មានមនុស្សម្នាក់ ជាកូននៃអ្នកត្រកូលក្រីក្រ បុរសនេះតាំងពីចម្រើនធំឡើង គ្មានរកស៊ីអ្វីសោះ ខំប្រឹងសង្វាតតែខាងការបរបាញ់ ទាល់តែស្ទាត់ជំនាញ បើបុរសនោះបាញ់តម្រង់សត្វណា ចង់ឱ្យត្រូវក្បាល ត្រូវក ឬទ្រូង រមែងត្រូវតាមបំណង តែរូបឆោមលោមពណ៌បុរសនោះ អាក្រក់មាឌស្គមកំព្រឹង សក់ក្រញាង មុខក្រញុះ អ្នកស្រុក
គេដាក់ឈ្មោះហៅថា «អាសម្គមបាញ់លលក» ព្រោះវាតែងដើរបាញ់លលករាល់ថ្ងៃ ។
ថ្ងៃមួយ អាសម្គមបាញ់លលក លីស្នាដើរទៅស្វែងរកបាញ់លលក បានប្រទះឃើញភូមិសេដ្ឋី១ មានដើមឈើដុះត្រសាយត្រសុំដង្គុំដង្គោល ជាទីលំនៅនៃបក្សីមានលលកជាដើម ។ សេដ្ឋីនោះជាអ្នកសម្បូណ៌សម្បុកសម្បត្តិព្រមទាំងមានកូនក្រមុំពីរនាក់ផង ។ អាសម្គមបាញ់លលក លីស្នាដើររសៀរតាមរបងភូមិសេដ្ឋី ក៏ជួបជាកូនស្រីសេដ្ឋីទាំងពីរបណ្តើរគ្នាលេងតាមសួនច្បារ ក្នុងភូមិរបស់ខ្លួន ដ៏ដេរដាសដោយផ្ការីកស្គុសស្គាយផ្សាយក្លិនក្រអូបឈ្ងុយឈ្ងប់ នៅពេលព្រឹកព្រហាម ។ អាសម្គមបាញ់លលកដើរសសៀរតាមភូមិ ងើយមើលលើ ក្រែងមានសត្វលលកទំនៅចុងឈើ ។ កាលបើអាសម្គមបាញ់លលក ងាកភ្នែកចុះឡើង ចោលកន្ទុយភ្នែកទៅក្នុងភូមិ ខ្សែភ្នែកក៏រត់ទៅប៉ះទង្គិចនឹងរូបរាងនាងក្រមុំទាំងពីរ ដែលប្រកបដោយគ្រឿងតែងប្រាណ មានលម្អស្រស់ស្រងៅ ទាំងមានព្រលឹងសាច់ទ្រលុកទ្រលន់ នាំឱ្យភ្ញាក់កន្ទ្រាក់ដួងចិត្តប្រុសនៅវេលាឃើញដំបូង ។ ឯអាសម្គមបាញ់លលក គ្រាន់តែចោលភ្នែកទៅប៉ះរូបនាងនោះភ្លាម ក៏ស្រឡាំងកាំងភាំងស្មារតី ភ្លេចខ្លួន ជ្រុះទាំងស្នាទាំងព្រួញដល់ដី ។អាសម្គមបាញ់លលក តាំងពីបានឃើញកូនសេដ្ឋី ក៏ស្រឡាញ់ជាប់ក្នុងចិត្ត នឹកឥតភ្លេច ហើយក៏ទៅដល់ផ្ទះថ្លែងប្រាប់ឪពុកម្តាយ និយាយនឹងម្តាយឱ្យទៅដណ្តឹងកូនសេដ្ឋីឱ្យ ។ ម្តាយនិយាយនឹងកូនថា «នែកូន! ម្តេចក៏ឯងទៅស្រឡាញ់ កូនសេដ្ឋីអ៊ីចេះ! បើឯងក្រីក្រភោគសម្បត្តិ ទាំងរូបឯងទៀតក៏អាក្រក់ មិនសមនឹងកូនគេធ្វើម្តេចគេនឹងឱ្យឯង ?» អាសម្គមបាញ់លលក ក៏និយាយនឹងម្តាយថា «ម៉ែ! បើម៉ែមិនទៅដណ្តឹងឱ្យខ្ញុំទេខ្ញុំក៏អស់ឃើញមុខម៉ែ ម៉ែក៏លែងបានឃើញមុខខ្ញុំ តាំងពីថ្ងៃនេះទៅហើយ » ។
ម្តាយដែលមានចិត្តអាណិតកូន ឮកូននិយាយដូច្នោះ ក៏ស៊ូកាត់កេរ្តិ៍ខ្មាស ទៅនិយាយស្នើការនឹងសេដ្ឋីៗ ក៏តបវិញថា «ខ្ញុំឥតបើស្អប់ខ្ពើមអីកូននាងទេ ប៉ុន្តែកូនខ្ញុំៗ នឹងឱ្យពុំបាន ដ្បិតមិនទាន់គ្រប់ការ ណ្ហើយនាង!
ប៉ុណ្ណេះទុកជាស្រេចចុះ កុំបាច់ទៅមកទៀត» សម្ដីប៉ុណ្ណេះ ជាសម្ដីបង្វែងដានមិនចង់ឱ្យ ។ ម្តាយអាសម្គមបាញ់
លលក ទញ់តុះគំនិតរកឧបាយកលនិយាយទៀតគ្មាន ក៏លាសេដ្ឋីត្រឡប់ទៅផ្ទះប្រាប់កូន ។ អាសម្គមបាញ់លលកគ្រាន់តែម្តាយប្រាប់ដូច្នោះភ្លាម ក៏ផ្លាស់ទឹកមុខក្រៀមក្រំ អង្គុយត្របោមក្បាលជង្គង់ ដង្ហើមឃូរៗ បាយលែងនឹក ទឹកលែងស្រេកចេះតែនឹកមមៃៗ ហាក់ដូចជាកូនសេដ្ឋីនៅចំពោះមុខស្រស់ៗ ដោយកម្លាំងសេចក្តី
ស្នេហាខ្លាំងពេក ហើយបែរជាមិនបានដូចបំណង ។ នៅវេលាដែលអាសម្គមបាញ់លលកចូលដេក ក៏ចូលទៅទាំងនឹកអាល័យទៅជាមមើ ស្រែកច្រៀងទាំងយប់ថា៖
«ឆោមអើយឆោមឆើតទាំងពីរប្រាណ ធ្វើម្តេចនឹងបានមកកៀកកើយឱ្យដូចជាពូកនិងខ្នល់ខ្នើយបើម៉្លេះទៅហើយអស់សង្ឃឹម» ។
អាសម្គមបាញ់លលក ទុកជាដឹងថា គេលែងឱ្យហើយដូច្នោះ លុះព្រឹកឡើង ក៏នៅតែលីស្នា និងស្ពាយបំពង់ព្រួញ ដើរទៅសំដៅភូមិសេដ្ឋីរាល់ថ្ងៃឥតខានសោះ ពួនចាំលបមើលកូនសេដ្ឋី ។
ថ្លែងពីបុរសម្នាក់ទៀត ជាកូនអ្នកមានសម្បត្តិ ទាំងរូបឆោមនោះក៏សក្តិសម ទឹកមុខឡើងស្រស់បំព្រង
ជាទីពេញចំណង់នៃស្រ្តីភាព ។ បុរសនោះក៏ស្រឡាញ់កូនសេដ្ឋីនោះដែរ លុះទៅដណ្តឹង សេដ្ឋីក៏មិនព្រមឱ្យ ។ បុរសនោះទុកជាដឹងថាគេមិនព្រមឱ្យ ក៏នៅតែលបមើលកូនសេដ្ឋីរាល់ថ្ងៃ ។ ចួនជាពេលមួយ បុរសនោះក៏ទៅអាសម្គមបាញ់លលកក៏ទៅ ហើយបានជួបគ្នា អាសម្គមបាញ់លលកសួរថា «អ្នកឯងទៅណា?» ។ បុរសនោះឆ្លើយថា «ខ្ញុំមកលបមើលកូនសេដ្ឋី » ឆ្លើយហើយសួរថា «ចុះឯងមកធ្វើអ្វីដែរ? » ។ អាសម្គមបាញ់លលកថា «ខ្ញុំក៏មកមើលកូនសេដ្ឋីដែរ» ។ បុរសនោះថា «យើ!រាងនេះ អួតឯងចង់បានកូនសេដ្ឋីផង! ប៉ុនអម្បាលរូបខ្ញុំ
គេនៅតែមិនឱ្យ» ។ អាសម្គមបាញ់លលកថា «បងឯងចាំមើល ខ្ញុំយកទាល់តែបាន» ។
ជួនជាថ្ងៃនោះ សេដ្ឋីប្តីប្រពន្ធនាំគ្នាទៅវត្ត នៅតែកូនក្រមុំពីរនាក់ចាំផ្ទះ ។ អាសម្គមបាញ់លលកដឹងដូច្នោះកំពុងតែគិតរកឧបាយ ក៏ចួនជាក្រឡេកទៅឃើញសត្វលលកមួយទំនៅចុងឈើមុខផ្ទះសេដ្ឋី ។ អាសម្គមបាញ់លលក បានឱកាសក៏យឺតស្នាបាញ់ឮសូរក្លឹងបាប់ ស្រាប់តែលលកទធាក់ចើង ទទះស្លាបនៅទីធ្លាមុខផ្ទះ ។ លំដាប់នោះ កូនក្រមុំសេដ្ឋីម្នាក់ចុះទៅដី ឃើញលលកនោះហើយ ក៏ស្រែកប្រាប់បងថា «អ្នកបង! អ្នកណាបាញ់លលកធ្លាក់មកនេះ? » ថាហើយក៏រើសលលកទៅ ។ អាសម្គមបាញ់លលកធ្វើដូចជាមិនដឹង ដល់គេបោចរួចហើយស្រាប់តែឡូឡារកលលក ដែលខ្លួនបាញ់នោះថា «នរណាលួចលលកអញទៅណា? តែអញរកឃើញមុខជាប្តឹងរាជការឱ្យយកទៅដាក់គុកពុំខាន » ។ នាងក្រមុំទាំងពីរនាក់ ឮដូច្នោះក៏ភ័យស្រែកប្រាប់ថា «លលកបងឯងខ្ញុំយកមកនេះហើយ » ។ អាសម្គមបាញ់លលកស្តីគំរាមថា «ម្តេចក៏ហ៊ានលួចលលកអញ ត្រូវយកមកឱ្យអញ »កូនស្រីសេដ្ឋីក៏យកលលកមកឱ្យ ។ អាសម្គមបាញ់លលកថា «ទេ! លលកអញនៅរោមនៅស្លាប ឥឡូវនាងឯងយកទៅបោចរោមស្លាបអស់ហើយ ក្រែងតែអាំងឱ្យឆ្អិនឱ្យអញបានអញយក ។ «នាងក្រមុំទាំងពីរនាក់ ក៏យកទៅអាំង ឆ្អិនហើយយកមកឱ្យ ។ អាសម្គមបាញ់លលកថា «នរណាស៊ីតែសាច់លលក ក្រែងតែមានស្រាផឹកផងទើបស៊ីកើត» ។ នាងទាំងពីរនាក់ ហេតុតែខ្លួនជាស្រីប្រកបដោយសេចក្តីភ័យច្រើន ក៏ទៅយកស្រាមកឱ្យ ឱ្យមួយពែងហើយថាមួយពែងទៀតទាល់តែស្រវឹងដួលដេកលើផ្ទះនោះទៅ ។ ឯនាងក្រមុំទាំងពីរនាក់គិតគ្នាថា
«បើយើងបណ្តោយឱ្យវានៅក្នុងទីហ្នឹង តែឪម៉ែមកវិញឃើញ យើងមុខជាមានរឿង «គិតហើយ មិនដឹងយក
ទៅណា ក៏នាំគ្នាសែងអាសម្គមបាញ់លលក យកទៅលាក់ក្នុងផ្ទះ ។ ដល់ពេលយប់ អាសម្គមបាញ់លលកដឹងខ្លួន ក៏ស្រែកថា «មូសខាំណាស់ » ។ កូនសេដ្ឋីភ័យ ក្រែងឪពុកដឹង ក៏នាំគ្នាសែងទៅដាក់ក្រោមគ្រែដេករបស់ខ្លួន ។អាសម្គមបាញ់លលកស្រែកទៀតថា «សង្កើចខាំណាស់ » ។ នាងទាំងពីរនាក់ក៏លើកមកឱ្យដេកលើគ្រែ ក្នុងមុងជាមួយ ដោយគិតថា វាស្រវឹងស្រា នឹងធ្វើអ្វី! ។ ពេលនោះ អាសម្គមបាញ់លលកបានឱកាស ក៏តាំងលូកប្រឡែងស្ទាបអង្អែល ដោយសេចក្តីស្រឡាញ់ដរាបដល់បានរួមដំណេក ជាមួយនឹងនាងក្រមុំទាំងពីរនាក់នោះទៅ។
ចេះដប់មិនស្មើប្រសប់មួយ
(ចុចដើម្បីអានរឿងព្រេង៖ អ្នកដំណើរពីរនាក់ដណ្ដើមគ្នាដេកកណ្ដាល)