Monday, November 10, 2014

ក្ដាមប្រៃ

១.អស់ឱក្តាមប្រៃសំណព្វចិត្ត-រាស្ត្រខ្មែរអាណិតអ្នកពេកក្រៃ
ក្តាមកំពង់ឆ្នាំងធ្លាប់ល្បាញល្បី-រាស្ត្រគ្រប់សម័យស្ងើចសរសើរ។
២.ក្តាមប្រៃអើយអ្នកខំប្រឹងទៀត-រាស្ត្រមកព្រោងព្រាតជូនដំណើរ
អបអរក្តាមប្រៃស្ងើចសរសើរ-ក្តាមប្រៃដំណើរលឿនដូចព្រួញ។
៣.ក្តាមប្រៃបន្តតួនាទី-ក្តាមប្រៃសំភីមិនរារួញ
អ្នកអុំចិត្តមុតដូចអ្នកជួញ-អុំលឿនដូចព្រួញដណ្ដើមជ័យ៕ 

រឿងខ្លះ

មានរឿងខ្លះ
និយាយទៅ
ក៏អត់ន័យ
សុខចិត្តលាក់សម្ដី
មិននិយាយស្តីប្រហែលជាល្អជាង។

Believe on Hell and Paradise

ជំនឿ​អំពី​​នរក សួគ៌

មនុស្ស​ដែល​រស់នៅ​ក្នុង​សម័យ​បច្ចុប្បន្ន    ពុំ​សូវ​ជឿ​​ទេ​​រឿង​បុណ្យ បាប នរក សួគ៌   ​ព្រម​ទាំង​​ខ្មោច ព្រាយ បិសាច​ជាដើម ។ គេ​ច្រើន​តែ​ជឿ និង​ផ្អែក​ជំនឿ​របស់​គេ​ទៅ​នឹង​វិទ្យាសាស្ត្រ ដែល​គេ​យល់​ថា​មាន​ហេតុផល​ជាក់លាក់​ជាង ។ ​  ជំនឿ​ដែល​​បុព្វបុរស​ធ្លាប់​ជឿ​នោះ   គឺជា​ជំនឿ​ប្រាសចាក​នូវ​ហេតុ ផល​ពិត ។

ការចូលចិត្ត​របៀប​នេះ មាន​ភាគច្រើន​បំផុត​ចំពោះ​អ្នក​ដែល​បាន​រៀនសូត្រ មាន​ចំណេះដឹង​ចូលចិត្ត​​ខាង​ផ្នែក​វិទ្យាសាស្ត្រ​​ខ្លាំង ។ ប៉ុន្តែ​ការដែល​គេ​ចូលចិត្ត​ថា​យ៉ាង​នេះ គេ​មិន​បាន​​សិក្សា​ឲ្យ​ស៊ីជម្រៅ​ទៅ​លើ​ជំនឿ​ដែល​​​​បុព្វបុរស​​ធ្លាប់​ជឿ​ នោះ​ក៏​ទេ​ ។ ដោយ​សម្អាង​លើ​ហេតុផល​វិទ្យាសាស្ត្រ គេ​ក៏​​បោះបង់​ចោល​ជំនឿ​ចាស់​ដែល​ខ្មែរ​ធ្លាប់​ជឿ    ទុក​ចិត្ត​   និង   គោរព​ប្រតិបត្តិ​មក​អស់​កាល​អង្វែង​មក​ហើយ ។
​អ្នក​ខ្លះ​ក៏​បាន​ពិចារណា​លើ​រឿង​បុណ្យ បាប   នរក   សួគ៌   នេះ​ដែរ    តែ​ពិចារណា​មិន​យល់   ក៏​តោង​ហេតុផល​ថា បាប នរក​នោះ​គឺ​ស្ថិត​នៅ​លើ​ពពួក​មនុស្ស​ដែល​គ្មាន​ទី​ជម្រក   អនាថា   អ្នក​សុំទាន   ឬ​ការដាក់​ទារុណ​ផ្សេងៗ ដូច​មាន​ក្នុង​ពន្ធនាគារ​ជាដើម ដែល​គេ​ធៀប​ថា​ជា​នរក​នោះ   អ្នក​ខ្លះ​ថា​នរក​ស្ថិត​នៅ​ក្នុង​ខ្លួន​មនុស្ស នៅ​ក្នុង​ចិត្ត​នោះ​ឯង ។   បើ​កាល​ណា​ចិត្ត​ក្ដៅ​ក្រហាយ   ខ្លួន​នោះ​ឯង​ជា​នរក ភូម​ឋាន​ផ្ទះ​សម្បែង​សម្រាប់​រស់​នៅ​ជា​នរក ។       ឯ​សួគ៌​វិញ​បាន​ដល់​ពពួក​   មនុស្ស​ដែល​មាន​វណ្ណៈ បុណ្យស័ក្ដិ​ខ្ពង់ខ្ពស់ បាន​ដល់​សេចក្ដី​សុខ​ខាង​ទ្រព្យ ខាង​អារម្មណ៍​ ។ល។ រួច​គេ​ទាញ​សន្និដ្ឋាន​​មក​ថា នរក សួគ៌ គឺ​មាន​នៅ​ស្ថាន​មនុស្ស​លោក​យើង​នេះ​ឯង មិន​មាន​នៅ​ខាង​លើ ឬ ខាង​ក្រោម​ដូច​ដែល​គេ​ធ្លាប់​ជឿ​មក​ទេ ។   ចំណែក​ខាង​វិទ្យាសាស្ត្រ​       ដែល​ស្រាវជ្រាវ​​​​នរក សួគ៌​នេះ    លុះ​ស្រាវជ្រាវ​​អស់​សមត្ថភាព​​​មិន​បាន​ឃើញ​នរក សួគ៌​ប្រាកដ​នៅ​ទី​ណា​​ក៏​បដិសេធ​​ថា​មិន​មាន​នរក សួគ៌​​ ។
តើ​នរក សួគ៌​ដែល​បុព្វបុរស​ធ្លាប់​ជឿ មាន​ទាំង​ឆ្លាក់​ទុក​ជាប់​នឹង​ផ្ទាំង​សិលា ក្នុង​អក្សរសិល្ប៍​ផ្សេងៗ គឺ​ជា​ជំនឿ​មិន​ត្រឹមត្រូវ​ឬ​យ៉ាង​ណា? ឬ​ក៏​គ្រាន់តែ​ជា​ការ​បោក​បន្លំ​ឲ្យ​យើង​ជឿ ដើម្បី​ឲ្យ​មនុស្ស​ខ្លាច​រអា ខំ​​​ធ្វើ​តែ​អំពើ​ល្អ ចៀសវាង​នូវ​អំពើ​អាក្រក់?
ទាក់ទង​ទៅ​នឹង​បញ្ហា​បាប បុណ្យ នរក សួគ៌​​អស់​នេះ សៀវភៅ “ជំនឿ​ចាស់ មនុស្ស​ថ្មី” របស់​អ្នក​និពន្ធ សុង ស៊ីវ បាន​ពន្យល់​យ៉ាង​ក្បោះក្បាយ​ជាទីបំផុត ។ សូម​រក​ជាវ​មក​​អាន​ដើម្បី​កើន​សតិបញ្ញា ។
ខ្ញុំ​សូម​ដកស្រង់​ហេតុផល​​មក​ខ្លះៗ​ដូច​ខាង​ក្រោម ៖
ប្រសិន​បើ​យើង​ចូលចិត្ត​ថា នរក សួគ៌    នេះ​មិន​មាន​ទេ នោះ​ព្រះពុទ្ធគោត្ដម    ដែល​យើង​គោរព​បូជា​សព្វថ្ងៃ ក៏​ពុំ​មាន​ន័យ​អ្វី​ឲ្យ​យើង​គោរព​ទៀត​ដែរ ព្រោះ​ព្រះអង្គ​បាន​យក​រឿង​នរក សួគ៌​នេះ​​ដើម្បី​បោក​បញ្ឆោត​ពុទ្ធបរិស័ទ​​ប៉ុណ្ណោះ ។ ឬ​ប្រសិន​បើ​យល់​ថា ព្រះពុទ្ធអង្គ​មិន​បាន​សម្ដែង​អំពី​នរក សួគ៌​នេះ​ទេ ក្រែង​ស្មៀន​ដែល​សរសេរ​ជា​គម្ពីរ​មាន​ការភាន់​ច្រឡំ ឬ​ការ​ចម្លង​តៗ​គ្នា​មក​ពុំ​ត្រឹមត្រូវ មាន​ជាក់​ច្បាស់​ក្នុង​ព្រះនាម​ទាំង ១០ ​របស់​ព្រះអង្គ​មក​ស្រាប់ គឺ​ត្រង់​ព្រះនាម​ទី ៥   ថា “លោកវិទូ”     ព្រោះ​ព្រះអង្គ​ជ្រាប​ច្បាស់​នូវ​ត្រៃលោក គឺ​លោក​ទាំង​បី មាន​ទេវលោក មនុស្ស​លោក និង យមលោក​នោះ​ឯង    ។
បើ​យើង​យល់​ថា នរក សួគ៌​មិន​មាន​ទេ ព្រោះ​ភ្នែក​យើង​មើល​មិន​ឃើញ​នោះ ត្រូវ​លុប​ព្រះកិត្តិនាម​ថា “លោកវិទូ” មួយ​នេះ​ចោល​ទៅ ទុក​ត្រឹម ៩ បាន​ហើយ    ព្រោះ​ព្រះអង្គ​អន់​ជាង​យើង     អន់​ជាង​អ្នក​វិទ្យាសាស្ត្រ គ្រាន់តែ​គូរ​ផែនទី ធ្វើ​កែវ​ឆ្លុះ​ទុក​ឲ្យ​យើង​មើល​ឃើញ​សួគ៌ នរក​ផង​មិន​កើត ។
ចំពោះ​ការគូរ​ផែនទី ធ្វើ​កែវ​ឆ្លុះ   ធ្វើ​យាន   សម្រាប់​ឆ្លុះ​មើល​ឲ្យ​ឃើញ    សម្រាប់​ឲ្យ​ទៅ​ដល់​ស្ថាន​នរក សួគ៌​នោះ ព្រះ​អង្គ​បាន​​សាង​ទុក​ឲ្យ​សព្វគ្រប់​អស់​ហើយ ។ សម្រាប់​អ្នក​​មិន​ជឿ​ព្រះអង្គ មាន​ប្រាជ្ញា​រាក់ គិត​មិន​យល់ ឲ្យ​យក​ផែនទី​មក​មើល យក​កែវ​មក​ឆ្លុះ ឲ្យ​ឃើញ​ច្បាស់​ផ្ទាល់​ភ្នែក​ខ្លួន​ចុះ   បើ​ចង់​ទៅ​ឲ្យ​ដល់​ទាំង​រស់​ក៏​បាន​ទៀត អាច​ទៅ​តែ​មួយ​ភ្លែត​ផង លឿន​ជាង​កាំជ្រួច​ហោះ​សម័យ​បរមាណូ​នេះ​ទៅ​ទៀត ។
ឯ​ផែនទី គឺ​កុសលាកុសលកម្មបថ ១០ កែវ​ឆ្លុះ​គឺ​ទិព្វចក្ខុ​វិទ្យា    និង​លោកិយជ្ឈាន ។   លោកអ្នក​អាច​ស្វែងយល់​ខ្លួនឯង​នៅ​ក្នុង​ព្រះត្រៃបិដក    ជា​ពិសេស​ក្នុង​គម្ពីរ​វិសុទ្ធិមគ្គ ។          ថ្មីៗ​នេះ​ខ្ញុំ​ឃើញ​មាន​សៀវភៅ​ពន្លឺ​ពុទ្ធ​ចក្ខុ ឬ ពន្លឺ​ចក្ខុ  ​បាន​ចេញ​ផ្សាយ    ដែល​មាន​ដាក់​លក់​នៅ​ក្នុង​បណ្ណាគារ ​ អាច​រក​ជាវ​មក​សិក្សា​ស្រាវជ្រាវ​បាន​ក្នុង​តម្លៃ​ប្រហែល​ ២៥០០០៛ ។
ខាង​លើ​នេះ​ជា​ហេតុផល​មួយ​បែប   ហើយ​ខ្ញុំ​សូម​លើក​មក​ត្រឹម​ប៉ុណ្ណេះ ព្រោះ​បើ​    សរសេរ​វែងឆ្ងាយ​ពេក អ្នក​អាន​ប្រាកដ​ជា​ធុញទ្រាន់ ។ បែប​ផ្សេង​ទៀត សូម​សាក​ជាវ​សៀវភៅ “ជំនឿ​ចាស់ មនុស្ស​ថ្មី” ដែល​ខ្ញុំ​បាន​ណែនាំ​ខាង​លើ​មក​អាន​បន្ថែម ។
ក្នុង​អត្ថបទ​នេះ​ខ្ញុំ​មិន​មាន​បំណង​បង្ខិតបង្ខំ​ឲ្យ​លោកអ្នក​ជឿ​ថា​ពិត ​ជា​មាន​នរក សួគ៌​​ក៏​​ទេ   ស្រេច​លើ​ការពិចារណា​របស់​លោកអ្នក​ទៅ​ចុះ ។ ការដែល​ខ្ញុំ​បង្ហាញ​នេះ គ្រាន់តែ​ជា​ដំណឹង​ដើម្បី​ឲ្យ​ លោកអ្នក​សិក្សា​ស្វែងយល់​បន្ថែម​អំពី​បញ្ហា​ ដែល​ជា​ចម្ងល់ និង      មិន​មាន​មធ្យោបាយ   ​ដោះស្រាយ​ឲ្យ​ឃើញ​ហេតុផល​ពិត​ប្រាកដ​ប៉ុណ្ណោះ ។ ហើយ​នេះ​ក៏​មិន​មែន​ជា​ការចេះដឹង ឬ​ជា​គំនិត​ផ្ទាល់​របស់​ខ្ញុំ​ដែរ គឺ​ជា​ការយល់​ដឹង​ពី​អ្នក​និពន្ធ​ ដែល​បាន​ស្រាវជ្រាវ ចងក្រង​មក​យ៉ាង​ល្អ​វិសេស មាន​ហេតុផល​​យ៉ាង​នេះ​​មក​ស្រាប់ ។

Ghost Spirit in Human is on Believe

 ខ្មោច​ចូលជា​អបីយ​ជំនឿ

កាលពី​សម័យ​ដើម ខ្មោច​ចូលគឺ​ជាពាក្យ​មួយ​ឮតៗ​គ្នាពី​មាត់​មួយទៅ​មាត់មួយ​ទៀត​រហូត​ដល់​ អ្នកខ្លះ​មាន​ជំនឿ​ថាពិត​ជា មាន​ខ្មោច​ពិត​ប្រាកដ​មែន ហើយ​ក៏មាន​អ្នកខ្លះ​មិន​ជឿ​ដែរ។ មិនតែ​ប៉ុណ្ណោះ​មាន​ប្រជា​ពលរដ្ឋ​ខ្លះគិត​ថាជា​ខ្មោច​ដូនតា​ចូលមក​សណ្ឋិត​ រូប កូន ចៅ​ដើម្បី​ឱ្យ​ញាតិ​សន្ដាន​ធ្វើ​បុណ្យ​រំលឹក​គុណ​បញ្ជូន​ដល់​ពួកគាត់​ដែល​ បាន​លាចាក​លោក​ទៅ។ ការ​ជឿជាក់​លើអ្វី​មួយ​អាស្រ័យ​ទៅ លើកត្ដា​ជាច្រើន ដូចជា​បាន​ឃើញ​ផ្ទាល់​នូវ​ភាព​ជាក់​ស្ដែង​ជឿជាក់​លើការ​និយាយ​តៗ​គ្នាជា​ ដើម។


ការ​ជឿជាក់​លើអ្វី​មួយខុស​ពីការ​ពិត គឺជា​រឿង​មិន​ត្រឹម​ត្រូវ​ឡើយ។ ទស្ស​នាវដ្ដី សុខភាពយើង ​បានជួប​សម្ភាសន៍​ជាមួយ ឧកញ៉ា​ឧបា​សិកា ញ៉ឹក ប៊ុនថា ជា​ឧត្ដម​ប្រឹក្សា​សម្ដេច​មហា​ព្រះសង្ឃ​រាជនៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ ដើម្បី​បក​ស្រាយ​ជូន​លោកអ្នក​ឱ្យ បាន​ជ្រាប​ជំនឿ​នេះ។
មូល​ហេតុ​ខ្មោច​ចូលខ្លួន
លោកអ្នក​ដែល​មាន​ជំនឿ​លើខ្មោច​ឬអ​មនុស្ស តែងតែ​មាន​អារម្មណ៍​គិត​ស្រមើ​ស្រមៃ​ឃើញ​អមនុស្ស​ទាំងនោះ​នៅក្បែរ​ខ្លួន ទើប​បណ្ដាល​ឱ្យការ​គិតមាន​ភាព​ច្របូក​ច្របល់ ខ្វះការ​គ្រប់​គ្រង់​ខ្វះ​ម្ចាស់ការ​លើខ្លួន​ឯង​ដោយ​ស្ដែង​ចេញ​ជាការ​និយាយ​ ម្នាក់ឯង ជួន កាលដឹង​រឿង ជួនកាល​មិនដឹង​រឿងក៏​មាន​ដែរ។ ចំណុច​ទាំងនោះ​ហើយ​ទើបធ្វើ​ឱ្យយល់​ថាពួក​អមនុស្ស​អាច​ចូលមក​សណ្ឋិត​ ក្នុងខ្លួន ប្រាណ​បាន។ សរុប​សេចក្ដី​មកតាម​អបីយ​ជំនឿ​បណ្ដា​ពួក​អមនុស្ស​គឺមាន​ពិត​ប្រាកដ​មែន​ហើយ​ ក៏មិន​មែន​កើតនៅ​លើ​មនុស្ស​គ្រប់គ្នា ឡើយ។ ព្រោះ​អមនុស្ស​មិនអាច​ចេះតែ​ចូល​ផ្ដេស​ផ្ដាស​ទេ​អាស្រ័យ​លើ​អារម្មណ៍​ផ្ទាល់ ​របស់​មនុស្ស​តែម្ដង។
មនុស្ស​ដែល​អមនុស្ស​អាច​ចូល​សណ្ឋិត
ប្រភេទ​មនុស្ស​បែបនេះ​ច្រើន​មាន​កម្លាំង​ខ្សោយ ឧស្សាហ៍​មាន​ជម្ងឺមក​បៀត​បៀន​រូបរាង​កាយ​ធ្វើ​អំពើ​បាប​ច្រើនជាង​អំពើ បុណ្យ គិតថា​ខ្លួនឯង​អស្ច្ចារ្យ គិតថា​អមនុស្ស​ចូលធ្វើ​ឱ្យមាន​បាន​ទ្រព្យ​សម្បត្ដិ​ឬមនុស្ស​មិនសូវ​មមា​ញឹក​ នឹង​ការងារ។ លោកអ្នក​ទាំង នោះ​ប្រសិន​បើកាល​ណាមាន​ជម្ងឺ​តែងតែ​យល់​ឃើញ​ថាមាន​អមនុស្ស​មកជិត​ដើម្បី​យក ​ព្រលឹង​ចេញពី​រាង​កាយ។ ប៉ុន្ដែ​សម្រាប់​លោក អ្នកមួយ​ចំនួន​វិញ បែរជា​មាន​អារម្មណ៍​គិតថា​អ្នកតា​កំពុង​តាម​ថែរក្សា។ កត្ដា​ទាំងនេះ​ទើប​ធ្វើឱ្យ​មានការ​រៀបចំ​ជា​សំណែន​រំដោះ​គ្រោះ ជា​ដើម។ ចំណុច​ដែលបាន​រៀប​រាប់​ខាង​លើ​ចង់​បញ្ជាក់​ថា​អមនុស្ស​គ្រាន់តែ​ជាការ​ស្រមើ ​ស្រមៃ​របស់​មនុស្ស​តែ​ប៉ុណ្ណោះ ជា​ពិសេស ចំពោះ​អ្នក​ដែល​មិនសូវ​ចូលចិត្ដ​ធ្វើ​បុណ្យ​កុសល។
មនុស្ស​ដែល​អមនុស្ស​មិនអាច​ចូល​សណ្ឋិត
លោកអ្នក​ដែល​មាន​ការងារ​សម​ស្រប និង​ច្បាស់​លាស់​ត្រឹម​ត្រូវ ជាអ្នក​ចូលចិត្ដ​គិតគូរ​ល្អិត​ល្អន់​មិនជឿ​ជាក់​ផ្ដេស​ផ្ដាស។ ទោះជា​យ៉ាងណា​ក៏ដោយ​មនុស្ស​បែប​នេះ​ចូលចិត្ដ​ស្រឡាញ់​ក្រុម​គ្រួសារ ញាតិ​សន្ដាន និងអ្នក​ដទៃ។ មនុស្ស​មានការ​អប់រំ​ខ្ពស់ ហើយ ការ​ប្រតិ​បត្ដិ​តាម​លទ្ធផល​ជាក់​ស្ដែង បទ​ពិសោធន៍ និង​ចំណេះ​វិជ្ជា​បាន​សិក្សា​កន្លងមក។ លោកអ្នក​ដែល​មិនជឿ​លើ​អមនុស្ស គឺមិន​ជឿ លើគ្រូ​ទាយ ដូនតា​ចូល អមនុស្ស​ជាដើម។
វិធី​ទប់​ស្កាត់​សភាព​អមនុស្ស​ចូល
ចំពោះ​វិធី​ទប់ស្កាត់​មិនឱ្យ​អមនុស្ស​ចូល គឺងាយ​ស្រួល​បំផុត​សម្រាប់​អនុវត្ដន៍។ ដោយ​លោកអ្នក​ចាំបាច់​ត្រូវធ្វើ​ចិត្ដ​ធម្មតា ចៀស​វាង​ភាពតាន​តឹង​ចំពោះ​ខ្លួនឯង សម្រួល​អារម្មណ៍​គិត​សន្សឹមៗ​តាម​ដំណើរ​រឿងអ្វី​ដែលបាន​កើត​ឡើង​ចំពោះ​មុខ​ រឿង​រ៉ាវណា​ដែល មិនទាន់​កើត និង​ចំណុច​ណាដែល​បម្រុង​កើត​ឡើង។ ម្យ៉ាង​វិញទៀត​ត្រូវចេះ​រម្ងាប់​អារម្មណ៍​ដោយ​ប្រកាន់​ភ្ជាប់​នូវ​សីលឬ​ ផ្លូវធម៌ (កាន់​សីល) មាន​ន័យថា​ឧស្សាហ៍​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅវត្ដ​ដើម្បី​ឧទ្ទិស​ដល់ ​មាតា​បិតា​ព្រមទាំង​ញាតិ​សន្ដាន​ដែលបាន​លា ចាក​លោក។ ព្យាយាម​រក្សា​សីល​ប្រយោជន៍​វៀរចាក​អំពើ​អាក្រក់​មាន​ដូចជា​ចៀស​វាងការ​ និយាយ​កុហក ការ​សម្លាប់​សត្វ លួចប្លន់​អ្នក ដទៃ​ជាដើម។ ជា​ពិសេស​ទៅទៀត​នោះ​លោកអ្នក​ត្រូវតាំង​ជំហរ​ស្មារតី​ឱ្យបាន​ស្វាហាប់​រឹងមាំ ​សម្រាប់​ខ្លួនឯង ទទួល​យកអ្វី​ជាការ​ពិត ដោយ​មិនត្រូវ​គិតទៅ​លើ​អមនុស្ស​ឡើយ។ មិនតែ​ប៉ុណ្ណោះ​ត្រូវ​ខិតខំ​បំពេញ​កិច្ចការ​ជា​ប្រចាំ ដើម្បី​ចៀស​វាងការ​គិត​ផ្ដេស​ផ្ដាស និង​ពេល​ឈប់​សម្រាក​ពី​ការងារ​ត្រូវយក​អារម្មណ៍​ស្វែង​យល់ពី​ភាព​សប្បាយ​ ស្រស់​ថ្លា ដើម្បី​បំបាត់​ភាព​ហេវហត់​ទាំង​ឡាយ បន្ថែម​ពីលើ នេះទៀត​ត្រូវ​សម្រាក​ឱ្យបាន​គ្រប់​គ្រាន់។ នៅពេល​មាន​បញ្ហា​អ្វីកើត​ឡើង​ចំពោះ​ខ្លួន ត្រូវទៅ​ពិភាក្សា​ជាមួយ​អ្នកណា​ម្នាក់​ដើម្បី​រក ដំណោះ​ស្រាយ​ឱ្យបាន​ល្អ​ប្រសើរ។
ដំ​បូន្មាន​អ្នក​ប្រឹក្សា
លោកអ្នក​ដែលមាន​ជំនឿ​លើ​អមនុស្ស ឬអ្នក​មិនសូវ​មាន​ជំនឿ​ក្ដី​សូម​ព្យាយាម​ប្រកាន់​ភ្ជាប់​នូវ​ភាព​ស្មោះត្រង់ ​ចំពោះ​ខ្លួន ឯង និងអ្នក​ដទៃ។ សូម​ពង្រឹង​ស្មារតី​ប្រឈម​មុខនឹង​រឿង​រ៉ាវ​ដែល​កើត​ឡើង ឬ​បម្រុង​កើត​ដើម្បី​ចៀស​វាងការ​បាក់​ស្មារតី។ កសាង អំពើ​ល្អ​ដោយ​បរិច្ចាគ​ទាន​ដល់អ្នក​ក្រខ្សត់ មិនត្រូវ​ប្រមាថ​អ្នក​ដែលមាន​កម្រិត​តូចទាប​ជាង​ខ្លួន​ត្រូវគិត​ថា​មនុស្ស​ កើតមក​តែងតែ​មាន លក្ខណៈ​ខុសគ្នា​ជាការ​ធម្មតា។ ជា​ពិសេស​ទៅទៀត​នេះ​ត្រូវ​ប្រកាន់​ភ្ជាប់នូវ​ការ​រក្សា​សីល​ឱ្យបាន​ខ្ជាប់​ ខ្ជួន។


Phnom Kulen Waterfall Show off Historical Believe

ទឹកជ្រោះភ្នំគូលេនបង្កប់ជំនឿប្រវត្តិសាស្រ្ត

ទឹកជ្រោះភ្នំគូលេនដំណាក់កាលទី២

សៀមរាបៈ   ទន្ទឹម​នឹង​ជំនឿ​មិន​សាប​រលាប​     ភ្នំ​គូលែន​ក៏​ជា​តំបន់​រមណីយដ្ឋាន​ធម្ម​ជាតិ    ​ដ៏​ស្រស់​ត្រកាល​ដែល​មិន​អាច ​បំភ្លេច​បាន​ ខណៈ​ដែល​លោក​អ្នក​ឈាន​ជើង​ជាន់​ទឹក​ដី​ខេត្ត​សៀមរាប​នោះ​។ ​អ្វី​ដែល​ជា​ចំណុច​ចាប់​អារម្មណ៍​បំផុត​នោះ គឺ​​ទឹក​ជ្រោះ​ដែល​ហូរ​ចេញ​ពី​ផ្ទាំង​ថ្ម​ភ្នំ​ដ៏​ត្រជាក់​ប្រៀប​បាន​នឹង​ ទឹក​អម្រឹត​  ហើយ​​ទឹក​ជ្រោះ​នេះ​បាន​បង្កប់​នូវ​ជំនឿ​ដ៏​មុជ​ជ្រៅ​ទៅ​ក្នុង​ប្រវត្តិ​   ជំនឿ​សាសនា​​របស់​ដូន​តា​ខ្មែរ​កាល​ពី​សម័យ​កាល​ដ៏​យូរ​លង់​។
ព្រឹទ្ធា ​ចារ្យ អ៊ុង ប៊ុន ដែល​អះ​អាង​ថា លោក​បាន​រស់​នៅ​ទីនេះ តាំង​ពី​តូច​ៗ​នោះ​បាន​ឲ្យ​ដឹង​ស្រប​គ្នា​នឹង​ឯក​សារ​ប្រវត្តិ​សាស្ត្រ​ថា    ភ្នំ​គូលែន​គឺជា​អតីត​រាជធានី​ខ្មែរ​នៅ​ក្នុង​សតវត្សរ៍​ទី​ ៩​   មាន​ឈ្មោះ​ថា “មហេន្ទ្របុរ:” ដែល​កសាង​ឡើង​នៅ​ក្នុង​រាជ្យ​ព្រះ​បាទ ជ័យ​វរ្ម័ន​ទី ២។     ព្រះ​អង្គ​បាន​យាង​ទៅ​កាន់​ទីកន្លែង​ដ៏​ពិសិដ្ឋ​នេះ ប្រហែល​នៅ​ចុង​សត​វត្សរ៍​ទី ៨ ដើម្បី​ប្រារព្ធ​ពិធី​ទេវ​រាជ (កម្រ​តេង ជគត រាជ) ដើម្បី​ឲ្យ​កម្ពុជា​រួច​ចាក​ផុត​ពី​ការ​ត្រួត​ត្រា​របស់​ជ្វា​នៅ​ក្នុង​ ឆ្នាំ ៨០២ គ.ស (ដើម​ស.វទី ៩)​និង​ដើម្បី​ឲ្យ​ព្រះ​អង្គ​អាច​ក្លាយ​ទៅ​ជា ស្តេច​ចក្កវាឡ។  អស់​រយៈកាល​ជាង​មួយ​ពាន់​ឆ្នាំ​ហើយ ដែល​ជំនឿ ទំនៀម​ទម្លាប់ និង​ភាព​ស័ក្តិ​សិទ្ធិ​នៃ​ទី​កន្លែង​មួយ​នេះ​នៅ​តែ​កើត​មាន​។
លោក​ ព្រឹទ្ធាចារ្យ​បាន​បន្ត​ថា ដោយ​ឡែក​ទឹក​ជ្រោះ​ភ្នំ​គូលែន​នេះ    ត្រូវ​បាន​គេ​មាន​ជំនឿ​ថា   ជា​ទឹក​បង្កើត​លោក ហើយ​ទឹក​ដែល​ហូរ​ធ្លាក់​នេះ បាន​ផ្តល់​ផល​ប្រយោជន៍​យ៉ាង​មហិមា​សម្រាប់​ពល​រដ្ឋ​ខ្មែរ ទាំង​សម័យ​បុរាណ   និង​បច្ចុ​ប្បន្ន។  ​ ជាក់​ស្តែង​ដូច​ជា ពល​រដ្ឋ​ខ្មែ  រ និង​បរទេស​ទាំង​អស់​បាន​ឃើញ​ស្រាប់​ពី​ការ​កសាង​ឡើង​នូវ​និមិត្ត​រូប​ព្រះ​ សិវ​លិង្គ និង​យោនី រាប់​ពាន់ ដែល​គេ​តែង​ហៅ​ថា លិង្គ​មួយ​ពាន់​ នោះ​។ និមិត្ត​រូប​នេះ​បាន​ស្តែង​ឲ្យ​ឃើញ​ពី​ការ​បង្កើត​លោក​។
បើ​តាម​អ្នក​ ប្រវត្តិ​វិទូ​បាន​ឲ្យ​ដឹង​យោល​ទៅ​តាម​ចក្កវាឡ​សាស្ត្រ  ​ ប្រទេស​ឥណ្ឌា​ថា   ភ្នំ​មហិន្ទ្រា  គឺ​ជា​លំនៅ​ដ្ឋាន​នៃ​ទេវទាំង​៣៣​ដែល​មាន​ព្រះ​ឥន្ទ្រ ជា​ព្រះ​រាជា ហើយ​មាន​ព្រះ​សិវៈ    ជា​អធិបតី​នៅ​លើ​កំពូល ។  ចំពោះ​ជនជាតិ​ឥណ្ឌា ភ្នំ​មហិន្ទ្រា គឺ​ជា​ភ្នំ​ហិមវីត​ ស្ដេច  ​នៃ​ពពួក​ភ្នំ​ទាំង​ឡាយ​ដែល​មាន​នៅ​ក្នុង​លោក ហើយ​ទន្លេ​គង្គា គឺ​ជា​ទន្លេ​ស័ក្តិសិទ្ធិ​ដែល​គេ​គោរព​បូជា ។
គេ​មាន​ជំនឿ​ថា ទន្លេ​នេះ​ពី​ដំបូង​ឡើយ​គឺ​ជា​ទន្លេ​សួគ៌ ហើយ​ដោយ​ករុណា​ធម៌​របស់​ព្រះ​សិវៈ បាន​ជា​ទន្លេ​នេះ ក្លាយ​ទៅ​ជា​ទន្លេ​មនុស្ស​លោក ។ ដើម្បី​សម្រួល​ដល់​ការ​ហូរ​ចុះ​នៃ​ទន្លេ​នេះ ព្រះ​សិវៈ​បាន​ធ្វើ​ឲ្យ​ទឹក​ទន្លេ​នេះ​ហូរ​សម្រូត​ធ្លាក់​សន្សឹម​ៗ​តាម សក់​ របស់​ព្រះ​អង្គ ។
ដោយ​ហេតុ​ថា​ ភ្នំ​ហិមវីត និង​ទន្លេ​គង្គា ជា​វត្ថុ​ស័ក្តិសិទ្ធិ​បាន​ជា​ជនជាតិ​ឥណ្ឌា​នាំ​គ្នា​សស្រាក់​សស្រាំ​មក​ ងូត​ ទឹក​ទន្លេ​គង្គា​នេះ ដើម្បី​លុបលាង​បាប​កម្ម​របស់​ខ្លួន    ហើយ​រំដោះ​ខ្លួន​ឲ្យ​ផុត​ពី​វដ្ដ​សង្សារ។ ក្នុង​ន័យ​ដដែល​នេះ មនុស្ស​ចំណាស់ ឬ​មាន​ជិត​ផុត​សង្ខា​របាន​ត្រូវ​ញាតិ​មិត្ត​សែង​យក​មក​ដាក់​នៅ​លើ​ ច្រាំង​ទន្លេ​នេះ ដើម្បី​ឲ្យ​បាន​រលត់​ជីវិត​នៅ​ទីនោះ ។
ដូច្នេះ ភ្នំ​ហិមវីត និង​ទន្លេ​គង្គា   គឺ​ជា​និមិត្ត​រូប​ជា​សារវន្ត​នៃ​ជំនឿ​របស់​ជនជាតិ​ឥណ្ឌា   ។   ត្រឡប់​មក​ស្រុក​ខ្មែរ​នៅ​គ្រា​នោះ ពពួក​អ្នក​ប្រាជ្ញ​មាន​កាតព្វកិច្ច​ស្វែង​រក​និមិត្ត​រូប​ឲ្យ​បាន​ស្រប​តាម​ ន័យ​នេះ  ។ ក្នុង​ទស្សនៈ​នេះ ភ្នំ​គូលែន និង​ស្ទឹង​សៀមរាប មាន​លក្ខណៈ​សម្បត្តិ​ស្រប​ទាំង​ស្រុង​ទៅ​លើ​បែប​ផែន​នេះ ទី​១ ដូច​បាន​ចង្អុល​ពី​មុន ភ្នំ​គូលែន​ជា​ភ្នំ​ស័ក្តិសិទ្ធិ​ដល់​ទៅ​៣​ដង ហើយ​អាច​សន្និដ្ឋាន​បាន​ថា​ ជា​ភ្នំ​នៃ​ព្រះ​ទេវទាំង​៣៣ ព្រម​ទាំង​ជា​លំនៅដ្ឋាន​នៃ​ព្រះសិវៈ ទី​២ ស្ទឹង​សៀម​រាប ប្រៀប​ហាក់​បី​ដូច​ទន្លេ​គង្គា ព្រោះ​ស្ទឹង​នេះ​ហូរ​ធ្លាក់​ចុះ​តាំង​ពី​លើ​ផ្ទៃ​រាប​នៅ​កំពូល​ភ្នំ​គូលែន    ដោយ​ឆ្លង​កាត់​ជ្រោះ​ដូច​ទន្លេ​គង្គា​ដែល​ហូរ​ធ្លាក់​ពី​ភ្នំ​ហិមវីត​ដោយ​ ឆ្លង​កាត់​ជ្រោះ​នានា​ដែរ ។ ចំពោះ​ព្រះ​បាទ​ជ័យវរ្ម័ន​ទី​២ និង​ព្រះ​បុរោហិត លក្ខណៈ​ទាំង​នេះ​ស្រប​គ្នា​ទាំង​ស្រុង ។
បច្ចុប្បន្ន ​ធម្មជាតិ​ប្រវត្តិ​សាស្ត្រ​មួយ​នេះ បាន​ក្លាយ​ជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ ហើយ​ទឹក​ជ្រោះ​ភ្នំ​គូលែន បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​     ការ​ចាប់​យក​ចំណាប់​អារម្មណ៍​ភ្ញៀវ​ទេសចរ   ​ទាំង​នោះ​។
ម្ចាស់​តូប​ជួល​នៅ​លើ​ភ្នំ​គូលែន​ក្បែរ​នឹង​ទឹក​ជ្រោះ​ គូលែន បាន​ឲ្យ​ដឹង​ថា ភ្នំ​គូលែន  នៅ​តែ​ជា​ទី​ដ៏​ទាក់​ទាញ​សម្រាប់​ខេត្ត​សៀមរាប​។ នាង សឿង ស្រីមុំ បាន​បន្ត​ថា ភ្ញៀវ​មក​កាន់​ភ្នំ​គូលែន​នេះ  មិន​ថា  ថ្ងៃ​ធ្វើ​ការ ឬ​ក៏​ថ្ងៃ​ឈប់​សម្រាក​ចុង​សប្តាហ៍​នោះ​ទេ គឺ​មាន​ជា​ហូរ​ហែ  ដោយ​គ្រាន់​តែ​ថ្ងៃ​ឈប់​សម្រាក ឬ​ក៏​ថ្ងៃ​បុណ្យ​ជាតិ មាន​ចំនួន​កើន​ឡើង​ជាង​ថ្ងៃ​ធម្មតា​។
ស្រីមុំ បន្ថែម​ថា ភាគ​ច្រើន​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរ​ជាតិ  បន្ទាប់​ពី​ពួក​គាត់​ឡើង​ទៅ​ទស្សនា​ព្រះ​អង្គ​ធំ​រួច​ហើយ ពួក​គាត់​នឹង​វិល​មក​កាន់​ទឹក​ជ្រោះ​ភ្នំ​គូលែន​នេះ។ ពួក​គាត់​អង្គុយ​លេង  ​ ហូប​អាហារ   និង​អង្គុយ​ជជែក​គ្នា​លេង​យ៉ាង​ត្រជាក់​ចិត្ត​ប្រប​នឹង​ដង​ស្ទឹង​ទឹក​ជ្រោះ​ នេះ​។ បន្ទាប់​មក​ពួក​គាត់​នឹង​នាំ​គ្នា​ចុះ​ទៅ​ងូត​ទឹក​លេង​យ៉ាង​ត្រជាក់​ចិត្ត​ នៅ​ដំណាក់​ទី​មួយ និង​ទៅ​លេង​បន្ត​នៅ​ដំណាក់​ទី​២​។
ថ្វី​ត្បិត​តែ​ ឆ្ងាយ​បន្តិច​តែ​លោក​អ្នក​គួរ​តែ​លៃលក​ពេល​វេលា សម្រាប់​ដំណើរ​កម្សាន្ត​​ដ៏​រីក​រាយ​នៅ​ទឹក​ជ្រោះ​ភ្នំ​គូលែន​នេះ ជាមួយ​ក្រុម​គ្រួសារ ក្រុម​ការងារ មិត្តភកិ្ត និង​អ្នក​ជា​ទី​ស្រឡាញ់​របស់​អ្នក​៕


Believe on Parents' Spirit

ជំនឿ​​លើ​​ព្រលឹង​​ម្តាយ​​ឪពុក​ 

ក្នុងសង្គម​គ្រួសារ​ខ្មែរ   ម្តាយ​ឪពុក​ទុកដូចជា​ព្រះ​នៅក្នុង​ផ្ទះ។   កូន​ត្រូវតែ​ដឹងគុណ និង​សងគុណ​ទៅ​លោក​ទាំងពីរ​វិញ​ជា​ចាំបាច់។ ក្រោយ​ម្តាយ​ឪពុក​មរណកាល​ទៅ  ព្រលឹង​របស់លោក​ទាំង​ពីរ​តែងតែ​នៅចាំ​ជួយ​ថែរក្សារ​កូនចៅ​តទៅទៀត។ កូនចៅ​ចូលចិត្ត​សុំ​ធ្មេញ​ម្តាយ​ឪពុក យកទៅ​ស្រោបមាស ឫ​ឆ្លាក់​ជា​រូប​ព្រះ ពាក់​ជា​ខ្សែក​ដើម្បី​នឹកឃើញ​ដល់​គុណូបការៈ​របស់លោក​ទាំ​ពីរ​ជាប្រចាំ។     ការ​រំលឹក​នឹកឃើញ​    គុណូបការៈ​របស់​ម្តាយ​ឪពុក   នាំ​ឲ្យ​ព្រលឹង​គាត់​តាម​ ជួយ​ថែរក្សា     ឲ្យ​បាន​សេចក្តីសុខ​ជានិច្ច។ ជាទូទៅ​រាល់​ថ្ងៃសីល កូនចៅ​តែងតែ​ដុត​ធូប រៀប​ថ្វាយ​ផ្លែឈើ និងផ្កាៗ ។   រៀងរាល់ឆ្នាំ  គេ​តែង​សង្កេត   ឃើញ​កូនចៅ​នាំគ្នា​ទៅ​សែនព្រេន និង​បង្សុកូល​នៅតាម​ផ្នូរ ឫ​ចេតិយ​ម្តាយ​ឪពុក  ដើម្បី​រំលឹក​គុណូបការៈ​របស់លោក ហើយ​សុំ​សេចក្តីសុខ​ពី​លោក និង​ឧទ្ទិស​កុសល​ជូន​ទៅ​លោក។  ពេល ណា​មានទុក្ខ​លំបាក កូនចៅ​តែង​បន់ស្រន់​រក​ជំនួយ​ពី​ម្តាយ​ឪពុក មុនគេ​បង្អស់៕


What is Neaktaprey's history?

តើអ្នកតាព្រៃមានប្រវត្តិកើតឡើង​យ៉ាង​ដូចម្តេច?
រូបសំណាក់អ្នកតា

 អ្នកតាព្រៃ​ពុំមែនកើត​ឡើងដោយឯកឯង ឬក៏មានស្រាប់ដូចផ្កាយ ព្រះច័ន្ទ ព្រះអាទិត្យនោះ​ឡើយ គឺកើតឡើង​ ឬឧប្បតិក​ឡើង​តាមការ​សន្មត​របស់​មនុស្ស        មិនខុសគ្នាពី​អាទិទេពនោះ​ឡើយ ។ មនុស្សបង្កើតអាទិទេព     ឬអ្នកតា   ហើយ​មនុស្ស​នាំគ្នា​ជឿ    គោរពអាទិទេព    អ្នកតានោះ​វិញ ។ ចាស់ៗតែងបានដំណាល​ប្រាប់ថា នៅក្នុងព្រៃហ័តព្រៃហោង ដែលមានដើមឈើក្រាស់ជិតស្ទឺមើល​មិនឃើញពន្លឺថ្ងៃ​នោះ តែងមានទេព្រ័ក្ស ទេព្តា អ្នកតានៅចាំថែរក្សា​ព្រៃនោះ។ ប៉ុន្តែអ្នកស្រុកនៅក្នុង​តំបន់ជិតខាង​ព្រៃនោះ   ពុំដឹងច្បាស់អំពីទីកន្លែងដែលពពួក​អមនុស្ស​ទាំងនោះតាំង​នោះ​ឡើយ  ។ គេច្រើននាំគ្នាសន្មតថា      ទេព្រ័ក្ស អ្នកតាទាំងនោះស្នាក់អាស្រ័យនៅលើ​ដើម​ឈើធំខ្អស់ជាង​គេ នៅលើថ្មធំ នាកំពូលភ្នំ ឬនៅត្រពាំងធំ​នៅក្នុងព្រៃនោះ។   ការសម្មតនេះ ពុំមានកិច្ចធានា​ជាក់លាក់ ធ្វើឲ្យអ្នកស្រុកកត់​សម្គាល់ច្បាស់លាស់ថា កន្លែងនោះ​ពិតជា​លំនៅ​ស្ថាន​របស់អ្នកតានោះ​ឡើយ។ គេនៅតែមានការសង្សៃជាប់ជានិច្ច។ គឺក្នុងស្មារតីចង់ដឹងច្បាស់លាស់ ចង់ឃើញទីតាំងពិតប្រាកដ៏ របស់ទេព្រ័ក្សអ្នកនេះហើយ​    បានជាមានដុះគំនិត​ឧបកិច្ចឲ្យ​កើតមាន​ទីលំនៅ​របស់​អ្នកតាព្រៃដូច របៀបតទៅនេះ៖
ថ្មើព្រៃមួយក្រុមបានឈប់សម្រាក​រកកន្លែង​ ហូបបាយកញ្ចប់​ក្រោម​ដើមឈើធំ​មួយ​ នៅក្បែរផ្លូវ ដែលជាធម្មតា តែងផ្តល់នូវ​ម្លប់ដ៏ត្រជាក់ ហើយជាកន្លែងស្ថិត​នៅជិត​ប្រភពទឹកផង។ ពេលអង្គុយដំកង់ជាវង់ ក៏បានប្រទះឃើញ​អាចម៍ឆ្កែ​មួយដុំ នៅក្បែរនោះ។ ដើម្បីបិតបាំង​ទិដ្ឋភាព​គួរអោយខ្ពើមឆ្អើម​នៅ​ពេល​បរិភោគ​បាយកញ្ចប់ គេក៏កាច់ស្លឹកឈើ​៤-៥ មែកគ្រប​អាចម៍​ឆ្កែនោះ ដរាបទាល់តែជិតបាត់​ទាំងរូប​រាង​ បាត់​ទាំងក្លិន។ គេនាំគ្នា​បិរភោគ​ដោយ​ក្សេមក្សាន្ត ដេកសម្រាកយក​កម្លាំងបន្តិច រួចក៏បន្ត​ដំណើរ​ទៅមុខទៀត។ ក្រោយមក​មាន​ថ្មើរព្រៃ​មួយក្រុម​ផ្សេងៗ​ទៀត បានមកដល់ទីនោះ​ ឃើញ​គំនរស្លឹកឈើ ក៏គិតស្មានថា ទីនោះជាស្នាក់អាស្រ័យ​នៅ​របស់​អ្នកតា ដោយឃើញ​គេកាច់ស្លឹកឈើ​ថ្វាយ ក៏នាំគ្នាធ្វើតាម។ លុះ​យូរៗទៅ នៅ​ត្រង់កន្លែងនោះមានគំនរ​ស្លឹក​ឈើ​យ៉ាង​ខ្ពស់ដែល​ធ្វើឲ្យ​អ្នកផង​ យល់ដូចៗគ្នាថា ជា​លំនៅ​របស់​អ្នកតាព្រៃ។ ដំណក្រោយៗមកទៀត ប្រហែលជាមានអ្នកណាទៅបែបន់​កន្លែងនោះដើម្បីសុំអ្វី ហើយអ្វីដែលគេសុំនោះ បានសម្រេច​តាមបំណង គេក៏នាំគ្នា​សង់ខ្ទម​ត្រង់​គំនរ​ស្លឹកឈើនោះ ទុកជាទីស្នាក់នៅ​ដ៏សមរម្យរបស់អ្នកតា ហើយដើម្បី​ឲ្យ​មានជា​រូបតំណាងអ្នកតា គេក៏យកដុំថ្ម​មួយដុំ​មកដាក់​នៅលើខ្ទម​នោះទុក​ជា​និមិត្តរូប។ ចំណេរតមកក្រោយមកក្រោយទៀត អាចមានរូបចម្លាក់​ធ្វើពីឈើខ្លឹម​តំណាង​ឲ្យ​អ្នកតា ត្រូវ​បានដាក់​ជំនួស​ដុំថ្ម​ឥតរាងរៅនោះវិញ។ មាន​ខ្ទម មានម្ចាស់ខ្ទម មានការគោរពបូជា មានបរិស័ទអ្នកជឿគាំទ្រ ទីស្ថានមួយ​ ដែលកាលពីមុនគ្មាន​អ្វី​ទាល់តែសោះនោះ ក៏ក្លាយជាទៅជាអាសនៈរបស់អ្នកតា។ ចាប់ពីពេលនោះមក​ផ្សែង​ធូប​ហុយស្ទើរមិនដាច់រយៈ តង្វាយផ្សេងៗមានចេកទុំ ពងមាន់ បំពង់ទឹក បាយពំនូត ផ្លែឈើ ស្លាបារី ផ្កា មានជាប្រចាំនៅទីនោះ។ អ្នកជឿ អ្នកគោរព គេបន់ស្រន់​សុំឲ្យដេញសត្វបាន សូមកាប់ឈើបានសុខសាន្ត ឥតគ្រោះ​ថ្នកា់ អ្នកស្រុកបន់សុំសុខសប្បាយ សុំឲ្យជាពីជម្ងឺរោគាផ្សេងៗ ។ល។ នេះហើយ​ជាប្រវត្តិ​របស់អ្នកតាព្រៃ តែសូមជម្រាប​បញ្ចាក់ផងដែរ​ថា អ្នកតាព្រៃមិនមែន​សុទ្ធ​តែ​មាន​ប្រវត្តិ​ដូចពោល​ខាងលើទាំងអស់នោះ​ទេ។ មានអ្នកតា​ខ្លះ​ទៀត​អាចមាន​ប្រវត្តិ​ផ្សែងពីនេះ។ គឺយ៉ាងដូច្នេះហើយ បានជាអ្នកស្រុកខ្លះ​និយាយ​ថា “អ្នកតាកើតពីអាចម៍ឆ្កែ!”