រុក្ខជាតិកន្ធំថេត |
កន្ធុំថេត ដែលមានឈ្មោះវិទ្យាសាស្ត្រហៅថា Leucaena Glaucr ឈ្មោះជាភាសាអង់គ្លេសហៅថា លីដទ្រី (Lead tree) ។
នៅប្រទេសកម្ពុជាយើង '' កន្ធុំថេត '' ត្រូវបានគេហៅដោយឈ្មោះជាច្រើនដូចជា សំបួរ, កន្ទុំទេស, កន្ធុំថេត ជាដើម ។
រុក្ខជាតិនេះ មានដុះនៅស្ទើរគ្រប់ទីកន្លែងដោយការដាំ ឬ ត្រូវបានដុះដោយប្រការណាមួយ ។
ខ្មែរយើង និយមដាំវាធ្វើនៅរបងរស់ ដាំលាយជាមួយដំណាំផ្សេងៗ ឯការប្រើការវិញនោះគឺភាគច្រើននិយមនាំគ្នាបេះយកត្រួយខ្ចីៗ មកធ្វើជាល្បោយនំបញ្ចុក និងជួនកាលយកធ្វើជាអន្លក់ក៏មាន ។
ជារុក្ខជាតិមួយប្រភេទ ដែលមានការលូតលាស់់យ៉ាងឆាប់រហ័សដើមនិងមែករបស់វាអាចយកមកធ្វើជាអុសដុតសម្រាប់ចំអិនអាហារ សំបករបស់វាគេយកធ្វើជាលក្ខពណ៌លឿង ឯផ្លែខ្ចីៗរបស់វា
កូនក្មេងចូលចិត្តបេះយកមកប្រឡេះគ្រាប់បរិភោគលេង ចំណែកស្លឹករបស់វាវិញ គឺជាចំណីសត្វយ៉ាងល្អបំផុត ពីព្រោះវាសម្បូរណ៌ដោយប្រូតេអ៊ីនយ៉ាងច្រើន ។
វាអាចដុះលូតលាស់រហូតដល់កំពស់ ៨ម៉ែត្រ តែជួនកាលមានកំពស់ទាបជាងនេះបើសិនវាស្ថិតនៅកន្លែងមានអាកាសធាតុក្តៅខ្លាំង ។
ការប្រើប្រាស់ៈ
កន្ធុំថេតមានសារៈសំខាន់យ៉ាងខ្លាំងចំពោះផ្នែកសិកម្ម ពីព្រោះ
វាជារុក្ខជាតិម្យ៉ាងដែលអាចជួយរក្សាដីឲ្យមានលំនឹងមិនបាត់បង់
ជីជាតិ បើសិនវាត្រូវបានដាំនៅលើដីដែលទុកទំនេរចោល ។
ស្លឹករបស់វា បើត្រូវបានបេះ និងបូតដាក់សំដិលក្នុងម្លប់ចំនួន ២ថ្ងៃ អាចយកមកលាយឲ្យសត្វគ្រប់ប្រភេទស៊ីបាន ដោយលាយក្នុងអត្រា ២០ ទៅ ៣០ ភាគរយនៃចំនួនចំណីសរុប ។ យើងមិនអាចយកស្លឹកកន្ធុំថេត មកអោយសត្វស៊ីពេលនៅស្រស់ៗបានឡើយ គឺចាំបាច់ត្រូវហាលក្នុងម្លប់ជាមុនសិន បើមិនដូច្នេះទេ ត្រូវយកវាមកត្រាំលាយជាមួយទឹកស្ករកាកអំពៅ ទុកចោលមួយយប់សិនមុននឹងឲ្យសត្វវា ស៊ី យើងអាចផ្តល់ស្លឹកនេះឲ្យមាន់ ទា ជ្រូក ពពែ ត្រី ទន្សាយស៊ី អាចជំនួសពោតឬ សណ្តែក បានមួយរយភាគដែរ ។ ចំណែកស្លឹកតូចៗរបស់វាដែលជ្រុះក្រោមដើម យើងអាចបោសប្រមូលកើបយកមកដាក់ក្នុងរណ្តៅដាំដំណាំ ឬ យកមកលាយជាមួយដីសម្រាប់ដាក់បណ្តុះគ្រាប់ដំណាំផ្សេង ឬអាចយកមកដាក់គ្របលើគល់ដំណាំក៏បាន ។
នៅប្រទេសឥណ្ឌាគេបានផលិតម៉ាស៊ីនម្យ៉ាង អាចដំណើរការដោយដុតអុសយកចំហេះមកផ្តល់ឲ្យម៉ាស៊ីនជាជំនួសប្រេង ដោយប្រើប្រាស់ដើម និងមែកកន្ធុំថេតសម្រាប់វត្ថុធាតុដើម ។
ដីនៅក្នុងចំការ ដែលពុំសូវល្អគួរដាំដើមកន្ធុំថេតនេះចោល ដើម្បីឲ្យវាជួយបង្កើនជីជាតិឲ្យដីត្រឡប់មកវិញ ប្រសើរជាងដាំដំណាំផ្សេងៗដែលគ្មានប្រយោជន៍ ។
វិធីមួយនៃការប្រើប្រាស់កន្ធុំថេត គឺត្រូវដាំវាជាជួរៗ តែត្រូវកាត់តម្រឹមវានៅពេលវាមានកំពស់បាន ១ម៉ែត្រកន្លះ ដោយចងខ្សែពីចុងជួរម្ខាងមកចុងជួរម្ខាងទៀត ដើម្បីងាយស្រួលកាត់តម្រឹមវា
នៅពេលដែលមានត្រួយថ្មីលាស់មកយើងអាចកាត់ត្រួយនោះយកមកធ្វើជាដំណាំសត្វបាន យើងអាចប្រមូលត្រួយនេះបាន២ ទៅ ៣ដងក្នុង ១សបា្តហ៍ បើសិនជាយើងមានដាំច្រើន ។
សម្រាប់នៅទីកន្លែងដែលគ្មានអុសដុតយើងអាចដាំកន្ធុំថេត អង្គារដី អង្កាញ់ឲ្យបានច្រើនពីព្រោះវាសឹងជាដំណាំដែលដុះលូតលាស់លឿនអាចឲ្យយើងយកមកប្រើការធ្វើអុសដុតបាន ។
ទោះបីកន្ធុំថេតជារុក្ខជាតិមួយយ៉ាងសាមញ្ញក៏ពិតមែន តែវាមានប្រយោជន៍យ៉ាងច្រើនសម្រាប់កសិករដែលមានចិញ្ចឹមសត្វ ។
នៅប្រទេសខ្លះគេបានដាំកន្ធុំថេតនៅក្នុងចំការធំៗ ដើម្បីយកស្លឹកវាធ្វើចំណីសត្វ និងយកដើមវាធ្វើថាមពលផ្គត់ផ្គង់ឲ្យម៉ាស៊ីនភ្លើង ។
ចំពោះតំបន់ណាដែលគ្មានអុសព្រៃ គេបានដាំកន្ធុំថេតនៅលើដីទំនេរគ្រប់ទីកន្លែង ក្រោយមកវាបានក្លាយជាព្រៃអុស ជំនួសឲ្យការលំបាកគ្មានអុសដុត កាត់បន្ថយបានពេលវេលាដើររកអុស កាត់បន្ថយបានការបំផ្លាញព្រៃ និងជួយធ្វើឲ្យដីរក្សាបាននូវលំនឹងរបស់វាមិនបាត់បង់ជីជាតិ ៕
No comments:
Post a Comment