មានដំរីស្ដ១ ដើររកស៊ីក្នុងព្រៃដាច់ចេញពីហ្វូងតែម្នាក់ឯង ថ្ងៃមួយបានដើរទៅជួបប្រទះនឹងមេចាប កំពុង
តែក្រាបក្រុងកូននៅកណ្ដាលផ្លូវដែលខ្លួនដើរ មេចាបនិយាយអង្វរដំរីថា « សូមលោកអាណិតមេត្តាកុំដើរ
ជាន់កូនខ្ញុំ » ដំរីមិនព្រមទទួលយកពាក្យអង្វរក៏ឆ្លើយតទៅវិញថា អញមិនដឹងមិនស្គាល់អាណាទេអញ
ចេះតែដើរជាន់ ស្លាប់អាណាក៏ដោយ ចាបឯងខ្លួនតូចប៉ុណ្ណេះនឹងធ្វើអ្វីអញបាន បើទុកជាចាបឯងមានចំនួន
ច្រើនដល់ទៅ ១ ម៉ឺន ក៏អញជាន់ឈ្លីនឹងជើងឆ្វេងអញតែម្ខាងឱ្យស្លាប់ល្អិតល្អោចអស់ឥតសល់មួយដែរ ដំរី
ថាតែប៉ុណ្ណេះហើយក៏ដើរជាន់កូនចាបខ្ទេចខ្ទីស្លាប់អស់ទៅ មេចាបឃើញកូនស្លាប់ដូច្នោះហើយ ក៏កើតទុក្ខ
ក្ដៅក្រហាយសោកស្ដាយកូនណាស់ ទើបហើរទៅទំលើមែកឈើហើយនិយាយប្រាប់ដំរីថា « ដំរីឯងហ៊ានមើល
ងាយអញ ដ្បិតតែឃើញអញខ្លួនតូច កម្លាំងតិច ប៉ុន្តែឯងមិនទាន់ដឹងកម្លាំងបញ្ញាអញទេ ចាំមើលអញនឹង
ធ្វើសងសឹកដល់ឯងវិញ » មេចាបនិយាយរួចហើយក៏ហើរទៅរកពឹងសត្វក្អែកឱ្យទៅចឹកចោះភ្នែកដំរីឱ្យបែក
ជាដំបៅទាំងសងខាង ក្អែកក៏ទទួលយកអាសាទើបមេចាបទៅពឹងសត្វរុយទៀត ឱ្យរុយពងដាក់ភ្នែកដំរី ឱ្យ
កើតជាដង្កូវចុះក្នុងភ្នែកទាល់តែខ្វាក់ទាំងពីរ កាលដំរីនោះឈឺភ្នែកបែកខ្វាក់ទាំងពីរងងឹតមើលផ្លូវមិនឃើញ
ហើយ ក៏កើតទុក្ខវេទនា លំបាកនឹងរកស្មៅស៊ី នឹងរកផឹកទឹកក៏ពុំបាន មេចាបឃើញដំរីខ្វាក់ភ្នែកដូច្នោះហើយក៏
ទៅពឹងសត្វកង្កែប ឱ្យឡើងទៅយំលើកំពូលភ្នំ ដំរីឮកង្កែបយំ មានចិត្តត្រេកអរដោយសម្គាល់ថាមានត្រពាំងទឹក
ទើបដើរឡើងទៅលើកំពូលភ្នំ កាលដំរីទៅដល់កំពូលភ្នំហើយ កង្កែបលោតចុះទៅយំក្នុងជ្រោះវិញ ដំរីដើរតាម
សំឡេងកង្កែបទៅទៀត លុះដល់មាត់ជ្រោះក៏រអិលជើងរមៀលធ្លាក់ទៅក្នុងជ្រោះស្លាប់ទៅ ឯមេចាបបានដឹង
ថាដំរីស្លាប់ហើយ ក៏មានចិត្តត្រេកអរណាស់ ។
(ចុចដើម្បីអានរឿងព្រេង៖ ស្រីក្ងោកមាស)
(ចុចដើម្បីអានរឿងព្រេង៖ ស្រីក្ងោកមាស)
No comments:
Post a Comment