ចៅចិត្រសួរដោយកិរិយាសុភាពថា៖
ត្រឡប់ទៅឥឡូវឬនៅទេ ឃុន ?
នៅទេ នាងតបកំបុតៗហើយថា ចិត្រតោងទៅទិញអីវ៉ាន់ឯផ្សារជាមួយនឹងខ្ញុំឥឡូវ នុះកញ្រ្ចែង
ចិត្រកាន់យកទៅផងណា។
ចៅចិត្រនឹកភាំងបន្តិច ដ្បិតតាំងអំពីកើតមកមិនដែលកាន់កញ្រ្ចែងដើរតាមក្រោយស្រីណាម្ដងសោះ
តែគ្រានេះត្រូវតែធ្វើតាម ដ្បិតគេជាចៅហ្វាយខ្លួន ឱ្យប្រាក់ខែខ្លួន ទុកជាការធ្វើដូច្នេះនាំឱ្យអាម៉ាស់មុខយ៉ាងណា
ក៏ត្រូវតែប្រតិបត្តិតាមបង្គាប់ទៅសិនចុះ ទើបនាយចិត្តស៊ូកាត់កេរ្តិ៍ខ្មាសចាប់កញ្រ្ចែងដើររ៉ុយតាមក្រោយ
ចៅហ្វាយក្រមុំ មានរូបឆោមស្រស់ប្រិមប្រិយនោះទៅ ។
នារីបង្គាប់៖ ចិត្រ ទៅសួរទិញត្រីរ៉ស់ធំៗ ពីរយកទៅស្ងោរជ្រក់ តើគេលក់មួយថ្លៃប៉ុន្មាន ? រើសឱ្យធាត់ៗបន្តិច ។
ចៅចិត្រនិយាយសុំខ្លួនថា៖ សូមកុំប្រើឱ្យខ្ញុំបាទទិញឡើយ ឃុន ! ហើយនិយាយតទៅទៀតថា៖
តាំងពីខ្ញុំបាទកើតមក ខ្ញុំបាទមិនដែលទិញត្រីសាច់ ឬ បន្លែបង្ការអ្វីទេ ក្រែងឃុនបន្ទោស ថាទិញថ្លៃពេក
ដ្បិតខ្ញុំបាទមិនចេះតថ្លៃទិញត្រីទេ ទានប្រោស ។
នារី៖ មិនអីទេ ទៅសួរទិញចុះចាំខ្ញុំតថ្លៃឱ្យ ។
ចិត្រ៖ សុំឱ្យឃុនតថ្លៃទិញខ្លួនឯងចុះ ។
នារី៖ នេះពិតជាគាត់ឯង មិនព្រមធ្វើតាមបង្គាប់យើងទេឬ ?
ចិត្រ៖ ឱ ! ឃុនបង្គាប់ខ្ញុំបាទបានជានិច្ច ប៉ុន្តែមិនមែនបង្គាប់ឱ្យកាន់កញ្រ្ចែងដើរទិញត្រីទេ។
នារី៖ ម៉េច ? គ្រាន់តែឱ្យទិញត្រីរ៉ស់ពីរបីប៉ុណ្ណឹង តើវាខូចកិត្តិយសប៉ុណ្ណាទៅ ?
ចិត្រ៖ មិនមែនខូចកិត្តិយសអ្វីទេ ប៉ុន្តែមុខក្រសួងទិញត្រីខ្ញុំបាទមិនធ្លាប់ធ្វើ ។
នាងនារីក្ដៅក្រហាយឡើងមុខក្រហម តែមិនមានអំណាចបង្គាប់ឱ្យគេធ្វើតាមបាន
ក៏ដើររ៉ុយទៅទិញដោយខ្លួនឯង ឯចៅចិត្រក៏កាន់កញ្រ្ចែងដើរតាមក្រោយ កាលទិញបានត្រីរ៉ស់ពីរ
ដើរវិលទៅទិញរានឯទៀតៗ នាងនៅខឹងក្នាញ់នឹងការចចេសរឹងរូសរបស់ចៅចិត្រណាស់
ក៏ក្លែងដើរទិញពីរានមួយទៅរានមួយទៀត ដើរវីវក់ចុះឡើងជាច្រើនបក ច្រើនសា
ទិញអីវ៉ាន់ច្រើនស្អេកស្កះទាល់តែចៅចិត្រយកទៅស្ទើរតែមិនរួច នាងនឹកក្នាញ់ក៏ក្នាញ់ណាស់
តែនឹកចង់សើចក៏ចង់សើចណាស់ ដោយបានឃើញចៅចិត្រកាន់ពេញដៃទាំងពីរ យួរផង ត្បៀតក្លៀកផង
រណែងរណោង ហើយនាងធ្វើជាដើរវិលជាច្រើនបកច្រើនត្រឡប់ ទើបបត់ចូលទៅឯរថយន្ត ។
ឯចៅចិត្រក៏ចេះតែដើរប្រកិតតាមក្រោយដរាបដល់រថយន្ត ហើយទម្លាក់អីវ៉ាន់គ្រាំងទៅក្នុងរថយន្ត ។
នាងនារីឃើញកិរិយាចៅចិត្រធ្វើដូច្នោះ ក៏ច្រឡោតឡើងថា៖
យី ! គាត់នេះ ក្លែងទម្លាក់អីវ៉ាន់លើក្បាលអញឬ ?
ចៅចិត្រឆ្លើយឡើងថា៖ សូមអត់ទោសទានប្រោស ធ្ងន់ពេក តែខ្ញុំបាទទម្លាក់លើក្ដាររថយន្តទេតើ។
នារី៖ ប្រយត្នគាត់ឯង កុំប្រើកិរិយាថោកទាបពេក ។
នាយចិត្រឮហើយគ្រាន់តែញញឹមហ៊ិះៗ
ហាក់ដូចជាមិនយកចិត្តទុកដាក់នឹងការខឹងសម្បារបស់ចៅហ្វាយក្រមុំនោះសោះ ។
អ្នកទាំងពីរក៏អង្គុយនៅស្ងៀមៗទាំងអស់គ្នា ឥតនិយាយគ្នាមួយម៉ាត់សោះ
មួយស្របក់ទើបឃើញហ្លួងរតនសម្បត្តិ មកដល់ទីចតរថយន្ត ជាមួយនឹងបុរសកំលោះម្នាក់ មុខវែងពាក់មួកស
ពាក់អាវបើកក ចងក្រវាត់ ស្លៀកខោខ្លី ពាក់ស្បែកជើងពណ៌ក្រហមស្រោមជើងស ។
នាយចិត្រគ្រាន់តែក្រឡេកមើលទៅឃើញបុរសនោះ ក៏មានសេចក្ដីទាស់ចិត្ត ឥតត្រេកអរបន្តិចបន្តួចឡើយ ។
ហ្លួងរតនសម្បត្តិនិយាយថា៖
យើងតោងប្រញាប់ទៅឥឡូវទើបបាន បង្អង់យូរពេកមិនបានទេ ដ្បិតយើងឥតដាក់កាំភ្លើងមកផងសោះ
ក្រែងចោរប្លន់កណ្ដាលផ្លូវ ។
នាងនារីបែរទៅញញឹមយ៉ាងផ្អែម ខណៈដែលបុរសកំលោះនោះឡើងមកលើរថហើយសួរថា៖
លោកបាឡាត់ដាក់កាំភ្លើងមកដែរឬទេ !
ចៅចិត្រត្អូញរង៉ូវៗនៅតែក្នុងបំពង់ក »បុរសកំលោះនេះឬជាបាឡាត់ស្រុកៗសង្កែ
រូបរាងបែបនេះមិនគួរសេពគប់សោះឡើយ កន្លែងអង្គុយវាលល្វឹងមិនអង្គុយ
នៅតែទៅប្រជ្រៀតអង្គុយក្បែរឃុននារីក្រអឺត !»
ចំណែកខាងលោកបាឡាត់ទះគូទហើយប្រាប់ថា៖
ឃុនកុំព្រួយមានកាំភ្លើងខ្លីជាប់មកមួយដែរ ។
ហ្លួងរតនសម្បត្តិក៏សើចហើយថា៖
រថយន្តទៅវេលានេះ ប្រហែលជាម៉ោង៤រសៀល ទើបដល់ទៅផ្ទះយើង។
ចៅចិត្រក៏ចុះទៅរវៃតាមបង្គាប់ ហើយឡើងបររថយន្តចេញទៅ សំដៅទៅតាមផ្លូវបប៉ៃលិន
សឹងដេរដាសទៅដោយស្រែចម្ការច្បារដំណាំ លុះផុតពីភូមិភ្នំសំពៅ ភូមិស្នឹងកាលណា
មានតែព្រៃព្រឹក្សាលតាវល្លិនិងភ្នំក្រំថ្មដេរដាស ផ្លូវក៏កាន់តែលំបាកឡើងផ្ទៃផែនដីខ្ពស់ៗទាបៗ
បត់បែនជាច្រើនជាន់ កាលចៅចិត្រក្រឡេកមើលមកក្រោយ ស្រាប់តែឃើញបាឡាត់ស្រុកនោះ
និយាយក្អាកក្អាយសប្បាយរីករាយជាមួយនឹងនាងនារី ចៅចិត្រក៏កើតមោហាខ្លាំងឡើង
ថែមលើសេចក្ដីម៉ួម៉ៅកាលដែលទៅផ្សារទិញត្រីនោះមួយជាន់ទៀត ទើបក្លែងកាច់ចង្កូតឱ្យ
បត់ក្បាលធ្លាក់ទៅជង្ហុករាក់ៗ មួយអន្លើនៅក្បែរផ្លូវ ម៉ាស៊ីនរោទ៍រំពងព្រៃ
ហើយទច់ង៉ក់ស្ងៀមនៅនឹងកន្លែងនោះឯង ។
ចៅចិត្រក្រឡេកមើលមកក្រោយ ស្រាប់តែឃើញភ្នែកគ្រប់ៗគូ សម្លឹងមើលមកចំខ្លួន ។
បាឡាត់ស្រុកភ្លាត់ធ្លាក់ពីទីអង្គុយ ហ្លួងរតនសម្បត្តិកំពុងយកដៃស្ទាបក្បាល ដែលប៉ះទង្គិចនឹងដំបូលរថ
នាងនារីផ្អៀងទ្រេតវិះតែធ្លាក់ តែចួនជាចាប់បង្អែកទាន់បាន ។ លោក បាឡាត់បន្ទោស៖
សូហ្វ័រចង្រៃបររថអីយ៉ាងអីចេះ។
នាងនារីងាកតម្រង់ខ្លួនហើយបន្ទោសថា៖
ចិត្រ គាត់ឯងមិនចេះបរឡានទេឬអី ?
ចៅចិត្រឆ្លើយភ្លាមថា៖
បើមិនចេះបរ គង់មិនបានមកដល់ទីនេះទេ ។
ចិត្រ កុំក្លាហានពេកប្រយត្នពាក្យសំម្ដីបន្តិច ។
ហ្លួងរតនសម្បត្តិនិយាយដាស់តឿនចៅចិត្រ ។
ចៅចិត្របែរទៅលោកហ្លួងហើយជម្រាបថា៖
សូមអត់ទោស ទានប្រោស ប្រសិនបើខ្ញុំបាទមិនកាច់ចង្កូតឱ្យងាកទៅជង្ហុកទេ
កង់មុខខាងស្ដាំមុខជាប៉ះនឹងដង្កត់នោះជាប្រាកដ ហើយធ្វើឱ្យខូចពេលយូរជាងឆ្លាក់ជង្ហុកនេះទៅទៀត ។
លោកហ្លួងញាក់មុខទទួលទំនងជាយល់ដូច្នេះដែរ ហើយចៅចិត្របែរមកមើលខាងក្រោយ
ក៏ប្រទះនឹងភ្នែកដែលសម្លឹងសម្លក់ដាក់ជាច្រើនដងច្រើនគ្រា ច្រើនត្រឡប់ ។
រថក៏បរតទៅទៀតដូចធម្មតា តែនាងនារីសង្កេតយល់ដឹងដល់ចិត្តគំនិតរបស់ចៅចិត្រ
តែកាលណានាងធ្វើស្និទ្ធស្នាលនឹងបាឡាត់ស្រុកនោះ រថក៏គ្រលែងឃ្លេងឃ្លោង រកកល់ធ្លាក់ជង្ហុកឬដើរខុសផ្លូវទៅ
ស្ទើរតែមិនហ៊ាននិយាយអ្វីនឹងលោកបាឡាត់ទៀត ។ តាំងពីនោះមកនាងក៏ដឹងខ្លួនថា
ចៅចិត្រមានបំណងអ្វីក្នុងខ្លួននាង ?
លុះរថយន្តបរផុតភូមិព្រៃផ្ដៅទៅឆ្ងាយបន្តិច ក៏ទច់ង៉ក់រលត់ម៉ាស៊ីន
ទើបចៅចិត្រលោតចុះទៅបើកគ្រឿងម៉ាស៊ីនមើល ស្រាប់តែធ្វើមាត់វៀចក្រងែវ ។ អ្នកជិះទាំងអស់គ្រប់ៗគ្នា
មានសេចក្ដីព្រួយជាច្រើន ទើបហ្លួងរតនសម្បត្តិដែលមានសេចក្ដីព្រួយច្រើនជាងគេ
ក៏ចុះពីរថទៅសួរចៅចិត្រថា៖
ម៉េចទៅ ទៅទៀតបានឬទេ ? ល្មមកែកុនបានឬទេ ?
ចៅចិត្រគ្រវីក្បាលដោយអស់សង្ឃឹម ហើយជម្រាបទៅលោកហ្លួងថា៖
ទានប្រោស បរទៅទៀតមិនបានទេ វាខូចត្រង់កន្លែងសំខាន់ដែលខ្ញុំបាទធ្វើមិនកើត
តោងទៅជួលចិនក្រឡឹងដាក់ជាថ្មីទើបបាន !
នារី៖ ម្ដងនេះស្រេច ។
ហើយនាងផ្ដេកខ្លួនលើរថយន្តដោយអាការអស់កម្លាំងជាច្រើន ។
លោក បាឡាត់ចុះពីរថដើរមកឈរ ចំពីមុខចៅចិត្រហើយថា៖
គាត់ឯងបររថយ៉ាងម៉េចហ្នឹង ទាល់តែរថខូចអស់ !
ចៅចិត្រឆ្លើយខ្លីៗថា៖
ខ្ញុំបាទបរដូចយ៉ាងមនុស្សធម្មតា លោកក៏បានឃើញនឹងភ្នែកស្រាប់ហើយ ។
លោក បាឡាត់ ខាំមាត់ហើយថា៖
បើគាត់ឯងមិនបរឱ្យធ្លាក់ជង្ហុកអម្បាញ់មិញ ក៏គង់មិនខូចដល់ម្លឹងដែរ !
ចិត្រ៖ ចុះលោកគិតថា ខ្ញុំបាទក្លែងបរឱ្យធ្លាក់ជង្ហុកឬអី ?
បាឡាត់៖ ផ្លូវមានគគាច ម៉េចក៏គាត់ឯងមិនបរឱ្យត្រង់ទៅតាមផ្លូវ មានតែគាត់ឯងក្លែងធ្វើឱ្យធ្លាក់ជង្ហុក ?
ចិត្រ៖ លោកថាដូចម្ដេចក៏បាន តែខ្ញុំបាទមិនបានក្លែងធ្វើឱ្យវាធ្លាក់ជង្ហុកទេ ។
បាឡាត់៖ តោងប្រយត្នសម្ដីបន្តិចគាត់ឯង ។
ចិត្រ៖ ខ្ញុំបាទបាននិយាយដោយសម្ដីគួរសមណាស់ហើយទានប្រោស ។
បាឡាត់៖ ម៉េចក៏គាត់ឯងព្រហើនម្ល៉េះ ក្រែងគាត់ឯងគ្រាន់តែជាអ្នកស៊ីឈ្នួលគេទេឬ ?
ចៅចិត្រសើចចំអកបន្តិចហើយថា៖
ខ្ញុំបាទជាអ្នកស៊ីឈ្នួលគេមែន តែមិនមែនស៊ីឈ្នួលលោក បាឡាត់ទេ ។
ហ្លួងរតនសម្បត្តិនឹករំខាន នឹងសម្ដីនិយាយជជែកគ្នានោះ ក៏ហាមប្រាមទៅថា៖
ឈប់និយាយប៉ុណ្ណឹងហើយ លោក បាឡាត់ ការនិយាយជជែកគ្នានៅគ្រានេះ វាមិនមានប្រយោជន៍អ្វីឡើយ
បុរាណលោកថា សាបមួយដៃ ប្រៃមួយចឹប មែនទេ ?
នារី៖ ចុះយើងគិតធ្វើដូចម្ដេច ទើបទៅដល់ផ្ទះ ?
នាងសួរដោយសេចក្ដីព្រួយបារម្ភជាច្រើន ។
ហ្លួង៖ ហ្នឹងហើយ ប៉ាក៏មិនដឹងជាគិតធ្វើដូចម្ដេចដែរ សួរចៅចិត្រមើល តើគេគិតធ្វើដូចម្ដេច ?
នាងងាកមកចៅចិត្រសួរថា៖
ចិត្រ យើងត្រូវធ្វើដូចម្ដេចទើបទៅដល់ផ្ទះ ?
ចិត្រ៖ ទានប្រោស តោងតែដើរទៅទើបបាន ។
តបកំបុតៗធ្វើឱ្យនាងនារីឡើងមុខក្រហម ។
ចៅចិត្រដើរចូលទៅរកហ្លួងរតនសម្បត្តិ ហើយនិយាយជម្រាបថា៖
យើងតោងរង់ចាំនៅទីនេះ ទម្រាំមានរថយន្តណាមួយមកដល់ទីនេះ ប្រសិនបើគ្មានទេ
ក៏តោងតែស្នាក់នៅទីនេះមួយយប់ បើនឹងដើរជើងទៅក្រែងតែពាក់កណ្ដាលអធ្រាត្រទើបដល់ផ្ទះ ។
លោក ហ្លួងដកដង្ហើមធំ នាងនារីសួរទៅលោកឪពុកដោយសេចក្ដីវិតក្កថា៖
យើងតោងតែដេកស្នាក់ក្នុងព្រៃនេះមួយយប់ទៅឬប៉ា ?
លោក ហ្លួងញាក់មុខហើយថា៖
កូនឃើញទេ វេលានេះម៉ោង៤ រសៀលហើយ ឬមួយកូនចង់ដើរលមើលក៏តាមចិត្ត ?
នាងនារីគ្រវីក្បាលហើយថា៖
ទេ ប៉ា ទម្រាំដើរទៅដល់ កូនមុខជាស្លាប់ពាក់កណ្ដាលផ្លូវមិនខានឡើយ ។
ចៅចិត្រសើចឡើងទាល់តែនាងនារីបែរទៅសម្លឹងចំមុខ ហើយសួរថា៖
គាត់ឯងសើចអី !
ចៅចិត្រញញឹមញញែមតាមធម្មតាហើយថា៖
ខ្ញុំបាទសើចនឹងកំប្រុកមួយនោះទេតើ វាហក់លោតពីដើមស្រម៉ទៅដើមកន្ទួតព្រៃ វាភ្លាត់ចំណាប់
ធ្លាក់មកដល់ដីជិតប្រកាច់ បានជាខ្ញុំបាទសើចនឹងវា !
នារី ៖ គេភ័យ គេព្រួយរាល់គ្នាឯងគិតតែពីសើចសប្បាយ ។
ចិត្រ ៖ បានជាខ្ញុំបាទសើច ពីព្រោះសត្វនោះមានជើងដល់ទៅបួន
នៅតែមានភ្លាត់ចំណាប់ធ្លាក់ដល់ដីទាល់តែបានដូច្នេះទេតើ !
នាងមិនឆ្លើយតបទៅ គ្រាន់តែសម្លឹងសម្លក់ចុងភ្នែកកន្ទុយភ្នែកប៉ុណ្ណោះ ដោយសារសេចក្ដីមួម៉ៅក្ដៅក្រហាយ
ប៉ុន្តែនាងធ្លាប់សម្ដែងកិរិយាដូច្នេះជានិច្ច ។ ចៅចិត្រថ្នឹកនឹងនិស្ស័យបែបនេះមកច្រើនគ្រាហើយ
ទើបមិនមានចិត្តព្រួយបារម្ភអ្វី ថែមទាំងយល់ថា ស្រ្តីបើមិនសម្ដែងកិរិយាងក្ងិកក្ងក់ខ្លះទេ ក៏មិនល្អមើលដែរ
គ្រាន់តែកុំឱ្យជ្រុលហួសពេកប៉ុណ្ណោះ ។
ឯនាងនារីនឹកប្រារព្ធនឹងខ្លួនឯងថា កូនឈ្នួលកំលោះនេះចម្លែកជាងកូនឈ្នួលដទៃៗទៀត
ជាអ្នកមានអំនួតបន្តិច ថែមទាំងប្រើសម្ដីមិនចេះក្រែងចិត្តអ្នកណាទេ តែចេះនិយាយសមហេតុសមផល
ទើបនាងចូលចិត្តនិយាយ ឬជជែកពីរឿងអ្វីៗលេង នាងធ្លាប់គិតថា នាងគិតដូច្នេះនឹងមានប្រយោជន៍អ្វី
ហើយគេជាអ្វីនឹងនាង គេគ្រាន់តែជាកូនឈ្នួលនាងម្នាក់ប៉ុណ្ណោះទេតើ!
លោក បាឡាត់ដើរឆៀងមកក្បែរនាងនារី ហើយសួរថា៖
ចុះហេតុអី ក៏ឃុនចូលចិត្តទៅនិយាយឆ្លើយឆ្លងនឹងអាក្មេងកំលោះនោះម្ល៉េះ ?
នារី៖ នរណា ប្រាប់លោកថា ខ្ញុំចូលចិត្តទៅនិយាយឆ្លើយឆ្លងនឹងវា !
បាឡាត់៖ ខ្ញុំបានឃើញនឹងភ្នែក បានឃើញវានិយាយជជែកនឹងឃុន ទាល់តែឃុនទាល់ច្រករបស់វា
ម្ល៉ឹងៗនៅតែឃុនទៅនិយាយជជែកនឹងវាទៀត វាជាក្មេងព្រហើនមិនចេះគួរសមទេ ឃុនពិនិត្យមើលវាឱ្យ
មែនទែនចុះ។
នាងនារីញាក់មុខទំនងជាយល់ដូច្នោះដែរ ហើយឆ្លើយថា៖
ចា៎ះ កម្មករនេះឫកពាព្រហើនបន្តិចមែន តែឧស្សាហ៍ធ្វើការណាស់ ។
លោក បាឡាត់៖ ប្រហែលជាវាទើបមកនៅទេ បានជាពីដើមមកមិនដែលឃើញសោះ ។
នារី៖ ចា៎ះ វាទើបនឹងមកនៅមែន ប្រហែលជាងពីរខែប៉ុណ្ណឹង
ឪពុករបស់ខ្ញុំគាត់មានចិត្តអាណិតមេត្តាដោយឃើញថា ជាមនុស្សកំព្រាឪពុកម្ដាយ ហើយបានប្រគល់ឱ្យ
ជីកអណ្ដូងត្បូងនៅទិសខាងកើត ដែលទើបនឹងបើកថ្មី ។
និយាយគ្នាបានត្រឹមប៉ុណ្ណេះ ក៏ស្រាប់តែឮសំឡេងហ្លួងរតនសម្បត្តិ ស្រែកហៅនាងនារី ហើយប្រាប់ថា៖
នារីកូន ចាត់ចែងដាំបាយទឹកទៅ ឪពុកនឹកឃ្លានបាយណាស់ហើយ ឱ្យចៅចិត្រជួយរកអុសភ្លើងផង ។
ចៅចិត្រចូលមកជិតហើយសួរថា៖
ឃុននឹងឱ្យខ្ញុំបាទជួយធ្វើការអ្វីខ្លះ ចូរប្រាប់មកចុះ ?
នារី៖ ទៅរកដុំថ្មបីដុំមក ហើយរកឧសបង្កាត់ភ្លើងឡើងផង ។
នាងបង្គាប់ទៅលោក បាឡាត់ថា៖
លោក បាឡាត់អាណិតយកសាច់ដាក់កំប៉ុងមកឱ្យខ្ញុំពីរកំប៉ុង និងសណ្ដែកហឡាន់តៅផង ។
កំលោះទាំងពីរនាក់ ក៏ខំធ្វើការផ្គាប់ផ្គុននាងក្រមុំយ៉ាងម៉ឺងម៉ាត់ ឯចៅចិត្របានដុំថ្មតូចៗបីដុំ
ហើយដាក់តម្រៀបជាមុំជើងក្រាន ហើយទៅរកកាច់ឧសមកបង្កាត់ភ្លើងឆេះថ្គោលឡើង ។
ឃុននឹងឱ្យខ្ញុំបាទធ្វើអីទៀត ។
ចៅចិត្រសួរនាងខណៈដែលបង្កាត់ភ្លើងរួចហើយ ។
នារី៖ ចៀនត្រីឆាសាច់គោ នឹងសណ្ដែកទ្រើង អើ ! យើងគ្មានខ្ទះទេ ចៅចិត្រតោងទៅរកខ្ទះមក ។
ចិត្រ៖ អេ ទានប្រោស ទីនេះមិនមែនផ្សារសង្កែទេ ចុះឱ្យខ្ញុំទៅរកខ្ទះឯណាមកជូនឃុនបាន ?
នាងដកដង្ហើមធំហើយប្រាប់ថា៖
អើ នេះប្រុសត្រលាំង ម្ដេចក៏មិនយល់ការអ្វីសោះ ខ្ញុំគ្រាន់តែឱ្យទៅរកភាជន៍អ្វីមួយសំប៉ែតៗ ក៏បានហើយ
សម្រាប់យកមកចៀនឆាប៉ុណ្ណោះ ។
ចៅចិត្រញញឹមហើយថា៖
ប៉ុណ្ណឹងទេឬ ?
ហើយស្ទុះក្រោកទៅឯរថយន្ត លើកពូកកម្រាលអង្គុយឡើងមើលឃើញចានស្ពាន់សសំប៉ែតៗ
កាន់លើកបង្ហាញទៅនាងនារីថា៖
បែបនេះបានឬទេ ?
តាំងអំពីចៅចិត្រចូលមកនៅជ្រកកោននឹងនាងនារី នាងមិនដែលញញឹមម្ដងសោះ ទើបតែមកពេលនេះ
នាងក៏ញញឹមជំនួសពាក្យតបជាគ្រាដំបូង ។
លុះលាងចានស្ពាន់រួចហើយ ចៅចិត្រក៏ដាក់លើជើងក្រានបណ្ដោះអាសន្ននោះឯង ។
នារីក៏យកខ្លាញ់ជ្រូកដាក់ចៀនក្នុងចាននោះ ចៅចិត្រក៏យកស្លឹកត្នោតបក់ភ្លើងឱ្យឆេះឡើង
ទាល់តែផេះហុយទ្រុបឡើង ទាល់តែនាងប្រាប់ឱ្យឈប់បក់ ។
ចិត្រ៖ ហ្នឹងឃុនគិតពីសាតែសាច់ទទេ មិនដាំបាយទេឬ ?
ចៅចិត្រសួរនាងដោយហេតុមិនឃើញនាងដាំបាយសោះ ។
នារី៖ អើមែនហើយ ចិត្រ ខ្ញុំភ្លេចឈឹង ចុះយើងរកឆ្នាំងឯណាដាំបាយហ៎ៈ ?
នាងនិយាយហើយសម្លឹងមុខចៅចិត្រ ទំនងសូមឱ្យជួយគិតគូរផង ។
ចៅចិត្រដឹងទំនង ក៏រត់ទៅឯរថយន្តម្ដងទៀត រកបានកំប៉ុងបឿរមួយធំ
បើកដួសយកសាច់បឿរចេញខ្ចប់អស់ ហើយក៏វិលមករកនារីសួរថា៖
បែបនេះប្រើបានទេ ឃុន ?
នាងនារីញញឹមទទួលម្ដងទៀត ម្ដងនេះញញឹមចេញមកដោយចិត្តសុចរិតឥតក្លែងបន្តិចឡើយ
គ្រានេះដែលចៅចិត្រឃើញថា នារីចៅហ្វាយក្រមុំរបស់គេនេះ មានកិរិយាទន់ភ្លន់ផ្អែមល្ហែមចម្លែកណាស់ !
នារី ៖ ប្រហែលជាប្រើការបាន ចិត្រ។
នាងតបទៅដោយសម្ដីធម្មតា ។
នារី៖ អើ ! ចុះយើងបានទឹកពីណាមកដាំបាយហ៎ៈ ?
ចិត្រ ៖ មិនអីទេ ទុកភ្នាក់ងារខ្ញុំបាទរកជូនឃុនទាល់តែបាន ។
ថាហើយក៏ទៅបើកបំពង់ទឹកក្នុងរថយន្ត ទឹកក៏ហូរចេញមកទាល់តែពេញកំប៉ុង ហើយយកមកឱ្យនាងនារី ។
លោក ហ្លួង លាន់សម្ដីពីក្នុងរថយន្តមកថា៖
ឆ្លាតគ្រាន់បើ បើមិនបានចៅចិត្រ ប្រហែលជាអត់បាយក្នុងពេលនេះទាំងអស់គ្នាមិនខាន ។
ឯលោក បាឡាត់ទទួលយកអាសាជាអ្នកដាំបាយ ដោយដឹងខ្លួនថា ខ្លួនដូចជាចាញ់ប្រៀបចៅចិត្រច្រើនណាស់
ការដែលនៅស្ងៀមមិនជួយខ្វល់ខ្វាយនឹងគេ ស្រាប់តែបាយឆ្អិនបរិភោគនោះដូចជាមិនទំនងសោះ !
ឯចៅចិត្រតអំពីនោះ មិនបានជួយធ្វើអ្វីទៀតទាល់តែដល់បាយឆ្អិន ទើបដួសបាយដាក់ចាន ដាក់ត្រីចៀន
ឆាសាច់គោ យកទៅជូនលោក ហ្លួង ឯខ្លួនឯងនិងនាងនារីបរិភោគនឹងស្លឹកឈើ ឯលោក