ការគិតបែបវិជ្ជមាន
រាល់បុគ្គលដែលទទួលបានភាពជោគជ័យក្នុងជីវិតរមែងតែងតែមានការគិតបែបវិជ្ជមានគ្រប់ៗរូប ឯអ្នកដែលបរាជ័យព្រោះតែគំនិតអវិជ្ជមានស្ថិតនៅក្នុងខ្លួនរបស់ពួកគេ។អ្វីជាគំនិតវិជ្ជមាន? ធ្វើដូចម្តេចដើម្បីធ្វើឱ្យគំនិតវិជ្ជមានស្ថិតក្នុងខ្លួនយើង? គំនិតវិជ្ជមានពិតជាអាចធ្វើឱ្យជីវិតរបស់យើងវិជ្ជមានមែន?
ការគិតបែបវិជ្ជមាន គឺជាការគិតមួយបែបដែលនាំផ្លូវគំនិតរបស់មនុស្សឱ្យយល់ឃើញក្នុងផ្លូវល្អ ក្នុងក្តីសង្ឃឹម។ រាល់បញ្ហាវាសុទ្ធតែកើតចេញពីមូលហេតុរាល់បញ្ហាសុទ្ធតែមានដំណោះស្រាយរបស់វាអ្នកប្រព្រឹត្តល្អរមែងទទួលបានផលល្អ។ ភាពជោគជ័យគឺការប្រកាន់ខ្ជាប់នូវយុទ្ធសាស្រ្ត <<ឈ្នះ ឈ្នះ>> ដើរទៅមុខជានិច្ច។ បើគេធ្វើបាន យើងក៏ធ្វើបានហើយបើយើងធ្វើបានគេក៏ធ្វើបានដូចគ្នា។ សរុបទៅ ការគិតវិជ្ជមានគឺសំដៅដល់ការត្រឹះរិះពិចារណា ការរំឭកដល់រឿងរ៉ាវល្អៗការសង្ឃឹម ជឿជាក់ទៅដល់លទ្ធផលល្អណាមួយដែលនឹងមកដល់នាពេលខាងមុខ សំដៅដល់ហេតុផលក្នុងចិត្តទំាងឡាយណា ដែលនាំឱ្យមានការចម្រើនលូតលាស់ដល់ខ្លួនឯងនិងអ្នកដទៃ។ បុគ្គលដែលមានគំនិតវិជ្ជមាន ជាបុគ្គលដែលមើលឃើញឧបសគ្គថាជាឱកាសក្នុងការកសាងស្នាដៃល្អៗទំាងឡាយគេតែងតែប្រព្រឹត្តការគិត និងទង្វើល្អៗជានិច្ច ទំាងសម្រាប់ខ្លួនឯងនិងទំាងសម្រាប់អ្នកដទៃ គេតែង
មានសុភវិនិច្ឆ័យបានយ៉ាងត្រឹមត្រូវ ទៅលើរឿងរ៉ាវនានារបស់ មនុស្សសត្វ ក៏ដូចជាធម្មជាតិ ជាបុគ្គលដែលហ៊ាន
ទទួលស្គាល់ការពិត ហ៊ានកែប្រែគំនិតរបស់ខ្លួនទៅរកភាពត្រឹមត្រូវ ល្អប្រសើរជាប្រភេទមនុស្សដែលប្រកបដោយ សីលធម៌ គុណធម៌ ព្រហ្មវិហាធម៌មានចិត្តនឹងធឹងស្ងប់ស្ងៀម ប្រាជ្ញាមុតថ្លា។
ការគិតបែបវិជ្ជមាននឹងផ្តល់ផល ដ៏គាប់ប្រសើរទៅដល់អ្នកដែលបានប្រពឹត្តដូចជា៖
ផ្នែកសុខភាព៖ សុខភាពរបស់អ្នកក៏ត្រូវបានជះឥទ្ធិពលមកពីគំនិតរបស់អ្នកផងដែរ។នៅពេលដែលអ្នកជំនួស
គំនិតរបស់អ្នក ដោយភាពស្ងប់ចិត្ត ជំនឿចិត្តនិងពោរពេញដោយសន្តិភាព ជំនួសឱ្យការមិនសប្បាយចិត្តភាពថប់អារម្មណ៍និងក្តីកង្វល់លោកអ្នកនឹងទទួលបាននូវអារម្មណ៍ស្រស់ត្រកាលមិនខាន។
អារម្មណ៍នៃភាពជោគជ័យ៖ គំនិតបែបវិជ្ជមាននឹងជម្រុញយ៉ាងពុះពារ នៅក្នុងខ្លួនរបស់អ្នកនូវអារម្មណ៍មួយ
នៃភាពជោគជ័យ ដោយអ្នកនឹងមានភាពប្រាកដប្រជាពីអ្វីៗដែលត្រូវធ្វើឱ្យបានសម្រេច ឬទទួលបានជោគជ័យ ជាពិសេសអ្នកនឹងមានអារម្មណ៍ថា នឹងធ្វើសកម្មភាពដោយគ្មានស្ទាក់ស្ទើរ។
គំនិតសុទិដ្ឋិនិយម៖ ពេលដែលការគិតរបស់អ្នកប្រកបដោយភាពវិជ្ជមានហើយ មានន័យថាអ្នកគឺជាមនុស្ស
សុទិដ្ឋិនិយម វានឹងផ្តល់អារម្មណ៍មួយដែលថាអ្វីៗ ដែលល្អវានឹងកើតមានឡើងអ្នកនឹងមើលឃើញពីភាពជោគ
ជ័យតាមរយៈអ្វីៗដែលលោកអ្នកបានធ្វើឬនឹងត្រូវធ្វើ។
ភាពរំជួលចិត្តបែបវិជ្ជមាន៖ ចិត្តរបស់អ្នក នឹងមានភាពត្រេកអរណាស់នៅពេលបានទទួលដំណឹងគួរឱ្យសប្បាយចិត្ត ឬសម្រេចនូវកិច្ចការអ្វីមួយវាជាកត្តាធម្មជាតិ ដែលវានឹងផ្តល់នូវក្តីសង្ឃឹមដល់អ្នកជាដរាប។ធ្វើការឆ្លើយតបប្រកបដោយវិជ្ជមានទៅនឹងភាពបរាជ័យ៖ ភាពបរាជ័យ ជាចំណុចចាប់ផ្តើមនៃភាពជោគជ័យ។ អ្នកដែលគិតបែបវិជ្ជមានមិនបានចាត់ទុកភាពបរាជ័យថាជាទីអវសាននៃជីវិតឡើយ។ កាន់តែធ្វើគឺកាន់តែទទួលបាន។
មានទំនុកចិត្តលើខ្លួនឯង៖ អ្នកដែលមានការគិតបែបវិជ្ជមាន តែងលើកទឹកចិត្តខ្លួនឯងឱ្យមានទំនុកចិត្តកាន់តែច្រើនឡើងៗជាលំដាប់។ ការធានាអះអាងរបស់បុគ្គលនោះនឹងជួយជម្រុញ នូវចំណង់ដ៏ពុះកញ្ជ្រោលរបស់គេឱ្យកើតឡើង។មានតម្លៃផ្ទាល់ខ្លួនប្រកបដោយភាពវិជ្ជមាន៖ ការពេញចិត្តចំពោះខ្លួនឯងរបស់អ្នក នឹងត្រូវបានលើកស្ទួយខណៈចិត្តគំនិតរបស់អ្នកត្រូវបានដាក់បំពេញដោយគំនិតវិជ្ជមាន។ អ្នកនឹងមានអារម្មណ៍ល្អ ចំពោះខ្លួនឯងបានកាន់តែច្រើននិងជាប់ជានិច្ច។
ប្រឌិតញាណ (គំនិតច្នៃប្រឌិត)៖ ជាមួយនឹងភាពនឹងនរនិងការតាំងចិត្ត ដ៏ជ្រាលជ្រៅប្រកបដោយភាពស្ងៀម
ស្ងាត់ លោកអ្នកនឹងបង្កើតនូវលក្ខខណ្ឌមួយដែលនាំឱ្យមានគំនិតច្នៃប្រឌិត ដើម្បីធ្វើឱ្យកើតមានមនោគិតត្រចះត្រចង់ជាច្រើន។
ភាពថិតឋេរយូរអង្វែង៖ ភាពជោគជ័យវែងឆ្ងាយ គឺត្រូវបានពង្រឹងឱ្យមាំទាំទៅដោយមនោសញ្ចេតនាពីក្នុងចិត្ត
ដ៏ជ្រាលជ្រាលនៃគំនិតវិជ្ជមានទាំងឡាយ ។ លោកអ្នកនឹងបានទៅដល់គ្រប់ផ្លូវដោយឆ្លងកាត់ភាពជោគជ័យ
លើគ្រប់ឧបសគ្គ។ គ្មានអ្វីដែលអាចរារាំងលោកអ្នកមិនឱ្យទទួលបាននូវភាពជោគជ័យណាមួយឡើយ។
ទំនាក់ទំនងប្រកបដោយភាពវិជ្ជមាន៖ ជាមួយនឹងអាកប្បកិរិយាប្រកបដោយភាពវិជ្ជមានលោកអ្នករាប់អានជាមួយអ្នកដទៃ ប្រកបដោយលក្ខណៈសុភាព រាបសារចេះយល់ចិត្តគ្នា និងប្រកបដោយការគោរព។លោកអ្នក
ជាមនុស្សឆ្លាតវៃ ក្នុងការបង្កើតទំនាក់ទំនងជាមួយអ្នកដទៃ ដោយរក្សាបាននូវផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ ភាពស្មោះត្រង់របស់លោកអ្នកនឹងទទួលបាននូវការគោរពរាប់អាន សេចក្តីស្រឡាញ់ស្មោះស្ម័គ្រពីអ្នកដទៃ។
ដើម្បីឱ្យខ្លួនអ្នកប្រកបដោយគំនិតវិជ្ជមាន អ្នកគួរប្រតិបត្តិតាមដំបូន្មានមួយចំនួនខាងក្រោម៖
ក. ចិត្តព្រលឹងរបស់អ្នក ត្រូវតែប្រកបដោយភាពវិជ្ជមាន៖អ្នកត្រូវមានអារម្មណ៍វិជ្ជមានជាប់ជានិច្ច។អារម្មណ៍
ណាដែលល្អមានប្រយោជន៍ ដល់អ្នកគ្រប់គ្នាអ្នកគួរតែប្រមូលមកដាក់ឱ្យបានច្រើន ទើបជាការប្រសើរដល់
គំនិតវិជ្ជមានរបស់លោកអ្នក។
ខ. កាយរបស់អ្នកត្រូវតែប្រកបដោយភាពវិជ្ជមាន៖ដេក ដើរ ឈរ អង្គុយ និយាយស្តី ទទួលទានអាហារ ហាត់
ប្រាណងូតទឹក គ្រប់ដង្ហើមចេញចូលត្រូវតែប្រកបដោយសកម្មភាពវិជ្ជមានជានិច្ច។
គ. សតិ ប្រាជ្ញា ស្មារតីរបស់អ្នកត្រូវតែប្រកបដោយវិជ្ជមាន៖ត្រូវចេះរំឭកទៅដល់រឿងរ៉ាវ គំនិតមតិយោបល់អ្វីៗ
ប្រកបដោយភាពវិជ្ជមាន។ អ្នកមិនគួរយកចិត្តទុកដាក់ទៅរកគំនិត ឬបទពិសោធន៍ទំាងឡាយណាដែលនាំអ្នកឈានទៅដល់គំនិតគុំគួន ខឹងសម្បារ សោកស្តាយ សោកសង្រេងឬស្ថិតក្នុងភាពអស់សង្ឃឹមឡើយ។ ជៀសវាង
គិតអ្វីៗដោយភាពងងឹតងងុលអបិយជំនឿ មិនសមហេតុផល ដោយភាពអវិជ្ជាណាមួយឡើយ។ គ្រប់ការរំឭកត្រូវប្រកបដោយប្រាជ្ញា មូលដ្ឋានចំណេះដឹង គុណធម៌ សីលធម៌ សុជីវធម៌សន្តិភាព និងបែបវិទ្យាសាស្រ្ត។
ឃ. ហ្វឹកហាត់ខ្លួនឱ្យទៅរកភាពវិជ្ជមាន៖ ការគិតវិជ្ជមាននឹងនាំអ្នក ឱ្យឈានទៅដល់ការធ្វើសកម្មភាពវិជ្ជ
មានយូរៗទៅវានឹងបង្កើតបានទៅជាទម្លាប់ ជាលទ្ធផលចុងក្រោយដែលលោកអ្នកនឹងទទួលបានគឺវិជ្ជមាន។
ង. ត្រូវមានបេសកកម្មក្នុងជីវិត៖ការដាក់គោលដៅជីវិតគឺជាការកំណត់ព្រំដែននៃភាពជោគជ័យរបស់អ្នក។កាលណាអ្នកមានគោលដៅក្នុងសេចក្តីត្រូវការរបស់អ្នកច្បាស់លាស់ នោះអ្នកនឹងធ្វើអ្វីៗ ដើម្បីតែភាពជោគជ័យក្នុងគោលដៅរបស់អ្នកប៉ុណ្ណោះ ពុំមានពេលវេលាឯណាទៅគិតរឿងផ្សេងៗឡើយ។
ឧបសគ្គសំខាន់ៗនៃការរំាងស្ទះគំនិតវិជ្ជមាន មានដូចជា៖
១. គ្រោះអវិជ្ជា (មោហៈ)៖ការមិនចូលចិត្តការរៀនសូត្រ មិនខិតខំស្រាវជ្រាវ មិនសូវយល់ដឹងពីសង្គម និង
ធម្មជាតិ។
២. ការសេពគប់មនុស្សមិនល្អ (មោហៈ)៖ការនិយមរាប់អានចូលដៃជើងជាមួយ មនុស្សដែលមិនប្រកបទៅដោយសីលធម៌ គុណធម៌ សុជីវធម៌ សុចរិតចំណេះដឹង និងបទពិសោធន៍ទូលំទូលាយក្នុងជីវិត។ ការចូលចិត្តសេពគប់មនុស្សប្រើប្រាស់អំពើហឹង្សា មនុស្សមិនចូលចិត្តគោរពច្បាប់ទម្លាប់ មិនគោរពកោតខ្លាចអ្នកដទៃដែលជាចាស់ទុំជាដើម។
៣. ការប្រកាន់យកនូវគំនិតលោភៈ៖ការចង់បានហួសប្រមាណ មិនចេះស្កប់ស្កល់ ចង់បានរបស់អ្នកដទៃដោយ
ឥតអៀនខ្មាស ការចង់បានតែមុខមាត់ជាដើម។ល។
វិធីសាស្រ្តជំនះឧបសគ្គនៃគំនិតវិជ្ជមានរួមមាន៖
១. ត្រូវខិតខំរៀនសូត្រជាប្រចាំ ទាំងចំណេះដឹងទូទៅនិងទាំងជំនាញផ្ទាល់ខ្លួន។ ការសិក្សាត្រូវបន្តធ្វើពេញមួយ
ជីវិតរបស់ខ្លួន មិនថាពុទ្ធចក្រនិងអាណាចក្រ។
២. ត្រូវព្យាយាមចូលឱ្យជិតទៅរកអ្នកប្រាជ្ញបណ្ឌិតទាំងឡាយណា ដែលប្រកបទៅដោយសីលធម៌ សុជីវធម៌ គុណធម៌ សប្បុរសធម៌។
៣. ត្រូវព្យាយាមជំនះនូវរាល់គំនិតលោភៈ ទោសៈ មោហៈ ទាំងឡាយទាំងនៅក្នុងខ្លួនឯង និងនៅក្នុងខ្លួនមនុស្សដទៃទៀត។
៤. ត្រូវប្រកាន់ខ្ជាប់តាមគោលធម៌របស់ព្រះពុទ្ធ គឺអដ្ឋមគ្គ (មាគ៌ាទំាងប្រាំបី)ដ៏ប្រសើរ។
៥. ត្រូវគិតថា ទាំងមនុស្ស ទាំងសត្វកើតមកតែងតែប្រាថ្នានូវសេចក្តីសុខ មិនចង់បានសេចក្តីទុក្ខឡើង។ដូច្នេះ
យើងមិនត្រូវមានការបៀតបៀនសេចក្តីសុខរបស់អ្នកដទៃឡើយ។
៦. យើងត្រូវប្រកាន់ខ្ជាប់នូវឥរិយាផ្តល់សេចក្តីសុខទាំងសម្រាប់ខ្លួនឯង និងទាំងសម្រាប់អ្នកដទៃ។
៧. ត្រូវយល់ថា ជីវិតកើតមក គឺដើម្បីក្តីសង្ឃឹម មិនមែនដើម្បីទុក្ខសោកឬការអស់សង្ឃឹមឡើយ។ បញ្ហាទាំងអស់សុទ្ធតែអាចដោះស្រាយបាន។
សរុបមកវិញ អានុភាពនៃគំនិតវិជ្ជមាន នឹងជួយជម្រុញឱ្យលោកអ្នកទទួលបាននូវភាពជោគជ័យយ៉ាងធំធេង
ក្នុងជីវិត។ មនុស្សដែលមានគំនិតវិជ្ជមានរមែងទទួលបាននូវសម្បត្តិមហាសាលទាំងប្រាំយ៉ាងដូចជា៖ ទំនាក់
ទំនងដ៏ប្រសើរ ចិត្តព្រលឹងភ្លឺថ្លារាងកាយមាំមួន ហិរញ្ញវត្ថុមាំទាំ ប្រាជ្ញាឈ្លាសវៃ។ចូរប្រកាន់យកគំនិតបែប
វិជ្ជមានជានិច្ចនិរន្តន៍ដើម្បីអភិវឌ្ឍខ្លួនឯង សង្គម និងប្រទេសជាតិ៕