កាលពីដើម មានបុរសម្នាក់មានប្រពន្ធ ។ បុរសនោះ តែងទៅកាប់ចម្ការសព្វថ្ងៃ លុះកាប់ចម្ការទៅដល់ដើម
ជ្រៃមួយ ស្តេចកណ្តុរស ដែលនៅនឹងដើមជ្រៃនោះ មានសេចក្តីភិតភ័យ ហើយហើយទៅអង្វរបុរសដែលកាប់
ព្រៃធ្វើចម្ការនោះថា ” សុំឱ្យបុរសទុកតែដើមជ្រៃមួយនេះ ខ្ញុំនឹងឱ្យរង្វាន់ជាមាសក្នុងមួយថ្ងៃមួយដុំ ” ។ បុរស
នោះ ក៏ព្រមទុកដើមជ្រៃឱ្យ ។ ស្តេចកណ្តុរស បានយកមាសមកប្រគល់ឱ្យបុរសនោះតែរាល់ថ្ងៃ ។ បុរស បានមាស
ហើយ យកទៅប្រគល់ឱ្យប្រពន្ធតែរាល់ថ្ងៃ ។ ប្រពន្ធសួរថា ” អ្នកបានមាសពីណា? ” ។ ប្តីថា “នាងកុំចង់ដឹង
អី ចេះតែទុកទៅ” ។ ប្រពន្ធថា ” បើអ្នកមិនប្រាប់ខ្ញុំ ខ្ញុំនឹងទៅប្តឹងអ្នករាជការចៅទៃ ឬទៅទូលស្តេចថា
អ្នកលួចព្រះរាជទ្រព្យ ” ។ បុរសនោះ ឮប្រពន្ធថាដូច្នោះ ក៏ភ័យ ហើយបានថ្លែងប្រាប់ទៅប្រពន្ធ តាមដំណើរដែល
បានមាសពីស្តេចកណ្តុរសនោះ ។ នាងប្រពន្ធបានដឹងដូច្នោះហើយ ក៏ប្រាប់ទៅប្តីវិញថា ” អ្នកនេះ ហៅពេញ
ជាឆោត ចាញ់ប្រាជ្ញាសត្វ បើអ្នកកាប់ដើមជ្រៃនោះឱ្យរម្លំហើយពុះបំបែកយកមាសពីក្នុងដើមជ្រៃនោះ នឹងបាន
ច្រើន ព្រោះស្តេចកណ្តុរស វាយកមាសតែពីក្នុងដើមជ្រៃនោះ ” ។ បុរសបានឮសម្ដីប្រពន្ធហើយ ក៏ជឿ លុះព្រឹក
ឡើង ទៅកាប់រម្លំដើមជ្រៃនោះរលំទៅ ហើយក៏ពុះមើល ពុំឃើញមានមាសអ្វីបន្តិចសោះ ។ ស្តេចកណ្តុរសក៏រត់ចោល
ដើមជ្រៃនោះទៅ ។ វេលាយប់ស្តេចកណ្តុរស នាំគ្នាទៅលួចយកមាស ពីផ្ទះបុរសនោះអស់មកវិញ ៕៚
ចង់ស៊ីកុំតាមឃ្លាន
No comments:
Post a Comment