ការចិញ្ចឹមជន្លេន |
ពូជជន្លេន ជន្លេនមានសារៈប្រយោជន៍ដល់ មនុស្ស សត្វ រុក្ខជាតិ បំបែកសារធាតុសរីរាង្គឲ្យពុក ផុយ (សំរាម ឬលាមកសត្វ កាកសំណល់ផ្ទះបាយ) ។ ជន្លេនមានប្រូតេអ៊ីនពី ៦០ទៅ៧០ភាគរយ ។ ដោយសារជន្លេនមានប្រូតេអ៊ីនច្រើន មានកសិករមួយចំនួនបានប្រើធ្វើជា ចំណីមាន់ ធ្វើឲ្យមាន់ឆាប់ធំធាត់ ។ យោងទៅលើផលប្រយោជន៍ច្រើននៅពេលថ្មីៗនេះ មានកសិករមួយចំនួនចាប់ ផ្តើមចិញ្ចឹមជន្លេនឲ្យមាន់ ត្រី ស៊ី ឬលក់ ។ នៅលេខនេះ ខ្ញុំសូមលើកយកបទពិសោធន៍ចិញ្ចឹមជន្លេនរបស់កសិករ រាជ ឆាន រស់នៅភូមិកណ្តាល ឃុំចេក ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង មកបង្ហាញជូនបងប្អូនកសិករទុកជាគំនិតសម្រាប់សាកល្បងតាម:
១.
វត្ថុធាតុដើមសម្រាប់ចិញ្ចឹម:
- លាមកសត្វ (ស្រស់) ដូចជា លាមកគោ ក្របី ជ្រូក មាន់ (ជាចំណីដែលជន្លេនចូលចិត្តបំផុត) ។
២.
ការជ្រើសរើសទីកន្លែងចិញ្ចឹម
- ជ្រើសរើសទីកន្លែងចិញ្ចឹមលើដីទួលមិនលិចទឹក ឬមិនដក់ទឹក
- ជ្រើសរើសទីកន្លែងដែលមានខ្យល់ស្រឡះល្អ ។
៣.
របៀបបង្កើតពូជជន្លេន
- យកលាមកគោ ស្រស់ចាក់ជាពំនូក (៣ ទៅ ៥ បង្គី) នៅកន្លែងស្រឡះទូលាយដែលមានខ្យល់គ្រប់គ្រាន់
- ស្រោចទឹក ២ ដង ក្នុង១ ថ្ងៃ (ព្រឹក និងល្ងាច) លៃយ៉ាងណាឲ្យពំនូកជីមានសំណើម និងកំដៅ
- រយៈពេល ២-៣ អាទិត្យ នឹងកើតមានពូជជន្លេននេះ ។
៤.
របៀបចិញ្ចឹមជន្លេន
៤.១ របៀបរៀបចំកន្លែងចិញ្ចឹម
- រៀបចំកន្លែងចិញ្ចឹមលើដីទួលក្រោមម្លប់ឈើ
- សំអាតស្មៅលើផ្ទៃដីប្រមាណ ២ ម៉ែត្រការ៉េ
- បង្ហាប់ដីឲ្យហាប់ រួចយកលាមកគោស្រស់មកពូនជាគំនរ ។
៤.២ របៀបលែងពូជ
- ជ្រើសរើសតែជន្លេនមានដងខ្លួនធំ ហើយថ្លោស មានប្រវែងពី ១០-១៥ ហ៊ុន
- ប្រមូលពូជជន្លេនពីកន្លែងបង្កើតពូជនៅម៉ោង ៦ ល្ងាច (ពីព្រោះជន្លេនខ្លាចពន្លឺ និងកំដៅថ្ងៃ)
- មុននឹងលែងជន្លេនត្រូវស្រោចទឹកឲ្យសើមតិចៗឲ្យជន្លេនងាយវារចូលក្នុងពំនូកជី
- បរិមាណជន្លេនដែលលែងគឺ ពី ២ ទៅ ៣ គីឡូក្រាម (ជន្លេន ៧០ ភាគរយ និងជីលាមកសត្វដែលនៅជាប់ ៣០ ភាគរយ) ។
៤.៣ របៀបថែទាំ
- យកមែកឫស្សីគ្របកន្លែងចិញ្ចឹមការពារមាន់កាយ ដោយធ្វើរនាំងបាំង ឬយកបន្លាឫស្សីដាក់ពទ្ធ័ជុំវិញ
- ពំនូកជីត្រូវគ្របស្លឹកត្នោត (កាត់បន្ថយពន្លឺ) ឬធ្វើរបងប្រក់តំបូលស្លឹក
- ស្រោចទឹក ២ ដង ក្នុងមួយថ្ងៃ
- ទឹកដែលស្រោចពំនូកជីនេះ ត្រូវគ្មានជាតិពុល ប្រៃ ប្រេង ឬស្អុយ (ទឹកធម្មជាតិ)
- ដាក់ថែមអាចម៍គោស្រស់ថ្មីៗ ពីរថ្ងៃ ចំនួន ១ បង្គី (៥ គីឡូក្រាម)
- ការថែមអាចម៍គោអាស្រ័យពេលវេលាគឺ នៅពេលយើងសង្កេតឃើញវាបញ្ចេញកាកសំណល់អាចម៍ជន្លេនចេញមកក្រៅច្រើន ហើយវាស៊ីអស់អាចម៍គោថ្មីៗ ។ ត្រូវរាយលាមកគោស្រស់ពីលើរងជន្លេន កំរាស់ពី ២ ទៅ ៣ តឹក
ពំនូកជីចិញ្ចឹមជន្លេន
- នៅរដូវប្រាំង ដាក់បន្ថែមអាចម៍គោឲ្យស៊ីពី ២ ទៅ ៣ ដង ក្នុង ១ អាទិត្យ ក្រោយមកគ្របវិញ ហើយស្រោចទឹក
- នៅរដូវវស្សា ដាក់អាចម៍គោឲ្យស៊ីពី ៣ ទៅ ៥ ដង ក្នុង ១ អាទិត្យ ក្រោយមកគ្របវិញ ហើយស្រោចទឹក ។
៤.៤ របៀបការពារ
ក្នុងការចិញ្ចឹមជន្លេន ត្រូវយកចិត្តទុកដាក់ការពារបញ្ហាមួយចំនួនដូចជា:
- មាន់កាយស៊ី កង្កែប បក្សី ស្រមោច កណ្តុរ
- ទឹកស្រោចកុំឲ្យមានជាតិជូរ ប្រៃ ឬមានជាតិពុល
- ការពារទឹកភ្លៀងហូរលិច ឬកំដៅថ្ងៃ (ក្តៅខ្លាំង) ។
៥.របៀបប្រមូលផលជន្លេន និងអាចម៍ជន្លេន
ក. អាចម៍ជន្លេន
អាចម៍ជន្លេនពេលវាបញ្ចេញមកក្រៅពំនូក យើងប្រមូលវាយកទៅហាលថ្ងៃឲ្យស្ងួត រក្សាក្នុងម្លប់កុំឲ្យត្រូវទឹកភ្លៀងទុកដាក់ដំណាំ ឬដាក់បាតស្រះ ដើម្បីបង្កើតចំណីធម្មជាតិក្នុងស្រះឲ្យត្រីស៊ី ។
- ដាក់ដំណាំ : យកអាចម៍ជន្លេ ២០ ទៅ ៣០ ភាគរយ លាយជាមួយជី
- ដាក់ស្រះត្រី : ១៥ ទៅ ២០ គីឡូក្រាម ក្នុង ១០០០ ម៉ែត្រក្រឡា
- ដាក់រងបន្លែពី ០.៨-១ គីឡូក្រាម ក្នុង ១០ ម៉ែត្រក្រឡា (ផ្ទៃដីរងដាំដំណាំ)
- ប្រើធ្វើជាទឹកជី ដោយលាយអាចម៍ជន្លេន ១១ គីឡូក្រាម ជាមួយទឹក ៥ លីត្រ កូរឲ្យសព្វ រក្សាទុក ១ ថ្ងៃ ទើបយកទៅស្រោចដំណាំ ។
ខ. ជន្លេន:
ក្រោយពីចិញ្ចឹមបានរយៈពេល ៤ ខែ អាចប្រមូលជន្លេនបានពី ២០-២៥ គីឡូក្រាមក្នុង ១ ម៉ែត្រការ៉េ ។ ជន្លេនអាចយកមកច្នៃសម្រាប់ប្រើប្រាស់ជាចំណីសត្វតាមរបៀបខាងក្រោម:
- សំអាតយកជន្លេន (រែងយកដីចេញ រួចលាងទឹក)
- យកជន្លេន ៣ គីឡូក្រាម លាយជាមួយកន្ទក់ ១ គីឡូក្រាម រួចក្រឡុកពី ១០ ទៅ ១៥ នាទី វាននឹងងាប់
- ប្រើកញ្ច្រែងរែង ដើម្បីបំបែកជន្លេន និងកន្ទក់ចេញពីគ្នា
- ក្រោយមកហាលថ្ងៃ ២ ទៅ ៣ ថ្ងៃ ធ្វើយ៉ាងណាឲ្យជន្លេនស្ងួត
- រក្សាទុក (លាយជាមួយចំណីឲ្យសត្វស៊ី ដូចជា កង្កែប មាន់ ត្រី អន្ទង់) ។ កូនមាន់ឲ្យស៊ីពី ១-២ ដង ក្នុង ១ អាទិត្យ បរិមាណ ១ ក្រាម ក្នុង ១ ក្បាល និងក្នុង ១ ដង ។ កូនមាន់ដែលស៊ីជន្លេនវានឹងឆាប់ធំ ៕
No comments:
Post a Comment