក្នុង​ការស្វែងយល់​អំពី​ខ្មែរ ។​សូម​ជម្រាប​ផងដែរ​ថា ការ​ដែល​អ្នកស្រុក​ទៅ​ជីក​គាស់ កកាយ​ផ្នូរ​សព​បុរាណ ហើយ​យក​គ្រឿងអលង្ការ ដែល​មាននៅក្នុង​រណ្តៅ​សព​ទាំងនោះ ដើម្បី​យក​ទៅ​ជួញដូរ គឺជា​អំពើ​ខុសច្បាប់ ។ លើសពីនេះ​ទៀត គឺជា​ការ​បំផ្លាញ​នូវ​ព័ត៌មាន​មាន​តម្លៃ សម្រាប់​ការ​ចងក្រង​ប្រវត្តិសាស្ត្រ​ខេ​មរ​ជាតិ ៕ (​ម​.​ត្រា​ណេ​)​

No comments:

Post a Comment