ទឹកជ្រោះភ្នំគូលេនបង្កប់ជំនឿប្រវត្តិសាស្រ្ត
ទឹកជ្រោះភ្នំគូលេនដំណាក់កាលទី២ |
សៀមរាបៈ ទន្ទឹមនឹងជំនឿមិនសាបរលាប
ភ្នំគូលែនក៏ជាតំបន់រមណីយដ្ឋានធម្មជាតិ ដ៏ស្រស់ត្រកាលដែលមិនអាច
បំភ្លេចបាន ខណៈដែលលោកអ្នកឈានជើងជាន់ទឹកដីខេត្តសៀមរាបនោះ។
អ្វីដែលជាចំណុចចាប់អារម្មណ៍បំផុតនោះ
គឺទឹកជ្រោះដែលហូរចេញពីផ្ទាំងថ្មភ្នំដ៏ត្រជាក់ប្រៀបបាននឹង
ទឹកអម្រឹត
ហើយទឹកជ្រោះនេះបានបង្កប់នូវជំនឿដ៏មុជជ្រៅទៅក្នុងប្រវត្តិ
ជំនឿសាសនារបស់ដូនតាខ្មែរកាលពីសម័យកាលដ៏យូរលង់។
ព្រឹទ្ធា
ចារ្យ អ៊ុង ប៊ុន ដែលអះអាងថា លោកបានរស់នៅទីនេះ
តាំងពីតូចៗនោះបានឲ្យដឹងស្របគ្នានឹងឯកសារប្រវត្តិសាស្ត្រថា
ភ្នំគូលែនគឺជាអតីតរាជធានីខ្មែរនៅក្នុងសតវត្សរ៍ទី ៩ មានឈ្មោះថា
“មហេន្ទ្របុរ:” ដែលកសាងឡើងនៅក្នុងរាជ្យព្រះបាទ ជ័យវរ្ម័នទី ២។
ព្រះអង្គបានយាងទៅកាន់ទីកន្លែងដ៏ពិសិដ្ឋនេះ
ប្រហែលនៅចុងសតវត្សរ៍ទី ៨ ដើម្បីប្រារព្ធពិធីទេវរាជ (កម្រតេង ជគត
រាជ)
ដើម្បីឲ្យកម្ពុជារួចចាកផុតពីការត្រួតត្រារបស់ជ្វានៅក្នុង
ឆ្នាំ ៨០២ គ.ស (ដើមស.វទី ៩)និងដើម្បីឲ្យព្រះអង្គអាចក្លាយទៅជា
ស្តេចចក្កវាឡ។ អស់រយៈកាលជាងមួយពាន់ឆ្នាំហើយ ដែលជំនឿ ទំនៀមទម្លាប់
និងភាពស័ក្តិសិទ្ធិនៃទីកន្លែងមួយនេះនៅតែកើតមាន។
លោក
ព្រឹទ្ធាចារ្យបានបន្តថា ដោយឡែកទឹកជ្រោះភ្នំគូលែននេះ
ត្រូវបានគេមានជំនឿថា ជាទឹកបង្កើតលោក ហើយទឹកដែលហូរធ្លាក់នេះ
បានផ្តល់ផលប្រយោជន៍យ៉ាងមហិមាសម្រាប់ពលរដ្ឋខ្មែរ ទាំងសម័យបុរាណ
និងបច្ចុប្បន្ន។ ជាក់ស្តែងដូចជា ពលរដ្ឋខ្មែ រ
និងបរទេសទាំងអស់បានឃើញស្រាប់ពីការកសាងឡើងនូវនិមិត្តរូបព្រះ
សិវលិង្គ និងយោនី រាប់ពាន់ ដែលគេតែងហៅថា លិង្គមួយពាន់ នោះ។
និមិត្តរូបនេះបានស្តែងឲ្យឃើញពីការបង្កើតលោក។
បើតាមអ្នក
ប្រវត្តិវិទូបានឲ្យដឹងយោលទៅតាមចក្កវាឡសាស្ត្រ ប្រទេសឥណ្ឌាថា
ភ្នំមហិន្ទ្រា គឺជាលំនៅដ្ឋាននៃទេវទាំង៣៣ដែលមានព្រះឥន្ទ្រ
ជាព្រះរាជា ហើយមានព្រះសិវៈ ជាអធិបតីនៅលើកំពូល ។
ចំពោះជនជាតិឥណ្ឌា ភ្នំមហិន្ទ្រា គឺជាភ្នំហិមវីត
ស្ដេច នៃពពួកភ្នំទាំងឡាយដែលមាននៅក្នុងលោក ហើយទន្លេគង្គា
គឺជាទន្លេស័ក្តិសិទ្ធិដែលគេគោរពបូជា ។
គេមានជំនឿថា
ទន្លេនេះពីដំបូងឡើយគឺជាទន្លេសួគ៌ ហើយដោយករុណាធម៌របស់ព្រះសិវៈ
បានជាទន្លេនេះ ក្លាយទៅជាទន្លេមនុស្សលោក ។
ដើម្បីសម្រួលដល់ការហូរចុះនៃទន្លេនេះ
ព្រះសិវៈបានធ្វើឲ្យទឹកទន្លេនេះហូរសម្រូតធ្លាក់សន្សឹមៗតាម សក់
របស់ព្រះអង្គ ។
ដោយហេតុថា ភ្នំហិមវីត និងទន្លេគង្គា
ជាវត្ថុស័ក្តិសិទ្ធិបានជាជនជាតិឥណ្ឌានាំគ្នាសស្រាក់សស្រាំមក
ងូត ទឹកទន្លេគង្គានេះ ដើម្បីលុបលាងបាបកម្មរបស់ខ្លួន
ហើយរំដោះខ្លួនឲ្យផុតពីវដ្ដសង្សារ។ ក្នុងន័យដដែលនេះ មនុស្សចំណាស់
ឬមានជិតផុតសង្ខារបានត្រូវញាតិមិត្តសែងយកមកដាក់នៅលើ
ច្រាំងទន្លេនេះ ដើម្បីឲ្យបានរលត់ជីវិតនៅទីនោះ ។
ដូច្នេះ
ភ្នំហិមវីត និងទន្លេគង្គា
គឺជានិមិត្តរូបជាសារវន្តនៃជំនឿរបស់ជនជាតិឥណ្ឌា ។
ត្រឡប់មកស្រុកខ្មែរនៅគ្រានោះ
ពពួកអ្នកប្រាជ្ញមានកាតព្វកិច្ចស្វែងរកនិមិត្តរូបឲ្យបានស្របតាម
ន័យនេះ ។ ក្នុងទស្សនៈនេះ ភ្នំគូលែន និងស្ទឹងសៀមរាប
មានលក្ខណៈសម្បត្តិស្របទាំងស្រុងទៅលើបែបផែននេះ ទី១
ដូចបានចង្អុលពីមុន ភ្នំគូលែនជាភ្នំស័ក្តិសិទ្ធិដល់ទៅ៣ដង
ហើយអាចសន្និដ្ឋានបានថា ជាភ្នំនៃព្រះទេវទាំង៣៣
ព្រមទាំងជាលំនៅដ្ឋាននៃព្រះសិវៈ ទី២ ស្ទឹងសៀមរាប
ប្រៀបហាក់បីដូចទន្លេគង្គា
ព្រោះស្ទឹងនេះហូរធ្លាក់ចុះតាំងពីលើផ្ទៃរាបនៅកំពូលភ្នំគូលែន
ដោយឆ្លងកាត់ជ្រោះដូចទន្លេគង្គាដែលហូរធ្លាក់ពីភ្នំហិមវីតដោយ
ឆ្លងកាត់ជ្រោះនានាដែរ ។ ចំពោះព្រះបាទជ័យវរ្ម័នទី២
និងព្រះបុរោហិត លក្ខណៈទាំងនេះស្របគ្នាទាំងស្រុង ។
បច្ចុប្បន្ន
ធម្មជាតិប្រវត្តិសាស្ត្រមួយនេះ បានក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ
ហើយទឹកជ្រោះភ្នំគូលែន
បានដើរតួនាទីយ៉ាងសំខាន់ក្នុង ការចាប់យកចំណាប់អារម្មណ៍ភ្ញៀវទេសចរ
ទាំងនោះ។
ម្ចាស់តូបជួលនៅលើភ្នំគូលែនក្បែរនឹងទឹកជ្រោះ
គូលែន បានឲ្យដឹងថា ភ្នំគូលែន
នៅតែជាទីដ៏ទាក់ទាញសម្រាប់ខេត្តសៀមរាប។ នាង សឿង ស្រីមុំ
បានបន្តថា ភ្ញៀវមកកាន់ភ្នំគូលែននេះ មិនថា ថ្ងៃធ្វើការ
ឬក៏ថ្ងៃឈប់សម្រាកចុងសប្តាហ៍នោះទេ គឺមានជាហូរហែ
ដោយគ្រាន់តែថ្ងៃឈប់សម្រាក ឬក៏ថ្ងៃបុណ្យជាតិ
មានចំនួនកើនឡើងជាងថ្ងៃធម្មតា។
ស្រីមុំ បន្ថែមថា
ភាគច្រើនទាំងភ្ញៀវជាតិ និងអន្តរជាតិ
បន្ទាប់ពីពួកគាត់ឡើងទៅទស្សនាព្រះអង្គធំរួចហើយ
ពួកគាត់នឹងវិលមកកាន់ទឹកជ្រោះភ្នំគូលែននេះ។ ពួកគាត់អង្គុយលេង
ហូបអាហារ
និងអង្គុយជជែកគ្នាលេងយ៉ាងត្រជាក់ចិត្តប្របនឹងដងស្ទឹងទឹកជ្រោះ
នេះ។
បន្ទាប់មកពួកគាត់នឹងនាំគ្នាចុះទៅងូតទឹកលេងយ៉ាងត្រជាក់ចិត្ត
នៅដំណាក់ទីមួយ និងទៅលេងបន្តនៅដំណាក់ទី២។
ថ្វីត្បិតតែ
ឆ្ងាយបន្តិចតែលោកអ្នកគួរតែលៃលកពេលវេលា
សម្រាប់ដំណើរកម្សាន្តដ៏រីករាយនៅទឹកជ្រោះភ្នំគូលែននេះ
ជាមួយក្រុមគ្រួសារ ក្រុមការងារ មិត្តភកិ្ត
និងអ្នកជាទីស្រឡាញ់របស់អ្នក៕
No comments:
Post a Comment