ការបញ្ចុះសពនាសម័យបុរេប្រវត្តិសាស្ត្រ
តាមរយៈទិន្នន័យខាងបុរាណវិទ្យា យើងបានដឹងថា ពីសម័យថ្មរំលីងរហូតដល់ដើមសម័យប្រវត្តិសាស្ត្រ ការកប់
តាមរយៈទិន្នន័យខាងបុរាណវិទ្យា យើងបានដឹងថា ពីសម័យថ្មរំលីងរហូតដល់ដើមសម័យប្រវត្តិសាស្ត្រ ការកប់
សពគឺជាប្រពៃណី ដែលខ្មែរយើងបានប្រារព្ធប្រតិបត្តិជាទូទៅ មុនការបូជាសពដោយភ្លើង ដែលមានប្រភពចេញពីទ្រឹស្តី មនោគមវិជ្ជាសាសនាឥណ្ឌា ដែលមានលទ្ធិព្រហ្មញ្ញសាសនានិងព្រះពុទ្ធសាសនាជាមូលដ្ឋាន ។ ម្យ៉ាងវិញទៀត ការបូជាសពដោយភ្លើង ដោយយកកម្ទេចឆ្អឹង ឬអដ្ឋិធាតុដាក់ក្នុងកោដ្ឋ ឬចេតិយ គឺជាភស្តុតាងនៃការបញ្ចុះសពជាលើកទី២ ផងដែរ ។ នេះគឺជាអ្វីមួយ ដែលគេពុំបានឃើញមុនសម័យឥណ្ឌានីយកម្ម ក្នុងដែនដីគោកនៃភូមិភាគអាស៊ីអាគ្នេយ៍យើងនេះឡើយ ។
តាមការពិនិត្យវិភាគនូវផ្នូរខ្មោចមួយចំនួន ដែលគេបានជីកកកាយនៅភូមិស្នាយដោយវិធីសាស្ត្រ យើងអាចសង្កេតឃើញថា នាចុងសម័យបុរេប្រវត្តិសាស្ត្រ និងដើមសម័យប្រវត្តិសាស្ត្រ ដែលជាសម័យកាលវប្បធម៌មួយពុំទាន់បានទទួលនូវឥទ្ធិពលឥណ្ឌាជ្រួតជ្រាប ចូលនៅឡើយ បុព្វបុរសខ្មែរបានបញ្ចុះសព ដោយយកទៅកប់នៅក្នុងអន្លង់ ដូចកុលសម្ព័ន្ធខ្មែរលើ ព្នង ស្ទៀង ចារ៉ាយ ទំពូន និងគ្រឹងជាដើម ។
ក្នុងការកប់សពចូលក្នុងផ្នូរ ក្នុងជម្រៅពី ១.២០ ម៉ែត្រ ទៅដល់ ១.៥០ ម៉ែត្រ គេបានឃើញបុព្វការីជនខ្មែរបានបញ្ចុះនៅក្នុងអន្លង់សពនូវកែវកង អាវុធ ក្រឡដែលជាទ្រព្យសម្បត្តិផ្ទាល់របស់សព ព្រមទាំងចាន ឆ្នាំងផ្ទុកដោយម្ហូបអាហារ ឬស្រា ។ល។ ទង្វើរនេះគឺជាភស្តុតាង នៃការគោរពបូជាបុព្វការីជន ។
សូមបញ្ជាក់ថា ភាគច្រើនគេដាក់ក្បាលសពបែរទៅទិសខាងកើត ដែលជាទិសនៃព្រះអាទិត្យរះ ។ នេះជាជំនឿរបស់មនុស្សបុរាណ ពីព្រោះពួកគេជឿថា ព្រះអាទិត្យតំណាងនូវភាពអមតៈនៃជីវិត ហើយអាចផ្តល់ចំពោះបុព្វការីជនដែលបានចែកឋានទៅនូវជីវិតថ្មី តាមរយៈកាំរស្មីដ័សក្តិសិទ្ធិចែងចាំង ។ តាមពិតទៅ សម្រាប់មនុស្សបុរាណ ការដែលព្រះអាទិត្យរះ ឬកើតហើយលិចនោះ មានន័យថា មនុស្សលោកស្លាប់ទៅហើយពិតជានឹងកើតឡើងវិញ មិនចេះចប់ មិនចេះហើយដូចគ្នាដែរ ។ គឺក្នុងបរិបទនេះហើយ ទើបគេចូលចិត្តកប់សពក្នុងផ្នូរ បែរមុខទៅទិសខាងកើត ។ ការកប់សពមិនមែនមានន័យថា ខ្មែរបុរាណមិនចេះបូជាសពដោយភ្លើងនោះទេ ក៏ប៉ុន្តែនេះជាការពេញនិយមមួយ នាសម័យបុរេប្រវត្តិសាស្ត្រប៉ុណ្ណោះ លើកលែងតែករណីពិសេស ។
អាស្រ័យហេតុដូចពោលខាងលើ តាមរយៈការកប់សព យើងអាចដឹងថា បុព្វការីជនខ្មែរមានជំនឿលើការចាប់ជាតិឡើងវិញ ។ ហើយម្យ៉ាងវិញទៀត ការកប់បញ្ចុះសពក្នុងដី គឺជាពិធីកម្មចម្បងមួយក្នុងសង្គមបុរាណ មុនការទទួលឥទ្ធិពលឥណ្ឌា ដែលជាមូលហេតុនៃការបញ្ចុះ ឬកប់សពលើកទី២ តាមលំនាំនៃប្រពៃណីបែបឥណ្ឌា ។ តាមពិតទៅ នេះជានវានិវត្តន៍មួយយ៉ាងសំខាន់ដែល គប្បីយើងត្រូវកត់ត្រាក្នុងការស្វែងយល់អំពីខ្មែរ ។សូមជម្រាបផងដែរថា ការដែលអ្នកស្រុកទៅជីកគាស់ កកាយផ្នូរសពបុរាណ ហើយយកគ្រឿងអលង្ការ ដែលមាននៅក្នុងរណ្តៅសពទាំងនោះ ដើម្បីយកទៅជួញដូរ គឺជាអំពើខុសច្បាប់ ។ លើសពីនេះទៀត គឺជាការបំផ្លាញនូវព័ត៌មានមានតម្លៃ សម្រាប់ការចងក្រងប្រវត្តិសាស្ត្រខេមរជាតិ ៕ (ម.ត្រាណេ)
No comments:
Post a Comment