អង្ក្រង |
អង្ក្រងត្រូវបានគេ ប្រើប្រាស់ធ្វើជាគ្រឿងកំចាត់សត្វល្អិតចេញពីដំណាំ អស់កាលជាច្រើនពាន់ឆ្នាំមកហើយ នៅក្នុងប្រទេសចិន។ ដោយបង្កើតឲ្យមានសំបុកអង្ក្រងនៅតាម ដើមឈើយកផ្លែ តាមរយៈការចងខ្សែបន្តពីដើមឈើមួយទៅដើមឈើមួយទៀតសម្រាប់ឲ្យអង្ក្រង វាបង្កើតសំបុកថ្មីនៅលើដើមឈើថ្មី។
ក្រៅពីត្រូវបានប្រើធ្វើជាគ្រឿង កំចាត់សត្វល្អិតក្នុងចំការដំណាំលាងអង្ក្រង គឺជាអាហារពិសេសម្យ៉ាងមានឱជារសយ៉ាងឆ្ងាញ់ពិសារ ត្រូវបានពលរដ្ឋនៅក្នុងតំបន់ត្រូពិកនិយមចូលចិត្ត សូម្បីនៅក្នុងប្រទេសកម្ពុជាយើងក៏ដោយ។
ពងអង្ក្រងនៅក្នុងទីផ្សារសព្វថ្ងៃ "ពងអង្ក្រងថ្មី"មានតម្លៃរហូតដល់មួយគីឡូជាងមួយម៉ឺនរៀល។ ឯពងអង្ក្រងជ្រក់រួច មានតម្លៃច្រើនជាងនេះ។
សូមយកទៅពិចារណាចុះថា តើវាអាចឲ្យយើងរកចំណូលបានដែរឬទេ? បើសិនជាមួយថ្ងៃអាចរកពងបានទៅដប់គូឡូ..!!
ដើម្បីចិញ្ចឹមអង្ក្រងយកពង គឺជារឿងមួយងាយស្រួលបំផុត ទោះបីមានចំការខ្លួនឯងក្តី គ្មានក្តី មិនមែនជាបញ្ហាឡើយ ព្រោះនៅតាមព្រៃជាយៗ ភូមិតែងមានដើមឈើមានសម្បុកអង្ក្រងនៅទីនោះស្រាប់ បើនៅតាមចំការតែងមានដើមស្វាយ ឬដើមឈើផ្សេងៗ យើងគ្រាន់តែយកខ្សែមកចងពីដើមឈើមួយទៅដើមឈើមួយទៀត គឺជាការស្រេច។
ចំពោះចំណីរបស់វាវិញ យើងអាចយកកាកសំណល់ត្រីសាច់ពីផ្ទះបាយដាក់លើអ្វីមួយ ទៅចងព្យួរលើដើមឈើឲ្យបានច្រើនដើម នោះការពង្រីកសម្បុករបស់វាក៏មានច្រើនតាមនោះដែរ។
បើដើមឈើណាគ្មានអង្ក្រងចូលយកចំណីទៅដាក់ព្យួរនៅលើដើមឈើនោះ រួចយកសំបុកអង្ក្រងមួយទៅដាក់ត្រង់ទីដែលបានដាក់ចំណីនោះ វានឹងបង្កើតសំបុកនៅលើដើមឈើនោះមិនខាន។
យើងអាចដាក់ចំណីរាល់ថ្ងៃ ឬរៀងរាល់៥ថ្ងៃម្តងក៏បាន ដោយចងចំណីនៅលើខ្សែ ដែលបានចងបន្តពីដើមមួយទៅដើមឈើមួយទៀត។
អង្ក្រងវាបង្កើតពងលឿនណាស់ ក្នុងមួយសំបុកជួនកាលអាចប្រមូលពងបានរហូតមួយគីឡូក្រាមក៏មាន ក្នុងរង្វង់ ២០ថ្ងៃម្តង។ ការផ្តល់ចំណីឲ្យបានទៀងទាត់ធ្វើឲ្យវាពង្រីកសំបុកបានលឿន និងបង្កើតសំបុកថ្មីក៏ច្រើនដែរ។
ការយកពងអង្ក្រងមិនចាំបាច់បំផ្លាញសំបុកវាទាំងមូលឡើយ គឺទុកពីក្រោមសំបុក យកតែពងវាបានហើយ។
ពងអង្ក្រងដែលយកបាន អាចលក់ឲ្យគេឆៅ ឬជ្រក់លក់ខ្លួនឯងក៏បាន វាអាចជាការរកចំណូលមួយជាបន្ថែមក្រោយពីទំនេរពីការងារធម្មតា៕
No comments:
Post a Comment